ថ្នាក់​វិទ្យាស្ថាន
​មេរៀន​ទី ៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ


« មេរៀន​ទី ៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅអស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅអស់កល្ប​ជានិច្ច

រូបភាព
កូន​ក្រមុំ និង​កូន​កំលោះ​ដើរ​នៅក្រៅ​ព្រះវិហារ​បរិសុទ្ធ

មេរៀន​ទី ៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ

ការប្រកាស​អំពី​ក្រុមគ្រួសារ​ចាប់ផ្ដើម​ដោយ​សេចក្ដី​ប្រកាស​យ៉ាង​មុតមាំ​ថា « អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ តើ​អ្នក​ធ្លាប់​គិត​ថា ហេតុអ្វី​ព្យាការី ពួកសាវក និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត​បន្ដ​បង្រៀន​ពី​សេចក្ដីពិត​នេះ​ឥត​ឈប់ឈរ​ដែរ​ឬទេ ? នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ពិចារណា​ពី​របៀប​ដែល​ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​អ្នក នៅក្នុង​វិធីសាស្ដ្រ​ទៅរក​អាពាហ៍ពិពាហ៍​របស់​អ្នក ។

ផ្នែក​ទី ១

តើ​ការដឹង​ពី​ទស្សនវិស័យ​របស់​ព្រះវរបិតា​សួគ៌​អំពី​អាពាហ៍ពិពាហ៍ ជួយ​ខ្ញុំ​ឲ្យ​យល់ពី​ផែនការ​របស់​ទ្រង់​សម្រាប់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទស្សនៈ​អំពី​អាពាហ៍ពិពាហ៍​បាន​ផ្លាស់ប្ដូរ​នៅក្នុង​សង្គម​ជាច្រើន ។ តើ​អ្នក​បាន​ឮ​ពី​ទស្សនៈ​ណាខ្លះ​នាពេល​ថ្មីៗ​នេះ ?

មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​សាសនាចក្រ​ត្រូវបាន​រៀបចំ​ឡើង លីម៉ាន ខូព្លី ចង់ ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា ផ្សាយ​ដំណឹងល្អ​ទៅដល់​សមាជិក​នៃ​ក្រុម​សាសនា​របស់គាត់​ពីមុន ដែល​មាន​ឈ្មោះថា​ក្រុម​សេកើរ ។ ក្រុម​សេកើរ​បាន​បដិសេធ​អាពាហ៍ពិពាហ៍ ហើយ​បាន​ជឿ​លើ​ការរស់នៅ​ក្នុង​ជីវិត​ដែល​នៅលីវ​រហូត ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទូល​សួរ​ព្រះអម្ចាស់​អំពី​ការណ៍​នេះ និង​ជំនឿ​ផ្សេងទៀត ហើយ​លោក​បាន​ទទួល​វិវរណៈ​មួយ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៩:១៥–១៦ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រកាស​អំពី​អាពាហ៍ពិពាហ៍ ។

ដូច​បាន​ប្រើ​នៅក្នុង ខទី ១៥ ពាក្យ តែងតាំង មាន​ន័យ​ថា បញ្ជា ស្ថាបនា ឬ​តាំងឡើង​ដោយ​សិទ្ធិ​ដ៏ធំ​ជាង ( សូមមើល Merriam-Webster.com Dictionary « ordain »; សូម​ពិចារណា​កត់​ចំណាំ​និយមន័យ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ) ។ អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់ នៅពេល​លោក​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

គ្រួសារ​ដែល​ស្ថាបនា​ឡើង​នៅលើ​អាពាហ៍ពិពាហ៍​ដែល​មាន​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ បង្កើតជា​ស្ថានភាព​ដ៏ល្អ​បំផុត​សម្រាប់​ផែនការ​របស់​ព្រះ​ដើម្បី​រីកចម្រើន​—​ស្ថានភាព​សម្រាប់​កំណើត​កូនៗ ដែល​កើត​មក​នៅក្នុង​បរិសុទ្ធភាព ហើយ​ស្លូតត្រង់​មកពី​ព្រះ និង​ជា​បរិស្ថាន​សម្រាប់​ការរៀន​សូត្រ និង​ការរៀបចំ​ខ្លួន​ដែល​ពួកគេ​នឹង​ត្រូវការ​សម្រាប់​មាន​ជីវិត​រមែង​ស្លាប់​ដោយ​ជោគជ័យ និង​ជីវិត​អស់កល្ប​ជានិច្ច​នៅក្នុង​ពិភពលោក​ខាងមុខ ។ …

… គឺជា [ ព្រះ ] នេះ​ហើយ ដែល​បាន​បង្កើត​អ័ដាម និង​អេវ៉ា​តាម​រូបអង្គ​ទ្រង់​តាំង​ពី​ដំបូង​មក ជា​បុរស និង​ស្ត្រី ហើយ​បាន​ផ្សារភ្ជាប់​ពួកគេ​ជា​ស្វាមី និង​ភរិយា ។ … បុគ្គល​ម្នាក់ៗ​មាន​រូបកាយ​តាម​រូប​អង្គ​ព្រះ ប៉ុន្តែ​វា​ស្ថិត​ក្នុង​តំណ​ចំណង​អាពាហ៍ពិពាហ៍​នៃ​បុរស និង​ស្ត្រី​តែមួយ ដែល​យើង​ទទួល​បាន​នូវ​អត្ថន័យ​ពេញលេញ​បំផុត​នៃ​ការមាន​រូបកាយ​តាម​រូបអង្គ​នៃ​ព្រះ—ជា​បុរស និង​ស្ត្រី​នោះ ។ មិន​ថា​យើង ឬ​មនុស្ស​ជីវិត​រមែង​ស្លាប់​ណា​នោះទេ គឺ​ពួកគេ​មិន​អាច​ផ្លាស់ប្ដូរ​លំដាប់​នៃ​អាពាហ៍ពិពាហ៍​របស់​ព្រះ​នេះ​បាន​ទេ ។ វា​ពុំ​មែន​ជា​ការច្នៃប្រឌិត​របស់​មនុស្ស​នោះ​ទេ ។ អាពាហ៍ពិពាហ៍​បែបនេះ​គឺ​ពិតជា « មកពី​ស្ថានលើ មកពី​ព្រះ » [ សូមមើល Dietrich Bonhoeffer, Letters and Papers from Prison, ed. Eberhard Bethge ( ឆ្នាំ ១៩៥៣ ) ទំព័រ ៤២–៤៣ ] ហើយ​ជា​ផ្នែក​មួយ​នៃ​ផែនការ​នៃ​សុភមង្គល ដូចជា​ការធ្លាក់ និង​ដង្វាយធួន​ដែរ ។ ( « Why Marriage, Why Family » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥២ )

ស្របតាម​ក្រឹត្យវិន័យ​របស់​ព្រះ អាពាហ៍ពិពាហ៍​គឺជា​ទំនាក់ទំនង​ដ៏ពិសិដ្ឋ​បំផុត ដែល​អាច​កើតមាន​រវាង​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់ ។ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​ពន្យល់ ៖

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

បុរស​មិន​ពេញលេញ​នោះ​ទេ បើ​គ្មាន​ស្ដ្រី​នោះ ។ ទាំងពីរ​នាក់​មិន​អាច​បំពេញ​តាម​កម្រិត​នៃ​ការបង្ក​បង្កើត​របស់​ពួកគេ​បាន​ទេ បើ​គ្មាន​ម្នាក់ទៀត​នោះ [ សូមមើល កូរិនថូស ទី១ ១១:១១; ម៉ូសេ ៣:១៨ ] ។ អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ [ សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩:១៥–១៧ ] ។ មានតែ​តាមរយៈ​សេចក្ដី​សញ្ញា​ថ្មី ហើយ​ដ៏អស់កល្ប​អស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍​ប៉ុណ្ណោះ ទើប​ពួកគេ​អាច​ទទួល​បាន​ភាពពេញលេញ​នៃ​ពរជ័យ​ដ៏អស់កល្ប​ជានិច្ច​ពិតប្រាកដ​បាន [ សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:១–៤; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៥–១៩ ] ។ ( « Being a Righteous Husband and Father » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៤៩ )

អ្នកទាំងឡាយ​ដែល​ចូល​ទៅក្នុង​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ ហើយ​កាន់តាម​វា​នោះ អាច​ទទួល​បាន​សិរីល្អ​លំដាប់​ខ្ពស់​បំផុត​នៅក្នុង​នគរ​សេឡេស្ទាល ( សូមមើល សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:១–៤ ) ។ នេះ​គឺជា​កន្លែង​ដែល​យើង « ទទួល​បាន​ភាពពោរពេញ​នៃ​ពរជ័យ​ដ៏អស់កល្ប​ជានិច្ច » ដែល​ត្រូវបាន​គេ​ស្គាល់​ថាជា​ភាពតម្កើង​ឡើង ឬ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ផងដែរ ។ ( អ្នក​នឹង​រៀនសូត្រ​បន្ថែម​ទៀត​អំពី​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍​នៅក្នុង មេរៀន​ទី ១០ ) ។

រូបភាព
កូន​ក្រមុំ និង​កូន​កំលោះ​កាន់ដៃ​គ្នា

សូម​រំឭក​ដល់​អ្វី​ដែល​បាន​រៀន​នៅក្នុង​មេរៀន​មុនៗ អំពី​លក្ខណៈ​នៃ​ជីវិត​ដ៏អស់កល្ប​ជានិច្ច ។ អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

ផែនការ​នៃ​ព្រះវរបិតា​ផ្ដល់​ផ្លូវ​ឲ្យ​យើង​គ្រង​ជីវិត​អស់កល្ប​ទុក​ជាមរតក ជា​ជីវិត​ដែល​ព្រះមាតា​បិតា​សួគ៌​របស់​យើង​កំពុង​មាន ។ នៅក្នុង​ផែនការ​នោះ « បុរស​មិនមែន​ជា​ឥត​ទីពឹង​អាស្រ័យ​ដល់​ស្ត្រី​ឡើយ [ ហើយ ] ស្ត្រី​ក៏​មិនមែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​បុរស​ដែរ » [ កូរិនថូស ទី១ ១១:១១ ] ។ សារៈសំខាន់​ដ៏ខ្លាំង​នៃ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច រួមមាន​អាពាហ៍ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ច​រវាង​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់ ដែល​ជា​ផ្នែក​ដ៏សំខាន់​នៃ​ការក្លាយ​ដូចជា​ព្រះមាតា​បិតា​សួគ៌​របស់​យើង ។ ( « The Plan of Salvation: A Sacred Treasure of Knowledge to Guide Us » Ensign ខែ តុលា ឆ្នាំ ២០១៥ ទំព័រ ២៩ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​នឹង​ពន្យល់​ពី​មូលហេតុ​ដែល​អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី​គឺ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ ហើយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ផែនការ​ដ៏នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់​ដោយ​របៀប​ណា ?

ផ្នែក​ទី ២

ចុះ​បើ​ខ្ញុំ​មិន​បាន​រៀបការ​នៅក្នុង​ជីវិត​នេះ ឬ​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​បាន​បញ្ចប់​ទៅ​វិញ​នោះ ?

ដោយសារ​កាលៈទេសៈ​ជាច្រើន​ខុសៗ​គ្នា នោះ​មនុស្ស​មួយ​ចំនួន​មិន​ដែល​បាន​រៀបការ​នៅក្នុង​ជីវិត​នេះ​ឡើយ ទោះបីជា​ពួកគេ​មាន​បំណង​ប្រាថ្នា​សុចរិត​ក្ដី ។ សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​បាន​រៀបការ អាពាហ៍ពិពាហ៍​របស់​ពួកគេ​អាច​បញ្ចប់​ដោយ​ការលែងលះ ។ ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​ថ្លែង​ពី​កាលៈទេសៈ​ទាំងនេះ នៅពេល​លោក​បាន​បង្រៀន​ថា ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

បងប្អូន​មួយ​ចំនួន​ដែល​កំពុង​ស្ដាប់​សារលិខិត​នេះ​ប្រហែល​ជា​សួរ​ថា » ចុះ​ខ្ញុំ​វិញ ? » យើង​ដឹង​ថា មាន​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស័ក្ដិសម ហើយ​អស្ចារ្យ​ជាច្រើន​រូប ដែល​បច្ចុប្បន្ន​នេះ​ខ្វះ​នូវ​ឱកាស​ដ៏​សំខាន់ និង​តម្រូវការ​ចាំបាច់​សម្រាប់​ការរីកចម្រើន​របស់​ពួកគេ ។ ភាព​នៅលីវ ភាព​គ្មាន​កូន សេចក្ដី​ស្លាប់ និង​ការលែងលះ​គ្នា​រារាំង​ដល់​គំនិត​នានា ហើយ​ពន្យារ​ពេល​នៃ​ការបំពេញ​ពរជ័យ​ដែល​បាន​សន្យា ។ … ប៉ុន្តែ​ការរាំង​ស្ទះ​ទាំង​នេះ​គ្រាន់តែ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ។ ព្រះអម្ចាស់​បាន​សន្យា​ថា នៅ​ឯ​ភាពអស់កល្ប​ជានិច្ច នឹង​គ្មាន​ពរជ័យ​ណា​មួយ​ត្រូវបាន​បដិសេធ​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់ ដែល​បាន​គោរពតាម​បទបញ្ញត្តិ ដែល​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​ពួកគេ និង​ចង់​បាន​អ្វី​ដែល​ត្រឹមត្រូវ​ឡើយ ។ ( « The Great Plan of Happiness » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៧៥ )

ទោះបីជា​ពរជ័យ​ដ៏នៅ​អស់កល្ប​ជានិច្ច​មួយ​ចំនួន អាច​មិន​បាន​ដកពិសោធន៍​ពេញលេញ​នៅក្នុង​ជីវិត​នេះ​ក្ដី ក៏​សុភមង្គល និង​ការបំពេញ​ចិត្ត​មិន​ត្រូវបាន​លាក់ទុក​ពី​អស់​អ្នក​ដែល​មិន​បាន​រៀបការ​ដែរ ។ ( ប្រធានបទ​នេះ​នឹង​ត្រូវ​ពិភាក្សា​បន្ថែម​ទៀត​នៅក្នុង​មេរៀន​ក្រោយ ) ។ មនុស្ស​គ្រប់រូប​អាច​មាន​អំណរ​ដ៏យូរ​អង្វែង និង​ការរីក​ចម្រើន​ដ៏មាន​អត្ថន័យ ហើយ​ចូលរួម​ចំណែក​តាម​ការចាំបាច់​នាពេល​នេះ​បាន ក្នុងនាម​ជា​អ្នកចូលរួម​សកម្ម​យ៉ាង​ពេញលេញ​នៅក្នុង​ផែនការ និង​នគរ​របស់​ព្រះ ។

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​នឹង​ចែកចាយ​អ្វីខ្លះ ជាមួយ​នឹង​អ្នក​ដែល​មាន​អារម្មណ៍​ថា ឱកាស​របស់​ពួកគេ​ដើម្បី​មាន​សុភមង្គល និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ត្រូវ​បាត់បង់ ព្រោះ​ពួកគេ​មិន​បាន​រៀបការ ?

ផ្នែក​ទី ៣

តើ​ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ខ្ញុំ​ឲ្យ​យកឈ្នះ​លើ​ការភ័យខ្លាច ហើយ​ទទួល​បាន​អំណរ​នៅក្នុង​អាពាហ៍ពិពាហ៍​ដោយ​របៀប​ណា ?

សូម​គិត​អំពី​សំណួរ ឬ​កង្វល់​ដែល​អ្នក ឬ​មនុស្ស​ដែល​នៅជុំវិញ​អ្នក មាន​អំពី​ការរៀប​អាពាហ៍ពិពាហ៍ ។ អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ពី​មូលហេតុ​មួយ ដែល​មនុស្ស​មួយ​ចំនួន​ពន្យារ​ការខិតខំ​របស់​ខ្លួន​ដើម្បី​រៀប​អាពាហ៍ពិពាហ៍ ៖

រូបភាព
អែលឌើរ ឃ្វីនថិន អិល ឃុក

មនុស្ស​មួយ​ចំនួន​ពន្យារ​ពេល​រៀបការ​រហូតដល់​បញ្ចប់​ការសិក្សា ហើយ​រក​ការងារ​បាន​ធ្វើ​សិន ។ ទោះជា​ទង្វើ​នេះ​ត្រូវ​ពិភពលោក​ទទួល​ស្គាល់​ក្ដី ក៏​ហេតុផល​នេះ​ពុំ​បង្ហាញពី​សេចក្ដី​ជំនឿ ពុំ​ធ្វើតាម​ដំបូន្មាន​ពួកព្យាការី​សម័យ​ទំនើប ហើយ​ពុំសមស្រប​ទៅនឹង​គោលលទ្ធិ​ឡើយ ។ ( « Choose Wisely » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៤៧ )

រូបភាព
យុវមជ្ឈិមវ័យ​ម្នាក់​កំពុង​បណ្តែត​អារម្មណ៍​សម្លឹង​មើល​ទៅ​ព្រះអាទិត្យ​រៀប​លិច

ជាញឹកញាប់ ពួកសត្រូវ​បង្កើន​ឲ្យមាន​ការភ័យខ្លាច ការមាន​មូលហេតុ​ខាង​ជីវិត​រមែង​ស្លាប់ ឬ​ការរំខាន​នានា ដែល​អាច​រារាំង​មនុស្ស​មិនឲ្យ​រៀប​អាពាហ៍ពិពាហ៍ ។ មនុស្ស​មួយ​ចំនួន​មាន​ការភ័យខ្លាច​មុនពេល ឬ​អំឡុងពេល​អាពាហ៍ពិពាហ៍ ព្រោះ​ពួកគេ​បាន​ឃើញ​ឧបសគ្គ​នានា ដែល​កើតមាន​ចេញពី​ការលែងលះ ។ ( នៅក្នុង​មេរៀន​ក្រោយៗ អ្នក​នឹង​រៀន​ពី​គោលការណ៍ ដែល​អាច​ជួយ​អ្នក​ឲ្យពង្រឹង​អាពាហ៍ពិពាហ៍​របស់​អ្នក ហើយ​រារាំង​មិន​ឲ្យមាន​ការលែងលះ​គ្នា ) ។

តើ​អ្វី​ទៅ​ដែល​អាច​ជួយ​អ្នក​ឲ្យ​គិតពី​អាពាហ៍ពិពាហ៍​ដោយ​មាន​ទំនុកចិត្ត ?

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន សុភាសិត ៣:៥–៦; ធីម៉ូថេ ទី២ ១:៧; និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:៣៦ ។ សូម​ពិចារណា​ពី​របៀប​ដែល​ការបង្រៀន​ទាំងនេះ​អាច​អនុវត្ត​បាន ចំពោះ​របៀប​ដែល​អ្នក​គិតពី​អាពាហ៍ពិពាហ៍ ។

ប្រធាន ជីន ប៊ី ប៊ីងហាំ ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​បង្រៀន​ថា ៖

រូបភាព
ប្រធាន ជីន ប៊ី ប៊ីងហាំ

ពេល​ខ្លះ​យើង​ខ្វះ​ការទុកចិត្ត ដោយសារ​យើង​ពុំ​យល់ពី​ក្ដីស្រឡាញ់​ដ៏ពិត​របស់​ព្រះ និង​ព្រះទ័យ​ទ្រង់​ចង់​ជួយ​យើង ។ ប៉ុន្តែ​ពេល​យើង​សិក្សា​អំពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌ និង​បេសកកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​យល់​ថា គោលបំណង​តែ​មួយគត់​របស់​ទ្រង់​គឺជា​សុភមង្គល និង​ការរីកចម្រើន​ដ៏អស់កល្ប​របស់​យើង [ សូមមើល ម៉ូសេ ១:៣៩ ] ។ ( « That Your Joy Might Be Full » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨៦ )

នៅពេល​បុគ្គល​ម្នាក់ៗ​រៀបការ ហើយ​នៅពេល​ប្ដីប្រពន្ធ​ទាំងពីរ​នាក់​បន្ដ​អនុវត្ត​សេចក្ដី​ជំនឿ នោះ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​បន្ដ​ដឹកនាំ និង​ប្រទាន​ពរជ័យ​ដល់​ពួកគេ ។ ខណៈ​កំពុង​បម្រើ​ជា​សមាជិក​ក្នុង​ពួកចិតសិប​នាក់ អែលឌើរ ហក ដបុលយូ ភិនណក់ បាន​បង្រៀន​ថា « ព្រះ​បាន​ចូលរួម​យ៉ាង​សំខាន់​ចំពោះ​អាពាហ៍ពិពាហ៍ [ របស់​លោក​អ័ដាម និង​នាង​អេវ៉ា ] ហើយ​ទ្រង់​មាន​ក្ដីបារម្ភ និង​រួមចំណែក​គ្រប់​អាពាហ៍ពិពាហ៍​ទាំងអស់​នៅ​សព្វថ្ងៃ​នេះ ដូច​ពេល​មុន​ដែរ » ( « Making a Marriage Work » Ensign ខែ កញ្ញា ឆ្នាំ ១៩៨១ ទំព័រ ៣៧ ) ។ ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​សព្វ​ព្រះទ័យ​ចង់​ជួយ​អ្នក ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ការស្ថាបនា​អាពាហ៍ពិពាហ៍​ដ៏អស់កល្ប​ជានិច្ច​មួយ ។

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

ប្រធាន ប៊ូនី អេច ខ័រឌុន ដែល​ជា​ប្រធាន​យុវនារី​ទូទៅ​បាន​កត់សម្គាល់​ថា « យើង​ម្នាក់ៗ​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​អាច​បន្ត​ឈរ​នៅ​ចំណុច​កណ្ដាល ហើយ កុំ​ពឹង​ផ្អែក​លើ យោបល់​ខ្ញុំ​តាម​របៀបណា ? តើ​ខ្ញុំ​ស្គាល់ ហើយ​ធ្វើ​តាម​ព្រះសូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ​តាម​របៀបណា កាល​សំឡេង​នៃ​ពិភពលោក​នេះ​លាន់​ឮ​ខ្លាំង​នោះ ? តើ​ខ្ញុំ​បណ្ដុះ​ការទុកចិត្ត​លើ​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ណា ? » ( « Trust in the Lord and Lean Not » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៦ ) ។ សូម​កត់ត្រា​គំនិត​របស់​អ្នក​អំពី​សំណួរ​របស់​ប្រធាន ខ័រឌុន នៅពេល​វា​ទាក់ទង​ទៅនឹង​អាពាហ៍ពិពាហ៍ ។ សូម​ពិចារណា​ផងដែរ​ថា តើ​មាន​អ្វីមួយ​ដែល​រារាំង​អ្នក​ពី​ការគិត​ដល់ ( ឬ​ការគិត​ដែល​កាន់តែ​ខ្លាំង​អំពី ) អាពាហ៍ពិពាហ៍​ដ៏អស់កល្ប​ជានិច្ច​ដែរ​ឬទេ ។