ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥ ៖ ថ្ងៃ​ទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ១៧


មេរៀន​ទី ៥ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្តីសញ្ញា ១៧

បុព្វកថា

កាល​កំពុង​បកប្រែ​ព្រះគម្ពីរ​មរមន ព្យាការី យ៉ូសែប ស៊្មីធ បាន​ស្វែងយល់​ថា ពួក​សាក្សី​បី​នាក់​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឃើញ​ផ្ទាំងចំណារ « ដោយ​ព្រះចេស្ដា​នៃ​ព្រះ » ( សូម​មើល នីហ្វៃទី​២ ២៧:១២–១៤ អេធើរ ៥:២–៤ ) ។ នៅ​ពេល អូលីវើរ ខៅឌើរី និង ដេវីឌ វិតមើរ បាន​ស្វែងយល់​ពី​ការណ៍​នេះ ពួក​គាត់​ទាំងពីរ​នាក់​មាន​ការបំផុសគំនិត​មួយ​ចង់​ធ្វើ​ជា​សាក្សី ។ នៅ​ក្នុង​វិវរណៈ​មុន ( គ. និង ស. ៥ ) ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់ ម៉ាទិន ហារីស ថា ប្រសិនបើ​គាត់​មាន​ចិត្ត​រាបសា ហើយ​គោរពប្រតិបត្តិ​គ្រប់គ្រាន់​ហើយ​នោះ គាត់​នឹង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឃើញ​ផ្ទាំងចំណារ ។ អូលីវើរ ខៅឌើរី ដាវីឌ វិតមើរ និង ម៉ាទិន ហារីស បាន​សូម​ឲ្យ​ព្យាការី​ទូល​សួរ​ដល់​ព្រះអម្ចាស់ ថាតើ​ពួកគាត់​អាច​នឹង​បាន​អនុញ្ញាត​ឲ្យ​ទទួល​បាន​ឱកាស​នេះ​ដែរ​ឬ​ទេ ។ វិវរណៈ​ដែល​អ្នក​នឹង​សិក្សា​នៅ​ថ្ងៃ​នេះ​គឺ គោលលទ្ធិ និង សេចក្តីសញ្ញា ១៧ បាន​បញ្ជាក់​ប្រាប់​ថា បុរស​ទាំង​បី​រូប​នេះ នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឃើញ​ផ្ទាំងចំណារ និង វត្ថុ​ដែល​ទាក់ទង​ផ្សេងៗ​ទៀត ប្រសិនបើ​ពួកគាត់​អនុវត្ត​សេចក្ដី​ជំនឿ​បាន​គ្រប់គ្រាន់ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៧

ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ប្រាប់ អូលីវើរ ខៅឌើរី ដាវីឌ វិតមើរ និង ម៉ាទិន ហារីស ថា ប្រសិនបើ​ពួកគាត់​មាន​សេចក្ដី​ជំនឿ​គ្រប់គ្រាន់ នោះ​ពួកគាត់​នឹង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឃើញ​ផ្ទាំងចំណារ និង វត្ថុ​ពិសិដ្ឋ​ដទៃ​ទៀត ។

មាន​កន្លែង​ចំនួន​ពីរ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ដែល​មាន​ចែង​នូវ​ការព្យាករណ៍​អំពី​ពួកសាក្សី​ដែល​នឹង​ឃើញ ហើយ​ថ្លែងទីបន្ទាល់​អំពី​ព្រះគម្ពីរ ឬ ផ្ទាំងចំណារ​ដែល​មាន​នូវ​បញ្ជីប្រវត្តិ ។ សូម​អាន នីហ្វៃទី​២ ២៧:១២–១៤ និង អេធើរ ៥:២–៤ រួច​គិត​ថា​វា​នឹង​មាន​លក្ខណៈ​ដូច​ម្ដេច​ដើម្បី​ធ្វើជា​សាក្សី​មួយ​រូប​ចំពោះ​ផ្ទាំងចំណារ ។ ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​បទគម្ពីរ​ទាំងនេះ តើ​ពួកសាក្សីទាំង​បី​នាក់​នោះ នឹង​ត្រូវបាន​បង្ហាញ​បញ្ជី​ប្រវត្តិ​ឲ្យ​ឃើញ​តាម​របៀប​ណា ?

រូបភាព
សាក្សី​បីនាក់

លោកអូលីវើរ ខៅឌើរី លោកដាវីឌ វិតមើរ និង លោកម៉ាទិន ហារីស

តាម​រយៈ​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់ យ៉ូសែប ស៊្មីធ ថា អូលីវើរ ខៅឌើរី ដាវីឌ វិតមើរ និង ម៉ាទិន ហារីស នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឃើញ​ផ្ទាំងចំណារ ។ សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៧:១ ។ បន្ថែម​ពី​លើ​ផ្ទាំងចំណារ​នោះ តើ​មាន​វត្ថុ​អ្វី​ផ្សេង​ទៀត​ដែល​ពួក​សាក្សី​ទាំងនេះ​នឹង​អាច​ឃើញ ? ( លេខ​យោង ១ មាន​នូវ​សេចក្ដីយោង​ទៅកាន់​អ្វី​ដែល​ជា « របស់​ដៅទិស​ដ៏​អស្ចារ្យ » រួមបញ្ចូល​ទាំង នីហ្វៃទី១ ១៦:១០, ១៦, ២៦ និង អាលម៉ា ៣៧:៣៨–៤៧) ។

សូម​គិត​អំពី​របៀប​ដែល​វត្ថុ​ដ៏​ពិសិដ្ឋ​ទាំងនេះ ( មាន​ដូចជា ដាវ​របស់​ឡាបាន់ និង លីអាហូណា ) អាច​បន្ថែម​ភស្ដុតាង​លើ​ភាពជាក់ស្ដែង​នៃ​តួអង្គ និង ព្រឹត្តិការណ៍​នានា​ដែល​មាន​កត់ត្រា​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៧:២–៣ ។ តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ពួកសាក្សី​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ពីមុន​ពួកគេ​អាច​ឃើញ​ផ្ទាំងចំណារ ?

  1. សូម​ឆ្លើយ​នឹង​សំណួរ​ដូចតទៅ​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា​ហេតុអ្វី​សាក្សី​ទាំងនេះ​ត្រូវ​មាន​សេចក្ដី​ជំនឿ​ពីមុន​ពួកគេ​អាច​ឃើញ​ផ្ទាំងចំណារ​មាស ?

ទោះជា​យើង​អាច​នឹង​មិន​ទទួល​បាន​សាក្សី​មួយ​តាម​របៀប​ដូចគ្នា​ដែល​ពួក​សាក្សី​បី​នាក់​ក៏​ដោយ ក៏​យើង​អាច​ទទួល​បាន​សាក្សី​នៃ​សេចក្ដីពិត​ដែល​យើង​ចង់​ដឹង​ដែរ ។ សូម​ពិចារណា​អំពី​អ្វី​ដែល គោលលទ្ធិ និង សេចក្តីសញ្ញា ១៧:១–៣ បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​ទទួល​បាន​សាក្សី​ផ្ទាល់ខ្លួន​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ។ រួច​សូម​បំពេញ​គោលការណ៍​ដូចតទៅ​នេះ ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​ស្វែងយល់​ចេញ​ពី​ខគម្ពីរ​ទាំងនេះ ៖ ប្រសិនបើយើង នោះ​យើង​អាច​ទទួលបាន​សាក្សី​នៃ​សេចក្ដីពិត​ដែល​យើង​ចង់​ដឹង ។

  1. សូម​ពិពណ៌នា​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​របៀប​ដែល​អ្នក​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះ​ដើម្បី​ទទួល​បាន​សាក្សី​អំពី​ព្រះគម្ពីរ​មរមន និង សេចក្ដីពិត​នៃ​ដំណឹងល្អ​ដទៃ​ទៀត ។ ឬ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា មិន​ទាន់​បាន​ទទួល​សាក្សី​នៅ​ឡើយ សូម​ពន្យល់​ពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​សេចក្ដី​ជំនឿ​ដើម្បី​អ្នក​អាច​ទទួល​បាន​ទីបន្ទាល់​នៃ​ព្រះគម្ពីរ​មរមន ។

ម្ដាយ​របស់ យ៉ូសែប ស៊្មីធ គឺ លូស៊ី ម៉ាក ស្ម៊ីធ បាន​សរសេរ​ពី​របៀប​ដែល ម៉ាទិន ហារីស ត្រូវបាន​ព្រះ​មាន​បន្ទូល​ប្រាប់​ថា គាត់​អាច​ធ្វើ​ជា​សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី​ទាំង​បី​នាក់​បាន ។ បន្ទាប់​ពី​រាត្រី​ដែល​បាន​អាន​នៅ​ក្នុង​ច្បាប់​សរសេរដៃនៃ​ព្រះគម្ពីរ​មរមន​ដែល​ត្រូវបាន​បញ្ចប់​ថ្មី​នោះ « នៅ​ព្រឹក​បន្ទាប់ ក្រោយ​ពី​បាន​ធ្វើ​ការងារ​ដូច​សព្វដង​ដូចជា ការអាន ច្រៀង និង អធិស្ឋាន យ៉ូសែប​បាន​ក្រោក​ពី​លុតជង្គង់ ហើយ​បាន​ដើរ​សំដៅ​ទៅ ម៉ាទិន ហារីស ទាំង​ចិត្ត​មុតមាំ បើ​តាម​ខ្ញុំ​ចាំ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រំជួលចិត្ត​ដល់​សព្វថ្ងៃ​នេះ គាត់​បាន​ពោល​ថា ‹ ម៉ាទីន ហារីស នៅ​ថ្ងៃ​នេះ​លោក​ត្រូវតែ​មាន​ចិត្ត​រាបសា​ចំពោះ​ព្រះ ដល់​កម្រិត​ដែល​លោក​អាច​ទទួល​បាន​ការអភ័យទោស​ដល់​អំពើបាប​របស់​លោក ។ បើ​លោក​មាន​ចិត្ត​រាបសា​មែន​នោះ វា​ជា​ព្រះឆន្ទៈ​ព្រះ​ដែល​លោក​គួរតែ​អាច​ឃើញ​ផ្ទាំងចំណារ ជាមួយ​នឹង អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ › ( History of Joseph Smith by His Mother, ed. Preston Nibley [ ឆ្នាំ ១៩៥៨ ] ទំព័រ ១៥១–៥២ ) ។

សូម​ពិចារណា​ទៅ​លើ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​វា​ចាំបាច់​ដើម្បី​មាន​ចិត្ត​រាបសា នៅ​ពេល​យើង​ស្វែងរក​ការអភ័យទោស​ពី​ព្រះ ?

  • តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​យើង​ត្រូវ​ស្វែងរក​ការអភ័យទោស​ពី​ព្រះ​នៅ​ពេល​យើង​ចង់​ទទួលបាន​សាក្សី​នៃ​សេចក្ដីពិត​ពី​ទ្រង់ ?

សូម​គិត​ពី​ការដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី​ទាំង​បី​នាក់ ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឃើញ​ផ្ទាំងចំណារ « ដោយ​ព្រះចេស្ដា​នៃ​ព្រះ » ។ តើ​ការទទួល​ខុសត្រូវ​បែប​ណា​ដែល​អ្នក​នឹង​គិត​ថា​មាន​បន្ទាប់​ពី​ទទួលបាន​បទពិសោធន៍​នេះ ? ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពី​ការទទួលខុសត្រូវ​នៃ​ការធ្វើជា​សាក្សី​នៃ​ផ្ទាំងចំណារ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៧:៣–៥ ដោយ​ស្វែងរក​ការណ៍​ដែល​ព្រះអម្ចាស់​បាន​ត្រាស់បញ្ជា​ឲ្យ​ពួកសាក្សី​បី​នាក់​ធ្វើ បន្ទាប់​ពី​បាន​ឃើញ​ផ្ទាំងចំណារ​ហើយ ។

សូម​ពិចារណា​អំពី​ការទទួលខុសត្រូវ​ដែល​យើង​មាន​នៅ​ពេល​ព្រះអម្ចាស់​ប្រទាន​សាក្សី​មួយ​នៃ​សេចក្ដីពិត​ដ៏​ទេវភាព​ឲ្យ​យើង ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លា​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង ខទី ៣ ដែល​បង្រៀន​ពី​គោលការណ៍​ដូចតទៅ​នេះ ៖ បន្ទាប់​ពី​យើង​ទទួលបាន​សាក្សី​នៃ​សេចក្ដីពិត​ហើយ យើង​នឹង​មាន​ការទទួលខុសត្រូវ​ក្នុង​ការថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត​នោះ ។ សូម​គិត​អំពី​របៀប​ដែល​ឆន្ទៈ​របស់​អ្នក​ក្នុង​ការថ្លែងទីបន្ទាល់​ពី​សេចក្ដីពិត ក៏​ជា​ការបង្ហាញ​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ​ដែរ ។

  1. សូម​ធ្វើ​បញ្ជី​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​គោលលទ្ធិ និង គោលការណ៍​នៃ​ដំណឹងល្អ​មួយ​ចំនួន​ដែល​អ្នក​ដឹង​ថា​ជាការពិត ។ សូម​ចែកចាយ​ទីបន្ទាល់ អារម្មណ៍ ឬ គំនិត​ទាំងឡាយ​របស់​អ្នក​អំពី​គោលការណ៍​ទាំងនេះ​ជាមួយ​នឹង​ឪពុក/ម្ដាយ ឬ បងប្អូន​បង្កើត ។

មិនយូរប៉ុន្មាន​បន្ទាប់​ពី​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៧ ត្រូវបាន​ប្រទានឲ្យ នោះ​ព្យាការី យ៉ូសែប ស៊្មីធ, ដាវីឌ វិតមើរ, អូលីវើរ ខៅឌើរី និង ម៉ាទិន ហារីស បាន​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ក្បែរ​ផ្ទះ​របស់​គ្រួសារ វិតមើរ ដើម្បី « ព្យាយាម​ទទួល តាមរយៈ​ការអធិស្ឋាន​ដ៏​ក្លៀវក្លា និង រាបសា » នូវ​សាក្សី​ដែល​បាន​សន្យា​នោះ ។ យ៉ូសែប ស៊្មីធ បាន​កត់ត្រា​ដូច្នេះ បន្ទាប់​ពី​ការព្យាយាម​អធិស្ឋាន​ពីរ​ដង​មិន​បាន​សម្រេច « ម៉ាទិន ហារីស បាន​សុំ​ដកខ្លួន ដោយ​បង្ហាញ​ថា គាត់​ជឿ​ថា​នេះ​បណ្ដាល​មក​ពី​វត្តមាន​របស់​គាត់ ទើប​ធ្វើ​ឲ្យ​ពួកយើង​មិន​អាច​ទទួល​បាន​នូវ​អ្វី​ដែល​យើង​អធិស្ឋាន​សុំ ។ គាត់​ក៏​បាន​ដកខ្លួន​ចេញ​ដូច​ដែល​បាន​គិត​នោះ​ទៅ រួច​យើង​បាន​លុតជង្គង់​ចុះ​អធិស្ឋាន​សាជាថ្មី ហើយ​មិន​ទាន់​បាន​ពីរបី​នាទី​ផង កាល​យើង​បាន​ឃើញ​ពន្លឺ​មួយ​ចំ​ពី​លើ​យើង​ស្ថិត​នៅ​ក្នុង​អាកាស ដែល​ភ្លឺ​ចែងចាំង​ឥត​ឧបមា ហើយ​មើលចុះ មាន​ទេវតា​មួយ​អង្គ​បាន​ឈរ​នៅ​ចំពោះ​យើង ។ ក្នុង​ព្រះហស្ត​ទ្រង់​មាន​នូវ​ផ្ទាំងចំណារ​ដែល​យើង​បាន​អធិស្ឋាន… ដើម្បី​ចង់​ឃើញ ។ ទ្រង់​បាន​បើក​សន្លឹក​ទំព័រ​មួយ​ម្ដងៗ ដើម្បី​យើង​អាច​ឃើញ ហើយ​យល់​ពី​ការចារឹក​ទាំងនោះ​បាន​យ៉ាង​ច្បាស់ ។… យើង​បាន​ស្ដាប់ឮ​សំឡេង​មួយ​ចេញមកពី​ក្នុង​ពន្លឺ​នៅ​ខាង​លើ​យើង ដោយ​ថ្លែង​ថា ‹ ផ្ទាំងចំណារ​ទាំងនេះ ត្រូវ​បាន​បើក​សម្ដែង​ឡើង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ហើយ​វា​ត្រូវ​បាន​បក​ប្រែ​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ។ ការ​បកប្រែ​របស់​វា ដែលអ្នកបាន​មើល​ឃើញ​គឺ​ត្រឹមត្រូវ ហើយ​ខ្ញុំ​បញ្ជា​ដល់អ្នក​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពីអ្វី​ដែលឥឡូវ​អ្នក​បាន​ឃើញ និង​ស្ដាប់​ឮនោះ › ។

« ឥឡូវ​ខ្ញុំ​បាន​ចាក​ចេញ​ពី​ដេវីឌ និង​អូលីវើរ ហើយ​បាន​ទៅរក​ម៉ាទីន ហារិស ដែល​ខ្ញុំ​បាន​ឃើញ​ថា គាត់​កំពុង​តែ​អធិស្ឋាន​យ៉ាង​ក្លៀវក្លា​នៅ​កន្លែង​ឆ្ងាយ​មួយ។ ទោះជាយ៉ាងណាក៏ដោយ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ពុំ​ទាន់បាន​ទទួល​ចម្លើយ​ពី​ព្រះអម្ចាស់​នៅ​ឡើយ ហើយ​គាត់​បាន​ស្នើ​ដោយ​ចិត្ត​ស្មោះ​ឲ្យ​ខ្ញុំ​ចូលរួម​អធិស្ឋាន​ជាមួយ​គាត់ ដើម្បី​ឲ្យ​គាត់​អាច​ទទួល​បាន​ពរជ័យ​ដូចគ្នា​ដែល​យើង​ទើបតែ​បាន​ទទួល​ដែរ ។ យើង​ក៏​បាន​អធិស្ឋាន​ជាមួយ​គ្នា​តាម​សំណើរ​របស់​គាត់ ហើយ​ទីបំផុត​បំណងប្រាថ្នា​យើង​បាន​សម្រេច ដ្បិត​យើង​មិន​ទាន់​បាន​បញ្ចប់​ការអធិស្ឋាន​ផង ការនិមិត្ត​ដូចគ្នា​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ យ៉ាង​ហោចណាស់​ខ្ញុំ​បាន​ឃើញ​ការនិមិត្ត​នោះ​ជា​លើក​ទី​ពីរ ហើយ​ខ្ញុំ​បាន​ឃើញ ហើយ​ឮ​ការណ៍​ដដែល​នេះ​ម្ដង​ទៀត នៅ​ពេល​នោះ ម៉ាទីន ហារីស បាន​យំ​ក្នុង​អាកប្បកិរិយា​ត្រេកអរ​ដោយ​សេចក្ដីអំណរ​បន្លឺ​ថា « ‹ គ្រប់គ្រាន់ហើយ គ្រប់គ្រាន់ហើយ ភ្នែក​របស់​ខ្ញុំ​បាន​ឃើញ​ហើយ ភ្នែក​របស់​ខ្ញុំ​បាន​ឃើញ​ហើយ › » ( នៅ​ក្នុង History of the Church ១:៥៤–៥៥ ) ។

សូម​គិត​អំពី​ការដែល​ត្រូវ​បាន​ប្រាប់​អំពី​ព័ត៌មាន​មួយ​ចំនួន ដែល​អ្នក​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចែកចាយ​ជាមួយ​នរណាម្នាក់​អស់​រយៈពេល​ជា​យូរ ។ តើ​អ្នក​នឹង​មាន​អារម្មណ៍​ដូចម្ដេច​កាល​នៅ​ទីបំផុត អ្នក​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចែកចាយ​ពី​ការណ៍​នោះ ? សូម​គិត​អំពី​ស្ថានភាព​ដែល យ៉ូសែប ស៊្មីធ ត្រូវ​ធ្វើជា​សាក្សី​តែ​ម្នាក់​ឯង​ចំពោះ​ផ្ទាំងចំណារ​ព្រះគម្ពីរ​មរមន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ស្ថានភាព​របស់​លោក ? តើ​អ្នក​គិត​ថា យ៉ូសែប ស៊្មីធ មាន​អារម្មណ៍​ដូចម្ដេច​ដែល​ឥឡូវនេះ មនុស្ស​ដទៃ​ទៀត​អាច​បន្ថែម​សាក្សី និង ទីបន្ទាល់​របស់​ខ្លួន​ទៅ​លើ​អ្វី​ដែល​លោក​មាន ?

រូបភាព
លូស៊ី ម៉ាក ស្ម៊ីធ

ដំណើររឿង​ដូចតទៅ​នេះ​មក​ពី លូស៊ី ម៉ាក ស្ម៊ីធ ជា​ម្ដាយ​របស់ យ៉ូសែប បាន​រៀបរាប់​ពី​អារម្មណ៍​របស់​យ៉ូសែប បន្ទាប់​ពី​ពួកសាក្សី​ទាំងបី​នាក់​បាន​ឃើញ​ផ្ទាំងចំណារ ៖ « នៅ​ពេល​ពួកគេ​បាន​ត្រឡប់​មក​ផ្ទះ​វិញ វា​គឺ​ចន្លោះ​ម៉ោង​បី​ទៅ​ម៉ោង​បួន​រសៀល ដែល​អ្នកស្រី វិតមើរ លោក ស្ម៊ីធ [ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ] និង ខ្ញុំ បាន​អង្គុយ​ក្នុង​បន្ទប់​គេង​មួយ​ជាមួយ​គ្នា​នៅ​ពេល​នោះ ។ នៅ​ពេល​ចូល​មក​ដល់ យ៉ូសែប បាន​ទម្លាក់​ខ្លួន​ក្បែរ​ខ្ញុំ ហើយ​បាន​ពោល​ឮៗ​ថា ‹ ពុក ម៉ែ លោក​ទាំងពីរ​ពុំ​ដឹង​ថា​តើ​ខ្ញុំ​រីករាយ​យ៉ាង​ណា​នោះ​ទេ ៖ ឥឡូវ​នេះ ព្រះអម្ចាស់​បាន​អនុញ្ញាត​ឲ្យ​ផ្ទាំងចំណារ​ត្រូវបាន​បង្ហាញ​ដល់​មនុស្ស​បី​នាក់​ទៀត​ក្រៅ​ពី​ខ្ញុំ ។ ពួកគេ​បាន​មើល​ឃើញ​ទេវតា ដែល​បាន​ថ្លែងទីបន្ទាល់​ដល់​ពួកគេ ហើយ​ពួកគេ​នឹង​ធ្វើ​ជា​សាក្សីចំពោះ សេចក្ដីពិត​នៃ​អ្វី​ដែល​ខ្ញុំបាន​និយាយ ដ្បិត​ឥឡូវ​នេះ ពួកគេ​បាន​ដឹង​ដោយ​ផ្ទាល់​ខ្លួន​គេ​ហើយ​ថា ខ្ញុំ​ពុំបាន​ទៅ​បោកបញ្ឆោត​មនុស្ស​ទេ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​ខ្ញុំត្រូវ​បាន​រួច​ពី​បន្ទុក​មួយ ដែល​ធ្ងន់​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ខ្ញុំពុំ​អាច​រែក​បាន​នោះ ហើយ​វា​ធ្វើ​ឲ្យ​ព្រលឹង​របស់​ខ្ញុំ​រីករាយ ដែល​ខ្ញុំ​ឈប់​ជា​អ្នកដឹង​តែ​ឯង​ក្នុង​លោកិយនេះ​ទៀត​ហើយ ›។ បន្ថែម​ពី​នេះ ម៉ាទិន ហារីស បាន​ចូល​មក ៖ គាត់​មើល​ទៅ​ហាក់ដូចជា​ពេញ​ទៅ​ដោយ​សេចក្ដី​អំណរ ហើយ​បាន​ថ្លែងទីបន្ទាល់​យ៉ាង​មុតមាំ​ចំពោះ​ការណ៍​ដែល​គាត់​បាន​ឃើញ ហើយ​ឮ​នោះ ។ ហើយ​ដាវីឌ និង អូលីវើរ ក៏​បាន​សម្ដែង​ឲ្យ​ឃើញ​ដូច្នេះ​ដែរ ដោយ​បន្ថែម​ថា គ្មាន​អណ្ដាត​ណា​អាច​នឹង​ថ្លែង​ពី​សេចក្ដីអំណរ​ដែល​មាន​ក្នុង​ចិត្ត​ពួកគាត់ និង ពី​ភាពអស្ចារ្យ​ដែល​ពួកគាត់​បាន​ឃើញ និង ឮ​នោះ​ទេ » ( History of Joseph Smith by His Mother ទំព័រ ១៥២–៥៣ ) ។

  1. សូម​ពិពណ៌នា​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​អារម្មណ៍​នៃ​ការមាន​មនុស្ស​ដទៃ​ទៀត​ជុំវិញ​ខ្លួន​អ្នក​ដែល​ទទួលបាន​សាក្សី​ចំពោះ​ការណ៍​ដែល​អ្នក​ដឹង​ថា​ជា​ការពិត ។ តើ​ទីបន្ទាល់​របស់​ពួកគេ​អាច​ជួយ​អ្នក​ដូចម្តេច​ដែរ ?

អែលឌើរ ឡូរិន ស៊ី ដាន់ នៃ​ពួក​ចិតសិប​នាក់ បាន​មាន​ប្រសាសន៍​ពី​សារៈសំខាន់​នៃ​ពួក​សាក្សី​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​ថា ៖ « ក្រឹត្យ​វិន័យ​នៃ​សាក្សី គឺ​តែងតែ​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី​នេះ ។ ក្រឹត្យវិន័យ​នេះ​ថ្លែង​ថា ‹ គ្រប់​ការ​ទាំងអស់​នឹង​បាន​សម្រេច​ដោយ​នូវ​មាត់​ស្មរបន្ទាល់​ពីរ ឬ បី​នាក់ › ( កូរិនថូស ទី១ ១៣:១; សូម​មើល​ផងដែរ ចោទិយកថា ១៧:៦; ១៩:១៥; ម៉ាថាយ ១៨:១៥–១៦; យ៉ូហាន ៨:១២–២៩) ។ សាក្សី​នេះ​បញ្ជាក់​ថា ព្រឹត្តិការណ៍​ជាក់លាក់​មួយ​ចំនួន​បាន​កើតឡើង ហើយ​ថា​គោលលទ្ធិ និង គោលការណ៍​នានា​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​សុទ្ធតែ​ជា​ការណ៍​ពិត » (“Witness,” Ensign,ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ២៨ ) ។ ព្រះអម្ចាស់​បាន​ប្រើ​ក្រឹត្យវិន័យ​នៃ​សាក្សី​ដើម្បី​បញ្ជាក់​ពី​ភាពជាក់ស្ដែង​នៃ​ផ្ទាំងចំណារ ។

នៅ​ពីរ​បី​ថ្ងៃ​ក្រោយ​ពី​ផ្ទាំងចំណារ​ត្រូវបាន​បង្ហាញ​ដល់​ពួក​សាក្សី​បី​នាក់​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ព្យាការី​យ៉ូសែប ស្ម៊ីធ ត្រូវបាន​អនុញ្ញាត​ឲ្យ​បង្ហាញ​ផ្ទាំងចំណារ​ទៅ​ដល់ « មនុស្ស​មួយ​ចំនួន​តូច ស្របតាម​ព្រះហឫទ័យ​នៃ​ព្រះ ដើម្បី​ធ្វើ​ទីបន្ទាល់​អំពី​ព្រះបន្ទូល​របស់​ទ្រង់​ប្រាប់​ដល់​កូនចៅ​មនុស្ស » (នីហ្វៃទី​២ ២៧:១៣; សូម​មើល​ផងដែរ អេធើរ ៥:២) ។ សូម​អាន « ទីបន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ » និង « ទីបន្ទាល់​នៃ​ពួក​សាក្សី​ប្រាំបី​នាក់ » ( ដែល​មាន​នៅ​បន្ទាប់​ពី​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ) ។ សូម​កត់ចំណាំ​ពី​ភាពខុសគ្នា​នៅ​ក្នុង​បទពិសោធន៍ និង ភាពស្រដៀងគ្នា​នៃ​ទីបន្ទាល់​របស់​ពួកគាត់ ។ ក៏​សូម​កត់ចំណាំ​ផងដែរ​ថា សាក្សី​ប្រាំបី​នាក់​បាន​រៀបរាប់​ថា​ផ្ទាំងចំណារ​មាន « រូបរាង​ជា​មាស » និង​មាន « រូបរាង​ជា​វត្ថុ​ស្នាដៃ​បុរាណ​មួយ​យ៉ាង​ចំណាន » ។ ដោយសារតែ​ពួកគាត់​ពុំ​ដឹង​ថា​តើ​ផ្ទាំងចំណារ​ទាំងនេះ​ជា​មាស​សុទ្ធ ឬ ថា​ការឆ្លាក់ត្រា​នៅ​លើ​នោះ​ជា​វត្ថុ​ស្នាដៃ​បុរាណ​មួយ​យ៉ាង​ចំណាន​ទេ​នោះ ពួកគាត់​បាន​គ្រាន់តែ​ថ្លែងទីបន្ទាល់​យ៉ាង​ស្មោះត្រង់​អំពី​ការណ៍​ដែល​ពួកគាត់​បាន​ដឹង​ថា​ជា​ការពិត​ប៉ុណ្ណោះ ។

  1. សូម​ស្រមៃ​ថា​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន អាច​ដាក់​បញ្ចូល​ទៅ​ក្នុង​ច្បាប់​ចម្លង​នីមួយៗ​នៃ​ព្រះគម្ពីរ​មរមន ។ សូម​បង្កើត​ទំព័រ​សាក្សី​ផ្ទាល់ខ្លួន​របស់​អ្នក​នៅ​លើ​សន្លឹក​សៀវភៅ​ទទេ​មួយ​ទំព័រ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​បញ្ចូល​ការណ៍​ដែល​អ្នក​ដឹងថា​ជា​ការពិត​អំពី​ព្រះគម្ពីរ​មរមន ដែល​អ្នក​ចង់​ឲ្យ​មនុស្ស​ដទៃ​ដឹង​ដូចជា​អ្នក​ផងដែរ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៧:៦ មាន​នូវ​ទីបន្ទាល់​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ព្រះគម្ពីរ​មរមន ។ សូម​គូសចំណាំ​សាក្សី​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពិភពលោក​នៅ​ក្នុង​ខគម្ពីរ​នេះ ឬ សរសេរ​ទីបន្ទាល់​របស់​ទ្រង់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ អ្នក​ក៏​អាច​ចង់​សរសេរ​ថា ព្រះយេស៊ូវគ្រីស្ទ បាន​ថ្លែងទីបន្ទាល់​ថា ព្រះគម្ពីរ​មរមន​ជា​ព្រះគម្ពីរ​ពិតនៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ឬ លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ខទី ៦ ។ សូម​ពិចារណា​អំពី​របៀប​ដែល​ទីបន្ទាល់​របស់​ព្រះអម្ចាស់​អំពី​ព្រះគម្ពីរ​មរមន មាន​អានុភាព​លើ​ទីបន្ទាល់​របស់​អ្នក ។

បន្ទាប់​ពី​បទពិសោធន៍​គួរ​ឲ្យ​កត់សម្គាល់​របស់​ពួកគាត់ សាក្សី​ទាំងបី​នាក់ បាន​ស៊ូទ្រាំ​នឹង​ការសាកល្បង​ធំៗ ហើយ​សេចក្ដីជំនឿ​លើ​ព្រះ និង ទីបន្ទាល់​របស់​ពួកគាត់​ចំពោះ​ដំណឹងល្អ​បាន​ជួប​នឹង​ឧបសគ្គ ។ អំឡុងពេល​ការតស៊ូ​នោះ សាក្សី​ទាំងបី​នាក់​បាន​ចេញ​ពី​សាសនាចក្រ យ៉ាងណាក្ដី​ក្រោយ​មក ម៉ាទិន ហារីស និង អូលីវើរ ខៅឌើរី បាន​ត្រឡប់​មក​សាសនាចក្រ​វិញ ហើយ​បាន​បន្ត​ស្មោះត្រង់​អស់​មួយ​ជីវិត ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​សាក្សី​បី​នាក់ បាន​បដិសេធ​ទីបន្ទាល់​របស់​ខ្លួន​អំពី​ព្រះគម្ពីរ​មរមន​ឡើយ ។

ថ្វីបើ​យើង​ពុំ​ដឹង​ពី​មូលហេតុ​ជាក់លាក់​ដែល​សាក្សី​បី​នាក់​បាន​ចាក​ចេញ​ពី​សាសនាចក្រ នៅ​បន្ទាប់​ពី​បាន​មាន​បទពិសោធន៍​នៃ​សាក្សី​ដ៏​អស្ចារ្យ​យ៉ាង​ណា​ក្ដី ក៏​ការព្រមាន​របស់​ព្រះអម្ចាស់​ទៅ​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣:៤ ជួយ​យើង​ឲ្យ​យល់​ពី​របៀប​ដែល​ការណ៍​នេះ​អាច​កើត​ឡើង​ថា ៖ « ដ្បិត​ទោះ​ជា​មនុស្ស​អាច​មាន​វិវរណៈ​ជា​ច្រើន ហើយ​មាន​អំណាច​អាច​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​ជា​ច្រើន​បាន​ក៏​ដោយ តែ​បើ​គេ​អួតអាង​ដោយ​កម្លាំង​របស់​ខ្លួន ហើយ​ចាត់​ដំបូន្មាន​ទាំងឡាយ​នៃ​ព្រះ​ទុក​ជា​គ្មាន​តម្លៃ ហើយ​ដើរ​តាម​សេចក្ដី​បញ្ជោរ​នៃ​បំណង និង សេចក្ដី​ប៉ងប្រាថ្នា​ខាង​រូបកាយ​របស់​ខ្លួន អ្នក​នោះ​ត្រូវតែ​ធ្លាក់ចុះ ហើយ​ធ្វើ​ឲ្យ​សេចក្ដី​សងសឹក​នៃ​ព្រះ​ដ៏​យុត្តិធម៌​មាន​មក​លើ​ខ្លួនឯង ។ ទោះជាយ៉ាងណាក៏ដោយ សាក្សី​ម្នាក់ៗ​បាន​បន្ត​ថ្លែងទីបន្ទាល់​ដ៏​ស្មោះត្រង់​ចំពោះ​ព្រះគម្ពីរ​មរមន​ពេញ​មួយ​ជីវិត​ខ្លួន ។

រូបភាព
អូលីវើរ ខៅឌើរី

អូលីវើរ ខៅឌើរី បាន​ថ្លែងទីបន្ទាល់​ថា ៖ « ខ្ញុំ​បាន​សរសេរ​ដោយ​ស្លាប​ប៉ាកកា​ខ្ញុំ​ផ្ទាល់ គឺ​ព្រះគម្ពីរ​មរមន​ទាំងស្រុង ( លើកលែង​តែ​ពីរបី​ទំព័រ ) ដែល​ត្រូវ​បាន​ថ្លែង​ចេញ​ពី​មាត់​របស់​ព្យាការី យ៉ូសែប ស៊្មីធ ហើយ​លោក​បាន​បកប្រែ​វា​ដោយ​អំណោយទាន និង ព្រះចេស្ដា​នៃ​ព្រះ ដោយ​ប្រើ យូរីម និង ធូមីម ឬ តាម​របៀប​ដែល​ព្រះគម្ពីរ​នោះ​បាន​ហៅ​ថា​ជា ‹ អ្នកបកប្រែ​ដ៏​បរិសុទ្ធ › ។ ខ្ញុំ​បាន​ឃើញ​ដោយ​ភ្នែក​របស់​ខ្ញុំ​ផ្ទាល់ ហើយ​បាន​កាន់​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់ ជា​ផ្ទាំងចំណារ​មាស​ដែល​វា​បាន​ដកស្រង់​ចេញ ។… គម្ពីរ​នោះ​គឺជា ការពិត ។ ស៊ីឌនី រិកដុន ពុំ​បាន​សរសេរ​វា​ទេ លោក ស្ព៉តឌីង ពុំ​បាន​សរសេរ​វា​ទេ ។ ខ្ញុំ​បាន​សរសេរ​វា​ដោយ​ខ្លួនឯង ជា​សេចក្ដី​ដែល​បាន​ថ្លែង​ដោយ​មាត់​របស់​ព្យាការី ។ វា​មាន​នូវ​ដំណឹងល្អ​ដ៏​អស់កល្ប​អស់​កាល​ជានិច្ច ។… វា​មាន​នូវ​គោលការណ៍​នៃ​សេចក្ដី​សង្គ្រោះ ហើយ​ឱ​អស់​អ្នក​ស្ដាប់​ទាំងឡាយ​របស់​ខ្ញុំ​អើយ ប្រសិនបើ​អ្នក​នឹង​ដើរ​តាម​ពន្លឺ​របស់​វា ហើយ​ធ្វើតាម​សិក្ខាបទ​របស់​វា នោះ​អ្នក​នឹង​ត្រូវបាន​សង្គ្រោះ​ដោយ​នូវ​ការសង្គ្រោះ​ដ៏​អស់កាល​ជានិច្ច​នៅ​ក្នុង​នគរ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត » ( នៅ​ក្នុង “Last Days of Oliver Cowdery,”Deseret Newsថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ១៨៥៩ ទំព័រ ៤៨ ) ។

រូបភាព
ដាវិឌ វិតមើរ

កាសែត​មួយ​ឈ្មោះ​ថា រីឆមិន ដេម៉ូក្រាដបាន​ពាំនាំ​យក​ដំណើររឿង​ដូចតទៅ​នេះ​អំពី ដាវីឌ វិតមើរ ថ្លែង​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ដែល​គាត់​បាន​ទទួល​មរណភាព ៖ « នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​វេលា​ម៉ោង ៥:៣០ ( ថ្ងៃ​ទី ២២ ខែ មករា ឆ្នាំ ១៨៨៨ ) លោក វិតមើរ បាន​ហៅ​ក្រុមគ្រួសារ និង មិត្តភក្ដិ​មួយ​ចំនួន​ឲ្យ​មក​ប្រជុំ​គ្នា​នៅ​ជុំវិញ​គ្រែ​របស់​គាត់ ។… រួច​ហើយ​គាត់​បាន​ប្រាប់​ដោយ​ខ្លួន​គាត់​ទៅ​ដល់​មនុស្ស​ទាំងអស់​ដែល​នៅ​ជុំ​វិញ​គ្រែ​គាត់​នូវ​ពាក្យ​ទាំងនេះ​ថា៖ ‹ ឥឡូវ អ្នក​ទាំង​អស់​គ្នា​ត្រូវ​តែ​ស្មោះ​ត្រង់​ចំពោះ​ព្រះគ្រីស្ទ។ ខ្ញុំ​ចង់​និយាយ​ទៅកាន់អ្នក​ទាំងអស់គ្នា​ថា គម្ពីរ​ប៊ីប និង​កំណត់ត្រា​នៃ​ពួកសាសន៍​នីហ្វៃ ( ព្រះគម្ពីរមរមន) គឺ​ជា​ការ​ពិត ដូច្នេះ​អ្នក​អាច​និយាយ​ថា អ្នក​បាន​ស្ដាប់​ឮ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ពីលើ​គ្រែ ដែល​ខ្ញុំហៀប​នឹង​ជិត​ស្លាប់​នេះ។ សូម​អ្នកទាំងអស់​គ្នា​មាន​ភាព​ស្មោះត្រង់​ចំពោះ​ព្រះគ្រីស្ទ ហើយ​រង្វាន់​របស់អ្នក នឹង​មាន​ស្រប​តាម​កិច្ចការ​របស់​អ្នក។ សូមព្រះ​ប្រទានពរ​ដល់អ្នក​ទាំងអស់គ្នា។ សេចក្ដី​ទុកចិត្ត​របស់​ខ្ញុំ​ស្ថិត​នៅ​លើ​ព្រះគ្រីស្ទ​ជា​ដរាប ជា​ពិភព​ដែល​គ្មាន​ទី​បញ្ចប់ ។ អាម៉ែន › » ( រីឆមិន ដេម៉ូក្រាដ ថ្ងៃ​ទី ២ ខែ កុម្ភៈ ឆ្នាំ ១៨៨៨ បាន​ដកស្រង់​នៅ​ក្នុង Andrew Jenson, Latter-day Saint Biographical Encyclopedia, វ៉ុល ៤ [ ឆ្នាំ ១៩០១ ] ១:២៧០ ) ។

រូបភាព
ម៉ាទិន ហារីស

ម៉ាទិន ហារីស បាន​ថ្លែងទីបន្ទាល់​នៅ​មិន​យូរ​ប៉ុន្មាន​ពីមុន​គាត់​បាន​ទទួល​មរណភាពថា ៖ « មែនហើយ ខ្ញុំ​ពិត​ជា​បាន​ឃើញ​ផ្ទាំងចំណារ​ដែល​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​ចារឹក​នៅ​លើ​នោះ ខ្ញុំ​ពិតជា​បាន​ឃើញ​ទេវតា ខ្ញុំ​ពិត​ជា​បាន​ឮ​ព្រះសូរសៀង​របស់​ព្រះ ហើយ​ខ្ញុំ​ពិត​ជា​ដឹង​ថា យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​របស់​ព្រះ ដែល​កាន់​កូនសោ​បព្វជិតភាព​ដ៏​បរិសុទ្ធ » (“The Last Testimony of Martin Harris,” recorded by William H. Homer in a statement sworn before J. W. Robinson ថ្ងៃ​ទី ៩ ខែ​មេសា ឆ្នាំ ១៩២៧ HDC ) ។ ( សូម​មើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា សៀវភៅ​សិក្សា​របស់​សិស្សChurch Educational System manual ឆ្នាំ ២០០១ ] ទំព័រ ៣៣) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៧:៧–៩ រួច​គូសចំណាំ​ការសន្យា​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ជាមួយ​ពួកសាក្សី​បី​នាក់ នៅ​ពេល​ដែល​ពួកគាត់​មាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការប្រកាស​អំពី​ទីបន្ទាល់​របស់​ខ្លួន ។ សូម​កត់ចំណាំ​ឃ្លា « គោលបំណង​ដ៏​សុចរិត » នៅ​ក្នុង ខទី ៩ ។ សូម​គិត​អំពី​គោលបំណង​ដ៏​សុចរិត ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះទ័យ​ឲ្យ​ពួក​សាក្សី​បីនាក់​បំពេញ​តាមរយៈ​ការប្រកាស​អំពី​ទីបន្ទាល់​របស់​ខ្លួន​ចំពោះ​ផ្ទាំងចំណារ​មាស និង ព្រះគម្ពីរ​មរមន ។ ( អ្នក​អាច​នឹង​ចង់​រំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ១៧:៤ នៅ​ពេល​អ្នក​គិត​អំពី​សំណួរ​នេះ ) ។

  1. សូម​ឆ្លើយ​នឹង​សំណួរ​ដូចតទៅ​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្វី​ដែល​អាច​ជា​គោលបំណង​ដ៏​សុចរិត ដែល​ព្រះអម្ចាស់​អាច​ប្រទាន​ដល់​អ្នក​នូវ​សាក្សី​នៃ​សេចក្ដីពិត​ដែល​អ្នក​ប្រាថ្នា​ចង់​បាន ?

ចូរ​ចងចាំ​ថា យើង​អាច​បង្កើន ឬ ពង្រឹង​ទីបន្ទាល់​បាន​នៅ​ពេល​យើង​ចែកចាយ​ទីបន្ទាល់​នោះ ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺ ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ៖

រូបភាព
ប្រធាន ប៊យដ៍ ឃេ ផាកកឺ

« វា​មិនមែន​ខុស​ប្រក្រតី​អ្វី​នោះ​ទេ ដែល​មាន​អ្នកផ្សព្វផ្សាយ​សាសនា​ពោល​ថា ‹ តើ​ខ្ញុំ​អាច​ថ្លែងទីបន្ទាល់​បាន​ដោយ​របៀបណា បើ​ខ្ញុំ​មិន​មាន​ទីបន្ទាល់​មួយ​ផង ? តើ​ខ្ញុំ​អាច​ថ្លែងទីបន្ទាល់​ថា ព្រះមានព្រះជន្មរស់ ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ហើយ​ថា​ដំណឹងល្អ​ពិត​ដោយ​របៀប​ណា ? បើ​ខ្ញុំ​គ្មាន​ទីបន្ទាល់​ដូច្នេះ​ផង​នោះ តើ​ទង្វើ​បែប​នេះ​អាច​ជា​ការពុំ​ទៀងត្រង់​ដែរ​ឬ​ទេ ?

« ឱ បើ​ខ្ញុំ​អាច​បង្រៀន​អ្នក​អំពី​គោលការណ៍​មួយ​នោះ ។ ទីបន្ទាល់​មួយ​អាច កើតឡើង នៅ​ពេល យើង​ថ្លែង អំពី​វា ! ត្រង់ណា​ដែល​អ្នក​ស្វែងរក​ចំណេះដឹង​ខាង​វិញ្ញាណ កន្លែង​ត្រង់​នោះ​ហើយ​ដែល​ជា ‹ ការលោតផ្លោះ​នៃ​សេចក្ដីជំនឿ › ដូច​ដែល​អ្នក​ទស្សនវិជ្ជា​ហៅ​ដូច្នោះ​ដែរ ។ វា​ជា​គ្រា​ដែល​អ្នក​បាន​ទៅ​ដល់​គែម​ពន្លឺ ហើយ​បាន​បោះ​ជំហាន​ចូល​ក្នុង​ភាព​ងងឹត ដើម្បី​រក​មើល​ថា តើ​ផ្លូវ​នោះ​មាន​ពន្លឺ​នៅ​ខាង​មុខ ឲ្យ​អ្នក​បោះ​មួយ ឬ​ពីរ​ជំហាន​ដែរ​ឬ​ទេ ។ ‹ វិញ្ញាណ​របស់​មនុស្ស › ដែល​ព្រះគម្ពីរ​បាន​និយាយ​គឺ​ជា ‹ ចង្កៀង​នៃ​ព្រះយេហូវ៉ា › ។ (សុភាសិត ២០:២៧) ។

« វា​គឺ​ជា​អ្វី​មួយ​ដើម្បី​ទទួល​បាន​សាក្សី​មក​ពី​ការណ៍​ដែល​អ្នក​បាន​អាន ឬ​ពី​ការណ៍​ដែល​អ្នក​ផ្សេង​ទៀត​បាន​និយាយ ហើយ​នោះ​គឺ​ជា​ការចាប់ផ្តើម​មាន​ទីបន្ទាល់​មួយ​ដ៏​ចាំបាច់ ។ វា​គឺ​ជា​បទពិសោធន៍​មួយ​ផ្សេង​ទៀត ដើម្បី​មាន​ព្រះវិញ្ញាណ​មក​បញ្ជាក់​ដល់​អ្នក​នៅ​ក្នុង​ទ្រូង​អ្នក​ថា អ្វី​ដែល អ្នក បាន​ថ្លែងទីបន្ទាល់​គឺ​ជា​ការពិត ។ តើ​អ្នក​មិន​យល់​ថា វា​ត្រូវ​បាន​ប្រទាន​ឲ្យ​នៅ​ពេល​អ្នក​ចែកចាយ​ទេ​ឬ​អី ? នៅ​ពេល​អ្នក​ផ្តល់​នូវ​អ្វី​ដែល​អ្នក​មាន នោះ​ការបន្ថែម​មក​វិញ​នឹង​មាន​កាន់តែ​ច្រើន !…

« ការថ្លែង​ចេញ​មក គឺ​ជា​ការសាកល្បង​នៃ​សេចក្ដីជំនឿ​របស់​អ្នក » ( “Candle of the Lord,” Ensign,ខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ៥៤ ) ។

សូម​ពិចារណា​អំពី​មនុស្ស​ដែល​អ្នក​អាច​ចែកចាយ​ទីបន្ទាល់​ជាមួយ ជា​អ្នក​ដែល​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការស្ដាប់​ទីបន្ទាល់​របស់​អ្នក ។ សូម​ចែកចាយ​ទីបន្ទាល់​ជាមួយ​មនុស្ស​ម្នាក់​នៅ​សប្ដាហ៍​នេះ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖