ជំពូក ៤៤
ព្រះអង្គសង្គ្រោះយាងទៅក្រុងយេរ៉ូសាឡិម
ពួកផារិស៊ីបានគ្រោងផែនការធ្វើគុតព្រះយេស៊ូវ ។ ពួកគេបានចាំដល់ទ្រង់យាងមកក្រុងយេរ៉ូសាឡិម ដើម្បីប្រារព្ធបុណ្យរំលង ។
ព្រះយេស៊ូវបានយាងទៅក្រុងយេរ៉ូសាឡិម ។ មនុស្សជាច្រើនបានឮថាទ្រង់យាងមក ហើយក៏បានទៅជួបទ្រង់ ។ ព្រះយេស៊ូវបានគង់លើខ្នងលាយាងចូលទីក្រុង ។ ព្យាការីមួយរូបបានកត់ត្រាថា ព្រះរាជបុត្រានៃព្រះនឹងធ្វើដូចនេះ ។ មានមនុស្សជាច្រើនបានជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រារបស់ព្រះ ។ ពួកគេបានក្រាលមែកឈើ ព្រមទាំងសំលៀកបំពាក់របស់ពួកគេនៅលើដីដើម្បីឲ្យទ្រង់យាងពីលើ ។ ពួកគេបានស្រែកហូសានណា ហើយបានពោលថា ព្រះយេស៊ូវគឺជាស្ដេចរបស់ពួកគេ ។
ប្រជាជននៅក្រុងយេរ៉ូសាឡិមបានមកឃើញហេតុការណ៍ដែលបានកើតឡើង ។ ពួកគេបានសួរថាតើព្រះយេស៊ូវជានរណា ។ ហ្វូងមនុស្សប្រាប់ពួកគេថា ទ្រង់គឺជាព្យាការីមកពីណាសារ៉ែត ។
ពួកផារិស៊ីមានចិត្តខឹង ។ ពួកគេមិនចង់ឲ្យប្រជាជនជឿថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះនោះទេ ។ ព្រះយេស៊ូវបានជ្រាបថា ពួកផារិស៊ីចង់ធ្វើគុតទ្រង់ ។
ព្រះយេស៊ូវមានបន្ទូលប្រាប់ពួកសិស្សទ្រង់ថា ទ្រង់នឹងសុគតក្នុងពេលឆាប់ៗនេះ ។ ទ្រង់នឹងរងទុក្ខជំនួសអំពើបាបនៃមនុស្សទាំងពួង រួចសុគតនៅលើឈើឆ្កាង ។ ទ្រង់គឺជាព្រះអង្គសង្គ្រោះនៃពិភពលោក ។ នេះជាមូលហេតុដែលទ្រង់បានយាងមកប្រសូតលើផែនដី ។