ជំពូក ៦៣
ប៉ុលបញ្ចប់បេសកកម្មរបស់គាត់
ពួកទាហានរ៉ូមបានចាប់ខ្លួនប៉ុល ។ ពួកគេបានទុកពេលឲ្យគាត់ថ្លែងទៅកាន់ប្រជាជនយូដា ។ ប៉ុលបានថ្លែងទីបន្ទាល់ទៅកាន់ប្រជាជនថា គាត់បានឃើញពន្លឺមួយមកពីស្ថានសួគ៌ ហើយគាត់បានឮព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះ ។ គាត់បានពោលថា ព្រះយេស៊ូវមានបន្ទូលប្រាប់គាត់ឲ្យប្រកាសដំណឹងល្អ ។
ប្រជាជនពុំបានជឿលើប៉ុលទេ ។ ពួកគេមានបំណងប្រហារគាត់ចោល ។ ពួកទាហានបានឃុំខ្លួនប៉ុលអស់មួយយប់ ។
ព្រះអង្គសង្គ្រោះបានយាងមកជួបប៉ុលក្នុងគុក ហើយមានបន្ទូលប្រាប់គាត់កុំឲ្យខ្លាច ។ ទ្រង់បានមានបន្ទូលថា ប៉ុលនឹងត្រូវទៅទីក្រុងរ៉ូម ហើយបង្រៀនដំណឹងល្អនៅទីនោះ ។
ដើម្បីការពារប៉ុល ពួករ៉ូមបានបញ្ជូនគាត់ទៅទីក្រុងមួយទៀត ។ ស្ដេចអ័គ្រីប៉ាបានគង់នៅទីនោះ ។ ប៉ុលបានទូលស្ដេចអ័គ្រីប៉ាថា គាត់ធ្លាប់ជាពួកផារិស៊ីម្នាក់ ហើយបានស្អប់មនុស្សដែលជឿលើព្រះយេស៊ូវ ។ គាត់ថែមទាំងបានចាប់ពួកគេដាក់គុកទៀតផង ។ លុះក្រោយមក គាត់បានឃើញពន្លឺមួយមកពីស្ថានសួគ៌ ហើយគាត់បានឮព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះ ។ ឥឡូវនេះ គាត់ជឿលើព្រះយេស៊ូវ ។
ប៉ុលថ្លែងទីបន្ទាល់ទៅកាន់ស្ដេចអ័គ្រីប៉ាថា ដំណឹងល្អគឺជាសេចក្ដីពិត ។ គាត់បានទូលថា ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ ។ នៅក្នុងការនិមិត្តមួយ ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលប្រាប់ឲ្យប៉ុលបង្រៀនដំណឹងល្អរបស់ទ្រង់ ។ ដោយសារតែប៉ុលបានគោរពប្រតិបត្តិ នោះមនុស្សជាច្រើនបានស្អប់ប៉ុល ។
ស្ដេចអ័គ្រីប៉ាបានមានបន្ទូលថា ប៉ុលស្ទើរតែបានធ្វើឲ្យទ្រង់ជឿលើព្រះយេស៊ូវទៅហើយ ។ ស្ដេចពុំមានព្រះតម្រិះថា ប៉ុលគួរតែស្លាប់នោះទេ ។ ដូច្នេះ ទ្រង់បានបញ្ជូនប៉ុលទៅទីក្រុងរ៉ូម ជាកន្លែងដែលប៉ុលត្រូវគេដាក់ទោស ។
ប៉ុលបានជាប់ឃុំឃាំងនៅទីក្រុងរ៉ូមអស់រយៈពេលពីរឆ្នាំ ។ មានមនុស្សជាច្រើនបានទៅមើលគាត់ ។ គាត់បានបង្រៀនពួកគេអំពីដំណឹងល្អ ។ ប៉ុលបានសរសេរលិខិតជាច្រើនទៅកាន់ពួកបរិសុទ្ធនៅដែនដីផ្សេងៗទៀត ។ លិខិតមួយចំនួនត្រូវបានហៅថា សំបុត្រ ដែលមាននៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។
ប៉ុលបានដឹងថា គាត់នឹងត្រូវគេសម្លាប់ ។ គាត់ពុំមានការភ័យខ្លាចឡើយ ។ គាត់បានគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះ ។ គាត់បានបង្រៀនដំណឹងល្អ ។ គាត់បានបញ្ចប់បេសកកម្មរបស់គាត់ ។ គាត់បានដឹងថា ព្រះវរបិតាសួគ៌ស្រឡាញ់គាត់ ។ គាត់ក៏បានដឹងថា បន្ទាប់ពីគាត់ស្លាប់ទៅ គាត់បានរស់នៅជាមួយព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។