ជំពូក ៦១
ប៉ុល និង ស៊ីឡាស ជាប់ក្នុងគុក
ក្មេងស្រីម្នាក់មានអារក្សចូល ។ មនុស្សជាច្រើនចូលចិត្តស្ដាប់វិញ្ញាណអារក្សទាយដោយប្រើរូបរបស់នាង ។ ពួកគេបង់ប្រាក់ដល់ចៅហ្វាយដែលនាងធ្វើការឲ្យ ដើម្បីបានស្ដាប់នាងទាយ ។
រាល់ពេលដែលប៉ុល និង ស៊ីឡាស បានដើរកាត់នោះ ក្មេងស្រីនោះបានដើរតាមពួកគាត់ ។ នៅពេលនាងដើរតាមពួកគាត់ វិញ្ញាណអារក្សបានស្រែកឡើង ។ ថ្ងៃមួយ ប៉ុលបានបញ្ជាឲ្យវិញ្ញាណអារក្សចេញពីនាង ។ វាបានចេញមែន ។ ចៅហ្វាយដែលនាងបានធ្វើការឲ្យនោះក៏បានខឹង ។ ឥឡូវនេះ ពួកគេពុំអាចរកប្រាក់បានទៀតឡើយ ។
ចៅហ្វាយនោះបានចាប់ខ្លួនប៉ុល និង ស៊ីឡាសទៅជួបមេនគរបាល ។ ពួកគេបានចោតថា ប៉ុល និង ស៊ីឡាស បានបង្កឲ្យកើតវឹកវរយ៉ាងខ្លាំង ។
មេនគរបាលបានឲ្យគេវាយប៉ុល និង ស៊ីឡាស ហើយឃុំឃាំងពួកគេ ។
នាយប់នោះ ប៉ុល និង ស៊ីឡាស បានអធិស្ឋាន ហើយច្រៀងទំនុកតម្កើងថ្វាយព្រះវរបិតាសួគ៌ ។ មនុស្សគ្រប់គ្នាក្នុងគុកបានឮពួកគាត់ច្រៀង ។ ភ្លាមនោះ ផែនដីចាប់ផ្ដើមរញ្ជួយ ។ ទ្វារគុកបានរបើកឡើង ។
អ្នកយាមគុកបានភ្ញាក់ឡើង ហើយបានឃើញទ្វារគុកចំហ ។ គាត់បានគិតថា អ្នកទោសបានលួចរត់ ។ ប៉ុលបានប្រាប់អ្នកយាមគុកកុំឲ្យបារម្ភ ។ អ្នកទោសនៅឯណេះទាំងអស់គ្នាទេ ។ អ្នកយាមគុកបានលុតជង្គង់ទៀបនឹងជើងប៉ុល និង ស៊ីឡាស ហើយបានសួរថាតើគាត់អាចបានសង្គ្រោះតាមរបៀបណា ។
ប៉ុល និង ស៊ីឡាសបានបង្រៀនអ្នកយាមគុក និង ក្រុមគ្រួសាររបស់គាត់អំពីដំណឹងល្អ ។ នាយប់នោះ អ្នកយាមគុក និង ក្រុមគ្រួសាររបស់គាត់បានទទួលពិធីបុណ្យជ្រមុជទឹក ។
លុះស្អែកឡើង មេនគរបាលបានដោះលែងប៉ុល និង ស៊ីឡាស ។ ប៉ុល និង ស៊ីឡាសបានទៅទីក្រុងមួយទៀតដើម្បីធ្វើកិច្ចការផ្សព្វផ្សាយសាសនាបន្ថែមទៀត ។