ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​យើង និង​អំណោយទាន​នៃ​រូបកាយ​ជា​សាច់ឈាម


« មេរៀន​ទី ៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​យើង និង​អំណោយទាន​នៃ​រូបកាយ​ជា​សាច់ឈាម » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច

រូបភាព
យុវនារី​ម្នាក់​ដើរ​កាត់​វាលស្មៅ

មេរៀន​ទី ៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​យើង និង​អំណោយទាន​នៃ​រូបកាយ​ជា​សាច់ឈាម

តើ​អ្នក​ធ្លាប់​ស្ញប់ស្ញែង​នឹង​អព្ភូតហេតុ​នៃ​រូបកាយ​ខាង​សាច់ឈាម​របស់​អ្នក និង​អ្វី​ទាំងអស់​ដែល​រូបកាយ​នេះ​អាច​ធ្វើ​បាន​ដែរ​ឬ​ទេ ? ឬ​ម្យ៉ាងទៀត តើ​ធ្លាប់​មាន​ពេល​ណាមួយ ដែល​អ្នក​មាន​អារម្មណ៍​អន្ទះសា ដោយសារ​អ្នក​មាន​ឧបសគ្គ​ខាង​រូបកាយ​របស់​អ្នក​ដែរ​ឬទេ ? នៅពេល​អ្នក​សិក្សា សូម​ពិចារណា​ពី​របៀប​ដែល​រូបកាយ​ខាងសាច់ឈាម​របស់​យើង ជាប់​ទាក់ទង​ទៅ​នឹង​គោលបំណង​នៃ​បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​យើង នៅក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ ។

ផ្នែក​ទី ១

តើ​រូបកាយ​សាច់ឈាម​របស់​ខ្ញុំ​មាន​សារៈសំខាន់​ប៉ុណ្ណា ចំពោះ​ការរីកចម្រើន​ដ៏​អស់កល្ប​របស់​ខ្ញុំ ?

រូបកាយ​សាច់ឈាម​របស់​យើង​ត្រូវបាន​បង្កើត​តាម​រូបភាព​របស់​ព្រះ ( សូមមើល លោកុប្បត្តិ ១:២៦–២៧ ) ។ ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​ពន្យល់​ថា « គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់ និង​ការរីកចម្រើន​ក្រោយ​ពី​ជីវិត​រមែង​ស្លាប់ ដែល​អាច​កើត​មាន វា​គឺ​ដើម្បីឲ្យ​កូនចៅ​នៃ​ព្រះ​ប្រែក្លាយ​ដូចជា​ទ្រង់ » ( « The Great Plan » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩៤ ) ។

ដូច្នេះ តើ​យើង​ត្រូវ​ដកពិសោធន៍​អ្វីខ្លះ​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះ ? ធាតុ​ដ៏សំខាន់​ចំនួន​ពីរ​ត្រូវបាន​លើកឡើង​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ ចេញពី​ការប្រកាស​អំពី​ក្រុមគ្រួសារ ៖ « នៅ​ជីវិត​មុន​ផែនដី [ យើង ] … បាន​ទទួល​ផែនការ​របស់ [ ព្រះ ] ដែល​នាំ​ឲ្យ​កូនចៅ​ទាំងឡាយ​របស់​ទ្រង់​អាច​ទទួល​រូបកាយ ហើយ​និង​ទទួល​បទពិសោធន៍​នៅលើ​ផែនដី ដើម្បី​រីកចម្រើន​ទៅរក​ភាពល្អ​ឥតខ្ចោះ » ( « The Family: A Proclamation to the World » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

រូបភាព
ទារក​ញញឹម

សូម​មើល​វីដេអូ « God’s Greatest Creation » ( ២:៥១ ) ហើយ​សូម​ពិចារណា​ពី​អព្ភូតហេតុ​នៃ​រូបកាយ​សាច់ឈាម​របស់​អ្នក និង​គោលបំណង​ដ៏ពិសិដ្ឋ​មួយ​ចំនួន​នៃ​រូបកាយ​នេះ ។

នៅក្នុង​វិវរណៈ​មួយ​អំពី​ជីវិត​មុន​ជីវិត​នៅលើ​ផែនដី​នេះ អ័ប្រាហាំ​បាន​ឃើញ​ក្រុមប្រឹក្សា​នៅឯ​ស្ថានសួគ៌ ( សូមមើល អ័ប្រាហាំ ៣:២២–២៨ ) ។ នៅ​ពេល​នោះ លោក​បាន​រៀនពី​សេចក្ដីពិត​ដ៏សំខាន់​មួយ​អំពី​ជីវិត​រមែង​ស្លាប់​របស់​យើង ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អ័ប្រាហាំ ៣:២៤–២៦ ហើយ​រកមើល​អ្វី​ដែល​អ័ប្រាហាំ​បាន​រៀន អំពី​គោលបំណង​មួយ​របស់​យើង​ក្នុង​ការមក​កាន់​ផែនដី និង​ការទទួល​បាន​រូបកាយ​សាច់ឈាម ។ ( វា​អាច​ជា​ជំនួយ ដើម្បី​ដឹង​ថា « សណ្ឋាន​ទីមួយ » របស់​យើង​សំដៅ​ទៅលើ​ជីវិត​មុន​ជីវិត​នៅលើ​ផែនដី​របស់​យើង ហើយ « សណ្ឋាន​ទីពីរ » របស់​យើង​សំដៅ​ទៅលើ​ពេលវេលា​ចន្លោះ​ការកើត​មក​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង និង​ការជំនុំ​ជម្រះ​ចុងក្រោយ ) ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​របៀប​ដែល​ការមាន​រូបកាយ​សាច់ឈាម​គឺជា​ផ្នែក​មួយ​នៃ​យើង ដែល​ត្រូវ​ទទួល​ការបញ្ជាក់ ឬ​ការសាកល្បង​នៅក្នុង​ជីវិត​រមែង​ស្លាប់ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ខណៈ​ដែល​នៅក្នុង​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង នោះ​យើង​បាន​ជ្រើសរើស​ថា « នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះអម្ចាស់​ដ៏ជា​ព្រះ [ នៃ​យើង ] [ នឹង ] បញ្ជា​ដល់ [ យើង ] » [ អ័ប្រាហាំ ៣:២៥ ] នោះ​យើង​នឹង​រក្សា​បាន « សណ្ឋាន​ទីពីរ » របស់​យើង [ អ័ប្រាហាំ ៣:២៦ ] ។ នេះ​មាន​ន័យ​ថា តាម​ការជ្រើសរើស​របស់​យើង នោះ​យើង​នឹង​បង្ហាញ​ដល់ព្រះ ( និង​ខ្លួន​យើង ) នូវ​ការប្តេជ្ញា​ចិត្ត និង​សមត្ថភាព​របស់​យើង ដើម្បី​រស់នៅ​តាម​ក្រឹត្យវិន័យ​សេឡេស្ទាល​របស់​ទ្រង់ ខណៈ​ដែល​គ្មាន​វត្តមាន​របស់ទ្រង់ និង​នៅក្នុង​រូបកាយ​សាច់ឈាម​ដែល​មាន​ថាមពល ការស្រេក​ឃ្លាន និង​តណ្ហា ។ តើ​យើង​អាច​គ្រប់គ្រង​សាច់ឈាម​យើង ដើម្បី​ធ្វើឲ្យ​វា​ក្លាយជា​ឧបករណ៍ ជាជាង​ឲ្យ​វា​ធ្វើជា​ចៅហ្វាយ​លើ​វិញ្ញាណ​របស់​យើង​បាន​ឬ​ទេ ? តើ​យើង​អាច​ទុកចិត្ត​បាន​ឬទេ​ទាំង​ក្នុង​ពេលវេលា​នេះ និង​ភាពអស់កល្ប​ជានិច្ច ជាមួយ​នឹង​ព្រះចេស្ដា​ពី​ព្រះ រួមទាំង​អំណាច​ដើម្បី​បង្កើត​ជីវិត​នោះ ? តើ​យើង​ម្នាក់ៗ​អាច​យកឈ្នះ​លើ​អារក្ស​ដែរ​ឬទេ ? អ្នកទាំងឡាយ​ដែល​បាន​ឈ្នះ នឹង « មាន​សិរីល្អ​បន្ថែម​ទៅលើ​ក្បាល​គេ​ជា​រៀង​ដរាប​រហូត​តទៅ » [ អ័ប្រាហាំ ៣:២៦ ]—ជា​ផ្នែក​ដ៏សំខាន់​ខ្លាំង​មួយ​នៃ​សិរីល្អ​នោះ ដែល​រូបកាយ​សាច់ឈាម​បាន​រស់​ឡើង​វិញ នៅ​អមត និង​ជា​តួអង្គ​ដ៏រុងរឿង ។ គ្មាន​សង្ស័យ​ឡើយ​ដែល​យើង « ស្រែក​អរ​សាទរ » ចំពោះ​លទ្ធភាព និង​ការសន្យា​ដ៏សំខាន់ៗ​ទាំងនេះ​នោះ [ យ៉ូប ៣៨:៧ ] ។ ( « Why Marriage, Why Family » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥១ )

ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ទទួល​បាន​រូបកាយ​ដ៏អមតៈ ដ៏ល្អ​ឥតខ្ចោះ​មួយ​នៅ​ថ្ងៃណាមួយ ដូចជា​ព្រះវរបិតាសួគ៌​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​ដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:២២ ) ។ នេះ​គឺជា​ប្រភេទ​រូបកាយ​តែមួយ​គត់ ដែល​យើង​អាច « ទទួល​នូវ​ភាពពោរពេញ​នៃ​សេចក្ដី​អំណរ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:៣៣–៣៤; ១៣៨:១៧ ) ។ ព្យាការី យ៉ូសែប ស្ម៊ីធ​ក៏បាន​បង្រៀន​ផងដែរ​ថា សុភមង្គល​ដ៏ពិត​ពាក់ព័ន្ធ​នឹង​ការមាន​រូបកាយ​សាច់ឈាម ៖

រូបភាព
ព្យាការី យ៉ូសែប ស៊្មីធ

យើង​មក​លើ​ផែនដី​នេះ ដើម្បី​យើង​អាច​មាន​រូបកាយ ហើយ​បង្ហាញ​ថា វា​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ​នៅ​ក្នុង​នគរ​សេឡេស្ទាល ។ គោលការណ៍​នៃ​សុភមង្គល​ដ៏​មហិមា មាន​នៅក្នុង​ការមាន​រូបរាង​កាយ ។ អារក្ស​គ្មាន​រូបកាយ​ទេ ហើយ​ការគ្មាន​រូបកាយ​នេះ​ហើយ​គឺជា​ទណ្ឌកម្ម​របស់​វា ។ ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២១១ ) ។

ដូច​បាន​កត់ចំណាំ​ពីមុន​មក​នៅក្នុង​សេចក្ដី​ថ្លែងការណ៍ ដែល​បាន​ចែកចាយ​ពី​ការប្រកាស​អំពី​ក្រុមគ្រួសារ ការទទួល​បាន​បទពិសោធន៍​នៅលើ​ផែនដី​នេះ ក៏មាន​សារៈសំខាន់​ផងដែរ​នៅក្នុង​ការរីក​ចម្រើន​ទៅកាន់​ភាពល្អ​ឥតខ្ចោះ និង​ការក្លាយ​ដូចជា​ព្រះ ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​របៀប​ដែល​រូបកាយ​សាច់ឈាម​របស់​យើង បង្កើន​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

រូបកាយ​សាច់ឈាម​របស់​យើង​ធ្វើ​ឲ្យ​មាន​បទពិសោធន៍​ដ៏​ទូលំទូលាយ ជ្រាលជ្រៅ និង​ប្រពលភាព ដែល​ជាធម្មតា​ពុំ​អាច​ទទួល​បាន​រូបកាយ​នៅក្នុង​ជីវិត​មុន​ជីវិត​រមែង​ស្លាប់​របស់​យើង​បាន​ទេ ។ ដូច្នេះ ទំនាក់ទំនង​របស់​យើង​ជាមួយ​មនុស្ស​ទូទៅ និង​លទ្ធភាព​របស់​យើង​ដើម្បី​ស្គាល់ និង​ប្រព្រឹត្ត​ស្របតាម​សេចក្ដីពិត និង​លទ្ធភាព​របស់​យើង​ដើម្បី​គោរព​តាម​គោលការណ៍ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ត្រូវបាន​ពង្រីក​ឲ្យ​កាន់តែ​ល្អ​ឡើង​តាមរយៈ​រូបកាយ​សាច់ឈាម​របស់​យើង ។ នៅពេល​យើង​រៀន​ក្នុង​អំឡុង​ពេល​នៃ​ជីវិត​រមែង​ស្លាប់​នេះ យើង​ដក​ពិសោធន៍​ពី​ភាពទន់ភ្លន់ ក្ដី​ស្រឡាញ់ ចិត្ត​សប្បុរស សុភមង្គល ទុក្ខព្រួយ ការខកចិត្ត ការឈឺចាប់ និង​សូម្បី​តែ​ឧបសគ្គ​នានា​នៃ​ដែនកំណត់​ខាង​សាច់ឈាម នៅក្នុង​របៀប​ទាំងឡាយ​ដែល​រៀបចំ​យើង​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ និយាយ​ដោយ​សាមញ្ញ​ទៅ វា​មាន​មេរៀន​ជា​ច្រើន ដែល​យើង​ត្រូវតែ​រៀន និង​បទពិសោធន៍​ជាច្រើន ដែល​យើង​ត្រូវតែ​មាន ដូច​ព្រះគម្ពីរ​ពិពណ៌នា​ថា « ស្របតាម​សាច់ឈាម » ( នីហ្វៃទី​១ ១៩:៦; អាលម៉ា ៧:១២–១៣ ) ។ ( « We Believe in Being Chaste » Liahona ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​នឹង​ពន្យល់​ពី​មូលហេតុ ដែល​រូបកាយ​សាច់ឈាម​របស់​យើង​មាន​សារៈសំខាន់ នៅក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​សួគ៌​ដោយ​របៀប​ណា ?

ផ្នែក​ទី ២

ហេតុអ្វី​វា​ពិបាក​ដើម្បី​គ្រប់គ្រង​លើ​បំណង​ប្រាថ្នា និង​ការស្រេកឃ្លាន​ខាង​រូបកាយ​សាច់ឈាម​របស់​ខ្ញុំ​មួយ​ចំនួន ?

រូបភាព
ស្ដ្រី​ម្នាក់​កំពុង​អធិស្ឋាន

ព្រះវរបិតាសួគ៌​របស់​យើង​បាន​ដាក់​ឲ្យមាន​ការស្រេកឃ្លាន​មួយ​ចំនួន​នៅក្នុង​រូបកាយ​របស់​យើង ដើម្បី​ធ្វើឲ្យ​មាន​ជីវិត​រហូត​តទៅ និង​ជួយ​បំពេញ​តាម​ផែនការ​របស់​ទ្រង់ ។ ផ្នែក​មួយ​នៃ​ការសាកល្បង​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង « គឺ​ការកំណត់​ថា តើ​ការស្រេកឃ្លាន​នៃ​រូបកាយ [ របស់​យើង ] អាច​ត្រូវបាន​គ្រប់គ្រង​ដោយ​វិញ្ញាណ ដែល​រស់នៅ​ក្នុង​រូបកាយ​នោះ​ដែរ​ឬអត់ » ( រ័សុល អិម ណិលសុន « Your Body: A Magnificent Gift to Cherish » New Era ខែ សីហា ឆ្នាំ ២០១៩ ទំព័រ ៥ ) ។

ពួកយើង​ម្នាក់ៗ​រង​ឥទ្ធិពល​ពី​ភាពជា​មនុស្ស​ខាង​សាច់ឈាម ។ ( សូម​កត់ចំណាំ​ថា មនុស្ស​ខាង​សាច់ឈាម គឺជា​ពាក្យ​មួយ​ដែល​សំដៅ​ទៅ​ទាំង​បុរស និង​ស្ដ្រី ) ។ នេះ​គឺជា​ផ្នែក​នៃជីវិត​រមែង​ស្លាប់​របស់​យើង ដែល​អនុញ្ញាត​ឲ្យ​ការស្រេកឃ្លាន​ខាង​រូបកាយ និង​បំណង​ប្រាថ្នា​ខាង​លោកិយ​របស់​យើង កើតឡើង​បាន​ដោយ​មិន​បាន​ពិនិត្យ​មើល ហើយ​យកឈ្នះ​លើ​បំណង​ប្រាថ្នា និង​ការខិតខំ​របស់​យើង​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះ ( សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « មនុស្ស​ខាង​សាច់ឈាម » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អាលម៉ា ៤១:១១ និង កូរិនថូស ទី១ ២:១៤ ហើយ​ពិចារណា​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ទាំងឡាយ ដែល​ពិពណ៌នា​ពី​ការចុះ​ញ៉ម​តាម​មនុស្ស​ខាង​សាច់ឈាម​ដែល​នៅក្នុង​យើង ។

អែលឌើរ បែដណា បាន​បន្ថែម​ដល់​ការយល់ដឹង​របស់​យើង​អំពី​មនុស្ស​ខាង​សាច់ឈាម នៅពេល​លោក​បាន​បង្រៀន​ថា

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

ក្នុង​កម្រិត​ខ្លះ មនុស្ស​ខាង​សាច់ឈាម … គឺ​រស់​រវើក​នៅក្នុង​ខ្លួន​យើង​ម្នាក់ៗ ( សូមមើល ម៉ូសាយ ៣:១៩ ) ។ បុរស ឬ​ស្ដ្រី​ខាង​សាច់ឈាម​គ្មាន​ការប្រែចិត្ត ជា​មនុស្ស​លោកិយ ហើយ​ត្រេក​ត្រអាល ( សូមមើល ម៉ូសាយ ១៦:៥; អាលម៉ា ៤២:១០; ម៉ូសេ ៥:១៣ ) បណ្ដោយ​ខ្លួន​ហួស​ប្រមាណ ហើយ​មាន​អំនួត និង​អាត្មា​និយម ។ …

ក្នុង​នាម​ជា​បុត្រា​បុត្រី​របស់​ព្រះ យើង​បាន​គ្រង​សមត្ថភាព​ដ៏ទេវភាព​មកពី​ទ្រង់ ។ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ធ្លាក់ ។ ធាតុ​ទាំងឡាយ​ដែល​ចេញពី​រូបកាយ ដែល​ត្រូវបាន​បង្កើត​ឡើង​របស់​យើង គឺ​ដោយ​ការធ្លាក់​ចុះ​ពី​ធម្មជាតិ ហើយ​ស្ថិត​នៅក្រោម​ការទាញ​នៃ​អំពើបាប ភាពពុក​រលួយ និង​សេចក្តី​ស្លាប់ ។ ជា​លទ្ធផល ការធ្លាក់​របស់​លោក​អ័ដាម និង​លទ្ធផល​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​មកលើ​យើង តាមរយៈ​រូបកាយ​សាច់ឈាម​របស់​យើង ។ ( « We Believe in Being Chaste » ទំព័រ ៤២–៤៣ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​ជ្រើសរើស​បុគ្គលិក​លក្ខណៈ​មួយ​នៃ​ភាពជា​មនុស្ស​ខាង​សាច់ឈាម ដូច​បាន​រៀបរាប់​នៅក្នុង អាលម៉ា ៤១:១១កូរិនថូស ទី១ ២:១៤ ឬ​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ​បែដណា ។ តើ​បុគ្គលិក​លក្ខណៈ​នោះ​អាច​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​ពេល​ណាត់គ្នា​ដើរលេង ឬ​ទំនាក់ទំនង​គ្រួសារ​យ៉ាង​ដូចម្ដេច ?

ផ្នែក​ទី ៣

តើ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ខ្ញុំ​ឲ្យ​យកឈ្នះ​លើ​ភាពជា​មនុស្ស​ខាង​សាច់ឈាម​តាម​របៀប​ណា ?

រូបភាព
ព្រះយេស៊ូវ​អភ័យទោស និង​ព្យាបាល​បុរស​ខ្វិន

អំឡុង​ទេសនកថា​របស់​ស្ដេច​បេនយ៉ាមីន​ទៅកាន់​ប្រជាជន​របស់់​ទ្រង់ ទ្រង់​បាន​ចែកចាយ​អ្វី​ដែល​ទេវតា​បាន​បង្រៀន​ដល់​ទ្រង់​អំពី​ការងារ​បម្រើ និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ម៉ូសាយ ៣:៥–១៩ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន ម៉ូសាយ ៣:១៩ ហើយ​រកមើល​របៀប​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​យកឈ្នះ​លើ​ភាព​ជា​មនុស្ស​ខាង​សាច់ឈាម ។ ( សូម​កត់​ចំណាំ​ថា នៅក្នុង​បរិបទ​នេះ​ពាក្យ ព្រម​ធ្វើតាម មាន​ន័យ​ថា ចុះចូល​តាម​ការបំផុស​គំនិត​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ពាក្យ អ្នកបរិសុទ្ធ សំដៅ​ទៅលើ​នរណាម្នាក់ ដែល​ត្រូវបាន​បន្សុទ្ធ ឬ​ដែល​បរិសុទ្ធ—ជា​មនុស្ស​ដែល​ស្មោះត្រង់​ចំពោះ​ព្រះ ) ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ បែដណា និង​ប៊ីស្សព ហ្គែរ៉ល កូសសែ នៃ​គណៈប៊ីស្សព​ជា​អធិបតី ហើយ​សូម​ពិចារណា​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ អាច​ជួយ​អ្នក​ឲ្យយកឈ្នះ​លើ​មនុស្ស​ខាង​សាច់ឈាម ហើយ​កាន់តែ​ប្រែក្លាយ​ដូចជា​ទ្រង់ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

រាល់​ការស្រេក​ឃ្លាន ក្ដី​ប្រាថ្នា ទំនោរ​ចិត្ត និង​ការជំរុញ​នៃ​ភាពខាង​សាច់ឈាម​អាចយក​ឈ្នះ​បាន​ដោយ និង​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​រស់នៅ​លើ​ផែនដី​នេះ ដើម្បី​អភិវឌ្ឍ​គុណសម្បត្តិ​ដូចជា​ព្រះ និង​ដើម្បី​ទប់ចិត្ត​នឹង​រាល់​តណ្ហា​ទាំងឡាយ​ខាង​សាច់ឈាម ។ ( « We Believe in Being Chaste » ទំព័រ ៤៣ )

រូបភាព
ប៊ីស្សព ហ្គែរ៉ល កូសសែ

តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​មិន​គ្រាន់តែ​លាង​សម្អាត​បាបកម្ម​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ក៍ ផ្តល់ នូវ​អំណាច​ដែល​អាច​ធ្វើឲ្យ​សិស្ស​ទ្រង់​អាច « [ សម្រាត ] ភាពខាង​សាច់ឈាម​ចេញ »[ ម៉ូសាយ ៣:១៩ ] រីកចម្រើន​ឡើង « មួយ​បន្ទាត់​ម្ដងៗ » [ នីហ្វៃ​ទី​២ ២៨:៣០ ] ហើយ​បង្កើន​បរិសុទ្ធភាព ដើម្បី​ថ្ងៃ​ណាមួយ​ពួកគេ​អាច​ក្លាយ​ទៅជា​បុគ្គល​ឥតខ្ចោះ ដែល​មាន​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ [ សូមមើល មរ៉ូណៃ ១០:៣២–៣៣ ] មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​រស់នៅ​ជាមួយ​ព្រះ​ម្ដងទៀត ហើយ​ទទួល​បាន​ពរជ័យ​ទាំងអស់​នៃ​នគរ​ស្ថានសួគ៍ ។ ( « A Living Witness of the Living Christ » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៤០ )

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​គិត​អំពី​ទំនាក់ទំនង​គ្រួសារ ដែល​អ្នក​ចង់​កែលម្អ ។ តើ​បុគ្គលិក​លក្ខណៈ​នៃ​មនុស្ស​ខាង​សាច់ឈាម​អ្វីខ្លះ ដែល​រារាំង​ដល់​ទំនាក់ទំនង​នោះ ? តើ​អ្នក​អាច​ទទួល​បាន​ពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​ព្រម​ធ្វើតាម​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​សម្រាត​ចេញពី​បុគ្គលិក​លក្ខណៈ​ទាំងនោះ ហើយ​កាន់តែ​ប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?