ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៧ ៖ ថ្ងៃ​ទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ២៨


មេរៀន​ទី ៧ ៖ ថ្ងៃ​ទី ៣

គោលលទ្ធិ និង សេចក្តីសញ្ញា ២៨

បុព្វកថា

នៅ​ចន្លោះ​ខែ មេសា និង ខែ កញ្ញា ឆ្នាំ ១៨៣០ សមាជិក​សាសនាចក្រ​មួយ​ចំនួន​បាន​យល់ច្រឡំ​អំពី​គោលការណ៍​ទាំងឡាយ ដែល​គ្រប់គ្រង​វិវរណៈ​ក្នុង​សាសនាចក្រ ។ ការយល់ច្រឡំ​ទាំងនេះ បាន​បង្កើត​បាន​ជា​ឧបសគ្គ​ចំពោះ​ព្យាការី យ៉ូសែប ស៊្មីធ ។ ក្នុង​វិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៨ ព្រះអម្ចាស់​បាន​បើកសម្ដែង​សេចក្ដីពិត ដែល​បាន​ផ្ដល់​ជា​ដំណោះស្រាយ​ចំពោះ​ឧបសគ្គ​ទាំងនោះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:១-៧

ព្រះអម្ចាស់​ពន្យល់​ថា វិវរណៈ​ដើម្បី​គ្រប់គ្រង​លើ​សាសនាចក្រ​ទ្រង់ គឺ​ត្រូវ​បាន​ប្រទាន​តាមរយៈ​ព្យាការី​របស់​ទ្រង់​ដែល​បាន​តែងតាំង ។

មាន​ឧទាហរណ៍​ជាច្រើន​នៅ​លើ​លោក​នេះ​អំពី​ការណ៍​ដែល​ក្លែង​ត្រាប់​តាម​ការណ៍​ទាំងឡាយ​ដែល​ត្រឹមត្រូវ ពិតប្រាកដ និង ប្រសើរ​ជាង ។ តើ​នៅ​ពេល​ណា ដែល​វា​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការខូចខាត ក្នុង​ការ​ដែល​ធ្វើ​កំហុស​តាម​ការណ៍​ក្លែងក្លាយ ដោយ​យល់​ថា​វា​ជា​អ្វី​ដែល​ពិត​នោះ ?

ភាពក្លែងក្លាយ​ខាង​វិញ្ញាណ​គឺ​ជា​គ្រោះថ្នាក់​ដ៏​កាច​សាហាវ​មួយ ។ អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ព្រមាន​ថា ៖ « អារក្ស​គឺ​ជា​បិតា​នៃ​សេចក្ដីកុហក ហើយ​វា​អន្ទះអន្ទែង​ក្នុង​ការធ្វើ​ឲ្យ​កិច្ចការ​របស់​ព្រះ​មាន​ភាពស្មុគស្មាញ ដោយ​ភាពក្លែងក្លាយ​ដ៏​ឈ្លាសវៃ​របស់​វា » ( Two Lines of Communication,” Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៨៤ ) ។

សូម​អាន​សេចក្ដីណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ២៨ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ នៅ​ពេល​អ្នក​អាន សូម​ស្វែងរក​ភាពក្លែងក្លាយ​ដែល​សាតាំង​បាន​ប្រើ ដើម្បី​បញ្ឆោត​សមាជិក​មួយ​ចំនួន​នៅ​ជំនាន់​ដំបូង​នៃ​សាសនាចក្រ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

ដោយសារតែ​ហាក់បីដូច​ជា​ឃើញ​មាន​ភាពស្រដៀងគ្នា​រវាង​ការប្រកាស​របស់ ហៃរាំ ភេច អំពី​ការទទួលបាន​វិវរណៈ​តាមរយៈ​ត្បូង និង​របៀប​ដែល​ពួកគេ​បាន​គិត​ថា ព្រះ​បាន​បើកសម្ដែង​សេចក្ដីពិត​ទៅ​ដល់​ព្យាការី យ៉ូសែប ស៊្មីធ នោះ​សមាជិក​សាសនាចក្រ រួម​បញ្ចូល​ទាំង អូលីវើរ ខៅឌើរី ផងដែរ​នោះ អាច​ទំនង​ជា​ជឿ​ទៅ​លើ​វិវរណៈ​ក្លែងក្លាយ ដែល​សាតាំង​បាន​បង្ហាញ​ដល់ ហៃរាំ ភេច ។ នៅ​ពេល​អ្នក​សិក្សា​អំពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​កាន់ អូលីវើរ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៨ សូម​ស្វែងរក​សេចក្ដីពិត​ដ៏​មាន​សារៈសំខាន់ ដែល​អាច​ការពារ​អ្នក​ពី​ការយល់ខុសដោយ​ភាពក្លែងក្លាយ និង ការក្លែងបន្លំ​របស់​សាតាំង ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៨:១-៥ ។ សេចក្ដីពិត​ដ៏​មាន​សារៈសំខាន់ ដែល​យើង​រៀន​គឺ​ថា ប្រធាន​នៃ​សាសនាចក្រ គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់ ដែល​អាច​ទទួល​បាន​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំងមូល ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ ក្បែរ​ខគម្ពីរ​ទាំងនេះ​នៅ​លើ​គែម​នៃ​ព្រះគម្ពីរ​របស់​អ្នក ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​ការស្គាល់​ពី​គោលការណ៍​នេះ អាច​ជួយ​សមាជិក​សាសនាចក្រ ចៀស​ឲ្យ​ផុត​ពី​ការបំភាន់​បាន​យ៉ាង​ដូចម្ដេច ?

    2. តើ​មាន​ភាពខុសគ្នា​ដូចម្ដេច​ខ្លះ រវាង​ការទទួលខុសត្រូវ​របស់ អូលីវើរ ខៅឌើរី ក្នុង​នាម​ជា​អែលឌើរ​ទីពីរ​ក្នុង​សាសនាចក្រ និង ការទទួលខុសត្រូវ​របស់ យ៉ូសែប ស៊្មីធ ក្នុង​នាម​ជា​ប្រធាន​នៃ​សាសនាចក្រ ?

មិន​យូរ​ប៉ុន្មាន​ពីមុន​ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៨ មាន​ការណ៍​មួយ​បាន​កើតឡើង ដែល​បង្ហាញ​ពី​ការដែល អូលីវើរ ខៅឌើរី ពុំ​បាន​យល់​ច្បាស់​អំពី​ភាពខុសគ្នា​រវាង​ការទទួលខុសត្រូវ​របស់​គាត់​នៅ​ក្នុង​សាសនាចក្រ និង តួនាទី​របស់ យ៉ូសែប ស៊្មីធ ក្នុង​នាម​ជា​ព្យាការី និង ជា​ប្រធាន​នៃ​សាសនាចក្រ ។

កាល​កំពុង​រស់នៅ ភូមិហារម៉ូនី រដ្ឋផែនសីលវេញ៉ា យ៉ូសែប ស៊្មីធ បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​ពី អូលីវើរ ខៅឌើរី ដែល​រស់នៅ ភូមិហ្វាយែត រដ្ឋ​នូវ យ៉ោក ។ ព្យាការី​បាន​កត់ត្រា​ថា ៖

រូបភាព
បងប្រុស យ៉ូសែប

« គាត់​បាន​សរសេរ​មក​ប្រាប់​ខ្ញុំ​ថា គាត់​បាន​ឃើញ​ថា​មាន​ភាពខុសឆ្គង​មួយ​នៅ​ក្នុង​ព្រះបញ្ញត្តិ [ ក្នុង​វិវរណៈ​ដែល​សព្វថ្ងៃ​នេះ​មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា កណ្ឌទី ២០] ហើយ​បាន​បន្ថែម​ថា ៖ ‹ ខ្ញុំ​បញ្ជា​លោក​នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះ ឲ្យ​លុប​ពាក្យពេចន៍​ទាំងនោះ​ចេញ ដើម្បី​កុំ​ឲ្យ​មាន​ឧបាយកល្ប​ផ្នែក​សង្ឃ​កើត​មាន​ឡើង​ក្នុង​ចំណោម​ពួកយើង ! ›

« រំពេច​នោះ ខ្ញុំ​បាន​សរសេរ​តប​ទៅ​គាត់​វិញ ដោយ​បាន​សួរ​គាត់​ថា​តាមរយៈ​សិទ្ធិអំណាច​អ្វី ដែល​គាត់​បាន​លើក​ដាក់​នៅ​លើ​ខ្លួន ដើម្បី​បញ្ជា​ខ្ញុំ​ឲ្យ​កែប្រែ ឬ លុបចោល បន្ថែម ឬ បន្ថយ ចេញ​ពី​វិវរណៈ ឬ ព្រះបញ្ញត្តិ​ដែល​ទទួល​បាន​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្ដា​យ៉ាង​ដូច្នេះ ។

« ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ខ្ញុំ​បាន​ទៅ​ជួប​គាត់ និង ក្រុមគ្រួសារ​របស់​លោក វិតមើរ ហើយ​ខ្ញុំ​បាន​ឃើញ​គ្រួសារ​នោះ​កំពុង​មាន​គំនិត​ព្រួយបារម្ភ​ចំពោះ​ពាក្យពេចន៍​ទាំងនោះ… ហើយ​វា​មិនមែន​ជា​ការប្រឹងប្រែង​ដ៏​តិចតួច និង មិន​សូវ​ស្វិតស្វាញ​ក្នុង​ការបញ្ចុះបញ្ចូល​ពួកគេ ឲ្យ​យល់​ឲ្យ​បាន​ច្បាស់​ទៅ​លើ​ប្រធានបទ​នេះ​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ…នៅ​ទីបំផុត… ខ្ញុំ​សម្រេច​បាន​ជោគជ័យ​មិន​ត្រឹមតែ​ជាមួយ​ក្រុមគ្រួសារ វិតមើរ នោះ​ទេ គឺ​ថែមទាំង​ធ្វើ​ឲ្យ អូលីវើរ ខៅឌើរី ទទួលស្គាល់​ថា ពួកគេ​ពិត​ជា​មាន​គំនិត​ខុសឆ្គង​ប្រាកដមែន » ( នៅ​ក្នុង History of the Church ១:១០៥ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៨:៦-៧ រួច​ស្វែងរក​ការណែនាំ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ អូលីវើរ ខៅឌើរី ។ ខទី ៦ ជួយ​យើង​ឲ្យ​យល់​ថា នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ សមាជិក​ម្នាក់ៗ ពុំ​ទទួលបាន​វិវរណៈ ដើម្បី​ណែនាំ​ដល់​នរណាម្នាក់​ដែល​ធ្វើ​ជា​អធិបតី​លើ​ពួកគេ​ឡើយ ។

រូបភាព
យ៉ូសែប ស៊្មីធ

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា ៖ « វា​មាន​សភាព​ខុស​ស្រឡះ​ពី​របៀប​របស់​ព្រះ​ចំពោះ​សមាជិក​សាសនាចក្រ ឬ មនុស្ស​គ្រប់​គ្នា ដើម្បី​ទទួល​បាន​ការណែនាំ​សម្រាប់​អ្នក​ដែល​មាន​សិទ្ធិអំណាច ដែល​មាន​តំណែង​ខ្ពស់​ជាង​ខ្លួន ហេតុដូច្នេះហើយ អ្នក​នឹង​ឃើញ​មាន​ភាពខុសឆ្គង​ក្នុង​ការស្ដាប់តាម​បង្គាប់​ពួកលោក ប៉ុន្តែ ប្រសិនបើ​បុគ្គល​ណាម្នាក់​មាន​ការនិមិត្ត ឬ ការយាង​មក​ជួប​របស់​សារទូត​ពី​សា្ថនសួគ៌ វា​ត្រូវតែ​ជា​ប្រយោជន៍ និង សេចក្ដី​ណែនាំ​សម្រាប់​ខ្លួនគេ​ផ្ទាល់ ដ្បិត គោលការណ៍​គ្រឹះ ការគ្រប់គ្រង និង គោលលទ្ធិ​នៃ​សាសនាចក្រ ត្រូវបាន​ប្រទាន​ឲ្យ​នៅ​ក្នុង​កូនសោ​ទាំងឡាយ​នៃ​នគរ​ស្រេច​ទៅ​ហើយ » (ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ] ទំព័រ ១៩៧–៩៨) ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការយល់ដឹង និង ការធ្វើតាម​គោលការណ៍​ទាំងឡាយ​នៃ​ការគ្រប់គ្រង​ការទទួលបាន​វិវរណៈ​នៅ​ក្នុង​សាសនាចក្រ ជួយ​អ្នក​ឲ្យ​ទ្រទ្រង់ ហើយ​គាំទ្រ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​របស់​យើង​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:៨-១០

ព្រះអម្ចាស់​ត្រាស់​ហៅ អូលីវើរ ខៅឌើរី ឲ្យ​ផ្សព្វផ្សាយ​ដំណឹងល្អ​ទៅ​កាន់​ពួក​សាសន៍​លេមិន

សូម​មើល​ទៅ​តួនាទី និង ការហៅ​ដែល​មាន​នៅ​ក្នុង​បញ្ជី​ខាងក្រោម រួច​គូស​រង្វង់​លើ​អ្នក​ទាំងឡាយ​ណា ដែល​អ្នក​គិត​ថា​មាន​សិទ្ធិ​ទទួលបាន​វិវរណៈ​ដើម្បី​ជួយ​ពួកគេ​បំពេញ​ការទទួលខុសត្រូវ​របស់​ខ្លួន ។

ឪពុក​ម្ដាយ

អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ

គ្រូ​បង្រៀន ឬ សួរសុខទុក្ខ​តាម​ផ្ទះ

ប៊ីស្សព ឬ ប្រធាន​សាខា

គ្រូបង្រៀន​ថ្នាក់​សាលា​ថ្ងៃអាទិត្យ

អ្នក​ផ្សព្វផ្សាយ​សាសនា

ប្រធាន​កូរ៉ុម​គ្រូ ឬ ម៉ៃម៉េត

ប្រធាន​សមាគម​សង្រ្គោះ

យើង​អាច​ស្វែងយល់​អំពី​បុគ្គល ដែល​មាន​សិទ្ធិ​ទទួល​បាន​វិវរណៈ ដើម្បី​ជួយ​ក្នុង​ការបំពេញ​ការទទួលខុសត្រូវ​ខ្លួន​ចេញ​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់ អូលីវើរ ខៅឌើរី នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៨:៨–១០ ។ សូម​អាន​ខគម្ពីរ​ទាំងនេះ រួច​ស្វែងរក​ការណ៍​ដែល​ព្រះអម្ចាស់​បាន​ត្រាស់​ហៅ អូលីវើរ ឲ្យ​ធ្វើ ។

នៅ​ក្នុង​ព្រះគម្ពីរ​មរមរន វាក្យសព្ទ ពួកសាសន៍​លេមិន សំដៅ​ទៅ​លើ​ក្រុមមនុស្ស​ដ៏​ជាក់លាក់​មួយ​ក្រុម ដែល​មួយ​ចំនួន​ជាប់​ខ្សែស្រឡាយ​របស់​លេមិន ដែល​ជា​កូនប្រុស​ច្បង​របស់​លីហៃ ។ វាក្យសព្ទ ពួកសាសន៍​លេមិន នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៨:៨ សំដៅ​ទៅ​លើ​ពួកអាមេរិកាំង​ជនជាតិ​ដើម ដែល​រស់នៅ​លើ​ព្រំដែន​ប៉ែក​បច្ចឹម​នៃ​សហរដ្ឋ ដែល​មួយ​ចំនួន​អាច​ជាប់​ខ្សែស្រឡាយ​របស់​ប្រជាជន​នៅ​ក្នុង​ព្រះគម្ពីរ​មរមរន ។

សូម​គូស​ចំណាំ​ការសន្យា និង ឱវាទ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ អូលីវើរ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៨:៨ ដែល​នឹង​ជួយ​យើង​ឲ្យ​ស្គាល់​បុគ្គល ដែល​មាន​សិទ្ធិ​ទទួលបាន​វិវរណៈ ដើម្បី​ជួយ​ពួកគេ​បំពេញ​ការទទួលខុសត្រូវ​របស់​ខ្លួន ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់ អូលីវើរ ខៅឌើរី ថា គាត់​អាច​ទទួលបាន​វិវរណៈ ដើម្បី​ជួយ​ខ្លួន​គាត់​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ២៨:៨ ជួយ​យើង​ឲ្យ​យល់​ថា យើង​អាច​នឹង​ទទួល​បាន​វិវរណៈ​សម្រាប់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន និង ដើម្បី​ជួយ​យើង​បំពេញ​ការហៅ និង ការចាត់តាំង​ដែល​បាន​ប្រគល់​ដល់​យើង ។

អ្នក​អាច​គូសរង្វង់​លើ​តួនាទី និង ការហៅ​នីមួយៗ ដែល​មាន​នៅ​ក្នុង​បញ្ជី នៅ​ពេល​ចាប់ផ្ដើម​នៃ​កណ្ឌ​នេះ ព្រោះ​បុគ្គល​ម្នាក់ៗ​ទាំងនោះ មាន​សិទ្ធិ​ទទួលបាន​វិវរណៈក្នុង​ការបំពេញ​ការទទួល​ខុសត្រូវ​រៀងៗ​ខ្លួន ។ តើ​អ្នក​គិត​ថា បុគ្គល​ទាំងនេះ​ទទួលបាន​វិរណៈ​ដើម្បី​ជា​គុណប្រយោជន៍​សម្រាប់​នរណា ? តើ​ការទទួលបាន​វិវរណៈ​សម្រាប់​បុគ្គល​ទាំងឡាយ​ណា​ដែល​ពួកគេ​មាន​ការទទួលខុសត្រូវ​លើ​នោះ ជួយ​ពួកគេ​យ៉ាង​ដូចម្ដេច ?

សូម​គិត​អំពី​របៀប​ដែល​វិវរណៈ​អាច​ជួយ​អ្នក​ក្នុង​ជីវិត​ផ្ទាល់ខ្លួន ឬ ក្នុង​ការហៅ ឬ ការចាត់តាំង​ដែល​អ្នក​មាន​នៅ​ក្នុង​សាសនាចក្រ ។

ប្រធាន ប៊យដ៏ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ព្រមាន​ថា វិវរណៈ​ផ្ទាល់ខ្លួន​ពុំ​មែន​មាន​ដើម្បី​ឲ្យ​បុគ្គល​ម្នាក់​ទទួល​បាន​វិវរណៈ ទៅ​ដឹកនាំ​បុគ្គល​ម្នាក់​ទៀត ដែល​ធ្វើ​ជា​អធិបតី​លើ​បុគ្គល​នោះ ហើយ​ផ្ដល់​ដំបូន្មាន​អំពី​វិវរណៈ​ផ្ទាល់​ខ្លួន​ដែល​គាត់​មាន​នោះ​ទេ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« វិវរណៈ​កើតឡើង​តាមរបៀប​ដ៏​ត្រឹមត្រូវ​នៅ​ក្នុង​សាសនាចក្រ ។ យើង​អាច​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លើកលែង​តែ​យើង​ត្រូវបាន​ញែកចេញ​ក្នុង​តំណែង​ជា​អធិបតី​មួយ​ចំនួន បើ​មិន​ដូច្នោះ​ទេ យើង​នឹង​មិន​អាច​ទទួលបាន​វិវរណៈ​ចំពោះ​អ្វី​ដែល​មនុស្ស​ដទៃ​គួរតែ​ធ្វើ​ឡើយ ។

« វិវរណៈ​ក្នុងសាសនាចក្រ កើត​មាន​ដល់​អ្នកទាំង​ឡាយ​ដែល​ត្រូវ​បានហៅ បានគាំទ្រ បាន​តែងតាំង ឬ​បានញែកចេញ​ដោយត្រឹមត្រូវ ។…

« បទពិសោធន៍​ខាង​វិញ្ញាណ​មិន​ប្រក្រតី​មួយ គួរតែ​ពុំ​ត្រូវបាន​ចាត់ទុក​ថា​ជា​ការហៅ​ផ្ទាល់ខ្លួន​ដើម្បី​ដឹកនាំ​មនុស្ស​ដទៃ​ឡើយ ។ វា​គឺ​ជា​ភាពជឿជាក់​របស់​ខ្ញុំ​ថា បទពិសោធន៍​នៃ​លក្ខណៈសម្បត្តិ​ពិសេស ពិសិដ្ឋ គឺ​ជា​រឿង​ផ្ទាល់ខ្លួន ហើយ​គួរតែ​ត្រូវបាន​រក្សាទុក​សម្រាប់​ខ្លួនឯង ។

« ការណ៍​មួយ​ចំនួន​រំខាន​ដល់​ដំណើរការ​នៃ​វិវរណៈ​ខ្លាំង​បំផុត នៅ​ពេល​អ្នក​ដែល​យល់​ច្រឡំ ហើយ​គិត​ថា​ពួកគេ​ត្រូវបាន​រើស​ឲ្យ​ណែនាំ​មនុស្ស​ដទៃ កាល​ពួកគេ​ពុំ​ត្រូវបាន​រើស​ទាល់តែសោះ​នោះ » ( Revelation in a Changing World,” Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ទំព័រ ១៤–១៥ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:១១-១៦

ព្រះអម្ចាស់​ណែនាំ អូលីវើរ ខៅឌើរី ឲ្យ​កែតម្រូវ ហៃរាំ ភេច ហើយ​ជួយ​ផ្សះផ្សា​សានាចក្រ​ឡើង​វិញ

សូម​អាន​សេចក្ដីណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ២៨ ឡើង​វិញ ។ បន្ទាប់មក សូម​អាន​ការណែនាំ​របស់​ព្រះអម្ចាស់​ទៅ​ដល់ អូលីវើរ ខៅឌើរី នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៨:១១–១៤ ។ តើ អូលីវើរ ត្រូវបាន​បញ្ជា​ឲ្យ​ធ្វើ​អ្វី ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជាមួយ ហៃរាំ ភេច ?

ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ២៨:១១–១៤ យើង​រៀន​ថា ថ្នាក់ដឹកនាំ​សាសនាចក្រ​មាន​ការទទួលខុសត្រូវ ដើម្បី​កែតម្រូវ​អ្នក​ទាំងឡាយ​ណា​ដែល​កំពុង​ដឹកនាំ​មនុស្ស​ដទៃ​ឲ្យ​ដើរ​ផ្លូវខុស ។ សូម​កត់ចំណាំ​ឃ្លា « អ្នក​ត្រូវ​នាំ ហៃរាំ ភេច ជា​បងប្អូន​របស់​អ្នក ដោយ​មាន​តែ​អ្នក ហើយ​នឹង​គាត់ » ( គ. និង ស. ២៨:១១ ) ។ ការណ៍​នេះ​បង្រៀន​ថា ការកែតម្រូវ​គួរតែ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សម្ងាត់ និង ប្រុងប្រយ័ត្ន ។

គោលលទ្ធិ និង សេចក្តីសញ្ញា ២៨:១៣ ក៏​បង្រៀន​ផងដែរ​ថា អ្វីៗ​គ្រប់យ៉ាង​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ត្រូវតែ​ធ្វើ​ឡើង​ដោយ​មាន​សណ្ដាប់ធ្នាប់ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៨:១៥-១៦ ដើម្បី​សិក្សា​អំពី​ឱវាទ​ចុងក្រោយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ អូលីវើរ ខៅឌើរី ។ មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៨ នោះ​មាន​សន្និសីទ​មួយ​ត្រូវបាន​រៀបចំ​ឡើង ។ យ៉ូសែប ស៊្មីធ បាន​សរសេរ​ថា « ប្រធានបទ​អំពី​ត្បូង​ដែល​បាន​លើកឡើង​ពី​ដំបូង​នោះ ត្រូវបាន​ពិភាក្សា ហើយ​បន្ទាប់​ពី​ការស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ បងប្រុស [ ហៃរាំ ] ភេច ក៏​ដូចជា​សមាជិក​ក្នុង​សាសនាចក្រ​ទាំងមូល​ដែល​មាន​វត្តមាន បាន​ប្រកាស​បដិសេធ​ត្បូង​ដែល​បាន​និយាយ​ដល់​នោះ និង ការណ៍​គ្រប់​យ៉ាង​ដែល​ទាក់ទង​នឹង​វា ដើម្បី​ជា​ការស្កប់ចិត្ត និង សុភមង្គល​ដល់​យើង » ( នៅ​ក្នុង History of the Church ១:១១៥ ) ។

  1. ដើម្បី​ជួយ​អ្នក​អនុវត្ត​គោលការណ៍ និង គោលលទ្ធិ​ទាំងឡាយ​ដែល​បាន​បង្រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨ សូម​អាន​សេចក្ដីថ្លែង​ខាងក្រោម​នេះ បន្ទាប់​មក សរសេរ​សេចក្ដីពិត​សំខាន់ៗ ដែល​អ្នក​រៀន​ចេញ​ពី​មេរៀន​នៅ​ថ្ងៃ​នេះ ដែល​អ្នក​មាន​អារម្មណ៍​ថា​គួរ​អនុវត្ត​ល្អ​បំផុត ។ សេចក្ដីពិត​ទីមួយ​ត្រូវបាន​ឆ្លើយ​សម្រាប់​ជា​ឧទាហរណ៍​ដល់​អ្នក ។

    1. អ្នក​កំពុង​រៀបចំ​ដើម្បី​ឡើងនិយាយ​ក្នុង​ការប្រជុំ​សាក្រាម៉ង់ ហើយ​បាន​រកឃើញ​ខគម្ពីរ ប្រសាសន៍​ដកស្រង់ និង ដំណើររឿង​ជាច្រើន​ដែល​អ្នក​អាច​បញ្ចូល​ទៅ​ក្នុង​ការឡើងនិយាយ​របស់​អ្នក ។ អ្នក​ពុំ​ប្រាកដ​ថា​ត្រូវ​ប្រើប្រាស់​មួយ​ណា ឬ ត្រូវ​និយាយ​អ្វី​នោះ​ទេ ។

      គោលការណ៍ ៖ យើង​អាច​នឹង​ទទួល​បាន​វិវរណៈ​សម្រាប់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន និង ដើម្បី​ជួយ​យើង​បំពេញ​ការហៅ និង ការចាត់តាំង​ដែល​បាន​ប្រគល់​ដល់​យើង ។

    2. អ្នក​ទទួល​បាន​សារ​អេឡិចត្រូនិក​មួយ ដែល​ប្រកាស​ថា​មាន​ព័ត៌មាន​ស្ដីពី​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព័ត៌មាន​នោះ​ពុំ​ស្រប​ទៅ​នឹង​ការបង្រៀន​របស់​ព្យាការី​ដែល​កំពុង​រស់នៅ​ឡើយ ។

    3. មិត្ត​ភក្ដិ​ម្នាក់​មិន​សូវ​សប្បាយ​ចិត្ត​នឹង​ប៊ីស្សព​របស់​នាង ដែល​គាត់​ទើបតែ​បាន​ហៅ​ប្រធាន​ថ្នាក់​យុវនារី​ថ្មី​ម្នាក់​នៅក្នុង​វួដ​របស់​នាង ។ មិត្ត​ភក្ដិ​របស់​អ្នក​មាន​អារម្មណ៍​ថា មនុស្ស​ផ្សេង​ទៀត​គួរតែ​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​នេះ ។

    4. បងស្រី​របស់​អ្នក​បាន​ដើរលេង​ជា​គូ​ជាមួយ​នឹង​សមាជិក​សាសនាចក្រ​ម្នាក់ ។ គាត់​បាន​ប្រាប់​នាង​ថា ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព​ម្នាក់ គាត់​ទទួលបាន​វិវរណៈ​ថា នាង​គួរតែ​រៀបការ​ជាមួយ​គាត់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នាង​បាន​អធិស្ឋាន​អំពី​ការសម្រេចចិត្ត​នេះ ហើយ​ពុំ​ទាន់​បាន​ទទួល​ចម្លើយ​ច្បាស់លាស់​មួយ​ឡើយ ផ្ទុយទៅវិញ នាង​មាន​អារម្មណ៍​ថា​ច្របូកច្របល់​ក្នុង​ចិត្ត និង ត្រូវគេ​ដាក់​សម្ពាធ​លើ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២៨ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖