ជំពូក ១៥
ស្ត្រីម្នាក់នៅឯអណ្ដូងទឹក
ព្រះយេស៊ូវបានចេញពីក្រុងយេរ៉ូសាឡិមទៅកាន់ស្រុកកាលីឡេ ។ ទ្រង់បានធ្វើដំណើរឆ្លងកាត់ស្រុកសាម៉ារី ហើយបានទៅដល់អណ្ដូងទឹកមួយ ។
យ៉ូហាន ៤:៣-៦
ទ្រង់បានអស់កម្លាំង ហើយបានគង់សម្រាកនៅឯអណ្ដូងទឹក ។ ស្ត្រីសាសន៍សាម៉ារីម្នាក់បានមកដងទឹក ។ ព្រះយេស៊ូវបានសុំទឹកពីនាងសោយ ។
យ៉ូហាន ៤:៦-៧
ជាធម្មតា ដោយសារតែពួកសាសន៍យូដាពុំនិយាយជាមួយពួកសាសន៍សាម៉ារី ទើបស្ត្រីរូបនោះភ្ញាក់ផ្អើល ។
យ៉ូហាន ៤:៩
ព្រះយេស៊ូវបានមានបន្ទូលប្រាប់ស្ត្រីរូបនោះថា ទ្រង់អាចប្រទានទឹកដែលធ្វើឲ្យនាងផឹកហើយមិនស្រេកទៀតឡើយ ។ ទ្រង់បានមានបន្ទូលពន្យល់ថា ទ្រង់គឺជាព្រះអង្គសង្គ្រោះ ។ ទឹកដែលទ្រង់អាចប្រទានដល់នាងគឺជា « ទឹករស់ » នៃជីវិតដ៏នៅអស់កល្បជានិច្ច ។
យ៉ូហាន ៤:១០, ១៣–១៥, ២៥–២៦
ស្ត្រីរូបនោះបានទៅឯទីក្រុង ហើយបានប្រាប់មនុស្សជាច្រើនអំពីព្រះយេស៊ូវ ។ ពួកគេក៏បានទៅឯអណ្ដូងទឹក ហើយបានស្ដាប់ព្រះយេស៊ូវដោយខ្លួនពួកគេផ្ទាល់ ។ ពួកគេជាច្រើននាក់បានជឿលើព្រះបន្ទូលរបស់ទ្រង់ ។
យ៉ូហាន ៤:២៨–៣០, ៣៩–៤២