ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១០ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍


« មេរៀន​ទី ១០ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១០ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

រូបភាព
គូស្វាមី​ភរិយា​មួយគូ​ដែល​បាន​រៀបការ​ឈរ​នៅខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ ម៉ានីល ហ្វីលីពីន

មេរៀន​ទី ១០ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍

នៅក្នុង មេរៀន​ទី ៦ យើង​បាន​រៀន​ថា អាពាហ៍ពិពាហ៍​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ ។ ប្រធាន រ័សុល អិម ណិលសុន ក៏បាន​បង្រៀន​ផងដែរ​ថា អាពាហ៍ពិពាហ៍​សេឡេស្ទាល​គឺជា « ប្រភេទ​អាពាហ៍ពិពាហ៍​ដ៏ខ្ពស់​បំផុត និង​យូរ​អង្វែង​បំផុត ដែល​ព្រះបង្ក​បង្កើត​របស់​យើង​អាច​ប្រទាន​ដល់​បុត្រា​បុត្រី​របស់​ទ្រង់​បាន » ដើម្បី​នាំឲ្យ​មាន « លទ្ធភាព​ទទួល​បាន​សុភមង្គល​កាន់តែ​ខ្លាំង​ឡើង ជាង​ទំនាក់ទំនង​ណាៗ​ផ្សេងទៀត​ទាំងអស់ » ( « Celestial Marriage » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៩២, ៩៣ ) ។ នៅពេល​អ្នក​សិក្សា​ឯកសារ​នេះ សូម​គិត​ពិចារណា​ពី​អារម្មណ៍​របស់​អ្នក​ផ្ទាល់​អំពី​អាពាហ៍ពិពាហ៍​ដ៏អស់កល្ប​ជានិច្ច និង​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​រស់នៅ​ឲ្យស័ក្ដិសម​ទៅនឹង​អាពាហ៍ពិពាហ៍​នេះ ។

ផ្នែក​ទី ១

ហេតុអ្វី​ខ្ញុំ​គួរតែ​ខិតខំ​ដើម្បី​មាន​អាពាហ៍ពិពាហ៍​ដ៏អស់កល្ប​ជានិច្ច ?

នៅពេល​អ្នក​គិត​អំពី​អាពាហ៍ពិពាហ៍​របស់​មនុស្ស​ដែល​អ្នក​ស្គាល់ អ្នក​អាច​ឆ្ងល់​ថា តើ​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខុសពី​អាពាហ៍ពិពាហ៍​ស៊ីវិល​យ៉ាង​ដូចម្ដេច ។

យើង​ជឿ​ថា « ផែនការ​នៃ​សុភមង្គល​ដ៏ទេវភាព​នេះ​អាច​ធ្វើឲ្យ​ទំនាក់ទំនង​ក្រុម​គ្រួសារ​ចេះ​តែ​បន្ត​មាន​រហូត​ហួស​ពី​សេចក្តី​ស្លាប់ » ( « The Family: A Proclamation to the World » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ទំនាក់ទំនង​គ្រួសារ​ដ៏អស់កល្ប​ជានិច្ច​អាច​កើតមាន​ឡើង​ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រធាន ណិលសុន បាន​បង្រៀន​ថា « ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ … បាន​ធ្វើឲ្យ​ការរស់​ឡើងវិញ​ក្លាយជា​ការពិត​ចំពោះ​មនុស្ស​ទាំងអស់ ហើយ​បាន​ធ្វើឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច​ចំពោះ​អស់​អ្នក​ដែល​ប្រែចិត្តពី​អំពើបាប​របស់​ពួកគេ ហើយ​ទទួល​យក និង​រក្សា​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​សំខាន់ៗ​ទាំងឡាយ » ( « Drawing the Power of Jesus Christ into Our Lives » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤០ ) ។ នៅ​ជំនាន់​ចុងក្រោយ​នេះ ព្រះអម្ចាស់​បាន​ស្ដារ​ឡើងវិញ​នូវ​សិទ្ធិ​អំណាច ពិធី​បរិសុទ្ធ និង​សេចក្តី​សញ្ញា​ទំាងឡាយ ដែល​អាច​ស្ថាបនា​អាពាហ៍ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ច​ឡើង​បាន ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣១:១–៤ ដោយ​រកមើល​អ្វី​ដែល​យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​អំពី​សេចក្ដី​សញ្ញា​អាពាហ៍ពិពាហ៍​ដ៏អស់កល្ប​ជានិច្ច ។ ( កំណត់​ចំណាំ ៖ លំដាប់​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល​គឺជា​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ឬ​ភាពតម្កើង​ឡើង ) ។

ដូច​ដែល​បាន​ប្រើ​នៅក្នុង ខទី ២ ពាក្យ ថ្មី មាន​ន័យ​ថា សេចក្ដី​សញ្ញា​នេះ​ត្រូវបាន​ស្ដារ​ឡើងវិញ​ជាថ្មី​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​របស់​យើង ។ សេចក្ដី​សញ្ញា​នេះ​ក៏​អស់កល្ប​អស់កាល​ជានិច្ច​ផងដែរ ដោយសារ​វា​អស់កល្ប ហើយ​វា​មាន​វត្តមាន​តាំងពី « មុន​កំណើត​លោកិយ​មក​ម្ល៉េះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៥ ) ។ វា​គឺជា​ផ្នែក​មួយ​នៃ​សេចក្តី​សញ្ញា ដែល​ព្រះ​បាន​ចុះ​ជាមួយ​នឹង​អ័ប្រាហាំ និង​ភរិយា​របស់​លោក សារ៉ាយ ជាយូរ​មក​ហើយ ។

យើង​រៀន​មកពី​វចនានុក្រម​ព្រះគម្ពីរ​ប៊ីប​ថា « ដំបូង​ឡើយ អ័ប្រាហាំ​បានទទួល​ដំណឹងល្អ​តាមរយៈ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ( ដែល​ជា​សេចក្ដី​សញ្ញា​នៃ​សេចក្ដី​សង្គ្រោះ ) ។ បន្ទាប់មក លោក​បាន​ទទួល​បព្វជិតភាព​ជាន់​ខ្ពស់ ហើយ​លោក​បាន​ចូល​ទៅក្នុង​អាពាហ៍ពិពាហ៍​សេឡេស្ទាល ( ដែល​ជា​សេចក្ដី​សញ្ញា​នៃ​ភាពតម្កើង​ឡើង ) ដោយ​ទទួល​បាន​នូវ​ការអះអាង​ដូច្នេះ​ថា លោក​នឹង​មាន​ការរីកចម្រើន​ដ៏អស់កល្ប​ជានិច្ច [ កូនចៅ​ដ៏ច្រើន​រាប់​មិន​អស់ ] » ( Bible Dictionary « Abraham, covenant of » ) ។

ព្រះអម្ចាស់​បាន​សន្យា​នឹង​អ័ប្រាហាំ​ថា « យើង​នឹង​ចម្រើន​ពូជ​ឯង​ឲ្យមាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅលើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ » ( លោកុប្បត្តិ ២២:១៧ ) ។ អាពាហ៍ពិពាហ៍​សេឡេស្ទាល​រួមមាន​នូវ​ពរជ័យ​នៃ « [ ការ ] មាន​កូនៗ​នៅក្នុង … សិរីល្អ​សេឡេស្ទាល » ( យ៉ូសែប ស៊្មីធ នៅក្នុង History, 1838–1856 [Manuscript History of the Church] វ៉ុល D-1 ទំព័រ ១៥៥១ [ នៅលើ​គេហទំព័រ josephsmithpapers.org ] ) ។

ព្រះអម្ចាស់​បាន​បន្ដ​សន្យា​នឹង​អ័ប្រាហាំ​ថា រាល់​ពរជ័យ​ទាំងអស់​នេះ​នឹង​ត្រូវបាន​ប្រគល់​ដល់​កូនចៅ​ខាង​សាច់ឈាម​របស់​លោក​ទាំងអស់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:២៩–៣១; អ័ប្រាហាំ ២:៦–១១ ) ។ ចំណែក​នៃ​សេចក្ដី​សញ្ញា​អ័ប្រាហាំ​ដែល​ទាក់ទង​ទៅនឹង​អាពាហ៍ពិពាហ៍​ដ៏អស់កល្ប​ជានិច្ច និង​ការរីក​ចម្រើន​ដ៏អស់កល្ប​ជានិច្ច នោះ​គឺ​ត្រូវបាន​រំឭក​ជាមួយ​នឹង​បុគ្គល​ម្នាក់ៗ​ដែល​ចូល​ទៅក្នុង « ​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ » ( សូមមើល​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:២ ) ។ ឬ​និយាយ​ម្យ៉ាង​ទៀត​ថា តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​អាពាហ៍ពិពាហ៍ នោះ​យើង​ទទួល​បាន​ការសន្យា​ពរជ័យ​ដូចគ្នា​នឹង​លោក​អ័ប្រាហាំ​ដែរ ។

រូបភាព
បន្ទប់​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី

នៅពេល​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ពួកគេ​បាន​ចុះ​សេចក្ដី​សញ្ញា​ដ៏ពិសិដ្ឋ​ជាមួយ​នឹង​ព្រះ និង​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។ ការណ៍​នេះ​រួមមាន​សេចក្ដី​សញ្ញា​ដើម្បី​បន្ដ​នៅ​ស្មោះត្រង់​ជាមួយ​គ្នា​ទៅវិញ​ទៅមក និង​ជាមួយ​នឹង​ព្រះ ការរស់នៅ​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ ការគោរព​តាម​សេចក្ដី​សញ្ញា​ទាំងអស់​នៃ​ដំណឹងល្អ​ដែល​ពួកគេ​បាន​ចុះ ហើយ​និង​ការបង្កើត​កូនចៅ​ឲ្យបាន​ចម្រើន​ឡើង​ពាសពេញ​ផែនដី ។

រូបភាព
សេចក្ដី​សញ្ញា​អាពាហ៍ពិពាហ៍​បង្ហាញជា​រាង​ត្រីកោណ

សូម​ពិចារណា​ពី​អត្ថន័យ​នៃ​រូបភាព​នេះ កាល​ដែល​វា​ទាក់ទង​ទៅនឹង​សេចក្ដី​សញ្ញា​នៃ​អាពាហ៍ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ច ។ ពាក់ព័ន្ធ​ទៅនឹង​ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​នេះ អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ចំណុច​ប្រសព្វគ្នា នៅក្នុង​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​ដែល​នៅក្នុង​សេចក្ដីសញ្ញា​មួយ ។ សូម​កត់ចំណាំ​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​ទីតាំង​គង់​នៅ​ចុង​កំពូល​នៃ​ត្រីកោណ​នេះ ដោយ​មាន​ស្ដ្រី​ម្នាក់​នៅ​គល់​នៃ​ជ្រុងម្ខាង ហើយ​បុរស​ម្នាក់​នៅ​គល់​នៃ​ជ្រុង​ម្ខាង​ទៀត​នៃ​ត្រីកោណ​នោះ ។ ឥឡូវនេះ សូម​ពិចារណា​អំពី​អ្វី​ដែល​កើតឡើង​នៅក្នុង​ទំនាក់ទំនង​រវាង​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់ នៅពេល​ពួកគេ « មករក​ព្រះគ្រីស្ទ » រៀងៗ​ខ្លួន និង​ដោយ​ខ្ជាប់ខ្ជួន ហើយ​ខិតខំ​ដើម្បី « បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ » ( មរ៉ូណៃ ១០:៣២ ) ។ ដោយសារ​តែ និង​តាមរយៈ​ព្រះ​ដ៏​ប្រោសលោះ នោះ​បុរស និង​ស្ដ្រី​រូប​នេះ​ខិត​ជិតគ្នា​កាន់តែ​ខ្លាំង ។ ( « Marriage Is Essential to His Eternal Plan » Ensign ខែ មិថុនា ឆ្នាំ ២០០៦ ទំព័រ ៨៦ )

រូបភាព
គូ​ស្វាមី​ភរិយា​វ័យក្មេង​កាន់ដៃគ្នា​នៅខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ
រូបភាព
រូបតំណាង​ការពិភាក្សា

ពិភាក្សា​ក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

ប្រសិនបើ​អាច​ធ្វើ​ទៅបាន សូម​ពិភាក្សា​សំណួរ​ខាងក្រោម​នេះ​ជាមួយ​នរណា​ម្នាក់ ដែល​បាន​ផ្សារភ្ជាប់​នឹង​ស្វាមី ឬ​ភរិយា​របស់​គាត់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដូចជា​ឪពុក ឬ​ម្ដាយ ជីដូន ឬ​ជីតា ថ្នាក់​ដឹកនាំ​សាសនាចក្រ ឬ​មិត្តភក្ដិ ។ ប្រសិនបើ​អ្នក​បាន​រៀបការ​រួចហើយ អ្នក​អាច​ធ្វើ​ការសន្ទនា​នេះ​ជាមួយ​នឹង​ស្វាមី ឬ​ភរិយា​របស់​អ្នក​បាន ។ សូម​មកកាន់​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន ដើម្បី​ចែកចាយ​អ្វី​មួយ​ដែល​អ្នក​បាន​រៀន ។

  • តើ​វា​មាន​សភាព​យ៉ាងណា សម្រាប់​អ្នក​ពេល​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​ការចូល​ទៅក្នុង​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ បាន​ផ្ដល់​ពរជ័យ​ដល់​អ្នក និង​គូ​ស្វាមី​ភរិយា​របស់​អ្នក​យ៉ាង​ដូចម្ដេច​ខ្លះ​ក្នុង​ពេល​កន្លង​មក ?

  • តើ​កិច្ចខិតខំ​ផ្ទាល់ខ្លួន​របស់​អ្នក​ដើម្បី​ខិត​ទៅ​កាន់តែ​ជិត​ព្រះ​បាន​ជួយ​អ្នក និង​គូ​ស្វាមី​ភរិយា​របស់​អ្នក ឲ្យ​ខិត​ទៅជិត​គ្នា​កាន់តែ​ខ្លាំង​ឡើង​តាម​របៀប​ណា ?

ផ្នែក​ទី ២

តើ​ខ្ញុំ​ត្រូវ​ធ្វើការ​ជ្រើសរើស​អ្វីខ្លះ ដើម្បី​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​បាន​អស់កល្ប​ជានិច្ច ?

ព្រះអម្ចាស់​បាន​បើក​សម្ដែង​ថា ប្រសិនបើ​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់​មិន​បាន​រៀប​អាពាហ៍ពិពាហ៍​ស្របតាម​ក្រឹត្យវិន័យ​របស់​ទ្រង់ ( ការចូល​ទៅក្នុង​សេចក្តី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ ) និង​ដោយ​សិទ្ធិ​អំណាច​របស់​ទ្រង់​ទេ នោះ​អាពាហ៍ពិពាហ៍​របស់​ពួកគេ « គ្មាន​ប្រសិទ្ធភាព​ឡើយ កាលណា​ពួកគេ​ស្លាប់​ទៅ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៥ ) ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ ការផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​តែ​ម្យ៉ាង ក៏​មិន​ធានា​ឲ្យ​បាន​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច​បាន ដែរ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣២:១៩–២០ ហើយ​ពិចារណា​គូស​ចំណាំ​អ្វី​ដែល​តម្រូវ​ឲ្យ​មាន​លើស​ពី​ពិធី​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​ទៅ​ទៀត ដើម្បី​មាន​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច​មួយ ។

រូបភាព
គូ​ស្វាមី​ភរិយា​ដែល​បាន​រៀបការ​ដ៏​រីករាយ​មួយ​គូ​កំពុង​កាន់ដៃគ្នា

អ្នក​អាច​បាន​កត់​សម្គាល់​នៅក្នុង ខទី ១៩ ថា អាពាហ៌ពិពាហ៌​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​តែ « បាន​ភ្ជាប់ … ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា » ដើម្បី​បាន​អស់កល្ប​ជានិច្ច ។ យើង​រៀន​មកពី​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​ថា « ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា ( កិច្ចការ ២:៣៣ ) ។ ទ្រង់​បញ្ជាក់​នូវ​សេចក្ដី​សុចរិត ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​នៃ​មនុស្ស ដែល​រាប់​ថា​គួរ​សម​ដល់​ព្រះ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា​ធ្វើ​ទីបន្ទាល់​ដល់​ព្រះវរបិតា​ថា ពិធីបរិសុទ្ធ​ទាំងឡាយ​ខាង​ការសង្គ្រោះ​នោះ​បាន​ធ្វើ​ដោយ​ត្រឹមត្រូវ ហើយ​ថា​សេចក្ដី​សញ្ញា​ដែល​រួម​នឹង​ពិធី​ទាំងនោះ ក៏បាន​កាន់​តាម » ( « ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

នៅពេល​ប្ដីប្រពន្ធ « នៅ​ជាប់​ក្នុង​សេចក្ដី​សញ្ញា [ នោះ ] » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៩ ) នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយ​នៅក្នុង​តួនាទី​របស់​ទ្រង់​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា នឹង​បញ្ជាក់​ដល់​ព្រះ​ថា ពួកគេ​បាន​រក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ ហើយ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​នឹង​បាន​អស់កល្ប​ជានិច្ច ។ ដើម្បី​បាន « នៅ​ជាប់​ក្នុង​សេចក្ដី​សញ្ញា [ នោះ ] » នោះ​ទាំង​ប្ដី​ទាំង​ប្រពន្ធ​ត្រូវតែ​គោរព​តាម​លក្ខន្ដិកៈ​នៃ​សេចក្ដី​សញ្ញា​ដែល​បាន​ផ្សារភ្ជាប់​របស់​ពួកគេ​ដោយ​ភាពស្មោះត្រង់ ។ អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការគោរព​តាម​សេចក្ដី​សញ្ញា​ទាំងនេះ ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

ដូច​បាន​បង្រៀន​នៅក្នុង​បទគម្ពីរ​នេះ [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៩ ] ចំណង​អាពាហ៍ពិពាហ៍​ដ៏អស់កល្ប​ជានិច្ច​មិន​កើតឡើង ដោយ​គ្រាន់តែ​ជា​លទ្ធផល​នៃ​សេចក្ដី​សញ្ញា​ដែល​បាន​ផ្សារភ្ជាប់ ដែល​យើង​បាន​ចុះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ ។ របៀប​ដែល​យើង​ដឹកនាំ​ជីវិត​របស់​យើង​នៅក្នុង​ជីវិត​នេះ នឹង​កំណត់​ពី​អ្វី​ដែល​យើង​នឹង​ប្រែក្លាយ នៅក្នុង​ភាពអស់កល្ប​ទាំងពួង​នៅឯ​បរលោក​នាយ​ខាងមុខ ។ ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ការផ្សារភ្ជាប់ ដែល​ព្រះវរបិតាសួគ៌​របស់​យើង​បាន​ប្រទាន​ដល់​យើង នោះ​យើង​ត្រូវតែ​កាន់តាម​បទបញ្ញតិ្ត​ទាំងឡាយ ហើយ​ដឹកនាំ​ជីវិត​របស់​យើង​ទៅ​តាម​របៀប​មួយ ដែល​ក្រុមគ្រួសារ​របស់​យើង​នឹង​ចង់​រស់នៅ​ជាមួយ​យើង​នៅក្នុង​ភាពអស់កល្ប​ជានិច្ច ។ ( « The Eternal Family » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៦៥ )

នៅក្នុង​ការព្យាយាម​ដើម្បី​ធ្វើជា​មនុស្ស​ដ៏ល្អ​បំផុត​ដែល​យើង​អាច​ក្លាយ​ទៅ​ជា និង​ដើម្បី​រក្សា​សេចក្ដី​សញ្ញា​របស់​យើង នោះ​យើង​អាច​មើល​ទៅ​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។ ដូច​ដែល​អែលឌើរ រ៉ូណល អេ រ៉ាសបាន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ រ៉ូណល អេ រ៉ាសបាន

ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវ​គ្រីស្ទ គឺជា​គំរូ​ដ៏​អស្ចារ្យ​របស់​យើង ពេល​យើង​និយាយ​ពី​ការចុះ និង​ការរក្សា​សេចក្ដី​សន្យា និង​សេចក្ដី​សញ្ញា ។ ទ្រង់​បាន​យាង​មក​ឯ​លោកិយ ដោយ​សន្យា​ថា​នឹង​ធ្វើតាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា ។ ទ្រង់​បាន​បង្រៀន​គោលការណ៍​នៃ​ដំណឹងល្អ​តាមរយៈ​ព្រះបន្ទូល និង​តាមរយៈ​ទង្វើ ។ ទ្រង់​បាន​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើបាប​របស់​យើង ដើម្បី​យើង​អាច​បាន​រស់​ម្តង​ទៀត ។ ទ្រង់​បាន​រក្សា​សេចក្ដី​សន្យា​របស់​ទ្រង់​ទាំងអស់ ។

… ការរក្សា​សេចក្ដី​សន្យា​មិនមែន​ជា​ទម្លាប់​ទេ តែ​វា​គឺជា​ចរិត​លក្ខណៈ​នៃ​ការក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ …

សំណួរ​ខ្ញុំ​នៅ​ថ្ងៃនេះ​គឺ​ថា តើ​យើង​រក្សា​សេចក្ដី​សន្យា និង​សេចក្ដី​សញ្ញា​របស់​យើង​ឬ​ទេ ឬ​វា​ជា​ការតាំងចិត្ត​មិន​អស់​ពី​ចិត្ត​ពេលខ្លះ ដែល​ធ្វើ​ដោយ​គាប់ជួន ហើយ​ដែល​ងាយ​នឹង​មិន​ធ្វើ​តាម ? ( « Standing by Our Promises and Covenants » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៥៣, ៥៤ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​អាច​កាន់តែ​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ នៅក្នុង​ការកាន់តាម​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ និង​ការសន្យា​ទាំងឡាយ ដែល​អ្នក​បាន​ចុះ​ជាមួយ​ព្រះ​ដោយ​របៀប​ណា ? តើ​អ្នក​អាច​ធ្វើអ្វី​ខ្លះ​បន្ថែម​ទៀត ដើម្បី​កាន់តាម ឬ​រៀបចំ​ខ្លួន​កាន់​តាម​សេចក្ដី​សញ្ញា​ដែល​បាន​ផ្សារភ្ជាប់​របស់​អ្នក ?