ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៩ ៖ ថ្ងៃ​ទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤១-៦៩


មេរៀន​ទី ១៩ ៖ ថ្ងៃ​ទី ២

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤១-៦៩

សេចក្ដីផ្ដើម

នេះ​គឺ​ជា​មេរៀន​ទី​ពីរ​ក្នុង​ចំណោម​មេរៀន​ទាំង​បី ដែល​ផ្ដោតទៅ​លើ​វិវរណៈ មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨ ។ ចំណែក​នៃ​វិវរណៈ​ដែល​មាន​ពាសពេញ​ក្នុង​មេរៀន​នេះ ត្រូវបាន​ប្រទាន​ឲ្យ​នៅ​ក្នុង​សន្និសីទ​របស់​ពួក​សង្ឃ​ជាន់​ខ្ពស់​នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ នៅ​ថ្ងៃ​ទី ២៧ និង ២៨ ខែ ធ្នូ ឆ្នាំ ១៨៣២ ។ វា​បូក​បញ្ចូល​ទាំង​ការបកស្រាយ​របស់ ព្រះយេស៊ូវគ្រីស្ទ អំពី​របៀប​ដែល​ព្រះ​គ្រប់គ្រង​ការបង្កបង្កើត​របស់​ទ្រង់ និង ការអញ្ជើញ​យើង​ឲ្យ​ខិត​ទៅ​ជិត​ទ្រង់ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤១-៥០

ព្រះអង្គសង្គ្រោះ​បើក​សម្ដែង​ថា គ្រប់​ការណ៍​ទាំងអស់​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រឹត្យវិន័យ​ដ៏​ទេវភាព

រូបភាព
ហ្វូង​តារា

តើ​អ្នក​ធ្លាប់​គយគន់​ហ្វូង​តារា ហើយ​គិត​អំពី​ព្រះ និង ការបង្កបង្កើត​របស់​ទ្រង់​ដែរ​ឬ​ទេ ? តើ​សំណួរ ឬ គំនិត​អ្វី​ខ្លះ ដែល​អ្នក​ពិចារណា​នៅ​ពេល​អ្នក​សម្លឹង​មើល​ទៅ​មេឃ ។

នៅ​ពេល​មនុស្ស​គិត​ស្រមៃ​អំពី​ភាពធំធេង​នៃ​ការបង្កបង្កើត​របស់​ព្រះ នោះ​ជួនកាល​ពួកគេ​មាន​អារម្មណ៍​ថា​ខ្លួន​តូចតាច ហើយ​ពុំ​សំខាន់ ។ ពួកគេ​អាច​ឆ្ងល់ ថាតើ​ព្រះ​ទ្រង់​ស្គាល់​ពួកគេ​ដែរ​ឬ​ទេ ។ ខគម្ពីរ​ជា​ច្រើន ដែល​អ្នក​សិក្សា​នៅ​ថ្ងៃ​នេះ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨ បង្ហាញ​អំពី​ការស្គាល់​របស់​ព្រះ ចំពោះ​អ្នក និង ព្រះឆន្ទៈ​របស់​ទ្រង់​ដើម្បី​នាំ​អ្នក​ឲ្យ​ទៅ​ជិត​ទ្រង់ ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៤១ ។ សូម​គិត​ថាតើ​ខគម្ពីរ​នេះ បង្ហាញ​យ៉ាង​ដូចម្ដេច​ថា ព្រះ​មាន​ព្រះចេស្ដា​ដើម្បី​ស្គាល់​អ្នក និង ជ្រាប​អំពី​សេចក្ដី​ត្រូវការ​របស់​អ្នក ។ បន្ទាប់​មក សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤២–៤៥រួច​ស្វែងរក​របៀប​ដែល​ព្រះ​គ្រប់គ្រង​ការបង្កបង្កើត​របស់​ទ្រង់ រួម​បញ្ចូល​ទាំង​ព្រះអាទិត្យ ព្រះចន្ទ ហ្វូង​តារា និង ពិភព​ទាំងឡាយ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

  1. សូម​គិត​អំពី​ការបង្កបង្កើត​មួយ​ចំនួន​របស់​ព្រះ​នៅ​ឯ​ស្ថានសួគ៌ និង នៅ​លើ​ផែនដី ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ការបង្កបង្កើត​របស់​ព្រះ ដែល​ធ្វើ​ឲ្យ​អ្នក​ស្ញប់ស្ញែង ។ តើ​ការបង្កបង្កើត​នោះ បង្រៀន​អ្នក​អំពី​ព្រះ​ដ៏​បង្កបង្កើត​យ៉ាង​ដូចម្ដេច ?

  2. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤៦-៤៧ដោយ​ស្វែងរក​ថាតើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ថា យើង​នឹង​មើល​ឃើញ​អ្វី នៅ​ពេល​យើង​សង្កេត​មើល​ការបង្កបង្កើត​របស់​ព្រះ ។ រួច​សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​យើង​នឹង​មើល​ឃើញ​អ្វី នៅ​ពេល​យើង​សង្កេត​មើល​ការបង្កបង្កើត​ដ៏​តូច​មួយ​របស់​ទ្រង់ ?

    2. តើ​ការបង្កបង្កើត​ដែល​អ្នក​មើល​ឃើញ​នៅ​ឯ​ស្ថានសួគ៌ និង នៅ​លើ​ផែនដី ជួយ​អ្នក​បង្កើន​ទីបន្ទាល់​អំពី​ព្រះ​យ៉ាង​ដូចម្ដេច ?

  3. សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤៨-៥០ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សង្ខេប​ខគម្ពីរ​ទាំងនេះ​ជា​ពាក្យពេចន៍​ផ្ទាល់ខ្លួន​របស់​អ្នក ។ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វី​ខ្លះ អំពី​ព្រះយេស៊ូវគ្រីស្ទ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៥១-៦១

ព្រះអម្ចាស់​លើក​រឿង​ប្រដូច​មួយ​ឡើង អំពី​បុរស​ទាំងឡាយ​ធ្វើការ​នៅ​ក្នុង​ចម្ការ ហើយ​ត្រូវបាន​ចៅហ្វាយ​ត្រឡប់​មក​ជួប

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៥១–៦០ មាន​រឿង​ប្រដូច​មួយ ដែល​ជួយ​យើង​យល់​អំពី​ទំនាក់ទំនង​របស់​ព្រះ​ជាមួយ​នគរ​ទាំងឡាយ ដែល​ទ្រង់​បាន​បង្កើត ។ រឿង​ប្រដូច គឺ​ជា​រឿង​ដែល​ប្រើប្រាស់​ការប្រៀបធៀប ដើម្បី​បង្រៀន​អំពី​សេចក្ដីពិត ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៥១–៥៥ដោយ​ស្វែងរក​ថាតើ​បុរស​ម្នាក់​នៅ​ក្នុង​រឿង​ប្រដូច​នេះ បាន​បញ្ជា​ដល់​ពួក​អ្នក​បម្រើ​គាត់​ឲ្យ​ធ្វើ​អ្វី ហើយ​ថាតើ​គាត់​បាន​សន្យា​ដូចម្ដេច​ទៅ​កាន់​ពួកគេ​ម្នាក់ៗ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៥៦–៦០យើង​អាន​ថា ម្ចាស់​ចម្ការ​បាន​មក​ជួប​ពួក​អ្នក​បម្រើ​របស់​គាត់​នៅ​ពេល​ដល់​វេន​ពួកគេ ៖ « ពួកគេ​ទាំងអស់​គ្នា​បាន​ទទួល​រស្មី នៅ​លើ​មុខ​ចៅហ្វាយ​របស់​ខ្លួន គឺ​មនុស្ស​ម្នាក់ៗ​តាម​ម៉ោង​របស់​ខ្លួន » ( គ. និង ស. ៨៨:៥៨ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦១ដោយ​ស្វែងរក​អ្វី​ដែល​រឿង​ប្រដូច​បង្រៀន​យើង អំពី​របៀប​ដែល​ព្រះ​ទាក់ទង​ជាមួយ​នគរ​ទាំងឡាយ ដែល​ទ្រង់​បាន​បង្កើត ។

ផែនដី​ដែល​យើង​រស់នៅ គឺ​ជា​នគរ​មួយ​ក្នុង​ចំណោម​នគរ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​យាង​មក​ជួប ។ សេចក្ដីពិត​មួយ​ដែល​យើង អាច​រៀន​ចេញ​ពី​រឿង​ប្រដូច​នេះ​គឺ​ថា ព្រះអម្ចាស់​នឹង​យាង​ទៅ​នគរ​ទាំងឡាយ​របស់​ទ្រង់ និង ទៅ​ជួប​នឹង​បណ្ដាជន​ដែល​គ្រង​នគរ​ទាំងនោះ​ទៅ​តាម​កាល​វេលា​របស់​ទ្រង់ ។ អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដីពិត​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

រូបភាព
ព្រះយេស៊ូវគ្រីស្ទ

យើង​នឹង​រីករាយ​ក្នុង​វត្តមាន​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី​នេះ អំឡុង​ពេល​សហស្សវត្សរ៍ បន្ទាប់​ពី​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦២-៦៩

ព្រះ​សន្យា​ថា​នឹង​យាង​ចូល​មក​ជិត​យើង នៅ​ពេល​យើង​ចូល​ទៅ​ជិត​ទ្រង់

សូម​ពិចារណា​អំពី​សំណួរ​ដូចតទៅ​នេះ ៖ តើ​អ្នក​មាន​អារម្មណ៍​ថា ស្និទ្ធស្នាល​ជាមួយ​ព្រះអម្ចាស់​ដល់​កម្រិត​ណា ? តើ​អ្នក​ចង់​ស្និទ្ធស្នាល​ជាមួយ​ទ្រង់ កាន់តែ​ខ្លាំង​ដែរ​ឬ​ទេ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦២–៦៣ដោយ​ស្វែងរក​អ្វី​ដែល​យើង​អាច​ធ្វើ ដើម្បី​អញ្ជើញ​ព្រះអម្ចាស់​ឲ្យ​យាង​ចូល​មក​ជិត​យើង ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

  1. សូម ធ្វើ ដូច ខាងក្រោម នេះ នៅក្នុង សៀវភៅ កំណត់ ហេតុ ការសិក្សា ព្រះគម្ពីរ របស់ អ្នក ៖

    1. សូម​សរសេរ​គោលការណ៍ ដែល​អ្នក​រៀន​ចេញ​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦៣ អំពី​ការខិត​ចូល​ទៅ​ជិត​ព្រះអម្ចាស់ ។

    2. សូម​សរសេរ​សកម្មភាព​ចំនួន​បី ចេញ​ពី ខទី ៦៣ ដែល​ផ្ដល់​ការយល់ដឹង​ជ្រាលជ្រៅ​ដល់​អ្នក​អំពី​របៀប​ដែល​អ្នក​អាច​ខិត​ចូល​ទៅ​កាន់តែ​ជិត​ព្រះអម្ចាស់ ។

    3. សូម​ឆ្លើយ​សំណួរ​ដូច​តទៅនេះ ៖ តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ក្នុង​ការស្វែងរក សូម និង គោះ ដើម្បី​ខិត​ចូល​ទៅ​កាន់តែ​ជិត​ព្រះអម្ចាស់ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦៤ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អ្នក​ទាំងឡាយ ដែល​អធិស្ឋាន​ដល់​ព្រះវរបិតា​នៅ​ក្នុង​ព្រះ​នាម​របស់​ទ្រង់ ។

តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ដូចម្ដេច អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌ ឆ្លើយ​តប​រាល់​ការអធិស្ឋាន ? នៅ​ក្នុង​ខគម្ពីរ​នេះ ឃ្លា « ជា​ការចាំបាច់​សម្រាប់​អ្នក » អាច​និយាយ​បាន​ថា « ជា​ការប្រសើរ​បំផុត​សម្រាប់​អ្នក » ។ ហេតុដូច្នេះហើយ គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​នេះ គឺ​ថា ព្រះ វរបិតា សួគ៌​ឆ្លើយ​តប​រាល់​ការអធិស្ឋាន​របស់​យើង ទៅ​តាម​អ្វី​ដែល​ទ្រង់​ជ្រាប​ថា ជា​ការប្រសើរ​បំផុត​សម្រាប់​យើង ។

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ​ដោយ អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ អាច​ជួយ​អ្នក​យល់​អំពី​មូលហេតុ ដែល​អ្នក​គួរតែ​មាន​អារម្មណ៍​នៃ​ការដឹងគុណ ទោះ​ជា​ព្រះវរបិតាសួគ៌​ឆ្លើយ​តប​ការអធិស្ឋាន​របស់​អ្នក ទៅ​តាម​របៀប​មួយ​ខុស​ពី​អ្វី ដែល​អ្នក​សង្ឃឹម ឬ រំពឹងទុក​យ៉ាង​ណា​ក៏​ដោយ ៖ « វា​ពិត​ជា​រឿង​មួយ​ដ៏​លំបាក នៅ​ពេល​ការអធិស្ឋាន​ដ៏​ស្មោះ​ដើម្បី​បាន​អ្វី​មួយ ដែល​អ្នក​ប្រាថ្នា​ចង់​បាន​ខ្លាំង​បំផុត​នោះ ពុំ​ត្រូវបាន​ឆ្លើយ​តប​ទៅ​តាម​របៀប​ដែល​អ្នក​ចង់​បាន​នោះ ។ វា​ពិបាក​ដើម្បី​យល់​អំពី​មូលហេតុ ដែល​ការអនុវត្ត​សេចក្ដី​ជំនឿ​ដ៏​ជ្រាលជ្រៅ និង ស្មោះ​របស់​អ្នក​ដោយ​រស់​នៅ​ក្នុង​ជីវិត​មួយ ដែល​មាន​ការគោរព​ប្រតិបត្តិ បែរ​ជា​មិន​បាន​ទទួល​លទ្ធផល​ដែល​ចង់​បាន​ទៅ​វិញ ។… ពេល​ខ្លះ​វា​ពិបាក ដើម្បី​ស្គាល់​អំពី​អ្វី​ដែល​ជា ការប្រសើរ​បំផុតការចាំបាច់សម្រាប់​អ្នក​ណាស់ ។ ជីវិត​របស់អ្នក​នឹង​កាន់តែ​ងាយស្រួល នៅពេលអ្នក​ទទួល​ស្គាល់ថា​អ្វីដែលព្រះ​បាន​ធ្វើ​ឲ្យ​មាន​នៅក្នុងជីវិត​របស់អ្នក គឺ​សម្រាប់​សេចក្ដី​ល្អដ៏អស់កល្បជានិច្ច របស់អ្នក » (Using the Supernal Gift of Prayer » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៩ ) ។

  1. តើ​អ្នក​គួរតែ​ធ្វើ​ដូចម្ដេច នៅ​ពេល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​កើតឡើង តាម​របៀប​ដែល​អ្នក​ពុំ​បាន​រំពឹងទុក​នោះ ? សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​បទពិសោធន៍​មួយ ដែល​អ្នក​ធ្លាប់​មាន​នៅ​ពេល​ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​អ្នក នៅ​តាម​របៀប​ដែល​ប្រសើរ​បំផុត​សម្រាប់​អ្នក ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦៦យើង​រៀន​ថា របៀប​ដែល​ព្រះ​ទាក់ទង​មក​កាន់​យើង​គឺ « សំឡេង​នៃ​មនុស្ស​ម្នាក់ កំពុង​តែ​ស្រែក​នៅ​ក្នុង​ទីរហោស្ថាន » ។ សូម​អាន​ខគម្ពីរ​នោះ ដោយ​ស្វែងរក​របៀប​ដែល​ព្រះសូរសៀង​របស់​ព្រះ​បន្លឺ​មក​កាន់​យើង ។ សូម​គិត​អំពី​គ្រា​មួយ ដែល​អ្នក​ធ្លាប់​បាន​មាន​អារម្មណ៍​ថា ព្រះ​បាន​យាង​ចូល​មក​ជិត​អ្នក ទោះ​ជា​អ្នក​ពុំ​អាច​មើល​ឃើញ​ទ្រង់​យ៉ាង​ណា​ក្ដី ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦៧-៦៩ ដោយ​ស្វែងរក​របៀប​បន្ថែម ដែល​អ្នក​អាច​ចូល​ទៅ​ជិត​ព្រះអម្ចាស់​បាន ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

ដោយ​ប្រើ​ខគម្ពីរ​ទាំងនេះ សូម​បញ្ចប់​សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ ៖ បើ​ភ្នែក​របស់​ខ្ញុំ​ស្មោះស្ម័គ្រ​ទាំងស្រុង ទៅ​ចំពោះ​សិរីល្អ​របស់​ព្រះ នោះ  ។

នៅ​ក្នុង ខទី ៦៧ ឃ្លា « ភ្នែក … ស្មោះស្ម័គ្រ​ទាំងស្រុង​ទៅ​ចំពោះ​សិរីល្អ​របស់​យើង » មាន​ន័យ​ថា លះបង់​ទាំងស្រុង​ចំពោះ​កិច្ចការ និង គោលបំណង​របស់​ព្រះ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​នរណា ដែល​អ្នក​ស្គាល់ ដែល​មើល​ទៅ​ហាក់​ដូចជា​ពេញ​ទៅ​ដោយ​ពន្លឺ​នៃ​ព្រះអម្ចាស់ ?

    2. តើ​អ្នក​មើល​ឃើញ​ពន្លឺ​នៃ​ព្រះអម្ចាស់ ដែល​បុគ្គល​នោះ​មាន តាមរបៀប​ណា ?

នៅ​ក្នុង ខទី ៦៨ សូម​កត់ចំណាំ​ថា ដើម្បី​ធ្វើ​ឲ្យ​គំនិត​របស់​អ្នក​ស្មោះស្ម័គ្រ​ទាំងស្រុង​ចំពោះ​ព្រះ អ្នក​ត្រូវ​ញែក​ខ្លួន​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ ។ ឃ្លា « ញែក​ខ្លួន​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ » សំដៅ​ទៅ​លើ​តម្រូវការ​ធ្វើ​ឲ្យ​បាន​បរិសុទ្ធ ហើយ​សម្អាត​ខ្លួន​ចេញ​ពី​អំពើបាប ។ អ្នក​អាច​បាន​ញែក​ចេញ​ជា​បរិសុទ្ធ​បាន តាម​រយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង អានុភាព​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅ​ពេល​អ្នក​ប្រែចិត្ត​ចេញ​ពី​អំពើបាប​របស់​អ្នក ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ថែមទាំង​រក្សា​សេចក្ដី​សញ្ញា ។

  1. សូម​រំឭក​អំពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ដែល​អ្នក​បាន​រកឃើញ​នៅ​ក្នុង​មេរៀន​នេះ ។ រួច​ស្រមៃ​ថា អ្នក​កំពុង​គយគន់​ហ្វូង​តារា​ជាមួយ​មិត្តភក្ដិ​ម្នាក់ ដែល​គិត​ថា ព្រះ​ទ្រង់​ពុំ​ស្គាល់​គាត់​ឡើយ ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​នឹង​ថ្លែង​ទៅ​កាន់​មិត្តភក្ដិ​របស់​អ្នក ។

សូម​បញ្ចប់​មេរៀន​នេះ ដោយ​អាន និង ពិចារណា​លើ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« បងប្អូនប្រុសស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ វា​ជា​ការពិត ដែល​មនុស្ស​គឺ​គ្មាន​ជា​អ្វី​សោះ បើ​ប្រៀប​ទៅ​នឹង​ភាព​ធំធេង​នៃ​ចក្រវាឡ​នេះ ។ ជួនកាល យើង​អាច​មាន​អារម្មណ៍​ថា​ជា​មនុស្ស​មិន​សំខាន់ គ្មាន​គេ​កត់​សម្គាល់ ឯកោ ឬ ត្រូវ​បាន​បំភ្លេច​ចោល ។ ប៉ុន្តែ សូម​ចងចាំ​ជានិច្ច​ថា— អ្នក​សំខាន់​ចំពោះ​ទ្រង់ !…

« ព្រះ​ទត​មើល​អ្នក ពុំ​មែនគ្រាន់​តែ​ជា​មនុស្ស​រមែង​ស្លាប់​នៅ​ក្នុង​ភព​តូច​មួយ ដែល​យើង​រស់នៅ​មួយ​រយៈ​នេះ​នោះ​ទេ— ទ្រង់​ទត​មើល​លើ​អ្នក ក្នុង​នាម​ជា​បុត្រ​របស់​ទ្រង់ ។ ទ្រង់​ទតមើល​អ្នក​ជា​តួអង្គ ដែល​មាន​សមត្ថភាព និង បាន​រៀបចំ​រចនា​អ្នក​ឡើង​ឲ្យ​ប្រែក្លាយ​ទៅ​ជា​ដូចនោះ ។ ទ្រង់​ចង់​ឲ្យអ្នកដឹង​ថា អ្នក​សំខាន់​ចំពោះទ្រង់ » (You Matter to Him » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១១,ទំព័រ ២២ ) ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤១-៦៩ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖