ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣០ ៖ ថ្ងៃ​ទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:១៩-៤២


មេរៀន​ទី ៣០ ៖ ថ្ងៃ​ទី ៣

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:១៩-៤២

សេចក្ដីផ្ដើម

ក្នុង​ខែ មករា ឆ្នាំ ១៨៤៧ ប្រធាន ព្រិកហាំ យ៉ង់ បាន​ទទួល​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៦ នៅ វិនទើរ ខ្វរទើរ្ស រដ្ឋ នេប្រាស្កា ។ មេរៀន​នេះ​គ្រប​ដណ្ដប់​លើ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:១៩–៤២ ដែល​រួម​បញ្ចូល​ទាំង​ឱវាទ​របស់​ព្រះអម្ចាស់​ដល់​ពួក​បរិសុទ្ធ ស្ដីពី​របៀប​ដែល​ពួកគេ​ត្រូវ​ប្រព្រឹត្ត​នៅ​ពេល​ធ្វើ​ដំណើរ ទ្រង់​ប្រទាន​ការអះអាង ហើយ​ត្រាស់​បង្គាប់​ពួកគេ​ឲ្យ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:១៩-២៩

ព្រះអម្ចាស់​ប្រទាន​ឱវាទ​ដល់​ពួកបរិសុទ្ធ ស្ដីពី​របៀប​ដែល​ពួកគេ​ត្រូវ​ប្រព្រឹត្ត​នៅ​ពេល​ធ្វើ​ដំណើរ

សូម​គិត​អំពី​ឱកាស​មួយ ដែល​អ្នក​ធ្លាប់​មាន ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដទៃ​នៅ​ក្នុង​ក្រុម ។ តើ​ទិដ្ឋភាព​វិជ្ជមាន​មួយ​ចំនួន នៃ​ការ​ធ្វើការ​ជាមួយ​មនុស្ស​ដទៃ​នៅ​ក្នុង​ក្រុមមាន​អ្វី​ខ្លះ ?

រូបភាព
មនុស្ស​ធ្វើការ​ជាមួយ​គ្នា​នៅ​ក្នុង​សួនច្បារ

ការធ្វើការ​ជា​ក្រុម អនុញ្ញាត​ឲ្យ​យើង​ជួយ​គ្នា​ទៅវិញ​ទៅមក ប៉ុន្តែ វា​ក៏​អាច​បង្កើត​ជា​បញ្ហា​ច្រើន​ដែរ ។

នៅ​ពេល​ពួក​បរិសុទ្ធ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ទីក្រុង ណៅវូ នៅ​ដើម​ឆ្នាំ ១៨៤៦ ហើយ​បាន​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​លិច នោះ​មាន​មនុស្ស​ជាច្រើន​ពុំ​បាន​ត្រៀមខ្លួន​ធ្វើ​ដំណើរ​ទេ ។ ក្រុមពួកបរិសុទ្ធ​ដំបូង​គេ បាន​ចេញ​ទៅ​ជាច្រើន​គីឡូម៉ែត្រ ដែល​ធ្វើ​ឲ្យ​ពួកគេ​ពុំ​អាច​ជួយ​គ្នា​ទៅវិញ​ទៅមក​បាន​ទេ ។ នៅ​ក្នុង​វិវរណៈ​មួយ​ដែល​ប្រធាន ព្រិកហាំ យ៉ង់ បាន​ទទួល​នៅ វិនទើរ ខ្វរទើរ្ស រដ្ឋ នេប្រាស្កា ប្រហែលជា​មួយ​ឆ្នាំ​ក្រោយ​មក ព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​ពួកបរិសុទ្ធ​រៀបចំ​ខ្លួន​ដើម្បី​ពួកគេ​អាច​ជួយ​គ្នា​ទៅវិញទៅមក នៅ​ពេល​ពួកគេ​បន្ដ​ការ​ធ្វើ​ដំណើរ ។

សូម​រំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:២, ៨–១០ ដោយ​ស្វែងរក​សេចក្ដី​ណែនាំ​ពី​ព្រះអម្ចាស់ អំពី​របៀប​ដែល​ពួក​បរិសុទ្ធ​ត្រូវ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ។

ទោះបីជា​ការធ្វើការ​ជា​ក្រុម​អនុញ្ញាត​ឲ្យ​យើង​ជួយ​គ្នា​ទៅវិញទៅមក​ក្ដី ក៏​វា​អាច​បង្កើត​ជា​បញ្ហា​ច្រើន​ផងដែរ ។ សូម​គិត​អំពី​ឧបសគ្គ​មួយ​ចំនួន ដែល​អាច​កើត​ឡើង​នៅ​ពេល​ធ្វើការ​ជាមួយ​គ្នា ?

សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:១៩-២៧ ដោយ​ស្វែងរក​ឱវាទ​ពី​ព្រះអម្ចាស់​ទៅ​ដល់​ពួក​បរិសុទ្ធ នៅ​ពេល​ពួកគេ​ធ្វើ​ដំណើរ និង ធ្វើការ​រួម​គ្នា ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ឱវាទ​អ្វី​ខ្លះ​ដែល​អ្នក​បាន​អាន ដែល​បាន​ជួយ​ដល់​ពួកបរិសុទ្ធ​ធ្វើដំណើរ និង ធ្វើការ​រួមគ្នា ?

    2. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ឱវាទ​នេះ​មាន​ប្រយោជន៍ ?

    3. តើ​អ្នក​អាច​អនុវត្ត​តាម​ឱវាទ​នេះ នៅ​ពេល​អ្នក​ប្រាស្រ័យ​ទាក់ទង ហើយ​ធ្វើការ​ជាមួយ​មនុស្ស​ទូទៅ​តាមរបៀប​ណា ?

សូម​រំឭក ខទី ២៣–២៤ ។ សូម​កត់ចំណាំ​ថា ព្រះអម្ចាស់​បាន​ប្រទាន​ឱវាទ​ដល់​ពួក​បរិសុទ្ធ​ឲ្យ « ឈប់​ការផឹក​ប្រមឹក » ( គ. និង ស. ១៣៦:២៤ ) ទោះ​ជា​វិវរណៈ​នេះ​បាន​ប្រទាន​មក​បន្ទាប់​ពី ពួកបរិសុទ្ធ​បាន​ទទួល​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​យ៉ាង​ណា​ក្ដី ។ ពួកបរិសុទ្ធ​បាន​រីកចម្រើន​បន្ដិចម្ដងៗ នៅ​ពេល​គោរពប្រតិបត្តិ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។ នៅ​ពេល​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៦ បាន​ប្រទាន​ឲ្យ កាលនោះ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ មិនត្រូវ​បាន​ហាមឃាត់​ពី​ការ​ប្រើ​គ្រឿង​ស្រវឹង​ទាំងអស់ ដូចជា​យើង​នៅ​សព្វថ្ងៃ​នេះ​ទេ ។

ស្រប​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:២៤ តើ​ពាក្យសម្ដី​ទាំងឡាយ​របស់​យើង​គួរតែ​ស្ដែង​ចេញ​យ៉ាង​ដូចម្ដេច ចំពោះ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ? ដើម្បី​ឆ្លើយ​សំណួរ​នេះ សូម​បញ្ចប់​គោលការណ៍​ដូចតទៅ ៖ ពាក្យសម្ដី​ទាំងឡាយ​របស់​យើង​គួរតែ . សូម​គិត​អំពី​ការគូសចំណាំ​ឃ្លា ដែល​បង្រៀន​គោលការណ៍​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

អ្នក​អាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ដើម្បី​ស្អាងគ្នា មាន​ន័យ​ថា ស្ថាបនា​នរណា​ម្នាក់​ឡើង​ខាង​វិញ្ញាណ ឬ ខាង​សតិអារម្មណ៍ ។

  1. សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​សំខាន់​ចំពោះ​ពួកបរិសុទ្ធ ដើម្បី​ប្រើ​ពាក្យ​ស្អាងគ្នា នៅ​ពេល​ពួកគេ​ធ្វើដំណើរ​ជាមួយគ្នា​នោះ ?

    2. សូម​អធិប្បាយ​អំពី​គ្រា​ដែល​អ្នក​ធ្លាប់​បាន​ឃើញ​នរណា​ម្នាក់ ប្រើ​ពាក្យ​សម្ដី​ស្អាង​ដល់​មនុស្ស​ដទៃ ?

សូម​គិត​អំពី​ពាក្យសម្ដី​អ្នក​អាច​និយាយ ដែល​នឹង​ស្អាង​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ឡើង ។

នៅ​ពេល​អ្នក​អាន​ដំណើររឿង​ខាង​ក្រោម អំពី​បទពិសោធន៍​នានា​របស់​ពួក​បរិសុទ្ធ​នៅ​ពេល​ពួកគេ​បាន​ចាប់ផ្ដើម​ការធ្វើដំណើរ​ឆ្ពោះ​ទៅ​ភាគ​ខាង​លិច សូម​គិត​ថាតើ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ដូចម្ដេច និង អំពី​មូលហេតុ​ដែល​ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់​ទាំងនេះ បាន​មាន​ឆន្ទៈ​ឆ្លង​កាត់​ការសាកល្បង​ដូចនេះ ៖

ម៉ារី អាណ វេស្ដុន មូហាន បាន​សរសេរ ៖ « យើង​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​បញ្ចុះ​សព​មនុស្ស​ពីរ​នាក់​ក្នុង​ក្រុម​យើង ដែល​បាន​ស្លាប់​នៅ​ព្រឹក​នេះ​ដោយសារ​តែ​ជំងឺ​អាសន្នរោគ បុរស​នោះ​ឈ្មោះ ប្រោណ និង កុមារ​តូច​ម្នាក់ ។ មាន​អ្នក​ជំងឺ​ច្រើន​ទៀត​នៅ​ក្នុង​ជំរំ ។ ដោយ​បាន​ទៅ​ដល់ ទន្លេ ប្លាត ពេញ​មួយ​ថ្ងៃ ។ បាន​ធ្វើ​ដំណើរ ២៤ គីឡីម៉ែត្រ បាន​បោះ​ជំរុំ​នៅ សលត៍ ក្រិក ។ មិនយូរ​ប៉ុន្មាន ក្មេង​ម្នាក់​ទៀត​ក្នុង​ជំរំ​យើង​បាន​ស្លាប់ ។ ពួកគេ​បាន​បញ្ចុះ​សព​នៅ​ពេល​ថ្ងៃ​លិច តាម​ច្រាំង​ទន្លេ​ក្រិក ។ មាន​មនុស្ស​ច្រើន​ទៀត​ឈឺ ។ វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​សោកសៅ ដែល​ត្រូវ​បញ្ចុះ​សព​មិត្ត​របស់​យើង​នៅ​តាម​ផ្លូវ ។ អាកាសធាតុ​ក្ដៅ​ខ្លាំង » ( Mary Ann Weston Maughan journal វ៉ុល ៣ ថ្ងៃ​ទី ២១ ខែ មិថុនា ឆ្នាំ ១៨៥០ ២:១ Family History Library, Salt Lake City; spelling, capitalization, and punctuation modernized ) ។

រូបភាព
ក្លារីសា យ៉ង់ ស្ពែនស៊ើរ

ក្លារីសា យ៉ង់ ស្ពែនស៊ើរ ( កូន​ស្រី​របស់ ព្រិកហាំ យ៉ង់ ) បាន​សរសេរ ៖ « គុណ​សម្បត្តិ​លេចធ្លោ​បំផុត​របស់​លោក​ឪពុក​ក្នុង​នាម​ជា​អ្នកដឹកនាំ​ម្នាក់ គឺ​ជា​ឥរិយាបទ​ដែល​លោក​បាន​មើល​ថែ​ដល់​សុខុមាលភាព​របស់​ប្រជាជន​លោក​ទាំង​ខាង​សាច់ឈាម និង ខាង​សង្គម ព្រមទាំង​ដឹកនាំ​ពួកគេ ចំពោះ​សេចក្ដី​ត្រូវការ​ខាង​វិញ្ញាណ​របស់​ពួកគេ​ផងដែរ ។ នៅ​ក្នុង​ការធ្វើដំណើរ​ដ៏អស្ចារ្យ​ឆ្លងកាត់​ទីវាល​ទំនាប ពេល​ដែល​មនុស្ស​គ្រប់​គ្នា​ដើរ​ដោយ​ទន់​ល្វើយ​ក្នុង​ផ្លូវ​ដ៏​វែងឆ្ងាយ បើសិនជា​អាកាស​ធាតុ​អំណោយផល​នោះ ពួកបរិសុទ្ធ​បាន​ជួបជុំ​គ្នា​ដុត​ភ្នក់​ភ្លើង​រាំ​កម្សាន្ត​នៅ​ពេល​ល្ងាច ។ មាន​ចម្រៀង​បាន​បន្លឺ​ឡើង តន្ត្រី​ប្រគុំ​ដោយ​អ្នក​លេង​វីយូឡុង ហើយ​ពួក​បុរស​ស្ត្រី​បាន​បំភ្លេច​ភាពនឿយ​ហត់​ក្នុង​ការដើរ​អស់​ចម្ងាយ​ម្ភៃបួន​គីឡូម៉ែត្រ​ជាដើម​នៅ​លើ​វាលខ្សាច់​ល្ហល្ហេវ ខណៈ​ដែល​ពួកគេ​ចូលរួម​នៅ​ក្នុង​ការ​រាំ​ជា​រង្វង់ ។ នេះ​ជា​របៀប​របស់​លោក​ក្នុង​ការជួយ​មនុស្ស​ឲ្យ​រក្សា ‹ លីសធម៌ › មុន​ពេល​លោក​បាន​ថ្លែង​ចេញ​អ្វី​មួយ » ( ជាមួយ Mabel Harmer One Who Was Valiant [ ឆ្នាំ ១៩៤០ ] ទំព័រ ១៦២ ) ។

យោងតាម​ដំណើររឿង​ទាំងនេះ តើ​អ្នក​នឹង​ពិពណ៌នា​អំពី​បទពិសោធន៍​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ យ៉ាង​ដូចម្ដេច ?

  1. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:២៨-២៩ ដោយ​ស្វែងរក​ឱវាទ ដែល​មាន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។ ក្រោយ​មក សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​គោលការណ៍​មួយ​ដែល​ប្រាប់​អំពី​អ្វី​យើង​គួរ​ធ្វើ​នៅ​ពេល​យើង​រីករាយ និង គោលការណ៍​មួយ​ដែល​ប្រាប់​អំពី​អ្វី​យើង​គួរ​ធ្វើ​នៅ​ពេល​មាន​ទុក្ខ​ព្រួយ ។

សូម​គិត​អំពី​គ្រា​ដែល​ព្រះវរបិតាសួគ៌ បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​អ្នក ដោយ​បាន​ជួយ​អ្នកឲ្យ​មាន​ភាពរីករាយ ។ សូម​ពិចារណា​ក្នុង​ការចែកចាយ​បទពិសោធន៍​មួយ ទៅ​កាន់​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ​ម្នាក់ ។

សូម​ចងចាំ​ថា​ត្រូវ​សរសើរ​តម្កើង ហើយ​ថ្លែង​អំណរគុណ​ដល់​ព្រះអម្ចាស់ នៅ​ពេល​អ្នក​រីករាយ និង អធិស្ឋាន​សុំ​ជំនួយ នៅ​ពេល​អ្នក​មាន​ទុក្ខព្រួយ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:៣០-៤២

ព្រះអម្ចាស់​អះអាង​ដល់​ពួកបរិសុទ្ធ ហើយ​ប្រទាន​ឱវាទ​ឲ្យ​ពួកគេ​ឧស្សាហ៍​ព្យាយាម ក្នុង​ការរក្សា​ព្រះបញ្ញត្តិ​ទាំងអស់​របស់​ទ្រង់

ពួកបរិសុទ្ធ​បាន​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​ដ៏​ធំ ហើយ​ពួកគេ​បាន​ដឹង​ថា ការ​ធ្វើដំណើរ​បន្ដ​ទៅ​ភាគ​ខាង​លិច​របស់​ពួកគេ គឺ​ជា​ការ​លំបាក​ដ៏​ខ្លាំង ។

តើ​អ្នក​គិត​ថា មាន​អ្វីខ្លះ​ដែល​បាន​ជួយ​ពួកបរិសុទ្ធ​ឲ្យ​បន្ដ​នៅ​ស្មោះត្រង់ ទោះជា​ស្ថិត​នៅ​ក្រោម​ស្ថានភាព​ដ៏​លំបាក​ដូច្នេះ​ក្ដី​នោះ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:៣០-៤០ ដោយ​ស្វែងរក​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ដែល​បាន​លើក​ទឹកចិត្ត​ដល់​ពួក​បរិសុទ្ធ ។

អ្នក​អាច​នឹង​រកឃើញ​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​ដូច​ខាង​ក្រោម ៖

  • យើង​ពុំ​គួរ​ខ្លាច​មារសត្រូវ​របស់​យើង​ទេ ពីព្រោះ​ពួកវា​ស្ថិត​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ។

  • ការសាកល្បង​របស់​យើង អាច​រៀបចំ​យើង​ឲ្យ​ទទួល​បាន​សិរីល្អ​ដែល​ព្រះ​មាន​សម្រាប់​យើង ។

  • បើ​យើង​បន្ទាបខ្លួន ហើយ​អំពាវ​នាវ​ដល់​ព្រះ នោះ​ព្រះវិញ្ញាណ​នឹង​បំភ្លឺ​ចិត្ត​យើង ។

  • បើ​យើង​មាន​ចិត្ត​ស្មោះត្រង់​នៅ​ក្នុង​ការធ្វើតាម​ព្រះបន្ទូល​ទាំងអស់ ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​យើង នោះ​យើង​នឹង​មើល​ឃើញ​សិរីល្អ​ទ្រង់​នៅ​ថ្ងៃ​ណា​មួយ ។

  • ព្រះអម្ចាស់​ប្រទាន​ដល់​យើង​នូវ​ព្រះបន្ទូល​ទ្រង់ តាម​រយៈ​ពួកព្យាការី​របស់​ទ្រង់ ។

  • ព្រះអម្ចាស់​អាច​រំដោះ​យើង​ពី​មារសត្រូវ​របស់​យើង ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

  1. តើ​អ្នក​គិត​ថា គោលលទ្ធិ និង គោលការណ៍​ទាំងនេះ បាន​ជួយ​ដល់​ពួកបរិសុទ្ធ ឲ្យ​បន្ដ​មាន​ចិត្ត​ស្មោះត្រង់​ដោយ​របៀប​ណា ?

  2. តើ​គោលការណ៍​ទាំងនេះ អាច​ជួយ​យើង​បន្ដ​មាន​ចិត្ត​ស្មោះត្រង់​អំឡុង​ពេលដែលអ្នកជួប​បទពិសោធន៍​លំបាក​ផ្ទាល់ខ្លួន​របស់​យើង​បាន​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​អំពី​សារលិខិត​ទាំងស្រុង ដែល​អ្នក​គិត​ថា​ពួកបរិសុទ្ធ​អាច​បាន​រៀន​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:៣០–៤០ ។

ទោះជា​អ្នក​បាន​រកឃើញ​គោលលទ្ធិ និង គោលការណ៍​ផ្សេងៗ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ក្ដី ក៏​ព្រះអម្ចាស់​បាន​ប្រទាន​ការអះអាង​ដល់​ពួកបរិសុទ្ធ​ថា អ្វីៗ​ទាំងឡាយ​នឹង​ដោះស្រាយ​បាន ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:៤១-៤២ ដោយ​ស្វែងរក​ការអះអាង និង ឱវាទ​បន្ថែម​ពី​ព្រះអម្ចាស់ ។

សូម​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន ចេញ​ពី​ឱវាទ​របស់​ព្រះអម្ចាស់​នៅ​ក្នុង ខទី ៤២ ដើម្បី​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ ៖ បើ​យើង​មាន​ចិត្ត​ព្យាយាម នោះ​សេចក្ដី​ជំនុំ​ជម្រះ​របស់​ព្រះអម្ចាស់​នឹង​មិន​ធ្លាក់​មក​លើ​យើង​ឡើយ ចំណែក​ឯ​សេចក្ដី​ជំនឿ​យើង​នឹង​រឹងមាំ ហើយ​នៅ​ទីបញ្ចប់​ពួក​មារសត្រូវ​នឹង​មិន​អាច​មាន​ជ័យ​ជំនះ​លើ​យើង​បាន​នោះ​ទេ ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​គោលការណ៍​នេះ អាច​ជួយ​អ្នក​យ៉ាង​ដូចម្ដេច ?

ពួកបរិសុទ្ធ​បាន​គោរពប្រតិបត្តិ ដល់​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ ។ ក្រុម​ទីមួយ​នៃ​អ្នកត្រួសត្រាយ​ផ្លូវ បាន​ចាកចេញ​ពី វិនធើរ​ខ្វរទើរ្ស នៅ​ថ្ងៃ​ទី ៥ ខែ មេសា ឆ្នាំ ១៨៤៧ ។ ពួកគេ​បាន​ធ្វើ​ដំណើរ​ជាង ១៦០០ គីឡូម៉ែត្រ និង បាន​មក​ដល់​ច្រកភ្នំ សលត៍ លេក នៅ​ចុង​ខែ កក្កដា ឆ្នាំ ១៨៤៧ ។ នៅ​ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៨៤៧ នៅ​ពេល​ប្រធាន ព្រិកហាំ យ៉ង់ បាន​ធ្វើ​ដំណើរ​ហួស​ច្រកភ្នំ សលត៍ លេក លោក​បាន​ទទួល​ការបញ្ជាក់​ពី​ព្រះវិញ្ញាណ​ថា ពួកបរិសុទ្ធ​បាន​រកឃើញ​លំនៅដ្ឋាន​ថ្មី​របស់​ពួកគេ​ហើយ ។ នៅ​ពេល​នោះលោក​បាន​ជិះ​ពី​ខាងក្រោយ​រទេះ​របស់ វិលហ្វូឌ វូឌដ្រុព្វ ដោយសារ​តែលោក​មាន​ជំងឺ​គ្រុន​ក្ដៅ ។

រូបភាព
ប្រធាន វិលហ្វូឌ វូឌដ្រុព្វ

ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​តំណាល​ប្រាប់​អំពី​ដំណើររឿង នៃ​ការយល់​ឃើញ​របស់​ប្រធាន យ៉ង់ ចំពោះ​ជ្រលង​ភ្នំ សលត៍ លេក ៖ « នៅ​ពេល​យើង​បាន​មក​ដល់… មើល​ឃើញ​ទិដ្ឋភាព​ទាំងមូល​នៃជ្រលងភ្នំ ខ្ញុំ​បាន​បង្វែ​រទេះ​របស់​ខ្ញុំ​មួយ​ជុំ ឲ្យ​បែរ​ទៅ​ទិសខាង​លិច ហើយ​ប្រធាន ព្រិកហាំ យ៉ង់ បាន​ក្រោក​ឡើង​ពី​គ្រែ​របស់​លោក រួច​បាន​សម្លឹង​មើល​ទៅ​ជុំវិញ ។ នៅ​ពេល​កំពុង​មើល​ទៅ​ទិដ្ឋភាព​ពីខាង​មុខ​យើង លោក​បាន​ស្លុង​ទៅ​ក្នុង​ការនិមិត្ត អស់​មួយសន្ទុះ​ធំ ។ លោក​បាន​ឃើញ​ជ្រលងភ្នំ​នេះ​ពីមុន​នៅ​ក្នុង​ការនិមិត្ត ហើយ​នៅ​ពេល​នេះ លោក​បាន​ឃើញ​អនាគត​ដ៏​រុងរឿង​នៃ​ស៊ីយ៉ូន និង នៃសាសន៏អ៊ីស្រាអែល ។… នៅ​ពេល​ការនិមិត្ត​បាន​បញ្ចប់​ទៅ នោះ​លោក​បាន​មាន​ប្រសាសន៍​ថា ‹ វា​គ្រប់គ្រាន់​ហើយ ។ នេះ​គឺជា​កន្លែង​ត្រឹមត្រូវ​ហើយ ។ ចូរ​បន្ដ​ទៅ​មុខ​ទៀត › ។ ដូច្នេះ​ខ្ញុំ​ក៏​បាន​បរ​រទេះ​ទៅ​កាន់ជុរំ ដែល​បាន​បោះ​ដោយ​ពួក​បរិសុទ្ធ​បាន​ធ្វើ​ដំណើរ​ទៅ​ពី​មុន​យើង » (Teaching of Presidents of the Church: Wilford Woodruff [ ឆ្នាំ ២០០៤ ] ទំព័រ ១៤៦) ។

ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ចំពោះ ព្រិកហាំ យ៉ង់ និង ពួកបរិសុទ្ធ ដែល​ត្រូវ​ទទួល​បាន​ការបញ្ជាក់​ថា ជ្រលងភ្នំ សលត៍ លេក គឺ​ជា​កន្លែង​ដែល​ត្រឹមត្រូវ​ដើម្បី​តាំង​លំនៅ ? ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ចំពោះ​អ្នក ដែល​ត្រូវ​មាន​ការអះអាង​ថា អ្នក​កំពុង​តែ​ធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​អ្នក​ធ្វើ​ហើយ​នោះ ?

សូម​ព្យាយាម​គោរព​តាម​រាល់​ព្រះបញ្ញត្តិ ហើយ​ស្ដាប់​ការអះអាង​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:១៩-៤២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖