ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៣ ៖ ថ្ងៃទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨


មេរៀន​ទី ១៣ ៖ ថ្ងៃទី ៣

គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨

សេចក្ដីផ្ដើម

នៅ​ថ្ងៃ​ទី ១ ខែ សីហា ឆ្នាំ ១៨៣១ គឺ​ជិត​ពីរ​សប្ដាហ៍​បន្ទាប់​ពី​ព្រះអម្ចាស់​ចាត់តាំង​ក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ជា​ចំណុច​កណ្ដាល​នៃ​ទីក្រុង​ស៊ីយ៉ូន នោះ​ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨ ។ វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ជា​ចម្លើយ​ដល់ អ្នក​ដែល​អន្ទះសា​ចង់​ដឹង​អំពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ដែល​មាន​ចំពោះ​ពួកគេ​នៅ​ក្នុង​ដែនដី​ថ្មី​នេះ ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ប្រទាន​ឱវាទ​ដល់​ពួក​បរិសុទ្ធ​ឲ្យ​ស្មោះត្រង់​ក្នុង​ទុក្ខលំបាក​របស់​ពួកគេ ហើយ​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​ទ្រង់​បាន​បញ្ជូន​ពួកគេ​ទៅ​ទីក្រុង​ស៊ីយ៉ូន ។ ព្រះអម្ចាស់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ ឲ្យ​ប្រើ​សិទ្ធិជ្រើសរើស​ខ្លួន ដើម្បី​នាំ​ឲ្យ​មាន​សុចរិតភាព ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១-១៣

ព្រះអម្ចាស់​បាន​ប្រទាន​ឱវាទ​ដល់​ពួក​បរិសុទ្ធ​ឲ្យ​ស្មោះត្រង់​ក្នុង​ទុក្ខលំបាក​របស់​ពួកគេ

តើ​ឧបសគ្គ​មួយ​ចំនួន​ណា​ខ្លះ ដែល​អ្នក​កំពុង​ប្រឈមមុខ​នៅ​ក្នុង​ជីវិត​នា​ពេល​បច្ចុប្បន្ន ?

នៅ​ពេល​អ្នក​អាន​កថាខណ្ឌ​ខាង​ក្រោម​នេះ សូម​ស្វែងរក​ឧបសគ្គ​នានា ដែល​ពួក​បរិសុទ្ធ​បាន​ប្រឈម​មុខ​នៅ​រដ្ឋ មិសសួរី ក្នុង​ឆ្នាំ ១៨៣១ ៖

ក្នុង​ខែ មករា ឆ្នាំ ១៨៣១ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ជួប​នឹង​ក្រុម​ឥណ្ឌា​ដេឡាវ៉ែ ( អាមេរិកកាំង​ដើម ) រស់នៅ​លើ​ដែនដី​ពួក​ឥណ្ឌា​លើ​ព្រំប្រទល់​រដ្ឋ មិសសួរី ។ ពួក​ឥណ្ឌា​ដេឡាវ៉ែ បាន​ចាប់​អារម្មណ៍​រៀន​ដំណឹងល្អ​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយសារ​តែ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពុំ​មាន​ការអនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​ដែនដី​ពួក​ឥណ្ឌា ហើយ​ផ្សាយ​ដំណឹងល្អ ហើយ​ដោយសារ​តែ​មាន​ការប្រឆាំង​ពី​សំណាក់​ភ្នាក់ងារ និង មេកន្ទ្រាញ​ក្នុង​មូលដ្ឋាន​របស់​ពួក​ឥណ្ឌា ទើប​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៃ​សាសនាចក្រ ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ដែនដី​នោះ​ទៅ ។ ក្រោយ​មក ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ព្យាយាម​បង្រៀន​អ្នក​ស្រុក​ស្បែក-ស​នៅ​ក្រុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី និង នៅ​តំបន់​ជុំវិញ​នោះ ប៉ុន្តែ មាន​អ្នក​ប្រែចិត្ត​ជឿ​មិន​ដល់ ១០ នាក់​នោះ​ទេ ដែល​បាន​ចូល​សាសនាចក្រ​ត្រឹម​ខែ កក្កដា ឆ្នាំ ១៨៣១ ។ នៅ​ពេល​ពួក​អែលឌើរ​នៃ​សាសនាចក្រ​ដែល​មក​ពី​រដ្ឋ អូហៃអូ បាន​ចាប់ផ្ដើម​មក​ដល់​រដ្ឋ មិសសួរី ក្នុង​ខែ កក្កដា ឆ្នាំ ១៨៣១ នោះ​មាន​ពួក​អែលឌើរ​មួយ​ចំនួន​បាន​ខក​ចិត្ត​ចំពោះ​អ្វី​ដែល​ពួកគាត់​បាន​ឃើញ ។ ពួកគាត់​មួយ​ចំនួន​បាន​រំពឹង​ចង់​ឃើញ​សហគមន៍​នៃ​ពួក​អ្នក​ជឿ​មួយ​ដែល​មាន​ការរីកចម្រើន​យ៉ាង​ឆាប់​រហ័ស និង ការតាំង​លំនៅ​ដែល​បាន​រៀបចំ​ជា​ស្រេច​សម្រាប់​សមាជិក​សាសនាចក្រ​ដែល​ធ្វើ​សំណាក់​ស្រុក ។ ពួក​គាត់​មួយ​ចំនួន​សម្ដែង​ការព្រួយ​បារម្ភ​ដោយសារ​តែ​នៅ​ក្រុង អ៊ីនឌីប៉ែនដែនស៍ ស្ថិត​នៅ​ក្នុង​ស្ថានភាព​ពុំ​ទាន់​អភិវឌ្ឍ​នៅ​ឡើយ ហើយ​នឹង​តម្រូវ​ឲ្យ​មាន​ការខិតខំ​ជា​ខ្លាំង​ដើម្បី​អភិវឌ្ឍ ។ ពួក​បងប្អូន​ប្រុស​មួយ​ចំនួន ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ស្នាក់​នៅ​រដ្ឋ មិសសួរី ហើយ​ទិញ​ដី​ធ្លី​ដើម្បី​ត្រៀម​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​សម្រាប់​ពួក​បរិសុទ្ធ​ដែល​នឹង​មក​ដល់​ក្រោយៗ​មក​ទៀត ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:១–២ដោយ​ស្វែងរក​ការណ៍​ដែល​ព្រះអម្ចាស់ បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួក​អែលឌើរ ដែល​ព្រះបន្ទូល​ទាំងនោះ​អាច​នឹង​ជួយ​ពួកគាត់​ឲ្យ​មាន​អារម្មណ៍​ប្រសើរ​ឡើង​វិញ ចំពោះ​ឧបសគ្គ​ដែល​ពួកគាត់​បាន​ប្រឈម​មុខ ។

ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង ខទី ២សូម​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ ៖

យើង​នឹង​មាន​ពរ​បើ​យើង  ។

រង្វាន់​ដ៏​អស់កល្ប​របស់​យើង​នឹង​ប្រសើរ​ជាង​បើ​យើង  ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៣-៥ដោយ​ស្វែងរក​ការណ៍​ដែល​យើង​ពុំ​អាច​មើល​ឃើញ ឬ យល់ នៅ​ពេល​យើង​ឆ្លងកាត់​ការសាកល្បង​នានា ។

ព្រះ​អម្ចាស់​បាន​ប្រទាន​ឱវាទ​ដល់​ពួក​អែលឌើរ​ឲ្យ​មាន​សេចក្ដីជំនឿ​លើ​ទ្រង់ ហើយ​សម្លឹង​មើល​ឲ្យ​ហួស​ពី​ការសាកល្បង​ទាំងឡាយ ដែល​ពួកគាត់​កំពុង​តស៊ូ ហើយ​ផ្ដោតអារម្មណ៍​ជំនួស​វិញ​ទៅ​លើ​សិរីល្អ​នា​ពេល​អនាគត ដែល​ពួកគាត់​នឹង​ជួប​ប្រទះ បើ​ពួកគាត់​មាន​ចិត្ត​ស្មោះត្រង់ ។ សារលិខិត​ពី​ព្រះអម្ចាស់​ទៅ​ដល់​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី អាច​ជួយ​យើង​ឲ្យ​តស៊ូ​ក្នុង​ឧបសគ្គ​នានា ដោយ​រក្សា​យើង​ឲ្យ​ផ្ដោត​អារម្មណ៍​លើ​ពរជ័យ​ទាំងឡាយ ដែល​បាន​សន្យា​ដល់​អ្នក​ដែល​តស៊ូ​ក្នុង​ក្ដី​វេទនា​យ៉ាង​ស្មោះត្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​មួយ ឬ សំណួរ​ទាំងពីរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការជឿ​ថា​ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​អ្នក អាច​ជួយ​អ្នក​ឲ្យ​តស៊ូ​ក្នុង​ក្ដី​វេទនា​យ៉ាង​ស្មោះត្រង់​យ៉ាង​ដូចម្ដេច ?

    2. តើ​នៅ​ពេល​ណា​ខ្លះ ដែល​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា មាន​ពរ​សម្រាប់​ការមានចិត្ត​ស្មោះត្រង់​អំឡុង​ពេល​ក្ដីវេទនា ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៦–១៣ព្រះអម្ចាស់​បាន​បើកសម្ដែង​វិធី​មួយ​ចំនួន ដែល​ពួក​បរិសុទ្ធ​នឹង​មាន​ពរ​សម្រាប់​ការគោរពប្រតិបត្តិ​របស់​ពួកគេ​ក្នុង​ការជួយ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​ឡើង ។ សូម​ធ្វើ​ការតាំងចិត្ត​ដើម្បី​បន្ត​ស្មោះត្រង់​អំឡុង​ពេល​អ្នក​ជួប​ឧបសគ្គ ដើម្បី​អ្នក​អាច​ទទួលបាន​រង្វាន់​ដែល​ព្រះអម្ចាស់​បាន​រៀបចំ​សម្រាប់​អ្នក ទាំង​ពេល​ឥឡូវ​នេះ និង នា​ពេល​អនាគត ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១៤-២៣

ព្រះអម្ចាស់​បកស្រាយ​អំពី​ការទទួលខុសត្រូវ​របស់​ប៊ីស្សព និង ការបញ្ជា​ពួក​បរិសុទ្ធ​ឲ្យ​រក្សា​ច្បាប់​ភូមិបាល ។

ព្រះអម្ចាស់​បាន​ណែនាំ​ប៊ីស្សព អែតវឺត ប៉ាទ្រិច និង ស៊ីឌនី គិលបឺត ឲ្យ​ស្នាក់នៅ​រដ្ឋ មិសសួរី ដើម្បី​គ្រប់គ្រង​លើ​ទ្រព្យសម្បត្តិ​សាសនាចក្រ ហើយ​ទិញ​ដីធ្លី​នៅ​ក្នុង និង ជុំវិញ​ក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ( សូម​មើល គ. និង ស. ៥៧:៧–៨ ) ។ ប៊ីស្សព ប៉ាទ្រិច បាន​ជំទាស់​ព្យាការី យ៉ូសែប ស៊្មីធ អំពី​គុណភាព​នៃ​ដីធ្លី​ដែល​បាន​ជ្រើសរើស ។ គាត់​បាន​មាន​អារម្មណ៍​ថា គួរតែ​ទិញ​ដីឡូដ៍​ផ្សេង​ទៀត​វិញ ។ ការខ្វែងគំនិត​គ្នា​នេះ បណ្ដាល​ឲ្យ​មាន​អារម្មណ៍​មិន​ល្អ​កើតឡើង ។

សូម​រំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៣រួច​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:១៤–១៥ដោយ​ស្វែងរក​ការណ៍ ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ប៊ីស្សព ប៉ាទ្រិច ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៣ អាច​ជួយ​ដល់​ប៊ីស្សព ប៉ាទ្រិច ឲ្យ​ជ្រើសរើស​ប្រែចិត្ត ពី​ការជំទាស់​ព្យាការី អំពី​ដីឡូដ៍​ដែល​គួរតែ​ទិញ​នោះ​យ៉ាង​ដូចម្ដេច ?

    2. សូម​ពិចារណា​អំពី​បញ្ហា ឬ ស្ថានភាព​បច្ចុប្បន្ន ដែល​សមាជិក​មួយ​ចំនួន​អាច​នឹង​ឆ្លើយ​តប​ទៅ​កាន់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​របស់​ពួកគេ​ដោយ « ការឥតជំនឿ និង ការខ្វាក់​រឹងទទឹង​នៃ​ចិត្ត » ( គ. និង ស. ៥៨:១៥ ) ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ចៀសវាង​កំហុស​មួយ​នោះ ?

ប៊ីស្សព ប៉ាទ្រិច បាន​ទទួល​យក​ការបន្ទោស​ពី​ព្រះអម្ចាស់​ដោយ​រាបសា ហើយ​គាត់​ត្រូវ​បាន​អត់​ទោស​ឲ្យ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:១៦-២៣ដោយ​ស្វែងរក​ការណ៍​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ ប៊ីស្សព ប៉ាទ្រិច ធ្វើ ដើម្បី​បំពេញ​ការហៅ​បម្រើ​របស់​គាត់ ។ យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ២១-២៣តើ​ព្រះអម្ចាស់​បាន​ណែនាំ​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​អ្វី​ខ្លះ ? តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វី​ខ្លះ អំពី​អ្នក​ដែល​ព្យាយាម​ប្រើ​ក្រឹត្យវិន័យ​របស់​ព្រះ​ដើម្បី​បង្ហាញ​ការ​មិន​គោរព​តាម​ច្បាប់​ភូមិបាល ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២៤-៣៣

ព្រះអម្ចាស់​ប្រទាន​ឱវាទ​ឲ្យ​ពួក​បរិសុទ្ធ​ប្រើ​សិទ្ធិជ្រើសរើស​ខ្លួន ដើម្បី​ប្រព្រឹត្ត​ល្អ

សូម​ស្រមៃ​ថា អ្នក​កំពុង​ដើរ​តាម​ផ្លូវ ហើយ​បាន​ឃើញ​មនុស្ស​ចាស់​ជរា​ម្នាក់​ដើរ​ដួល ។ សូម​គូស​រង្វង់​លើ​អ្វី​ដែល​អ្នក​គួរតែ​ធ្វើ នៅ​ក្នុង​តារាង​ខាង​ក្រោម​នេះ ។

រង់ចាំ​ព្រះ​វិញ្ញាណ​បំផុស​ឲ្យ​អ្នក​ជួយ ។

រង់ចាំ​មើល​ថាតើ​មាន​នរណា​ម្នាក់​នឹង​ជួយ​ដែរ​ឬ​ទេ ។

រង់ចាំ​មើល​នរណា​ម្នាក់​មក​ប្រាប់​អ្នក​ថា ត្រូវ​ធ្វើ​ដូចម្ដេច ។

ទៅ​ជួយ​មនុស្ស​ដែល​ដើរ​ដួល​នោះ ។

ហេតុអ្វី​អ្នក​ជ្រើសរើស​ចម្លើយ​នោះ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២៤–២៨ដោយ​ស្វែងរក​គោលការណ៍ ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ពួក​បរិសុទ្ធ នៅ​ពេល​ពួកគេ​ប្រឈម​មុខ​នឹង​ឧបសគ្គ​នៃ​ការស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​ឡើង ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​គោលលទ្ធិ ដែល​អ្នក​រកឃើញ ។ គោលការណ៍​មួយ​ដែល​ត្រូវបាន​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​គឺ យើង​គួរ​តែ​ឧស្សាហ៍​ចូលរួម​ក្នុង​ការ​ជ្រើស​រើស​ធ្វើ​ការណ៍​ល្អ ហើយ​នាំ​មក​នូវ​សេចក្ដី​សុចរិត ។ ( ឃ្លា « អ្នក​ណា​ដែល​ត្រូវគេ​បង្ខំ​នូវ​គ្រប់​អ្វីៗ​ទាំងអស់ » [ គ. និង ស. ៥៨:២៦ ] សំដៅ​លើ​មនុស្ស​ដែល​មិន​ប្រព្រឹត្ត​អ្វី​សោះ លុះត្រាតែ​ត្រូវបាន​គេ​ប្រាប់​ឲ្យ​ធ្វើ ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:២៧ គឺ​ជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ « រង្វាន់ » អ្វី ដែល​ខគម្ពីរ​ទាំងនេះ​សំដៅ​លើ ? តើ​ការធ្វើ​កិច្ចការ​ល្អ​ជា​ច្រើន​ដោយ​ឆន្ទៈ​យើង​ផ្ទាល់ នឹង​មាន​អានុភាព​យ៉ាង​ដូចម្ដេច ទៅលើ​ការដែល​យើង​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ឬ អត់​នោះ ?

    2. តើ​មាន​របៀប​មួយ​ចំនួន​ណា​ខ្លះ ដែល​អ្នក​អាច​ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ​នៅ​ឯ​ផ្ទះ​បាន ? នៅសាលា​មានអ្វីខ្លះ ? នៅ​ក្នុង​វួដ ឬ សាខា​របស់​អ្នក ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២៩–៣៣ដោយ​ស្វែងរក​អ្វី​ដែល​កើតឡើង ចំពោះ​អ្នក​ដែល​ប្រើ​សិទ្ធិជ្រើសរើស​ខ្លួន​ដើម្បី​ធ្វើ​ប្រយោជន៍​ល្អ ឬ ជា​អ្នក​ដែល​សង្ស័យ​នឹង​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ សូម​គិត​ពី​ការគូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

រូបភាព
scripture mastery icon
ចំណេះចំណាន​ខគម្ពីរ—គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២៧

  1. ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២៧សូម​សរសេរ​តួ​អក្សរ​ដំបូង​គេ​នៃ​ពាក្យ​នីមួយៗ​នៅ​ក្នុង ខទី ២៧ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​ប្រើ​តួ​អក្សរ​ដែល​អ្នក​បាន​សរសេរ ដើម្បី​ជួយ​អ្នក​ឲ្យ​សូត្រ​វគ្គ​បទគម្ពីរ​នោះ ។ ប្រសិន​បើ​ចាំបាច់ សូម​បើក​ព្រះគម្ពីរ​មើល ។ សូម​ធ្វើ​ដូចនេះ​ម្ដង​ហើយ​ម្ដង​ទៀត ដរាប​ដល់​អ្នក​អាច​សូត្រ​វគ្គ​បទគម្ពីរ​បាន ដោយ​ប្រើ​តួ​អក្សរ​ដំបូង ឬ ដរាប​ដល់​អ្នក​អាច​សូត្រ​ខគម្ពីរ​នោះ​បាន​ចេញ​ពី​ការចងចាំ ។ សូម​គិត​អំពី​ការសូត្រ និង ពន្យល់​អំពី គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២៧ ទៅ​ដល់​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣៤-៦៥

ព្រះអម្ចាស់​ប្រទាន​ការណែនាំ​អំពី​ទីក្រុង​ស៊ីយ៉ូន ហើយ​បង្រៀន​គោលការណ៍​នៃ​ការប្រែចិត្ត

តើ​អ្នក​ដឹង​យ៉ាង​ដូចម្ដេច​ថា ព្រះអម្ចាស់​បាន​អភ័យទោស​ដល់​អំពើ​បាប​របស់​អ្នក ? សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៤២-៤៣រួច​គូសចំណាំ​ការណ៍ ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​ការអភ័យទោស ។ ( គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៤២-៤៣ គឺ​ជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ) ។

សូម​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ​ចេញ​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៤២ ៖ បើ​យើង នោះ​ព្រះអម្ចាស់​នឹង​អត់ទោស​ឲ្យ​យើង ហើយ​មិន​ចាំ​ពី​អំពើបាប​ទាំងនោះ​ទៀត​ទេ ។

ឃ្លា « មិន​ចាំ​ពី​អំពើបាប​ទាំងនោះ​ទៀត​ទេ » ពុំ​មាន​ន័យ​ថា ព្រះ​បំភ្លេច​អំពើបាប​របស់​យើង​ឡើយ ។ ព្រះ​ទ្រង់​ប្រកប​ដោយ​សព្វញាណ ដោយ​ព្រះ​ញ្ញាណ​ដឹង​នូវ​អ្វី​គ្រប់​ទាំង​អស់—ដូច្នេះ ទ្រង់​ពុំ​ភ្លេច​អ្វី​សោះ​ឡើយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អំពើបាប​ទាំងឡាយ​ដែល​បាន​ប្រែចិត្ត​ឡើង​វិញ គឺ​ត្រូវបាន​អត់ទោស​ឲ្យ ហើយ​នឹង​មិន​ត្រូវ​ចងចាំ​ទៀត​ទេ ដោយ​ការ​មិន​ប្រព្រឹត្ត​សាជាថ្មី​នោះ ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា​មាន​ភាពខុស​ប្លែក​យ៉ាង​ដូចម្ដេច នៅ​ពេល​បុគ្គល​ម្នាក់​ជឿ​ថា ព្រះអម្ចាស់​នឹង​អត់ទោស​ដល់​អំពើបាប​របស់​ខ្លួន ហើយ​មិន​ចាំ​ពី​អំពើបាប​ទាំងនោះ​ទៀត​ទេ​នោះ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៤៣ បង្រៀន​អំពី​របៀប​ដែល​យើង​អាច​ដឹង ថាតើ​យើង​បាន​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់​យើង​ហើយ​ឬ​នៅ ។ សូម​អាន​ខគម្ពីរ​នេះ រួច​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ ៖ ដើម្បី​ប្រែចិត្ត យើង​ត្រូវតែ ហើយ អំពើបាប​ទាំងឡាយ​របស់​យើង ។

ដើម្បី​រលាស់​ចោល​អំពើបាប​មាន​ន័យ​ថា បែរ​ចេញ​ពី​អំពើបាប​ទាំងស្រុង ហើយ​ឈប់​ប្រព្រឹត្ត​វា​ទៀត ។ នៅ​ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈ​ប្រធាន​ទី​មួយ សូម​គិត​អំពី​គ្រា ដែល​អ្នក​បាន​ប្រែចិត្ត ហើយ​ទទួល​បាន​អារម្មណ៍​ថា​ព្រះអម្ចាស់​បាន​អត់ទោស​ឲ្យ ៖ « នៅ​ពេល​យើង​បាន​ប្រែចិត្ត​យ៉ាង​ពិត​ប្រាកដ នោះ​ព្រះគ្រីស្ទ​នឹង​ដក​យក​បន្ទុក​នៃ​កំហុស​ចំពោះ​អំពើបាប​របស់​យើង​ចេញ ។ យើង​អាច​ដឹង​ដោយ​ខ្លួនឯង​ថា យើង​ត្រូវ​បាន​អត់​ទោស​ឲ្យ ហើយ​បាន​ធ្វើ​ឲ្យ​ស្អាតស្អំ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បញ្ជាក់​ពី​ការណ៍​នេះ​ដល់​យើង ។ ទ្រង់​គឺជា​អ្នកញែក​ឲ្យ​បរិសុទ្ធ ។ គ្មាន​ទីបន្ទាល់​ណា​ផ្សេង​ទៀត​នៃ​ការអភ័យទោស អាច​អស្ចារ្យ​ជាង​នេះ​នោះ​ទេ » ( Point of Safe Return, » Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០១ ) ។

រូបភាព
យុវជន​លុត​ជង្គង់​ការអធិស្ឋាន

រូបភាព
scripture mastery icon
ចំណេះចំណាន​ខគម្ពីរ—គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៨:៤២-៤៣

  1. សូម​សរសេរ​វគ្គ​បទគម្ពីរ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៤២–៤៣ នៅ​លើ​បណ្ណ ឬ ក្រដាស​មួយ​សន្លឹក រួច​សូត្រ​វា​រាល់​ពេល​ដែល​អ្នក​លុត​ជង្គង់​អធិស្ឋាន ។ ការធ្វើ​បែប​នេះ​អាច​ជួយ​អ្នក​ឲ្យ​ចងចាំ​អំពី​វគ្គបទគម្ពីរ​នេះ ហើយ​រំឭក​អ្នក​ឲ្យ​អធិស្ឋាន​សុំ​ជំនួយ​ក្នុង​ការខិតខំ ដើម្បី​សារភាព​កំហុស ហើយ​រលាស់​ចោល​អំពើបាប​ទាំងឡាយ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖