ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១០ ៖ ថ្ងៃ​ទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣-៤៤


មេរៀន​ទី ១០ ៖ ថ្ងៃ​ទី ៤

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៣-៤៤

សេចក្ដីផ្ដើម

ដូច​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣ ក្នុង​ខែ កុម្ភៈ ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​ណែនាំ​ដល់​សមាជិក​សាសនាចក្រ អំពី​តួនាទី​សំខាន់​របស់​ព្យាការី ក្នុង​ការទទួលបាន​វិវរណៈ​សម្រាប់​សាសនាចក្រ ក៏​ដូចជា​តម្រូវការ​ចំពោះ​ពួក​អែលឌើរ​នៃ​សាសនាចក្រ ឲ្យ​ទៅ​ផ្សាយ​អំពី​ការប្រែចិត្ត ក្នុង​ការប្រុងប្រៀប​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​នា​ពេល​អនាគត ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៤ មាន​នូវ​សេចក្ដីណែនាំ​ពី​ព្រះអម្ចាស់​ចំពោះ​ពួក​អែលឌើរ​នៃ​សាសនាចក្រ ឲ្យ​ជួបជុំ​គ្នា​ជា​សន្និសីទ​មួយ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៣:១-៧

ព្រះអម្ចាស់​ប្រកាស​ថា វិវរណៈ និង ព្រះបញ្ញត្តិ​ទាំងឡាយ គឺ​មាន​តាម​តែ​រយៈ​ព្យាការី​ដែល​ត្រូវ​បាន​តែងតាំង​របស់​ទ្រង់​ប៉ុណ្ណោះ

សូម​ស្រមៃ​អំពី​មនុស្ស​ពីរ​នាក់​ផ្សេង​គ្នា ដែល​ព្យាយាម​ដឹកនាំ​អ្នក​ឲ្យ​ច្រៀង​ចម្រៀង​ពីរ​បទ​ខុស​គ្នា នៅ​ពេល​តែ​មួយ ។ តើ​អ្នក​នឹង​អាច​ច្រៀង​ចម្រៀង​ទាំង​ពីរ​បទ តំណាល​គ្នា​ក្នុង​ពេល​តែ​មួយ​បាន​ដែរ​ឬ​ទេ ? តើ​អ្នក​នឹង​ជ្រើសរើស ថាតើ​ត្រូវ​ច្រៀង​តាម​អ្នក​ដឹកនាំ​ចម្រៀង​ម្នាក់​ណា តាម​របៀប​ណា ?

ក្នុង​ខែ កុម្ភៈ ឆ្នាំ ១៨៣១ មាន​អ្នក​ប្រែចិត្ត​ជឿ​ថ្មី​ម្នាក់​នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ គឺ អ្នក​ស្រី ហឹបប៊ល បាន​អះអាង​ថា គាត់​ទទួល​បាន​វិវរណៈ និង ព្រះបញ្ញត្តិ​ទាំងឡាយ​សម្រាប់​សាសនាចក្រ ។ សមាជិក​សាសនាចក្រ​មួយ​ចំនួន ត្រូវបាន​បំភាន់​ដោយសារ​ការអះអាង​របស់​គាត់ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទូល​សូម​ព្រះអម្ចាស់ អំពី​ការអះអាង​របស់​អ្នក​ស្រី ហឹបប៊ល ចំណែក​ឯ​ការឆ្លើយតប​មក​វិញ​នោះ លោក​បាន​ទទួល​នៅ​ក្នុង​វិវរណៈ ដែល​សព្វថ្ងៃ​នេះ ត្រូវបាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:១–៥ ដោយ​ស្វែងរក​ថា នរណា​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ថា នឹង​ទទួល​បាន​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំង​មូល ។

ខគម្ពីរ​ទាំងនេះ​បាន​ជួយ​ដល់​សមាជិក​សាសនាចក្រ​ពី​ជំនាន់​ដំបូង ឲ្យ​យល់​ថា មាន​តែ​ព្យាការី យ៉ូសែប ស៊្មីធ ប៉ុណ្ណោះ ដែល​មាន​សិទ្ធិអំណាច​ទទួល​បាន​ព្រះបញ្ញត្តិ និង វិវរណៈ សម្រាប់​សាសនាចក្រ​ទាំងមូល ។ ខគម្ពីរ​ទាំងនេះ​ក៏​ជួយ​យើង​ឲ្យ​យល់​ថា មាន​តែ​ព្យាការី​នៃ​សាសនាចក្រ​តែ​ប៉ុណ្ណោះ ដែល​នឹង​ទទួល​បាន​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំង​មូល ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលលទ្ធិ​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:៣–៤ ឬ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ហេតុអ្វី​បាន​ជា​វា​សំខាន់ ដែល​ត្រូវ​ដឹង​ថា មាន​តែ​ប្រធាន​នៃ​សាសនាចក្រ ( ឬ គណៈប្រធាន​ទី​មួយ ) តែ​ប៉ុណ្ណោះ ដែល​នឹង​ទទួល​បាន​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំងមូល ?

ដូចជា​អ្នកស្រី ហឹបប៊ល និង មនុស្ស​ដទៃ​ទៀត បាន​អះអាង​ខុសឆ្គង ដែល​បាន​បំភាន់​ពួក​បរិសុទ្ធ​មួយ​ចំនួន​នៅ​ជំនាន់​ដំបូង​នៃ​សាសនាចក្រ នោះ​ក៏​មាន​មនុស្ស​បន្លំ និង បំភាន់​ជាច្រើន​នា​ពេល​សព្វថ្ងៃ​នេះ ដែល​ប្រកាស​ពី​គំនិត​ដ៏​ខុសឆ្គង​ដែរ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:៥–៧ រួច​ស្វែងរក​របៀប ដែល​ព្រះអម្ចាស់​បាន​បើកសម្ដែង ដើម្បី​ជួយ​យើង​កុំ​ឲ្យ​ត្រូវ​គេ​បំភាន់ ដោយ​បុគ្គល​ដែល​ប្រកាស​ពី​គំនិត​ដ៏​ខុសឆ្គង ឬ អះអាង​ថា ទទួលបាន​វិវរណៈ​សម្រាប់​មនុស្ស​ដទៃ ប៉ុន្តែ​ផ្ទុយទៅវិញ ពុំ​មាន​សិទ្ធិអំណាច​ដើម្បី​ធ្វើ​ដូច្នោះ​ឡើយ ។

សូម​ពិពណ៌នា​ដាក់​នៅ​ក្នុង​ចន្លោះ​ដែល​បាន​ផ្ដល់​ឲ្យ អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​បើកសម្ដែង ដើម្បី​បង្ការ​យើង​ពី​ការបំភាន់​នា​ពេល​សព្វថ្ងៃ​នេះ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ​ពី​ប្រធាន យ៉ូសែប ហ្វីលឌីង ស៊្មីធ ជួយ​យើង​ឲ្យ​យល់​ថា ដើម្បី « មក​តាម​ទ្វារ » នោះ ( គ. និង ស. ៤៣:៧ ) គឺ​ត្រូវ​ធ្វើ​កិច្ចការ ដែល​ត្រឹមត្រូវ និង មាន​ការអនុញ្ញាត ៖ « ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យ​យើង​ដឹង​ថា ទ្រង់​ធ្វើ​អ្វី​គ្រប់​យ៉ាង​ទៅ​តាម​របៀប​រៀបរយ ហើយ​នៅ​ពេល​ដែល​ទ្រង់​ត្រាស់​ហៅ​បុគ្គល​ម្នាក់ ឲ្យ​ដឹកនាំ​សាសនាចក្រ បុគ្គល​នោះ​នឹង​ចូល​មក​តាម​ទ្វារ ហើយ​បាន​តែងតាំង​ដោយ​អ្នក​ដែល​កាន់​សិទ្ធិអំណាច ។ វា​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ដូច្នេះ ចាប់តាំង​ពី​ដំបូង​មក​ម្ល៉េះ ហើយ​នឹង​បន្ត​យ៉ាង​ដូច្នេះ​ដរាប​ដល់​ទីបំផុត » ( Church History and Modern Revelation វ៉ុល ២ [ ឆ្នាំ ១៩៥៣ ] ១:១៣៨ ) ។ ដើម្បី « មក​តាម​ទ្វារ » នោះ គឺ​ត្រូវ​ចូល​ទៅ​តាម​មាគ៌ា ដែល​ត្រូវបាន​ទទួល និង ត្រូវបានស្គាល់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៣:៨-១៦

ពួក​អែលឌើរ​ត្រូវបាន​បញ្ជា​ឲ្យ​ជួបជុំគ្នា ដើម្បី​បង្គាប់ ស្អាង​គ្នា និង បាន​ញែក​ចេញ​ជា​បរិសុទ្ធ

  1. សូម​ធ្វើ​បញ្ជី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ការប្រជុំ​ខុសៗ​គ្នា ដែល​អ្នក​ចូលរួម ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ ។ សូម​សរសេរ​អំពី​អ្វី​ដែល​ជា​គោលបំណង​របស់​វា ដាក់​នៅ​ក្បែរ​ការប្រជុំ​នីមួយៗ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:៨ រួច​គូសចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ ដែល​បង្រៀន​អំពី​គោលការណ៍​ដូចតទៅ​នេះ ៖ នៅ​ពេល​យើង​ប្រជុំគ្នា យើង​ត្រូវ​បង្គាប់ ហើយ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​យើង​អាច​រៀន​អំពី​របៀប​ប្រព្រឹត្ត និង ដឹកនាំ​សាសនាចក្រ ។ ព្រះបញ្ញត្តិ​ដែល​បញ្ជា​ឲ្យ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក មាន​ន័យ​ថា យើង​ត្រូវ​ស្ថាបនា ហើយ​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក​ខាង​វិញ្ញាណ ។ ឃ្លា « ដឹកនាំ​សាសនាចក្រ​របស់​យើង » នៅ​ក្នុង​ខគម្ពីរ​នេះ សំដៅ​ទៅ​លើ​សមាជិក​សាសនាចក្រ ត្រូវបាន​ដឹកនាំ​លើ​របៀប​បំពេញ​ករណីយកិច្ច​ខ្លួន ។ ការប្រជុំ​ទាំងឡាយ​ត្រូវបាន​ធ្វើ​ឡើង​ដើម្បី​ជួយ​សមាជិក​សាសនាចក្រ ឲ្យ​រក្សា​សេចក្ដីសញ្ញា ហើយ​តម្កើង​ការហៅ​របស់​ខ្លួន ដែល​មាន​ន័យ​ថា ការបំពេញ​ការទទួលខុសត្រូវ​នៃ​ការហៅ​របស់​ពួកគេ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​បទពិសោធន៍​មួយ​ដែល​អ្នក​ទទួល​បាន​អារម្មណ៍​ថា ត្រូវបាន​ស្អាង—ស្ថាបនា ហើយ​ពង្រឹង​ខាង​វិញ្ញាណ—កាល​អ្នក​បាន​ចូលរួម​ក្នុង​ការប្រជុំ​មួយ​ក្នុង​សាសនាចក្រ ។

សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:៩–១១ រួច​ស្វែងរក​អ្វី​ដែល​យើង​ត្រូវ​ធ្វើ បន្ទាប់​ពី​យើង​រៀន​អំពី​ក្រឹត្យវិន័យ និង ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ ។ នៅ​ក្នុង ខទី ៩ ឃ្លា « បាន​ញែក​ចេញ​ជា​បរិសុទ្ធ » មាន​ន័យ​ថា ត្រូវបាន​ធ្វើ​ឲ្យ​បរិសុទ្ធ ឬ ស្អាតស្អំ​ពី​អំពើបាប​ទាំងឡាយ​នៃ​លោកិយ ។ សេចក្ដីពិត​មួយ ដែល​យើង​ស្វែងយល់​ចេញ​ពី ខទី ៩ គឺ​ថា យើង​ត្រូវ​ភ្ជាប់​ខ្លួន​យើង ទៅនឹង​ការ​ប្រព្រឹត្ត​តាម​សេចក្ដីពិត ដែល​យើង​រៀន ។ ( អ្នក​អាច​នឹង​ចង់​គូសចំណាំ​គោលការណ៍​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ) ។

រូបភាព
សកម្មភាព​អំពី​ចំណេះដឹង
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​រៀន​នៅ​ក្នុង​ការប្រជុំ​ទាំងឡាយ ជួយ​យើង​ឲ្យ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

    2. តើ​អ្នក​គិត​ថា ពិធី​បុណជ្រមុជទឹក និង ពិធី​សាក្រាម៉ង់ មាន​តួនាទី​យ៉ាង​ដូចម្ដេច ក្នុង​ការបាន​ញែក​ចេញ​ជា​បរិសុទ្ធ​របស់​យើង ?

    3. តើ​នៅ​ពេល​ណា ដែល​អ្នក​បាន​តាំងចិត្ត​ប្រព្រឹត្ត​តាម​អ្វី ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​ការប្រជុំ ហើយ​ក្រោយ​មក​សម្រេច​បាន​ការតាំងចិត្ត​នោះ ? តើ​អ្នក​បាន​ទទួល​ពរ ដោយ​ព្រោះ​ការធ្វើ​ដូច្នោះ​យ៉ាង​ដូចម្ដេច​ដែរ ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:១២–១៤ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួក​បរិសុទ្ធ​ថា ពួកគេ​នឹង​ទទួលបាន​សិរីល្អ​នៃ​នគរ ប្រសិនបើ​ពួកគេ​គាំទ្រ​ដល់​ព្យាការី ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៣:១៧-៣៥

ពួក​អ្នក​បម្រើ​របស់​ព្រះ ត្រូវ​ផ្សាយ​អំពី​ការប្រែចិត្ត ក្នុង​ការប្រុងប្រៀប​ខ្លួន​សម្រាប់​ការយាង​មក​ជាលើកទីពីរ និង សហស្សវត្សរ៍

សូម​គិត​អំពី​សកម្មភាព និង ព្រឹត្តិការណ៍ ដែល​តម្រូវ​ឲ្យ​មាន​ការប្រុងប្រៀប​ខ្លួន​ដោយ​ប្រុងប្រយ័ត្ន​បំផុត​ដូចជា បេសកកម្ម​ពេញ​ម៉ោង ការប្រកួត​កីឡា ផលិតកម្ម​តន្ត្រី ការចាត់តាំង​បង្រៀន ឬ ការប្រឡង ។ តើ​អ្នក​គិត​ថា បុគ្គល​ម្នាក់​អាច​នឹង​មាន​អារម្មណ៍​ដូចម្ដេច ប្រសិនបើ​គាត់​ពុំ​បាន​ត្រៀមខ្លួន កាល​ដែល​ពេល​វេលា​បាន​មក​ដល់ ដើម្បី​ចូលរួម​ក្នុង​សកម្មភាព ឬ ព្រឹត្តិការណ៍​នោះ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:១៧-២២ដោយ​ស្វែងរក​ព្រឹត្តិការណ៍​មួយ ដែល​តម្រូវ​ឲ្យ​មាន​ការប្រុងប្រៀប​ខ្លួន​ដោយ​ប្រុងប្រយ័ត្ន ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ណែនាំ ដល់​ពួក​អែលឌើរ ឲ្យ​ចេញ​ទៅ​ប្រាប់​ដល់​អស់​ទាំង​សាសន៍ ឲ្យ​ប្រុងប្រៀបខ្លួន សម្រាប់​ការយាងមក​ជាលើក​ទី​ពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ចេញ​ពី​អ្វី​ដែល​អ្នក​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:២០ សូម​បំពេញ​នៅ​ក្នុង​ចន្លោះ ដោយ​ប្រើ​ពាក្យ​ត្រឹមត្រូវ​ទាំងឡាយ ដែល​បញ្ចប់​គោលការណ៍​នេះ ៖ យើង​ត្រូវ​ប្រែចិត្ត ហើយ ខ្លួន​យើង សម្រាប់​ការយាងមក​ជា​លើកទីពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:២៥–២៨ ដោយ​ស្វែងរក​មធ្យោបាយ​មួយ​ចំនួន ដែល​ព្រះអម្ចាស់​ត្រាស់​ហៅ​ឲ្យ​មនុស្ស​ទាំងអស់​ប្រែចិត្ត ហើយ​បាន​សង្គ្រោះ ។ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​ប្រើ​សំឡេង​ជា​ច្រើន មក​ព្រមាន​យើង ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:២៩-៣១ រួច​ស្វែងរក​អ្វី ដែល​នឹង​កើតឡើង​បន្ទាប់​ពី​ការយាង​មក​ជា​លើកទីពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

អ្នក​អាច​នឹង​ចង់​គូសចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ ដែល​បង្រៀន​ថា អំឡុង​ពេល​សហស្សវត្សរ៍ សាតាំង​នឹង​ត្រូវបាន​ចង ហើយ​ព្រះយេស៊ូវគ្រីស្ទ នឹង​សោយរាជ្យ​ជាមួយ​រាស្ត្រ​ទ្រង់​នៅ​លើ​ផែនដី ។

រូបភាព
ប្រធាន ចច ឃ្យូ ឃែណុន

ប្រធាន ចច ឃ្យូ ខានុន ក្នុង​គណៈប្រធាន​ទី​មួយ បាន​ពន្យល់​អំពី របៀប​ដែល​សាតាំង​នឹង​ត្រូវបាន​ចង​អំឡុងពេល​សហស្សវត្សរ៍ ៖ « យើង​និយាយ​អំពីសាតាំង​ត្រូវបាន​ចង ។ សាតាំង​នឹង​ត្រូវបាន​ចង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ប៉ុន្តែ វា​ក៏​នឹង​ត្រូវបាន​ចង​ផងដែរ ដោយ​ការប្ដេជ្ញាចិត្ត​របស់​រាស្ត្រ​នៃ​ព្រះ ដែល​មិន​ស្ដាប់​តាម​វា ដោយ​មិន​អនុញ្ញាត​ឲ្យ​វា​គ្រប់គ្រង​លើ​បាន » ( Gospel Truth: Discourses and Writings of President George Q. Cannon ជ្រើសរើស​ដោយ Jerreld L. Newquist វ៉ុល ២ [ ឆ្នាំ ១៩៥៧–៧៤ ] ១:៨៦ ) ។

រូបភាព
យ៉ូសែប ស៊្មីធ

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា ៖ « ព្រះគ្រីស្ទ និង ពួក​បរិសុទ្ធ​ដែល​បាន​រស់ឡើងវិញ នឹង​សោយរាជ្យ​លើ​ផែនដី​អំឡុង​ពេល​មួយ​ពាន់​ឆ្នាំ ។ ពួកគាត់​ប្រហែលជា​នឹង​មិន​អាស្រ័យ​លើ​ផែនដី​នេះ​ទេ ផ្ទុយទៅវិញ ពួកគាត់​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ពេល​ពួកគេ​ចង់​ធ្វើ​ដូច្នោះ ឬ នៅ​ពេល​ដែល​ចាំបាច់​ត្រូវ​ត្រួតត្រា​លើ​វា » ( នៅ​ក្នុង History of the Church ៥:២១២ ) ។

  1. សូម​ពិចារណា​ជា​ពិសេស អំពី​អ្វី​ដែល​អ្នក​អាច​នឹង​ត្រូវ​ធ្វើ ដើម្បី​ប្រែចិត្ត ហើយ​ប្រុងប្រៀបខ្លួន សម្រាប់​ការយាងមក​ជា​លើកទីពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង សហស្សវត្សរ៍ ។ ដោយសារ​លក្ខណៈ​ផ្ទាល់​ខ្លួន​នៃ​កិច្ចការ​នេះ សូម​សរសេរ​ថា បាន​បញ្ចប់​កិច្ចការ​ទី ៥ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នៅ​ពេល​អ្នក​បាន​បញ្ចប់​ការចាត់តាំង​នេះ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៤

ព្រះអម្ចាស់ បញ្ជា​ពួក​អ្នក​បម្រើ​ទ្រង់​ឲ្យ​ជួបជុំ​គ្នា

រូបភាព
ទិដ្ឋភាព​ខាង​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ

នៅ​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ នៅ​ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ និង នៅ​ក្នុង​អគារ​នានា​ទូទាំង​ពិភពលោក សមាជិក​សាសនាចក្រ ជួបជុំគ្នា​រាល់​ប្រាំមួយ​ខែ​ម្ដង ដើម្បី​ស្ដាប់​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ និង ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ​ឡើង​ថ្លែង​សុន្ទរកថា ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៤ ព្រះអម្ចាស់​បាន​ណែនាំ​ពួក​អែលឌើរ​នៃ​សាសនាចក្រ ឲ្យ​ជួបជុំ​គ្នា​ជា​សន្និសីទ​មួយ ។ សន្និសីទ​នេះ​នឹង​ក្លាយ​ទៅ​ជា​សន្និសីទ​ទូទៅ​លើក​ទី​បួន​នៃ​សាសនាចក្រ និង ជា​សន្និសីទ​ដំបូង​ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ។ សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤៤:១–៤ ដោយ​ស្វែងរក​មូលហេតុ ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​សន្និសីទ​នេះ​ឡើង ។

សូម​បំពេញ​ចន្លោះ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ដូចតទៅ​នេះ ដោយ​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ ៖ ព្រះអម្ចាស់​បាន​បញ្ជា​ពួក​អែលឌើរ​នៃ​សាសនាចក្រ​ទ្រង់​ឲ្យ .នៅ​ឯ​សន្និសីទ ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង .នៅ​ឯ​សន្និសីទ ពួក​អែលឌើរ​ត្រូវ .ជា​លទ្ធផល មនុស្ស​ជា​ច្រើន​នឹង  ។

នៅ​ពេល​អ្នក​បញ្ចប់​មេរៀន​នេះ សូម​គិត​ម្ដងទៀត អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ប្រព្រឹត្ត​តាម​គោលការណ៍​ទាំងឡាយ ដែល​អ្នក​បាន​រៀន ។ ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​អ្នក នៅ​ពេល​អ្នក​ប្រព្រឹត្ត​តាម​សេចក្ដីពិត​ទាំងនេះ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣-៤៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖