ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៥ ឯកសារ​គ្រូបង្រៀន ៖ ព្រះបញ្ញត្តិ​ដែលឲ្យ​បង្កើត​កូន​ជាច្រើន​ឡើង ហើយ​មាន​ពាសពេញ​លើ​ផែនដី


« មេរៀន​ទី ១៥ ឯកសារ​គ្រូបង្រៀន ៖ ព្រះបញ្ញត្តិ​ដែលឲ្យ​បង្កើត​កូន​ជាច្រើន​ឡើង ហើយ​មាន​ពាសពេញ​លើ​ផែនដី » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១៥ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀន​ទី ១៥ ឯកសារ​គ្រូបង្រៀន

ព្រះបញ្ញត្តិ​ដែលឲ្យ​បង្កើត​កូន​ជាច្រើន​ឡើង ហើយ​មាន​ពាសពេញ​លើ​ផែនដី

ពួកព្យាការី​បាន​ប្រកាស​ថា ព្រះបញ្ញត្តិ​របស់​ព្រះវរបិតា​សួគ៌​ដែលឲ្យ​បង្កើត​កូន​ជាច្រើន​ឡើង ហើយ​មាន​ពាសពេញ​លើ​ផែនដី នៅតែ​មាន​អនុវត្ត​ដល់​សព្វថ្ងៃ​នេះ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ពិភាក្សា​អំពី​សារៈសំខាន់ និង​អំណរ​នៃ​ការមាន​កូនចៅ ។ ពួកគេ​ក៏នឹង​ពិភាក្សា​អំពី​របៀប​ធ្វើ​ការសម្រេច​ចិត្ត ដោយ​ផ្អែកលើ​សេចក្ដី​ជំនឿ​អំពី​ពេល​ណា​ដែល​ត្រូវ​យក​កូន និង​មាន​កូន​ចំនួន​ប៉ុន្មាន​នាក់​ផងដែរ ។ សិស្ស​នឹង​មាន​ឱកាស​វាយតម្លៃ​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះ និង​ការសម្រប​ឆន្ទៈ​របស់​ពួកគេ​តាម​ព្រះទ័យ​របស់​ទ្រង់ ទាក់ទង​នឹង​ព្រះបញ្ញត្តិ​នេះ ។

កំណត់​ចំណាំ ៖ មុន​ចូល​រៀន សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​បញ្ជូន​សំណួរ ដែល​ពួកគេ​មាន​អំពី​ប្រធានបទ​ក្នុង​មេរៀន​នេះ តាមរយៈ​ការផ្ញើ​សារ អ៊ីម៉ែល ការស្ទង់មតិ​តាម​អនឡាញ ឬ​វិធីសាស្ត្រ​ផ្សេង​ទៀត ។ សូម​ប្រើ​សំណួរ​របស់​សិស្ស និង​ការណែនាំ​មកពី​ព្រះវិញ្ញាណ​ដើម្បី​កំណត់​នូវ​អ្វី ដែល​ត្រូវ​ផ្តោតលើ​ខ្លាំង​បំផុត​នៅក្នុង​មេរៀន​នេះ ។ សូម​ពិចារណា​អំពី​វិធី​ដែល​អ្នក​អាច​នាំ​សំណួរ​របស់​សិស្ស​ទៅក្នុង​បទពិសោធន៍​រៀនសូត្រ​របស់​ពួកគេ ។ ឧទាហរណ៍ អ្នក​អាច​ជំនួស​សំណួរ​មួយ​ចំនួន​ដែល​បាន​ប្រើ​នៅក្នុង​ការពិភាក្សា​ក្រុម ( សូមមើល​សំណៅ​ចែក​ខាងក្រោម​នេះ ) ដោយ​សំណួរ​ស្រដៀង​គ្នា​ដែល​សិស្ស​បាន​ផ្ញើ​មក ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះបញ្ញត្តិ​របស់​ព្រះ​ដែលឲ្យ​បង្កើត​កូន​ជាច្រើន​ឡើង ហើយ​មាន​ពាសពេញ​លើ​ផែនដី នៅតែ​អនុវត្ត​ដដែល ។

សូម​ពិចារណា​បង្ហាញ​រូបភាព​ទារក​មួយ ។ សូម​ឲ្យ​សិស្ស​និយាយ​ពាក្យ​មួយ​ម៉ាត់ ដែល​នរណា​ម្នាក់​អាច​ប្រើ​ដើម្បី​ពិពណ៌នា​ពី​អារម្មណ៍​របស់​មនុស្ស​អំពី​ទារក ហើយ​សរសេរ​ពាក្យ​ទាំងឡាយ ដែល​សិស្ស​បាន​លើកឡើង​ដាក់​នៅលើ​ក្ដារខៀន ។ ( ឬ​ដើម្បី​បន្ថែម​ឧបសគ្គ​តូច​មួយ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ពាក្យ​ពិពណ៌នា​ឲ្យបាន​ច្រើន​តាម​ដែល​ពួកគេ​អាច​ធ្វើ​ទៅបាន​ក្នុង​រយៈពេល ៣០ វិនាទី ហើយ​បន្ទាប់មក សូម​សិស្ស​ពីរបី​នាក់​ឲ្យ​ចែក​រំលែក​បញ្ជី​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​នៅក្នុង​ថ្នាក់ ) ។ សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​គំនិត​នៅ​ពី​ក្រោយ​ពាក្យ ដែល​ពួកគេ​បាន​លើក​ឡើង​នោះ ។

  • តើ​គូស្វាមី​ភរិយា​ដែល​បាន​រៀបការ​ហើយ​មួយ​ចំនួន ដាក់​អាទិភាព​លើ​អ្វីខ្លះ​មុន​ពេល​មាន​កូន ? ( ប្រសិនបើ​ចាំបាច់ សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​ក្នុង សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។

សូម​អាន លោកុប្បត្តិ ១:២៧–២៨ រួម​គ្នា ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​គូស​ចំណាំ​បទបញ្ញត្តិ​ដំបូង ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​លោក​អ័ដាម និង​នាង​អេវ៉ា ។ បន្ទាប់​មក សូម​អាន​រួមគ្នា​ក្នុង​កថាខណ្ឌ​ទី​បួន​នៃ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ហើយ​សូម​កត់ត្រា​ពី​របៀប​ដែល​បទបញ្ញត្តិ​ដំបូង​នេះ​អនុវត្ត​ចំពោះ​យើង​នៅ​សព្វថ្ងៃ​នេះ ។

  • តើ​អ្នក​នឹង​ពន្យល់​ពី​គោលបំណង​ដែល​បាន​បំពេញ នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ដោយសារ​ស្វាមី និង​ភរិយា​មាន​កូន​យ៉ាង​ដូចម្ដេច ? ( ប្រសិនបើ​ចាំបាច់ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​មើល សេចក្តី​ថ្លែងការណ៍​ទីពីរ​របស់​អែលឌើរ អាន់ឌើរសិន និង សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន អិម រ័សុល បាឡឺដ នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។ ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ សូម​គូស​បញ្ជាក់​ពី​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ នៅពេល​ដែល​ស្វាមី និង​ភរិយា​នាំយក​កូន​ចូល​មកក្នុង​ពិភពលោក​នេះ នោះ​ពួកគេ​កំពុង​តែ​បំពេញ​នូវ​ផ្នែក​មួយ​នៃ​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌​ហើយ ) ។

អ្នក​អាច​រំឭក​សិស្ស​អំពី​ការពិភាក្សា ដែល​ពួកគេ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​ជាមួយ​នរណាម្នាក់​ដែល​មាន​កូន ( សូមមើល ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។ សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ( អ្នក​គួរតែ​ទាក់ទង​ទៅ​សិស្ស​ម្នាក់ ឬ​ពីរនាក់​ពីរបី​ថ្ងៃ​មុន​ដល់​ថ្ងៃ​បង្រៀន ដើម្បី​អញ្ជើញ​ពួកគេ​ឲ្យ​មករៀន​ដោយ​បាន​ត្រៀមខ្លួន​ចែករំលែក​គំនិត​របស់​ពួកគេ​នៅក្នុង​ថ្នាក់រៀន ) ។

សូម​រៀបចំ​សិស្ស​ឲ្យ​ធ្វើការ​ជា​ក្រុម​តូចៗ ហើយ​ចាត់តាំង​ឲ្យ​មាន​មេក្រុម​ម្នាក់​សម្រាប់​ក្រុម​នីមួយៗ ។ សូម​ចែក​សំណៅ​ចម្លង​ខាងក្រោម​នេះ​ដល់​ក្រុម​នីមួយៗ ហើយ​សូម​ឲ្យ​ពួកគេ​ធ្វើតាម​សេចក្ដី​ណែនាំ​នៅលើ​សំណៅចែក​នោះ ។

ការធ្វើ​ការសម្រេច​ចិត្ត​ដោយ​ផ្អែកលើ​សេចក្ដី​ជំនឿ​អំពី​ការមាន​កូន

ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច—មេរៀន​ទី ១៥

សូម​អាន​ការព្រួយ​បារម្ភ​ខាងក្រោម​នេះ ដែល​បាន​បង្ហាញ​ដោយ​យុវមជ្ឈិមវ័យ​មួយ​ចំនួន ៖

  1. ពេល​មាន​ផ្ទៃពោះ​លើកមុន ខ្ញុំ​បាន​ជួប​នឹង​ភាពស្មុគស្មាញ​ផ្នែក​វេជ្ជសាស្ត្រ​មួយ​ចំនួន ដែល​អាច​នឹង​កើតឡើង​ម្តងទៀត បើ​មាន​ផ្ទៃពោះ​លើកក្រោយ ។ ដូច្នេះ ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​សម្រេច​ចិត្ត​ឈប់​យក​កូន ។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​កំហុស ដោយសារ​យើង​មាន​កូន​តែ​ពីរនាក់​ប៉ុណ្ណោះ ចំណែក​ឯ​បងប្អូន​របស់​ខ្ញុំ​ទាំងអស់​គ្នា​វិញ​មាន​គ្រួសារ​ធំៗ ។

  2. ភរិយា​ខ្ញុំ និង​ខ្ញុំ​មាន​គម្រោង​នឹង​យក​កូន ប៉ុន្តែ​យើង​ចង់​ដើរលេង ហើយ​មាន​បទពិសោធន៍​ផ្សេងៗ​មួយ​ចំនួន មុន​ពេល​យើង​មាន​កូន​សិន ។ តើ​វា​មិន​អីទេ​ឬ ដែល​ត្រូវ​រង់ចាំ​សិន​នោះ ?

  3. ស្វាមី​ខ្ញុំ និង​ខ្ញុំ​ចង់​ចាប់ផ្ដើម​យក​កូន ។ តែ​យើង​មិន​ដឹង​ថា តើ​យើង​បាន​ត្រៀមខ្លួន​ជាស្រេច​ហើយ​ឬនៅ​នោះទេ ។ នៅពេល​នេះ​យើង​មិន​មាន​អារម្មណ៍​ថា​មាន​ស្ថិរភាព​ខាង​ហិរញ្ញវត្ថុ​នោះ​ទេ ។ តើ​យើង​ដឹង​ថា វាជា​ពេលវេលា​ត្រឹមត្រូវ​យ៉ាង​ដូចម្ដេច​ទៅ ?

សូម​ជ្រើសរើស​កង្វល់​មួយ​ក្នុង​ចំណោម​កង្វល់​ទាំងនេះ ដើម្បី​ផ្តោត​លើ​ជា​ក្រុម​ទាំងមូល ហើយ​ពិភាក្សា​អំពី​សំណួរ​ដែល​មាន​ដូច​ខាងក្រោម​នេះ ៖

  • តើ​កង្វល់​នេះ​ត្រឹមត្រូវ​តាម​របៀប​ណា ?

  • តើ​អ្នក​អាច​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​ពី ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ដើម្បី​ជួយ​នរណា​ម្នាក់​ដែល​មាន​កង្វល់​នេះ​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​ដំណើររឿង​មកពី​ព្រះគម្ពីរ ឬ​ការបង្រៀន​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ផ្សេងទៀត​ណាខ្លះ ដែល​អាច​ជួយ​នរណាម្នាក់​ដែល​មាន​កង្វល់​នេះ ឲ្យ​ខិតខំ​ឈាន​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះ ?

ការធ្វើ​ការសម្រេច​ចិត្ត​ដោយ​ផ្អែកលើ​សេចក្ដី​ជំនឿ​អំពី​ការមាន​កូន

រូបភាព
សំណៅ​ចែក​របស់​គ្រូបង្រៀន

បន្ទាប់ពី​ទុក​ពេល​ឲ្យ​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន មកពី​ការពិភាក្សា​ជាក្រុម​របស់​ពួកគេ ។ ប្រសិនបើ​សិស្ស​មិន​លើកឡើង​ទេ សូម​រំឭក​ពួកគេ​អំពី​ដំបូន្មាន​ដែល​បាន​ផ្ដល់ឲ្យ​នៅក្នុង អាលម៉ា​៣៧:៣៧ ហើយ​បង្ហាញ​នូវ​គោលការណ៍​ដូច​តទៅ​នេះ ៖ នៅពេល​ស្វាមី និង​ភរិយា​ប្រឹក្សាគ្នា​ជាមួយ​នឹង​ព្រះអម្ចាស់ ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ទ្រង់ នោះ​ទ្រង់​នឹង​ណែនាំ​ពួកគេ​នៅក្នុង​ការសម្រេច​ចិត្ត​របស់​ពួកគេ​អំពី​ការមាន​កូន ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សួរ​សំណួរ​នានា ដែល​ពួកគេ​មាន​អំពី​បទបញ្ញត្តិ​ឲ្យ​មាន​កូន​នេះ ។ ( អ្នក​ប្រហែល​ជា​បាន​ប្រមូល​សំណួរ​មួយ​ចំនួន​របស់​សិស្ស​មុន​ដល់​ម៉ោង​បង្រៀន ដែល​អ្នក​អាច​គូស​បញ្ជាក់ និង​ពិភាក្សា​គ្នា​នៅ​ត្រង់នេះ​បាន ) ។ អ្នក​ក៏អាច​ជ្រើសរើស​សំណួរ​ណាមួយ​ដូច​ខាងក្រោម​នេះ​ផងដែរ ដែល​អ្នក​មាន​អារម្មណ៍​ថា​នឹង​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​យល់ពី​ប្រធានបទ​នេះ​បាន​កាន់តែ​ស៊ីជម្រៅ ហើយ​ពិភាក្សា​គ្នា​ជា​ថ្នាក់​ទាំងមូល ៖

  • ហេតុអ្វី​វា​សំខាន់​ដែល​ស្វាមី និង​ភរិយា​ត្រូវ​ប្រឹក្សា​យោបល់​ជាមួយ​ព្រះវរបិតា​សួគ៌ ទាក់ទង​នឹង​ពេលវេលា​ដែល​ត្រូវ​មាន​កូន និង​ចំនួន​កូន​ប៉ុន្មាន​នាក់ ?

  • តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​អ្នក​ស្គាល់ ឆ្ពោះ​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ​យ៉ាង​ដូចម្ដេច នៅពេល​ពួកគេ​បាន​ដឹង​ថា ពួកគេ​មិន​អាច​មាន​កូន​បាន ( ឬ​មិន​មាន​កូន​ច្រើន​តាម​ដែល​ពួកគេ​ចង់​បាន​នោះ ) ?

  • ហេតុអ្វី​វា​សំខាន់ ដែល​យើង​មិន​ត្រូវ​វិនិច្ឆ័យ​អ្នកដទៃ​ក្នុង​ការសម្រេច​ចិត្ត​របស់​ពួកគេ ទាក់ទង​នឹង​ពេលវេលា​ដែល​ត្រូវ​មាន​កូន និង​ចំនួន​កូន​ប៉ុន្មាន​នាក់​នោះ ?

អ្នក​អាច​បង្ហាញ​សំណួរ​ខាងក្រោម​នេះ ហើយ​ផ្ដល់​ពេលវេលា​ឲ្យ​សិស្ស​កត់ត្រា​គំនិត​របស់​ពួកគេ​អំពី​ជម្រើស​មួយ ឬ​ពីរ​របស់​ពួកគេ ៖

  • តើ​អ្វី​ជា​ជំនឿ និង​អារម្មណ៍​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​អំពី​ការមាន​កូន ?

  • តើ​មាន​ការផ្លាស់ប្ដូរ​អ្វីខ្លះ ប្រសិនបើ​មាន​ការផ្លាស់ប្ដូរ​អ្វីមួយ​នោះ ដែល​ខ្ញុំ​អាច​ត្រូវ​ធ្វើ​ដើម្បី​សម្រប​ឆន្ទៈ​របស់​ខ្ញុំ​ឲ្យកាន់តែ​ស្របតាម​ទស្សនវិស័យ​របស់​ព្រះអម្ចាស់ ទាក់ទង​នឹង​ការមាន​កូន ?

  • តើ​ខ្ញុំ​អាច​ជួយ​ការពារ​សារៈសំខាន់​នៃ​ការមាន​កូន​យ៉ាង​ដូចម្ដេច ?

  • តើ​ខ្ញុំ​អាច​បង្កើន​ទំនុកចិត្ត​របស់​ខ្ញុំ​ថា ព្រះអម្ចាស់​នឹង​គាំទ្រ​ស្វាមី ឬ​ភរិយា​របស់​ខ្ញុំ និង​ខ្ញុំ​ក្នុង​ការបំពេញ​តាម​បទបញ្ញត្តិ​ឲ្យ​មាន​កូន ដែល​ស្របតាម​ព្រះទ័យ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរបី​នាក់​ដែល​ចង់​ចែកចាយ ឲ្យ​ឡើង​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​កត់ត្រា​ទុក ។

ព្រះអម្ចាស់​បាន​បញ្ជាក់​ពី​ភាពឧត្តុង្គ​ឧត្តម​នៃ​ជីវិត ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ សេចក្តី​ថ្លែង​ការណ៍​មកពី​ការប្រកាស​អំពី​ក្រុមគ្រួសារ នៅ​ដើម​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ។

  • តើ​សេចក្តី​ថ្លែង​ការណ៍​នេះ​បង្រៀន​យើង​អ្វីខ្លះ អំពី​ព្រះវរបិតាសួគ៌​របស់​យើង និង​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់​មាន ? ( អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​ថា តើ​ការដឹង​ពី​សេចក្ដីពិត​ទាំងនេះ​មាន​ឥទ្ធិពល​យ៉ាងណា​ទៅលើ​បំណង​ប្រាថ្នា​របស់​ពួកគេ ដើម្បី​មាន​កូន​ផ្ទាល់ខ្លួន​របស់​គេ​នោះ ) ។

សូម​រំឭក​សិស្ស​ថា ការប្រកាស​អំពី​ក្រុមគ្រួសារ​នេះ​ប្រឆាំង​នឹង​ការអនុវត្ត​មួយ​ចំនួន ដែល​ត្រូវ​បាន​ទទួល​យក​យ៉ាង​ទូលំទូលាយ​នៅ​សព្វថ្ងៃ​នេះ ដូចជា​ការរម្លូត​កូន​ជាដើម ។

  • តើ​អ្នក​អាច​ប្រើ​អ្វី​ដែល​អ្នក​ដឹង​អំពី​ផែនការ​របស់​ព្រះ ដើម្បី​ពន្យល់​ពី​មូលហេតុ​ដែល « ការជ្រើសរើស​រម្លូត​កូន​ដោយសារ​ភាពងាយស្រួល​ផ្ទាល់ខ្លួន ឬ​សង្គម » គឺ​ផ្ទុយ​ពី​ព្រះទ័យ​របស់​ព្រះ​យ៉ាង​ដូចម្ដេច ? ( ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៣៨.៦.១ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​លើក​កម្ពស់ និង​ការពារ​ភាពពិសិដ្ឋ​នៃ​ជីវិត​មនុស្ស ។

ដើម្បី​រំឭក​ឡើងវិញ និង​ទុកជា​សាក្សី​បន្ថែម​ទៀត​អំពី​អ្វី​ដែល​សិស្ស​បាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ សូម​ពិចារណា​បង្ហាញ​វីដេអូ « Having Children in Faith » ( ២:២៥ ) ។

អ្នក​បញ្ចប់​មេរៀន​នេះ​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក អំពី​សេចក្ដីពិត​ដែល​សិស្ស​បាន​រកឃើញ​នៅក្នុង​មេរៀន​នេះ ។

សម្រាប់​ពេល​ក្រោយ

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​អំពី​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ការបង្រៀន​ណាខ្លះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​នាំឲ្យ​អ្នក​មាន​អំណរ​ខ្លាំង​បំផុត​នៅក្នុង​ជីវិត​របស់​អ្នក​ក្នុង​ពេល​កន្លង​មក ?

សូម​លើក​ទឹកចិត្ត​ឲ្យ​សិស្ស​សិក្សា ឯកសារ​រៀបចំ​សម្រាប់​មេរៀន​លើក​ក្រោយ ដោយ​គិត​ដល់​សំណួរ​នេះ​ក្នុង​ចិត្ត ៕