ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១ ៖ ថ្ងៃ​ទី ១ ផែនការ​នៃ​សេចក្តី​សង្គ្រោះ


មេរៀន​ទី ១ ៖ ថ្ងៃ​ទី ១

ផែនការ​នៃ​សេចក្តី​សង្គ្រោះ

សេចក្តីផ្តើម

តើ​អ្នក​ធ្លាប់​ឆ្ងល់​ពី​មូលហេតុ​ដែល​ព្រះ​ទ្រង់​ត្រាស់​បញ្ជា​ឲ្យ​យើង​ធ្វើ​កិច្ចការ​មួយ​ចំនួន និង​មួយ​ចំនួន​ទៀត​ទ្រង់​ហាម​មិន​ឲ្យ​ធ្វើ​ដែរ​ឬ​ទេ ? ទស្សន​ទូទៅ​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​សេចក្តីសង្គ្រោះ​របស់​យើង ដែល​ពេល​ខ្លះ​ត្រូវ​បាន​ហៅ​ថា​ជា​ផែនការ​នៃ​សុភមង្គល អាច​ជួយ​យើង​ឲ្យ​យល់ដឹង​កាន់តែ​ច្បាស់​ពី​គោលបំណង​នៃ​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ ប្រធាន ប៊យដ៏ ឃេ ផាកកឺ ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « ចំណេះដឹង​អំពី​ផែនការ​នៃ​សុភមង្គល ទោះ​ជា​ក្នុង​ទម្រង់​ក្រៅ ក៏​អាច​ផ្ដល់​ជា​ពាក្យ​ថា ‹ ហេតុ​អ្វី › ដល់​អ្នក​ដែល​មាន​គំនិត​ក្មេងខ្ចី​ដែរ » ( « The Great Plan of Happiness » [ address toCES religious educators ថ្ងៃ​ទី ១០ ខែ សីហា ឆ្នាំ ១៩៩៣ ] ទំព័រ ៣ si.lds.org ) ។

មេរៀន​នេះ​ផ្ដល់​ជា​ទិដ្ឋភាព​ទូទៅ​សង្ខេប​មួយ​អំពី ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ ដូច​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ថា វា​ផ្ដោត​សំខាន់​ទៅ​លើ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល « ជា​សេចក្ដីពិត​ដ៏​សំខាន់​បំផុត គ្រឹះ​ដ៏​សំខាន់​ក្រៃលែង និង​ជា​គោលការណ៍​ចម្បង​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ដ៏​មហិមា និង​អស់កល្ប​ជានិច្ច » ( «កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង ដង្វាយធួន » Ensignខែ មីនា ឆ្នាំ ២០០១ ទំព័រ ៨ ) ។

ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​សុភមង្គល​របស់​យើង

ព្រះ​បាន​បើក​សម្ដែង​គោលបំណង​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ទៅ​ដល់​ម៉ូសេ កាល​ទ្រង់​បាន​ជួប​លោក​ដោយ​ផ្ទាល់​នៅ​លើ​ភ្នំ ។ សូម​អាន ម៉ូសេ ១:៣៩ រួច​ស្វែងរក​អ្វី​ដែល​ព្រះ​បាន​មាន​ព្រះបន្ទូល​ថា​ជា​ព្រះរាជ​បំណង​របស់​ទ្រង់ ។

តើ​អ្នក​ស្គាល់​ពី​ភាពខុស​គ្នា​រវាង « អមតភាព » និង « ជីវិត​អស់កល្ប » ដែរ​ឬ​ទេ ? អមតភាព គឺ​ជា​ជីវិត​ដែល​អាច​រស់​នៅ​ដោយ​និរន្តរ៍​ក្នុង​ស្ថានភាព​ដែល​បាន​រស់​ឡើង​វិញ ។ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​ទាំង​អស់​ដែល​មក​ចាប់​កំណើត​នៅ​លើ​ផែនដី​នេះ​ដើម្បី​ទទួល​រូបកាយ​ខាង​សាច់ឈាម នឹង​ទទួល​បាន​អំណោយទាន​មួយ​នេះ ។ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ឬ​ភាពតម្កើងឡើង គឺ​ជា​ជីវិត​រស់​នៅ​ដោយ​និរន្តរ៍​ជា​ក្រុមគ្រួសារ​ក្នុង​វត្តមាន​របស់​ព្រះ ។ អំណោយទាន​មួយ​នេះ​ក៏​កើត​មាន​តាម​រយៈ​ដង្វាយធួន​ដែរ ប៉ុន្តែ​គឺ​សម្រាប់​តែ​អស់​អ្នក​ណា​ដែល​មាន​គុណសម្បត្តិ​សម​នឹង​ទទួល​តែ​ប៉ុណ្ណោះ ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ថា ៖ « ដូច​ដែល​បាន​ប្រើ​ក្នុង​ព្រះគម្ពីរ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ចគឺ​ជា​ឈ្មោះ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដល់​ជីវិត​ដែល​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច​ទ្រង់​កំពុង​មាន​ព្រះជន្មរស់ ។… ជីវិត​របស់​ព្រះ​គឺ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺ​ជា​ជីវិត​របស់​ព្រះ—វោហារសព្ទ​ទាំង​នេះ​មាន​ន័យ​ដូចគ្នា » (Mormon Doctrineការបោះពុម្ព​លើក​ទី​ពីរ [ ឆ្នាំ ១៩៦៦ ] ទំព័រ ២៣៧ ) ។

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« អមតភាព​គិត​អំពី​បរិមាណ ។ ជីវិត​អស់កល្បជានិច្ច គឺ​គិត​អំពីគុណភាព ។…

« ជីវិត​ដ៏​នៅអស់កល្បជានិច្ច គឺ​ជា​ចំណុច​ខ្ពស់បំផុត​នៃ​ជីវិត ។ ក្នុង​នាម​ជា​កូនចៅ​ខាង​វិញ្ញាណ​របស់ព្រះ បង​ប្អូន និង​ខ្ញុំ គឺ​ជា​អ្នក​ទទួល​មរតក​ចំពោះ​ជោគវាសនា​ដែលពុំ​អាច​កាត់​ថ្លៃ​បាន​នេះ ជា​អ្នក​ផ្ដល់​ប្រយោជន៍​ចំពោះ​អនាគត​ដ៏​រុងរឿង​មួយ ជា​អ្នក​ទទួល​ព្រះគុណ ។

« បើ​ជីវិត​អមតៈ គឺ​ជា​កិច្ចការ​របស់ព្រះ នោះជីវិត​ដ៏នៅអស់កល្បជានិច្ច គឺ​ជា​សិរីល្អ​របស់ព្រះ » (« តើ​ជីវិត​អមតៈ និង ជីវិត​អស់កល្បជានិច្ច​ខុស​គ្នា​យ៉ាង​ដូចម្តេច ? New Era ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨ ) ។

ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច រួម​មាន​ទាំង​ការរស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ ការប្រែក្លាយ​ដូច​ជា​ទ្រង់​ខាង​រូបកាយ និង​លក្ខណៈសម្បត្តិ និង​ការទទួល​បាន​អ្វីៗ​គ្រប់​យ៉ាង​ដែល​ទ្រង់​មាន រួម​មាន​ក្រុមគ្រួសារ​អស់កល្ប​ជានិច្ច ។

ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​ក្នុង ម៉ូសេ ១:៣៩ សូម​បំពេញ​សេចក្ដី​ថ្លែងការណ៍​ខាង​គោលលទ្ធិ​ចំពោះ​ផែនការ​របស់​ព្រះវរបិតាសួគ៌​ដូច​តទៅនេះ ៖ គោលបំណង​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​គឺ​ដើម្បី​ឲ្យ​យើង​អាច​ទទួល​បាន

ក្នុង​ជីវិត​មុន​ជីវិត​នេះ យើង​បាន​រស់នៅ​ជា​វិញ្ញាណ​ក្នុង​វត្តមាន​របស់​ព្រះវរបិតាសួគ៌ ។ នៅ​ទីនោះ​យើង​បាន​យល់ដឹង​អំពី​ផែនការ​ទ្រង់​សម្រាប់​សុភមង្គល​របស់​យើង និង​របៀប​ដែល​ការធ្វើតាម​ផែនការ​នោះ​នឹង​ជួយ​យើង​ឲ្យ​បំពេញ​គោលបំណង​ទ្រង់​ដែល​មាន​សម្រាប់​យើង ។ ( សូម​មើល គ. និង ស. ១៣៨:៥៥–៥៦ អ័ប្រាហាំ ៣:២២–២៨ ។ )

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តាម​ការយល់ដឹង​របស់​អ្នក តើ​យើង​មាន​សភាព​ខុស​ប្លែក​ពី​ព្រះវរបិតាសួគ៌​របស់​យើង​យ៉ាង​ដូច​ម្ដេច ក្នុង​ជីវិត​មុន​ផែនដី ?

    2. តើ​ព្រះវរបិតាសួគ៌​បាន​បង្ហាញ ហើយ​ប្រទាន​អ្វី​ដល់​យើង​ដើម្បី​ជួយ​យើងឲ្យ​ប្រែក្លាយ​ដូច​ជា​ទ្រង់ ?

  2. ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង​តម្រូវ​ឲ្យ​យើង​ចាកចេញ​ពី​វត្តមាន​ទ្រង់ ហើយ​មក​ដក​ពិសោធន៍​ក្នុង​ជីវិត​លើ​ផែនដី ។ ជីវិត​របស់​យើង​នៅ​លើ​ផែនដី នេះ​ជា​ញឹកញាប់​ត្រូវបាន​ហៅ​ថា ជីវិត​រមែងស្លាប់ ។ សូម​ពិចារណា​មួយ​ស្របក់​ពី​មូលហេតុ​ដែល​យើង​ត្រូវ​ចាកចេញ​ពី​វត្តមាន​របស់​ព្រះ និង​ពី​របៀប​ដែល​ជីវិត​រមែងស្លាប់​ជួយ​យើង​ឲ្យ​រីកចម្រើន ហើយ​ប្រែក្លាយ​កាន់តែ​ដូច​ជា​ព្រះវរបិតាសួគ៌​របស់​យើង ។ សូម​សរសេរ​គំនិត​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​មាន​ប្រសាសន៍​ពី​ជីវិត​រមែងស្លាប់​របស់​យើង​លើ​ផែនដី​នេះ​ថា ៖ « ព្រះ​បាន​ប្រទាន​ដល់​យើង​នូវ​ផែនការ​មួយ ។ ទ្រង់​បាន​បញ្ជូន​យើង​ទាំង​អស់​គ្នា​មក​លើ​ផែនដី​នេះ​ដើម្បី​ទទួល​បាន​រូបកាយ និង​ដើម្បី​ដកពិសោធន៍ ហើយ​រីកចម្រើន » ( The Teachings of Spencer W. Kimball, បាន​បោះពុម្ព​ដោយ Edward L. Kimball [ ឆ្នាំ ១៩៨២ ] ទំព័រ ២៥ ការសង្កត់​ន័យ​ត្រូវបាន​បន្ថែម ) ។ តើ​ការទទួល​បាន​រូបកាយ​សាច់ឈាម និង​ការដកពិសោធន៍​លើ​ផែនដី​ជួយ​យើង​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ? តើ​ឧបសគ្គ​នានា​មាន​ដូចជា​ការល្បួង ជំងឺ ទុក្ខព្រួយ ការឈឺចាប់ ការបាក់​ទឹក​ចិត្ត អសមត្ថភាព ថែមទាំង​ទុក្ខលំបាក​ក្នុង​ជីវិត​រមែងស្លាប់​ដទៃ​ទៀត មាន​តួនាទី​ដូចម្ដេច​ក្នុង​ការខិតខំ​របស់​យើង​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ ?

ឧបសគ្គ​ធំ​មួយ​ដែល​យើង​ប្រឈម​មុខ​ក្នុង​ជីវិត​រមែងស្លាប់​គឺ អំពើបាប ។ អំពើបាប​រារាំង​យើង​ពី​ការប្រែក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ និង​ការត្រឡប់​ទៅ​រស់នៅ​ជាមួយ​នឹង​ទ្រង់​វិញ ( សូម​មើល គ. និង ស. ២០:១៨–២០; ម៉ូសេ ៦:៥៧ ) ។ អំពើបាប​ពុំ​គ្រាន់តែ​ធ្វើ​ឲ្យ​យើង​ពុំ​ស្អាតស្អំ​នោះ​ទេ ប៉ុន្តែ កាល​យើង​ប្រព្រឹត្ត​បាប​ក៏​ផ្ទុយ​ទៅ​នឹង​និស្ស័យ​នៃ​ព្រះ​ដែរ—យើង​ពុំ​អាច​បន្ត​ប្រព្រឹត្ត​បាប ហើយ​នៅ​តែ​អាច​ចាប់​យក​គោលដៅ​នៃ​ការប្រែក្លាយ​ដូចជា​ព្រះវរបិតាសួគ៌​បាន​ឡើយ ( សូមមើល អាលម៉ា ៤១:១០–១១ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៤០–៤២ រួច​គូសចំណាំ​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ឲ្យ​ដើម្បី​យក​ឈ្នះ​លើ​អំពើបាប ។

រូបភាព
ព្រះយេស៊ូវ​កំពុងអធិស្ឋាន​នៅ​ក្នុងសួន​ច្បារ​គែតសេម៉ានី
រូបភាព
ការឆ្កាង

ភាពពិត​ដែល ព្រះយេស៊ូវគ្រីស្ទ​បាន​រងឈឺចាប់ ហើយ​ត្រូវ​គេ​ឆ្កាង​ជំនួស​អំពើបាប​នៃ​មនុស្ស​ទាំង​អស់ គឺ​ជា​គោលលទ្ធិ​សំខាន់​ក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​យើង ហើយ​អាច​ផ្ដល់​ជា​សេចក្ដី​សង្ឃឹម​ដល់​កូនចៅ​ព្រះវរបិតាសួគ៌​ទាំង​អស់​គ្នា ។ សូម​យក​ពេល​មួយ​ស្របក់​សញ្ជឹង​គិត​ពី​អ្វី​ដែល​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​មាន​ន័យ​ចំពោះ​អ្នក ។

ទោះជា​ព្រះយេស៊ូវគ្រីស្ទ​ទទួល​ទោស​ជំនួស​អំពើបាប​របស់​យើង​យ៉ាង​ណាក្ដី ក៏​ទ្រង់​ពុំ​ដក​យក​ការទទួល​ខុសត្រូវ​ផ្ទាល់ខ្លួន​របស់​យើង​ដែរ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:២២–២៣; ២៥:១៣, ១៥ ហើយ​ស្វែងរក​អ្វី​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​ដើម្បី​ទទួល​បាន​អំណាច​នៃ​ការលាងសម្អាត​របស់​ដង្វាយធួន ហើយ​ដើម្បី​ត្រឡប់​ទៅ​រស់នៅ​ក្នុង​វត្តមាន​ព្រះវរបិតាសួគ៌​វិញ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

  1. យោង​ទៅ​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:២២–២៣; ២៥:១៣, ១៥ តើ​យើង​ត្រូវតែ​ធ្វើ​អ្វី​ខ្លះ ដើម្បី​មក​រក​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​បាន​ពរជ័យ​នៃ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ? សូម​សរសេរ​ចម្លើយ​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ប្រសិនបើ​យើង​គោរពប្រតិបត្តិ​តាម​គោលការណ៍ និង​ពិធី​បរិសុទ្ធ​នានា​នៃ​ដំណឹងល្អ យើង​អាច​យក​ឈ្នះ​លើ​អំពើបាប​តាម​រយៈ​ព្រះគុណ និង​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន ( សូមមើល មរ៉ូណៃ ១០:៣២–៣៣ ) ។ ដោយសារ​តែ​ដង្វាយធួន ទើប​នៅ​ពេល​យើង​រក្សា​សេចក្ដី​សញ្ញា​ដែល​យើង​ធ្វើ​នៅ​ពេល​ទទួល​បុណ្យ​ជ្រមុជទឹក នោះ​យើង​អាច​ប្រែចិត្ត ហើយ​ត្រូវ​បាន​អភ័យទោស​ពី​អំពើបាប​របស់​យើង ហើយ​ទទួល​បាន​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​នាំ​យើង​ដើរ​តាម​មាគ៌ា​ឆ្ពោះ​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ក្រៅ​ពី​អំពើបាប មាន​ឧបសគ្គ​មួយ​ទៀត​ដែល​យើង​ត្រូវតែ​យក​ឈ្នះ​ឲ្យ​បាន​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ សូម​អាន អាលម៉ា ១២:២៤ រួច​ប្រាប់​ឧបសគ្គ​នោះ ។

នៅពេល​យើង​ស្លាប់ នោះ​វិញ្ញាណ និង រូបកាយ​របស់​យើង​បែក​ចេញ​ពី​គ្នា ។ ប្រសិនបើ​វិញ្ញាណ និង​រូបកាយ​របស់​យើង​បែក​ចេញ​ពី​គ្នា​ជា​រៀង​រហូត នោះ​វា​នឹង​មិន​អាច​ទៅ​រួច​ឡើយ​ដើម្បី​ប្រែក្លាយ​ឲ្យ​ដូច​ជា​ព្រះ​នោះ ។ យើង​ពុំ​អាច​ប្រែក្លាយ​ដូច​ជា​ព្រះវរបិតាសួគ៌​ដោយ​គ្មាន​រូបកាយ​នៃ​សាច់ និង​ឆ្អឹង​បាន​ឡើយ( សូម​មើល គ. និង ស. ៩៣:៣៣–៣៤; ១៣០:២២) ។

សូម​អាន អាលម៉ា ១១:៤២–៤៥ រួច​ស្វែងរក​ថាតើ​ការបែកចេញ​ពី​គ្នា​នៃ​វិញ្ញាណ និង​រូបកាយ​របស់​យើង ដែល​កើត​ឡើង​នៅ​ពេល​យើង​ស្លាប់​នោះត្រូវបាន​យក​ឈ្នះ​ដោយ​របៀប​ណា ។

រូបភាព
ម៉ារា និង​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​បាន​ជា​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ដំណឹងល្អ​សម្រាប់​មនុស្ស​គ្រប់​រូប ?

    2. តើ​សេចក្ដី​សង្ឃឹម​នៃ​ដំណើរ​រស់ឡើងវិញ​នាំ​មក​នូវ​សេចក្ដី​អំណរ​ដល់​អ្នក​យ៉ាង​ដូចម្ដេច ?

ដូច​ដែល​អ្នក​បាន​អាន​មុន​នេះ​ថា អមតភាព​គឺ​ជា​អំណោយទាន​នៃ​ដង្វាយធួន​ព្រះយេស៊ូវគ្រីស្ទ​ដែល​មនុស្ស​គ្រប់​រូប​នឹង​ទទួល​បាន ដោយ​មិន​គិត​ថា​ពួក​គេ​បាន​ប្រព្រឹត្ត​ល្អ ឬ​អាក្រក់​កាល​កំពុង​រស់​ក្នុង​ជីវិត​រមែង​ស្លាប់​នោះ​ឡើយ ( សូម​មើល អាលម៉ា ១១:៤២–៤៥; គ. និង ស. ១៣៨:១៤–១៧ ) ។ ដោយសារ​តែ​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​នេះ​ហើយ ទើប​មនុស្ស​លោក​ទាំងអស់​នឹង​រស់ឡើងវិញ ហើយ​រស់នៅ​ជា​និរន្តរ៍ ។ ទោះជាយ៉ាងណាក៏ដោយ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺ​ជា​អំណោយទាន​ពី​ព្រះ​ទៅ​ដល់​តែ​អស់​អ្នក​ដែល​គោរពប្រតិបត្តិ​តាម​ច្បាប់ និង​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ទ្រង់​ប៉ុណ្ណោះ ( សូម​មើល គ. និង ស. ១៤:៧ ) ។

រូបភាព
ឌីយ៉ាក្រាម​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ
  1. សូម​សង្ខេប​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​សុភមង្គល​របស់​យើង​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​ញែក​ពេល​វេលា​មួយ ដើម្បី​បង្រៀន​ពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង ទៅ​កាន់​សមាជិក​គ្រួសារ​ម្នាក់ ឬ​មិត្ត​ម្នាក់​ដោយ​ផ្ទាល់ ។ នៅ​ពេល​អ្នក​ពន្យល់​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នោះ អ្នក​អាច​គូរ​ឌីយ៉ាក្រាម​ដើម្បី​ធ្វើ​ជា​ជំនួយ ។ សូម​ប្រុងប្រៀប​ជាស្រេច​ដើម្បី​ចែកចាយ​បទពិសោធន៍​ជាមួយ​គ្រូ​របស់​អ្នក ។

មេរៀន​នេះ​បាន​ផ្ដល់​តែ​ការពន្យល់​សង្ខេប​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​តែ​ប៉ុណ្ណោះ ។ ក្នុង​ការសិក្សា​របស់​អ្នក​អំពី គោលលទ្ធិ និង សេចក្ដី​សញ្ញា នៅ​ឆ្នាំ​នេះ អ្នក​នឹង​រៀន​ពី​សេចក្ដី​ពិត​ជា​ច្រើន​បន្ថែម​ទៀត​ដែល​ទាក់ទង​ទៅ​នឹង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ នៅ​ពេល​អ្នក​រៀន​បន្ថែម​ពី​ផែនការ​នេះ សូម​ស្វែងរក​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក ហើយ​ទោរទន់​ទៅ​រក​ការបំផុសគំនិត​របស់​ព្រះវិញ្ញាណ​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ទទួលបាន​ពរជ័យ​ពេញលេញ​ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ឲ្យ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​មេរៀន​អំពី « ផែនការ​នៃ​សេចក្តី​សង្គ្រោះ » ហើយ​បាន​បញ្ចប់​វា​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖