ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦ ៖ ថ្ងៃ​ទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ២១-២៣


មេរៀន​ទី ៦ ៖ ថ្ងៃ​ទី ៤

គោលលទ្ធិ និង សេចក្តី​សញ្ញា ២១-២៣

បុព្វកថា

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ត្រូវបាន​បង្កើត​ឡើង​ជា​ផ្លូវការ​នៅ​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ។ មាន​មនុស្ស​ជិត ៦០ នាក់​បាន​ចូលរួម​ការប្រជុំ​ថ្វាយបង្គំ​ជា​លើក​ដំបូង ។ ការ​ប្រជុំ​នោះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​អធិស្ឋាន ការគាំទ្រ ការ​តែងតាំង ការ​បម្រើ​សាក្រាម៉ង់ និង​ពិធីបញ្ជាក់ ។ នៅ​ក្នុង​ការ​ប្រជុំ​នេះ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ ដែល​ឥឡូវ​នេះ បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២១ ។ នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ព្រះអម្ចាស់​បាន​ស្រាយបំភ្លឺ​ថា ពិធីបុណជ្រមុជទឹក​ត្រូវតែ​ធ្វើឡើង​ដោយ​អស់​អ្នក​ដែល​មាន​សិទ្ធិអំណាច​បព្វជិតភាព​ត្រឹមត្រូវ ( សូម​មើល គ. និង ស. ២២ ) ។ ទ្រង់​ក៏​បាន​ប្រទាន​ឱវាទ​ដល់​បុរស​ប្រាំ​រូប ដែល​មាន​បំណង​ចង់​ដឹង​ពី​ករណីយកិច្ច​របស់​ខ្លួន ( សូម​មើល គ. និង ស. ២៣ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ២១

ព្រះអម្ចាស់​បាន​ចាត់តាំង យ៉ូសែប ស៊្មីធ ជា​ព្យាការី និង អ្នកមើលឆុត​ទីមួយ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ ។

សូម​ស្ដាប់ ឬ អាន​ទំនុកបទ​នៃ​ទំនុកតម្កើង « យើង​អរគុណ​ទ្រង់​ចំពោះ​ព្យាការី » (ទំនុក​តម្កើង លេខ ១០ ) ។ តើ​មូលហេតុ​មួយ​ចំនួន​ណា​ខ្លះ ដែល​អ្នក​មាន​អារម្មណ៍​នៃ​អំណរគុណ​ចំពោះ​ព្យាការី ? នៅ​ពេល​អ្នក​សិក្សា​មេរៀន​នៅ​ថ្ងៃ​នេះ សូម​ស្វែងរក​សេចក្ដីពិត​ដែល​អាច​បង្កើន​កតវេទិតា​របស់​អ្នក​ចំពោះ​ព្យាការី ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២១:១ ដោយ​ស្វែងរក​ងារ​ខុសៗ​គ្នា ដែល យ៉ូសែប ស៊្មីធ នឹង​ត្រូវ​បាន​ស្គាល់ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​សេចក្ដី​ពិត​ទាំងនោះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ឬ សរសេរ​វា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

អែលឌើរ ចន អេ វីឌសូ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​អត្ថន័យ​ជា​ទូទៅ​នៃ​ងារ « ព្យាការី » និង របៀប​ដែល​ងារ​នេះ​រួម​បញ្ចូល​ទាំង​ងារ​ដទៃៗទៀត​ថា ៖

រូបភាព
អែលឌើរ ចន អេ វិតសូ

« ព្យាការី គឺជា​គ្រូបង្រៀន ។ នោះ​គឺជា​អត្ថន័យ​សំខាន់​នៃ​ពាក្យ​នេះ ។ លោក​បង្រៀន​អំពី​សេចក្ដីពិត ដំណឹងល្អ ដែល​បាន​បើកសម្ដែង​ដោយ​ព្រះអម្ចាស់​ដល់​មនុស្ស ហើយ​លោក​ពន្យល់​អំពី​ការណ៍​ទាំងនោះ​ឲ្យ​មនុស្ស​បាន​យល់ដឹង​នៅ​ក្រោម​ការបំផុស​គំនិត ។…

« តាមន័យ​ថា​ព្យាការី​គឺជា​បុរស​ម្នាក់​ដែល​ទទួល​វិវរណៈ​មក​ពី​ព្រះអម្ចាស់ នោះ​ងារ ‹ អ្នកមើលឆុត និង អ្នកទទួល​វិវរណៈ › គ្រាន់តែ​ពង្រីក​ឲ្យ​ធំ​ដល់​អត្ថន័យ​ដ៏​ធំ​នៃ​ងារ​ជា ‹ ព្យាការី › ប៉ុណ្ណោះ ។…

« អ្នកមើលឆុត គឺជា​អ្នក​ដែល​មើលឃើញ​ដោយ​ភ្នែក​ខាង​វិញ្ញាណ ។ គាត់​ដឹង​ពី​អត្ថន័យ​នៃ​នៃ​អ្វី​ដែល​ហាក់ដូចជា​ស្រពិចស្រពិល​ចំពោះ​អ្នកដទៃ ហេតុដូច្នេះហើយ​គាត់​គឺជា​អ្នកបកប្រែ និង អ្នកបញ្ជាក់​ពី​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច ។ គាត់​ព្យាករណ៍​អនាគតកាល​ពី​អតីតកាល និង បច្ចុប្បន្នកាល ។ ការណ៍​នេះ គាត់​ធ្វើ​ដោយ​អំណាច​នៃ​ព្រះអម្ចាស់​ដែល​ប្រតិបត្តិការ​តាមរយៈ​គាត់​ដោយ​ផ្ទាល់ ឬ មិន​ផ្ទាល់​ជាមួយ​នឹង​ជំនួយ​នៃ​ឧបករណ៍​ដ៏​ទេវភាព​ដូចជា យូរីម និង ធូមីម ។ សរុបមក គាត់​គឺជា​មនុស្ស​ម្នាក់​ដែល​មើលឃើញ ដែល​ដើរ​នៅក្នុង​ពន្លឺ​របស់​ព្រះអម្ចាស់​ដោយ​បើកភ្នែក ។ [ សូម​មើល ម៉ូសាយ ៨:១៥–១៧] ។

« ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ នោះ​អ្នកទទួល​វិវរណៈ ធ្វើ​ឲ្យ​អ្វី​មួយ​ត្រូវបាន​គេ​ដឹង ដែល​ពី​មុន​គេ​មិន​បាន​ដឹង​ពី​វា ។ វា​អាច​សេចក្ដីពិត​ថ្មី ឬ​ត្រូវ​បាន​គេ​ភ្លេច ឬ ការអនុវត្ត​នៃ​សេចក្ដីពិត​ដែល​គេ​ដឹង​ថ្មី ឬ​ត្រូវ​បាន​គេ​ភ្លេច​ចំពោះ​សេចក្ដីត្រូវការ​របស់​មនុស្ស ។…

« សរុបសេចក្ដីមក ៖ ព្យាការី​គឺជា​គ្រូបង្រៀន​អំពី​សេចក្ដីពិត​ដែល​ត្រូវបាន​ធ្វើ​ឲ្យ​ដឹង អ្នកមើលឆុត​គឺជា​អ្នកយល់ដឹង​ដោយ​ញាណ​នូវ​សេចក្ដីពិត​ដែល​អាថ៌កំបាំង អ្នកទទួល​វិវរណៈ​គឺជា​អ្នកទទួល​នូវ​សេចក្ដីពិត​ថ្មី ។ តាមន័យ​ដ៏​ទូលំទូលាយ អ្វី​ដែល​ត្រូវ​បាន​គេ​ប្រើ​ច្រើន​បំផុត ងារ​ព្យាការី បូក​បញ្ចូល​ទាំង​ងារ​ផ្សេងទៀត ហើយ​ធ្វើ​ជា​ព្យាការី គ្រូបង្រៀន អ្នកដឹងមុន និង អ្នកទទួល​សេចក្ដីពិត ( Evidences and Reconciliations, arr. G. Homer Durham, វ៉ុល ៣ នៅ​ក្នុង ១ [ ឆ្នាំ ១៩៦០ ] ទំព័រ ២៥៧–៥៨ ) ។

នៅ​ក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ យើង​រៀន​ស្វែងយល់​ថា ព្យាការី គឺជា « បុរស​ម្នាក់​ដែល​ត្រូវបាន​ហៅ​ដោយ​ព្រះ ហើយ​ថ្លែង​ជំនួស​ព្រះ ។ ក្នុង​នាម​ជា​សារទូត​របស់​ព្រះ ព្យាការី​ទទួល​ព្រះបញ្ញត្តិ ព្យាករណ៍ និង​វិវរណៈ​មក​ពី​ព្រះ ។ ទំនួលខុសត្រូវ​របស់លោក គឺ​ដើម្បី​បង្ហាញ​ពី​ព្រះហឬទ័យ​របស់ព្រះ និង​លក្ខណៈ​ពិត​របស់ព្រះ​ចំពោះ​មនុស្ស​លោក ហើយ​បង្ហាញ​ពី​អត្ថន័យ​នៃ​ការ​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​ពួកគេ។ ព្យាការី​ម្នាក់ ប្រកាស​បដិសេធ​អំពើបាបទាំង​ស្រុង ហើយ​ទាយ​ទុក​ពី​ផលវិបាក​របស់​វា ។ លោកគឺ​ជា​អ្នក​ផ្សាយ​អំពី​សេចក្ដីសុចរិត។ ក្នុងឱកាស​ខ្លះ ពួកព្យាការី​អាច​នឹងត្រូវ​បាន​បំផុសគំនិត​ឲ្យ​ទាយទុក​ជាមុន​អំពី អនាគតកាល​សម្រាប់ជាប្រយោជន៍​ដល់មនុស្ស​លោក។ ទោះជាយ៉ាងណាក៏ដោយ ការទទួលខុសត្រូវ​ចម្បង​របស់​លោក គឺ​ត្រូវ​ថ្លែង​ជា​សាក្សី​អំពី​ព្រះគ្រីស្ទ » ( Prophet, »scriptures.lds.org) ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ងារ​ទាំងឡាយ​ដែល​ត្រូវ​បាន​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២១:១ ជួយ​អ្នក​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​តួនាទី និង ការទទួលខុសត្រូវ​ជា​ច្រើន​ដែល​លោក​មាន ក្នុង​ការស្ដារឡើងវិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ និង សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​លើ​ផែនដី​យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២១:២–៣ ដោយ​ស្វែងរក​ពាក្យ ឬ ឃ្លា​ដែល​បង្ហាញ​ថា ព្រះ​បាន​បំផុស​ឲ្យ យ៉ូសែប ស៊្មីធ ស្ដារ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ឡើង​វិញ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ពាក្យ ឬ ឃ្លា​ទាំងនេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  1. សូម​ពន្យល់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មូលហេតុ​ដែល​អ្នក​គិត​ថា វា​មាន​សារៈសំខាន់​ដើម្បី​ដឹង​ថា យ៉ូសែប ស៊្មីធ ត្រូវ​បាន​ហៅ​ដោយ​ព្រះ ដើម្បី​ស្ដារ ហើយ​ដឹកនាំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ឡើង​វិញ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២១:៤–៥ រួច​ស្វែងរក​សារលិខិត​ដ៏​មាន​សារៈសំខាន់​មួយ ដែល​ព្រះអម្ចាស់​បាន​បើកសម្ដែង​នៅ​ថ្ងៃ​ដែល​សាសនាចក្រ​ត្រូវបាន​រៀបចំ​ឡើង ។

  1. សូម​ឆ្លើយ​សំណួរ​តទៅនេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ហេតុអ្វី​បាន​ជា​ពេល​ខ្លះ​វា​តម្រូវ​ឲ្យ​មាន « សេចក្តី​អត់ធន់ និង សេចក្ដី​ជំនឿ » ដើម្បី​ស្ដាប់​តាម​ប្រសាសន៍​របស់​ព្យាការី ?

រូបភាព
ប្រធាន វិលហ្វូឌ វូឌដ្រុព្វ

ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​ផ្ដល់​ការអះអាង​ថា យើង​អាច​មាន​សេចក្ដីជំនឿ​ជានិច្ច​ទៅ​លើ​ព្យាការី​របស់​ព្រះអម្ចាស់ ៖ « ព្រះអម្ចាស់​នឹង​ពុំ​បណ្ដោយ​ឲ្យ​ខ្ញុំ ឬ បុរស​ដទៃទៀត ដែល​ឈរ​ជា​ប្រធាន​នៃ​សាសនាចក្រ ដឹកនាំ​អ្នក​ឲ្យ​ដើរ​ផ្លូវ​ខុស​នោះ​ទេ ។ វា​ពុំ​មាន​នៅ​ក្នុង​កម្មវិធី​នោះ​ទេ ។ វា​ពុំ​មែន​ជា​ព្រះតម្រិះ​របស់​ព្រះ​នោះ​ទេ ។ ប្រសិនបើ​ខ្ញុំ​មាន​បំណង​ធ្វើ​ដូច្នោះ នោះ​ព្រះអម្ចាស់​នឹង​ដក​ខ្ញុំ​ចេញ​ពី​តំណែង​នេះ​ជា​មិន​ខាន » (Teachings of Presidents of the Church: Wilford Woodruff [ ឆ្នាំ ២០០៤ ] ទំព័រ ១៩៩) ។

រូបភាព
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​ថ្លែងទីបន្ទាល់​ស្រដៀងគ្នា​ដែរ​ថា ៖ « ប្រសិនបើ [ ប្រធាន​នៃ​សាសនាចក្រ ] នឹង​ក្លាយ​ជា​មនុស្ស​ពុំ​ស្មោះត្រង់ នោះ​ព្រះ​នឹង​ដក​គាត់​ចេញ​ពី​តំណែង​របស់​គាត់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះ​របស់​រាស្ត្រ​អ៊ីស្រាអែល​ថា ទ្រង់​នឹង​ពុំ​បណ្ដោយ​ឲ្យ​អ្នក​ដឹកនាំ​សាសនាចក្រ ដែល​ត្រូវបាន​ជ្រើសតាំង​ឲ្យ​ឈរ​នៅ​ត្រង់​ក្បាល​ម៉ាស៊ីន ប្រព្រឹត្ត​អំពើ​រំលង​នឹង​ក្រឹត្យវិន័យ​ទ្រង់ ហើយ​ក្បត់​សាសនា​នោះ​ទេ ដ្បិត​រំពេច​ណា​ដែល​គាត់​នឹង​ប្រព្រឹត្ត​ដូចនោះ ព្រះ​ទ្រង់​នឹង​ដក​គាត់​ចេញ​ភ្លាម ។ ហេតុអ្វី ? ព្រោះ​ការបណ្ដោយ​ឲ្យ​បុរស​ទុច្ចរិត​ម្នាក់​កាន់​តំណែង​នោះ នឹង​ធ្វើ​ឲ្យ​ប្រភព​ប្រែជា​មាន​ភាពពុករលួយ គឺ​ជា​អ្វី​មួយ​ដែល​ទ្រង់​នឹង​មិន​បណ្ដោយ​ឲ្យ​កើត​មាន​ឡើង​សោះ​ឡើយ » ។ (Teachings of Presidents of the Church: Joseph F. Smith [ ឆ្នាំ ១៩៩៨ ] ទំព័រ ២២៧) ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១:៦ រួច​ដាក់​លេខ​នៅ​លើ​ពរជ័យ​ចំនួន​បី ដែល​បាន​ផ្ដល់​ដល់​អ្នក​ទាំងឡាយ ដែល​ទទួលយក​ពាក្យ​សម្ដី​របស់​ព្យាការី​ដោយ​សេចក្ដី​អត់ធន់ និង សេចក្ដីជំនឿ ។

តើ​អ្នក​នឹង​សង្ខេប​ការ​សន្យា​ទាំងឡាយ ដែល​បាន​ប្រទាន​ឲ្យ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ព្យាការី​យ៉ាង​ដូចម្ដេច ? ( សេចក្ដី​ថ្លែង​តទៅ​នេះ​ជា​របៀប​មួយ ដើម្បី​ថ្លែង​ពី​គោលការណ៍ ៖ បើ​យើង​ស្ដាប់តាម​ពាក្យ​សម្ដី​របស់​ព្យាការី នោះ​យើង​នឹង​ត្រូវ​បាន​ការពារ​ទាស់​នឹង​មារសត្រូវ ) ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​គ្រា​មួយ​ដែល​អ្នក ឬ នរណាម្នាក់​ដែល​អ្នក​ស្គាល់​ត្រូវបាន​ប្រទានពរ​ដោយសារ​ការស្ដាប់​ដំបូន្មាន និង ពាក្យ​សម្ដី​របស់​ព្យាការី​ដែល​កំពុង​រស់នៅ ។ ការណ៍​នេះ​អាច​រួម​បញ្ចូល​ទាំង​ដំបូន្មាន​ខាង​ក្រោម​នេះ ដែល​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ទូទៅ និង នៅ​ក្នុង​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

ប្រធាន ជេម អ៊ី ហ្វោស្ត ក្នុង​កូរ៉ុម​នៃ​គណៈប្រធាន​ទី​មួយ បាន​ថ្លែង​អំពី​សារៈសំខាន់​នៃ​ការគាំទ្រ​ព្យាការី​ដែល​កំពុង​រស់នៅ​ថា ៖ « ខ្ញុំ​ពុំ​ជឿ​ថា សមាជិក​នៃ​សាសនាចក្រ​នេះ អាច​ដើរតាម​ព្រះអង្គ​សង្គ្រោះ​បាន​យ៉ាង​ពេញលេញ ដោយ​មិន​បាន​គាំទ្រ​ដល់​ព្យាការី​ដែល​កំពុង​រស់នៅ​លើ​ផែននេះ ដែល​ជា​ប្រធាន​នៃ​សាសនាចក្រ​នេះ​ឡើយ ។ ប្រសិនបើ​យើង​ពុំ​គាំទ្រ​ដល់​ព្យាការី​ដែល​កំពុង​រស់នៅ​ទេ​នោះ ទោះ​បើ​លោក​ជា​នរណា​ក៏​ដោយ នោះ​យើង​ស្លាប់​ខាង​វិញ្ញាណ​ហើយ ។ មនុស្ស​មួយ​ចំនួន​បាន​ស្លាប់​ខាង​វិញ្ញាណ​ដោយ​ការធ្វើតាម​តែ​ព្យាការី ដែល​បាន​លា​ចាក​លោក​នេះ​ជា​យូរយាណាស់​មក​ហើយ​ប៉ុណ្ណោះ ។ មនុស្ស​ឯ​ទៀត​មិន​គាំទ្រ​ដល់​ព្យាការី​ដោយ​ការធ្វើ​ឲ្យ​ខូច​កិត្តិយស​ដល់​ពួកលោក ទោះ​ជា​ត្រូវ​ប្រើ​ល្បិចកល​ថោកទាប​យ៉ាង​ក៏​ដោយ » ( Continuing Revelation,” Ensignខែ សីហា ឆ្នាំ ១៩៩៦ ទំព័រ ៥ ) ។

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​ត្រូវតែ​ធ្វើ ដើម្បី​ចាប់យក​ពរជ័យ​ដែល​បាន​សន្យា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១:៦ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ២២

ព្រះអម្ចាស់​បើកសម្ដែង​ថា ពិធីបុណជ្រមុជទឹក​ត្រូវតែ​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិអំណាច​ត្រឹមត្រូវ ។

បុគ្គល​មួយ​ចំនួន​ដែល​មាន​បំណង​ចូលរួម​សាសនាចក្រ​ក្នុង​ខែ មេសា ឆ្នាំ ១៩៣០ ធ្លាប់​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​ក្នុង​សាសនាចក្រ​ដទៃ ហើយ​បាន​ឆ្ងល់​ថា​តើ​ហេតុអ្វី​ពួកគេ​ត្រូវ​ទទួល​ពិធីបុណ្យជ្រមុជទឹក​ម្ដង​ទៀត ( សូម​មើល សេចក្ដីណែនាំ​អំពី​កណ្ឌ​នៃ គ. និង ស. ២២ ) ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទូល​សួរ​ដល់​ព្រះអម្ចាស់​អំពី​ភាពចាំបាច់​នៃ​ការទទួល​ពិធីបុណ្យជ្រមុជទឹក​ឡើងវិញ​របស់​ពួកគេ ។ ក្នុង​ការឆ្លើយ​តប​របស់​ទ្រង់ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​អំពី​គោលបំណង​ដ៏​មាន​សារៈសំខាន់​ក្នុង​ការស្ដារ​ដំណឹងល្អ និង សាសនាចក្រ​ឡើង​វិញ ។

សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២២ ។ តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល អំពី​មូលហេតុ​ដែល​ពិធីបុណ្យជ្រមុជទឹក​ដោយ​មាន​សិទ្ធិអំណាច​ត្រឹមត្រូវ គឺ​ជា​ការចាំបាច់​យ៉ាង​ដូចម្ដេច ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២២:១ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​អំពី « សេចក្តីសញ្ញាថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច » ។ នៅ​ក្នុង​ការពន្យល់​ខាង​ក្រោម សូម​គូសចំណាំ​ពាក្យ​ទាំងឡាយ​ណា ដែល​អាច​នឹង​ជួយ​អ្នក​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ឃ្លា​នេះ ៖

សេចក្តីសញ្ញាថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​គឺ​ជា « ភាពពោរពេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ( គ. និង ស. ៦៦:២ ) ។ វា​មាន​សភាព​ថ្មី​គ្រប់​ពេល ដែល​វា​ត្រូវបាន​បើកសម្ដែង​សាជាថ្មី​បន្ទាប់​ពី​ការក្បត់​សាសនា​មួយ​រយៈ ។ វា​មាន​សភាព​អស់កល្ប​អស់កាល​ជានិច្ច ក្នុង​ន័យ​ដែល​ថា​វា​គឺ​ជា​សេចក្ដីសញ្ញា​របស់​ព្រះ ហើយ​ត្រូវបាន​រីករាយ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ​គ្រប់​ជំនាន់ ដែល​មនុស្ស​មាន​ឆន្ទៈ​ដើម្បី​ទទួល​យក​វា ។ សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច ត្រូវបាន​បើកសម្ដែង​សាជាថ្មី​ដល់​មនុស្ស​នៅ​លើ​ផែនដី ដោយ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ។ វា​មាន​នូវ​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋៗ ដែល​ត្រូវបាន​បម្រើ​ដោយ​សិទ្ធិអំណាច​បព្វជិតភាព—មាន​ដូចជា​ពិធីបុណ្យជ្រមុជទឹក និង អាពាហ៌ពិពាហ៌​ក្នុង​ព្រះវិហារ​បរិសុទ្ធ—ដែល​ធ្វើឡើង​ឲ្យ​មាន​ការសង្គ្រោះ អមតភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ( Guide to the Scriptures, New and Everlasting Covenant,” scriptures.lds.org) ។

នៅ​ពេល​យើង​យល់​សេចក្ដីពិត​ទាំងនេះ​អំពី សេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច​ហើយ​នោះ យើង​ដឹង​យ៉ាងច្បាស់​ថា ពិធីបុណជ្រមុជទឹក​ត្រូវតែ​ធ្វើឡើង​ដោយ​បុគ្គល​ម្នាក់ ដែល​មាន​សិទ្ធិអំណាច​ពី​ព្រះ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២២:២–៤ រួច​ស្វែងរក​ឃ្លា​ទាំងឡាយ​ណា ដែល​បង្ហាញ​ថា ព្រះអម្ចាស់​ពុំ​ទទួល​ស្គាល់​ពិធីបុណ្យជ្រមុជទឹក ដែល​ធ្វើឡើង​ដោយ​គ្មាន​សិទ្ធិអំណាច​បព្វជិតភាព​ត្រឹមត្រូវ​ឡើយ ។ វា​អាច​នឹង​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា នៅ​ក្នុង ខទី ២ ព្រះអម្ចាស់​បាន​សំដៅ​លើ​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យជ្រមុជទឹក​ថា​ជា​ការចូល « ទៅ​តាម​ទ្វារ​ចង្អៀត » ( សូម​មើល នីហ្វៃទី២ ៣១:១៧ ) ។

  1. សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ មាន​សិទ្ធិ​អំណាច​បព្វជិតភាព​ដែល​ចាំបាច់ ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​សំខាន់ៗ ដូចជា​ពិធីបុណ្យជ្រមុជទឹក ។ សូម​ឆ្លើយ​សំណួរ​តទៅនេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​ទទួល​បាន​ពរជ័យ​យ៉ាង​ដូចម្ដេច​តាមរយៈ​សមាជិកភាព​របស់​អ្នក​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ២៣

សិស្ស​ប្រាំនាក់​ត្រូវ​បាន​ហៅ​ឲ្យ​ពង្រឹង​ដល់​សាសនាចក្រ

សូម​គូស​ចំណាំ​ឈ្មោះ​តទៅ​នេះ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៣ ៖ អូលីវើរ ហៃរុម សាំយូអែល យ៉ូសែប និង យ៉ូសែប ណៃត ។ សូម​អាន​សេចក្ដីណែនាំ​អំពី​កណ្ឌ ដើម្បី​ស្វែងយល់​អំពី​អ្វី​ដែល​បុរស​ទាំងនេះ​ប្រាថ្នា​ចង់បាន​ពី​ព្រះអម្ចាស់ ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់ អូលីវើរ ខៅឌើររី មុន​គេ​បង្អស់ ។ អូលីវើរ គឺ​ជា​ជំនួយ​ដ៏​អស្ចារ្យ​ចំពោះ​ព្យាការី យ៉ូសែប ស៊្មីធ អំឡុង​ពេល​ព្រឹត្តិការណ៍​ដំបូង​នៃ​ការស្ដារឡើងវិញ រួមបញ្ចូល​ទាំង​ការនាំ​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន និង ការរៀបចំ​សាសនាចក្រ ។ គាត់​មាន​អំណោយទាន និង បំណងប្រាថ្នា​សុចរិត​ជាច្រើន ។ គាត់​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​អែលឌើរ​ទីពីរ​នៃ​សាសនាចក្រ ( សូម​មើល គ. និង ស. ២០:៣ ) និង​ត្រូវបាន​តែងតាំង​ស្រប​ពេល​ជាមួយ​នឹង ដាវីឌ វិតមើរ ដើម្បី​ជួយ​ក្នុង​ការជ្រើសតាំង​ពួកសាវក​ដប់ពីរ​នាក់ ។ ជា​អកុសល អូលីវើរ បាន​បណ្ដោយ​ឲ្យ​ឯកសិទ្ធិ​ដំបូង​ជាច្រើន​ទាំងនេះ​ដឹកនាំ​គាត់​ឲ្យ​មាន​ភាពឆ្មើងឆ្មៃ ហើយ​បាន​ដើរចេញ​ពី​សាសនាចក្រ​អស់​មួយ​រយៈ ។ នៅ​ទី​បំផុត គាត់​បាន​ទទួល​កំហុស​ខ្លួន ហើយ​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​សាជាថ្មី ។

  1. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៣:១–២ រួច​ស្វែងរក​ការព្រមាន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ អូលីវើរ ខៅឌើរី ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ភាពឆ្មើងឆ្មៃ​អាច​នាំ​ទៅរក​ការ​ល្បួង​យ៉ាង​ដូចម្ដេច ?

    2. តាម​គំនិត​របស់​អ្នក តើ​វិធី​មួយ​ចំនួន​ណាខ្លះ ដែល​យើង​អាច​ចៀស​ពី​អារម្មណ៍​នៃ​ភាព​ឆ្មើងឆ្មៃ ដែល​នឹង​នាំ​យើង​ទៅ​រក​ការ​ល្បួង ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៣:៣–៥ ដោយ​ស្វែងរក​ភាពស្រដៀងគ្នា​នៅ​ក្នុង​សេចក្ដី​ណែនាំ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ទៅ​ឲ្យ ហៃរ៉ុម ស្ម៊ីធ សាំយូអែល ស្ម៊ីធ និង យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ។

ការ​ហៅ​ឲ្យ​ដាស់តឿន សំដៅ​ទៅ​លើ​ការទទួល​ខុសត្រូវ​ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​មនុស្ស​ដទៃ ។ សូម​កត់ចំណាំ​របៀប​ដែល ហៃរុម សាំយូអែល និង យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ម្នាក់ៗ​បាន​បំពេញ​ការទទួលខុសត្រូវ​នេះ នៅ​ពេល​អ្នក​អាន​ព័ត៌មាន​ខាងក្រោម​នេះ​អំពី​ពួកលោក ៖

ហៃ​រ៉ុម ស្ម៊ីធ បាន​ជួយ​ក្នុង​ការបោះពុម្ព​ព្រះគម្ពីរ​មរមន​ដោយ​ការ​ធ្វើការ​ដោយផ្ទាល់​ជាមួយ​នឹង​អ្នក​បោះពុម្ព ។ គាត់​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​ក្នុង​ខែ មិថុនា ឆ្នាំ ១៨២៩ គឺ​នៅ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​បព្វជិតភាព​ត្រូវបាន​ស្ដារឡើងវិញ ។ គាត់​បាន​បម្រើ​ជា​ប្រធាន​សាខា​ដំបូង​បង្អស់​របស់​សាសនាចក្រ​នៅ ខូលស្វិល រដ្ឋ នូវ យ៉ោក ។ ដោយ​បាន​ស្គាល់​ពី​ការបន្ទាបខ្លួន និង ភក្ដីភាព​របស់​គាត់ ហៃរ៉ុម មាន​ភាពស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ និង សាសនាចក្រ​ពេញ​មួយ​ជីវិត​របស់​គាត់ ។ គាត់​បាន​អស់​ជីវិត​ទៅ​ក្នុង​នាម​ជា​បុគ្គល​ដែល​ត្រូវបាន​ធ្វើឃាត​ដោយ​សាសនា ជាមួយ​នឹង​ប្អូនប្រុស​របស​គាត់ យ៉ូសែប នៅ​ក្នុង គុក​កាតធេច រដ្ឋ​អិលលីណោយ ។

សាំយូអែល ស៊្មីធ ដែល​ជា​ប្អូនប្រុស​របស់​ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​ក្នុង​ខែ ឧសភា ឆ្នាំ ១៨២៩ គឺ​នៅ​មិន​យូរប៉ុន្មាន​បន្ទាប់​ពី​ការស្ដារឡើងវិញ​នៃ​បព្វជិតភាព​អើរ៉ុន ។ ជា​ញឹកញាប់ គាត់​ត្រូវបាន​គេ​ផ្ដល់​កិត្តិយស ដោយ​បាន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ដំបូង​របស់​សាសនាចក្រ ។ ក្នុង​ខែ មិថុនា ឆ្នាំ ១៨៣០ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​បេសកកម្ម​មួយ ហើយ​បាន​ដាក់​លក់​ព្រះគម្ពីរ​មរមន ដែល​ទីបំផុត​បាន​នាំ​ឲ្យ​មាន​ការប្រែចិត្តជឿ​ដល់ ព្រិកហាំ យ៉ង់ និង​សមាជិក​គ្រួសារ​គាត់​ជាច្រើន​នាក់​ទៀត ។ សាំយូអែល មាន​ភក្ដីភាព​ចំពោះ​គ្រួសារ​គាត់ និង​សាសនាចក្រ​ពេញ​មួយ​ជីវិត​របស់​គាត់ ។

យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ដែល​ជា​ឪពុក​របស់​ព្យាការី បាន​ចូលរួម​សាសនាក្រ នៅ​ចំ​ថ្ងៃ​ដែល​សាសនាចក្រ​បាន​រៀបចំ​ឡើង ។ នៅ​រដូវក្ដៅ​ក្រោយមក គាត់ និង​កូនប្រុស​របស់​គាត់ ដុន ខាឡុស បាន​ចាប់​ផ្ដើម​បេសកកម្ម​មួយ​ទៅ​ដល់​គ្រួសារ​សាច់ញាតិ​នៅ​រដ្ឋ​នូវយ៉ោក ។ គាត់​បាន​ក្លាយជា​សង្ឃជាន់ខ្ពស់​ម្នាក់ ហើយ​ជា​លោក​អយ្យកោ​ទីមួយ​នៃ​សាសនាចក្រ ។ នៅ​ពិធីបុណ្យ​សព​របស់​គាត់ គាត់​ត្រូវបាន​ពិពណ៌នា​ថា​ជា « បុរស​ស្មោះត្រង់​ចំពោះ​ព្រះ​របស់​គាត់ និង ចំពោះ​សាសនាចក្រ​ក្នុង​គ្រប់​ស្ថានភាព​ទាំងអស់ និង ក្រោម​កាលៈទេសៈ​ទាំងអស់ ដែល​គាត់​បាន​ឆ្លងកាត់ » ( Robert B. Thompson នៅ​ក្នុង History of the Church ៤:១៩២ ) ។

បុគ្គល​ចុងក្រោយ ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៣ គឺ យ៉ូសែប ណៃ ស៊ីញ្ញ័រ ។ គាត់​គឺ​ជា​មិត្ត​ជិតស្និទ្ធ​របស់ យ៉ូសែប ណៃត ជុញ្ញ័រ ហើយ​បាន​បង្ហាញ​សណ្ដាន​ចិត្ត​ដ៏​ល្អ​សម្រាប់​គាត់ ។ គាត់​បាន​ផ្ដល់​ជា​សម្ភារ​ដល់​ព្យាការី មាន​ដូចជា ក្រដាស និង អាហារ ខណៈ​ដែល​កំពុង​បកប្រែ​ព្រះគម្ពីរ​មរមន ។ នៅ​ពេល​ដែល គោលលទ្ធិ និង សេចក្តីសញ្ញា ២៣ ត្រូវបាន​ទទួល យ៉ូសែប ណៃត ស៊ីញ្ញ័រ ពុំ​ទាន់​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​នៅ​ឡើយ ។ គាត់​មាន​បំណង​ប្រាថ្នា​ចង់​ទទួល​ពិធីបុណ្យជ្រមុជទឹក​ជាមួយ​មនុស្ស​ដទៃទៀត​នៅ​ចំ​ថ្ងៃ​ដែល​សាសនាចក្រ​ត្រូវ​បាន​បង្កើត​ឡើង ប៉ុន្តែ​គាត់​បាន​រង់ចាំ​សិន ដោយសារ​គាត់​ចង់​សិក្សា​ព្រះគម្ពីរ​មរមន​បន្ថែម ។ យ៉ាងណាក៏ដោយ ក្រោយមក គាត់​បាន​សរសេរ​ថា « ខ្ញុំ​នឹង [ មាន ] អារម្មណ៍​ល្អ​ជាង បើ​ខ្ញុំ​ឆ្ពោះ​ទៅ​មុខ » ដើម្បី​ទទួល​ពិធីបុណ្យជ្រមុជទឹក​នោះ ( សូម​មើល Larry Porter «The Joseph Knight Family » Ensignខែ តុលា ឆ្នាំ ១៩៧៨ ទំព័រ ៤០ spelling and capitalization standardized ) ។

សូម​សិក្សា​ការទូន្មាន​របស់​ព្រះអម្ចាស់​ដល់ យ៉ូសែប ណៃត ស៊ីញ្ញ័រ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៣:៦–៧ ដោយរកមើល​អ្វី​ដែល​ព្រះអម្ចាស់​បញ្ជា​ឲ្យ​គាត់​ធ្វើ ។ ឃ្លា « លើក​លី​ឈើ​ឆ្កាង​របស់​អ្នក » នៅក្នុង​បរិបទ​នេះ​មាន​ន័យ​ថា​ធ្វើ​អ្វី​ដែល​ពិបាក​សម្រាប់​អ្នក ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​បាន​ជា​ពេល​ខ្លះ​ព្រះអម្ចាស់​ត្រាស់​បង្គាប់​ឲ្យ​យើង​ធ្វើ​នូវ​អ្វី​ដែល​យើង​ពិបាក​នឹង​ធ្វើ ?

    2. តើ​មាន​ភស្ដុតាង​អ្វី​ខ្លះ ដែល​អ្នកបាន​ឃើញ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៣:៧ ដែល​ព្រះអម្ចាស់​មាន​ព្រះបំណង​ប្រទានពរ​ដល់ យ៉ូសែប ណៃត ស៊ីញ្ញ័រ ?

មិន​យូរប៉ុន្មាន​បន្ទាប់​ពី​ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​នេះ យ៉ូសែប ណៃត ស៊ីញ្ញ័រ បាន​ជ្រើសរើស​ទទួល​ពិធីបុណ្យជ្រមុជទឹក ។ គាត់​បាន​បន្ត​ស្មោះត្រង់​ចំពោះ​សាសនាចក្រ​ពេញ​មួយ​ជីវិត​របស់​គាត់ ដោយ​បាន​ការពារ​ដល់ព្យាការី យ៉ូសែប ស៊្មីធ ដោយ​សម្ងាត់ និង ជា​សាធារណៈ ។ ព្យាការី ក្រោយ​មក​បាន​ពិពណ៌នា​អំពី យ៉ូសែប ណៃត ស៊ីញ្ញ័រ ថា​ជា « មនុស្ស​ស្មោះ និង​ពិតត្រង់ ហើយជា​ជំនួយ និង​ជាគំរូ ហើយ​ប្រកប​ដោយគុណធម៌ និង​សន្ដានចិត្ត​ល្អ ពុំ​ដែលងាក​រេ​ទៅ​ឆ្វេង ឬ​ទៅ​ស្ដាំ​ឡើយ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ៤៦២) ។

ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ២៣ យើង​រៀន​ថា នៅពេល​យើង​មានបំណង​ប្រាថ្នា​ដើម្បី​បម្រើ​ព្រះអម្ចាស់ យើង​អាច​ទទួល​បាន​ការ​ដឹកនាំ​ផ្ទាល់ខ្លួន​មក​ពី​ទ្រង់។ យើង​ក៏​រៀន​ផងដែរ​ថា ព្រះអម្ចាស់ នឹង​ប្រទានពរ​យើង នៅ​ពេល​យើង​ធ្វើតាម​ការណែនាំ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង ។ សូម​ពិចារណា​អំពី​ការណែនាំ​ដែល​អ្នក​បាន​ទទួល​មក​ពី​ព្រះអម្ចាស់ តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ប្រសាសន៍​របស់​ព្យាការី​ដែល​កំពុង​រស់នៅ និង ព្រះគម្ពីរ ។ សូម​ដាក់​ផែនការ​ដើម្បី​ធ្វើតាម​ការណែនាំ​ដែល​អ្នក​បាន​ទទួល ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២១-២៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖