ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៤ ៖ ថ្ងៃ​ទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២០-៤៣


មេរៀន​ទី ១៤ ៖ ថ្ងៃ​ទី ៤

មេរៀន​ទី ១៤ ៖ ថ្ងៃ​ទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២០-៤៣

បុព្វកថា

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤ នៅ​ថ្ងៃ​ទី ១១ ខែ កញ្ញា ឆ្នាំ ១៨៣១ ។ ប្រមាណ​ជា​ពីរ​សប្ដាហ៍​ពី​មុន​លោក​បាន​ទទួល​វិវរណៈ​នេះ ព្យាការី​បាន​ត្រឡប់​ទៅ​រដ្ឋ អូហៃអូ វិញ បន្ទាប់​ពី​បាន​មើល​ការខុសត្រូវ​លើ​ការឧទ្ទិស​ឆ្លង​ដី និង ទីតាំង​ព្រះវិហារ​បរិសុទ្ធ​នៃ​ស៊ីយ៉ូន នៅ​ក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ។. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:២០-៤៣មាននូវ​ការ​បង្រៀន​របស់ព្រះអម្ចាស់​អំពី​ពលិកម្ម ដែល​ទ្រង់​តម្រូវ​ឲ្យពួកបរិសុទ្ធមាន និង​អំពី​ការ​ស្ថាបនា​ស៊ីយ៉ូន​នៅថ្ងៃ​ចុង​ក្រោយ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:២០-២៥

ព្រះអម្ចាស់​បង្រៀន​ថា ទ្រង់​តម្រូវ​ចិត្ត​ពី​យើង

នៅ​លើ​បន្ទាត់​ខាង​ក្រោម​នេះ សូម​សរសេរ​អំពី​គ្រា​មួយ ដែល​អ្នក​មាន​អារម្មណ៍​ថា បាន​លះបង់​ដើម្បី​ធ្វើតាម​ព្រះបញ្ញត្តិ​ព្រះអម្ចាស់ ( ដូចជា​ចៀងវាង​ពី​ការចូលរួម​ព្រឹត្តិការណ៍​កីឡា ឬ សកម្មភាព​ស្រដៀង​នឹង​នេះ ដើម្បី​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ) ៖

សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​បាន​ពរ ដោយសារតែ​ការលះបង់​របស់​អ្នក ។ អ្នក​អាច​រៀន​កាន់តែ​ច្រើន​អំពី​ការលះបង់ ដែល​ព្រះអម្ចាស់​តម្រូវ​ឲ្យ​យើង​ធ្វើ នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២០–៤៣ រួច​អាន​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដែល​បាន​ដាក់​ដល់ អ៊ីសាក មួលី, ហ្វ្រែឌើរិក ជី វិលលាម្ស និង សមាជិក​សាសនាចក្រ​កាល​ពី​ជំនាន់​ដំបូង​ដទៃ​ទៀត ។

រូបភាព
ដី​ស្រែ​របស់ អ៊ីសាក មួលី ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ

ដី​ស្រែ​របស់ អ៊ីសាក មួលី ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ

អ៊ីសាក មួលី មាន​ដី​ស្រែ​ដ៏​ធំ​មួយ​នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ។ គាត់​បាន​អញ្ជើញ​សមាជិក​សាសនាចក្រ​ដោយ​ស្មោះ រួមទាំង យ៉ូសែប ស៊្មីធ និង ក្រុមគ្រួសារ​របស់​លោក​ផងដែរ ឲ្យ​មក​រស់នៅ​លើ​ដី​ស្រែ​នេះ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២០ដោយ​ស្វែងរក​ការណ៍​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ អ៊ីសាក មួលី ធ្វើ​ជាមួយ​នឹង​ដីស្រែ​របស់​គាត់​នោះ ។ សូម​សរសេរ​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ឲ្យ អ៊ីសាក មួលី ធ្វើ ដាក់​នៅ​ក្នុង​ចន្លោះ​ត្រឹមត្រូវ​នៃ​តារាង​ខាង​ក្រោម​នេះ ។

ចំណេះចំណានខគម្ពីរ—( គ. និង ស. ៦៤:២០ )

ហ្វ្រែឌើរិក ជី វិលលាម្ស ( គ. និង ស. ៦៤:២១ )

តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា​គាត់​គួរតែ​ធ្វើ​អ្វីខ្លះ ?

តើ​គាត់​មាន​ប្រតិកម្ម​បែប​ណា​ចំពោះ​ការបញ្ជា​នោះ​មក​ពី​អម្ចាស់ ? ( សូម​មើល​ព័ត៌មាន​ខាង​លើ ) ។

តើ​ការគោរព​ប្រតិបត្តិ​តាម​ការបញ្ជា​របស់​ព្រះអម្ចាស់ មាន​លទ្ធផល​ដូចម្ដេច​ខ្លះ ? ( សូម​មើល​ព័ត៌មាន​ខាង​លើ ) ។

នេះ​គឺ​ជា​ការលះបង់​មួយ​ដ៏​ធំ​ចំពោះ អ៊ីសាក មួលី ។ ប្រាក់​មួយ​ចំនួន​ធំ​ដែល​បាន​មក​ពី​ការលក់​ដី​ស្រែ​នោះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ទិញ​ដី​សម្រាប់​សមាជិក​ដទៃ​ទៀត​នៃ​សាសនាចក្រ​នៅ​ក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ។

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២០ដោយ​ស្វែងរក​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​សន្យា​ប្រទាន​ឲ្យ អ៊ីសាក មួលី ប្រសិនបើ​គាត់​លក់​ដីស្រែ​របស់​គាត់​នោះ ។ យើង​រៀន​ចេញ​ពី​ខគម្ពីរ​នេះ​ថា បើ​យើង​ធ្វើ​តាម​ព្រះឆន្ទៈ​ដែល​ព្រះ​មាន​ចំពោះ​យើង នោះ​យើង​នឹង​មិន​ត្រូវ​បាន​ល្បួង​ហួស​កម្រិត​ដែល​យើង​អាច​ទ្រាំ​បាន​ឡើយ ។

អ៊ីសាក មួលី បាន​ធ្វើតាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ដែល​ត្រូវ​លក់​ដី​ស្រែ​របស់​គាត់​នោះ ហើយ​ត្រូវបាន​ព្រះ​ប្រទាន​ពរ​ឲ្យ​មាន​លទ្ធភាព​ក្នុង​ការតតាំង​នឹង​ការល្បួង ។ គាត់​គឺ​ជា​ម្នាក់​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ជំនាន់​ដំបូង ដែល​តាំង​លំនៅ​នៅ​ក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ជា​ទី​ដែល​គាត់​បាន​ប្រឹងប្រែង​ស្ថាបនា​ទីក្រុង ស៊ីយ៉ូន ឡើង ។ គាត់​បាន​បម្រើ​ព្រះអម្ចាស់​យ៉ាង​ស្មោះត្រង់ ពេញ​មួយ​ជីវិត​របស់​គាត់ ។ សូម​សរសេរ​អំពី​ប្រតិកម្ម​របស់ អ៊ីសាក និង លទ្ធផល​នៃ​ទង្វើ​របស់​គាត់​នោះ ដាក់​នៅ​ក្នុង​តារាង ។

  1. សូម​ធ្វើ​បញ្ជី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ព្រះបញ្ញត្តិ​ចំនួន​ពីរ ឬ បី ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​ទាំងអស់​គ្នា ( មាន​ដូចជា ព្រះបញ្ញត្តិ​ដែល​បញ្ជា​ឲ្យ​យើង​អធិស្ឋាន​ជានិច្ច ) ។ ក្រោយ​មក សូម​ពន្យល់​អំពី​របៀប​ដែល ការគោរពប្រតិបត្តិ​ទាំងនេះ អាច​ជួយ​អ្នក​ឲ្យ​ចៀស​ផុត​ពី​ការល្បួង ។

បុរស​ម្នាក់​ទៀត​គឺ ហ្វ្រែឌើរិក ជី វិលលាម្ស ក៏​មាន​ដី​ស្រែ​មួយ​នៅ​ទីក្រុង ខឺត​ឡង់ ដែរ ។ នៅ​លើ​ដី​ស្រែ​គាត់​មាន​ផ្ទះ​ពីរ​ខ្នង ជង្រុក​ស្រូវ​ដ៏​ធំ​មួយ និង ផ្ទៃ​ដី​រាប់​ហិចតា ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២១ដោយ​ស្វែងរក​ព្រះ​បញ្ញត្តិ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ដល់ ហ្វ្រែឌើរិក ជី វិលលាម្ស ។

សូម​សរសេរ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ ហ្វ្រែឌើរិក ជី វិលលាម្ស ធ្វើ ជាមួយ​នឹង​ដីស្រែ​របស់​គាត់ ដាក់​នៅ​ក្នុង​តារាង​ខាង​លើ ។

ទោះជា ហ្វ្រែឌើរិក ជី វិលលាម្ស ពុំ​ត្រូវបាន​តម្រូវ​ឲ្យ​លក់​ដី​ស្រែ​របស់​គាត់​ដូចជា អ៊ីសាក មួលី យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​នៅ​តែ​បង្ហាញ​ឆន្ទៈ​ចង់​ធ្វើ​ការលះបង់​ដែរ ។ គាត់​បាន​ជម្រាប​ព្យាការី យ៉ូសែប ស៊្មីធ ថា ដីស្រែ​គាត់​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​សង់​ផ្ទះ ឲ្យ​សមាជិក​ដែល​ខ្វះខាត រួមទាំង​ឪពុកម្ដាយ​របស់​ព្យាការី​ផងដែរ ។ មិន​តែ​ប៉ុណ្ណោះ បងប្រុស វិលលាម្ស បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណាំ​កសិផល ហើយ​ចិញ្ចឹម​សត្វ​នៅ​លើ​ដីស្រែ​នោះ ថែមទាំង​ផ្គត់ផ្គង់​ដល់​ពួក​បរិសុទ្ធ​ទៀត​ផង ។ ក្រោយ​មក​ទៀត គាត់​បាន​ប្រគល់​ដី​ស្រែ​ទាំងមូល​របស់​គាត់​ទៅ​ដល់​សាសនាចក្រ ដោយ​មិន​គិត​ថ្លៃ​អ្វី​សោះ​ឡើយ ។ តាមរយៈ​ការលះបង់​របស់ ហ្វ្រែឌើរិក ជី វិលលាម្ស និង ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់​ដទៃ​ទៀត​នៅ​រដ្ឋ អូហៃអូ នោះ​ព្រះអម្ចាស់​បាន​ទុក « កន្លែង​មាំមួន​មួយ​នៅ​ក្នុង​ដែនដី ខឺត​ឡង់ សម្រាប់​អំឡុង​ពេល​ប្រាំ​ឆ្នាំ » ( គ. និង ស. ៦៤:២១ ) ។ អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ពួក​បរិសុទ្ធ​បាន​សាងសង់​ព្រះវិហារ​បរិសុទ្ធ ទីក្រុង ខឺត​ឡង់ ។ ពួកគេ​បាន​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ឆ្នាំ ១៨៣៦ គឺ​ប្រាំ​បន្ទាប់​ពី​បាន​ទទួល​វិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤ ។

សូម​បំពេញ​ប្រអប់​ឈរ​សម្រាប់ ហ្វ្រែឌើរិក ជី វិលលាម្ស ដោយ​សរសេរ​នៅ​ក្នុង​ចន្លោះ​ត្រឹមត្រូវ​នៃ​តារាង អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ និង លទ្ធផល​នៃ​ទង្វើ​នោះ ។

យើង​រៀន​ពី​គំរូ​របស់ អ៊ីសាក មួលី និង ហ្វ្រែឌើរិក ជី វិលលាម្ស អំពី​គោលការណ៍​ដូចតទៅ​នេះ ៖ យើង​មាន​ពរ​នៅ​ពេល​យើង​គោរពប្រតិបត្តិ​ព្រះអម្ចាស់ ហើយ​លះបង់​ទៅ​តាម​អ្វី​ដែល​ទ្រង់​បញ្ជា​ឲ្យ​យើង​លះបង់ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​គោលការណ៍​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

ការលះបង់​ដែល អ៊ីសាក មួលី និង ហ្វ្រែឌើរិក ជី វិលលាម្ស បាន​ធ្វើ​ជាមួយ​នឹង​ដីស្រែ​របស់​គាត់ បង្ហាញ​ពី​ការលះបង់​មួយ​ទៀត ដែល​ព្រះអម្ចាស់​បាន​តម្រូវ​ពី​ពួកគាត់ ហើយ​ទ្រង់​ក៏​តម្រូវ​ពី​យើង​ផងដែរ​នា​ពេល​បច្ចុប្បន្ន​នេះ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២២ដោយ​ស្វែងរក​ការលះបង់ ដែល​ព្រះអម្ចាស់​តម្រូវ​ពី​យើង ។

អ្នក​អាច​នឹង​ចង់​គូសចំណាំ​គោលការណ៍​ដូចតទៅ​នេះ​នៅ​ក្នុង ខទី ២២ ៖ ព្រះអម្ចាស់​តម្រូវ​ចិត្ត​ពី​យើង ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដែល​ថា ព្រះអម្ចាស់​តម្រូវ​ចិត្ត​ពី​យើង​នោះ ?

    2. តើ​អ្នក​អាច​បង្ហាញ​ដល់​ព្រះអម្ចាស់​ថា អ្នក​មាន​ឆន្ទៈ​ថ្វាយ​ចិត្ត​ចំពោះ​ទ្រង់​ដែរ​ឬ​ទេ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២៣–២៥រួច​ស្វែងរក​ព្រះបញ្ញត្តិ​ដែល​យើង​អាច​គោរពប្រតិបត្តិ ដើម្បី​បង្ហាញ​ថា យើង​បាន​ថ្វាយ​ចិត្ត​របស់​យើង​ចំពោះ​ព្រះអម្ចាស់ ។

អំឡុង​ពេល​នេះ​នៅ​ក្នុង​ប្រវត្តិ​សាសនាចក្រ វាក្យសព្ទ « ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ » សំដៅ​ទៅ​លើ​ដង្វាយ ឬ ការបរិច្ចាគ​ដ៏​សុទ្ធចិត្ត​ទៅ​ដល់​សាសនាចក្រ ។ ក្នុង​ឆ្នាំ ១៨៣៨ ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ត្រូវបាន​ឲ្យ​និយមន័យ​ថា​ជា មួយ​ភាគ​នៃ​ប្រាក់​ចំណូល​របស់​បុគ្គល​ម្នាក់ ( សូម​មើល​ក្បាល​កណ្ឌ​នៃ គ. និង ស. ១១៩) ។ ចាប់តាំង​ពី​ពេល​នោះ​មក សមាជិក​ទាំងអស់​ត្រូវ​បាន​តម្រូវ​ឲ្យ​ថ្វាយ ១០ ភាគរយ​នៃ​ប្រាក់​ចំណូល​របស់​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ បង្ហាញ​ថា​យើង​បាន​ថ្វាយ​ចិត្ត​របស់​យើង​ចំពោះ​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

    2. តើ​ពរជ័យ​នៃ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​យ៉ាង​ពេញលេញ និង ដោយ​ស្មោះ​មាន​អ្វី​ខ្លះ ?

សូម​រំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២៣ដោយ​ស្វែងរក​ការសន្យា ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នក​ដែល​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

ទន្ទឹម​នឹង​ពរជ័យ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង ខទី ២៣ អនុវត្ត​នៅ​ក្នុង​ពេល​អនាគត នោះ​ព្រះអម្ចាស់​ក៏​នឹង​ប្រទានពរ​ដល់​យើង​នា​ពេល​បច្ចុប្បន្ន​នេះ ចំពោះ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដែរ ។ សូម​គិត​អំពី​បទពិសោធន៍​នានា ដែល​អ្នក​បាន​មាន​នៅ​ពេល​អ្នក ឬ ក្រុមគ្រួសារ​អ្នក​មាន​ពរ ដែល​ជា​លទ្ធផល​នៃ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:២៦-៤៣

ព្រះអម្ចាស់ ប្រទាន​ការណែនាំ​អំពី​ការស្ថាបនា​ទីក្រុង ស៊ីយ៉ូន

សូម​គិត​អំពី​គ្រា​មួយ​ដែល​អ្នក​ត្រូវបាន​ហៅ​ឲ្យ​បំពេញ​កិច្ចការ​មួយ ដែល​មាន​ការលំបាក ឬ មាន​អារម្មណ៍​ថា​លើស​កម្រិត ។

ក្នុង​ខែ សីហា ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ​នូវ​កិច្ចការ​មួយ​ដ៏​ធំ ដែល​រក​ប្រាក់​ទិញ​ដី​ធ្លី​ដែល​ត្រូវការ ដើម្បី​ស្ថាបនា​ទីក្រុង ស៊ីយ៉ូន ឡើង​នៅ​ឃុំ​ចាកសុន រដ្ឋ មិសសួរី ។ ពួក​បរិសុទ្ធ​បាន​ដឹង​ថា ដរាប​ណា​ដែល​ពួកគេ​បាន​ទិញ​ដី​ធ្លី​ហើយ នោះ​ពួកគេ​នឹង​ត្រូវ​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ស្ថាបនា​ទីក្រុង និង សាងសង់​ព្រះវិហារ​បរិសុទ្ធ​ឡើង ។

រូបភាព
ផ្សារ​របស់ នូវល ខេ វិតនី នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២៦–២៩ មាន​នូវ​ព្រះបញ្ញត្តិ​ពី​ព្រះអម្ចាស់​ទៅ​ដល់​ពួក​អ្នក​បម្រើ​ទ្រង់​ចំនួន​ពីរ​នាក់​គឺ នូវល ខេ វិតនី និង ស៊ីឌនី គិលបឺត ដែល​ត្រូវ​ប្រើ​ផ្សារ​របស់​ពួកគេ​នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​របស់​ពួក​បរិសុទ្ធ ។ នេះ​គឺ​ជា​គំរូ​មួយ​នៃ​របៀប​ដែល​ពួក​បរិសុទ្ធ​មួយ​ចំនួន ត្រូវបាន​បញ្ជា​ឲ្យ​លះបង់ ហើយ​បរិច្ចាគ​ទៅ​ក្នុង​ការស្ថាបនា​ទីក្រុង ស៊ីយ៉ូន ឡើង ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៣០–៣៣ដោយ​ស្វែងរក​ឃ្លា​ទាំងឡាយ ដែល​ប្រហែល​ជា​បាន​លើក​ទឹក​ចិត្ត​ដល់​ពួក​បរិសុទ្ធ ដែល​ប្រឹងប្រែង​បំពេញ​កិច្ចការ​ដ៏​ធំ​នៃ​ការស្ថាបនា​ទីក្រុង ស៊ីយ៉ូន ឡើង ។

យោង​តាម​អ្វី​ដែល​អ្នក​បាន​រៀន​ចេញ​ពី​ការអាន​ខគម្ពីរ​ទាំងនេះ សូម​បញ្ចប់​គោលការណ៍​ខាង​ក្រោម​នេះ ៖

បើ​យើង នោះ​យើង​នឹង​អាច​សម្រេច​កិច្ចការ​ដ៏​ធំធេង​បាន ។

បន្ទាប់​ពី​ព្រះអម្ចាស់​បាន​លើក​ទឹក​ចិត្ត​ដល់​ពួក​បរិសុទ្ធ​ឲ្យ​ឧស្សាហ៍​ធ្វើ​កិច្ចការ​ល្អ នោះ​ទ្រង់​បាន​មាន​ព្រះបន្ទូល​អំពី​ការគោរពប្រតិបត្តិ​សាជាថ្មី ។ តើ​អ្នក​ធា្លប់​គោរពប្រតិបត្តិ​ឪពុកម្ដាយ ថ្នាក់​ដឹកនាំ​សាសនាចក្រ គ្រូបង្រៀន ឬ គ្រូ​បង្វឹក​របស់​អ្នក ប៉ុន្តែ​ធ្វើ​វា​ដោយ​មាន​ឥរិយាបថ​គំរោះគំរើយ​ដែរ​ឬ​ទេ ? សូម​កត់ចំណាំ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៣៤ នូវ​ពាក្យ​ដែល​ពិពណ៌នា​អំពី​ឥរិយាបថ ដែល​យើង​គួរតែ​មាន នៅ​ពេល​យើង​គោរពប្រតិបត្តិ​ព្រះអម្ចាស់ ។

អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​ដាក់​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ខទី ៣៤ ៖ យើង​ត្រូវ​គោរពប្រតិបត្តិ​ព្រះអម្ចាស់​ដោយ​ចិត្ត និង ដោយ​គំនិត​ដែល​ស្ម័គ្រតាម ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ការគោរពប្រតិបត្តិ​ព្រះអម្ចាស់​ដោយ « ចិត្ត និង គំនិត​ដែល​ស្ម័គ្រ​តាម » មាន​ន័យ​ដូចម្ដេច ?

    2. សូម​គិត​អំពី​គ្រា​មួយ ដែល​អ្នក​បាន​គោរពប្រតិបត្តិ​ព្រះអម្ចាស់ ដោយ​ចិត្ត និង គំនិត​ដែល​ស្ម័គ្រ​តាម ។ តើ​ទង្វើ​នេះ​មាន​សភាព​ខុស​គ្នា​យ៉ាង​ដូចម្ដេច ពី​គ្រា​ដែល​អ្នក​ពុំ​បាន​គោរពប្រតិបត្តិ​ដោយ​ស្ម័គ្រ​តាម ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៤១-៤៣ដោយ​ស្វែងរក​ព័ត៌មាន ស្ដីពី​ការស្ថាបនា​ទីក្រុង ស៊ីយ៉ូន ឡើង​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ ។ វា​សំខាន់​ដែល​ត្រូវ​ចងចាំ​ថា នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ ទីក្រុង ស៊ីយ៉ូន នឹង​មិន​ត្រូវបាន​ស្ថាបនា​ឡើង​នៅ​ក្នុង​ទីតាំង​ភូមិសាស្ត្រ​តែ​មួយ​ដូចជា ក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី នោះ​ទេ ។ ទីក្រុង ស៊ីយ៉ូន នឹង​ត្រូវបាន​ស្ថាបនា​ឡើង​នៅ​ក្នុង​គ្រប់​ជាតិសាសន៍ ដែល​មាន​មនុស្ស​គោរពប្រតិបត្តិ​ព្រះអម្ចាស់​ដោយ​ចិត្ត និង គំនិត​ស្ម័គ្រតាម ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​គោលដៅ​នៃ​អ្វី​មួយ ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​គោរពប្រតិបត្តិ​ព្រះអម្ចាស់​ដោយ​ស្មោះត្រង់ និង ការគោរពប្រតិបត្តិ​ដែល​ស្ម័គ្រ​តាម ។ នៅ​ពេល​អ្នក​កំពុង​ខិតខំ​សម្រេច​គោលដៅ​នេះ សូម​កត់ចំណាំ​អំពី​ភាពខុសប្លែក ដែល​ការគោរពប្រតិបត្តិ​នេះ​ធ្វើ​ឲ្យ​មាន​នៅ​ក្នុង​ជីវិត​អ្នក ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២០-៤៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖