ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣១ ៖ ថ្ងៃទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨


មេរៀន​ទី ៣១ ៖ ថ្ងៃទី ៤

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨

សេចក្តីផ្តើម

នៅ​ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ១៩១៨ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​ទទួល​ការនិមិត្ត ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨ ។ នៅ​ក្នុង​ការនិមិត្ត​នេះ លោក​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ បម្រើ​ដល់​វិញ្ញាណ​សុចរិត ដែល​កំពុង​រង់ចាំ​ការរំដោះ​ឲ្យ​រួច​ពី​សេចក្ដីស្លាប់ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:១-១១

ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ពិចារណា​អំពី​បទគម្ពីរ​ទាំងឡាយ និង ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

តើ​អ្នក​ធ្លាប់​មាន​មនុស្ស​ជា​ទីស្រឡាញ់​ស្លាប់ ឬ តើ​អ្នក​ស្គាល់​នរណា​ម្នាក់ ដែល​មាន​មនុស្ស​ជា​ទីស្រឡាញ់​ស្លាប់​ដែរ​ឬ​ទេ ? នៅ​ពេល​មនុស្ស​ម្នាក់​ស្លាប់ វិញ្ញាណ និង រូបកាយ​បែក​ចេញ​ពី​គ្នា ហើយ​វិញ្ញាណ​របស់​មនុស្ស​នោះ​នឹង​ទៅ​ពិភព​វិញ្ញាណ ។ តើ​អ្នក​នឹក​គិត​ថា ពិភពវិញ្ញាណ​មាន​សភាព​ដូចម្ដេច ?

រូបភាព
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ជា​ប្រធាន​ទី​ប្រាំ​មួយ​នៃ​សាសនាចក្រ បាន​ទទួល​វិវរណៈ​មួយ​អំពី​ពិភពវិញ្ញាណ ។ សូម​អាន​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៨ដោយ​ស្វែងរក​អ្វី​ដែល​ប្រធាន ស្ម៊ីធ បាន​ទទួល​បទពិសោធន៍​នៅ​ក្នុង​ពេល​ជា​ច្រើន​ខែ​ពី​មុន​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ១៩១៨ ។

នៅ​ក្នុង​ខែ​ទាំងនោះ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ កំពុង​កាន់ទុក្ខ​ចំពោះ​ការបាត់បង់​កូនប្រុស​របស់​លោក​គឺ ហៃរ៉ុម ម៉ាក ស្ម៊ីធ ដែល​បាន​បម្រើ​ជា​សមាជិក​មួយ​រូប​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ហៃរ៉ុម ម៉ាក ស្ម៊ីធ បាន​ទទួល​មរណភាព​នៅ​ដើម​ឆ្នាំ​នោះ ដោយសារ​ធ្លាយ​ពោះវៀន​ដុះ​ខ្នែង​នៅ​ក្នុង​វ័យ ៤៥ ឆ្នាំ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:១-៤ ដោយ​ស្វែងរក​គោលលទ្ធិ​ដែល​ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​សញ្ជឹងគិតនៅ​ថ្ងៃ​ទី ៣ ខែ តុលា ឆ្នាំ ១៩១៨ ។

នៅ​ក្នុង ខទី ៤យើង​រៀន​ថា តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង តាមរយៈ​ការគោរព​ប្រតិបត្តិ​ចំពោះ​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ មនុស្ស​ទាំងអស់​អាច​បាន​សង្គ្រោះ ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៥ដោយ​ស្វែងរក​អ្វី​ដែល​ប្រធាន ស្ម៊ីធ បាន​រក​ឃើញ នៅ​ពេល​លោក​ពិចារណា​អំពី​ដង្វាយធួន ។

តើ​អ្នក​ធ្លាប់​មាន​បទគម្ពីរ​ណា​មួយ​ប្រាកដ​ឡើង​នៅក្នុង​គំនិត​របស់​អ្នក នៅ​ពេល​អ្នក​បាន​ពិចារណា​អំពី​ទិដ្ឋភាព​នៃ​ដំណឹងល្អ​ដែរ​ឬ​ទេ ? តាម​រយៈ​ការបន្ត​ការសិក្សា​ព្រះបន្ទូល​របស់​ព្រះ និង បទគម្ពីគន្លឹះ នោះ​អ្នក​នឹង​ឃើញ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នាំ​ខគម្ពីរ​ទាំងនោះ​ចូល​មក​ក្នុង​គំនិត​របស់​អ្នក​បាន នៅ​ពេល​ដែល​ចាំបាច់ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៦-១០ ដោយ​ស្វែងរក​ការបង្រៀន​នានា ដែល​បាន​ធ្វើ​ឲ្យ​ប្រធាន ស្ម៊ីធ មាន​សេចក្ដី​ស្ញប់ស្ញែង ។

ប្រធាន ស៊្មីធ បាន​បើក​ព្រះគម្ពីរ​របស់​លោក ហើយ​បាន​អាន​វគ្គបទគម្ពីរ​នៅ​ក្នុង ពេត្រុស ទី១ ខទី ៣ និង ៤ ។ នៅ​ក្នុង​វគ្គ​បទគម្ពីរ​ទាំងនេះ ពេត្រុស បាន​ពន្យល់​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ទៅ​ពិភព​វិញ្ញាណ​បន្ទាប់​ពី​ទ្រង់​សុគត ។ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ដំណឹងល្អ​នៅ​ក្នុង​ពិភព​វិញ្ញាណ ដើម្បី​ឲ្យ​មនុស្ស​គ្រប់​គ្នា​ត្រូវបាន​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:១១ ដោយ​ស្វែងរក​អ្វី​ដែល​ប្រធាន ស្ម៊ីធ បាន​មើល​ឃើញ នៅ​ពេល​លោក​ពិចារណា​អំពី​បទគម្ពីរ​ទាំងនេះ។

ពីមុន​អ្នក​រៀន​អំពី​ការនិមិត្ត​របស់​ប្រធាន ស្ម៊ីធ អំពី​ពិភពវិញ្ញាណ សូម​កត់ចំណាំ​អំពី​ដំណើរការ​នៃ​វិវរណៈ​ដែល​លោក​បាន​ពិពណ៌នា ៖ នៅពេល​លោក​ពិចារណា​អំពី​បទគម្ពីរ លោក​បាន​នឹក​គិត​ដល់​គោលលទ្ធិ​នៃ​ដង្វាយធួន និង សេចក្ដី​ស្រឡាញ់ ដែល​ស្ដែង​ចេញ​ដោយ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ នៅ​ក្នុង​ការយាង​មក​ប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​លើ​ពិភពលោក​នេះ ។ គំនិត​ទាំងនេះ បាន​នាំ​ឲ្យ​លោក​នឹង​ដល់​ពាក្យ​សម្ដី​របស់​ពេត្រុស ។ បន្ទាប់​មក ពេល​លោក​ពិចារណា​អំពី​ពាក្យ​សម្ដី​របស់​ពេត្រុស « ភ្នែក​នៃ​យោបល់របស់ខ្ញុំ [ លោក ] ត្រូវបានបើក » ( គ. និង ស. ១៣៨:១១ ) ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យាង​មក​សណ្ឋិត​លើ​លោក ហើយ​លោក​បាន​ឃើញ​ពិភពវិញ្ញាណ ។ គោលការណ៍​មួយ​ដែល​យើង អាច​រៀន​ចេញ​ពី​ដំណើររឿង​នេះ​គឺ នៅ​ពេល​យើង​អាន ហើយ​ពិចារណា​អំពី​បទគម្ពីរ នោះ​យើង​នឹង​ត្រៀមខ្លួន​ឯង​ដើម្បី​ទទួលបាន​វិវរណៈ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការអាន និង ការពិចារណា​បទគម្ពីរ ជួយ​អ្នក​អញ្ជើញ​ឲ្យ​មាន​វិវរណៈ​យ៉ាង​ដូចម្ដេច ?

    2. សូម​ពិពណ៌នា​អំពី​ពេល​ដែល​អ្នក បាន​ធ្វើតាម​គំរូ​នេះ នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ តើ​ការធ្វើតាម​គំរូ​នេះ បាន​ផ្លាស់ប្ដូរ​បទពិសោធន៍​នៃ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​មូលហេតុ​ដែល​យើង​គួរតែ​សិក្សា​ព្រះគម្ពីរ ។ នៅ​ពេល​អ្នក​អាន​អំពី​ការបកស្រាយ​នេះ សូម​គូស​ចំណាំ​គំនិត​នានា ដែល​អ្នក​អាច​អនុវត្ត​នៅ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ថា ‹ សិក្សា › ខ្ញុំ​មាន​ន័យ​ថា​ជា​អ្វី​មួយ ដែល​ពិសេស​ជាង​ការគ្រាន់​តែ​អាន​ទៅ​ទៀត ។… ខ្ញុំ​ឃើញថា ពេល​ខ្លះអ្នក​អាន​ខគម្ពីរមួយចំនួន រួចហើយឈប់ ដើម្បី​សញ្ជឹង​គិត​អំពី​ខគម្ពីរ​នោះ សូម​អាន​ខគម្ពីរ​នេះម្តង​ទៀត​ដោយ​យក​ចិត្ត​ទុកដាក់ ហើយ​នៅពេល​អ្នក​គិត​ពី​ន័យ​របស់​វា សូម​អធិស្ឋាន​សម្រាប់​ការយល់ដឹង សួរ​សំណួរ​នៅក្នុង​គំនិត​របស់​អ្នក រង់ចាំ​ការបំផុស​គំនិត​ខាងវិញ្ញាណ និង សរសេរ​ទុក​នូវ​ការបំផុស​គំនិត និង ទស្សនៈ​វិស័យជ្រៅជ្រះដែល​នឹង​មក ដូច្នេះ​អ្នក​អាច​ចងចាំ និង រៀន​បាន​ច្រើន​ជាង » (When Thou Art Converted, »Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០០៤, ទំព័រ ១១) ។

សូម​ដាក់​គោលដៅ​មួយ​ដើម្បី​អាន និង ពិចារណា​បទគម្ពីរ​តាមរបៀប​ដែល អែលឌើរ គ្រីស្តូហ្វឺសិន បាន​ពិពណ៌នា នៅ​ក្នុង​សប្ដាហ៍​នេះ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:១២-២៤, ៣៨-៥០

យ៉ូសែប អេហ្វ ស៊្មីធ មើល​ឃើញ​មរណជន​សុចរិត​កំពុង​រង់ចាំ​ការរស់ឡើងវិញ​របស់​ពួកគេ

តើ​ព្រឹត្តការណ៍​ណា​ខ្លះ​នា​ពេល​អនាគត ដែល​អ្នក​កំពុង​ទន្ទឹង​រង់ចាំ​ខ្លាំង​បំផុត​នោះ ? ហេតុអ្វី​អ្នក​រំភើប​ចិត្ត​ចំពោះ​វា ?

នៅ​ពេល​ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ បាន​ឃើញ​ពិភពវិញ្ញាណ​នៅ​ក្នុង​ការ​និមិត្ត នោះ​លោក​បាន​ឃើញ​ការប្រមូល​ផ្ដុំ​គ្នា​ដ៏​ធំ​នៃ​វិញ្ញាណ​ទាំងឡាយ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:១២-១៣ដោយ​ស្វែងរក​ថាតើ​វិញ្ញាណ​ប្រភេទ​ណា​ខ្លះ ដែល​ត្រូវបាន​ប្រមូល​ផ្ដុំ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៣៨-៤៩ ដោយ​ស្វែងរក​ឈ្មោះ​នៃ​បុគ្គល​មួយ​ចំនួន ដែល​បាន​ប្រមូល​ផ្ដុំគ្នា។

សូម​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៨:១៥-១៦, ៥០ ។ តើ​ការរំដោះ​ប្រភេទ​ណា ដែល​វិញ្ញាណ​សុចរិត​ទាំងនេះ​កំពុង​ទន្ទឹង​រង់ចាំ ? សូម​គិត​មួយ​សន្ទុះ អំពី​មូលហេតុ​ដែល​ការផ្គុំ​ឡើងវិញ​នៃ​វិញ្ញាណ និង រូបកាយ នឹង​នាំ​មក​នូវ​ការរំដោះ​ចំពោះ​ពួក​វិញ្ញាណ​សុចរិត​ទាំងនេះ ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:១៧ ដើម្បី​ស្វែងរក​ពរជ័យ​ទាំងឡាយ ដែល​ព្រលឹង​សុចរិត ទទួលបាន​បន្ទាប់ពី​វិញ្ញាណ និង រូបកាយ​របស់​ពួកគេ​ផ្គុំ​ឡើង​វិញ ។

យើង​រៀន​ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:១៦–១៧អំពី​គោលលទ្ធិ​ដូចតទៅ​នេះ ៖ តាមរយៈ​ព្រះគុណ​នៃ​ព្រះ​ជា​ព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​ត្រូវ​បាន​រំដោះ​ឲ្យ​រួច​ពី​ចំណង​នៃ​សេចក្ដីស្លាប់ ។ យើង​អាច​ទទួលបាន​សេចក្ដីអំណរ​ពេញលេញ តាមរយៈ​ការរស់ឡើងវិញ ។

នៅ​ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ សូម​ស្វែងរក​មូលហេតុ​ដែល​រូបកាយ​របស់​យើង​ចាំបាច់ ត្រូវ​ទទួល​បាន​សេចក្ដី​អំណរ​ពេញលេញ ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« រូបកាយ​សាច់ឈាម​របស់​យើង ធ្វើ​ឲ្យ​មាន​បទពិសោធន៍​ទូលំទូលាយ ជ្រាលជ្រៅ និង កម្លាំង ដែល​ជាធម្មតា​ពុំ​អាច​ទទួល​បាន​នៅក្នុង​រូបកាយ​មុន​ជីវិត​រមែង​ស្លាប់​របស់​យើង​បាន​ឡើយ ។ ដូច្នេះ ទំនាក់ទំនង​របស់​យើង​ជាមួយ​មនុស្ស​ទូទៅ សមត្ថភាព​របស់​យើង​ដើម្បី​ស្គាល់ និង ប្រព្រឹត្ត​ស្របតាម​សេចក្ដីពិត និង លទ្ធភាព​របស់​យើង​ដើម្បី​គោរព​តាម​គោលការណ៍ និង ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ត្រូវ​បាន​ពង្រីក​ឲ្យ​កាន់តែ​ល្អ​ឡើង​តាមរយៈ​រូបកាយ​សាច់ឈាម​របស់​យើង ។…

« ផែនការ​របស់ព្រះវរបិតា ត្រូវ​បាន​គ្រោង​ឡើង​ដើម្បី​ផ្ដល់​ការ​ដឹកនាំ​ចំពោះ​កូនចៅ​របស់ទ្រង់ ដើម្បីជួយពួកគេ​ឲ្យ​រីករាយ ហើយ​នាំ​ពួកគេ​ត្រឡប់ទៅ​ផ្ទះវិញ ទៅឯ​ទ្រង់​ដោយ​សុវត្ថិភាព ជាមួយ​នឹង​រូបកាយ​ដែល​រស់ឡើងវិញ និង​តម្កើងឡើង » (We Believe in Being Chaste, »Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១, ៤៣ ) ។

សូម​គិត​អំពី​សំណួរ​ដូចតទៅ​នេះ​មួយ​សន្ទុះ ៖ ហេតុអ្វី​បាន​ជា​យើង​ត្រូវការ​រូបកាយ​ដែល​ត្រូវ​ទទួល​សេចក្ដី​អំណរ​ពេញលេញ ?

សេចក្ដី​អំណរ​ពេញលេញ គឺ​ជា​សេចក្ដី​អំណរ​ដែល​ព្រះវរបិតាសួគ៌​មាន ។ ព្រះវរបិតា​សួគ៌ មាន​រូបកាយ​ជា សាច់ និង​ឆ្អឹង ( សូម​មើល គ. និង ស. ១៣០:២២ ) ។ នៅ​ពេល​វិញ្ញាណ និង រូបកាយ​របស់​យើង​ត្រូវ​បាន​បំបែក​ចេញ​ពី​គ្នា គឺយើង​ពុំ​មាន​លក្ខណៈ​ដូចជា​ទ្រង់​នោះ​ទេ ហើយ​យើង​ពុំ​អាច​ទទួល​ភាពពេញលេញ​នៃ​សេចក្ដី​អំណរ​បាន​ឡើយ ( សូម​មើល គ. និង ស. ៩៣:៣៣-៣៤ ) ។ នៅ​ពេល​យើង​ប្រែក្លាយ​ដូចជា​ទ្រង់ យើង​អាច​មាន​ពរជ័យ សេចក្ដី​សុខសាន្ត និង សេចក្ដី​អំណរ ដែល​ទ្រង់​មាន ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៥១–៥២ដោយ​ស្វែងរក​ឃ្លា​បន្ថែម ដែល​ពិពណ៌នា​ថាតើ​ការរស់ឡើងវិញ​នឹង​អនុញ្ញាត​ឲ្យ​ព្រលឹង​សុចរិត​ធ្វើ​អ្វី ។ សូម​គិត​ពី​ការគូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

  1. សូម​ស្រមៃ​ថា មិត្តភក្ដិ​របស់​អ្នក​ម្នាក់ បាន​សុំ​ឲ្យ​អ្នក​ពន្យល់​អំពី​មូលហេតុ​ដែល​ការរស់ឡើងវិញ​មាន​សារៈសំខាន់​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ ដោយ​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨ និង សេចក្ដី​ថ្លែងការណ៍​ពី​អែលឌើរ បែដណា សូម​សរសេរ​ការពន្យល់​មួយ​សម្រាប់​មិត្តភក្ដិ​របស់​អ្នក នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ ។

ពួកសុចរិត​នៅ​ក្នុង​ពិភព​វិញ្ញាណ កំពុង​រង់ចាំ « ការយាង​មក » ឬ ការយាងមក​ដល់​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ដើម្បី​រំដោះ​ពួកគេ ហើយ​ស្ដារពួកគេ​ឡើង​នៅ​ក្នុង « រូបរាង​ពេញ​ខ្នាត » ( គ. និង ស. ១៣៨:១៦-១៧ ) ។ សូម​ស្រមៃ​ក្នុង​ចិត្ត​នូវ​អ្វី​ដែល​នឹង​កើតឡើង​នៅ​លើ​ផែនដី ខណៈ​ដែល​ពួកវិញ្ញាណ​សុចរិត​ទាំងនេះ ត្រូវ​បាន​រួបរួម​គ្នា ។ ព្រះយេស៊ូវគ្រីស្ទ បាន​រងការឈឺចាប់​នៅ​ក្នុង​សួនច្បារ​គេតសេម៉ានី និង នៅ​លើ​ឈើ​ឆ្កាង ។ ពួកវិញ្ញាណ​សុចរិត​មួយ​ចំនួន ដែល​នៅ​ក្នុង​ពិភពវិញ្ញាណ បាន​រង់ចាំ​អស់​រាប់ពាន់​ឆ្នាំ សម្រាប់​ការរំដោះ​របស់​ពួកគេ​ពី​សេចក្ដីស្លាប់ ។ ពលិកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ បាន​ផ្ដល់​ឲ្យ​នូវ​សេចក្ដី​សង្គ្រោះ​ពី​សេចក្ដីស្លាប់​ខាង​សាច់ឈាម​ដល់​ពួកគេ និង ចុងក្រោយ​បំផុត​សម្រាប់​មនុស្ស​ទាំងពួង ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:១៨–២៤រួច​ស្រម៉ៃ​អំពី​ព្រឹត្តិការណ៍ ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ថា​មាន​សភាព​យ៉ាង​ដូចម្ដេច ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ប្រសិនបើ​អ្នក​មាន​វត្តមាន​នៅ​ទី​នោះ បាន​ស្ដាប់​ព្រះអង្គ​សង្គ្រោះ​ផ្សព្វផ្សាយ​នៅ​ឯ​ពិភព​វិញ្ញាណ តើ​អ្នក​អាច​នឹង​គិត ឬ មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច ?

    2. តើ​អ្នក​អាច​នឹង​ឆ្លើយ​តប​ទៅ​ព្រះអង្គ​សង្គ្រោះ ដែល​ជា​អង្គ​ដែល​ទើបតែ​បាន​ធ្វើ​ដង្វាយធួន​សម្រាប់​អ្នក​វិញ​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:២៥-៣៧

ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​រៀន​អំពី​របៀប​ដែល​ដំណឹង​ត្រូវ​បាន​ផ្សាយ​នៅក្នុង​ពិភពវិញ្ញាណ

អ្នក​អាច​នឹង​កត់ចំណាំ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:២០–២២ ថា មាន​វិញ្ញាណ​មួយ​ចំនួន​ដែល​ពុំ​អាច​មើល​ឃើញ​ព្រះអង្គ​សង្គ្រោះ​បាន​ឡើយ កាល​ទ្រង់​យាង​ទៅ​ឯ​ពិភព​វិញ្ញាណ​នោះ ។ ខណៈ​ដែល​ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ ពិចារណា​អំពី​ខគម្ពីរ​នៅ​ក្នុង​ពេត្រុស ទី១ នោះ​ព្រះអម្ចាស់​បាន​ត្រាស់សម្ដែង​ដល់​លោក អំពី​របៀប​ដែល​អ្នក​នៅ​ក្នុង​ស្ថាន​ឃុំព្រលឹង​នឹង​មាន​ឱកាស​ដើម្បី​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អ ។ សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:២៩-៣១ដោយ​ស្វែងរក​របៀប​ដែល​វិញ្ញាណ​ទាំងឡាយ​នៅ​ឯ​ពិភព​វិញ្ញាណ នឹង​ទទួល​បាន​ពរជ័យ​នៃ​ដំណឹងល្អ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង ខទី ២៩-៣១ ដើម្បី​សរសេរ​សេចក្ដី​អត្ថាធិប្បាយ​ខ្លី​មួយ អំពី​របៀប​ដែល​ដំណឹងល្អ ត្រូវបាន​បង្រៀន​នៅ​ក្នុង​ពិភពវិញ្ញាណ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៣២–៣៧ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​សរសេរ​ថា លោក​បាន​ឃើញ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ត្រូវបាន​បង្រៀន​ទៅ​ដល់​វិញ្ញាណ​ពីរ​ប្រភេទ​នៅ​ក្នុង​ស្ថានឃុំ​វិញ្ញាណ ៖ អ្នក​ដែល​បាន​ស្លាប់​ទៅ​ដោយ​ពុំ​បាន​ស្គាល់​ដំណឹងល្អ និង អ្នក​ដែល​បាន​ស្លាប់​ទៅ​ដោយ​បាន​បដិសេធ​ព្យាការី កាល​នៅ​ក្នុង​ជីវិត​រមែងស្លាប់ ។ វិញ្ញាណ​ទាំងនេះ ដែល​បាន​ស្ថិត​នៅ​ក្នុង​ពិភព​វិញ្ញាណ នឹង​ទទួល​បាន​ឱកាស​មួយ​ដើម្បី​ប្រែចិត្ត ហើយ​ទទួល​យក​ដំណឹងល្អ តាមរយៈ​ការបង្រៀន​ពី​សារទូត​ដែល​បាន​ជ្រើសតាំង​ដោយ​ព្រះអម្ចាស់ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៥៣-៦០

ប្រធាន ស៊្មីធ បាន​មើល​ឃើញ​វិញ្ញាណ​ដែល​ថ្លៃថ្នូ និង អស្ចារ្យៗ បាន​ផ្សាយដំណឹងល្អ​នៅ​ស្ថាន​ឃុំ​វិញ្ញាណ ។

សូម​គិត​អំពី​សមាជិក​គ្រួសារ ឬ ជីដូនជីតា​សុចរិត​របស់​អ្នក ដែល​បាន​ចែកឋាន​ទៅ ។ តើ​អ្នក​ធ្លាប់​ងឿង​ឆ្ងល់ ថាតើ​ពួកគេ​កំពុង​ធ្វើ​អ្វី​នៅ​ក្នុង​ពិភពវិញ្ញាណ​ដែរ​ឬ​ទេ ?

នៅ​ក្នុង​ផ្នែក​មួយ​នៃ​ការនិមិត្ត​នេះ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​ឃើញ​ឪពុក​របស់​លោក​គឺ ហៃរុម ស៊្មីធ និង ឪពុកមា​របស់​លោក​គឺ យ៉ូសែប ស៊្មីធ និង វិញ្ញាណ​ជម្រើស​ដទៃ​ទៀត ។ វិញ្ញាណ​ដ៏​ថ្លៃថ្នូរ​ទាំងនេះ បាន​ចូលរួម​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​រមែងស្លាប់ ។ ពួកគេ និង វិញ្ញាណ​ដទៃ​ទៀត​ត្រូវបាន​រៀបចំ​ទុក ពីមុន​ពួកគេ​បាន​ចាប់កំណើត​មក​ដើម្បី​សម្រេច​កិច្ចការ​អស្ចារ្យៗ​នៅ​លើ​ផែនដី ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៥៧ដោយ​ស្វែងរក​អ្វី​ដែល​ពួក​អែលឌើរ​ស្មោះត្រង់​នឹង​បន្ដ​ធ្វើ បន្ទាប់​ពី​ពួកគេ​បាន​ស្លាប់​ទៅ​នោះ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

រូបភាព
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ក៏​បាន​ពន្យល់​ថា កិច្ចការ​នៅ​ឯ​ពិភព​វិញ្ញាណ ពុំ​កំណត់​ចំពោះ​អ្នក​ដែល​កាន់​បុព្វជិតភាព​មិលគីស្សាដែក​ឡើយ ៖ « ស្ត្រី​ល្អៗ ត្រូវ​បាន​ញែកចេញ តែងតាំង​ចំពោះ​កិច្ចការ [ និង ] ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​… ត្រូវបាន​ផ្ដល់​សិទ្ធិ និង អំណាច​ពេញលេញ ដើម្បី​ផ្សាយ​ដំណឹងល្អ » (Gospel Doctrineការបោះពុម្ព​លើក​ទី ៥ [ ឆ្នាំ ១៩៣៩ ] ទំព័រ ៤៦១ ) ។

សេចក្ដីពិត​មួយ​ដែល​យើង​រៀន​ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៥៧ និង សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ស្ម៊ីធ គឺថា បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​ជីវិត​រមែងស្លាប់ នោះ​ពួក​បរិសុទ្ធ​ស្មោះត្រង់​នឹង​បន្ត​កិច្ចការ​របស់​ខ្លួន ក្នុង​ការប្រកាស​ដំណឹងល្អ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៦០ដោយ​ស្វែងរក​ទីបន្ទាល់​របស់​ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ អំពី​សេចក្ដីពិត​ទាំងឡាយ ដែល​លោក​បាន​កត់ត្រា ។

វា​គឺ​ជា​ពរជ័យ​មួយ​ដ៏​អស្ចារ្យ ដែល​ត្រូវ​ដឹង​ថា កូនចៅ​ទាំងអស់​របស់​ព្រះវរបិតាសួគ៌ នឹង​ទទួល​បាន​ឱកាស​ទទួល​យក ហើយ​រស់នៅ​តាម​ដំណឹងល្អ ។ កិច្ចការ​ដែល​យើង​ធ្វើ​សម្រាប់​មរណជន នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ផ្ដល់​ឲ្យ​ពួកគេ​នូវ​លទ្ធភាព​បាន​ស្អាត​ពី​អំពើបាប​ទាំងឡាយ​របស់​ខ្លួន ត្រូវបាន​ប្រោសលោះ​ពី​ស្ថានឃុំ​វិញ្ញាណ និង ចូលរួម​ក្នុង​កិច្ចការ​នៃ​ការប្រោសលោះ​ដ៏​ធំ​នៅ​ក្នុង​ពិភពវិញ្ញាណ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖