ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១០ ឯកសារ​គ្រូបង្រៀន ៖ សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍


« មេរៀន​ទី ១០ ឯកសារ​គ្រូបង្រៀន ៖ សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១០ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀន​ទី ១០ ឯកសារ​គ្រូបង្រៀន

សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍

ការចូល​ទៅក្នុង និង​ការគោរព​តាម « សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:២ ) គឺជា​ការណ៍​ដ៏ចាំបាច់​បំផុត​សម្រាប់​ភាពតម្កើង​ឡើង ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​ពន្យល់​ពី​សារៈសំខាន់​ដ៏អស់កល្ប​ជានិច្ច​នៃ​សេចក្ដី​សញ្ញា​អាពាហ៍ពិពាហ៍ និង​មូលហេតុ​ដែល​ពួកគេ​ខិតខំ​ដើម្បី​មាន​អាពាហ៍ពិពាហ៍​ដ៏អស់កល្ប​ជានិច្ច​មួយ ។ ពួកគេ​ក៏នឹង​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​រៀបចំ​ខ្លួន​ចូល​ទៅក្នុង ឬ​គោរព​តាម​សេចក្ដី​សញ្ញា​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

អាពាហ៍ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ច​គឺជា​ភាពជា​ដៃគូ​ជាមួយ​នឹង​ព្រះ ។

សូម​ពិចារណា​ចាប់ផ្ដើម​មេរៀន ដោយ​ការអញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន មកពី​ការសន្ទនា​របស់​ពួកគេ​ជាមួយ​នឹង​នរណាម្នាក់ ដែល​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ( សូមមើល​ការអញ្ជើញ​នៅក្នុង ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។ ( កំណត់​ចំណាំ ៖ អ្នក​អាច​សួរ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ពីរបី​ថ្ងៃ​ពី​មុន​ដល់​ពេល​ចូល​រៀន​ថា តើ​ពួកគេ​អាច​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​អ្វី ដែល​ពួកគេ​បាន​រៀន​មកពី​ការសន្ទនា​របស់​ពួកគេ​ដែរ​ឬទេ ) ។

អ្នក​អាច​សួរ​សិស្ស​ថា តើ​ពួកគេ​មាន​សំណួរ​អំពី​សេចក្ដី​សញ្ញា​អាពាហ៍ពិពាហ៍ ឬ​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​អាពាហ៍ពិពាហ៍​ដែរ​ឬ​ទេ ។ ( សូម​ពិចារណា​សម្រប​មាតិកា​នៃ​មេរៀន​នេះ​ទៅតាម​សំណួរ​ដែល​សិស្ស​សួរ ។ សូម​ប្រាកដ​ថា ចម្លើយ​ទាំងឡាយ​ចំពោះ​សំណួរ​របស់​សិស្ស​គោរព​ទៅតាម​ភាពពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ ) ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ឆ្លើយតប​ទៅនឹង​សំណួរ​របស់​សិស្ស​ដោយ​មាន​ការគិតគូរ ។ សូម​ថ្លែង​អំណរគុណ នៅពេល​សិស្ស​ស្ម័គ្រចិត្ត​សួរ​សំណួរ​នានា ។ សូម​ចំណាយ​ពេល​ស្ដាប់ និង​ព្យាយាម​យល់ពី​សំណួរ​របស់​ពួកគេ​ដោយ​ស្មោះសរ ហើយ​សួរ​សំណួរ​តាមដាន​បើ​ចាំបាច់ ។ ពេលខ្លះ វា​អាច​សមរម្យ​ដើម្បី​ឆ្លើយ​នឹង​សំណួរ​នោះ​ចំៗ​ភ្លាម ខណៈ​ពេល​ផ្សេងទៀត វា​អាច​ប្រសើរ​ជាង​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ​ផ្ទាល់ ។ អ្នក​ក៏អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ផ្សេងទៀត​ឲ្យ​ឆ្លើយ​នឹង​សំណួរ​ផងដែរ ។

សូម​អាន​រួមគ្នា​ក្នុង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ អែលឌើរ ប៉ាលី ភី ប្រាត្ត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដែល​លោក​បាន​ពិពណ៌នា​អំពី​អារម្មណ៍​របស់​លោក នៅពេល​លោក​បាន​ដឹង​ជាលើក​ដំបូង​ថា អាពាហ៍ពិពាហ៍​អាច​នៅ​បន្ដ​រហូតដល់​អស់កល្ប​ជានិច្ច​បាន ៖

រូបភាព
ប៉ាលី ភី ប្រាត្ត

វា​ចេញពី [ ព្យាការី យ៉ូសែប ស្ម៊ីធ ] ដែល​ខ្ញុំ​បាន​រៀន​ថា ភរិយា​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អាច​ត្រូវបាន​រក្សាទុក​ដល់​ខ្ញុំ​សម្រាប់​ក្នុង​កាលវេលា​នេះ និង​រហូត​អស់កល្ប​ជានិច្ច ។ … ខ្ញុំ​បាន​រៀន​ពី​លោក​ថា យើង​អាច​បណ្ដុះ​នូវ​សេចក្ដី​ស្រឡាញ់​ទាំងនេះ ហើយ​វា​លូតលាស់ និង​រីកចម្រើន​ឡើង​ដូចគ្នា​រហូត​អស់កល្ប​ជានិច្ច ខណៈ​លទ្ធផល​នៃ​ការរួមគ្នា​ដ៏មិន​ចេះចប់​របស់​យើង​នឹង​បង្ក​បង្កើត​ជា​កូន​ជាចៅ​រាប់​មិន​អស់​ដូច​ផ្កាយ​នៅលើ​ស្ថានសួគ៌ ឬ​ខ្សាច់​នៅលើ​ឆ្នេរ​សមុទ្រ ។ … ខ្ញុំ​បាន​មាន​សេចក្តី​ស្រឡាញ់​ពីមុន​មក តែ​មិន​ដឹង​ថា​មកពី​មូលហេតុ​អ្វី​នោះទេ ។ ប៉ុន្ដែ​ឥឡូវ​នេះ ខ្ញុំ​ស្រឡាញ់—ដោយ​ចិត្ត​បរិសុទ្ធ—ជា​អារម្មណ៍​ដ៏ប្រសើរ និង​តម្កើង​ឡើង​យ៉ាង​ខ្លាំង ។ ( Autobiography of Parley P. Pratt, ed. Parley P. Pratt Jr. [ ឆ្នាំ ១៩៣៨ ] ទំព័រ ២៩៧–៩៨ )

  • តើ​ការដឹង​ថា អាពាហ៍ពិពាហ៍​អាច​នៅ​រហូត​អស់កល្ប​ជានិច្ច​បាន អាច​ជះ​ឥទ្ធិពល​ទៅលើ​ជម្រើស និង​អារម្មណ៍​របស់​យើង​ទាក់ទង​ទៅនឹង​អាពាហ៍ពិពាហ៍​នៅក្នុង​ជីវិត​នេះ​យ៉ាង​ដូចម្ដេច ?

សូម​ពិនិត្យ​ឡើងវិញ​នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣១:១–៤ រួមគ្នា ដោយ​រកមើល​សេចក្ដីពិត​បន្ថែម​ទៀត ដែល​យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​អំពី​អាពាហ៍ពិពាហ៍​ដ៏អស់កល្ប​ជានិច្ច ។ បន្ទាប់មក អ្នក​អាច​សួរ​សិស្ស​ថា តើ​ពួកគេ​ចាប់​អារម្មណ៍​លើ​អ្វីខ្លះ​ចេញពី​វគ្គ​បទគម្ពីរ​នេះ ។ ពួកគេ​អាច​រកឃើញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ អាពាហ៍ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ច​គឺជា​កិច្ច​តម្រូវ​ឲ្យមាន ដើម្បី​ទទួល​បាន​លំដាប់​ដ៏ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល ។ អស់​អ្នក​ដែល​ចូល​ទៅក្នុង​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ អាច​មាន​ការរីកចម្រើន​ដ៏អស់កល្ប​ជានិច្ច ។

  • ចេញពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ តើ​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍​ជាប់​ទាក់ទង​ទៅនឹង​អ័ប្រាហាំ និង​សារ៉ាយ​តាម​របៀប​ណា ? ( សូម​ពិចារណា​ជួយ​សិស្ស​ឲ្យ​ដឹង​ថា ព្រះអម្ចាស់​បាន​ប្រទាន​ការសន្យា​ដ៏ប្រាកដ​ប្រជា​នេះ​ដល់​អ័ប្រាហាំ និង​សារ៉ាយ រួមមាន​ការសន្យា​ដែល​ពួកគេ​នឹង​មាន​ការរីក​ចម្រើន​ដ៏អស់កល្ប​ជានិច្ច​ដែរ [ កូនចៅ​ដ៏ច្រើន​រាប់​មិន​អស់ ] ) ។

  • តើ​សេចក្ដី​សញ្ញា​នៃ​អាពាហ៍ពិពាហ៍​នេះ​អាច​ជួយ​យើង​ឲ្យ​ប្រែក្លាយ​ដូចជា​ព្រះមាតា​បិតា​សួគ៌​របស់​យើង​យ៉ាង​ដូចម្ដេច ?

សូម​ដាក់​បង្ហាញ​រូបភាព​ដែល​ភ្ជាប់​មក​ជាមួយ​នេះ ដែល​តំណាង​ឲ្យ​ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​អាពាហ៍ពិពាហ៍ ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​អ្វី​ដែល​អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​អំពី​ឌីយ៉ាក្រាម​នេះ ( សូមមើល ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។

រូបភាព
សេចក្ដី​សញ្ញា​អាពាហ៍ពិពាហ៍​បង្ហាញជា​រូប​ត្រីកោណ

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ​ដោយ​ប្រធាន រ័សុល អិម ណិលសុន ៖ « អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺ​មិនមែន​តែ​រវាង​ស្វាមី និង​ភរិយា​ប៉ុណ្ណោះ​ទេ តែ​វា​ឱប​ក្រសោប​ភាពជា​ដៃគូ​ជាមួយ​នឹង​ព្រះ [ សូមមើល ម៉ាថាយ ១៩:៦ ] » ( « Celestial Marriage » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៩៣ ) ។

  • តើ​ការយល់​ពី​សេចក្ដីពិត​នេះ​អាច​មាន​ឥទ្ធិពល​លើ​ជម្រើស ដែល​ស្វាមី និង​ភរិយា​ធ្វើការ​ជ្រើសរើស​យ៉ាង​ដូចម្ដេច ?

ប្រសិនបើ​សិស្ស​ម្នាក់ ឬ​ច្រើន​នាក់​នៅក្នុង​ថ្នាក់​របស់​អ្នក​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ សូម​ពិចារណា​សួរ​ពួកគេ​ថា តើ​ពួកគេ​ស្ម័គ្រចិត្ត​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ អំពី​អារម្មណ៍​របស់​ពួកគេ​ស្ដីពី​ការបាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ព្រមទាំង​អត្ថន័យ​នៃ​សេចក្ដី​សញ្ញា​នោះ​ចំពោះ​ពួកគេ​ដែរ​ឬទេ ។ ( អ្នក​អាច​សួរ​សិស្ស​ទាំងនេះ​ពីមុន​មក​ថ្នាក់រៀន ដើម្បីឲ្យ​ពួកគេ​មាន​ពេលវេលា​រៀបចំ​ចម្លើយ​របស់​ពួកគេ ) ។

សូម​បង្ហាញ និង​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន រួមគ្នា ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

ខ្ញុំ​សូម​ដាស់តឿន​បងប្អូន​ឲ្យ​បន្ដ​មាន​ទស្សនវិស័យ​ដ៏អស់កល្ប​ជានិច្ច ។ សូម​ធ្វើឲ្យ​ប្រាកដ​ថា អាពាហ៍ពិពាហ៍​នៅថ្ងៃ​អនាគត​របស់​បងប្អូន​គឺជា​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ វា​ពុំមាន​ព្រឹត្តិការណ៍​ណា​ផ្អែមល្ហែម​ជាង​នេះ គ្មាន​ពេលណា​ពិសិដ្ឋ​ជាងនេះ ដូច​ថ្ងៃ​ដ៏ពិសេស​នៃ​អាពាហ៍ពិពាហ៍​របស់​បងប្អូន​នោះ​ឡើយ ។ នៅពេល​នោះ និង​នៅ​ទីនោះ បងប្អូន​មើលឃើញ​អំណរ​នៃ​នគរ​សេឡេស្ទាល ។ សូម​ប្រុង​ប្រយ័ត្ន ហើយ​សូម​កុំឲ្យ​ការល្បួង​លួច​យក​ពរជ័យ​នេះ​ពី​បងប្អូន​បាន​ឡើយ ។ ( « Whom Shall I Marry? » New Era ខែ តុលា ឆ្នាំ ២០០៤ ទំព័រ ៦ )

  • ហេតុអ្វី​បានជា​គោលលទ្ធិ​អំពី​អាពាហ៍ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ច អាច​នាំឲ្យ​មាន​អារម្មណ៍​ដ៏ជ្រាលជ្រៅ​នៃ​សេចក្ដី​អំណរ និង​សេចក្ដី​ស្រឡាញ់ ?

សូម​ពិចារណា​សូមឲ្យ​សិស្ស​ណា​ដែល​ស្ម័គ្រចិត្ត ឡើង​ប្រាប់ពី​មូលហេតុ និង​របៀប​ដែល​ពួកគេ​ខិតខំ​ដើម្បី​មាន​អាពាហ៍ពិពាហ៍​ដ៏អស់កល្ប​ជានិច្ច​មួយ ។

អាពាហ៍ពិពាហ៍​អាច​នៅ​អស់កល្ប​ជានិច្ច​បាន សម្រាប់​អស់​អ្នក​ដែល​ស្មោះត្រង់​ទៅនឹង​សេចក្ដី​សញ្ញា​របស់​ពួកគេ ។

សូម​បែងចែក​សិស្ស​ជា​ក្រុម​តូចៗ ។ សូម​ឲ្យ​ច្បាប់​ចម្លង​នៃ​សំណៅ​ចែក​ដែល​ភ្ជាប់​មក​នេះ​ដល់​ក្រុម​ម្នាក់ៗ ។ សូម​ណែនាំ​ក្រុម​ទាំងឡាយ​ឲ្យ​អាន​សាច់រឿង​នេះ ហើយ​ពិភាក្សា​អំពី​សំណួរ​ជាមួយគ្នា ។

អាពាហ៍ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ច

ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច—មេរៀន​ទី ១០

អ្នក​ជា​មិត្តភក្ដិ​ជាមួយ​ស្វាមី​ភរិយា​មួយគូ​នៅក្នុង​វួដ​របស់​អ្នក ដែល​មិន​បាន​ចូលរួម​ក្នុង​ការប្រជុំ​សាសនាចក្រ ។ អំឡុង​ការសន្ទនា​ជាមួយ​នឹង​ពួកគេ ស្វាមី​ម្នាក់​បាន​ពោល​ថា « កុំ​បារម្ភ​ពី​ពួកយើង​ដែល​មិន​ទៅ​ព្រះវិហារ​នៅពេល​នេះ​ឡើយ ។ យើង​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​រួចហើយ អញ្ចឹង​យើង​មិន​អី​នោះទេ ។ យើង​នឹង​រស់នៅ​ជាមួយគ្នា​ជារៀង​រហូត » ។

  • សូម​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ តើ​គូស្វាមី​ភរិយា​នេះ​មិនបាន​យល់​អ្វីខ្លះ អំពី​អ្វី​ដែល​តម្រូវឲ្យ​ធ្វើ​នៅក្នុង​អាពាហ៍ពិពាហ៍​របស់​ពួកគេ ដើម្បី​ឲ្យ​អាពាហ៍ពិពាហ៍​នោះ​នៅ​អស់កល្ប​បាន ? ( អ្នក​អាច​រំឭក​ផ្នែក​ទី ២ ដោយ​សង្ខេបៗ​បាន ) ។

  • តើ​គុណសម្បត្តិ ឬ​ជម្រើស​អ្វីខ្លះ​ដែល​ធ្វើឲ្យ​បុគ្គល​ម្នាក់ « នៅ​ជាប់​ក្នុង​សេចក្ដី​សញ្ញា [ នោះ ] » ? ( គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣២:១៩ ) ។

  • តើ​យើង​អាច​កាន់តែ​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ នៅក្នុង​ការកាន់តាម​សេចក្ដី​សញ្ញា​ដ៏ពិសិដ្ឋ និង​ការសន្យា​ទាំងឡាយ ដែល​យើង​បាន​ចុះ​ជាមួយ​ព្រះ​ដោយ​របៀប​ណា ?

អាពាហ៍ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ច

រូបភាព
សំណៅ​ចែក​របស់​គ្រូបង្រៀន

បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ការពិភាក្សា​ជា​ក្រុម​របស់​ពួកគេ ។ នៅពេល​សិស្ស​ចែកចាយ​មតិយោបល់​របស់​ពួកគេ អ្នក​អាច​ចង់​សរសេរ​សេចក្ដីពិត​មួយ​ចំនួន ដែល​ពួកគេ​បាន​លើកឡើង​ដាក់​នៅលើ​ក្ដារខៀន ។ សេចក្ដីពិត​ទាំងនេះ​អាច​រួមមាន​គំនិត​ស្រដៀង​គ្នា​ដូចតទៅ​នេះ ៖ អាពាហ៍ពិពាហ៍​របស់​យើង​អាច​នៅ​អស់កល្ប​ជានិច្ច​បាន តែ​ក្នុង​ករណី​ដែល​ពួកគេ​ធ្វើឡើង​ដោយ​សិទ្ធិ​អំណាច​របស់​ព្រះ និង​ក្នុង​ករណី​ដែល​យើង​បាន​ជាប់​នៅក្នុង​សេចក្ដី​សញ្ញា​អាពាហ៍ពិពាហ៍​នោះ​ប៉ុណ្ណោះ ។ ព្រះវិញ្ញាណ​បរិសុទ្ធ ( ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា ) នឹង​ថ្លែង​ទីបន្ទាល់​ដល់​ព្រះវរបិតា​អំពី​ភាពស្មោះត្រង់​របស់​យើង​ចំពោះ​សេចក្ដី​សញ្ញា​អាពាហ៍ពិពាហ៍​របស់​យើង ។ ព្រះអង្គ​សង្គ្រោះ​គឺជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​នៃ​ការកាន់​តាម​សេចក្តី​សន្យា និង​សេចក្ដី​សញ្ញា​នោះ ។

សូម​ថ្លែង​ទីបន្ទាល់​ថា សេចក្ដី​សង្ឃឹម​គឺមាន​សម្រាប់​មនុស្ស​គ្រប់រូប ដើម្បី​មាន​អាពាហ៍ពិពាហ៍​ដ៏អស់កល្ប​ជានិច្ច ។ ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើឲ្យ​វា​អាច​កើតឡើង​បាន​សម្រាប់​ពួកយើង​ទាំងអស់​គ្នា ដើម្បី​ប្រែចិត្ត ទទួល​បាន​ការអភ័យទោស ហើយ​ចុះ និង​រក្សា​សេចក្តី​សញ្ញា​ដ៏ពិសិដ្ឋ​ជាមួយ​ទ្រង់ ។ សូម​រំឭក​សិស្ស​ថា ទោះបីជា​អស់​អ្នក​ដែល​មិន​មាន​ឱកាស​រៀបការ​នៅក្នុង​ជីវិត​នេះ ក៏​អាច​បាន​ផ្សារភ្ជាប់​ទៅនឹង​ដៃគូ​ម្នាក់​សម្រាប់​ភាពអស់កល្ប​បាន​ដែរ ប្រសិនបើ​ពួកគេ​ស្មោះត្រង់​នោះ ។

អ្នក​អាច​ដាក់​បង្ហាញ​សំណួរ​ខាងក្រោម ហើយ​សូម​អញ្ជើញ​ឲ្យ​សិស្ស​ជ្រើសរើស​សំណួរ​មួយ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​របស់​ពួកគេ​អំពី​វា ៖

  • តើ​ខ្ញុំ​តាំងចិត្ត​ដើម្បី​នឹង​រៀប​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខ្លាំង​ប៉ុណ្ណា ? តើ​ខ្ញុំ​អាច​ធ្វើ​ការជ្រើសរើស​អ្វីខ្លះ​នា​ពេលនេះ ដើម្បី​គាំទ្រ​ដល់​ការតាំងចិត្ត​នោះ ?

  • តើ​ខ្ញុំ​អាច​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​បាន​កាន់តែ​ប្រសើរ នៅក្នុង​ការរក្សា​សេចក្ដី​សញ្ញា​របស់​ខ្ញុំ​ដោយ​របៀប​ណា ? តើ​ខ្ញុំ​នឹង​ទទួលបាន​ព្រះចេស្ដា​របស់​ទ្រង់ ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ចុះ និង​រក្សា​សេចក្ដី​សញ្ញា​របស់​ខ្ញុំ​តាម​របៀប​ណា ?

សូម​បញ្ចប់​ដោយ​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត ដែល​បាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ ហើយ​សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អនុវត្ត​តាម​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍ ឬ​បាន​រៀនសូត្រ ។

សម្រាប់​ពេល​ក្រោយ

សូម​លើក​ទឹកចិត្ត​ឲ្យ​សិស្ស​សិក្សា ក្នុង​ឯកសារ​រៀបចំ​សម្រាប់​មេរៀន​លើក​ក្រោយ ។ អ្នក​អាច​ផ្ដល់​សំណួរ​ដូច​ខាងក្រោម​នេះ ដើម្បី​ឲ្យសិស្ស​សញ្ជឹងគិត នៅពេល​ពួកគេ​សិក្សា ៖

  • តើ​ព្រះអម្ចាស់​កំពុង​ជួយ​ខ្ញុំ​នៅក្នុង​កិច្ច​ខិតខំ​របស់ខ្ញុំ ដើម្បី​ស្វែងរក​ដៃគូ​ដ៏អស់កល្ប​ជានិច្ច​ម្នាក់ ( ឬ​សម្រាប់​អស់​អ្នក​ដែល​រៀបការ​រួចហើយ ដើម្បី​ស្ថាបនា​ទំនាក់ទំនង​ដ៏អស់កល្ប​មួយ ) ដោយ​របៀប​ណា ?

  • តើ​គុណសម្បត្តិ​ដូចជា​ព្រះគ្រីស្ទ​ដែល​មាន​នៅក្នុង​ស្វាមី ឬ​ភរិយា និង​នៅក្នុង​ខ្លួន​របស់​ខ្ញុំ​អ្វីខ្លះ ដែល​មាន​អត្ថន័យ​ខ្លាំង​បំផុត​ចំពោះ​ខ្ញុំ ?