ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១០ ៖ ថ្ងៃទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ៤១


មេរៀន​ទី ១០ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤១

សេចក្ដីផ្ដើម

ក្នុង​ខែ​ធ្នូ ឆ្នាំ ១៨៣០ ព្រះអម្ចាស់ បាន​បញ្ជា​ដល់​ពួកបរិសុទ្ធ​ឲ្យ​ផ្លាស់​ទៅ​រដ្ឋ អូហៃអូ ជា​កន្លែង​ដែល​ពួកគេ​នឹង​ទទួល​ក្រឹត្យវិន័យ​របស់​អម្ចាស់ ( សូមមើល គ. និង ស. ៣៧:៣; ៣៨:៣២ ) ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤១ នៅ​ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ១៨៣១ —ជា​ថ្ងៃ​ដែល​លោក​បាន​ទៅ​ដល់​រដ្ឋ អូហៃអូ ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ប្រទាន​សេចក្ដីណែនាំ​បន្ថែម ដែល​នឹង​ជួយ​ត្រៀមខ្លួន​ពួក​បរិសុទ្ធ​ឲ្យ​ទទួល​ក្រឹត្យវិន័យ​របស់​ទ្រង់ ។ មិនតែ​ប៉ុណ្ណោះ ទ្រង់​បាន​ត្រាស់​ហៅ អែតវឺត ប៉ាទ្រិច ឲ្យ​ធ្វើ​ជា​ប៊ីស្សព​ដំបូង​របស់​សាសនាចក្រ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:១-៨

ព្រះអម្ចាស់ ពិពណ៌នា​អំពី​របៀប​ក្លាយ​ទៅ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ

តើ​អ្នក​រីករាយ ឬ ពេញ​ចិត្ត​នឹង​ធ្វើ​អ្វី​ខ្លះ ? តើ​អ្នក​គិត​ថា ព្រះអម្ចាស់​សព្វ​ព្រះហឬទ័យ​នឹង​ធ្វើ​អ្វី​ខ្លះ ? សូម​ពិចារណា ថាតើ​ការរីករាយ ឬ ការស្វែងរក​សេចក្ដីអំណរ​ដើម្បី​ធ្វើ​រឿង​អ្វី​មួយ មាន​ន័យ​ដូចម្ដេច ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤១:១ រកមើល​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​នឹង​ធ្វើ ។ សូម​សម្គាល់​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល « ព្រះ​ពរ​ដ៏​ប្រសើរ​បំផុត​ជាង​ព្រះ​ពរ​ទាំង​អស់ » ដែល​ទ្រង់​មាន​ព្រះទ័យ​ប្រទាន​ដល់​យើង ។

យោង​តាម​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​នៅ​ក្នុង ខទី ១សូម​បំពេញ​គោលការណ៍​ដូច​ត​ទៅ​នេះ ៖ ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​នឹង នៅ​ពេល​យើង  ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​នៅ​ពេល​ណា​ខ្លះ ដែល​អ្នក​ធ្លាប់​ដឹង​ថា ព្រះអម្ចាស់​បាន​សព្វព្រះហឫទ័យ​នឹង​ប្រទានពរ​ដល់​អ្នក ដោយសារតែ​អ្នក​បាន​ស្ដាប់​តាម​ទ្រង់ ?

    2. តើ​វា​មាន​ន័យ​ដូចម្ដេច​ចំពោះ​អ្នក ដែល​ដឹង​ថា ព្រះអម្ចាស់​មាន​សេចក្ដីអំណរ ក្នុង​ការប្រទាន​ពរ​ដល់​អ្នក ចំពោះ​ការស្ដាប់​តាម​ទ្រង់​នោះ ?

ព្យាការី យ៉ូសែប ស៊្មីធ បាន​គោរពប្រតិបត្តិ​តាម​ឱវាទ​ព្រះអម្ចាស់​ក្នុង​ការប្រមូល​ពួក​បរិសុទ្ធ​ទៅ​ឯ​រដ្ឋ អូហៃអូ ។ យ៉ូសែប និង អិមម៉ា បាន​ផ្លាស់​ទីលំនៅ​ប្រាំពីរ​ដង​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ ចាប់តាំង​ពី​បាន​រៀបការ​មក ហើយ អិមម៉ា ទើបតែ​បាន​ជា​សះស្បើយ​ពី​ជំងឺ​រ៉ាំរ៉ៃ​ពេញ​មួយ​ខែ ហើយ​មាន​ផ្ទៃពោះ​ប្រាំមួយ​ខែ កាល​ពួកគាត់​បាន​ចាកចេញ​ពី​រដ្ឋ នូវ យ៉ោក ធ្វើ​ដំណើរ​ជិត ៤៨២ គីឡូម៉ែត ដោយ​រទេះ​ទៅ​កាន់​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ នៅ​ចុង​ខែ មករា ឆ្នាំ ១៨៣១ ។

នៅ​ពេល យ៉ូសែប និង អិមម៉ា បាន​ទៅ​ដល់​ទីក្រុង ខឺតឡង់ នោះ​ពួកគាត់​បាន​ឈប់​នៅ​ខាង​មុខ​ហាង​របស់ ហ្គីលប៊ើត និង វីតនី ។ « [ យ៉ូសែប ] ប្រញាប់ប្រញាល់​ដើរ​ចូល​ទៅ​ក្នុង​ហាង ហើយ​សំដៅ​ទៅ​រក​ដៃគូ​ប្អូន​ដែល​កំពុង​ឈរ ។ លោក​បាន​បន្លឺ​សំឡេង​ឡើង ដោយ​ហុច​ដៃ​របស់​លោក​ទៅ​យ៉ាង​រីករាយ ដូចជា​ធ្វើ​ចំពោះ​មិត្ត​ចាស់ ដែល​ស្គាល់​ជិតស្និត​ដូច្នោះ​ដែរ​ថា ‹ នូវែល ឃេ វីតនី ! លោក​គឺ​ជា​បុរស​ម្នាក់​នោះ​ហើយ ! › [ នូវែល ឃេ វីតនី ] បាន​តប​ថា ‹ លោកមាន​ប្រៀប​លើ​ខ្ញុំ​ហើយ › កាល​ដែល​គាត់​លូក​ចាប់​ដៃ​លោក​វិញ ‹ ខ្ញុំ​មិន​អាច​ហៅ​ឈ្មោះ​លោក​បាន ដូច​ដែល​លោក​បាន​ហៅ​ឈ្មោះ​ខ្ញុំ​នោះ​ទេ › ។ ‹ ខ្ញុំ​គឺ យ៉ូសែប ជា​ព្យាការី​ › មនុស្ស​ប្លែក​មុខ​នោះ​បាន​និយាយ​ដោយ​ញញឹម ។ ‹ លោក​បាន​អធិស្ឋាន​ឲ្យ​ខ្ញុំ​មក​ទី​នេះ ឥឡូវនេះ តើ​លោក​ប្រាថ្នា​អ្វី​ពី​ខ្ញុំ › » ? ( នៅ​ក្នុង History of the Church ១:១៤៦ ) ។

យ៉ូសែប បាន​ពន្យល់​ថា នៅ​ក្នុង​ការនិមិត្ត​មួយ លោក​បាន​ឃើញ នូវែល វីតនី អធិស្ឋាន​ឲ្យ​លោក​មក​ទីក្រុង ខឺត​ឡង់ ។ ក្រុមគ្រួសារ វីតនី បាន​ទទួល យ៉ូសែប និង អិមម៉ា ស្ម៊ីធ ដោយ​សណ្ដានចិត្ត​ល្អ ហើយ យ៉ូសែប និង អិមម៉ា បាន​រស់នៅ​ជាមួយ​ពួកគេ​មួយ​រយៈ ( សូម​មើល History of the Church ១:១៤៥–៤៦ ) ។

ពួក​បរិសុទ្ធ​នៅ​រដ្ឋ នូវ យ៉ោក ភាគ​ច្រើន បាន​ផ្លាស់ទីលំនៅ​ទៅ​រដ្ឋ អូហៃអូ ក្នុង​អំឡុង​ពេល​ប្រាំខែ​បន្ទាប់​ពី​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​ទី​នោះ ។ សមាជិក​សាសនាចក្រ​មួយ​ចំនួន​ទាំងនោះ បាន​ធ្វើ​ដូច្នោះ​ដោយ​មាន​ការបូជា​ដ៏​ធំ ។ ពួកគេ​បាន​លក់​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ក្នុង​តម្លៃ​ថោក ឬ បាន​ចាក​ចោល​ផ្ទះសម្បែង និង ទ្រព្យសម្បត្តិ​ដោយ​ពុំ​បាន​លក់​ចេញ​សោះ ហើយ​ចេញ​ទៅ​រដ្ឋ អូហៃអូ ដើម្បី​ធ្វើតាម​ព្យាការី ។ សូម​អាន​ដំណើរឿង​ខាង​ក្រោម ហើយ​ស្វែងរក​ឧទាហរណ៍​មួយ​អំពី​របៀប ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ពួក​បរិសុទ្ធ​ទាំងនេះ នៅ​ពេល​ពួកគេ​បាន​ស្ដាប់​តាម​ការបញ្ជា​របស់​ទ្រង់ ដែល​ឲ្យ​ផ្លាស់​ទី​លំនៅ​ទៅ​កាន់​រដ្ឋ អូហៃអូ ៖

រូបភាព
លូស៊ី ម៉ាក ស្ម៊ីធ

ម្ដាយ​របស់​ព្យាការី យ៉ូសែប ស៊្មីធ គឺ លូស៊ី ម៉ាក ស្ម៊ីធ បាន​ដឹកនាំ​ក្រុម​មួយ​ដែល​មាន​សមាជិក​សាសនាចក្រ​ចំនួន ៨០ នាក់ ចេញ​ពី ភូមិ ហ្វាយែត រដ្ឋ នូវ យ៉ោក ទៅ​កាន់​រដ្ឋ អូហៃអូ ។ នៅ​ពេល​ពួកគេ​បាន​ធ្វើ​ដំណើរ​តាម​ទូក​នៅ​លើ​ព្រែក ខាយូហ្កា និង សេនេកា ទៅ​កាន់ ភូមិ​បាហ្វូឡូ រដ្ឋ នូវ យ៉ោក លូស៊ី បាន​នឹក​ចាំ​ថា ពួក​បរិសុទ្ធ​ដែល « បាន​ធ្វើ​ដំណើរ​ដោយសារតែ​ការបញ្ជា​របស់​ព្រះអម្ចាស់ គឺ​ដូចជា​លោក​ឪពុក​លីហៃ កាល​លោក​បាន​ចាកចោល​ទីក្រុង​យេរ៉ូសាឡិម ហើយ​ដោយ​ភក្ដីភាព នោះ [ ពួកគាត់ ] មាន​ហេតុផល​នឹង​រំពឹង​ពរជ័យ​ដូចគ្នា​មក​ពី​ព្រះ » ( History of Joseph Smith by His Mother បាន​បោះពុម្ព​ដោយ Preston Nibley [ ១៩៥៨ ] ទំព័រ ១៩៦ ) ។

នៅ​ពេល​ពួកគេ​បាន​ទៅ​ដល់​ភូមិ​បាហ្វូឡូ រដ្ឋ នូវ យ៉ោក ពួកគេ​បាន​ជួប​សមាជិក​សាសនាចក្រ​ដែល​មក​ពី ខូលស្វិល ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ អូហៃអូ ដែរ ហើយ​ដែល​បាន​តែលតោល​នៅ​ភូមិ​បាហ្វូឡូ​នោះ​អស់​មួយ​សប្ដាហ៍​មក​ហើយ ។ ផ្លូវ​ដំណើរ​តាម​ព្រែក​នោះ​ត្រូវ​បាន​រាំងស្ទះ​ដោយ​ទឹកកក « ដែល​គរ​ឡើង​កម្រាស់​ប្រាំមួយ​ម៉ែត្រ » ហើយ​ពួកគេ​ត្រូវបាន​គេ​ប្រាប់​ថា​ត្រូវ « នៅ​កំពង់ផែ​នោះ​យ៉ាង​ហោចណាស់​ពីរ​សប្ដាហ៍​ជា​បន្ត​ទៀត » ។ ពួក​បរិសុទ្ធ​ជាច្រើន​ក្នុង​ក្រុម​របស់ លូស៊ី បាន​បាក់​ទឹកចិត្ត ។ ពួកគេ​មាន​ការស្រេកឃ្លាន ចំណែក​ឯ​កុមារ​មួយ​ចំនួន​បាន​ធ្លាក់​ខ្លួន​ឈឺ ។ ពួកគេ​បាន​ជួល​ទូក​មួយ​ទៀត​ផ្សេង​ទៀត ដោយ​ដាក់​ឥវ៉ាន់​របស់​ពួកគេ​នៅ​លើ​ទូក​នោះ ហើយ លូស៊ី បាន​រក​កន្លែង​ជ្រក​បណ្ដោះ​អាសន្ន​សម្រាប់​ស្ត្រី និង កុមារ​តូចៗ​ដែល​ឈឺ​នោះ រហូត​ដល់​ព្រឹក​ស្អែក​ឡើង ។ ( សូមមើល History of Joseph Smith by His Mother ទំព័រ ១៩៩–២០២ ) ។

នៅ​ពេល​ពួកគេ​បាន​ឡើង​លើ​ទូក​វិញ លូស៊ី បាន​ថ្លែងទីបន្ទាល់​ទៅ​កាន់​សមាជិក​ក្នុង​ក្រុម​គាត់​ថា « ឥឡូវនេះ ឱ​បងប្អូន​ប្រុស​ស្រី​ទាំងឡាយ​អើយ ប្រសិនបើ​បងប្អូន​ទាំងអស់​គ្នា​នឹង​អំពាវនាវ​ទៅ​ដល់​ស្ថានសួគ៌ អំពី​បំណងប្រាថ្នា​របស់​បងប្អូន ដើម្បី​ឲ្យ​ដុំ​ទឹកកក​នេះ​អាច​នឹង​បែក ហើយ​ដើម្បី​ឲ្យ​យើង​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន ប្រាកដ​ដូចជា​ព្រះអម្ចាស់​មាន​ព្រះជន្មរស់ នោះ​វា​នឹង​សម្រេច​បាន​យ៉ាង​ដូច្នោះ » ។ ហើយ​គាត់​បាន​ពិពណ៌​នា​អំពី​អ្វី​ដែល​បាន​កើតឡើង​បន្ទាប់​មក​ទៀត​ថា ៖ « រំពេច​នោះ មាន​សំឡេង​មួយ​បន្លឺ​ឡើង ដូចជា​ផ្គរលាន់ ។ អ្នក​បើក​ទូក​បាន​ស្រែក​ថា ‹ អ្នក​គ្រប់​គ្នា ចូរ​ទៅ​កាន់​កន្លែង​រៀង​ខ្លួន › ។ ដុំ​ទឹកកក​នោះ​បាន​បែក​ប្រេះ​ចេញ ដោយ​ទុក​ច្រក​តូច​មួយ​សម្រាប់ទូក ហើយ​នៅ​ពេល​ទូក​បាន​ឆ្លងកាត់​តាម​ផ្លូវ​តូច​ចង្អៀត​នោះ ពោង​ទឹក​បាន​រហែក​ដោយសារ​តែ​ទង្គិច​នឹង​មុខ​បែក​របស់​ទឹកកក ។… យើង​បាន​ឆ្លង​ផុត​តែ​បន្ដិច​តាម​ផ្លូវ​ដែល​ទឹកកក​នោះ​បាន​ប្រេះ​ចេញ​ពី​គ្នា ពី​មុន​ពេល​ដែល​ទឹកកក​ភ្ជិត​ជាប់​គ្នា​វិញ​ម្ដង​ទៀត ហើយ​ពួក​បងប្អូន​ប្រុស​ខូលស្វិល ត្រូវ​បាន​ជាប់​នៅ​បាហ្វូឡូ ដោយ​ពុំ​អាច​តាម​យើង​ទាន់​ឡើយ » ( History of Joseph Smith by His Mother២០៤-៥ ) ។

  1. សូម​សង្ខេប​ចេញ​ពី​ដំណើររឿង​ដែល​អ្នក​បាន​អាន​អំពី​ក្រុម​ពួក​បរិសុទ្ធ ដែល​បាន​ដឹកនាំ​ដោយ លូស៊ី ម៉ាក ស្ម៊ីធ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​របៀប​ដែល​ពួក​បរិសុទ្ធ​ទាំងនេះ​បាន​បង្ហាញ​សេចក្ដីជំនឿ​របស់​ខ្លួន​លើ​ព្រះអម្ចាស់ ។ សូម​សរសេរ​ផងដែរ អំពី​របៀប​ដែល​បទពិសោធន៍​របស់​ពួកគេ​អំឡុង​ពេល​ស្ថានភាព​ដ៏​លំបាក​នេះ​បង្ហាញ​ថា ព្រះអម្ចាស់​ទ្រង់​ជ្រាប​ពី​យើង ហើយ​នៅ​ពេល​យើង​ស្ដាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​ទាំងឡាយ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤១:២–៤រួច​ស្វែងរក​ព្រះបញ្ញត្តិ និង សេចក្ដីណែនាំ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ប្រជាជន​នោះ ។ នៅ​ក្នុង​បញ្ជី​ខាង​ក្រោម​នេះ សូម​គូស​បន្ទាត់​មួយ​ទៅ​កាន់​សេចក្ដី​ណែនាំ​ដែល​ពួក​បរិសុទ្ធ ពុំ ត្រូវបាន​បញ្ជា​ឲ្យ​ធ្វើតាម ៖

  • ប្រជុំគ្នា​ដើម្បី​ព្រមព្រៀង​លើ​ព្រះបន្ទូល​ព្រះ ។

  • ទទួល​ក្រឹត្យវិន័យ​ដោយសារ​ការអធិស្ឋាន​ដោយ​នូវ​សេចក្ដីជំនឿ ។

  • ឃើញ​ថា​ក្រឹត្យវិន័យ​ត្រូវបាន​គោរព​តាម ។

  • ប្រមូលផ្ដុំគ្នា​នៅ ឃុំ​ចាកសុន រដ្ឋ មិសសួរី ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤១:៣សូម​គូសចំណាំ​លើ​គោលបំណង​នៃ​ក្រឹត្យវិន័យ ដែល​ប្រជាជន​ត្រូវ​ទទួល « ដោយសារ​ការអធិស្ឋាន​ដោយ​នូវ​សេចក្ដីជំនឿ [ របស់​ពួកគេ ] » ។ ក្រឹត្យវិន័យ​ដែល​ព្រះអម្ចាស់​បាន​លើកឡើង មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤២ ។ អ្នក​នឹង​សិក្សា​ក្រឹត្យវិន័យ​នេះ​ជា​សេចក្ដី​លម្អិត​នៅ​ក្នុង​ពីរ​បី​មេរៀន​ក្រោយ ។

  1. សូម​ពិពណ៌នា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថា​តើ​អ្នក​គិត​ដូចម្ដេច អំពី​ការទទួល​យក​ក្រឹត្យវិន័យ និង ព្រះបញ្ញត្តិ​របស់​ព្រះ គឺ​ជា​ពរជ័យ​មួយ ។ លើស​ពី​នេះ​ទៅ​ទៀត សូម​ពន្យល់​អំពី​របៀប​ដែល​ក្រឹត្យវិន័យ​របស់​ព្រះ​ជួយ​យើង​ឲ្យ « មាន​អ្វី​ត្រឹមត្រូវ​សព្វគ្រប់​នៅ​ចំពោះ [ ទ្រង់ ] ( គ. និង ស. ៤១:៣ ) ។

សូម​គិត​អំពី​របៀប​ដែល​យោបល់​ទាំងពីរ​ខាងក្រោម​នេះ អាច​មាន​សភាព​ស្រដៀងគ្នា និង របៀប​ដែល​ពួកវា​អាច​នឹង​មាន​សភាពខុសគ្នា ៖

អ្នក​ជឿ

សិស្ស

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤១:៥រួច​បំពេញ​គោលការណ៍​ដូចតទៅ​នេះ ៖ យើង​ក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន នៅ​ពេល​យើង  ។

តើ​មាន​ភាពខុសគ្នា​ដែរ​ឬ​ទេ រវាង​ការជឿ​លើ​ក្រឹត្យវិន័យ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង ការទទួល​យក​ក្រឹត្យវិន័យ​ទាំងនោះ ? ទន្ទឹម​នឹង​ពេល​ដែល​ការជឿ​លើ​ក្រឹត្យវិន័យ​របស់​ព្រះ គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការប្រែក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​ការទទួល​យក​ក្រឹត្យវិន័យ​របស់​ទ្រង់—ដែល​ជា​ការទទួលយក និង ការគោរពប្រតិបត្តិ​តាម—ស្ថាបនា​សេចក្ដីជំនឿ​ទៅ​លើ​ព្រះអង្គសង្គ្រោះ ។

  1. ដើម្បី​ជួយ​អ្នក​ឲ្យ​អនុវត្ត​គោលការណ៍​ដែល​ថា យើង​ក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ពេល​យើង​ទទួលយក ហើយ​រស់នៅ​តាម​ក្រឹត្យវិន័យ​ទ្រង់ នោះ​សូម​ជ្រើសរើស ហើយ​អាន​បទដ្ឋាន​មួយ​ចេញ​ពី​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ។ ក្រោយ​មក សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​គិត​ថា អ្នក​នឹង​ចង់​ធ្វើ ដើម្បី​ទទួលយក ហើយ​រស់នៅ​តាម​បទដ្ឋាន​នោះ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​នេះ​បន្តិច ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤១:៧ ព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​ពួកបរិសុទ្ធ សង់​ផ្ទះ​មួយ​សម្រាប់ យ៉ូសែប ស៊្មីធ និង ក្រុមគ្រួសារ​របស់​លោក​បាន​ស្នាក់នៅ ហើយ​លោក​អាច​បន្ត​ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ជា​បន្ត​ទៀត ។ ពួកបរិសុទ្ធ​បាន​ធ្វើតាម​សេចក្ដីណែនាំ​នេះ ហើយ​ផ្ទះ​ដ៏​តូច​មួយ​ត្រូវបាន​សាងសង់​ឡើង ដែល យ៉ូសែប និង អិមម៉ា បាន​រស់នៅ​បាន​បីបួន​ខែ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:៩-១២

ព្រះអម្ចាស់​ហៅ អែតវើត ប៉ាទ្រិច ឲ្យធ្វើ​ជា​ប៊ីស្សព​ទីមួយ​នៃ​សាសនាចក្រ

សូម​នឹក​ស្រមៃ​ថា វួដ​របស់​អ្នក​ត្រូវការ​ប៊ីស្សព​ថ្មី​មួយ​រូប ។ សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤១:៩រួច​គូសចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ណា ដែល​បង្រៀន​គោលកាណ៍​ដូចតទៅ​នេះ ៖ ប៊ីស្សព​ត្រូវបាន​ហៅ​ដោយ​ព្រះ គាំទ្រ​ដោយ​សំឡេង​នៃ​សមាជិក និង ត្រូវបាន​តែងតាំង​ដោយ​សិទ្ធិអំណាច​ត្រឹមត្រូវ ។

ឃ្លា « បាន​តាំង​ដោយ​សំឡេង​នៃ​សាសនាចក្រ » មាន​ន័យ​ថា សមាជិក​នៃ​សាសនាចក្រ គាំទ្រ​បុគ្គល​ដែល​ត្រូវបាន​ហៅ​ដោយ​ព្រះ ។ ឃ្លា « ចំណាយ​ពេល​ទាំងអស់​ដែល​គាត់​មាន សម្រាប់​ការងារ​នៃ​សាសនាចក្រ » ត្រូវ​បាន​ណែនាំ​យ៉ាង​ច្បាស់លាស់​ទៅ​ដល់ អែតវឺត ប៉ាទ្រិច ហើយ​វា​ក៏​អនុវត្ត​ចំពោះ​សមាជិក​ក្នុង​គណៈប៊ីស្សព​ជា​អធិបតី នា​ពេល​សព្វថ្ងៃ​នេះ​ដែរ ។ វា​ពុំ​អនុវត្ត​ចំពោះ​ប៊ីស្សព​នៃ​វួដ ដែល​បន្ត​ការងារ​ធម្មតា​ផ្ទាល់ខ្លួន កាល​ពួកគាត់​កំពុង​បម្រើ​ក្នុង​សាសនាចក្រ​នោះ​ទេ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ចំពោះ​អ្នក ដើម្បី​ដឹង​ថា ប៊ីស្សព ឬ ប្រធាន​សាខា​របស់​អ្នក ត្រូវបាន​ហៅ​ដោយ​ព្រះ និង បាន​តែងតាំង​ដោយ​សិទ្ធិអំណាច​បព្វជិតភាព​ត្រឹមត្រូវ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤១:១១ដោយ​ស្វែងរក​លក្ខណៈសម្បត្តិ​ទាំងឡាយ​ណា ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា អែតវឺត ប៉ាទ្រិច ត្រូវ​មាន ដែល​អាច​នឹង​ជួយ​គាត់​ក្នុង​ការហៅ​របស់​ខ្លួន​ជា​ប៊ីស្សព ។ អ្នក​អាច​នឹង​ចង់​សរសេរ​កំណត់សម្គាល់​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ថា​ពាក្យ ចិត្ត​ឧបាយ សំដៅ​ទៅ​លើ​ការកេងប្រវ័ញ្ច ឬ ការលាក់ពុត ។ ហេតុដូច្នោះ​ហើយ អែតវឺត គឺ​ជា​បុរស​ស្មោះត្រង់​ដែល​មាន​ភាពថ្លៃថ្នូរ ។

  1. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤១:១២ដោយ​ស្វែងរក​ការព្រមាន​របស់​ព្រះអម្ចាស់ ។ រួច​សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូចម្ដេច ដើម្បី​ប្រយ័ត្ន​ពី​របៀប​ដែល​យើង « គិត » ពី​ព្រះ​បន្ទូល​ទាំងឡាយ​របស់​ព្រះអម្ចាស់ ?

    2. តើ​ការប្រយ័ត្ន​ចំពោះ​អ្វី ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ អាច​ទាក់ទង​ទៅ​នឹង​អ្វី ដែល​អ្នក​បាន​រៀន​អំពី​ការធ្វើ​ជា​សិស្ស​នៃ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

រូបភាព
អែលឌើរ ណែល អេ. ម៉ាកស្វែល

នៅ​ពេល​អ្នក​អាន​សេចក្ដីថ្លែងការណ៍​ដូចតទៅនេះ​ពី អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ សូម​ពិចារណា​អំពី​របៀប​ដែល​វា​ទាក់ទង​ទៅ​នឹង​អ្វី ដែល​អ្នក​បាន​រៀន​អំពី​ភាពជាសិស្ស​នៅ​ក្នុង​មេរៀន​នេះ ៖ « ជា​រៀងរាល់ថ្ងៃ យើង​កំណត់​ពី​កម្រិត​នៃ​ភាពជាសិស្ស​របស់​យើង ។ ជារៀងរាល់ថ្ងៃ យើង​ឆ្លើយ​នឹង​សំណួរ ‹ តើ​នរណា​ស្ថិត​នៅ​ក្នុង​ភាគី​របស់​ព្រះអម្ចាស់ ? នរណា ? › » ( My Servant Joseph,” Ensignខែ ឧសភា ឆ្នាំ ១៩៩២ ទំព័រ ៣៩ ) ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖