ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៥ ៖ ថ្ងៃទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧-២០


មេរៀន​ទី ២៥ ៖ ថ្ងៃទី ៤

គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧-២០

បុព្វកថា

នៅ​ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ១៨៣៨ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួល​វិវរណៈ​បួន​ដែល​បានកត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៧-២០ ។ នៅ​ក្នុង​វិវរណៈ​ទីមួយ​ក្នុង​ចំណោម​វិវរណៈ​ទាំងនេះ ( គ. និង ស. ១១៧ ) ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ឲ្យ វិលលាម ម៉ាក្ស និង នូវល ខេ វីតនី ឲ្យ​ចាត់ចែង​ធុរកិច្ច​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ហើយ​ចូលរួម​ជាមួយ​ពួកបរិសុទ្ធ​ដែល​កំពុង​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​ក្រុង​ហ្វាវេសត៍ ។ ព្រះអម្ចាស់​ក៏​បាន​បញ្ជា អូលីវើរ គ្រែងគើរ ឲ្យទៅ​ទីក្រុង ខឺតឡង់ ធ្វើ​ជា​អ្នកតំណាង​នៃ​គណៈប្រធាន​ទីមួយ ។ នៅ​ក្នុង​វិវរណៈ​ទីពីរ ( គ. និង ស. ១១៨ ) ព្រះអម្ចាស់​បាន​ហៅ​សាវក​ថ្មី​ឲ្យ​បំពេញ​កន្លែង​របស់​អ្នក​ដែល​បាន​ក្បត់សាសនា ហើយ​ទ្រង់​បាន​ហៅ​សមាជិក​ទាំងអស់​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឲ្យ​បម្រើ​នៅ​ចក្រភព​អង់គ្លេស ។ នៅ​ក្នុង​វិវរណៈ​ទីបី និង​ទី​បួន បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៩ និង ១២០ព្រះអម្ចាស់​បាន​បង្រៀន​គោលលទ្ធិ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ហើយ​ទ្រង់​បាន​បើកសម្ដែង​គោលការណ៍​ណែនាំ ដើម្បី​ឲ្យ​អ្នកដឹកនាំ​សាសនាចក្រ​សម្រេច​ថា​តើ​ត្រូវ​ប្រើ​មូលនិធិ​ដង្វាយ​មួយ​ភាគ​ដប់​ដូចម្ដេច ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧:១-១១

ព្រះអម្ចាស់​បាន​ត្រាស់​បញ្ជា​ឲ្យ វិលលាម ម៉ាក្ស និង នូវល ខេ វិតនី ចាត់ចែង​ធុរកិច្ច​របស់​ពួកគេ​ជា​បន្ទាន់ ហើយ​ចេញ​ដំណើរ​ពី​ដែនដី​ខឺតឡង់

នៅ​ក្នុង​ផ្នែក​ទី​មួយ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់ វិលលាម ម៉ាក្ស និង នូវល ខេ វិតនី ។ វិលលាម ម៉ាក្ស គឺ​ជា​ប្រធាន​ស្តេក​នៅ​ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ។ គាត់​ជា​ម្ចាស់​អាជីវកម្ម​លក់​សៀវភៅ​ម្នាក់ ។ នូវល ខេ វិតនី គឺ​ជា​ប៊ីស្សព​នៅ​ទីក្រុង ខឺត​ឡង់ ។ គាត់​គឺ​ជា​ម្ចាស់​អាជីវកម្ម​ដ៏​ជោគជ័យ​ម្នាក់ ហើយ​គាត់​បាន​បរិច្ចាគ​ទ្រព្យសម្បតិ្ត​របស់​គាត់​ជាច្រើន​ដល់​សាសនាចក្រ ។

រូបភាព
ពីមុខ​ហាង វិតនី

នៅ​ថ្ងៃ​ទី ២៦ ខែ មេសា ឆ្នាំ ១៨៣៨ ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ពួកបរិសុទ្ធ​ប្រមូលផ្ដុំ​ក្នុង​ក្រុង​ហ្វាវែស្ទ រដ្ឋ មិសសួរី និង​នៅ​កន្លែង​ផ្សេងៗ​ទៀត ( សូមមើល គ. និង ស. ១១៥:១៧–១៨ ) ។ នៅ​ថ្ងៃ​ទី ៦ ខែ កក្កដា ឆ្នាំ ១៨៣៨ ក្រុម​មួយ​ដែល​គេ​ស្គាល់​ថា ជំរំ​ខឺតឡង់ ដែល​មាន​ពួកបរិសុទ្ធ​ជាង ៥០០ នាក់ មក​ពី​តំបន់​ខឺតឡង់ បាន​ចាកចេញ​ទៅ​រដ្ឋ មិសសួរី ( សូមមើល Church History in the Fulness of Times Student Manual,ការបោះពុម្ព​លើក​ទីពីរ [Church Educational System manual, ឆ្នាំ ២០០៣],ទំព័រ ១៧៩) ។ ប្រធាន ម៉ាក្ស និង ប៊ីស្សព វិតនី នៅតែ​នៅ​ក្នុង​ក្រុង ខឺតឡង់ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧:១-៣យើង​អាន​ថា ព្រះអម្ចាស់​បាន​ត្រាស់​បញ្ជា​ឲ្យ​ប្រធាន ម៉ាក្ស និង​ប៊ីស្សព វិតនី ចាត់ចែង​ធុរកិច្ច​របស់​ពួកលោក​ជា​បន្ទាន់ ហើយ​ចាកចេញ​ពី​ដែនដី​ខឺតឡង់ ។ ពួកលោក​ត្រូវ​ធ្វើ​ដំណើរ​មុនពេល​ដែល​ព្រះអម្ចាស់​នឹង​បង្អុរ​ព្រិល​មក​ក្នុង​តំបន់​នោះ ។ ឬ​និយាយ​ម្យ៉ាង​ទៀត​ថា ពួកលោក​ត្រូវ​ធ្វើ​ដំណើរ​ក្នុង​រយៈពេល​ប្រហែល​បួនខែ ។

នៅពេល​អ្នក​អាន​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧:៤–៥ អ្នក​នឹង​ឃើញ​ថា បុរស​ទាំងនេះ​មាន​ការ​ព្រួយ​បារម្ភ​ហួសហេតុ​ពី​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុង ខឺតឡង់ ។

សូម​កត់​សម្គាល់​សំណួរ​ដូច​តទៅ​នេះ​នៅ​ក្នុង ខ ៤ ៖ « តើ​អ្វី​ទៅ​ជា​របស់​របរ​ដល់​យើង ? » សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧:៥-៨ ដោយ​រកមើល​ហេតុផល​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​ដូច្នេះ ។ ( វា​អាច​នឹង​ផ្ដល់​អត្ថប្រយោជន៍​ក្នុង​ការ​ដឹងថា​ឃ្លា « ច្រកភ្នំ​ទាំងឡាយ​នៅ​អូឡាហា​ស៊ីនេហា » សំដៅ​ទៅ​លើ​តំបន់​នៅ​ជុំវិញ អ័ដាម-អុនដៃ-អាម៉ាន ក្នុង​រដ្ឋ មិសសួរី ។

សូម​ស្រមៃ​ថា​អ្នក​មាន​ភេសជ្ជៈ​មួយ​ថូ​ដែល​អ្នក​ចូលចិត្ត​បំផុត និង​កែវទឹក​ទទេ​មួយ នៅ​ចំពីមុខ​អ្នក ។ ហើយ​សូម​ស្រមៃ​ថា នរណា​ម្នាក់​បាន​ចាក់​ភេសជ្ជៈ​នោះ​មួយ​ដំណក់​តូច​ទៅ​ក្នុង​កែវ​ទឹក​អ្នក ។ តើ​អ្នក​ចង់​បាន​មួយ​កែវពេញ ឬ​មួយ​ដំណក់ ? ហេតុអ្វី ?

តើ​អ្នក​គិត​ថា « លោភ​ចង់បាន … មួយ​ដំណក់ ហើយ​ចោល​សេចក្ដី​ដែល​មាន​ទម្ងន់​ជាង » មានន័យ​យ៉ាង​ណា ? ( គ. និង ស. ១១៧:៨ ) ។ ការ​លោភ​មាន​ន័យ​ថា ជា​ការ​ចង់បាន​របស់​អ្នក​ដទៃ ។ តើ​អត្ថប្រយោជន៍​នៃ ការ​រក្សា​ទ្រព្យសម្បត្តិ​ក្នុង​ទីក្រុង ខឺតឡង់ គ្រាន់តែ​មួយ « តំណក់ » ប្រៀបធៀប​ទៅនឹង​អត្ថប្រយោជន៍​នៃ​ការ​គោរពតាម​ព្រះបញ្ញត្តិ​នៃ​ការ​ប្រមូលផ្ដុំ​ក្នុង​រដ្ឋ មិសសួរី ។

  1. សូម​សង្ខេប​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​បុរស​ទាំង​នេះ អំពី​ដីធ្លី​ដែល​ពួកគេ​លោភ​ចង់បាន ប្រៀបធៀប​ទៅនឹង​ព្រះចេស្ដា​របស់​ទ្រង់ ដើម្បី​ប្រទាន​ពរ​ឲ្យ​ពួកគេ ។

ចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧:៥-៨យើង​អាច​រកឃើញ​គោលការណ៍​មួយ​អំពី​អ្វី​ដែល​កើតឡើង នៅពេល​យើង​លោភ​ចង់បាន​របស់​ខាង​លោកិយ ។ វិធី​មួយ​ដើម្បី​បង្ហាញ​គោលការណ៍​នេះ​គឺ លោភ​ចង់បាន​របស់​ខាង​លោកិយ អាច​ធ្វើ​ឲ្យ​យើង​មិន​យក​ចិត្ត​ទុកដាក់​នឹង​អ្វី​ដែល​សំខាន់​ជាង​នោះ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្វីខ្លះ​ដែល​ជា « ដំណក់ » ខាង​សាច់ឈាម​ក្នុង​ជីវិត​អ្នក ដែល​ធ្វើ​ឲ្យ​អ្នក​មិន​យកចិត្ត​ទុកដាក់​នឹង​បញ្ហា​ដំណឹងល្អ​ដែល​ជា​ការណ៍​សំខាន់​ជាង​នោះ ?

    2. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ផ្ដោត​លើ​អ្វី​ដែល​មាន​សារៈសំខាន់​យ៉ាង​អស់កល្ប​ឲ្យ​កាន់​តែ​ច្រើន ?

នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៧:១០យើង​អាន​ថា​ព្រះអម្ចាស់​បាន​ហៅ វិលលាម ម៉ាក្ស ឲ្យ​បន្ត​បម្រើ​ជា​អ្នក​ដឹកនាំ​សាសនាចក្រ ពេល​គាត់​មកដល់ ក្រុង​ហ្វាវែស្ទ រដ្ឋ មិសសួរី ។ ព្រះអម្ចាស់​ក៏​បាន​មាន​ព្រះបន្ទូល​ថា បើ​ប្រធាន ម៉ាក្ស « មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច » នោះ​គាត់​នឹង « ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត » ( សូមមើល ម៉ាថាយ ២៥:២៣ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧:១១ ដោយ​រកមើល​ការ​ស្ដីបន្ទោស​ដែល​ព្រះអម្ចាស់​ស្ដីឲ្យ នូវល ខេ វិតនី ។ ពួក​នីកូឡាស ដែល​បាន​លើកឡើង​នៅ​ក្នុង​ខគម្ពីរ​នេះ គឺ​ជា​សមាជិក​នៃ​និកាយ​សាសនា​ពីបុរាណ​មួយ ។ ពួកគេ​បាន​និយាយ​ថា ពួកគេ​គឺ​ជា​ពួកគ្រីស្ទាន ប៉ុន្តែ​ពួកគេ​បាន​វង្វេង​ចេញ​ពី​គោលការណ៍​ទាំង​ឡាយ​នៃ​ដំណឹងល្អ ទៅ​ប្រព្រឹត្តិ​តាម​លោកិយ​វិញ ។ ឧទាហរណ៍ ការ​ថ្វាយ​បង្គំ​របស់​ពួក​រួមមាន​ការ​ប្រព្រឹត្ត​អំពើបាប​ខាង​ផ្លូវភេទ ។ ( សូមមើល Bible Dictionary លើពាក្យ Nicolaitans »; Doctrine and Covenants Student Manual,ការបោះពុម្ព​លើក​ទី ២ [ Church Educational System manual, ឆ្នាំ ២០០១ ], ២៩០) ។

បើ នូវល ខេ វិតនី បាន​សម្រេច​ថា​ផ្ដោត​លើ​ទ្រព្យសម្បត្តិ​នៅ​រដ្ឋ ខឺតឡង់ ជាជាង​ការ​ប្រមូលផ្ដុំ​ជាមួយ​ពួកបរិសុទ្ធ​នោះ តើ​ទង្វើ​របស់​គាត់​ស្រដៀង​គ្នា​ទៅ​នឹង​ពួក​នីកូឡាស​យ៉ាង​ដូច​ម្ដេច​ដែរ ?

ដោយសារ​តែ​ការ​ព្រួយ​បារម្ភ​របស់​ពួកគេ ពី​ទ្រព្យសម្បត្តិ​សាសនាចក្រ​នៅ​រដ្ឋ អូហៃអូ ហើយ​ដោយសារ​ការ​បៀតបៀន​នៅ​រដ្ឋ មិសសួរី នោះ វិលលាម ម៉ាក្ស និង នូវល ខេ វិតនី មិន​អាច​ប្រមូល​ផ្ដុំ​ជាមួយ​ពួកបរិសុទ្ធ​នៅ​ក្រុង​ហ្វាវែស្ទ​បាន​ទេ ។ ទោះ​យ៉ាង​ណា ពួកគេ​បានធ្វើតាម​ដំបូន្មាន​របស់​ព្រះអម្ចាស់ និង​នៅ​តែ​ស្មោះត្រង់ ហើយ​ក្រោយមក​បាន​ប្រមូលផ្ដុំ​ជាមួយ​ពួកបរិសុទ្ធ​នៅ​ទីក្រុង ណៅវូ រដ្ឋ អិលលីណោយ ជា​កន្លែង​ដែល វិលលាម ម៉ាក្ស បាន​បម្រើ​ជា​ប្រធាន​ស្តេក ហើយ នូវល ខេ វិតនី បាន​បម្រើ​ជា​ប៊ីស្សព ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧:១២-១៦

ព្រះអម្ចាស់​បញ្ជា​ឲ្យ អូលីវើរ គ្រែងគើរ ធ្វើ​ជា​តំណាង​ឲ្យ​គណៈប្រធាន​ទីមួយ​ក្នុង​ការ​ចាត់ចែង​អាជីវកម្ម​នៅ​រដ្ឋ ខឺតឡង់

សូម​គិត​អំពី​ការ​ហៅ​បម្រើ​ក្នុង​សាសនាចក្រ និង​ការ​ចាត់តាំង​ដែល​អ្នក​អាច​ទទួល​បាន ។ ការ​ហៅបម្រើ និង​ការ​ចាត់តាំង​ទាំង​នេះ អាច​រួម​បញ្ចូល​ការ​បម្រើ​ក្នុង​កូរ៉ុម ឬ​គណៈប្រធាន​ថ្នាក់ ការ​ឡើង​និយាយ​នៅ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់ ការ​បម្រើ​ជា​គ្រូបង្រៀន​តាម​ផ្ទះ ការ​ធ្វើមិត្ត​ជាមួយ​នរណា​ម្នាក់ ឬ​ការ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ តើ​ការ​បម្រើ​ទាំង​នេះ តម្រូវ​ឲ្យ​មាន​ការ​លះបង់​ប្រភេទ​ណា ?

រូបភាព
ការដើរ​បង្រៀន​របស់​គ្រូ​បង្រៀន​តាម​ផ្ទះ

យុវជន​ដែល​កាន់​បព្វជិតភាព​អើរ៉ុន អាច​បម្រើ​ជា​គ្រូបង្រៀន​តាម​ផ្ទះ ។

ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា អូលីវើរ គ្រែងគើ ឲ្យ​ចាកចេញ​ពី​ក្រុង​ហ្វាវែស្ទ រដ្ឋ មិសសួរី ហើយ​ត្រឡប់​ទៅ​ទីក្រុង​ខឺតឡង់ រដ្ឋ អូហៃអូ ដើម្បី « សម្រេច​ក្ដី​ប្រោសលោះ នៃ​គណៈប្រធាន​ទីមួយ​ក្នុង​សាសនាចក្រ​របស់​យើង » ( គ. និង ស. ១១៧:១៣ ) ។ ការ​ចាត់តាំង​នេះ​រួម​មាន ការ​លក់​ដី​របស់​សាសនាចក្រ និង​ការ​ចាត់ចែង​ធុរៈ​របស់ យ៉ូសែប ស៊្មីធ ។ កិច្ចការ​នេះ​តម្រូវ​ឲ្យ អូលីវើរ ដែល​ស្ទើរតែ​ពិការ​ភ្នែក​នោះ ធ្វើការ​លះបង់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧:១២-១៥ ដោយ​រកមើល​ពរជ័យ​ដែលព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា អូលីវើរ នឹង​ទទួល​បាន បើ​គាត់​បំពេញ​តាម​ការ​ចាត់តាំង​នេះ ។

នៅ​ក្នុង ខ ១៣សូម​កត់សម្គាល់​ព្រះបន្ទូល​ព្រះអម្ចាស់​ថា « ការ​បូជា​របស់​គាត់ នឹង​បាន​រាប់​ថា​ពិសិដ្ឋ​ដល់​យើង ជាង​ការ​តម្លើង​របស់​គាត់​ទៅ​ទៀត » ។ ការណ៍​នេះ​បញ្ជាក់​ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​យកចិត្ត​ទុកដាក់​លើ​ការ​លះបង់​របស់ អូលីវើរ ជាជាង​ប្រាក់កាស​ដែល អូលីវើរ នឹង​ទទួលបាន​ពី​ការ​ចាត់តាំង​នេះ​ទៅទៀត ។ ចេញពី​ខគម្ពីរ​នេះ យើង​បាន​រៀន​ពី​គោលការណ៍​ដូច​តទៅ ៖ ការ​លះបង់​ដែល​យើង​ធ្វើ​ក្នុង​ការ​បម្រើ​ព្រះអម្ចាស់ គឺ​ពិសិដ្ឋ​ដល់​ទ្រង់ ។ សូម​គូសចំណាំ​ពាក្យ​នៅ​ក្នុង ខ ១៣ ដែល​បង្រៀន​ពី​គោលការណ៍​នេះ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់ ក្នុង​ការធ្វើ​អ្វីៗ​គ្រប់​យ៉ាង​អស់​ពី​លទ្ធភាព​អ្នក ដើម្បី​បំពេញ​ការចាត់តាំង ឬ​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ ?

    2. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​អ្នក​គិត​ថា​ការ​លះបង់​ដែល​អ្នក​បាន​ធ្វើ ក្នុង​ការ​បម្រើ​ព្រះអម្ចាស់ ពិសិដ្ឋ​ដល់​ទ្រង់​នោះ ?

អូលីវើរ គ្រែងគើ បាន​ទទួល​មរណភាព​នៅ​ទីក្រុង ខឺត​ឡង់ នៅ​ថ្ងៃ​ទី ២៥ ខែ សីហា ឆ្នាំ ១៨៤១ ។ នៅពេល​នោះ គាត់​នៅ​តែ​ជាតំណាង​គណៈប្រធាន​ទីមួយ​នៅ​ក្នុង​ធុរៈ​របស់​ពួកលោក ហើយ​គាត់​ក៏​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ​នៅ​ទីក្រុង ខឺតឡង់ ។ ទោះ​ជា​គាត់​មិន​ជោគជ័យ​ទាំង​ស្រុង​ក្នុង​ការ​ចាត់ចែង​ធុរៈ​របស់​សាសនាចក្រ​ក្ដី ក៏​គាត់​បាន​ធ្វើការ​ដើម្បី​ការពារ​ភាព​ថ្លៃថ្នូរ និង​ឈ្មោះ​ល្អ​របស់​សាសនាចក្រ ។ គាត់​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ និង​ចំពោះ​ព្យាការី យ៉ូសែប ស៊្មីធ ។

នៅ​ក្នុង​លិខិត​ផ្ដាំផ្ញើ យ៉ូសែប ស៊្មីធ និង​សមាជិក​នៃ​គណៈប្រធាន​ទីមួយ​ផ្សេង​ទៀត បាន​រៀបរាប់​ពី អូលីវើរ គ្រែងគើ ថា « ជា​បុរស​សុចរិត មាន​គុណធម៌ និង​មាន​សីលធម៌​ខ្ពស់​បំផុត ហើយ … ជា​បុរស​នៃ​ព្រះ » ( នៅក្នុង History of the Church, ៣:៣៥០ ) ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« តើ អូលីវើរ គ្រែងគើ បាន​ធ្វើ​អ្វី បាន​ជា​ឈ្មោះ​គាត់​គួរ​ត្រូវ​បាន​រំឭក​យ៉ាង​ពិសិដ្ឋ ? គាត់​មិន​បាន​ធ្វើ​អ្វី​ច្រើន​ទេ ។ វា​មិន​មែន​ជា​អ្វី​ដែល​គាត់​បាន​ធ្វើ​នោះទេ ប៉ុន្តែ​គឺ​ខ្លួន​គាត់​ផ្ទាល់​ទេតើ ។…

« ព្រះអម្ចាស់​មិន​បាន​រំពឹង​ឲ្យ អូលីវើ មាន​ភាព​ឥតខ្ចោះ​នោះទេ ប្រហែល​ជាមិន​រំពឹង​ឲ្យ​គាត់​ជោគជ័យ​ផង​ដែរ ។…

« យើង​មិន​អាច​រំពឹង​ដើម្បី​មាន​ជោគជ័យ​ជានិច្ច​នោះ​ទេ ប៉ុន្តែ​យើង​គួរតែ​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​ដែល​យើង​អាច​ធ្វើ​បាន » (The Least of These » EnsignLiahona,ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៨៦ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១៨

ព្រះអម្ចាស់​បាន​តែងតាំង​សាវក​ថ្មី ហើយ​ហៅ​សាវក​ទាំង​អស់​ឲ្យ​បម្រើ​បេសកកម្ម

នៅ​ថ្ងៃ​ទី ៨ ខែ កក្កដា ឆ្នាំ ១៨៣៨ ព្រះអម្ចាស់​បាន​ហៅ​សាវក​ថ្មី​ឲ្យ​ជំនួស​អ្នក​ដែល​បាន​ក្បត់សាសនា ។ ព្រះអម្ចាស់​បាន​ហៅ​សាវក​ដប់ពីរ​នាក់​ឲ្យ​ប្រកាស​ដំណឹងល្អ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៨:៤-៥ ដោយ​រកមើល​កន្លែង​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​សាវក​ដប់ពីរ​នាក់​ទៅ​ប្រកាស​ដំណឹងល្អ ។ ឃ្លា « លើ​ទឹក​ដ៏​ធំធេង » សំដៅលើ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​មហាសមុទ្រ​អាត្លង់ទិច ទៅ​កាន់​ចក្រភព​អង់គ្លេស ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៨:៥សូម​កត់សម្គាល់​កន្លែង​ដែល​ពួកគេ​ត្រូវ​ប្រមូលផ្ដុំ មុនពេល​ចេញ​ទៅ​បម្រើ​បេសកកម្ម ។ សូម​កត់សម្គាល់​ពី​ថ្ងៃ​ដែល​ព្រះអម្ចាស់ បាន​មាន​បន្ទូល​ថា​ពួកគេ​ត្រូវ​ប្រមូលផ្ដុំ​នៅ​កន្លែង​នោះ ។

ជា​ច្រើន​ខែ​ក្រោយ​ពី​វិវរណៈ​នេះ ការ​បៀតបៀន​បាន​កើនឡើង​នៅ​រដ្ឋ មិសសួរី ។ នៅ​ទីបំផុត ពួកបរិសុទ្ធ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​រដ្ឋ​នោះ ។ ស្ថានការណ៍​នេះ​បាន​បង្ក​គ្រោះថ្នាក់​ដល់​ពួកបរិសុទ្ធ ក្នុងការ​បំពេញ​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដើម្បី​ទៅ​ជួបជុំ​គ្នា​នៅ​ក្រុង​ហ្វាវែស្ទ ។ ប្រជាជន​រដ្ឋ មិសសួរី បាន​អួតអាង​យ៉ាង​បើក​ចំហរ​ថា ពួកគេ​នឹង​ទប់ស្កាត់​មិន​ឲ្យ​វិវរណៈ​របស់​ព្រះអម្ចាស់​បាន​សម្រេច ។ ប៉ុន្តែ ពួក​ដប់ពីរ​នាក់​បាន​ប្ដេជ្ញា​ថា​ត្រូវ​ធ្វើតាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។

នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ខែ មេសា ឆ្នាំ ១៨៣៩ សមាជិក​នៃ​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីធ្លា​ព្រះវិហារ​បរិសុទ្ធ ។ ( សមាជិក​កូរ៉ុម​ស្មោះត្រង់​ទាំង​អស់​មិន​អាច​មក​ជួបជុំ​នៅទីនោះ​បាន​ទេ ។ អ្នក​ខ្លះ​ត្រូវ​បាន​ចាប់​ដាក់​គុក ) ។ ពួកគេ​ចាប់ផ្ដើម​សង់​គ្រឹះ​នៃ​ព្រះវិហារ​បរិសុទ្ធ ( សូមមើល គ. និង ស. ១១៥:១១ ) ដោយ​ដាក់​ថ្ម​ដ៏​ធំ​មួយ​ដុំ​នៅជិត​ជ្រុង​ភាគ​អាគ្នេយ៍​នៃ​ដី​សម្រាប់​សង់ ។ ពួកគេ​បាន​តែងតាំង​ពួកសាវក ដើម្បី​ជំនួស​កន្លែង​ទំនេរ​របស់​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ។ ហើយ​ពួកគេ​បាន​ចាកចេញ ដោយ​មិន​ឲ្យ​ដឹង​ដល់​ពួក​សត្រូវ​របស់​ពួកគេ ។ ( សម្រាប់​ដំណើរ​រឿង​ពេញលេញ​បន្ថែម​ទៀត​អំពី​បទពិសោធន៍​នេះ សូមមើល Teachings of Presidents of the Church: Wilford Woodruff[ឆ្នាំ ២០០៤ ], ទំព័រ ១៣៩–៤១) ។

រូបភាព
ថ្មសីមា​នៃ​ព្រះវិហារ​បរិសុទ្ធ

ថ្មីសីមា​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្រុង​ហ្វាវែស្ទ រដ្ឋ​មីសសូរី ត្រូវ​បាន​បញ្ចុះ​នៅ​ខែ កក្កដា ឆ្នាំ ១៨៣៨ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១១៩-២០

ព្រះអម្ចាស់​បាន​បើក​សម្ដែង​ពី​ក្រឹត្យវិន័យ នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

រូបភាព
ប្រាំបួន​កាក់ មួយ​កាក់

គោលលទ្ធិ និង សេចក្តីសញ្ញា ១១៩ និង ១២០ មាន​វិវរណៈ​ពីរ​ស្ដីពី​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ ក្នុង​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២០ព្រះអម្ចាស់​បាន​ត្រាស់​បញ្ជា​ថា ក្រុមប្រឹក្សា​មួយ​នឹង​ត្រូវ​រៀបចំ​ឡើង ដើម្បី​ដឹកនាំ​ការ​ប្រើប្រាស់​នៃ​មូលនិធិ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​សាសនាចក្រ ។ សព្វ​ថ្ងៃ​នេះ វួដ ឬ​សាខា​នីមួយៗ​បញ្ជូន​មូលនិធិ​ដង្វាយ​មួយ​ភាគដប់​របស់​សមាជិក​ទៅ​កាន់​ទីស្នាក់ការ​កណ្ដាល​របស់​សាសនាចក្រ ដែល​ហៅ​ថា​ក្រុមប្រឹក្សា​រៀបចំ​ដង្វាយ​មួយភាគ​ក្នុង​ដប់ ។ អ្នក​ដឹកនាំ​ក្នុង​តំបន់ មិន​សម្រេច​ថា​មូលនិធិ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវ​បាន​ប្រើ​ដោយ​របៀប​ណា​នោះ​ទេ ។

សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩:១-៤ ។ វា​អាច​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ដឹងថា នៅក្នុង ខ ៤ពាក្យ ធនធាន មានន័យ​ថា ចំណូល ។

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​ពន្យល់ ៖ « ក្រឹត្យ​វិន័យ​នោះ​បាន​ចែងថា ‹ មួយ​ភាគដប់​នៃ​ធនធាន​របស់​គេ​ទាំងអស់ › ។ ធនធាន​មាន​ន័យ​ថា ប្រាក់​ចំណេញ ប្រាក់សំណង ប្រាក់​តម្លើង ។ វា​គឺ​ជា​ប្រាក់ខែ​របស់​និយោជិត​មួយ​រូប ជាប្រាក់​ចំណេញ​ពី​ការធ្វើ​អាជីវកម្ម ជា​ប្រាក់​កំណើន​របស់​បុគ្គល​ម្នាក់​ដែល​រីកចម្រើន ឬ រកបាន ឬ ជា​ប្រាក់​ចំណូល​របស់​មនុស្ស​ម្នាក់​ទោះមក​ពី​ប្រភព​ណា​ក៏​ដោយ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា វា​ជា​ក្រឹត្យ​វិន័យ​ដែល​នៅ ‹ អចិន្ត្រៃយ › ដូច​ដែល​វា​មាន​ពី​បុរាណ​កាល​ផងដែរ » ( នៅក្នុង Conference Report, ខែ មេសា ឆ្នាំ ១៩៦៤, ទំព័រ ៣៥ ) ។

នៅពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ដូចខាង​ក្រោម ដោយ​ប្រធាន​នៃ​សាសនាចក្រ សូម​រកមើល​ពរជ័យ​ដែល​អ្នក​អាច​ទទួល​បាន​ពេល​អ្នក​បង់ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ៖

រូបភាព
ប្រធាន ហារ៉ូល ប៊ី លី

ប្រធាន ហារ៉ូល ប៊ី លី បានប្រៀបធៀប​ការសន្យា​របស់​ព្រះ​ទៅនឹង​ការ « បើក … ទ្វារ​ស្ថានសួគ៌ » ដើម្បី​ប្រទានពរ​ដល់​អ្នក​បង់ដង្វាយ ( សូមមើល ម៉ឡាគី ៣:៨–១១)ការ​បើក​ទ្វារ​ស្ថានសួគ៌ មាន​ន័យថា​ជា​វិវរណៈ​មក​ពី​ព្រះ​ដល់​អ្នក​ដែល​ពេញចិត្ត​នឹង​ធ្វើ​ការ​លះបង់ » ( « The Way to Eternal Life » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៧១ ទំព័រ ១៦ ) ។

រូបភាព
ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត

ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត បាន​មាន​ប្រសាសន៍​ពី​ពរជ័យ​ខាង​វិញ្ញាណ​ដែល​កើត​មាន​ដល់​យើង នៅពេល​យើង​បង់ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ៖ « ភាព​ចម្រុង​ចម្រើន​កើត​មាន​ដល់​អ្នក​ដែល​គោរពតាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ « នៅពេល​ខ្ញុំ​និយាយ​អំពី​ភាព​ចម្រុងចម្រើន ខ្ញុំ​មិន​បាន​គិត​អំពី​វា​ថា​ទាក់ទង​នឹង​ប្រាក់កាស​តែ​ម្យ៉ាង​នោះ​ទេ ។… ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ​រាប់​ថា​ជា​ចម្រុងចម្រើន​ពិតប្រាកដ ជា​រឿង​មួយ​ក្នុង​ចំណោម​អ្វីៗ​ផ្សេង​ទៀត​ទាំងអស់​ដែល​មាន​តម្លៃ​ខ្លាំង​ចំពោះ​ការរស់នៅ​របស់​បុរស និង ស្រ្ដី​គ្រប់គ្នា វា​គឺជា​ការធំធាត់​ខាង​ចំណេះដឹង​អំពី​ព្រះ និង ក្នុង​ទីបន្ទាល់ និង អំណាច​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ និង ដើម្បី​បំផុស​គំនិត​របស់​គ្រួសារ​យើង​ឲ្យ​ធ្វើ​អ្វី​ដូចគ្នា ។ នោះ​គឺជា​ប្រភេទ​នៃ​ការចម្រុងចម្រើន​យ៉ាង​ពិតប្រាកដ​មួយ » ( Teachings of Presidents of the Church: Heber J. Grant [ ឆ្នាំ ២០០២ ] ទំព័រ ១២៤) ។

ប្រធាន ក្រាន្ត ក៏​បាន​បង្រៀន​ផង​ដែរ​ពី​វិធី​ម្យ៉ាង​ដែល​យើង​អាច​បាន​ពរ​ផ្នែក​ហិរញ្ញវត្ថុ នៅពេល​យើង​បង់ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ៖ « បើ​យើង​បរិច្ចាគ​អ្វី​ដែល​យើង​មាន បើ​យើង​បង់ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ មិន​ថា​វា​តិចតួច​ប៉ុណ្ណា​នោះ​ទេ … ព្រះ​ដែល​ជា​ព្រះវរបិតាសួគ៌​របស់​យើង នឹង​ពង្រីក​ប្រាំបួន​ដុល្លារ​ដែល​នៅ​សល់ ឬ​កាក់​សែសិប​ប្រាំបួន​សេន​ដែល​នៅ​សល់​ពី​ហាសិប​សេន ហើយ​អ្នក​នឹង​មាន​ប្រាជ្ញា​គ្រប់គ្រាន់ ក្នុង​ការ​ប្រើ​វា​ឲ្យ​មាន​ប្រយោជន៍ ដូច្នេះ​អ្នក​នឹង​មិន​បាត់បង់​អ្វី​សោះ​ឡើង​ក្នុង​ការ​ស្មោះត្រង់ ( Teachings: Heber J. Grant, ទំព័រ ១២៤–២៥) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​បាន​ទទួល​ពរជ័យ​អ្វីខ្លះ មកពី​ការ​គោរព​តាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ?

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧-២០ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖