ជំពូក ២៩
ព្រះយេស៊ូវយាងនៅលើទឹក
បន្ទាប់ពីបានប្រទានអាហារដល់មនុស្ស ៥០០០ នាក់ហើយ ព្រះយេស៊ូវបានយាងឡើងលើភ្នំដើម្បីអធិស្ឋាន ។ ពួកសិស្សទ្រង់បានជិះទូកឆ្លងកាត់សមុទ្រកាលីឡេ ។ កាលវេលាយប់បានមកដល់ ខ្យល់បានចាប់ផ្ដើមបក់ ហើយរលកចាប់ផ្ដើមកម្រើក ។
ម៉ាថាយ ១៤:២២-២៤
កាលទៀបភ្លឺ ព្រះយេស៊ូវបានយាងទៅឯពួកសិស្សទ្រង់ ។ ទ្រង់បានយាងនៅលើទឹកឆ្ពោះទៅរកទូក ។
ម៉ាថាយ ១៤:២៥
ពួកសិស្សបានឃើញទ្រង់យាងនៅលើទឹក ។ ពួកគេបានភិតភ័យ ។ ពួកគេបានគិតថា ទ្រង់ជាខ្មោច ។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា « កុំភ័យអី គឺខ្ញុំទេតើ » ។
ម៉ាថាយ ១៤:២៦–២៧
ពេត្រុសក៏មានបំណងដើរនៅលើទឹកដែរ ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពេត្រុសឲ្យដើរទៅរកទ្រង់ ។ ពេត្រុសបានចុះពីទូក ។ គាត់បានចាប់ផ្ដើមដើរនៅលើទឹកទៅរកព្រះអង្គសង្គ្រោះ ។
ម៉ាថាយ ១៤:២៨–២៩
ដោយសារតែខ្យល់បក់ជាខ្លាំង ពេត្រុសមានចិត្តភ័យ ។ គាត់បានចាប់ផ្ដើមលិចទៅក្នុ-ងទឹក ហើយបានស្រែកឲ្យព្រះយេស៊ូវជួយសង្គ្រោះគាត់ ។
ម៉ាថាយ ១៤:៣០
ព្រះយេស៊ូវបានចាប់ដៃរបស់ពេត្រុស ។ ទ្រង់បានមានបន្ទូលសួរពេត្រុស អំពីមូលហេតុដែលគាត់មានសេចក្ដីជំនឿតិច ។
ម៉ាថាយ ១៤:៣១
នៅពេលព្រះយេស៊ូវ និង ពេត្រុស បានត្រឡប់មកទូកវិញ ព្យុះក៏ស្ងប់ទៅ ។ ពួកសិស្សទាំងអស់បានថ្វាយបង្គំព្រះអង្គសង្គ្រោះ ។ ពួកគេបានដឹងថា ទ្រង់គឺជាព្រះរាជបុត្រារបស់ព្រះ ។
ម៉ាថាយ ១៤:៣២–៣៣