ថ្នាក់​សិក្ខាសាលា
មេរៀនទី ៣១ ៖ ថ្ងៃ​ទី ១ សង្គ្រាម​នៅ​រដ្ឋ យូថាហ៍ និង ការសម្លាប់​រង្គាល​នៅ​ភ្នំ​ម៉េដូ


មេរៀនទី ៣១ ៖ ថ្ងៃ​ទី ១

សង្គ្រាម​នៅ​រដ្ឋ យូថាហ៍ និង ការសម្លាប់​រង្គាល​នៅ​ភ្នំ​ម៉េដូ

បុព្វកថា

អំឡុង​ទសវត្សរ៍​ឆ្នាំ ១៨៥០ ភាពតានតឹង និង ទំនាក់ទំនង​យល់ច្រឡំ​រវាង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង ពួកមន្ដ្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​នាំ​ឲ្យ​មាន​សង្គ្រាម​នៅរដ្ឋ​យូថាហ៍​នាឆ្នាំ ១៨៥៧–៥៨ ។ ក្នុង​ខែ កញ្ញា ឆ្នាំ ១៨៥៧ មាន​ជម្លោះ​មួយ​កើត​ឡើង​ផងដែរ​រវាង​ពួកបរិសុទ្ធ​មួយ​ចំនួន និង សមាជិក​ក្រុមរទេះ​សេះ ដែល​បាន​ធ្វើ​អន្ដោប្រវេសន៍​ឆ្លង​កាត់​រដ្ឋ យូថាហ៍ ។ ដោយសារតែ​បាន​ជំរុញ​ដោយ​កំហឹង និង ភាពភ័យខ្លាច នោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មួយ​ចំនួន​នៅ​ខាង​ត្បូង​រដ្ឋ យូថាហ៍ បាន​រៀប​ផែនការ ហើយ​អនុវត្ត​ការសម្លាប់​រង្គាល​ពួកអន្ដោប្រវេសន៍​ប្រមាណ​ជា ១២០ នាក់ ដែល​ធ្វើដំណើរ​ទៅ​រដ្ឋ កាលីហ្វូញ៉ា ។ ភាពសាហាវ​យ៉ង់ឃ្នង​នេះ ត្រូវបាន​គេ​ហៅ​ពេលនេះ​ថា​ជា​ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ LDS.org ជ្រើសរើស Gospel Topics រួច​ស្វែងរក Mountain Meadows Massacre ។

ភាពតានតឹង​ដែល​បាន​កើត​ឡើង​រវាង​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ថ្ងៃ​ទី ២៤ ខែ កក្កដា ឆ្នាំ ១៨៥៧ ប្រធាន ព្រិកហាំ យ៉ង់ បាន​មាន​វត្តមាន​ជាមួយ​នឹង​ក្រុម​ពួកបរិសុទ្ធ​មួយ​ក្រុម ដែល​កំពុង​ប្រារព្ធ​ខួប​រំឭក​១០ ឆ្នាំ​នៃ​ការមកដល់​របស់​ពួកគេ​នៅក្នុងជ្រលងភ្នំ សលត៍ លេក ពេល​នោះ​ហើយ​ដែល​លោក​បាន​ទទួល​ដំណឹងទាន់ហេតុការណ៍ថា កងទព័​មួយ​ក្រុម​កំពុង​មក​កាន់​ទីក្រុង សលត៍ លេក ។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន មាន​ការមិនយល់ព្រម និង ការខ្វែងគំនិតគ្នា​ដែល​បន្សល់​ទុក​ការកើនឡើង​នូវ​ភាពតានតឹង​រវាង​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ និង ពួកមន្ដ្រី​រាជការ​នៃ​រដ្ឋាភិបាល​សហរដ្ឋ ។ ពួកបរិសុទ្ធ​ចង់​បាន​អ្នកដឹកនាំ​ដែល​ពួកគេ​បាន​ជ្រើសរើស ហើយ​បាន​បដិសេធ​នូវ​ការចាត់តាំង​របស់​សហពន្ធ័ ដែល​មិន​បាន​ឲ្យ​តម្លៃ​ដល់​ពួកគេ ។ នោះ​នាំ​ឲ្យ​មន្ត្រី​សហព័ន្ធ​មួយចំនួន​បាន​គិត​ថា ពួកគេ​បាន​បះបោរ​ទាស់​នឹង​រដ្ឋាភិបាល​អាមេរិក ។ ដោយ​គ្មាន​ការអនុមតិ​មក​ពី​សភា នោះ​ប្រធានាធិបតី ជេម ប៊ុជឆាណា បាន​បញ្ជូន​កងទ័ព​ប្រមាណ ១៥០០ នាក់​ទៅកាន់​ទីក្រុង សលត៍ លេក ដើម្បី​បង្ខំ​ឲ្យ​ពួក​យូថាហ៍​ទទួលស្គាល់​មន្ត្រី​រាជការ​ថ្មី ។

ប្រសិនបើ​អ្នក​ជា​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ម្នាក់ ក្នុង​ឆ្នាំ ១៨៥៧ ហើយ​បាន​ឮ​ថា កងទ័ព​ដ៏​ធំ​មួយ​ក្រុម​នឹង​មក​ដល់​ទីក្រុង​របស់​អ្នក តើ​អ្នក​អាច​នឹង​មាន​ការបារម្ភ​អ្វីខ្លះ ? សូម​ចងចាំ​ថា អនុស្សាវរីយ​នៃ​ការត្រូវ​គេ​បណ្ដេញ​ចេញ​យ៉ាង​ឃោរឃៅ​ពី​រដ្ឋ អូហៃអូ រដ្ឋ មិសសួរី និង រដ្ឋ អិលលីណោយ នៅ​តែដិត​ដាន​ថ្មីៗ​ក្នុង​គំនិត​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជា​ច្រើន​នាក់​នៅ​ឡើយ ។ ពួក​បរិសុទ្ធ​ជា​ច្រើន​បាន​បាត់បង់​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃៗ និង ដីធ្លី ចំណែក​ឯ​សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ​ត្រូវ​គេ​សម្លាប់ ឬ បាត់បង់​ជីវិត​ដោយសារ​បុព្វហេតុ​នានា ទាក់ទង​ទៅ​នឹង​សេចក្ដី​បៀតបៀន​ទាំងនេះ ។ ដំណឹង​នៃ​ការមកដល់​របស់​កងទ័ព បាន​បណ្ដាល​ឲ្យ​ពួកបរិសុទ្ធ​ខ្លះ​បារម្ភ​ថា ព្រឹត្តិការណ៍​បែប​នោះ​ក៏​អាច​នឹង​កើតឡើង​នៅក្នុង​រដ្ឋ​យូដាហ៍​ដែរ ។

នៅក្នុង​ទេសនកថា​ទៅ​កាន់​ពួកបរិសុទ្ធ ប្រធាន យ៉ង់ ព្រមទាំង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ បាន​ចាត់ទុក​កងទ័ព​ដែល​នឹង​មក​នោះ​ថា​ជា​សត្រូវ ។ ប្រធាន យ៉ង់ ដែល​បាន​សុំ​ឲ្យ​ពួកបរិសុទ្ធ​សន្សំ​ទុក​គ្រាប់ធញ្ញជាតិ​អស់រយៈពេលជាច្រើន​ឆ្នាំ​មកហើយ បាន​ផ្ដល់​ការណែនាំជា​ថ្មី​របស់​លោក​ដើម្បី​ឲ្យ​ពួកគេ​នឹង​មាន​អាហារ​បរិភោគ ក្នុង​ករណី​ពួកគេ​ត្រូវ​រត់គេច​ពី​កងទ័ព​នេះ ។ ក្នុង​នាម​ជា​អភិបាល​រដ្ឋ​យូថាហ៍ លោក​ក៏​បាន​ដឹកនាំ​ឲ្យ​កងជីវពល​ដែនដី​រៀបចំ​ការពារ​ដល់​បូរណភាព​ទឹកដី​ដែរ ។ ( កងជីវពល​គឺ​ជា​ប្រជាពលរដ្ឋ​មួយ​ក្រុម ដែល​អាច​បង្កើត​បាន​ជា​កងទាហាន​បម្រើ​ក្នុង​ពេល​មាន​អាសន្ន ) ។

ជម្លោះ​បាន​កើតឡើង​រវាង​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​មួយ​ចំនួន និង​សមាជិក​នៃ​ពួក​អន្ដោប្រវេសន៍​ក្រុម​រទេះសេះ

រូបភាព
ផែនទីពី​រដ្ឋ អាកានសាស ទៅ​កាន់​រដ្ឋ កាលីហ្វញ៉ា

ពួក​អន្ដោប្រវេសន៍​ក្រុម​រទេះ​មួយ​ដែល​បាន​ធ្វើ​ដំណើរមក​ភាគ​ខាង​លិច​ពី​រដ្ឋ អាកាន់សាស ទៅ​កាន់​រដ្ឋ កាលីហ្វញ៉ា បាន​ចូលមក​រដ្ឋ យូថាហ៍ ចំពេល​ដែល​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​កំពុង​រៀបចំ​ការពារ​ដែនដី ប្រឆាំង​នឹង​ការមក​ដល់​នៃ​កងទ័ព​របស់​សហរដ្ឋ ។ នៅ​ពេល​អ្នក​អាន​កថាខណ្ឌ​ខាង​ក្រោម​នេះ សូម​គូស​បន្ទាប់​ពី​ក្រោម​មូលហេតុ​នានា ដែល​បណ្ដាល​ឲ្យ​មាន​អារម្មណ៍​គ្រោតគ្រាត​កើតមាន​រវាង​សមាជិក​មួយ​ចំនួន​នៃ​ក្រុម​រទេះសេះ និង ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

សមាជិក​នៃ​ក្រុម​រទេះ​ខ្លះ​បាន​តប់ប្រមល់ ដោយសារតែ​ពួកគេ​ពិបាក​នឹង​ទិញ​គ្រាប់​ធុញ្ញជាតិ​ដែល​ត្រូវការ​ជាខ្លាំង​ពី​ពួកបរិសុទ្ធ ដែល​ត្រូវបាន​ណែនាំ​ឲ្យ​រក្សា​គ្រាប់​ធុញ្ញាជាតិ​នោះ​ទុក ។ ពួកជន​អន្ដោប្រវេសន៍​នោះ​ក៏​បាន​មាន​ជម្លោះ​ជាមួយ​នឹង​ពួកបរិសុទ្ធ ដែល​មិន​ចង់​ឲ្យ​សេះ និង គោ​របស់​ក្រុម​រទេះ​នេះ​ស៊ី​អាហារ និង ផឹក​ទឹក​ដែល​ពួកបរិសុទ្ធ​ត្រូវការ​សម្រាប់​សត្វ​របស់​ពួកគេ​ផ្ទាល់​ដែរ ។

ទំនាស់​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​សេដា ជា​ទីតាំង​ចុងក្រោយ​គេ​នៅក្នុង​រដ្ឋ យូថាហ៍​តាមដង​ផ្លូវ​ទៅកាន់​រដ្ឋ​កាលីហ្វ័រញ៉ា ។ ការប្រឈម​មុខ​ជាច្រើន​បាន​កើតឡើង រវាង​សមាជិក​នៃ​ក្រុម​រទេះសេះ​ខ្លះ និង ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​ខ្លះ ។ សមាជិក​ក្រុម​រទេះសេះ​ខ្លះ​បាន​គំរាមកំហែង​ថា នឹង​ចូលរួម​ក្នុង​កងទ័ព​រដ្ឋាភិបាល​ដែល​កំពុងតែ​ចេញ​ដំណើរ​មក​ប្រឆាំង​នឹង​ពួកបរិសុទ្ធ​នោះ ។ ទោះបីជា​មេបញ្ជាការ​នៃ​ក្រុម​រទេះសេះ​នេះ​បាន​ស្ដីបន្ទោស​ដល់​ដៃគូ​របស់​លោក​ដោយសារ​បាន​ធ្វើ​ការគំរាមកំហែង​ទាំងនេះ​ក្ដី ក៏​អ្នក​ដឹកនាំ​ទីក្រុង​សេដា​ខ្លះ និង អ្នករស់នៅ​ទីនោះ​បាន​ចាត់ទុក​ថា​ជន​អន្ដោប្រវេសន៍​ទាំងនោះគឺជា​សត្រូវ​ដែរ ។ ក្រុម​រទេះ​នេះ​បាន​ចាកចេញ​ពី​ទីក្រុង​ក្រោយពី​បាន​មកដល់​តែ​ត្រឹម​ប្រហែល​មួយ​ម៉ោង​ប៉ុណ្ណោះ ប៉ុន្ដែ​ប្រជាជន និង ថ្នាក់​ដឹកនាំ​ខ្លះ​នៅ​ទីក្រុង​សេដា បាន​ចង់​ដេញតាម និង ដាក់ទោស​ដល់​មនុស្ស​ទាំងឡាយ​ដែល​បាន​មើលងាយ​ដល់​ពួកគេ ។

សូម​គិត​អំពី​ពេល ដែល​អ្នក​បាន​ជួប​នឹង​ជម្លោះ​ជាមួយ​នឹង​មនុស្ស​ម្នាក់​ទៀត ឬ មនុស្ស​មួយ​ក្រុម​ទៀត ។ សូម​អាន នីហ្វៃទី៣ ១២:២៥ ដោយ​ស្វែងរក​គោលការណ៍​មួយ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ថា អាច​ដឹកនាំ​យើង​នៅ​ពេល​យើង​មាន​ទំនាស់​ជាមួយ​មនុស្ស​ទូទៅ ។

តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូចម្តេច​ក្នុង​ឃ្លា « ព្រមព្រៀង​ជាមួយ​នឹង​អ្នកដើម​ចោទ​អ្នក​ជា​ប្រញាប់ » ? អែលឌើរ ដេវីឌ អ៊ី សូរិនសិន នៃ​ពួក​ចិតសិប​នាក់ បាន​បង្រៀន​ថា​ឃ្លា​នេះ​មាន​ន័យ​ថា « ដោះស្រាយ​ភាពមិន​ចុះសម្រុង​របស់​យើង​ឲ្យ​បាន​រហ័ស បើមិនដូច្នោះ​ទេ កំហឹង​មួយ​គ្រា​នោះ​នឹង​កើនឡើង​ទៅ​ជា​ហិង្សា​ខាង​រាងកាយ ឬ សតិ​អារម្មណ៍ ហើយ​យើង​បាន​ជាប់​ឃុំ​ក្នុង​កំហឹង​របស់​យើង » ( «Forgiveness Will Change Bitterness to Love» EnsignLiahonaខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ១១ ) ។

យោងតាម​ការបង្រៀន​របស់​ព្រះអម្ចាស់​នៅ​ក្នុង នីហ្វៃទី៣ ១២:២៥ ព្រមទាំង​ការបកស្រាយ​របស់​អែលឌើរ សូរិនសិន យើង​រៀន​ថា បើសិនជា​យើង​ដោះស្រាយ​ជម្លោះ​ជាមួយ​មនុស្ស​ទូទៅ​នៅ​តាម​របៀប​របស់​អម្ចាស់ នោះ​យើង​អាច​ចៀសវាង​ពី​ឥទ្ធិពល​ដ៏​អន្តរាយ​នៃ​ទំនាស់​បាន ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការគោរព​តាម​គោលការណ៍​នៅ​ក្នុង នីហ្វៃទី៣ ១២:២៥ បាន​ជួយ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​បាន​អាក់អន់ចិត្ត​នឹង​សមាជិក​នៃ​ក្រុម​រទេះសេះ យ៉ាង​ដូចម្ដេច ?

    2. តើ​ការព្យាយាម​ដោះស្រាយ​ភាពមិនចុះសម្រុង​ទៅ​តាម​របៀប​របស់​អម្ចាស់ បាន​ជួយ​អ្នក ឬ នរណាម្នាក់​ដែល​អ្នក​ស្គាល់​ឲ្យ​ចៀសវាង​ពី​ឥទ្ធិពល​ដ៏​អន្តរាយ​នៃ​ទំនាស់​យ៉ាង​ដូចម្ដេច ?

ដោយសារតែ​ពលរដ្ឋដែល​រស់នៅ​ទីក្រុង​សេដា​មួយ​ចំនួន ពុំ​បាន​ដោះស្រាយ​ជម្លោះ​របស់​ពួកគេ​ជាមួយ​នឹង​ជនអន្ដោប្រវេសន៍​តាម​របៀប​របស់​ព្រះអម្ចាស់ ទើប​ស្ថានការណ៍​នេះ​បាន​ក្លាយទៅ​ជា​កាន់តែ​ធ្ងន់ទៅៗ ។ នៅ​ពេល​អ្នក​បន្ត​សិក្សា សូម​ពិចារណា​អំពី​គ្រោះថ្នាក់​នៃ​ការប្រព្រឹត្ត​ដោយ​កំហឹង ឬ ការសងសឹក ។

អ៊ីសាក ហេត ជា​អភិបាល​ក្រុង​សេដា ជា​វរសេនីយត្រី​ជីវពល និង ជា​ប្រធាន​ស្ដេក បាន​ស្នើសុំ​ការអនុញ្ញាត​ពី​មេបញ្ជាការ​ជីវពល ដែល​បាន​រស់នៅ​ក្បែរ​ផារ៉ូវាន់ ឲ្យ​កោះហៅ​ជីវពល​ឲ្យ​ជួយ​បង្ក្រាប​ពួកអ្នកមើលងាយពួកគេ នៅក្នុង​ក្រុម​រទេះនោះ ។ មេបញ្ជាការ​ជីវពល​ឈ្មោះ វិល្លាម ដេម បាន​ផ្ដល់​យោបល់​ដល់ អ៊ីសាក ហេត កុំ​ឲ្យ​ខ្វល់​នឹង​ការគំរាមកំហែង​របស់​ពួក​អន្ដោប្រវេសន៍​នោះ ។ ដោយ​មិន​បាន​ស្ដាប់​តាម​យោបល់​នេះ អ៊ីសាក ហេត និង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​ទីក្រុង​សេដា បាន​សម្រេច​ចិត្ត​ទៅ​បញ្ចុះបញ្ចូល​ពួកសាសន៍​អាមេរិកាំង​ដើម​ក្នុង​តំបន់​ខ្លះ ឲ្យ​វាយប្រហារ​ក្រុម​រទេះសេះ និង ទៅ​លួច​គោ​របស់​ពួកគេ ដើម្បី​ទុក​ជា​ការដាក់ទោស​ដល់​ពួកជន​អន្ដោប្រវេសន៍​នោះ ។ អ៊ីសាក ហេត បាន​សុំ​ឲ្យ ចន ឌី លី ជា​សមាជិក​សាសនាចក្រ​ក្នុង​តំបន់​ម្នាក់ និង ជា​វរសេនីយត្រី ដឹកនាំ​ការវាយលុក​នេះ ហើយ​បុរស​ទាំងពីរ​រូប​នេះ​បាន​គ្រោង​ទម្លាក់​កំហុស​ទៅ​លើ​ពួកសាសន៍​អាមេរិកាំង​ដើម​ចំពោះ​ទង្វើ​នេះ ។

តើ​ថ្នាក់​ដឹកនាំ​ទីក្រុង​សេដា គួរតែ​បាន​ធ្វើ​អ្វីខ្លះ នៅ​ពេល​វិល្លាម ដេម បាន​ផ្ដល់​យោបល់​ដល់​ពួកគេ​កុំ​ឲ្យ​ប្រើ​ក្រុម​ជីវពល ? តើ​ការមិន​ធ្វើ​យោបល់​នា​ពេល​នោះ បាន​នាំ​ពួកគេ​ឲ្យ​ធ្វើ​អ្វី​ខ្លះ ?

គោលការណ៍​មួយ​ដែល​យើង​រៀន​ពី​គំរូ​របស់​ថ្នាក់​ដឹកនាំ​ទីក្រុង​សេដា​ទាំងនេះ​គឺ ៖បើសិនជា​យើង​មិនព្រម​ស្ដាប់​តាម​យោបល់​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រូវ​ទេ នោះ​យើង​នឹង​កាន់តែ​ឆេវឆាវ​ក្នុង​ការជ្រើសរើស​អ្វី​ដែល​មិន​ល្អ ។ សូម​មើល​ភស្ដុតាង​នៃ​គោលការណ៍​នេះ នៅ​ពេល​អ្នក​បន្ត​រៀន​អំពី​សកម្មភាព​របស់​ថ្នាក់​ដឹកនាំ​ទាំងនេះ ។ នៅ​ពេល​អ្នក​អាន​កថាខណ្ឌ​ខាង​ក្រោមនេះ សូម​គូសបន្ទាត់​ពី​ក្រោម​របៀប​នានា ដែល​ថ្នាក់​ដឹកនាំ​នៅ​ទីក្រុង​សេដា បាន​បន្ដ​ធ្វើ​ការជ្រើសរើស​ពុំ​ល្អ បន្ទាប់ពី​ពុំ​ស្ដាប់​តាម​យោបល់​ដែល​ពួកគេ​បាន​ទទួល​នោះ ៖

អ៊ីសាក ហេត បាន​បង្ហាញ​គម្រោង​វាយលុក​ក្រុម​រទេះសេះ​នេះ​ដល់​ក្រុមប្រឹក្សា​ថ្នាក់​ដឹកនាំ​ក្នុង​តំបន់​នៃ​សាសនាចក្រ សហគមន៍ និង ជីវពល ។ សមាជិក​ក្រុមប្រឹក្សា​ខ្លះ​មិន​យល់ព្រមសោះឡើយ ចំពោះ​គម្រោង​នេះ ហើយ​បាន​សួរ ហេត ថា​តើ​លោក​បាន​ប្រឹក្សា​ជាមួយ​នឹង​ប្រធាន ព្រិកហាំ យ៉ង់ អំពី​បញ្ហា​នេះ​ហើយ​ឬ​នៅ ។ ដោយ​បាន​និយាយ​ថា លោក​មិន​ទាន់​បាន​សួរ​នៅឡើយ លោក ហេត ក៏​បាន​យល់ព្រម​បញ្ជូន​សារទូត​ម្នាក់ គឺ​លោក​ជេម ហេសឡេម ទៅកាន់​ទីក្រុង សលត៍ លេក អម​ដោយ​សំបុត្រ​មួយ​ច្បាប់​ពន្យល់​អំពី​ស្ថានការណ៍ និង​សួរ​ថា​តើត្រូវ​ធ្វើ​អ្វី ។ ទោះជាយ៉ាងណាក្ដី ដោយសារ​ទីក្រុង សលត៍ លេក មាន​រយៈ​ចម្ងាយ​ប្រមាណ ៤០០ គីឡូម៉ែត្រ ពី​ទីក្រុង​សេដា វា​ត្រូវការ​ប្រហែល​ជា​មួយ​សប្ដាហ៍​ក្នុង​ការជិះ​សេះ​យ៉ាង​លឿន​ដើម្បី​ទៅ​ដល់​ទីក្រុង សលត៍ លេក និង​ត្រឡប់​មក​ទីក្រុង​សេដា​វិញ​ដោយ​មាន​ដំបូន្មាន​ពី​ប្រធាន យ៉ង់ ជាមួយ​នឹង​សារទូត​នោះ ។

មុន​នេះ​បន្ដិច មុនពេល​អ៊ីសាក ហេត បាន​បញ្ជូន​សំបុត្រ​របស់​លោក​ជាមួយ​នឹង​សារទូត ចន ឌី លី ទន្ទឹមនឹងនោះ​ពួកឥណ្ឌា​សាសន៍​អាមេរិកាំង​ដើម​មួយ​ក្រុម​បាន​វាយលុក​ជុំរំ​ក្រុម​ជន​អន្ដោប្រវេសន៍​នៅកន្លែង​មួយ​ដែល​ហៅ​ថា ភ្នំម៉េដូ ។ លី បាន​ដឹកនាំ​ការវាយប្រហារ​នេះ ប៉ុន្ដែ​បាន​លាក់​អត្តសញ្ញាណ​របស់​លោក ដើម្បី​ឲ្យ​វា​មើល​ទៅ​មាន​តែ​ពួក​អាមេរិកកាំ​ង​ស្បែក​ក្រហម​ប៉ុណ្ណោះ​ដែល​បាន​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ ។ ជន​អន្ដោប្រវេសន៍​ខ្លះ​ត្រូវបាន​គេ​សម្លាប់ ឬ រង​របួស ប៉ុន្តែ​អ្នក​នៅ​សេសសល់​បាន​បណ្ដេញ​ពួកអ្នក​វាយលុក​ពួកគេ ដោយ​បង្ខំ លី និង ពួកឥណ្ឌា​សាសន៍​អាមេរិកាំង​ដើម​ឲ្យ​ដកថយ ។ ជន​អន្ដោប្រវេសន៍​បាន​ទាញ​រទេះ​របស់​ខ្លួន​ជា​រង្វង់ ឬ ក្រោល​មួយ​យ៉ាង​មាំ​ភ្លាមៗ​ដើម្បី​ការពារ​ខ្លួន ។ ការវាយលុក​ពីរ​ដង​ទៀត​បាន​កើតឡើង អំឡុង​ពេល​ការឡោមព័ទ្ធ​ក្រុម​រទេះ​បាន​ប្រាំថ្ងៃ ។

រូបភាព
ទីខ្ពង់រាប និង ទីទំនាប

នៅពេល​មួយ ពួក​ជីវពល​ទីក្រុង​សេដា បាន​ដឹង​ថា​មាន​ជនអន្ដោប្រវេសន៍​ពីរ​នាក់​បាន​ចេញ​ពី​ក្រោល​រទេះសេះ​នោះ ។ ពួកជីវពល​បាន​បាញ់​ពួកគេ ដោយ​បាន​សម្លាប់​គេ​ម្នាក់ ។ បុរស​ម្នាក់​ទៀត​បាន​រត់​គេច​ផុត ហើយ​បាន​នាំ​ដំណឹង​នេះ​ទៅ​ដល់​ជុំរំ​រទេះសេះ​ថា មាន​បុរស​ស្បែក​ស​ពាក់ព័ន្ធ​នឹង​ការវាយលុក​ប្រឆាំង​នឹង​ពួកគេ ។ ឥឡូវ​នេះ អស់​អ្នក​ដែល​បាន​គ្រោង​ការវាយប្រហារ​នេះ​ត្រូវបាន​គេ​ដឹង​ពី​ល្បិចកល​ខ្លួន ។ ប្រសិនបើ​ជនអន្ដោប្រវេសន៍​ត្រូវបាន​អនុញ្ញាត​ឲ្យ​បន្ដ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​កាលីហ្វ័រញ៉ា នោះ​ដំណឹង​នេះ​នឹង​លេច​ឮ​ថា ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​បាន​ទាក់ទង​នឹង​ការវាយប្រហារ​លើ​ពួកក្រុម​រទេះសេះ​នេះ ។ ពួកអ្នក​រួមគំនិត​ក្បត់ បាន​ខ្លាច​ថា​ដំណឹង​នេះ​នឹង​នាំ​ឲ្យ​មាន​លទ្ធផល​អវិជ្ជមាន​មក​ដល់​ខ្លួនគេ និង​ប្រជាជន​របស់​ពួកគេ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. នៅ​ចំណុច​នេះ តើ​ជម្រើស​ណា​ខ្លះ ដែល​ជា​ទំនួលខុសត្រូវ​របស់​អស់​អ្នក​ដែល​បានធ្វើ​ការវាយ​ប្រហារ​ទៅ​លើ​ជន​អន្តោប្រវេសន៍ ?

    2. តើ​ពួកគេ​គួរតែ​បាន​ធ្វើ​អ្វី​ខ្លះ ? ហេតុអ្វី ?

ដោយ​បាន​ធ្វើ​ជម្រើស​ខុស បុរស​ទាំងនេះ បាន​ធ្វើ​ផ្ទុយ​ទៅ​នឹង​ការទទួលខុសត្រូវ​ខាង​បព្វជិតភាព​របស់​ពួកគេ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៦–៣៧ រួច​គូស​ចំណាំ​ការព្រមាន​ពី​ព្រះអម្ចាស់ ទៅ​ដល់​ពួក​អ្នក​កាន់​បព្វជិតភាព ដែល​ប្រព្រឹត្ត ទុច្ចរិត។

សូម​គិត​អំពី​អ្វី​ដែល​អ្នក​ធ្វើ បន្ទាប់​ពី​អ្នក​បាន​ធ្វើ​អ្វី​មួយ​ខុសឆ្គង ។ តើ​អ្នក​សារភាព​អំពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​ខុសឆ្គង ហើយ​ទទួលយក​លទ្ធផល​ឬ​តើ​អ្នក​ព្យាយាម​លាក់​បាំង​នូវ​អំពើបាប​ទាំងនោះ​តាមរយៈ​ការបោក​បញ្ឆោត ?

ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ខ្លះ បាន​គ្រោង​សម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ

សមាជិក​សាសនាចក្រ​ដែល​ជាប់​ពាក់ពន័្ធ​នៅ​ក្នុង​ការវាយប្រហារ​ពួកអន្ដោប្រវេសន៍​នេះ បាន​ជ្រើសរើស​យក​ការព្យាយាម​លាក់បាំង​អំពើ​បាប​របស់​ខ្លួន ។ នៅ​ក្នុង​គោលបំណង​ដើម្បី​រារាំង​ដំណឹង​នេះ​កុំ​ឲ្យ​លេច​ឮ ថា ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​បាន​ចូលរួម​នៅក្នុង​ការវាយ​ប្រហារ​លើ​ក្រុម​រទេះសេះ​នេះ នោះ អ៊ីសាក ហេត, ចន ឌី លី និង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ​ក្នុង​តំបន់ ព្រមទាំង​ក្រុម​ជីវពល បាន​បង្កើត​គម្រោង​មួយ​ដើម្បី​សម្លាប់​អ្នក​នៅ​រស់​ទាំងអស់ លើកលែង​តែ​កូនក្មេង​តូចៗ​ប៉ុណ្ណោះ ។ ក្នុង​ការអនុម័ត​គម្រោងការ​នេះ ចន ឌី លី បាន​ទៅដល់​ពួក​អន្ដោប្រវេសន៍ ហើយ​បាន​និយាយ​ថា ពួកជីវពលនឹង​ការពារ​ពួកគេ​កុំ​ឲ្យ​រង​ការវាយប្រហារ​ផ្សេង​ទៀត ដោយ​នឹង​ជួយ​នាំ​ពួកគេ​ត្រឡប់​ទៅកាន់​ទីក្រុង​សេដា​វិញ​ដោយ​សុវត្ថិភាព ។ នៅពេល​ពួកអន្ដោប្រវេសន៍​បាន​ដើរ​ទៅកាន់​ទីក្រុង​សេដា ពួកជីវពល​បាន​ត្រឡប់​ក្រោយ និង​បាន​បាញ់​ពួកគេ ។ ពួកសាសន៍​អាមេរិកាំង​ដើម​ខ្លះ​ដែល​បាន​ចូលរួម​នឹង​ពួកប្រជាជន​នោះ បាន​រត់ចេញ​ពី​កន្លែង​លាក់ខ្លួន​មក​ដើម្បី​ជួយ​បាញ់​បន្ថែម ។ មាន​ជនអន្ដោប្រវេសន៍​ប្រហែល ១៤០ នាក់​ដែល​បាន​ចូលរួម​នៅក្នុង​ក្រុម​រទេះ​សេះនេះ មាន​តែ​កូនក្មេង ១៧ នាក់​ប៉ុណ្ណោះ​ដែល​នៅរស់ ។

រូបភាព
ថ្ម​ចំណាំ

បូជនីយស្ថាន​រំឭក​សោកនាដកម្ម​នៅ​ភ្នំ​មេដូ

ពីរថ្ងៃ​បន្ទាប់ពី​ការសម្លាប់​រង្គាល​នោះ ជេម ហេលឡេម បាន​មក​ដល់​ទីក្រុង​សេដា ដោយ​មាន​សារ​ឆ្លើយតប​របស់​ប្រធាន យ៉ង់ មកផង ដែល​បាន​ណែនាំ​ថ្នាក់​ដឹកនាំ​ក្នុង​តំបន់​ឲ្យ​អនុញ្ញាត​ឲ្យ​ក្រុម​រទេះសេះ​នោះ បន្ដ​ធ្វើដំណើរ​ប្រកប​ដោយ​សន្ដិភាព ។ « នៅពេល​ហេត បាន​អាន​ពាក្យ​របស់​ប្រធាន យ៉ង់ លោក​បាន​យំ​ដូចជា​កូនក្មេង ហើយ​អាច​និយាយ​ចេញ​តែ​ពាក្យ ‹ យឺតពេល​ហើយ យឺតពេល​ហើយ › » ( Richard E. Turley Jr.,The Mountain Meadows Massacre » Ensign ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ២០ ) ។

ជម្រើស​របស់​ថ្នាក់​ដឹកនាំ និង ពលរដ្ឋ មួយចំនួនដែល​ជា​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​នៅ​ក្នុង​ដែនដី​រដ្ឋ យូថាហ៍​ភាគ​ខាងត្បូង​នោះ បាន​នាំ​ឲ្យ​មាន​ការសម្លាប់​រង្គាល​ដ៏​សោកនាដកម្ម​មួយ​នៅ​ភ្នំម៉េដូ ។ ផ្ទុយទៅវិញ ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​ថ្នាក់​ដឹកនាំ​ដែនដី​នៅក្នុង​ទីក្រុង សលត៍ លេក បាន​ដោះស្រាយ​ជម្លោះ​ជាមួយ​នឹង​រដ្ឋាភិបាល​សហរដ្ឋ​តាមរយៈ​ការនិយាយ និង​ការចរចារ​ដោយ​សន្ដិភាព​នៅ​ក្នុង​ឆ្នាំ ១៨៥៨ ។ អំឡុងពេល​នៃ​ជម្លោះ​នេះ —ដែល​ក្រោយមក​ត្រូវបាន​ហៅ​ថា សង្គ្រាម​រដ្ឋ​យូថាហ៍ — ពួកទាហាន​សហរដ្ឋ និង​ពួកជីវពល​រដ្ឋ​យូថាហ៍​បាន​ប្រឡូក​នឹង​សកម្មភាព​នៃ​ការឈ្លានពាន ប៉ុន្ដែ​មិន​ដែល​ចូលរួម​ក្នុង​ចម្បាំង​ឡើយ ។

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

ប្រធាន ហិនរី ប៊ី អាវរិង បាន​មាន​ប្រសាសន៍​អំពី​ការសម្លាប់​រង្គាល​នៅ​ភ្នំ​ម៉េដូ ៖ « ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​យើង​កាន់ ស្អប់ខ្ពើម​ការសម្លាប់​ដ៏​ឃោរឃៅ​ដល់​បុរស ស្ដ្រី និង កូនក្មេង ណាស់ ។ តែ​តាម​ពិត​ទៅ វា​លើក​ទឹកចិត្ត​ឲ្យ​មាន​សេចក្ដី​សុខសាន្ត និង ការអភ័យទោស ។ អ្វីដែល​បានធ្វើ​ដោយ​សមាជិក​នៃ​សាសនាចក្រ​របស់ [នៅ​ភ្នំម៉េដូ] ជាយូរលង់​មកនោះ តំណាង​ឲ្យ​ការ​ឃ្លាត​ចេញ​ពី​ការបង្រៀន និង​ទង្វើ​ជា​ពួកគ្រីស្ទាន​ដ៏អាក្រក់ និង​ពុំ​អាច​ដោះសារ​បានឡើយ » (« 150th Anniversary of Mountain Meadows Massacre, » ថ្ងៃទី ១១ ខែ​កញ្ញា ឆ្នាំ ២០០៧,mormonnewsroom.org/article/150th-anniversary-of-mountain-meadows-massacre ) ។

ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ មិនត្រឹម​តែ​បន្សល់​ទុក​នូវ​ការស្លាប់​របស់​ជនរងគ្រោះ​ប្រហែល ១២០ នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែមទាំង​បណ្ដាល​ឲ្យ​មាន​ការរងទុក្ខ​ជាខ្លាំង​ផងដែរ​ចំពោះ​កូនក្មេង​ដែល​នៅ​រស់រាន​មាន​ជីវិត និង សាច់ញាតិ​ផ្សេង​ទៀត​របស់​ជនរងគ្រោះ​ទាំងនោះ ។ សាសន៍​អាមេរិកាំង​ដើម​ឈ្មោះ ផៃយូត ក៏​បាន​រង​នូវ​ការស្ដីបន្ទោស​ដ៏​អយុត្តិធម៌​ចំពោះ​បទឧក្រិដ្ឋកម្ម​នេះ​ដែរ ។ បន្ថែម​ពី​លើ​នោះ ពួកអ្នក​ទាំងឡាយ « ដែល​បាន​ចូលរួម​ក្នុងការសម្លាប់​រង្គាល​នេះ បាន​រស់នៅ​ក្នុង​ជីវិត​មួយ​ស្ថិត​នៅ​ក្រោម​អារម្មណ៍​ជាប់ទោស​ដ៏​អាប់អួរ និង បាន​មាន​បទពិសោធន៍​យ៉ាង​អាក្រក់​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ និង បាន​ឃើញ » ( Richard E. Turley Jr The Mountain Meadows Massacre» ទំព័រ ២០ ) ។

  1. សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​សង្ខេប​គំនិត​ភាន់ច្រឡំ​នានា ដែល​បាន​នាំ​ទៅរក​ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ ។

    2. សូម​សរសេរ​គោលការណ៍ ឬ មេរៀន​មួយ ដែល​យើង​អាច​រៀន​ចេញ​ពី​សោកនាដកម្ម​នេះ អំពី​ការសម្រេចចិត្ត​លាក់​បាំង​អំពើបាប​របស់​យើង ។

    3. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ៖ តើ​អ្នក​អាច​ធ្វើ​ដូចម្ដេច​នា​ពេល​អនាគត ដើម្បី​ប្រាកដ​ថា​អ្នក​ធ្វើតាម​ដំបូន្មាន​របស់​ថ្នាក់​ដឹកនាំ ហើយ​ចៀសវាង​ពី​ការលាក់បាំង​អំពើបាប​ដែល​អ្នក​អាច​នឹង​បាន​ប្រព្រឹត្ត ? តើ​ពរជ័យ​អ្វី​ខ្លះ ដែល​អ្នក​ទទួលបាន​ពី​ការមាន​ទំនួលខុសត្រូវ​ចំពោះ​កំហុស​របស់​អ្នក ហើយ​ពុំ​ព្យាយាម​លាក់បាំង​អំពើបាប​របស់​អ្នក ?

ប្រសិនបើ​អ្នក​បាន​ចាប់ផ្ដើម​ដើរ​លើ​ផ្លូវ​ខុស និង ផ្លូវ​នៃ​អំពើបាប​ហើយ នោះ​អ្នក​អាច​ការពារ​មិន​ឲ្យ​មាន​នូវ​ការឈឺចិត្ត និង​ការសោកស្ដាយ​នាពេល​អនាគត​បាន ដោយ​ការបែរ​ទៅរក​ព្រះអម្ចាស់ និង​ការប្រែចិត្ត​ពី​អំពើបាប​របស់​អ្នក​ក្នុង​ពេល​នេះ។

រូបភាព
ព្រះយេស៊ូវគ្រីស្ទ

ដោយសារ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ក្នុង​តំបន់​មួយ​ចំនួន ត្រូវទទួល​ខុសត្រូវ​លើ​ការរៀបចំផែនការ និងចូលរួម​ក្នុង​ការសម្លាប់​រង្គាល​នៅលើ​ភ្នំម៉េដូ នោះ​ប្រជាជន​ខ្លះ​បាន​អនុញ្ញាត​ឲ្យ​ហេតុការណ៍​នេះ​ជះឥទ្ធិពល​អវិជ្ជមាន​លើ​ការគិត​អំពី​សាសនាចក្រ​ទាំងមូល​របស់​ពួកគេ ។ រឿង​ស្រដៀង​គ្នា​នេះបាន​កើតឡើង​ក្នុង​ព្រះគម្ពីរ​មរមន កាល​អាលម៉ា​ដែល​ជា​អ្នកផ្សព្វផ្សាយសាសនា​មួយ​រូប ហើយ​លោក​មាន​កូនប្រុស​ដែល​បាន​ល្មើស​នឹង​ច្បាប់ព្រហ្មចារីភាព នោះ​មនុស្ស​ដទៃ​ពុំ​បាន​ជឿ​លើ​ប្រសាសន៍​របស់​អាលម៉ា​ឡើយ ដោយសារតែ​ការប្រព្រឹត្ត​របស់​កូន​ប្រុស​គាត់ ( សូម​មើល អាលម៉ា ៣៩:១១ ) ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ហេតុអ្វី​បាន​ជា​មាន​សារៈសំខាន់​ដែល​ត្រូវ​ដឹង​ថា ការធ្វើ​ខុស​របស់​សមាជិក​សាសនាចក្រ​ខ្លះ ពុំ​កំណត់​សេចក្ដីពិត​ពេញលេញ​ទាំងមូល​នៃ​ដំណឹងល្អទេ ?

សូម​អាន ហេលេមិន ៥:១២ ដោយ​ស្វែងរក​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​អភិវឌ្ឍ និង​រក្សា​ទីបន្ទាល់​របស់​យើង ដើម្បី​ពេលណា​យើង​ជួប​នឹង​គ្រាលំបាក​នានា ដូចជា​នៅពេល​យើង​រៀន​ពី​គំរូ​នៃ​សមាជិក​សាសនាចក្រ​ដែល​បាន​ខកខាន​មិន​បាន​រស់នៅ​ស្របតាម​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​សេចក្ដីជំនឿ​របស់​យើង​នឹង​មិន​រង្គោះរង្គើ​ឡើយ ។ សូម​សង្ខេប​អ្វី​ដែល​អ្នក​បាន​រកឃើញ ៖

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី ហេលេមិន ៥:១២ គឺ យើង​អាច​អភិវឌ្ឍ​ទីបន្ទាល់​រឹងមាំ​បាន ដោយ​ការសង់​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​របស់​យើង​នៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

ឧទាហរណ៍​ខាងក្រោម ចង្អុលបង្ហាញ​អំពី​គោលការណ៍​នេះ ៖ « ជេម សេនឌើរ គឺជា​ចៅទួត​ប្រុស​របស់… ដែល​ជា​ក្មេង​ម្នាក់​ដែល​បាន​នៅរស់​ពី​ការសម្លាប់​រង្គាល [ ហើយ​ក៏​ជា​សមាជិក​ម្នាក់​នៃ​សាសនាចក្រ​ផងដែរ ] ។ បងប្រុស សេនឌើរ បាន​ពោល​ថា ‹ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ខ្លោចផ្សា ដ្បិត​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ខឹង និង ក្រៀមក្រំ​ដែល​ការសម្លាប់​រង្គាល​នោះ​បាន​កើតឡើង ។ ‹ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា មនុស្ស​ដែល​បាន​ប្រព្រឹត្ត​អំពើ​នេះ នឹង​ទទួលខុសត្រូវ​ចំពោះ​ព្រះអម្ចាស់ ហើយ​ការណ៍​នោះ​នាំ​ឲ្យ​ខ្ញុំ​មាន​ភាពសុខសាន្ត › ។ [ គាត់ ] បាន​មាន​និយាយ​ថា ការដឹង​ពី​ដូនតា​របស់​លោក​ថា​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ការសម្លាប់​រង្គាល ‹ មិន​បាន​ប៉ះពាល់​ដល់​សេចក្ដីជំនឿ​របស់​ខ្ញុំ​នោះ​ទេ ដ្បិត​សេចក្ដី​ជំនឿ​នេះ​ផ្អែក​លើ​ព្រះយេស៊ូវគ្រីស្ទ មិនមែន​លើ​មនុស្ស​នៅក្នុង​សាសនាចក្រ​នោះ​ទេ › » ( Richard E. Turley Jr« The Mountain Meadows Massacre » ទំព័រ ២១) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​សេចក្ដីជំនឿ​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ អាច​ធ្វើ​ឲ្យ​យើង​រឹង​មំា​បាន​យ៉ាង​ដូចម្ដេច នៅពេល​យើង​រៀន​ពី​គំរូ​នានា ដែលក្នុងនោះ​មាន​សមាជិក​សាសនាចក្រ​ខ្លះ​ខកខាន​មិន​បាន​រស់នៅ​ស្រប​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ?

    2. តើ​សកម្មភាព​អ្វី​ខ្លះ​ដែល​អ្នក​ធ្វើ ដែល​ជួយ​អ្នក​សង់​គ្រឹះនៃ​សេចក្ដី​ជំនឿ​នៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

    3. តើ​សកម្មភាព​អ្វី​ខ្លះ​អ្នក​នឹង​ធ្វើ​នៅ​សប្ដាហ៍​នេះ ដែល​ជួយ​អ្នក​ឲ្យ​សង់​គ្រឹះ​នៃសេចក្ដី​ជំនឿ​អ្នកទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ? ( អ្នក​អាច​នឹង​សរសេរ​ចំណុច​ច្រើន​ជាង​មួយ ដែល​អ្នក​នឹង​ធ្វើ ) ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​មេរៀន​អំពី « សង្គ្រាម​នៅ​រដ្ឋ យូថាហ៍ និង ការសម្លាប់​រង្គាល​នៅ​ភ្នំ​ម៉េដូ » ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាល​បរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖