ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៧ ៖ ថ្ងៃ​ទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧; ១២៨:១–១១


មេរៀន​ទី ២៧ ៖ ថ្ងៃ​ទី ៣

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧; ១២៨:១–១១

សេចក្ដីផ្ដើម

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧ មាន​នូវ​សំបុត្រ​មួយ​មក​ពី​ព្យាការី យ៉ូសែប ស៊្មីធ ចុះ​ថ្ងៃ​ទី ១ ខែ កញ្ញា ឆ្នាំ ១៨៤២ ដែល​បាន​ណែនាំ​ពួក​បរិសុទ្ធ​ឲ្យ​រក្សា​កំណត់ត្រា​បុណ្យជ្រមុជទឹក​ដែល​ពួក​គេ​បាន​ធ្វើ​សម្រាប់​អ្នក​ស្លាប់ ។ ប្រហែល​ជា​មួយ​សប្ដាហ៍​ក្រោយ​មក យ៉ូសែប​បាន​សរសេរ​សំបុត្រ​មួយ​ទៀត​អំពី​ប្រធានបទ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់. គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨ មាន​នូវ​សំបុត្រ​នេះ ដែល​វា​បង្រៀន​ពី​មូលហេតុ ដែល​យើង​ត្រូវ​រក្សា​កំណត់​ត្រា​នៃ​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​ដែល​បាន​ធ្វើ​ឡើង ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧:១-៤

យ៉ូសែប ស៊្មីធ មាន​សិរីល្អ​នៅ​ក្នុង​ការបៀតបៀន និង សេចក្តី​ឈឺចាប់

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧:១ ដោយ​រក​មើល​សេចក្ដី​ឈឺចាប់​អ្វី​ខ្លះ​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ជួប​នៅណៅវូ រដ្ឋ អិលលីណោយ ក្នុង​ឆ្នាំ ១៨៤២ ។

នៅ​ខែ ឧសភា ឆ្នាំ ១៨៤២ លីលប៊ើន ដបុលយូ ប័ហ្គស៍ អតីត​អភិបាល​រដ្ឋ​មិសសួរី​ដែល​បាន​ចេញ​ដីកា​ការ​សម្លាប់​គ្មាន​សល់​ទាស់​នឹង​ពួក​បរិសុទ្ធ ដែល​បាន​រង​របួស​ដោយ​ឃាតករ​មិន​ស្គាល់​មុខ ។ អជ្ញាធរ​រដ្ឋ មិសសួរី បាន​ចោទប្រកាន់​ព្យាការី យ៉ូសែប ស៊្មីធ ថា​បាន​រៀបចំ​មនុស្ស​ឲ្យ​មក​សម្លាប់ ប័ហ្គស៍ ហើយ​បាន​ព្យាយាម​នាំ​ព្យាការី​ទៅ​កាត់ទោស​នៅ​មិសសួរី​វិញ ។ យ៉ូសែប ស៊្មីធ បាន​ចាកចេញ​ពី​មិសសួរី​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​រស់នៅ​ក្នុង​តំបន់​ណៅវូ អិលលីណោយ នៅ​ពេល​នោះ ។ ដោយ​ដឹង​ថា ប្រសិន​បើ​លោក​ត្រឡប់​ទៅ​មិសសួរី​វិញ លោក​នឹង​ត្រូវ​គេ​សម្លាប់ នោះ​ព្យាការី​បាន​គេច​ខ្លួន​ពី​ពួក​មន្ត្រី​មិសសួរី​មួយ​រយៈពេល ដើម្បី​ចៀសវាង​ពី​ការ​ចាប់​ខ្លួន​ដោយ​អយុត្តិធម៌ ។ នៅ​ខែ មករា ឆ្នាំ ១៨៤៣ ការ​តាមចាប់​ខ្លួន​យ៉ូសែប ស្ម៊ីធ ហើយ​ចាប់លោក​ជា​ឈ្លើយ​សឹក​ទៅ​កាន់​មិសសួរី​វិញ ត្រូវ​បាន​គេ​កំណត់​ថា​ជា​រឿង​ខុស​ច្បាប់ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧ គឺជា​សំបុត្រ​មួយ ចុះ​ថ្ងៃ​ទី ១ ខែ​កញ្ញា ឆ្នាំ ១៨៤២ ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​សរសេរ​ទៅ​កាន់​សាសនាចក្រ កាល​លោក​គេច​ខ្លួន​ដើម្បី​ចៀសវាង​ពី​ការ​ចាប់​ខ្លួន​ដោយ​អយុត្តិធម៌​ពី​សំណាក់​ពួក​មន្ត្រី​មិសសួរី ។ សំបុត្រ​នេះ​ត្រូវ​បាន​អាន​ទៅ​កាន់​ពួក​បរិសុទ្ធ​នៅ​ក្នុង​ទីក្រុង​ណៅវូ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧:២ ដោយ​ស្វែងរក​របៀប ដែល​យ៉ូសែប​បាន​ឆ្លើយតប​នឹង​សេចក្តីឈឺចាប់ ។ នៅ​ពេល​អ្នក​អាន វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា ពាក្យ ធ្លាប់ មានន័យ​ថា ការ​ស៊ាំ​ទៅ​នឹង​អ្វី​មួយ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ឥរិយាបថ​របស់​យ៉ូសែប ស្ម៊ីធ ចំពោះ​សេចក្ដី​ឈឺចាប់​គឺជា​អ្វី​ទៅ ?

    2. តើ​គំរូ​របស់​លោក​អាច​ជួយ​យើង​បាន​តាម​របៀប​ណា ?

យោង​តាម​អ្វី​ដែល​ព្យាការី​បាន​សរសេរ​ទៅ​កាន់​ពួក​បរិសុទ្ធ យើង​អាច​រៀន​បាន​ថា ការ​ទុកចិត្ត​លើ​ព្រះវរបិតា​សួគ៌​អាច​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​សេចក្ដី​ឈឺចាប់ ។ សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧:២ ឡើងវិញ ហើយ​ពិចារណា​អំពី​ការគូស​ចំណាំ​លើ​ពាក្យ ឬ​ឃ្លា​ដែល​បង្រៀន​ពី​សេចក្ដីពិត​នេះ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ឈ្មោះ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​( ឬ​បាន​រៀន​អំពី​គាត់ ) ដែល​អាច​ស៊ូទ្រាំ​នឹង​សេចក្ដី​ឈឺចាប់ ដោយសារ​គាត់​បាន​ទុកចិត្ត​លើ​ព្រះវរបិតា​សួគ៌ ។ តើ​ការ​ទុក​ចិត្ត​លើ​ព្រះវរបិតា​សួគ៌​បាន​ជួយ​បុគ្គល​នេះ​ឲ្យ​ស៊ូទ្រាំ​នឹង​សេចក្ដី​ឈឺចាប់​យ៉ាង​ណា​ដែរ ?

រូបភាព
យុវនារី​ម្នាក់​កំពុង​អធិស្ឋាន

ព្យាការី យ៉ូសែប ស៊្មីធ បាន​អះអាង​ដល់​ពួក​បរិសុទ្ធ​ថា ពួកគេ​អាច​រីករាយ​បាន ដោយសារ « ព្រះ​របស់​អ៊ីស្រាអែល​គឺជា​ព្រះ​របស់​ពួកគេ » ( គ. និង ស. ១២៧:៣ ) ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧:៤ ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អ្នក​ទាំងឡាយ ដែល​ស៊ូទ្រាំ​នឹង​ការ​បៀតបៀន ។

សូម​សញ្ជឹង​គិត​ពី​សេចក្ដីជំនឿ​របស់​ពួក​បរិសុទ្ធ​ដែល​បាន​បន្ត​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ទោះ​ជា​ពួកគេ​ស្ថិត​នៅក្រោម​ការ​គំរាមកំហែង​នៃ​ការ​បៀតបៀន​ក៏ដោយ ។ តើ​គំរូ​របស់​ពួកគេ​ជះ​ឥទ្ធិពល​ដល់​អ្នក​យ៉ាង​ណា​ដែរ នៅពេល​អ្នក​ជួប​នឹង​ឧបសគ្គ​លំបាកៗ​នោះ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧:៥-១២

ព្យាការី យ៉ូសែប ស្ម៊ីធ ទូន្មាន​ដល់​ពួក​បរិសុទ្ធ​ឲ្យ​រក្សា​ទុក​កំណត់ត្រា​នៃ​ពិធី​បុណ្យជ្រមុជទឹក​ដែល​ពួកគេ​បាន​ធ្វើ​សម្រាប់​អ្នក​ស្លាប់ ។

សូម​ចងចាំ​ថា ប្រហែល​ជា​មួយ​ឆ្នាំ​កន្លះ​ពី​មុន យ៉ូសែប ស្ម៊ីធ​សរសេរ​សំបុត្រ​នោះ​ដែល​ឥឡូវ​នេះ​ត្រូវ​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ពួក​បរិសុទ្ធ​ថា ពិធីបរិសុទ្ធ​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់​នេះ​មាន​តែ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ( សូមមើល គ. និង ស. ១២៤:៣០ ) ។ ទោះ​ជា​យ៉ាង​ក៏​ដោយ ព្រះអម្ចាស់​បាន​អនុញ្ញាត​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​អ្នក​សម្លាប់​នៅ​ក្នុង​ទន្លេ និង បឹង​ដែល​នៅ​ក្បែរៗ​រហូត​ដល់​អាង​ជ្រមុជទឹក​សង់​រួច​រាល់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នៅពេល​អាង​មួយ​បាន​សង់​រួច​រាល់​ហើយ ពិធីបរិសុទ្ធ​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់​ទទួល​យក​បាន​តែ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ។ ពួក​បរិសុទ្ធ​បាន​ចាប់ផ្ដើម​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់​នៅ​ព្រះវិហារ​បរិសុទ្ធ​ណៅវូ​ក្នុង​ខែ វិច្ឆិកា ឆ្នាំ ១៨៤១ ។

រូបភាព
ប័ណ្ណ​ឈ្មោះ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ

តើ​អ្នក​ធ្លាប់​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់​ដែរ​ឬទេ ? ប្រសិន​បើ​ធ្លាប់ តើ​អ្នក​បាន​គាត់​សម្គាល់​ថាតើ​មាន​នរណា​ម្នាក់​កំពុង​អង្គុយ​នៅ​ក្បែរ​អាង​បុណ្យ​ជ្រមុជទឹក​នោះ​ដែរ​ឬទេ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧:៥–៩ ដោយ​រក​មើល​អ្នក​ដែល​ត្រូវ​មាន​វត្តមាន​នៅ​ពេល​ពិធីបុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់​ត្រូវ​បាន​ធ្វើ​ឡើង ។

យោង​តាម ខ ៧ ហេតុអ្វី​បាន​ជា​ចាំបាច់​ត្រូវ​មាន​អ្នក​កត់ត្រា​ម្នាក់​ធ្វើ​សាក្សី​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក​នេះ ?

ក្រៅពី​ការ​ត្រូវការ​អ្នក​កត់ត្រា​ម្នាក់ យើង​ក៏​អាច​រៀន​នៅ​ក្នុង ខ ៧ ផងដែរ​ថា ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​ធ្វើ​នៅ​លើ​ផែនដី​នឹង​ចងភ្ជាប់​នៅ​ឯ​ស្ថានសួគ៌​ដែរ ។ អ្នក​គួរ​គូសចំណាំ​ពាក្យ ឬ ឃ្លា ដែល​បង្រៀន​អំពី​គោលលទ្ធិ​នេះ ។ ការ​ចង​ភ្ជាប់​នៅ​ឯ​ស្ថានសួគ៌​មាន​ន័យ​ថា ពិធីបរិសុទ្ធ​ទាំង​នោះ​មាន​សុពលភាព​នៅ​ក្នុង​ព្រះនេត្រ​នៃ​ព្រះវរបិតាសួគ៌ ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​ទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​គោលលទ្ធិ​នេះ​អាច​ជះឥទ្ធិពល​ដល់​អ្នក​ដោយ​របៀប​ណា នៅពេល​អ្នក​កំពុង​ចូល​រួម​នៅ​ក្នុង​ពិធី​បរិសុទ្ធ​នានា​ជំនួស​ឲ្យ​អ្នក​ស្លាប់ ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧:១០–១២ យើង​រៀន​ថា យ៉ូសែប ស្ម៊ីធ​ចង់​បង្រៀន​បន្ថែម​ទៀត​ដល់​ពួក​បរិសុទ្ធ​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់ ប៉ុន្តែ​ដោយសារ​លោក​កំពុង​លាក់​ខ្លួន នោះ​លោក​មិន​អាច​ធ្វើ​ដូច្នោះ​បាន​ទេ ។ លោក​បាន​សន្យា​នឹង​សរសេរ​សំបុត្រ​បន្ថែម​ទៀត​ទៅ​ពួក​បរិសុទ្ធ​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់ និង ប្រធានបទ​សំខាន់ៗ​ផ្សេង​ទៀត ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១-១១

យ៉ូសែប ស៊្មីធ ពន្យល់​ពី​ហេតុផល​ដែល​យើង​រក្សា​កំណត់ត្រា​សម្រាប់​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ ។

ប្រមាណ​ជា​មួយ​សប្ដាហ៍​បន្ទាប់​ពី​លោក​បាន​សរសេរ​លិខិត​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧ ព្យាការី យ៉ូសែប ស្ម៊ីធ​បាន​សរសេរ​សំបុត្រ​មួយ​ទៀត​ទៅ​ពួក​បរិសុទ្ធ​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់ ។ មាតិកា​នៃ​សំបុត្រ​នេះ មាន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១–៥ យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា ពួក​អ្នក​កត់​កំណត់​ត្រា​នៅ​ក្នុង​មូលដ្ឋាន​គួរ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ធ្វើ​សាក្សី ហើយ​កត់ត្រា​ពិធី​បរិសុទ្ធ​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់ ។ លោកក៏​បាន​បង្រៀន​ដែរ​ថា អ្នក​កត់ត្រា​ទូទៅ​ម្នាក់​គួរ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ចងក្រង​កំណត់ត្រា​មូលដ្ឋាន​ទៅ​ជា​កំណត់ត្រា​ទូទៅ​មួយ​របស់សាសនាចក្រ ។

តើ​អ្នក​ធ្លាប់​ឃើញ​លិខិត​ឆ្លង​ដែរ​ដែរ​ឬ​ទេ ? តើ​ឯកសិទ្ធិ​បែបណា​ខ្លះ​ដែល​អ្នក​កាន់​លិខិត​ឆ្លង​ដែន​មួយ​មាន ? ហេតុអ្វី​បាន​ជា​លិខិត​ឆ្លង​ដែន​របស់​មនុស្ស​ម្នាក់​ទៀត មិន អនុញ្ញាត​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ប្រទេស​មួយ​ទៀត​បាន ? តើ​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​អ្នក​បាន​ព្យាយាម​ចូល​ទៅ​ប្រទេស​មួយ​ទៀត ប៉ុន្តែ​ព័ត៌មាន​នៅ​ក្នុង​លិខិត​ឆ្លង​ដែន​របស់​អ្នក​មិន​ពេញ​លេញ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:៦–៧ ដោយ​ស្វែងរក​កំណត់​ហេតុ​អ្វី​ដែល​នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​កំណត់​ថាតើ​យើង​មាន​គុណសម្បត្តិ​ដើម្បី​ចូល​ទៅ​ក្នុង​វត្តមាន​របស់​ព្រះ ។ សូម​កត់សម្គាល់​ថា សាវក យ៉ូហាន និង ព្យាការី យ៉ូសែប ស៊្មីធ បាន​លើក​ឡើង​ច្រើន​ជាង​កំណត់ត្រា​មួយ ។ លោក​បាន​ប្រាប់​ពី « បញ្ជី [ បាន ] បើក​ឡើង ហើយ​បញ្ជី​មួយ​ទៀត … ជា​បញ្ជី​ជីវិត » ( គ. និង ស. ១២៨:៦ សូម​មើល​ផង​ដែរ វិវរណៈ ២០:១២ ) ។ បញ្ជី​ដំបូង​ដែល​បាន​លើក​ឡើង​ដោយ​យ៉ូហាន​គឺជា​កំណត់ត្រា​ដែល​បាន​រក្សា​ទុក​នៅ​លើ​ផែនដី ហើយ​បញ្ជី​ជីវិត​គឺជា​កំណត់ត្រា​ដែល​បាន​រក្សា​ទុក​នៅ​ស្ថានសួគ៌ ។ បញ្ជី​ទាំងនេះ​មាន​នូវ​កំណត់ត្រា​មួយ​អំពី​កិច្ចការ​របស់​យើង ។

ដូចជា​មនុស្ស​ម្នាក់​ត្រូវការ​ឲ្យ​មាន​ព័ត៌មាន​ជាក់​លាក់​កត់ត្រា​ទុក​នៅ​ក្នុង​លិខិត​ឆ្លង​ដែន​របស់​ខ្លួន ដើម្បី​គេ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​ប្រទេស​មួយ​ទៀត យើង​ត្រូវ​ការ​ឲ្យ​មាន​ព័ត៌មាន​ជាក់លាក់​កត់ត្រា​នៅ​ក្នុង​បញ្ជី​ទាំងនេះ ដើម្បី​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​វត្តមាន​របស់​ព្រះ ។

ប្រធាន ប៊យដ៍ ឃេ. ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« មិន​ថា​សញ្ជាតិ ឬ​ជាតិ​សាសន៍​ណា​ទេ មិន​ថា​ប្រុស ឬ​ស្រី មិន​ថា​ការងារ មិន​ថា​ការអប់រំ​របស់​អ្នក​បែប​ណា​ទេ មិន​ថា​អ្នក​រស់នៅ​ក្នុង​ជំនាន់​ណា​នោះ​ទេ ជីវិត​គឺជា​ដំណើរ​មួយ​ឆ្ពោះ​ទៅ​ផ្ទះ​សម្រាប់​យើង​គ្រប់​គ្នា ដើម្បី​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះ​នៅ​ក្នុង​នគរ​សេឡេស្ទាល​របស់​ទ្រង់ ។

« ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ទាំងឡាយ ក្លាយ​ទៅជា​រាជសាសន៍​របស់​យើង សម្រាប់​ការទទួល​ឲ្យចូល​ទៅក្នុង​ទីវត្តមាន​របស់​ព្រះ ។ ការទទួល​ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ទាំងឡាយ ដោយ​ភាពសក្តិសម គឺជា​ដំណើរ​ស្វែងរក​នៃ​ឆាកជីវិត​មួយ ហើយ ហើយ​ការរក្សា​សេចក្តី​សញ្ញា​ទាំងឡាយ បន្ទាប់ពី​នេះ​ទៅ គឺជា​ឧបសគ្គ​នៃ​ជីវិត​រមែង​ស្លាប់​នេះ » ( “Covenants,” Ensign ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ២៤ ) ។

សូម​ពិចារណា​អំពី​ការគូស​ចំណាំ​ឃ្លា​ដែល​ចែង​ថា « អ្វី​ក៏​ដោយ​ដែល​អ្នក​ចង​នៅ​ផែនដី នោះ​នឹង​ត្រូវ​បាន​ចង​នៅ​ស្ថានសួគ៌​ដែរ » នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:៨ ។ រួច​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:៨ ម្ដងទៀត ដោយ​រក​មើល « ការ​បកប្រែ​ផ្សេងទៀត »​ដែល​យ៉ូសែប ស្ម៊ីធ​បាន​ធ្វើ​ចំពោះ​សេចក្ដី​ថ្លែងការណ៍​នេះ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ឃ្លា​នោះ​ផង​ដែរ ។

នៅ​ពេល​អ្នក​អាន ខ ៨ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា​ពាក្យ ខ្លួន​គេ មានន័យ​ថា ការធ្វើ​សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​នរណាម្នាក់ ហើយ​វា​សំដៅ​ទៅ​លើ​មនុស្ស​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​សម្រាប់​ខ្លួន​ឯង ។ ឃ្លា​ថា « ភ្នាក់ងារ​របស់​គេ​ផ្ទាល់ » សំដៅ​លើ​អស់​អ្នក​ដែល​មិន​អាច​ទទួល​ពិធីបរិសុទ្ធ​នៃ​ពិធី​បុណ្យជ្រមុជទឹក​សម្រាប់​សេចក្ដី​សង្គ្រោះ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ហើយ​ត្រូវការ​ភ្នាក់ងារ—ជា​មនុស្ស​ផ្សេង​ទៀត—ដើម្បី​ទទួល​បុណ្យជ្រមុជទឹក​ជំនួស​ពួកគេ ។

យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:៨ តើ​អ្វី​ទៅ​ជា​កិច្ចការ​ពីរ​យ៉ាង​ដែល​ត្រូវ​កើត​ឡើង​ដើម្បី​ឲ្យ​ពិធី​បរិសុទ្ធ​នានា​ត្រូវ​បាន​ចង​នៅ​ផែនដី និង នៅ​ស្ថានសួគ៌ ? ដើម្បី​ឆ្លើយ​នឹង​សំណួរ​នេះ សូម​បំពេញ​ចន្លោះនៃ​គោលលទ្ធិ​ដូចតទៅ​នេះ ៖ នៅ​ពេល​ពិធី​បរិសុទ្ធ​មួយ​ត្រូវ​បាន​ធ្វើ​ដោយ​បព្វជិតភាព និង​ត្រឹមត្រូវ ត្រូវបាន​រក្សាទុក នោះ​ពិធី​បរិសុទ្ធ​នោះ​នឹង​ចង​នៅ​ផែនដី និង ស្ថានសួគ៌ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ដើម្បី​ឲ្យ​ពិធី​បរិសុទ្ធ​មួយ​បាន​ចង​នៅ​ស្ថានសួគ៌​មាន​ន័យ​យ៉ាង​ដូចម្ដេច ?

    2. តើ​អ្នក​មាន​អារម្មណ៍​បែប​ណា​ដែរ នៅ​ពេល​អ្នក​គិត​អំពី​ការ​ចូលរួម​របស់​អ្នក​នៅ​ក្នុង​ពិធី​បរិសុទ្ធ​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក និង ពិធី​បញ្ជាក់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​នាំ​យក​ពរជ័យ​ទៅ​ឲ្យ​មនុស្ស​នៅ​ក្នុង​ពិភព​វិញ្ញាណ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:៩ ដោយ​ស្វែងរក​អ្វី​ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ថ្លែង​ពី​គោលការណ៍​នេះ ។

រឿង​មួយ​ដែល​យើង​រៀន​នៅ​ក្នុង ខ ៩ គឺ​ថា​នៅ​គ្រប់​គ្រា​កាន់​កាប់​ត្រួតត្រា​នៃ​បព្វជិតភាព ព្រះអម្ចាស់​បាន​ប្រទាន​សិទ្ធិ​អនុញ្ញាត​ដល់​ពួក​អ្នក​បម្រើ​របស់​ទ្រង់ យ៉ាងហោច​ណាស់​ម្នាក់​ដើម្បី​កាន់ ហើយ​ប្រើ​កូនសោ​បព្វជិតភាព​សម្រាប់​ការ​ផ្សារ​ភ្ជាប់ ។

រូបភាព
គ្រួសារ​វ័យ​ក្មេង​រួម​នឹង​ព្រះវិហារ​បរិសុទ្ធ​ប្រូវ៉ូ​យូថាហ៍​នៅ​ពី​ក្រោយ

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១០-១១ ដោយ​ស្វែងរក​អ្វី ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​ពេត្រុស ។

ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​កូនសោ​បព្វជិតភាព​សម្រាប់​ការ​ផ្សារភ្ជាប់​ដល់​ពេត្រុស នោះ​ទ្រង់​ក៏​បាន​ប្រទាន​កូនសោ​ទាំងនោះ​ម្ដង​ទៀត​នៅ​ជំនាន់​របស់​យើង​ផង​ដែរ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​បាន​ជា​ពិធី​បរិសុទ្ធ ដូចជា​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់​ចាំបាច់​ត្រូវ​ធ្វើ​ឡើង​ជាមួយ​នឹង​សិទ្ធិ​អំណាច​ត្រឹមត្រូវ ?

    2. តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ ដោយសារ​តែ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ ?

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២៧; ១២៨:១-១១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖