ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២ ៖ ថ្ងៃ​ទី ៣ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧-៥៤ គោលលទ្ធិ និង សេចក្តីសញ្ញា ២


មេរៀន​ទី ២ ៖ ថ្ងៃ​ទី ៣

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៥៤ គោលលទ្ធិ និង សេចក្តីសញ្ញា ២

បុព្វកថា

យុវជន យ៉ូសែប ស៊្មីធ បាន​បន្ដ​បញ្ជាក់​អះអាង​ថា លោក​បាន​ឃើញ​ការ​និមិត្ត​មួយ ហើយ​លោក​ត្រូវ​បាន​បៀតបៀន​ជា​បន្ដ​បន្ទាប់​ដោយសារ​តែ​ការណ៍​នោះ ។ កាល​លោក​មាន​អាយុ ១៧ ឆ្នាំ នា​រាត្រី​មួយ​ពេល​យ៉ូសែប​កំពុង​អធិស្ឋាន មាន​ទេវតា​មួយអង្គ នាម មរ៉ូណៃ បាន​លេច​មក ហើយ​បាន​ប្រកាស​ថា ព្រះ​មាន​កិច្ចការ​មួយ​សម្រាប់​យ៉ូសែប​ធ្វើ រួម​មានទាំង​ការ​បកប្រែ​បញ្ជី​កំណត់ត្រា​បុរាណ​មួយ នៅលើ​ផ្ទាំង​មាស ។ ខណៈដែល​កំពុង​តែ​ពន្យល់​អំពី​តួនាទីរបស់ យ៉ូសែប នៅក្នុង​ការ​ស្ដារឡើង​វិញ​នៃ​ដំណឹង​ល្អ នោះ មរ៉ូណៃ បាន​ដក​ស្រង់​ពាក្យ​ព្យាករណ៍​មួយចំនួន​មកពី​ព្រះគម្ពីរប៊ីប រួមទាំង​ការ​ព្យាការណ៍​អំពី​ការ​ត្រឡប់​មកវិញ​របស់​អេលីយ៉ា ។ នៅថ្ងៃ​បន្ទាប់ យ៉ូសែប ស៊្មីធ បាន​ចេញ​ទៅ​កូន​ភ្នំ ដែល មរ៉ូណៃ បាន​ប្រាប់​ថា ផ្ទាំង​មាស​ត្រូវ​បាន​កប់ទុក​នោះ ។ លោក​បាន​ទទួល​ការណែនាំ​បន្ថែម​ពី​មរ៉ូណៃ​នៅ​ទី​នោះ ។

យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៧-២៩

យ៉ូសែប ស៊្មីធ អធិស្ឋាន​ដើម្បី​បាន​ការអភ័យទោស​ចំពោះ​អំពើបាប​ទាំងឡាយ​របស់​លោក

ក្នុង​មេរៀន​នៅ​ថ្ងៃ​នេះ អ្នក​នឹង​រៀន​បន្ថែម​ពី​យ៉ូសែប ស្ម៊ីធ ដ៏​ក្មេង ។ សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–២៩ រួច​ប្រៀបប្រដូច​បទគម្ពីរ​ទាំងនេះ​ទៅ​នឹង​ខ្លួន​អ្នក ។

សូម​ពិចារណា​ពី​ស្ថានភាព និង​អារម្មណ៍​ដែល​យ៉ូសែប ស្ម៊ីធ បាន​មាន​កាល​នៅ​ជា​យុវវ័យ ។ តើ​វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ស្ថានភាព និង​អារម្មណ៍​ដែល​អ្នក​មាន​យ៉ាង​ដូចម្ដេច ?

នៅ​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៨ យ៉ូសែប បាន​សរសេរ​ថា ខណៈ​ដែល​លោក​ពុំ​មាន​ធ្វើ​ខុសអំពើបាប​ធ្ងន់ធ្ងរ​ណា​មួយ​ក្ដី ក៏​លោក​ពុំ​តែងតែ​មាន​ចរិយា ដូចជា​អ្នក​ដែល​ត្រូវ​បាន​ហៅ​ដោយ​ព្រះ គួរ​ធ្វើជានិច្ច​នោះ​ដែរ ។ យើង​អាច​រៀន​មេរៀន​ដ៏​សំខាន់​ចេញ​ពី​អ្វី​ដែល​យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​ក្នុង​ការឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​លោក​បាន​ប្រព្រឹត្ត​ខុសឆ្គង ។

  1. សូម​រំឭក​ផ្នែក​ចុងបញ្ចប់​នៃ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៨ រួច​សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​អ្វី​ដែល​យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​ក្នុង​ការឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​លោក​បាន​ប្រព្រឹត្ត​ខុសឆ្គង ។ បន្ថែម​ពី​នេះ សូម​សរសេរ​គោលការណ៍​មួយ ឬ​ពីរ​ដែល​អ្នក​រៀន​ចេញ​ពី​គំរូ​របស់​យ៉ូសែប ។

សេចក្ដីពិត​មួយ​ចំនួន​ដែល​យើង​អាច​រៀន​ចេញ​ពី យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៨ គឺ ៖ ពេល​យើង​ទទួលស្គាល់​អំពើបាប​យើង ហើយ​សោកស្ដាយ​ដែល​បាន​ប្រព្រឹត្ត​អំពើបាប​ទាំងនោះ យើង​អាច​អធិស្ឋាន​សុំ​ការអភ័យទោស​ពី​ព្រះវរបិតាសួគ៌ ។ យើង​អាច​អធិស្ឋាន​ដើម្បី​ស្គាល់​ពី​គោលជំហរ​របស់​យើង​ចំពោះ​ព្រះ ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការអធិស្ឋាន​ដើម្បី​ស្គាល់​ពី​គោលជំហរ​របស់​អ្នក​ចំពោះ​ព្រះ អាច​ជួយ​អ្នក​យ៉ាង​ដូចម្ដេច ?

សូម​អាន​សេចក្ដីណែនាំ​ខាងក្រោម​ពី​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​របៀប​ដែល​ការអធិស្ឋាន​អាច​ជួយ​យើង​ឲ្យ​ស្គាល់​ពី​គោលជំហរ​របស់​យើង​ចំពោះ​ព្រះ ហើយ​ស្គាល់​ការផ្លាស់ប្ដូរ​ដែល​ទ្រង់​អាច​តម្រូវ​ឲ្យ​យើង​ធ្វើ ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« តើ​យើង​សម្រេច​ថា​ការប្រែចិត្ត​របស់​យើង​គួរតែ​ផ្ដោត​ទៅ​លើ​អ្វី​មួយ​តាម​របៀប​ណា ?… « [ យើង​អាច ] ទូលអង្វរ​ដល់ព្រះអម្ចាស់​ដោយ​រាបសារ៖ ‹ ព្រះវរបិតា​អើយ តើទ្រង់​សព្វព្រះទ័យ​ចង់ឲ្យ​ទូលបង្គំ​ធ្វើ​អ្វី​ខ្លះ ? › ចម្លើយ​បាន​មក។ យើង​ស្គាល់​ពី​ការផ្លាស់ប្ដូរ​ដែល​យើង​ត្រូវ​ធ្វើ ។ ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​នៅ​ក្នុង​គំនិត​របស់​យើង និង​នៅ​ក្នុង​ចិត្ត​របស់​យើង ។

« ភ្លាមនោះ​យើង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ជ្រើសរើស​ថា ៖ យើង​នឹង​ប្រែចិត្ត ឬ យើង​នឹង​ទាញយក​ស្រមោល​ខ្មៅ​មក​បិទបាំង​បង្អួច​ដែលបើក​នាំ​យើង​ទៅ​ឯ​ស្ថានសួគ៌​នោះ​វិញ » ? ( «ប្រែចិត្ត … ដើម្បី​ឲ្យ​យើង​អាច​ព្យាបាល​អ្នក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤១ ) ។

ចូរ​ចងចាំ​ថា ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​អភ័យទោស​ដល់​យើង​នៅ​ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ធ្វើ​នូវ​អ្វី​ដែល​ជា​ការចាំបាច់​ដើម្បី​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ។

យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៣០-៣៥

ទេវតា​មរ៉ូណៃ​បង្ហាញ​ព្រះកាយ​ដល់ យ៉ូសែប ស្ម៊ីធ

ខណៈ​ដែល យ៉ូសែប ស៊្មីធ កំពុង​តែ​អធិស្ឋាន​សុំ​អភ័យទោស នោះ​ទេវតា​មរ៉ូណៃ​បាន​បង្ហាញ​ព្រះកាយ​មក​ឲ្យ​លោក​ឃើញ ។ សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣០–៣២ រួច​ព្យាយាម​ស្រមៃ​ថា​តើ​បទពិសោធន៍​នេះ​មាន​សភាព​ដូចម្ដេច ។

រូបភាព
មរ៉ូណៃ​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​យ៉ូសែប ស្ម៊ីធ នៅ​ក្នុង​បន្ទប់​គេង​របស់​លោក

សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៣ រួច​ស្វែងរក​សារលិខិត​ដែល​មរ៉ូណៃ​បាន​ប្រទាន​ដល់​យ៉ូសែប ស្ម៊ីធ ។ អ្នក​អាច​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​បង្ហាញ​ថា ព្រះ​មាន​កិច្ចការ​ឲ្យ​យ៉ូសែប ស៊្មីធ ធ្វើ ។ សូម​ពិចារណា​អំពី​អ្វី​ដែល​យ៉ូសែប​អាច​ទទួល​អារម្មណ៍​ពេល​លោក​បាន​ដឹង​អំពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ធ្វើ​តាម​រយៈ​លោក ។

  1. មរ៉ូណៃ​បាន​ព្យាករ​ថា ឈ្មោះ​យ៉ូសែប ស៊្មីធ នឹង​ត្រូវ​និយាយ​ដល់ដោយ « ទាំង​សេចក្ដី​ល្អ និង​សេចក្ដី​អាក្រក់​នៅ​ក្នុង​ចំណោម​បណ្ដាជន​ទាំងអស់ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៣ ) ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ភស្ដុតាង​ដែល​អ្នក​បាន​ឃើញ​ដែល​បង្ហាញ​ថា​ការព្យាការណ៍​នេះ​កំពុង​តែ​ត្រូវបាន​បំពេញ ។

មរ៉ូណៃ​ក៏​បាន​បង្រៀន​ដល់​យ៉ូសែប ស្ម៊ីធ អំពី​កិច្ចការ​ដែល​លោក​នឹង​ធ្វើ​ផងដែរ ។ សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៤–៣៥ រួច​សូម​ស្វែងរក​ថា​តើ​កិច្ចការ​នោះ​គឺ​ជា​អ្វី ?

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៦-៤៩ គោលលទ្ធិ និង សេចក្តីសញ្ញា ២

មរ៉ូណៃ​ណែនាំ ហើយ​ដាស់តឿន​ដល់​យ៉ូសែប ស្ម៊ីធ

នៅ​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៦–៤២ ចែង​ថា មរ៉ូណៃ បាន​ដកស្រង់​ការព្យាការណ៍​ជា​ច្រើន​ចេញ​ពី​ព្រះគម្ពីរ​ប៊ីប​ដើម្បី​ពន្យល់​ថា ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​គឺ​ហៀប​នឹង​ចាប់ផ្ដើម​ហើយ ។ នៅ​ពេល​អ្នក​អាន​ខគម្ពីរ​ទាំងនេះ អ្នក​អាច​នឹង​ចង់​គូសចំណាំ​សេចក្ដីយោង​ចំពោះ​វគ្គ​ខគម្ពីរ​ទាំងនេះ​ដែល​ត្រូវ​បាន​លើក​ឡើង ។

សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៨–៣៩ ។ ក្នុង​ឆ្នាំ ១៨៧៦ ព្រិកហាំ យ៉ង់ បាន​បង្គាប់​ឲ្យ​ដាក់​បញ្ចូល​បន្ទូល​របស់​មរ៉ូណៃ​ដែល​មាន​ក្នុង​ខគម្ពីរ​ទាំងនេះ​ទៅ​ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ជា​កណ្ឌ​ទី ២ ។ ការព្យាករណ៍​អំពី​ការត្រឡប់​មក​វិញ​នៃ​អេលីយ៉ា​នេះ គឺ​ជា​វិវរណៈ​ដំបូង​គេ​មួយ​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​ក្នុង​គ្រាកាន់កាប់​ត្រួតត្រា​នេះ ហើយ​មាន​សារៈសំខាន់​ដែល​ថា​វា​ក៏​មាន​ចែង​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ដែរ ( ម៉ាឡាគី ៤:៥–៦) ព្រះគម្ពីរសញ្ញាថ្មី ( លូកា ១:១៧) និង ព្រះគម្ពីរ​មរមន ( នីហ្វៃ​ទី ៣ ២៥:៥–៦) ។ អ្នក​អាច​ចង់​សរសេរ​បទគម្ពីរ​យោង​ទាំងនេះ​នៅ​ក្បែរ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៨–៣៩ និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២ ។

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

ប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈប្រធាន​ទី​មួយ បាន​មាន​ប្រសាសន៍​ពី​អេលីយ៉ា និង​អំណាច​បព្វជិតភាព​ដែល​លោក​នឹង​ស្ដារឡើងវិញ​ដូចនេះ​ថា ៖ « វា​មាន​សារៈសំខាន់​ដើម្បី​ដឹង​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​សន្យា​ថា នឹង​បញ្ជូន​អេលីយ៉ា​មក ។ អេលីយ៉ា គឺជា​ព្យាការី​ដ៏​អស្ចារ្យ​ម្នាក់ ដែល​មាន​នូវ​អំណាច​ដ៏​មហិមា​ដែល​ប្រទាន​មក​ពី​ព្រះ ។ លោក​បាន​កាន់​អំណាច​ដ៏​មហិមា​បំផុត​ដែល​ព្រះ​ប្រទាន​ដល់​កូនចៅ​របស់​ទ្រង់ ៖ លោក​បាន​កាន់​អំណាច​ផ្សារភ្ជាប់ ជា​អំណាច​ដែល​ចង​ទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចងទុក​នៅ​ស្ថានសួគ៌​ដែរ ។ ( «Hearts Bound Together, » Ensignខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៧៨ ) ។

ដោយ​មាន​ការពន្យល់​របស់​ប្រធាន អាវរិង ដើម្បី​ជួយ​ដល់​អ្នក សូម​សង្ខេប​អត្ថន័យ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ២:១ ដោយ​ប្រើ​ពាក្យ​ផ្ទាល់ខ្លួន​របស់​អ្នក ៖

គោលលទ្ធិ និង សេចក្តីសញ្ញា ២:២ សំដៅ​ទៅ​លើ​ការសន្យា​ដែល​បាន​ធ្វើ​ជាមួយ​ពួក​ឪពុក ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បញ្ជាក់​ប្រាប់​ថា​នរណា​ជា​ពួក​ឪពុក​ទាំងនេះ និង​ការសន្យា​អ្វី​ខ្លះ​ដែល​ត្រូវ​បាន​ធ្វើ​ជាមួយ​ពួកលោក​ថា ៖ « តើ​ពួកឪពុក​ទាំងនេះ​ជា​នរណា ? ពួក​លោក​គឺ​អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ជា​ពួក​ឪពុក​ដែល​ព្រះ​បាន​សន្យា​ជាមួយ ។ តើ​ការសន្យា​នោះ​មាន​អ្វី​ខ្លះ ? វា​ជា​ការសន្យា​នៃ​ការបន្ត​ពូជពង្ស​ក្រុមគ្រួសារ​នៅ​ក្នុង​ភាពដ៏​អស់កល្ប​ជានិច្ច » ( The Millennial Messiah: The Second Coming of the Son of Man [ ឆ្នាំ ១៩៨២ ] ទំព័រ ២៦៧ ) ។

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

បន្ថែម​លើ​ការសំដៅ​ទៅ​លើ​ពួកព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​មាន​ដូចជា អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ពាក្យ « ពួកឪពុក » ក៏​សំដៅ​ទៅ​លើ​មនុស្ស​ផ្សេងៗ​ទៀត​ផងដែរ ដោយ​យោង​តាម​ប្រសាសន៍​របស់​ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ បាន​មាន​ប្រសាសន៍​ថា ៖ « ពួកឪពុក គឺ​ជា​បុព្វការីជន​យើង​ដែល​បាន​ចែកឋាន​ទៅ​ដោយ​ពុំ​បាន​មាន​ឱកាស​ទទួល​យក​ដំណឹងល្អ ប៉ុន្តែ ពួកលោក​ត្រូវបាន​សន្យា​ថា នឹង​មាន​ពេល​ដែល​នឹង​មក​ដល់​កាល​ឱកាស​នោះ​នឹង​ត្រូវបាន​ប្រទាន​ដល់​ពួកលោក ។ ពាក្យ កូនចៅ គឺ​ជា​អស់​អ្នក​ដែល​មាន​ជីវិត​រស់នៅ​សព្វថ្ងៃ ដែល​កំពុង​រៀបចំ​ទិន្នន័យ​ពង្សសាវតា និង​ជា​អ្នក​ដែល​ធ្វើ​ពិធី​បរិសុទ្ធ​នានា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ » ( Doctrines of Salvation, ការបោះពុម្ព ប្រ៊ូស អ័រ ម៉ាក់ខន់ឃី វ៉ុល ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ២:១២៧ ) ។

ដោយ​ប្រើ​ការពន្យល់​របស់​ប្រធាន អាវរិង នៅ​ខាង​លើ សូម​សង្ខេប​អត្ថន័យ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ២:២ ដោយ​ប្រើ​ពាក្យ​ផ្ទាល់ខ្លួន​របស់​អ្នក ៖

គោលលទ្ធិ និង សេចក្តីសញ្ញា ២:៣ ថ្លែង​ថា ផែនដី​ទាំងមូល​នឹង​ត្រូវ​កំទេច​ចោល​សូន្យឈឹង​ប្រសិនបើ​អេលីយ៉ា​ពុំ​ត្រឡប់​មក​វិញ​ទេ​នោះ ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់​ពី​មូលហេតុ​ដែល​ការណ៍​នេះ​នឹង​កើតឡើង​ថា ៖ « ហេតុអ្វី​បាន​ជា​ផែនដី​ទាំងមូល​ត្រូវ​កំទេច​ចោល​សូន្យឈឹងដូច្នេះ ? ប្រាកដណាស់​ព្រោះ​បើ​គ្មាន​តំណភ្ជាប់​គ្នា​រវាង​ពួកឪពុក និង​កូនចៅ—ដែល​ជា​កិច្ចការ​សម្រាប់​មនុស្ស​ស្លាប់ទេ—នោះ​យើង​ទាំងអស់​គ្នា​នឹង​ត្រូវកំទេច​ចោល ហើយ​កិច្ចការ​របស់​ព្រះទាំង​មូល​នឹង​បរាជ័យ និង​ត្រូវ​កំទេច​ចោល​សូន្យ​ឈឹង » ( Doctrines of Salvation, ២:១២២ សូម​មើល​ផងដែរ គ. និង ស. ១២៨:១៧–១៨ ) ។

ដោយ​ប្រើ​ការពន្យល់​នេះ សូម​សង្ខេប​អត្ថន័យ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ២:៣ ដោយ​ប្រើ​ពាក្យ​ផ្ទាល់ខ្លួន​របស់​អ្នក ៖

ចំណុច​ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន​អំពី​សេចក្ដីពិត​ដែល​អ្នក​អាច​រកឃើញ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២:១–៣ ។ សូម​ផ្គូផ្គង​សេចក្ដីពិត​ទៅ​នឹង​ខគម្ពីរ​ត្រឹមត្រូវ​ដែល​វា​ត្រូវបាន​បង្រៀន ។

  1. ព្រះ​នឹង​បញ្ចូន​អេលីយ៉ា​ឲ្យ​ទៅ​ស្ដារ​អំណាច​នៃ​ការផ្សារភ្ជាប់​ឡើង​វិញ​នៅ​លើ​ផែនដី​ពីមុន​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  1. គ. និង ស. ២:១

  1. ដួងចិត្ត​យើង​អាច​ត្រូវបាន​បង្វែរ​ទៅ​រក​សមាជិក​គ្រួសារ​យើង ហើយ​យើង​អាច​ធ្វើ​ពិធី​បរិសុទ្ធ​ទាំងឡាយ​ដែល​អាច​ផ្សារភ្ជាប់​យើង​ជាមួយ​ពួកគេ​ដ៏​អស់កល្ប​ជានិច្ច ។

  1. គ. និង ស. ២:២

  1. ប្រសិនបើ​ក្រុមគ្រួសារ​ពុំ​ត្រូវបាន​ផ្សារភ្ជាប់​តាម​រយៈ​អំណាច​នៃ​ការផ្សារភ្ជាប់​ទេ នោះ​ផែនដី​ទាំងមូល​នឹង​ត្រូវ​កំទេច​ចោល​សូន្យឈឹង​នៅ​ពេល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  1. គ. និង ស. ២:៣

  1. ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​រៀន​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ២ សូម​កត់ត្រា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​ប្រយោគ​មួយ​ចំនួន​ដែល​ពន្យល់​ប្រាប់​ពី​អារម្មណ៍​របស់​អ្នក​ចំពោះ​សារៈសំខាន់​នៃ​ត្រឡប់​មក​វិញ​របស់​អេលីយ៉ា ។

ក្នុង​ការសិក្សា​របស់​អ្នក​អំពី គោលលទ្ធិ និង សេចក្តីសញ្ញា ១១០ នៅ​ពេល​ខាង​មុខ​ក្នុង​ឆ្នាំ​នេះ អ្នក​នឹង​រៀន​ពី​របៀប​ដែល​ការព្យាការណ៍​នេះ​ត្រូវបាន​បំពេញ នៅ​ពេល​អេលីយ៉ា​បាន​ត្រឡប់​មក​វិញ ហើយ​បាន​ប្រគល់​អំណាច​នៃ​ការផ្សារភ្ជាប់​ទៅ​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ។

បន្ទាប់​ពី​មរ៉ូណៃ បាន​បង្រៀន​យ៉ូសែប ស្ម៊ីធ អំពី​ការត្រឡប់​មក​វិញ​របស់​អេលីយ៉ា បាន​ដកស្រង់​នូវ​ការព្យាករណ៍​ទាំងឡាយ​អំពី​ការស្ដារឡើងវិញ ហើយ​បាន​ណែនាំ​បន្ថែម​អំពី​ផ្ទាំង​ចំណារ​មាស​រួច​ហើយ នោះ​ទ្រង់​ក៏​បាន​យាង​ចាកចេញ​ទៅ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤២–៤៣) ។ សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤៤-៤៥ រួច​ស្វែងរក​ថា​តើ​មាន​អ្វី​បាន​កើតឡើង​បន្ទាប់​ពី​មរ៉ូណៃ​បាន​យាង​ចាកចេញ​ទៅ ។

សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤៦–៤៩ រួច​ស្វែងរក​ថា​តើ​មរ៉ូណៃ​បាន​មាន​បន្ទូល​ឡើង​វិញ​ពី​សារលិខិត​របស់​ទ្រង់​ទៅ​កាន់​យ៉ូសែប ស្ម៊ីធ ចំនួន​ប៉ុន្មាន​លើក ។ សរុប​សេចក្ដី​មក តើ​មរ៉ូណៃ​បាន​ចែកចាយ​សារលិខិត​របស់​ទ្រង់​ទៅ​ដល់​យ៉ូសែប ស្ម៊ីធ ចំនួន​ប៉ុន្មាន​លើក ?

សេចក្តីពិត​មួយ​ដែល​យើង​រៀន​ពី​ការណ៍​នេះ​គឺ ព្រះអម្ចាស់ និង​ពួក​អ្នក​បម្រើ​ទ្រង់​តែងតែ​លើកឡើង​ពី​ការបង្រៀន​ដែល​សំខាន់​មក​បង្រៀន​ម្ដងហើយ​ម្ដងទៀត ។

សូម​សញ្ជឹង​គិត​ពី​ការអធិស្ឋាន​ប្រសិទ្ធពរ​សាក្រាម៉ង់ ។ ហេតុអ្វី​បាន​ជា​គេ​សូត្រ​ការអធិស្ឋាន​នោះ​ដោយ​ច្បាស់ៗ​ជា​រៀង​រាល់​សប្ដាហ៍​ដូចនេះ ? សូម​គិត​អំពី​ការបង្រៀន​ដែល​អ្នក​បាន​ឮ ដែល​មាន​លើកឡើង​ម្ដងហើយ​ម្ដង​ទៀត​នៅ​ក្នុង​ព្រះគម្ពីរ និង​អំឡុង​ពេល​សន្និសីទ​ទូទៅ ។

  1. សូម​ធ្វើ​បញ្ជី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​ឧទាហរណ៍​មួយ​ចំនួន​នៃ​ការបង្រៀន​នានា​ដែល​អ្នក​បាន​ឮ​លើកឡើង​ម្ដងហើយ​ម្ដងទៀត ក្រោយ​មក​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​គិត​ថា​ព្រះអម្ចាស់ និង​ពួក​អ្នក​បម្រើ​ទ្រង់​តែងតែ​លើកឡើង​ពី​ការបង្រៀន​របស់​ខ្លួន​មក​បង្រៀន​ម្ដងហើយ​ម្ដងទៀត ។ សូម​ប្រាកដ​ថា​អ្នក​រៀបរាប់​ពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​សេចក្ដីពិត​នេះ​នៅ​ឆ្នាំ​នេះ ។

យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៥០-៥៤

យ៉ូសែប បាន​ឡើង​ទៅ​លើ​ភ្នំ ហើយ​បាន​ដក​យក​បញ្ជីប្រវត្តិ យូរីម និង ធូមីម និង ប្រដាប់​បាំង​ទ្រូង

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥០–៥១ ពន្យល់​ថា បន្ទាប់​ពី​លោក​បាន​ប្រាប់​ដល់​ឪពុក​លោក​អំពី​ការយាងមក​របស់​មរ៉ូណៃ​ហើយ នោះ​លោក​ក៏​បាន​ឡើង​ទៅ​លើ​ភ្នំ​ដែល​ផ្ទាំង​ចំណារ​មាស​ត្រូវបាន​កប់​លាក់​ទុក ។

  1. សូម​ស្រមៃ​ថា​តើ​អ្នក​នឹង​មាន​អារម្មណ៍​ដូចម្ដេច ប្រសិនបើ​អ្នក​ជា​មរ៉ូណៃ ហើយ​បាន​យាង​មក​ជួយ​នឹង​យ៉ូសែប ស៊្មីធ បន្ទាប់​ពី​បាន​រង់ចាំ​អស់​រយៈ​ពេល​ជាង ១៤០០ ឆ្នាំ​មក​ហើយ​នោះ ដើម្បី​ឲ្យ​ផ្ទាំង​ទាំងនេះ​ត្រូវបាន​ដក​ចេញ​មក ហើយ​បាន​បកប្រែ ។ នៅ​ពេល​អ្នក​ស្រមៃ​ដូចនេះ សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥២–៥៤ រួច​ក្រោយមក​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​នូវ​របៀប​ដែល​អ្នក​អាច​មាន​អារម្មណ៍​អំឡុង​ពេល​មាន​បទពិសោធន៍​នេះ ។

នៅ​មេរៀន​បន្ទាប់ អ្នក​នឹង​ដឹង​ពី​អ្វី​ដែល​បាន​កើតឡើង​នៅ​បំណាច់​ឆ្នាំ​ទី​បួន​នៃ​ការរង់ចាំ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៥៤ និង គោលលទ្ធិ និង សេចក្តីសញ្ញា ២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖