ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការបីបាច់​ទំនាក់ទំនង​អាពាហ៍ពិពាហ៍


« មេរៀន​ទី ១២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការបីបាច់​ទំនាក់ទំនង​អាពាហ៍ពិពាហ៍ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

រូបភាព
ស្វាមី និង​ភរិយា​ដ៏រីករាយ

មេរៀន​ទី ១២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការបីបាច់​ទំនាក់ទំនង​អាពាហ៍ពិពាហ៍

តើ​អ្នក​ធ្លាប់​បាន​ឃើញ​ស្វាមី​ភរិយា​មួយ​គូ ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​ដ៏រឹងមាំ និង​រីករាយ ហើយ​ធ្លាប់​ឆ្ងល់​ទេ​ថា តើ​ពួកគេ​មាន​គន្លឹះ​អ្វី​ចំពោះ​ភាពជោគជ័យ​របស់​ពួកគេ ? ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​សង្កេត​ឃើញ​ថា « អាពាហ៍ពិពាហ៍​ដ៏សុខដុម​មួយ​ត្រូវការ​ពេលវេលា ។ វា​តម្រូវ​ឲ្យមាន​ការខិតខំ ។ អ្នក​ត្រូវតែ​ខំ​ថែទាំ​វា ។ អ្នក​ត្រូវតែ​ខំ​បណ្ដុះ​វា » ( « Life’s Obligations » Ensign ខែ កុម្ភៈ ឆ្នាំ ១៩៩៩ ទំព័រ ៤ ) ។ នៅពេល​អ្នក​សិក្សា​គោលលទ្ធិ និង​គោលការណ៍​នៅក្នុង​មេរៀន​នេះ សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​រៀបចំ​ខ្លួនអ្នក​សម្រាប់​អាពាហ៍ពិពាហ៍​ដ៏រីករាយ​មួយ ឬ​ដើម្បី​បីបាច់​អាពាហ៍ពិពាហ៍​របស់​អ្នក​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង ។

ផ្នែក​ទី ១

តើ​ស្វាមី ឬ​ភរិយា​របស់​ខ្ញុំ និង​ខ្ញុំ​អាច​ស្ថាបនា​អាពាហ៍ពិពាហ៍​ដ៏​រីករាយ និង​ដ៏នៅ​អស់កល្ប​ជានិច្ច​មួយ​បាន​ដោយ​របៀប​ណា ?

នៅក្នុង​ពិភពលោក​ដែល​អាពាហ៍ពិពាហ៍​ជាច្រើន​ហាក់​ដូចជា​ពិបាក ឬ​បញ្ចប់​ដោយ​ការលែងលះ​គ្នា នោះ​មនុស្ស​មួយ​ចំនួន​អាច​ឆ្ងល់​ថា តើ​សុភមង្គល​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​ពិតជា​អាច​កើតមាន​ចំពោះ​ពួកគេ​មែន​ឬ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​សារលិខិត​នៃ​សេចក្ដី​សង្ឃឹម​ដូច​តទៅ​នេះ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ខ្ញុំ​សូម​ប្រកាស​ដោយ​មិន​ស្ទាក់ស្ទើរ យ៉ាង​មុតមាំ និង​ដោយ​ឥត​ងាករេ​ថា វា​មិន​ត្រឹមតែ​មាន​អាពាហ៍ពិពាហ៍​ដ៏រីករាយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​អាពាហ៍ពិពាហ៍​ដ៏រីករាយ​នេះ​ក៏ជា​ច្បាប់​ផងដែរ មិនមែន​ជា​ករណី​លើកលែង​នោះទេ ។

ស៊ីស្ទើរ ហូឡិន និង​ខ្ញុំ​គឺជា​ភស្ដុតាង​នៅរស់​ថា អ្នក​មិន​គ្រាន់តែ​អាច​រស់នៅ​យ៉ាង​រីករាយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថា​អ្នក​ថែមទាំង​អាច​អរ​រីករាយ​យ៉ាងខ្លាំង​ទៀត​ផង ។ …

អ្នក​ត្រូវតែ​ខំ​ថែទាំ​អាពហ៍ពិពាហ៍​នោះ ។ រឿង​ល្អៗ​គ្រប់យ៉ាង​ដែល​ខ្ញុំ​បាន​ដឹង​នៅក្នុង​ពិភពលោក​នេះ គឺ​វាបាន​កើតឡើង​ដោយសារ​អ្នក​ខំ​ថែទាំ​វា ។

ព្រះ​នឹង​ជួយ​ដល់​អ្នក ។ ក្នុង​ចំណោម​អ្វីៗ​ទាំងអស់​នៅក្នុង​ពិភពលោក​នេះ ដែល​ទ្រង់​នឹង​ជួយ​ដល់​អ្នក នោះ​ទ្រង់​នឹង​ជួយ​អ្នក​ក្នុង​រឿង​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​របស់​អ្នក ដោយសារ​វា​មាន​សារៈសំខាន់​ចំពោះ​ទ្រង់ ដូចដែល​វា​មាន​សារៈសំខាន់​ចំពោះ​អ្នក​ផង​ដែរ ។ ( « You Asked—They Answered: Marriage and Family » New Era ខែ សីហា ឆ្នាំ ២០១៦ ទំព័រ ៣ )

រូបភាព
គូ​ស្វាមី​ភរិយា​មួយគូ​កាន់ដៃគ្នា​នៅឯ​ព្រះវិហារ​បរិសុទ្ធ

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ អិល វិតនី ក្លេតុន ដែល​បាន​បម្រើជា​សមាជិក​ក្នុង​ពួកចិតសិប​នាក់ អំពី​អ្វី​ដែល​បាន​រួម​ចំណែក​ដល់​អាពាហ៍ពិពាហ៍​ដ៏រីករាយ និង​នៅ​អស់កល្ប​ជានិច្ច​មួយ ។ សូម​ពិចារណា​គូស​ចំណាំ​គោលការណ៍​នានា ដែល​អ្នក​រកឃើញ ។

រូបភាព
អែលឌើរ អិល វិតនី ក្លេតុន

ខ្ញុំ​បាន​សង្កេតឃើញ​ថា នៅក្នុង​អាពាហ៍ពិពាហ៍​ដ៏​មាន​សុភមង្គល​បំផុត ទាំង​ស្វាមី និង​ភរិយា​គិតថា ទំនាក់ទំនង​របស់​ពួកគេ​គឺ​មាន​តម្លៃ​ថ្លៃ​ជាង​គ្រាប់គុជ​ទៅ​ទៀត វា​ជា​រតនសម្បត្តិ​ដ៏​មាន​តម្លៃ​ឥតគណនា ។ … ពួកគេ​ដឹង​ថា គ្មាន​ទំនាក់ទំនង​ណា​ផ្សេង​ទៀត អាច​នាំ​មក​នូវ​ក្ដីអំណរ​ដ៏​ច្រើន បង្កើត​សេចក្ដី​ល្អ ឬ​បង្កើត​ឲ្យ​មាន​ការរីក​ចម្រើន​ផ្ទាល់ខ្លួន​ច្រើន​ជាង​ទំនាក់ទំនង​នេះ​នោះ​ទេ ។ …

… អាពាហ៍ពិពាហ៍​អស់កល្ប​ដ៏ជោគជ័យ​គឺ ស្ថាបនា​ឡើង​នៅលើ​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ និង​ការគោរព​ប្រតិបត្តិ​យ៉ាងខ្ជាប់​តាម​ការបង្រៀន​របស់​ទ្រង់ [ សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ] ។ …

… អាពាហ៍ពិពាហ៍​រីករាយ​អាស្រ័យ​ទៅលើ​អំណោយទាន​នៃ​ការប្រែចិត្ត ។ …

ភាពរាបសា​គឺជា​ផ្នែក​សំខាន់​បំផុត​នៃ​ការប្រែចិត្ត ។ ភាពរាបសា​គឺ​ពុំ​គិត​ពី​ខ្លួន​ឯង ពុំ​អាត្មា​និយម ។ … ភាពរាបសា​មានន័យ​ថា ទាំង​ស្វាមី និង​ភរិយា​ស្វែងរក​ពរជ័យ ជួយ និង​លើក​តម្កើងគ្នា​ទៅវិញ​ទៅមក គិត​ពី​គ្នា​ថា​សំខាន់​នៅ​គ្រប់​ការសម្រេច​ចិត្ត​ទាំងអស់ ។ …

… អាពាហ៍ពិពាហ៍​រីករាយ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ឃើញ គឺ​ទទួល​ឥទ្ធិពល​មកពី​ការគោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​មួយដ៏​រីករាយ​បំផុត—ការដែល​យើង « រស់នៅ​ជាមួយ​គ្នា​ដោយ​នូវ​ក្ដី​ស្រឡាញ់ » [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៤៥ ] ។ ( « Marriage: Watch and Learn » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៣, ៨៤, ៨៥ )

រូបភាព
រូបតំណាង​ការពិភាក្សា

ពិភាក្សា​ក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​គិត​អំពី​គូស្វាមី​ភរិយា​មួយ​គូ ដែល​អ្នក​ស្គាល់​ដែល​មាន​អាពាហ៍ពិពាហ៍​ដ៏រីករាយ​មួយ ។ សូម​ទៅជួប​ពួកគេ ហើយ​សូមឲ្យ​ពួកគេ​ចែកចាយ​នូវ​គោលការណ៍​នានា ដែល​មាន​សារៈសំខាន់​ចំពោះ​ភាពជោគជ័យ​របស់​ពួកគេ ។ នៅពេល​ពួកគេ​និយាយ សូម​កត់ត្រា​អ្វី​ដែល​អ្នក​បាន​រៀន និង​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​វា​នៅម៉ោង​រៀន ។ ប្រសិនបើ​អ្នក​មិន​អាច​ទាក់ទង​ទៅ​នរណាម្នាក់​បាន​ទេ សូមមើល​វីដេអូ « Expressions of Love » ( ៣:២៦ ) ហើយ​ស្ដាប់​រក​គន្លឹះ​ដើម្បី​មាន​អាពាហ៍ពិពាហ៍​ដ៏រីករាយ​មួយ ។

ផ្នែក​ទី ២

តើ​ការធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ អាច​ជួយ​ខ្ញុំ​ឲ្យ​រក្សា​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​បាន​ដោយ​របៀប​ណា ?

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការបីបាច់​អាពាហ៍ពិពាហ៍ ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

អាពាហ៍ពិពាហ៍​នាំ​មក​នូវ​លទ្ធភាព​ដែល​កាន់តែ​មហិមា​ដើម្បី​មាន​សុភមង្គល ជាង​ទំនាក់ទំនង​នានា​ទាំងអស់​របស់​មនុស្ស​យើង ។ ប៉ុន្ដែ គូស្វាមី​ភរិយា​ដែល​រៀបការ​មួយ​ចំនួន បាន​ខកខាន​មិន​បាន​បំពេញ​តាម​សក្ដានុពល​ដ៏​ពេញលេញ​របស់​ពួកគេ​នោះទេ ។ ពួកគេ​ធ្វើ​ឲ្យ​ស្នេហា​របស់​ពួកគេ​ក្លាយ​ទៅជា​ច្រែះចាប់ លែង​ឲ្យ​តម្លៃ​ដល់​គ្នា​ទៅវិញ​ទៅមក អនុញ្ញាត​ឲ្យ​ចំណាប់អារម្មណ៍ ឬ​ពពក​នៃ​ការធ្វេស​ប្រហែស​បាំង​នូវ​ទស្សនវិស័យ​នៃ​អ្វី​ដែល​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ពិតជា​អាច​នាំមក​បាន ។ អាពាហ៍ពិពាហ៍​នឹង​កាន់តែ​រីករាយ ប្រសិនបើ​វា​ត្រូវបាន​បីបាច់​ឲ្យ​កាន់តែ​ប្រុង​ប្រយ័ត្ន​នោះ ។ ( « Nurturing Marriage » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៣៦ )

នៅក្នុង​ចំណោម​ការណែនាំ ដែល​សាវក​ប៉ុល​បាន​ផ្ដល់​ដល់​សមាជិក​សាសនាចក្រ​នៅ​អេភេសូរ​នោះ គឺ​ការប្រឹក្សា​ទាក់ទង​ទៅនឹង​អាពាហ៍ពិពាហ៍ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អេភេសូរ ៥:២៥, ២៨–៣១ ហើយ​គិត​អំពី​របៀប​ដែល​ការធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ អាច​ជួយ​ស្វាមី និង​ភរិយា​ឲ្យ​បីបាច់​អាពាហ៍ពិពាហ៍​របស់​ពួកគេ​បាន ។

រូបភាព
ព្រះយេស៊ូវ​លាង​ជើង​របស់​ពួកសាវក ដោយ ឌេល ផាសិន

ការធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​ឲ្យ​ស្វាមី និង​ភរិយា​បំពេញ​តាម « ការទទួល​ខុសត្រូវ​ដ៏ឱឡារិក​ដើម្បី​ស្រឡាញ់ និង​ថែរក្សា​គ្នា​ទៅវិញ​ទៅមក » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ការខិតខំ​មួយ​ចំនួន​ដើម្បី​បីបាច់​អាពាហ៍ពិពាហ៍​អាច​ជា​រឿង​ធំ ប៉ុន្ដែ​កាយវិការ​ដ៏មាន​ប្រសិទ្ធភាព និង​មាន​អត្ថន័យ​ខ្លាំង​បំផុត​មួយ​ចំនួន​គឺជា​រឿង « តូចតាច និង​ងាយ » ( អាលម៉ា ៣៧:៦ ) ។ ដូច​ដែល​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាលនោះ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​បង្រៀន​ថា « អាពាហ៍ពិពាហ៍​ដ៏រុងរឿង​កើត​ឡើង​បន្តិច​ម្ដងៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ពេញ​មួយ​ជីវិត » ( « In Praise of Those Who Save » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៧៨ ) ។

ប្រធាន លីនដា ខេ ប៊ើតុន អតីត​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​ផ្ដល់​សំណួរ​សាមញ្ញ​មួយ​ចំនួន ដែល​យើង​អាច​ប្រើ​ដើម្បី​វាយតម្លៃ​ពី​ការខិតខំ​របស់​យើង​នៅក្នុង​ការបីបាច់​អាពាហ៍ពិពាហ៍​របស់​យើង ៖

រូបភាព
ប្រធាន លីនដា ខេ ប៊ើតុន

ជាមួយ​នឹង​ការផ្លាស់ប្តូរ​តិចតួច សំណួរ​ទាំងនេះ​អាច​ត្រូវ​ជាមួយ​យើង​ទាំងអស់គ្នា ទោះជា​យើង​រៀបការ​ហើយ ឬ​នៅលីវ​ក្តី ទោះជា​គេហដ្ឋាន​របស់​យើង​មាន​ស្ថានភាព​បែបណា​ក្តី ។

  1. តើ​ពេលណា​ជា​ពេល​ចុងក្រោយ​បំផុត​ដែល​ខ្ញុំ​បាន​សរសើរ​ដៃគូ​របស់​ខ្ញុំ ទោះជា​នៅ​តែ​ឯង ឬ​នៅក្នុង​ពេល​មាន​វត្តមាន​របស់​កូនៗ​ក្ដី ?

  2. តើ​ពេលណា​ជា​ពេលចុង​ក្រោយបំផុត​ដែល​ខ្ញុំ​ថ្លែង​អំណរគុណ សម្តែង​នូវ​សេចក្តី​ស្រឡាញ់ ឬ​ទូល​សូម​ដោយ​ស្មោះត្រង់​ក្នុង​សេចក្តី​ជំនឿ​នៅក្នុង​ការអធិស្ឋាន​សម្រាប់​គាត់ ?

  3. តើ​ពេលណា​ជាពេល​ចុង​ក្រោយ​បំផុត ដែល​ខ្ញុំឈប់​និយាយ​អ្វីដែល​ខ្ញុំដឹង​ថា​អាច​នឹង​ធ្វើ​ឲ្យ​គាត់​ឈឺចាប់ ?

  4. តើ​ពេលណា​ជាពេលចុង​ក្រោយបំផុត​ដែល​ខ្ញុំ​សូមទោស និង​សុំ​ការអភ័យទោស​ដោយ​រាបសា—ដោយ​មិន​បន្ថែម​ពាក្យថា « ប្រសិន​បើ​អ្នក​ធ្វើ​ដូច្នេះ » ឬ « ប្រសិន​បើ​អ្នក​មិន​ធ្វើ​ដូច្នេះ ? »

  5. តើ​ខ្ញុំ​បាន​រើសយក​ភាព​សប្បាយ​ចិត្ត​ជាជាង​ការទាមទារ​ធ្វើ​ជា​អ្នក « ត្រូវ » ចុងក្រោយ​គេ​នៅពេល​ណា ?

តើ​អ្នក​នឹង​ចូល​រួម​ជាមួយ​ខ្ញុំ​ដើម្បី​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​បង្រៀន​យើង​អំពី​របៀប​លើក​តម្កើង​គ្នា​ទៅ​វិញ​ទៅ​មក នៅក្នុង​ការបំពេញ​តួនាទី ក្នុង​នាមជា​បុត្រា​បុត្រី​ដែល​ជាប់​សេចក្តី​សញ្ញា​នៃ​ព្រះបិតា​មាតា​ជាទី​ស្រឡាញ់​របស់​យើង​ដែរឬ​ទេ ? ( « We’ll Ascend Together » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣១–៣២ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​គិតពី​គំរូ​ជាក់លាក់​មួយ ឬ​ការបង្រៀន​មួយ​ចេញពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ដែល​អាច​ជួយ​នរណាម្នាក់​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍​របស់គេ ឬ​ដើម្បី​បីបាច់​អាពាហ៍ពិពាហ៍​របស់​គេ ។

ផ្នែក​ទី ៣

តើ​ខ្ញុំ​នៅ​ជាប់​នឹង​ស្វាមី ឬ​ភរិយា​របស់ខ្ញុំ​យ៉ាង​ដូចម្ដេច ?

នៅក្នុង​វិវរណៈ​មួយ​ដែល​ប្រទាន​ឲ្យ​នៅឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​ប្រទាន​ក្រឹត្យវិន័យ​ក្រមសីលធម៌​ទូទៅ​មួយ​ចំនួន ទៅដល់​សមាជិក​ទាំងអស់​នៃ​សាសនាចក្រ ។ អ្វី​ដែល​មាន​នៅក្នុង​ក្រឹត្យវិន័យ​នេះ​គឺជា​ការបង្គាប់​ថា « ត្រូវ​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ឲ្យ​អស់​អំពី​ចិត្ត ហើយ​ត្រូវ​នៅ​ជាប់​នឹង​នាង ហើយ​គ្មាន​នរណា​ទៀត​ឡើយ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:២២; សូមមើល​ផងដែរ លោកុប្បត្តិ ២:២៤; ម៉ាថាយ ១៩:៥ ) ។

នៅក្នុង​បទគម្ពីរ​នេះ ពាក្យ​ថា នៅ​ជាប់​នឹង មាន​ន័យ​ថា តោងជាប់ ស្របតាម ជាប់ ស្អិតជាប់ ឬ​ចូលគ្នា ។ « ដូច្នេះ តាម​និយមន័យ​ព្រះគម្ពីរ យើង​ឃើញ​ថា ព្រះ​រំពឹង​ឲ្យយើង ‹ តោងជាប់ › នឹង​ស្វាមី ឬ​ភរិយា​របស់​យើង ឬ ‹ ជាប់​នឹង › គាត់ ឬ​នាង » ( Matthew O. Richardson « Three Principles of Marriage » Ensign ខែ មេសា ឆ្នាំ ២០០៥ ទំព័រ ២២ ) ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ដូច​តទៅ​នេះ​អំពី​ឃ្លា​ថា « គ្មាន​នរណា​ទៀត​ឡើយ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:២២ ) ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« ពាក្យ​ថា គ្មាន​នរណា​ទៀត​ឡើយ គឺ​ដក​មនុស្ស​គ្រប់គ្នា និង​អ្វីៗ​គ្រប់​យ៉ាង​ចេញ ។ បន្ទាប់​មក ស្វាមី និង​ភរិយា​ក្លាយ​ទៅជា​អាទិភាព​នៅក្នុង​ជីវិត​របស់​ស្វាមី ឬ​ភរិយា​នោះ ហើយ​មិនថា​ជា​ជីវិត​សង្គម ឬ​ជីវិត​ការងារ ឬ​ជីវិត​នយោបាយ ឬ​ចំណាប់​អារម្មណ៍​ណា​មួយ​ផ្សេង​ទៀត ឬ​បុគ្គល ឬ​វត្ថុ​អ្វី​ឡើយ វា​ពុំ​ត្រូវ​មាន​អាទិភាព​ជាង​គូ​ស្វាមី​ភរិយា​ឡើយ ។ ( The Miracle of Forgiveness [ ឆ្នាំ ១៩៦៩ ] ទំព័រ ២៥០ )

អែលឌើរ ក្លេតុន បាន​ពន្យល់​ពី​របៀប​អនុវត្ត​ការនៅ​ជាប់​នឹង​ស្វាមី ឬ​ភរិយា​របស់​យើង នៅពេល​យើង​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ៖

រូបភាព
អែលឌើរ អិល វិតនី ក្លេតុន

ព្យាការី​បង្រៀន​ថា ដៃគូ​អាពាហ៍ពិពាហ៍​ជោគជ័យ​ត្រូវ​មាន « ភក្ដីភាព​យ៉ាង​ខ្លាំង » ចំពោះ​គ្នា​ទៅវិញ​ទៅមក [ សូមមើល ថូម៉ាស អេស ម៉នសុន « Priesthood Power » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៦៨; ហ្គរដុន ប៊ី ហ៊ិងគ្លី « Life’s Obligations » ទំព័រ ៤ ] ។ ពួកគេ​ត្រូវ​បន្ដ​មាន​ភាពស័ក្ដិសម​យ៉ាង​ពេញលេញ នៅពេល​ពួកគេ​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​តាម​គ្រប់​វិធី ។ ពួកគេ​ពុំ​អនុញ្ញាត​ឲ្យ​ខ្លួន​ពួកគេ​មាន​បទពិសោធន៍​ចូល​អ៊ីនធឺណិត​ដោយ​អាថ៌កំបាំង​នោះ​ទេ ។ ពួកគេ​ចែកចាយ​ជាមួយ​ដៃគូ​នូវ​លេខ​សម្ងាត់​បណ្ដាញ​សង្គម​របស់​ពួកគេ​ដោយ​សេរី ។ ពួកគេ​ពុំ​មើល​ប្រវត្តិរូប​របស់​អ្នក​ដទៃ​តាម​អ៊ីនធឺណិត ក្នុង​របៀប​ណា​មួយ ដែល​អាច​នឹង​ក្បត់​ចំពោះ​ទំនុកចិត្ត​ដ៏ពិសិដ្ឋ​របស់​ប្ដី ឬ​ប្រពន្ធ​របស់​ពួកគេ​នោះ​ទេ ។ ពួកគេ​ពុំ​ធ្វើ ឬ​និយាយ​អ្វី​ដែល​ដឹកនាំ​ទៅ​រក​លក្ខណៈ​ពុំ​ត្រឹមត្រូវ ទោះ​ជា​តាមរយៈ​អ៊ីនធឺណិត ឬ​ដោយ​ផ្ទាល់​ក្ដី ។ ( « Marriage: Watch and Learn » ទំព័រ ៨៤ )

រូបភាព
គូស្វាមី​ភរិយា​វ័យក្មេង​មួយគូ​កំពុង​ដើរ​ជាមួយ​គ្នា

ទាក់ទង​ទៅនឹង​សារៈសំខាន់​នៃ​ការដាក់​ស្វាមី ឬ​ភរិយា​របស់​អ្នក​ជា​អាទិភាព​ដ៏ខ្ពស់​បំផុត​របស់​អ្នក នោះ​ប្រធាន ណិលសុន បាន​បង្រៀន​ដូចតទៅ​នេះ នៅឯ​សម័យប្រជុំ​បព្វជិតភាព​នៃ​សន្និសីទ​ទូទៅ ។ ទោះបីជា​ការប្រឹក្សា​នេះ​ត្រូវបាន​ថ្លែង​ទៅកាន់​ស្វាមី​ទាំងឡាយ​ក្ដី ក៏វា​អនុវត្ត​បាន​ចំពោះ​ស្វាមី និង​ភរិយា​ស្មើភាព​គ្នា​ដែរ ។

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ស្រឡាញ់ និង​មើលថែ​ភរិយា​របស់​បងប្អូន ។ ក្លាយជា​មនុស្ស​តែមួយ​នឹង​នាង ។ ធ្វើ​ជា​ដៃគូ​របស់​នាង ។ … ពុំ​គួរ​មាន​អ្វី​ផ្សេង​ក្នុង​ជីវិត​មក​ជំនួស​អាទិភាព​នៃ​ការស្ថាបនា​ទំនាក់ទំនង​ដ៏អស់កល្ប​ជានិច្ច​ជាមួយ​នឹង​នាង​ឡើយ ។ គ្មាន​អ្វីមួយ​នៅលើ​កញ្ចក់ ទូរទស្សន៍ ទូរសព្ទ ឬ​កុំព្យូទ័រ​ដែល​សំខាន់​ជាង​សុខុមាលភាព​របស់​នាង​ឡើយ ។ សូម​ពិនិត្យ​មើល​របៀប ដែល​បងប្អូន​ចំណាយ​ពេល ហើយ​ថា តើ​បងប្អូន​បាន​លះបង់​ថាមពល​ទៅ​កន្លែង​ណា​ខ្លះ ។ ការណ៍​នោះ​នឹង​ប្រាប់​បងប្អូន​ថា ដួងចិត្ត​របស់​បងប្អូន​កំពុង​ផ្ដោត​លើ​អ្វីហើយ ។ សូម​អធិស្ឋាន​ឲ្យ​ដួងចិត្ត​របស់​បងប្អូន​វេញ​ជា​ធ្លុង​តែមួយ​នឹង​ដួងចិត្ត​នៃ​ភរិយា​របស់​បងប្អូន ។ សូម​ព្យាយាម​នាំអំណរ​ឲ្យ​នាង ។ ( « We Can Do Better and Be Better » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៨–៦៩ )

រូបភាព
រូបតំណាង ការធ្វើ​សកម្មភាព

ធ្វើ​សកម្មភាព

សូម​ធ្វើតាម​ការអញ្ជើញ​របស់​ប្រធាន ណិលសុន ឲ្យ « ពិនិត្យ​មើល​របៀប​ដែល​បងប្អូន​ចំណាយ​ពេល ហើយ​ថា​តើ​បងប្អូន​បាន​លះបង់​ថាមពល​ទៅ​កន្លែង​ណា​ខ្លះ » ( « We Can Do Better and Be Better » ទំព័រ ៦៨ ) ។ តើ​អ្នក​ត្រូវ​ធ្វើការ​កែតម្រូវ​អ្វីខ្លះ​នៅពេល​នេះ ដើម្បី​រៀបចំ​ខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ ដើម្បី​នៅ​ជាប់​នឹង​អនាគត​ស្វាមី ឬ​ភរិយា​របស់​អ្នក ឬ​ដើម្បី​នៅ​ជាប់​ឲ្យបាន​កាន់តែ​ពេញលេញ​នឹង​ស្វាមី ឬ​ភរិយា​របស់​អ្នក ប្រសិនបើ​អ្នក​រៀបការ​រួចហើយ ? សូម​កត់ត្រា​ផែនការ ឬ​គោលដៅ​មួយ ដែល​អ្នក​អាច​ធ្វើបាន​នៅ​សប្ដាហ៍​នេះ ។