ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២១ ៖ ថ្ងៃទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨


មេរៀន​ទី ២១ ៖ ថ្ងៃទី ១

គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨

សេចក្តីផ្តើម

នៅ​ថ្ងៃ​ទី ២០ ខែ កក្កដា ឆ្នាំ ១៨៣៣ អ្នក​ស្រុក​រដ្ឋ មិសសួរី មួយ​ក្រុម​ចំនួន ៤០០–៥០០ នាក់ បាន​ទាមទារ​មិន​ឲ្យ​មាន​ពួក​បរិសុទ្ធ​ផ្លាស់​ទីលំនៅ​ទៅ​កាន់​ឃុំ​ចាកសុន​ទៀត​ឡើយ ហើយ​ពួក​បរិសុទ្ធ​ដែល​បាន​រស់នៅ​ទីនោះ​ហើយ ត្រូវតែ​ចាកចេញ​ភ្លាម ។ ពីមុន​ពួក​បរិសុទ្ធ​អាច​ឆ្លើយ​តប​ទៅ​នឹង​ការទាមទារ​នោះ មនុស្ស​កំណាច​មួយ​ក្រុម​បាន​ចាប់ផ្ដើម បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ ហើយ​គំរាម​កំហែង​ដល់​ជីវិត​ពួកគេ ។ នៅ​ថ្ងៃ​ទី ៦ ខែ សីហា ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨ជា​វិវរណៈ ដែល​ព្រះអម្ចាស់​បាន​ណែនាំ​ដល់​ពួក​បរិសុទ្ធ អំពី​របៀប​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​បៀតបៀន ។ ទោះជា​ដំណឹង​មួយ​ចំនួន​អំពី​បញ្ហា​រំខាន​នៅ​រដ្ឋ មិសសួរី មុខ​ជា​ត្រូវបាន​ផ្ដល់​ដល់​ព្យាការី​នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ដែល​មាន​ចម្ងាយ​ប្រមាណ ១,៤៥០ គីឡូម៉ែត​យ៉ាង​ណា​ក្ដី ក៏​លោក​បាន​យល់​អំពី​ភាពធ្ងន់ធ្ងរ​នៃ​ស្ថានភាព​នោះ​តាម​តែ​រយៈ​វិវរណៈ​ប៉ុណ្ណោះ ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ជ្រាប​អំពី​ទុក្ខវេទនា​របស់​ពួក​បរិសុទ្ធ ហើយ​ទ្រង់​បាន​ប្រទាន​ឱវាទ​ឲ្យ​ពួកគេ​ធ្វើតាម​ច្បាប់​ភូមិបាល ថែម​ទាំង​បាន​ណែនាំ​ពួកគេ​ឲ្យ​រក្សា​សេចក្ដី​សញ្ញា ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១-២២

ព្រះអម្ចាស់​ប្រទាន​ឱវាទ​ឲ្យ​ពួកបរិសុទ្ធ រក្សា​សេចក្ដី​សញ្ញា​របស់​ខ្លួន​នៅ​អំឡុង​គ្រា​ដ៏​លំបាក

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:១–២២ព្រះអម្ចាស់​បាន​ប្រទាន​ឱវាទ​ឲ្យ​ពួក​បរិសុទ្ធ​ថ្លែង​អំណរគុណ​សម្រាប់​គ្រប់​ការណ៍​ទាំងអស់ ហើយ​ត្រូវ​រង់ចាំ​ព្រះអម្ចាស់​ដោយ​ចិត្ត​អត់ធ្មត់ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:១១-១២រួច​ស្វែងរក​ព្រះបញ្ញត្តិ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:១៣-១៥ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួក​បរិសុទ្ធ អំពី​ការដែល​ត្រូវបាន​ល្បង​ល ឬ ឲ្យ​បាន​ឃើញ​ថា​សក្ដិសម ។ យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា យើង​បង្ហាញ​ដល់​ព្រះអម្ចាស់​ថា ខ្លួន​យើង​សក្ដិសម​តាមរយៈ​ការរក្សា​សេចក្ដី​សញ្ញា​របស់​យើង ទោះជា​មាន​ភាពលំបាក​ក្នុង​ការធ្វើ​ដូចនោះ​ក្ដី ។

សូម​គិត​អំពី​មូលហេតុ ដែល​អាច​នឹង​ចាំបាច់​ចំពោះ​ពួក​បរិសុទ្ធ​ដែល​រស់នៅ​រដ្ឋ មិសសួរី ក្នុង​ឆ្នាំ ១៨៣៣ ដែល​ពួកគេ​ត្រូវ​ចងចាំ​អំពី​សារៈសំខាន់​នៃ​ការរក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ ទោះ​ជា​មាន​ភាពលំបាក​ក្នុង​ការធ្វើ​ដូចនោះ​ក្ដី ។ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​អាច​នឹង​ចាំបាច់​ចំពោះ​យើង​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​ត្រូវ​ចងចាំ​អំពី​សារៈសំខាន់​នៃ​ការរក្សា​សេចក្ដី​សញ្ញា​របស់​យើង​អំឡុង​គ្រា​ដ៏​លំបាក ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:២៣-៣២

ព្រះអម្ចាស់​បើកសម្ដែង​របៀប ដែល​ពួក​បរិសុទ្ធ​ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​បៀតបៀន

  1. សូម​គូស​ប្រអប់​ឈរ​ចំនួន​បី នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​ដាក់​ចំណងជើង​ប្រអប់​ឈរ​ទីមួយ​ថា ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ស្ដីពី​ការសងសឹក ( គ. និង ស. ៩៨:២៣–៣២ ) ប្រអប់​ឈរ​ទី​ពីរ​ថា ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ស្ដីពី​សង្គ្រាម ( គ. និង ស. ៩៨:៣៣–៣៨ ) និង ប្រអប់​ឈរ​ទី​បី​ថា ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ស្ដីពី​ការអត់ទោស ( គ. និង ស. ៩៨:៣៩–៤៨ ) ។ សូម​ទុក​ចន្លោះ​នៅ​លើ​ប្រអប់​ឈរ​នីមួយៗ ដើម្បី​សរសេរ​គោលការណ៍ និង គោលលទ្ធិ​ដែល​អ្នក​រក​ឃើញ​នៅ​ពេល​អ្នក​សិក្សា​មេរៀន​នេះ ។ នៅ​ពេល​អ្នក​សិក្សា​ពេញ​មួយ​មេរៀន​នេះ អ្នក​នឹង​រក​ឃើញ​សេចក្ដី​ណែនាំ អំពី​អ្វី​ដែល​ត្រូវ​សរសេរ​នៅ​ក្នុង​ប្រអប់​ឈរ​ទាំងនេះ ។

តើ​អ្នក​នឹង​មាន​អារម្មណ៍​ដូចម្ដេច នៅ​ពេល​នរណាម្នាក់​បាន​ធ្វើ​ឲ្យ​អ្នក ឬ ក្រុមគ្រួសារ​របស់​អ្នក​មាន​ការឈឺចាប់ ? តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​អាច​នឹង​ចង់​សងសឹក ( តបត ) ទាស់​នឹង​បុគ្គល ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​ឈឺ​ចាប់ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:២៣-២៧ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​អំពី​ការតបត និង ការសងសឹក ។

អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លា « មិន​ជេរ​ប្រមាថ » និង « អត់ទ្រាំ » នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។

យោង​តាម​អ្វី​ដែល​ព្រះអម្ចាស់ បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី យើង​រៀន​ថា បើ​យើង​អត់ទ្រាំ​នឹង​ការធ្វើបាប ដោយ​ពុំ​មាន​ការសងសឹក នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​រង្វាន់​ដល់​យើង ។ សូម​សរសេរ​គោលការណ៍​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នៅ​ពី​ក្រោម​ចំណងជើង « ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ស្ដីពី​ការសងសឹក » ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ការសងសឹក ឬ ការព្យាយាម​តបត​ទៅ​វិញ គឺ​ជា​រឿង​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍ តាម​របៀប​ណា ?

    2. សូម​គិត​អំពី​មនុស្ស​ម្នាក់ ដែល​អ្នក​ស្គាល់ ( ឬ បាន​អាន​អំពី​មនុស្ស​ម្នាក់ ) ដែល​បាន​មាន​ការអត់ធ្មត់ នៅ​អំឡុង​ពេល​មាន​ការធ្វើបាប ហើយ​ពុំ​ព្យាយាម​សងសឹក ។ តើ​បុគ្គល​ម្នាក់​នេះ​បាន​ធ្វើ​ដូចម្ដេច ដើម្បី​មាន​ការអត់ធ្មត់ ទោះ​ជា​មាន​គេ​ធ្វើបាប​ដល់​ខ្លួន​គាត់​នោះ ?

នៅ​ពេល​ពួក​មនុស្ស​កំណាច​រួបរួម​គ្នា​នៅ​ឃុំ​ចាកសុន រដ្ឋ មិសសួរី នៅ​ថ្ងៃ​សៅរ៍ ទី ២០ ខែ កក្កដា ឆ្នាំ ១៨៣៣ ពួកគេ​មិន​ត្រឹមតែ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​នោះ​ទេ ថែមទាំង​បាន​ប៉ុនប៉ន​ធ្វើ​ទុក្ខទោស​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទៀត​ផង ។ ដំណើររឿង​ខាង​ក្រោម​នេះ បង្ហាញ​អំពី​របៀប​ដែល​ប៊ីស្សព អែតវឺត ប៉ាទ្រិច និង ឆាលស៍ អេលែន ជា​អ្នក​ប្រែចិត្ត​ជឿ​វ័យ ២៧ ឆ្នាំ​ម្នាក់​មក​ពី​រដ្ឋ ផែនសិលវេញ៉ា បាន​ឆ្លើយ​តប​ទៅ​នឹង​ការធ្វើបាប​ពី​សំណាក់​ក្រុម​មនុស្ស​កំណាច​នៅ​រដ្ឋ មិសសួរី ។

រូបភាព
ក្រុម​មនុស្ស​កំណាច​នៅ​រដ្ឋ មិសសួរី

មនុស្ស​កំណាច​ម្នាក់ គំរាម​កំហែង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​ឃុំ​ចាកសុន រដ្ឋ មិសសួរី ។

« មនុស្ស​កំណាច​បាន​ចាប់​ប៊ីស្សព អែតវឺត ប៉ាទ្រិច និង ឆាលស៍ អេលែន ហើយ​បាន​អូស​ពួកគាត់​កាត់​ហ្វូង​មនុស្ស​ដែល​កំពុង​មាន​កំហឹង​ពុះ​កញ្ជ្រោល ហើយ​បាន​ប្រមាថ ថែមទាំង​បាន​ធ្វើ​ទុក្ខ​ទោស​ដល់​ពួកលោក​នៅ​តាម​ផ្លូវ​ទៅ​កាន់​ទីលាន​សាធារណៈ ។ ជា​ជម្រើស​ទាំង​ពីរ ដែល​បាន​ផ្ដល់​ដល់​ពួកគាត់​គឺ ពួកគាត់​ត្រូវតែ​ជ្រើសរើស​បោះបង់​ចោល​សេចក្ដី​ជំនឿ​ទៅ​លើ ព្រះគម្ពីរ​មរមន ឬ ជ្រើសរើស​ចាកចេញ​ពី​ឃុំ​នោះ ។ ពួកគាត់​ពុំ​បាន​ជ្រើសរើស​បដិសេធ ព្រះគម្ពីរ​មរមន ហើយ​ក៏​មិន​បាន​ជ្រើសរើស​ចាកចេញ​ពី​ឃុំ​នោះ​ដែរ ។ ដោយ​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​និយាយ ប៊ីស្សព ប៉ាទ្រិច បាន​បន្លឺ​ថា ពួក​បរិសុទ្ធ​បាន​រងទុក្ខ​នឹង​សេចក្ដី​បៀតបៀន​នៅ​គ្រប់​ជំនាន់​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ហើយ​ពួកគេ​មាន​ឆន្ទៈ​ដើម្បី​រងទុក្ខ​ដោយសារតែ​ព្រះគ្រីស្ទ ដូចជា​ពួក​បរិសុទ្ធ​នៅ​ជំនាន់​បុរាណ​បាន​ធ្វើ​ដែរ ដែល​ពួកគេ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទាល់​តែ​សោះ ហើយ​បើ​សិន​ជា​មនុស្ស​ធ្វើ​ទុក្ខ​ទោស​ដល់​ពួកគេ នោះ​នឹង​បាន​ធ្វើ​បាប​ដល់​ជន​ឥតទោស ។ សំឡេង​របស់​គាត់​ត្រូវបាប​លុប​បាត់​ដោយសារតែ​សូរ​កងរំពង​នៃ​ហ្វូង​មនុស្ស ដែល​ពួកគេ​ជា​ច្រើន​នាក់​បាន​ស្រែក​ឡើង ៖ ‹ អំពាវនាវ​ទៅ​កាន់​ព្រះ​របស់​ឯង ឲ្យ​ចុះ​មក​ជួយ​ឯង​ទៅ … ! › បងប្អូន​ប្រុស​ទាំង​ពីរ​នាក់ ប៉ាទ្រិច និង អេលែន ត្រូវបាន​គេ​សម្រាត​សម្លៀកបំពាក់ ហើយ​បាន​លាប​ជ័រ​កៅស៊ូ [ ពាសពេញ​ខ្លួន ] ដែល​លាយ​ជាមួយ​កំបោរស ឬ ផេះ ឬ សារធាតុ​អាស៊ីដ​ផ្សេងៗ​ដែល​កាត់​សាច់​មនុស្ស និង ចាក់​ស្លាប​សត្វ​លើ​ខ្លួន​របស់​ពួកគាត់ ។ ពួកគាត់​បាន​ស៊ូទ្រាំ​នឹង​ទង្វើ និង ការធ្វើ​ទុក្ខទោស​ដ៏​សាហាវ​យង់ឃ្នង​នេះ​ដោយ​មាន​ចិត្ត​រាបសា និង ទន់ទាប ខណៈ​ដែល​ហ្វូង​មនុស្ស​នៅ​តែ​បន្ត​ប្រព្រឹត្ត​បែប​នោះ ហើយ​ពួកគេ​បាន​ស្ញប់ស្ញែង​នឹង​អ្វី​ដែល​ពួកគេ​បាន​ឃើញ ។ បងប្អូន​ប្រុស​ទាំងពីរ​រូប ត្រូវបាន​ដោះលែង​ដោយ​ពុំ​មាន​ការធ្វើ​ទុក្ខទោស​ទៀត​ឡើយ » ( B. H. Roberts, A Comprehensive History of the Church១:៣៣៣ សូម​មើល​ផងដែរ Church History in the Fulness of Times Student Manualការបោះពុម្ព​លើក​ទី ២ [ Church Educational System manual ] ឆ្នាំ ២០០៣ ទំព័រ ១៣៣) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​របៀប​ដែល​ប៊ីស្សព ប៉ាទ្រិច និង ឆាលស៍ អេលែន បាន​ឆ្លើយ​តប​ចំពោះ​សេចក្ដី​បៀតបៀន ដែល​ពួកគាត់​បាន​ជួប​ប្រទះ​នោះ បាន​ធ្វើ​ឲ្យ​អ្នក​ស្ញប់ស្ញែង​យ៉ាង​ដូចម្ដេច ?

    2. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើតាម​ឱវាទ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ស្ថានភាព​នេះ ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:២៨–៣២ព្រះអម្ចាស់​បាន​ទូន្មាន​ពួក​បរិសុទ្ធ​ថា បើ​សិន​ជា​ខ្មាំង​សត្រូវ​បាន​ធ្វើ​ទុក្ខទោស​ដល់​ពួកគេ ដោយ​បាន​គេច​ផុត​ពី​ការសឹងសឹក​របស់​ព្រះ នោះ​ពួកគេ​គួរតែ​ព្រមាន​ខ្មាំង​សត្រូវ​នោះ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់ កុំ​ឲ្យ​ធ្វើ​ទុក្ខ​ទោស​ដល់​ពួកគេ​ទៀត ។ ព្រះអម្ចាស់​បាន​ពន្យល់​បន្ថែម​ថា បើ​សិន​ជា​ខ្មាំង​សត្រូវ​នោះ​បន្ត​ធ្វើ​ទុក្ខ​ទោស​បន្ទាប់​ពី​បាន​ព្រមាន​ហើយ នោះ​ពួក​បរិសុទ្ធ​ត្រូវបាន​រាប់​ជា​សុចរិត​ក្នុង « ការសង​អ្នក​នោះ​តាម​ការណ៍​ទាំងឡាយ​ដែល​គាត់​ធ្វើ » ( គ. និង ស. ៩៨:៣១ ) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​បរិសុទ្ធ​ក៏​ត្រូវបាន​ព្រះ​មាន​ព្រះបន្ទូល​ប្រាប់​ដែរ​ថា បើ​សិន​ជា​ពួកគេ​ប្រណី​ដល់​ខ្មាំង​សត្រូវ​ខ្លួន​ដែល​សម​នឹង​ទទួលបាន​ការសងសឹក នោះ​ពួកគេ​នឹង​ទទួលបាន​រង្វាន់​ចំពោះ​សេចក្ដី​សុចរិត​របស់​ពួកគេ​ហើយ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:៣៣-៣៨

ព្រះអង្គ​សង្គ្រោះ​ពន្យល់ អំពី​ពេល​វេលា​ដែល​សង្គ្រាម​ត្រូវបាន​រាប់​ជា​សុចរិត

តើ​អ្នក​មាន​ញាតិ​សណ្ដាន ឬ មិត្តភក្ដិ​ដែល​ធ្លាប់​បាន​ចូល​ច្បាំង​ក្នុង​សង្គ្រាម​ដើម្បី​ប្រទេស​ជាតិ​របស់​ខ្លួន​ដែរ​ឬ​ទេ ? តើ​អ្នក​ធ្លាប់​បាន​ឆ្ងល់​អំពី អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​សង្គ្រាម​ដែរ​ឬ​ទេ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:៣៣-៣៤ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួក​អ្នក​ដើរ​តាម​ទ្រង់​ពី​បុរាណ អំពី​សង្គ្រាម ។

យោង​តាម​អ្វី ដែល​អ្នក​បាន​អាន​នៅ​ក្នុង ខទី ៣៣សូម​បំពេញ​ចន្លោះ​ទាំងឡាយ ដើម្បី​បញ្ចប់​ឃ្លា​ដូចតទៅ​នេះ ៖ ពួកគេ ចេញ​ទៅ​ច្បាំង​ទាស់​នឹង​សាសន៍ ពូជ​មនុស្ស ភាសា ឬ ប្រជាជន​ណា​មួយ​ឡើយ ព្រះអម្ចាស់ ដល់​ពួកគេ​ប៉ុណ្ណោះ ។ អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដីពិត​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នៅ​ពី​ក្រោម​ចំណងជើង « ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ស្ដីពី​សង្គ្រាម » ។ ( សូម​ចងចាំ​ថា ព្រះអម្ចាស់​បាន​ប្រទាន​ក្រឹត្យវិន័យ​នេះ​ជា​ពិសេស​ទៅ​ដល់ មនុស្ស​ដែល​រស់នៅ​ក្នុង​គ្រប់​ជំនាន់ និង គ្រប់​វប្បធម៌ ។ ទោះជា​គោលការណ៍​នៃ​ក្រឹត្យវិន័យ​នេះ​ជា​ការពិត ក៏​សព្វថ្ងៃ​នេះ​យើង​ត្រូវបាន​តម្រូវ​ឲ្យ​គោរព​តាម​ច្បាប់​នៃ​ប្រទេស ដែល​យើង​រស់នៅ​ដែរ [ សូម​មើល មាត្រា​នៃ​សេចក្តី​ជំនឿ ១:១២ ] ) ។

ស្រប​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:៣៤តើ​ពួក​អ្នក​ដើរ​តាម​ទ្រង់​កាល​ពី​បុរាណ ត្រូវ​ធ្វើ​ដូចម្ដេច​ជា​មុន​សិន នៅ​ពេល​មាន​នរណា​ម្នាក់​ប្រកាស​សង្គ្រាម​ជាមួយ​ពួកគេ ? ( សូម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នៅ​ពី​ក្រោម​ចំណងជើង « ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ស្ដីពី​សង្គ្រាម » ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:៣៥-៣៨ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួក​អ្នក​ដើរ​តាម​ទ្រង់​ពី​បុរាណ​ឲ្យ​ធ្វើ នៅ​ពេល​ដែល​ការផ្ដល់​ជូន​សន្តិភាព​របស់​ពួកគេ​នោះ ពុំ​ត្រូវ​បាន​ទទួល​យក ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា សង្គ្រាម​អាច​ត្រូវបាន​រាប់​ជា​សុចរិត នៅ​ក្នុង​កាលៈទេសៈ​ដែល​ត្រូវបាន​ពិពណ៌នា​ដោយ​ព្រះអម្ចាស់ ។ សូម​សរសេរ​សេចក្ដីពិត​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នៅ​ពី​ក្រោម​ចំណងជើង « ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ស្ដីពី​ការសងសឹក » ។

នៅ​ពេល​ប្រទេស​នានា​បាន​ចូលរួម​ក្នុង​សង្គ្រាម​លោក​លើក​ទី ២ ប្រធាន ដេវីឌ អូ មិកឃេ បាន​ពន្យល់​អំពី​កាលៈទេសៈ ដែល​ពួក​អ្នក​ដើរ​តាម​ព្រះអម្ចាស់​ត្រូវបាន​រាប់​ជា​សុចរិត ក្នុង​ការចូល​ច្បាំង ៖

រូបភាព
ប្រធាន ដេវីឌ អូ មិកឃេ

« សង្គ្រាម​គឺ​ជា​បញ្ហា​ដែល​មិន​ចុះសម្រុង ទៅ​នឹង​ការបង្រៀន​របស់​ព្រះគ្រីស្ទ ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ដំណឹងល្អ​នៃ​សន្តិភាព ។ សង្គ្រាម​មាន​សភាព​ខុស​គ្នា​ស្រឡះ [ ផ្ទុយ​គ្នា ] ទៅ​នឹង​ដំណឹងល្អ ហើយ​បង្ក​ឲ្យ​មាន​សម្អប់ ។…

« ទោះជា​យ៉ាង​ណាក៏​ដោយ មាន​លក្ខខណ្ឌ​ចំនួន​ពីរ ដែល​អាច​រាប់​បុរស​គ្រឹស្តបរិស័ទ​ដ៏​ពិត​ជា​សុចរិត​ឲ្យ​ចូល—សូម​កត់ចំណាំ​ថា ខ្ញុំ​ប្រើ​វាក្យសព្ទ ចូល មិនមែន​ចាប់ផ្ដើម—សង្គ្រាម​នោះ​ទេ ៖ (១) ការប៉ុនប៉ង [ ដោយ​នរណាម្នាក់ ] ដើម្បី​គាបសង្កត់ ហើយ​ដកហូត​សិទ្ធិសេរីភាព​របស់​គេ និង (២) ភក្ដីភាព​ចំពោះ​ប្រទេស​របស់​គេ ។ អាច​នឹង​មាន​លក្ខខណ្ឌ​ទី​បី [ ពោល​គឺ ] ការពារ​ប្រទេស​ទន់ខ្សោយ ដែល​កំពុង​ត្រូវបាន​សង្កត់សង្កិន​ដោយ​ប្រទេស​ដែល​មាន​អំណាច​ខ្លាំង​ជាង​ខ្លួន និង គ្មាន​មេត្តា »( នៅ​ក្នុង Conference Report ខែ​មេសា ឆ្នាំ​១៩៤២ ទំព័រ ៧១–៧២) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:៣៩-៤៨

ព្រះអម្ចាស់​បង្រៀន​ពួក​បរិសុទ្ធ អំពី​របៀប​ដែល​ពួកគេ​គួរតែ​ឆ្លើយតប​ទៅ​នឹង​ខ្មាំង​សត្រូវ​របស់​ខ្លួន

អ្វី​ដែល​ទាក់ទង​ទៅ​នឹង​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ស្ដីពី​សង្គ្រាម គឺ​ជា​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ស្ដីពី​ការអត់ទោស នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:៣៩–៤៨ ។ ដំណើររឿង​ខាង​ក្រោម​នៃ​ព្រឹត្តិការណ៍ ដែល​បាន​កើតឡើង​នៅ​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី ២ បង្ហាញ​អំពី​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ស្ដីពី​ការអត់ទោស ៖

« នៅ​ប្រទេស ហូឡង់ អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី ២ ក្រុមគ្រួសារ ខាស្ពើរ ធែន ប៊ូម បាន​ប្រើប្រាស់​ផ្ទះសម្បែង​របស់​ខ្លួន ធ្វើជា​ទីកន្លែង​លាក់​ខ្លួន​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​ពួក​សង្គម​ជាតិ​និយម ណាស៊ី តាម​ចាប់​ខ្លួន ។ នេះ​គឺ​ជា​របៀប​ដែល​ពួកគេ​បាន​រស់នៅ ឲ្យ​ស្រប​ទៅ​តាម​ជំនឿ​គ្រឹស្តសាសនា​របស់​ពួកគេ ។ សមាជិក​បួន​នាក់​នៃ​ក្រុមគ្រួសារ​នោះ បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ការផ្ដល់​ជម្រក​នេះ ។ ខូរី ធែន ប៊ូម និង បងស្រី​របស់​នាង ប៊ែស្ទី បាន​ជាប់​ក្នុង​គុក រ៉ាវែនស្បូខ យ៉ាង​វេទនា អស់​រយៈពេល​ជា​ច្រើន​ខែ ។ ប៊ែស្ទី បាន​បាត់បង់​ជីវិត​នៅ​ក្នុង​គុក​នោះ—ហើយ ខូរី នៅ​រស់រាន​មាន​ជីវិត ។

« នៅ​ក្នុង​គុក រ៉ាវែនស្បូខ នោះ ខូរី និង ប៊ែស្ទី បាន​ស្វែងយល់​ថា ព្រះ​ជួយ​ពួក​យើង​ឲ្យ​ចេះ​អត់ទោស ។ ក្រោយ​ពី​សង្គ្រាម​បាន​បញ្ចប់​ទៅ ខូរី បាន​សម្រេច​ចិត្ត​ចែកចាយ​សារលិខិត​មួយ​នេះ ។ នៅ​ក្នុង​ឱកាស​មួយ នាង​បាន​ថ្លែង​ទៅ​កាន់​មនុស្ស​មួយ​កុ្រម​នៅ​ប្រទេស អាល្លឺម៉ង់ ដែល​រងទុក្ខ​ដោយសារ​ការបំផ្លិចបំផ្លាញ​នៃ​សង្គ្រាម ។ សារលិខិត​របស់​នាង​មាន​ចំណងជើង​ថា ‹ ព្រះ​ទ្រង់​អត់ទោស › ។ នៅ​ពេល​នោះ​ហើយ ដែល​ភាព​ស្មោះត្រង់​របស់ ខូរី ធែន ប៊ូម បាន​នាំ​ឲ្យ​មាន​ពរជ័យ ។

« មាន​បុរស​ម្នាក់​បាន​ដើរ​សំដៅ​មក​រក​នាង ។ នាង​បាន​ស្គាល់​បុរស​នោះ​ថា​ជា ឆ្មាំ​យាម​គុក​ដ៏​ឃោរឃៅ​បំផុត ។ គាត់​បាន​វាចា​ថា ‹ បងស្រី​បាន​ថ្លែង​អំពី​គុក រ៉ាវែនស្បូខ នៅ​ក្នុង​សុន្ទរកថា​របស់​បងស្រី › ។ ‹ ខ្ញុំ​គឺ​ជា​ឆ្នាំ​យាម​នៅ​ទី​នោះ ។… ប៉ុន្តែ​បន្ទាប់​ពី​នោះ​មក … ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​គ្រឹស្តបរិស័ទ ។ គាត់​រៀបរាប់​ថា គាត់​បាន​ស្វែងរក​ការអត់ទោស​ពី​ព្រះ​ចំពោះ​ទង្វើ​ដ៏​ឃោរឃៅ ដែល​គាត់​បាន​ប្រព្រឹត្ត ។ គាត់​បាន​ហុច​ដៃ​របស់​គាត់ ហើយ​ស្នើ​ដូច្នេះ​ថា ‹ តើ​បងស្រី​នឹង​អត់ទោស​ឲ្យ​ខ្ញុំ​ដែរ​ឬ​ទេ › ?

« ខូរី ធែន ប៊ូម បាន​បន្លឺ ៖

« ‹ វា​គ្រាន់តែ​ជា​វេលា​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ដែល​គាត់​បាន​ឈរ​នៅ​ទីនោះ—ហើយ​ហុច​ដៃ​របស់​គាត់​មក—ប៉ុន្តែ​សម្រាប់​ខ្ញុំ​វិញ វា​ហាក់​ដូច​ជា ខ្ញុំ​បាន​ពុះពារ​នៅ​ក្នុង​កិច្ចការ​ដ៏​លំបាក​បំផុត ដែល​ខ្ញុំ​ធ្លាប់​បាន​ធ្វើ ។

« ‹ … សារលិខិត​ដែល​ថា ព្រះ​ទ្រង់​អត់ទោស​មាន​… លក្ខខណ្ឌ​មួយ ៖ គឺ​យើង​ត្រូវ​អត់ទោស​ដល់ មនុស្ស​ដែល​បាន​ព្យាបាទ​យើង ។…

“…‹ ជួយកូនផង ! › ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ស្ងាត់ៗ ។ ទូលបង្គំ​អាច​លើក​ដៃ​ទូលបង្គំ​បាន ។ ទូលបង្គំ​អាច​ធ្វើ​ដូច្នោះ​បាន ។ សូម​ព្រះអង្គ​ប្រទាន​កម្លាំង​ចិត្ត​ដល់​ទូលបង្គំ​ផង » ។

« ‹ … ខ្ញុំ​បាន​លើក​ដៃ​ខ្ញុំ ទៅ​ចាប់​ដៃ​ដែល​បាន​ហុច​មក​កាន់​ខ្ញុំ​នោះ ទាំង​លំបាក និង គ្មាន​កម្លាំង​ចិត្ត​អ្វី​ទាល់​តែ​សោះ ។ នៅ​ពេល​ខ្ញុំ​បាន​ធ្វើ​ដូចនោះ រឿង​មួយ​ដ៏​អស្ចារ្យ​បាន​កើតឡើង ។ អារម្មណ៍​មួយ​បាន​ចាប់ផ្ដើម​ចេញ​ពី​ស្មា​របស់​ខ្ញុំ រត់​ទៅ​តាម​ដៃ ហើយ​ចូល​ទៅ​ក្នុង​ប្រអប់​ដៃ​ទាំងពីរ​របស់​យើង​ដែល​កំពុង​ចាប់​នោះ ។ ភ្លាម​នោះ អារម្មណ៍​កក់ក្ដៅ​នៃ​ភាពសះស្បើយ​នេះ ហាក់ដូចជា​រីក​សាយ​ពាសពេញ​រាងកាយ​ខ្ញុំ ដោយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​យំ ។

« ‹ ខ្ញុំ​អភ័យទោស​ឲ្យ​បងប្រុស ! › ខ្ញុំ​បាន​យំ ។ ‹ ដោយ​អស់​ពី​ដួង​ចិត្ត​ខ្ញុំ › ។

« ‹ យើង​បាន​ចាប់​ដៃ​គ្នា​អស់​រយៈ​ពេល​យ៉ាង​យូរ ក្នុង​នាម​ជា​អតីត​ឆ្មាំ​យាម​គុក និង អតីត​អ្នក​ជាប់​គុក ។ នៅ​ពេល​ខ្ញុំ​ធ្វើ​នោះ ខ្ញុំ​ពុំ​ដែល​បាន​ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យ៉ាង​សន្ធឹកសន្ធាប់​ដូចនេះ​ទេ › ។ [ ខូរី ធែន ប៊ូម Tramp for the Lord ( ឆ្នាំ ១៩៧៤ ) ទំព័រ ៥៤–៥៥ ] » ។ ( ឃីត ប៊ី ម៉ាក់ម៊ូលីន, Our Path of Duty » Ensignលីអាហូណា, ខែ ឧសភា ឆ្នាំ ២០១០,ទំព័រ ១៣ ) ។

តើ​ដំណើរ​រឿង​នេះ បង្រៀន​អ្នក​អំពី​ការអត់ទោស​យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:៣៩–៤០ដោយ​ស្វែងរក​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ស្ដីពី​ការអត់ទោស ។

ស្រប​តាម​ខគម្ពីរ​ទាំងនេះ តើ​យើង​គួរតែ​ធ្វើ​អ្វី​ខ្លះ នៅ​ពេល​នរណាម្នាក់​សុំ​ការអត់ទោស​ពី​យើង ?

ឃ្លា « រហូត​ដល់​ប្រាំ​ពីរ​ចិតសិប​ដង » នៅ​ក្នុង ខទី ៤០ ថ្លែង​បញ្ជាក់​ថា យើង​គួរតែ​អត់ទោស​ដល់​មនុស្ស​ទូទៅ​ឲ្យ​បាន​ច្រើន​ដង តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នៅ​ពេល​ពួកគេ​ប្រែចិត្ត ហើយ​ស្វែងរក​ការអត់ទោស​បន្ទាប់​ពី​បាន​ប្រព្រឹត្ត​ខុស ឬ ធ្វើ​ឲ្យ​យើង​ឈឺចាប់ ។ ( ទោះ​ជា​យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​អត់ទោស​យ៉ាង​ណា​ក៏​ដោយ ការណ៍​នេះ​ពុំ​មាន​ន័យ​ថា យើង​គួរតែ​អនុញ្ញាត​ឲ្យ​មនុស្ស​ទូទៅ​បន្ត​ធ្វើ​ទុក្ខទោស​ដល់​យើង​នោះ​ទេ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:៤១–៤៣ដោយ​ស្វែងរក​សេចក្ដីពិត​បន្ថែម ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ អំពី​ខ្មាំង​សត្រូវ​ដែល​រំលោភ​បំពាន​លើ​ពួកគេ ហើយ​ពុំ​ប្រែចិត្ត ។

សូម​សរសេរ​សេចក្ដី​សង្ខេប​នៃ​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ស្ដីពី​ការអត់ទោស ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នៅ​ពី​ក្រោម​ចំណងជើង « ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ស្ដីពី​ការអត់ទោស » ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​អត់ទោស​ដល់​មនុស្ស​ដទៃ ទោះបីជា​ពួកគេ​ពុំ​សុំ​ការអត់ទោស​ផង​នោះ ?

    2. ហេតុអ្វី​បាន​ជា​យើង​ត្រូវបាន​បញ្ជា ឲ្យ​អត់ទោស​ដល់​ខ្មាំង​សត្រូវ​របស់​យើង ?

សូម​គិត​អំពី​អ្វី ដែល​អ្នក​អាច​ធ្វើ​នៅ​ក្នុង​ជីវិត ដើម្បី​ធ្វើតាម​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ស្ដីពី​ការអត់ទោស ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:៤៤–៤៨ព្រះអម្ចាស់​បាន​សន្យា​ថា បើ​សិន​ជា​ខ្មាំង​សត្រូវ​របស់​ពួក​បរិសុទ្ធ​នឹង​ប្រែចិត្ត នោះ​ពួកគេ​នឹង​ចៀស​ផុត​ពី​ការសងសឹក​របស់​ព្រះអម្ចាស់ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖