ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៥ ៖ ថ្ងៃទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨


មេរៀន​ទី ១៥ ៖ ថ្ងៃទី ៣

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨

សេចក្ដីផ្ដើម

នៅ​ថ្ងៃ​ទី ១ ខែ វិច្ឆិកា ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស៊្មីធ បាន​ជួប​នឹង​ពួក​អែលឌើរ​មួយ​ក្រុម​នៅ​ភូមិ​ហៃរាំ រដ្ឋ អូហៃអូ ដើម្បី​ធ្វើ​សន្និសីទ​ពិសេស​មួយ ។ ពួកលោក​បាន​ពិភាក្សា​អំពី​ការបោះពុម្ព​ព្រះគម្ពីរ​នៃ​បទបញ្ញត្តិ ដែល​ជា​ការជ្រើសរើស​ចេញ​ពី​វិវរណៈ​ទាំងឡាយ ដែល​ព្យាការី​បាន​ទទួល ។ មាន​ពួក​អែលឌើរ​បួន​រូប​នៅ​ក្នុង​សន្និសីទ​នេះ បាន​ស្នើ​ឲ្យ យ៉ូសែប ស៊្មីធ ទូល​សូម​ដល់​ព្រះអម្ចាស់​អំពី​ព្រះឆន្ទៈ​ទ្រង់​ដែល​មាន​ចំពោះ​ពួកគាត់ ។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើ​នេះ នោះ​ព្យាការី​បាន​ទទួល​វិវរណៈ ដែល​សព្វ​ថ្ងៃ​នេះ​ត្រូវបាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨ ។ វិវរណៈ​នេះ​រួម​បញ្ចូល​ទាំង​ឱវាទ​ទៅ​ដល់ អ្នក​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយ​ដំណឹងល្អ សេចក្ដី​ណែនាំ​អំពី​ការហៅ​បម្រើ​របស់​ប៊ីស្សព និង ព្រះបញ្ញត្តិ​ដែល​មាន​ចំពោះ​ឪពុកម្ដាយ​ដែល​ត្រូវ​បង្រៀន​អំពី​គោលការណ៍ និង គោលលទ្ធិ​ទាំងឡាយ​នៃ​ដំណឹងល្អ​ទៅ​ដល់​កូនចៅ​របស់​ខ្លួន ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:១-១២

ព្រះអង្គសង្គ្រោះ​ប្រទាន​ឱវាទ​ទៅ​ដល់​អ្នក​ទាំងឡាយ ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយដំណឹងល្អ

រូបភាព
អ្នក​ផ្សព្វផ្សាយ​សាសនា​ស្រី

សូម​ពិចារណា​សំណួរ​ខាងក្រោម ៖

  • តើ​ការ​បារម្ភ ឬ​កង្វល់​អ្វីខ្លះ អាច​កើតមានចំពោះមនុស្ស​ដែល​ហៀប​នឹង​បម្រើ​បេសកកម្ម​ពេញម៉ោង ?

  • តើ​មាន​ហេតុផល​មួយ​ចំនួន​ណា​ខ្លះ ដែល​ពេល​ខ្លះ​មនុស្ស​មាន​អារម្មណ៍​ភ័យខ្លាច អំពី​ការចែកចាយ​ដំណឹងល្អ​ជាមួយ​សមាជិក​ក្រុមគ្រួសារ និង មិត្តភក្ដិ​របស់​ខ្លួន ?

នៅ​អំឡុង​សន្និសីទ​នៅ​ថ្ងៃ​ទី ១ ខែ វិច្ឆិកា ឆ្នាំ ១៨៣១ ពួក​អែលឌើរ​ចំនួន​បួន​រូប ដែល​នឹង​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា បាន​ចូល​ទៅ​ជួប​ព្យាការី យ៉ូសែប ស៊្មីធ ហើយ​បាន​សុំ​ដឹង​អំពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ដែល​មាន​ចំពោះ​ពួកគាត់ ។ ដើម្បី​ឆ្លើយ​តប ព្រះអម្ចាស់​បាន​បើកសម្ដែង​លំនាំ​មួយ​នៃ​ការផ្សាយ​ដំណឹងល្អ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:១-៥ដោយ​ស្វែងរក​លំនាំ​មួយ​នៃ​ការផ្សាយ​ដំណឹងល្អ ។ សូម​គិត​ពី​ការគូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។ ( អ្នក​នឹង​រកឃើញ​ពាក្យ គំរូ នៅ​ក្នុង ខទី ២ និង ទី ៣ ។ គំរូ គឺ​ជា​លំនាំ ឬ តួយ៉ាង ) ។

ចំណុច​ខាង​ក្រោម​នេះ តើ​មួយ​ណា​ដែល មិន​មែន​ជា ផ្នែក​នៃ​លំនាំ​នៃ​ការផ្សាយ​ដំណឹងល្អ ដែល​មាន​នៅ​ក្នុង ខទី ១ ?

  • ច្រៀង​ចម្រៀង​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​អស់កល្ប​ជានិច្ច ។

  • ប្រកាស​ដំណឹងល្អ​ដោយ​ព្រះវិញ្ញាណ ។

  • ពិភាក្សា​ជាមួយ​មនុស្ស​ដែល​អ្នក​បង្រៀន ។

  • បរិយាយ​បទគម្ពីរ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:៦ដោយ​ស្វែងរក​ការលើក​ទឹក​ចិត្ត​បន្ថែម ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ដល់​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មាន​គោលការណ៍​អ្វី​ខ្លះ ដែល​អ្នក​ឃើញ​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨: ៦ ដែល​អាច​នឹង​នាំ​មក​នូវ​ការលួងលោម​ចិត្ត​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា ?

    2. ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ចំពោះ​អ្នក ដែល​ត្រូវ​ដឹង​ថា ព្រះអម្ចាស់​ទ្រង់​គង់​នៅ​ក្បែរ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ស្មោះត្រង់​របស់​ទ្រង់ ?

    3. តើ​ការសន្យា​នេះ អាច​ជួយ​អ្នក​នៅ​ក្នុង​កិច្ចខិតខំ​ដើម្បី​ផ្សាយ​ដំណឹងល្អ​នា​ពេល​បច្ចុប្បន្ន​នេះ​យ៉ាង​ដូចម្ដេច ?

អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​ដូចតទៅ​នេះ​ដាក់​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៨:៤ ៖ នៅ​ពេល​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ត្រូវបាន​បណ្ដាល​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ពាក្យសម្ដី​របស់​ពួកលោក​នឹង​ដឹកនាំ​មនុស្ស​ទៅ​រក​សេចក្ដី​សង្គ្រោះ ។

រូបភាព
សុន្ទរកថា​របស់ អែលឌើរ អិម រ័សុល បាឡឺដ នៅ​ក្នុង​សន្និសីទ​ទូទៅ

ទន្ទឹម​នឹង​ពេល​អ្នក​ដែល​ត្រូវបាន​តែងតាំង​ឲ្យ​ផ្សាយ​ដំណឹងល្អ​អាច​ជួយ​យើង​ឲ្យ​ដឹង​អំពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ នោះ​មាន​តែ​ប្រធាន​នៃ​សាសនាចក្រ​តែ​ម្នាក់​គត់ ដែល​មាន​សិទ្ធិ​ទទួល​បាន ហើយ​ប្រកាស​អំពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​សម្រាប់​សាសនាចក្រ​ទាំងមូល ។ នៅ​ក្រោម​ការដឹកនាំ​របស់​លោក នោះ​សមាជិក​ក្នុង​គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ក៏​មាន​សិទ្ធអំណាច​ប្រកាស​អំពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​សម្រាប់​យើង​ដែរ ។ ដូច្នេះ គោលការណ៍​ដែល​មាន​បង្រៀន​នៅ​ក្នុង ខទី ៤ អាច​អនុវត្ត​នៅ​គ្រប់​ពេល​ដែល​សមាជិក​ក្នុង​គណៈប្រធាន​ទី​មួយ ឬ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ឡើង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ទូទៅ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:៣–៥ ម្ដង​ទៀត រួច​ស្វែងរក​ការសន្យា ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ដល់​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ដែល​ត្រូវបាន​តែងតាំង​នោះ ។ សូម​បញ្ចប់​សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ ៖ នៅ​ពេល​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ថ្លែង​កាល​បណ្ដាល​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ពាក្យ​សម្ដី​របស់​ពួកលោក​ក៏​នឹង​ដឹកនាំ​ទៅ​តាម​ព្រះវិញ្ញាណ​ដែរ  ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​មាន​មធ្យោបាយ​ណា​ខ្លះ ដែល​យើង​អាច​អញ្ជើញ​ឲ្យ​មាន​អានុភាព​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅ​ពេល​យើង​ចែកចាយ​ដំណឹងល្អ ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:៧–១២យើង​អាន​ថា ព្រះអម្ចាស់​បាន​ហៅ​ពួក​អែលឌើរ​ទាំង​បួន​រូប​នេះ ឲ្យ​ផ្សាយ​ដំណឹងល្អ ហើយ​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​អ្នក​ដែល​នឹង​ទទួល​ជឿ ។ យើង​ក៏​អាន​ផងដែរ​អំពី​ពរជ័យ​ទាំងឡាយ ដែល​កើត​មាន​ចំពោះ​ពួកគាត់ និង ចំពោះ​អ្នក​ដែល​ជឿ​ដល់​ពាក្យ​សម្ដី​របស់​ពួកគាត់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:១៣-២៤

ព្រះអម្ចាស់​បើកសម្ដែង​អំពី​គុណសម្បត្តិ​សម្រាប់​តំណែង​នៃ​ប៊ីស្សព

សូម​ស្រមៃ​ថា មាន​មិត្តភក្ដិ​ម្នាក់​ដែល​មាន​ជំនឿ​ផ្សេង​សួរ​ថា « តើ​ប៊ីស្សព​របស់​អ្នក​ត្រូវបាន​ជ្រើស​តាំង​យ៉ាង​ដូចម្ដេច » ? តើ​អ្នក​នឹង​និយាយ​ថា​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:១៤-១៥, ២០ដោយ​ស្វែងរក​របៀប ដែល​ប៊ីស្សព​ត្រូវបាន​ជ្រើសតាំង ។

ឃ្លា « ពូជពង្ស​នៃ​លោក​អើរ៉ុន​ពិត » សំដៅ​ទៅ​លើ​ខ្សែ​ស្រឡាយ​នៃ​ប្អូនប្រុស​របស់ ម៉ូសេ គឺ អើរ៉ុន នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ។ ខ្សែ​ស្រឡាយ​នេះ នឹង​មាន​សិទ្ធិ​ចំពោះ​តំណែង​នៃ​ប៊ីស្សព​ជា​អធិបតី ប្រសិនបើ​ត្រូវបាន​ហៅ ហើយ​អនុមតិ​ដោយ​គណៈប្រធាន​ទីមួយ ។ នៅ​ជំនាន់​របស់ ម៉ូសេ មាន​តែ​ខ្សែស្រឡាយ​នៃ​អំបូរ​លេវី​តែ​ប៉ុណ្ណោះ ដែល​បាន​កាន់​បព្វជិតភាព​លេវី ឬ បព្វជិតភាព​អើរ៉ុន ។ បុគ្គល​ម្នាក់​ត្រូវតែ​មាន​ឈាម​ជ័រ​ជា​ខ្សែស្រឡាយ​នេះ ទើប​ត្រូវបាន​ប្រគល់​បព្វជិតភាព​ឲ្យ ។ សិទ្ធិ​ទទួល​បាន​បព្វជិតភាព​នេះ គឺ​ផ្ដល់​ពី​ឪពុក​ទៅ​កូន ។ នៅ​ជំនាន់​នោះ ប្រសិន​បើ​ឪពុក​ពុំ​បាន​កាន់​បព្វជិតភាព​ទេ​នោះ កូន​ប្រុស​ក៏​នឹង​មិន​មាន​ឱកាស​កាន់​បព្វជិតភាព​ដែរ ។

សូម​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​ដាក់​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ៖ ប៊ីស្សព​ត្រូវតែ​បាន​អនុមតិ​ដោយ​គណៈប្រធាន​ទីមួយ និង ត្រូវបាន​តែងតាំង​ដោយ​អ្នក​មាន​សិទ្ធអំណាច​ត្រឹមត្រូវ ។

នៅ​ជំនាន់​ដំបូង​នៃ​សាសនាចក្រ សមាជិក​ក្នុង​គណៈ​ប្រធាន​ទីមួយ តែងតាំង ហើយ​ញែក​ចេញ​ចំពោះ​ប៊ីស្សព​ទាំងឡាយ ។ នៅ​ក្នុង​សាសនាចក្រ​នា​ពេល​បច្ចុប្បន្ន របៀប​នេះ​នៅ​តែ​អនុវត្ត​ចំពោះ​ប៊ីស្សព​ជា​អធិបតី ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការហៅ ការតែងតាំង និងការ​ញែកចេញ​នៃពួកប៊ីស្សព គឺ​ត្រូវ​បានដឹកនាំ​ដោយ​ប្រធាន​ស្ដេក នៅក្រោម​ការ​ដឹកនាំ​របស់ គណៈ​ប្រធាន​ទី​មួយ ។ ប្រធាន​ស្ដេក​ម្នាក់ ដោយ​មានការ​គាំទ្រ​មកពី​ទីប្រឹក្សា​របស់លោក នៅក្នុងគណៈប្រធានស្ដេក ស្វែងរក​វិវរណៈ​ដើម្បី​ស្គាល់នៅពេល​ណា​ត្រូវ​ហៅ​ប៊ីស្សព​ថ្មី ឬ​ត្រូវ​ហៅនរណា​ ។ លោក​ផ្ញើ​អនុសាសន៍​ទៅ​កាន់​គណៈប្រធាន​ទីមួយ ដើម្បី​ធ្វើ​ការអនុមតិ ។ នៅ​ពេល​គណៈប្រធាន​ទីមួយ​អនុមតិ​ការហៅ​នេះ នោះ​ពួក​លោក​អនុញ្ញាត​ឲ្យ​ប្រធាន​ស្តេក តែងតាំង ហើយ​ញែក​ចេញ​ចំពោះ​ប៊ីស្សព​ថ្មី ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ចំពោះ​អ្នក ដែល​ត្រូវ​ដឹង​ថា គណៈប្រធាន​ទីមួយ អនុមតិ​ចំពោះ​ការហៅ​របស់​ប៊ីស្សព ?

ពីមុន​ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨អែតវឺត ប៉ាទ្រិច គឺ​ជា​ប៊ីស្សព​តែ​ម្នាក់​គត់​នៅ​ក្នុង​សាសនាចក្រ ។ នៅ​ពេល​ប៊ីស្សព​ឯ​ទៀត​ត្រូវបាន​ហៅ នោះ​ប៊ីស្សព ប៉ាទ្រិច បាន​បម្រើ​ជា​ប៊ីស្សព​ជា​អធិបតី ។ សព្វ​ថ្ងៃ​នេះ ប៊ីស្សព​ជា​អធិបតី គឺ​ជា​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ ហើយ​ទទួល​ខុសត្រូវ​លើ​កិច្ចការ​អាណាចក្រ​របស់​សាសនាចក្រ​ទាំងមូល ( សូម​មើល គ. និង ស. ១០៧:៦៨ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៥-៣៥

ព្រះអម្ចាស់​បញ្ជា​ឲ្យ​ឪពុកម្ដាយ បង្រៀន​កូនចៅ​របស់​ខ្លួន

តើ​អ្នក​ធ្លាប់​គិត​អំពី​លទ្ធភាព​នៃ​ការដែល​បាន​រៀបការ​ហើយ និង ការដែល​មាន​កូនចៅ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​ដែរ​ឬ​ទេ ?

សូម​ធ្វើ​បញ្ជី​នៃ​អ្វី​ដែល អ្នក​នឹង​ចង់​បង្រៀន​កូនចៅ​របស់​អ្នក ៖

រូបភាព
អ័ដាម និង អេវ៉ា កំពុង​បង្រៀន​កូនចៅ​របស់​ពួកគាត់

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៥-២៧រួច​គូសចំណាំ​គោលលទ្ធិ ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ឪពុកម្ដាយ បង្រៀន​ដល់​កូនចៅ​របស់​ខ្លួន ។ ប្រសិនបើ​អ្វី​ទាំងនេះ​មិន​មាន​នៅ​ក្នុង​បញ្ជី​របស់​អ្នក​ទេ​នោះ សូម​សរសេរ​បញ្ចូល​បន្ថែម ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ថា​តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ឪពុកម្ដាយ​ត្រូវបាន​បញ្ជា​ឲ្យ​បង្រៀន​កូនចៅ​ខ្លួន ដើម្បី​ពួកគេ​យល់​អំពី​គោលលទ្ធិ​នៃ​ការប្រែចិត្ត សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ពិធីបុណ្យ​ជ្រមុជទឹក និង អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​ឪពុកម្ដាយ​របស់​អ្នក​បាន​ជួយ​អ្នក ឲ្យ​រៀន​អំពី​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ? សូម​គិត​អំពី​ការសរសេរ​លិខិត​ថ្លែងអំណរគុណ​មួយ​ច្បាប់ ដើម្បី​ជូន​ចំពោះ​ពួកលោក ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៨–៣១ព្រះអម្ចាស់​បាន​ប្រទាន​ឱវាទ​បន្ថែម​ទៅ​ដល់​ឪពុកម្ដាយ​ទាំងឡាយ ក៏​ដូចជា​ទៅ​ដល់​ពួក​បរិសុទ្ធ​នៅ​ទីក្រុង ស៊ីយ៉ូន ដែរ ។

  1. ដើម្បី​ជួយ​អ្នក​ឲ្យ​ត្រៀមខ្លួន​ធ្វើ​ជា​ឪពុកម្ដាយ សូម​ធ្វើ​លំហាត់​ខាង​ក្រោម​ពីរ ឬ ច្រើន​ជាង​នេះ ។ សូម​ឆ្លើយ​សំណួរ​ទាំងឡាយ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

    1. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៨ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បញ្ជា​ឲ្យ​ឪពុកម្ដាយ បង្រៀន​ដល់​កូនចៅ​របស់​ខ្លួន ។

      • ហេតុអ្វី​អ្នកគិត​ថា វានឹង​សំខាន់​ចំពោះអ្នក​ដើម្បីបង្រៀនកូនចៅ​ឲ្យ​អធិស្ឋាន ?

      • តើ​អ្នក​ត្រូវបាន​បង្រៀន​ឲ្យ​ចេះ​អធិស្ឋាន​តាម​របៀប​ណា ?

      • តើ​ការអធិស្ឋាន​បាន​ប្រទានពរ​ដល់​អ្នក និង ក្រុមគ្រួសារ​អ្នក​តាម​របៀប​ណា ?

      • តាម​គំនិត​របស់​អ្នក តើ​ការអធិស្ឋាន​ជួយ​យើង​ឲ្យ « ដើរ​ដោយ​ទៀងត្រង់​នៅ​ចំពោះ​ព្រះអម្ចាស់ » តាម​របៀប​ណា ?

    2. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៩ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បញ្ជា​ឲ្យ​បណ្ដាជន​នៃ​ទីក្រុង ស៊ីយ៉ូន ( សមាជិក​សាសនាចក្រ ) ធ្វើ ។

      • តើ​អ្នក​បាន​រៀន​ពី​ឪពុកម្ដាយ​របស់​អ្នក ឬ មនុស្ស​ដទៃ​ទៀត អំពី​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

      • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ក្រុមគ្រួសារ​របស់​អ្នក ឲ្យ​រក្សា​ថ្ងៃ​ឈប់សម្រាក​ជា​បរិសុទ្ធ ?

    3. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:៣០ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បញ្ជា​ដល់​ឪពុកម្ដាយ និង កូន​ចៅ​ធ្វើ ។ ( សូម​កត់ចំណាំ​ថា ពាក្យ មនុស្ស​ខ្ជិល​ច្រអូស សំដៅ​ទៅ​លើ​មនុស្ស​ដែល​ខ្ជិល ឬ គ្មាន​ឆន្ទៈ​នឹង​ចូលរួម​ក្នុង​សកម្មភាព​ដែល​មាន​ប្រយោជន៍ ) ។

      • តើ​អ្នក​ធ្លាប់​បាន​ឃើញ​ពរជ័យ ដែល​កើត​ចេញ​ពី​ការខិតខំ​ធ្វើការ​នៅ​ពេល​ណា​ខ្លះ ?

      សូម​អាន​ព័ត៌មាន​ដូចតទៅ​នេះ​អំពី​ភាពខ្ជិលច្រអូស ៖ « ព្រះអម្ចាស់​បាន​បញ្ជា កុំ​ឲ្យ​យើង​ខ្ជិលច្រអូស ។ ភាពខ្ជិលច្រអូស​អាច​នាំ​ទៅ​រក​អាកប្បកិរិយា​មិន​សមរម្យ ទំនាក់ទំនង​មិន​ល្អ និង អំពើបាប ។ ទម្រង់​មួយ​នៃ​ភាព​ខ្ជិលច្រអូស​គឺ​ការ​ចំណាយ​ពេល​ហួស​ហេតុ​ទៅ​លើ​សកម្មភាព​ទាំងឡាយ ដែល​រារាំង​អ្នក​ពី​កិច្ចការ​ដែល​មាន​ប្រយោជន៍ ដូចជា​ការ​ប្រើ​អ៊ីនធឺណែត លេង​វីដេអូហ្គេម និង មើល​ទូរទស្សន៍​ជាដើម » (ដើម្បី​កម្លាំង​នៃ​យុវជនកូន​សៀវភៅ [ឆ្នាំ ២០១១ ] ទំព័រ ៤០) ។

      • តើ​ភាពខ្ជិល​ច្រអូល​នាំ​ទៅរក​សេចក្ដីទុច្ចរិត​យ៉ាង​ដូចម្ដេច?

      • តើ​កត្តា​ណា​ខ្លះ ដែល​អាច​ជួយ​បុគ្គល​ម្នាក់​ឲ្យ​យកឈ្នះ​លើ​ការទោរទន់​ទៅ​រក​ភាពខ្ជិលច្រអូស​បាន ?

    4. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:៣១-៣២ដោយ​ស្វែងរក​ការណ៍ ដែល​ព្រះអម្ចាស់​បញ្ជា​ឲ្យ​ឪពុកម្ដាយ និង ពួក​កូនចៅ​ធ្វើ ។

      • តើ​អ្នកគិត​ថា​ការ​លោភ​លន់អាច​នឹងជះ​ឥទ្ធិពល​ដល់​គ្រួសារ​មួយយ៉ាងដូចម្ដេច ?

      • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ក្នុង​ជីវិត ដើម្បី​យកឈ្នះ​លើ​ភាពអាត្មានិយម និង ភាពលោភលន់​បាន ?

  2. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់ ដែល​ត្រូវ​ត្រៀមខ្លួន​នា​ពេល​ឥឡូវ​នេះ ដើម្បី​ធ្វើ​ជា​ឪពុកម្ដាយ​ដ៏​ល្អ ?

    2. តើ​គោលដៅ​អ្វី​ដែល​អ្នក​នឹង​ដាក់ ដែល​នឹង​ជួយ​អ្នក​ឲ្យ​ត្រៀមខ្លួន​ធ្វើ​ជា​ឪពុកម្ដាយ​ដ៏​ល្អ ?

  3. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖