ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៣ ឯកសារ​គ្រូបង្រៀន ៖ និស្ស័យ និង​ជោគវាសនា​ដ៏ទេវភាព​របស់​យើង


« មេរៀន​ទី ៣ ឯកសារ​គ្រូបង្រៀន ៖ និស្ស័យ និង​ជោគវាសនា​ដ៏ទេវភាព​របស់​យើង » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ៣ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច

មេរៀន​ទី ៣ ឯកសារ​គ្រូបង្រៀន

និស្ស័យ និង​ជោគវាសនា​ដ៏ទេវភាព​របស់​យើង

យើង​គឺជា​បុត្រា និង​បុត្រី​ដ៏ស្ងួនភ្ងា​នៃ​ព្រះមាតា​បិតា​សួគ៌ ដែល​មាន​សក្ដានុពល​ដ៏ទេវភាព ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ស្វែងយល់​ពី​របៀប​ដែល​ការយល់ដឹង​អំពី​និស្ស័យ​នៃ​ព្រះ​របស់​ពួកគេ អាច​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​ព្រះ និង​របៀប​ដែល​ពួកគេ​មើល និង​ប្រព្រឹត្ត​ចំពោះ​ខ្លួនគេ និង​មនុស្ស​ដទៃទៀត ។ សិស្ស​ក៏នឹង​ប្ដេជ្ញា​ចិត្ត​ផងដែរ អំពី​របៀប​ដែល​ពួកគេ​អាច​ប្រើ​ចំណេះដឹង​ស្ដីពី​និស្ស័យ និង​ជោគវាសនា​ដ៏ទេវភាព​របស់​ពួកគេ ដើម្បី​ជះឥទ្ធិពល​លើ​ការជ្រើសរើស​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

យើង​គឺជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​ដ៏ស្ងួនភ្ងា​នៃ​ព្រះមាតា​បិតា​សួគ៌ ។

ជា​ផ្នែក​មួយ​នៃ​ការប្រជុំ​ធម្មនិដ្ឋាន​នៅក្នុង​ថ្នាក់ សូម​ពិចារណា​ច្រៀង​ទំនុក​តម្កើង​មួយ​ដូចជា​បទ « ឱ! ព្រះបិតា » ( ទំនុក​តម្កើង ល.រ. ១៨១ ) ឬ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ( ទំនុក​តម្កើង ល.រ. ១៨៨ ) ។

ដើម្បី​ចាប់ផ្ដើម​មេរៀន អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ឃ្លា​មកពី​ទំនុក​តម្កើង​បើក ដែល​បាន​បង្រៀន​ពួកគេ​អំពី​ព្រះ និង​អំពី​ខ្លួន​របស់​ពួកគេ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ឬ​អ្នក​អាច​បង្ហាញ​សិស្ស​នូវ​រូបភាព​ឪពុក​ម្ដាយ​របស់​អ្នក ឬ​នរណា​ផ្សេងទៀត ដែល​បាន​ជះ​ឥទ្ធិពល​វិជ្ជមាន​មកលើ​អ្នក ពេល​អ្នក​ធំ​ឡើង ។ សូម​ចែកចាយ​បុគ្គលិក​លក្ខណៈ​ខាង​រូបកាយ ឬ​គំរូ​នៃអត្តចរិត​មួយ​ចំនួន ដែល​អ្នក​មាន​អារម្មណ៍​ថា បាន​ទទួល​មកពី​ពួកគាត់ ។ សូមឲ្យ​សិស្ស​ពីរបី​នាក់​ចែកចាយ​អ្វីមួយ ដែល​ពួកគេ​បាន​ទទួល ឬ​បាន​រៀនពី​ឪពុក​ម្ដាយ​របស់​ពួកគេ ឬ​នរណា​ផ្សេងទៀត ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ដែល​មាន​នៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ៖ « មនុស្ស​ទាំងអស់—ទាំងប្រុស​ទាំងស្រី—ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាព​នៃ​ព្រះ ។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះមាតា​បិតា​សួគ៌ ដូច្នេះ​ហើយ មនុស្ស​ម្នាក់ៗ​មាន​ចរិត​នៃ​ព្រះ » ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ​ចេញពី​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ ហើយ​មូលហេតុ​អ្វី ? ( អ្នក​អាច​ទាញ​ចេញពី ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ដើម្បី​ជួយ​ធ្វើឲ្យ​ការយល់ដឹង​របស់​សិស្ស​អំពី​សេចក្ដីពិត​នេះ​កាន់តែ​ស៊ីជម្រៅ ) ។

  • តើ​ព្យាការី​បាន​ជួយ​យើង​ឲ្យ​ដឹង​អ្វីខ្លះ​ទៀត​អំពី​ព្រះ និង​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ទ្រង់ ? ហើយ​តើ​ការយល់ដឹង​នោះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ខ្លួនយើង ? ( អ្នក​អាច​ឲ្យ​សិស្ស​មាន​ពេលវេលា​ពីរបី​នាទី​ដើម្បី​រំឭក ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ឡើងវិញ មុនពេល​ពួកគេ​ចែក​រំលែក​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ទាំងនេះ ) ។

  • តើ​ការដឹង​ថា អ្នក​គឺជា​បុត្រ​របស់​ព្រះ អាច​មាន​ឥទ្ធិពល​យ៉ាង​ដូចម្ដេច ស្ដីពី​របៀប​ដែល​អ្នក​ថ្វាយបង្គំ​ទ្រង់ ?

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ទុកចិត្ត​លើ​ការរៀបចំ​របស់​សិស្ស​អ្នក ។ ស្វែងរក​របៀប​ដើម្បី​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សិក្សា​ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ពី​មុន​មក​ថ្នាក់រៀន ។ បន្ទាប់​មក សូម​ទាញ​យក​ការរៀបចំ​របស់​ពួកគេ​មក​ប្រើ​នៅក្នុង​ថ្នាក់ ។ ការធ្វើ​បែបនោះ​នឹង​បំផុស​គំនិត​សិស្ស​ឲ្យ​ទទួល​យក​ទំនួល​ខុសត្រូវ​កាន់តែ​ខ្លាំង សម្រាប់​ការរៀនសូត្រ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ អំឡុង​វគ្គសិក្សា​នេះ សូម​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ចែកចាយ​របៀប​ដែល​ឯកសារ​រៀបចំ ជួយ​ពង្រីក​ការយល់ដឹង​របស់​ពួកគេ​អំពី​គោលលទ្ធិ​ស្ដីពី​គ្រួសារ និង​ធ្វើឲ្យ​បទពិសោធន៍​ក្នុង​ថ្នាក់​របស់​ពួកគេ​បាន​ប្រសើរ​ឡើង ។

អាស្រ័យលើ​ទំហំ​នៃ​ថ្នាក់​របស់​អ្នក សូម​រៀបចំ​សិស្ស​ទៅជា​ក្រុម​តូចៗ ដើម្បី​ពិភាក្សាពី​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ( សិស្ស​មាន​ឱកាស​នេះ នៅពេល​ពួកគេ​សិក្សា​ឯកសារ​រៀបចំ ដើម្បី​សរសេរ​គំនិត​មួយ​ចំនួន​របស់​ពួកគេ​សម្រាប់​សំណួរ​ទាំងនេះ​មួយ ឬ​ច្រើន ) ៖

  • តើ​ការយល់ដឹង​ពី​និស្ស័យ​នៃ​ព្រះ​របស់​យើង អាច​ជះ​ឥទ្ធិពល​លើ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ខ្លួនយើង និង​មនុស្ស​ដទៃ​យ៉ាង​ដូចម្ដេច ? តើ​នៅពេល​ណា​ដែល​អ្នក​បាន​មាន​បទពិសោធន៍​មួយ ដែល​អ្នក​អាច​មើល​រំលង​អាកប្បកិរិយា ឬ​ឥរិយាបថ​គំរោះ​គំរើយ​របស់​នរណាម្នាក់ ហើយ​មើលឃើញ​និស្ស័យ​នៃ​ព្រះ​របស់​ពួកគេ​វិញ​នោះ ?

  • តើ​គំរូ​ណាខ្លះ​ចេញពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បង្ហាញ​ថា ទ្រង់​បាន​យល់ពី​និស្ស័យ​នៃ​ព្រះ​របស់​មនុស្ស​ដទៃ ? តើ​អ្នក​អាច​ធ្វើត្រាប់​តាម​ទ្រង់​ក្នុង​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ បាន​កាន់តែ​ប្រសើរ​ដោយ​របៀប​ណា ?

សូម​រំឭក​រួមគ្នា​ឡើងវិញ ឬ​សូម​ឲ្យ​សិស្ស​នឹកចាំ​ដល់​បទពិសោធន៍​របស់​ម៉ូសេ ដែល​បាន​មាន​បន្ទូល​ជាមួយ​ព្រះ រួចហើយ​ជាមួយ​សាតាំង ដូច​បាន​កត់ត្រា​នៅក្នុង ម៉ូសេ ១:៤–៦, ១២–១៦ ( សូមមើល ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​មកពី​បទពិសោធន៍​របស់​ម៉ូសេ ? ( នៅក្នុង​ចំណោម​សេចក្តីពិត​ផ្សេងទៀត សិស្ស​អាច​រកឃើញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ការយល់ដឹង​ពី​និស្ស័យ​នៃ​ព្រះ​របស់​យើង​អាច​ពង្រឹង និង​ការពារ​យើង​ពី​ពួកសត្រូវ ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ការយល់ដឹង​អំពី​និស្ស័យ​នៃ​ព្រះ​របស់​យើង អាច​ពង្រឹង​យើង​ប្រឆាំង​នឹង​ពួកសត្រូវ ?

  • តើ​អ្នក​អាច​ជួយ​ខ្លួនឯង​ឲ្យ​ចងចាំ​ថា​អ្នក​ជា​នរណា​ដោយ​របៀប​ណា នៅពេល​សាតាំង​ព្យាយាម​បញ្ចុះបញ្ចូល​អ្នក​បែប​ផ្សេង​នោះ ? ( អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​មើល​ដំណើររឿង​របស់​អែលឌើរ ប្រៃអិន ខេ ថេលើរ ដែល​មាន​យោង​នៅក្នុង​ផ្នែក « ចង់​បាន​បន្ថែម​ទៀត​ទេ ? » នៃ​ឯកសារ​រៀបចំ​សម្រាប់​ជា​ឧទាហរណ៍ ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

អនុសាសន៍​ទីមួយ​របស់​ខ្ញុំ​គឺ ត្រូវ​ដឹង ដោយ​ខ្លួន​អ្នក ថា​អ្នក​ជា​នរណា​ឲ្យ​ប្រាកដ ។ ចូរ​ទូល​សួរ​ព្រះវរបិតាសួគ៌​របស់​អ្នក នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ថា តើ​ទ្រង់​មាន​ព្រះទ័យ​យ៉ាង​ដូចម្ដេច​ចំពោះ​អ្នក និង​បេសកកម្ម​របស់​អ្នក​លើ​ផែនដី​នេះ ។ ប្រសិនបើ​អ្នក​ទូលសួរ​ដោយ​ស្មោះ​អស់ពី​ចិត្ត ឲ្យ​បាន​ច្រើន​ដង នោះ​ព្រះវិញ្ញាណ​នឹង​ខ្សឹប​ប្រាប់​សេចក្ដីពិត​ដែល​ផ្លាស់ប្ដូរ​ជីវិតដល់​អ្នក ។ សូម​កត់ត្រា​អារម្មណ៍​ទាំងនោះ មើល​វា​ជា​ញឹកញាប់ រួច​ធ្វើតាម​ដោយ​ប្រាកដ​ប្រជា ។ ( « Stand as True Millennials » Liahona ខែ តុលា ឆ្នាំ ២០១៦ ទំព័រ ៤៩ )

សូម​ផ្ដល់​ពេល​បីបួន​នាទី​ឲ្យ​សិស្ស​សញ្ជឹងគិត និង​ពិចារណា​ដោយ​ស្ងាត់ស្ងៀម អំពី​អ្វី​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ពួកគេ​ធ្វើ ដើម្បី​យល់ដឹង​បន្ថែម​ទៀត​អំពី​និស្ស័យ​នៃ​ព្រះ​របស់​ពួកគេ និង​របស់​មនុស្ស​ដទៃទៀត ។ អ្នក​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អធិស្ឋាន​រៀងៗ​ខ្លួន ដូច​ដែល​ប្រធាន ណិលសុន បាន​ផ្ដល់​អនុសាសន៍ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​នានា​ដែល​ពួកគេ​ទទួល​បាន​នៅពេល​នេះ និង​នៅពេល​ខាងមុខ ។

ពួកយើង​ម្នាក់ៗ​មាន​ជោគវាសនា​ដ៏ទេវភាព ។

សូម​បន្ថែម​ឃ្លា​ដូច​តទៅ​នេះ​ទៅក្នុង​សេចក្ដី​ថ្លែងការណ៍ ដែល​ចេញពី​ការប្រកាស​អំពី​ក្រុមគ្រួសារ ដែល​សរសេរ​នៅលើ​ក្ដារខៀន ៖ « និង​ជោគវាសនា » ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន រ៉ូម ៨:១៦–១៧ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ដោយ​រកមើល​អ្វី​ដែល​សាវក​ប៉ុល​បាន​បង្រៀន​អំពី​ជោគវាសនា​ដ៏ទេវភាព​របស់​យើង ។

  • តើ​បទគម្ពីរ​នេះ​បង្រៀន​អ្នក​អ្វីខ្លះ អំពី​អ្វី​ដែល​ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌​របស់​អ្នក និង​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះទ័យ​ចង់​បាន​សម្រាប់​អ្នក ? ( ប្រសិនបើ​ចាំបាច់ សូម​ជួយ​សិស្ស​ឲ្យ​យល់ពី​អត្ថន័យ​នៃ​ការធ្វើ​ជា « អ្នកគ្រង​មរតក​នៃ​ព្រះ​ជាមួយ​នឹង​ព្រះគ្រីស្ទ » ។ សូមមើល ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ សម្រាប់​ការពន្យល់​មួយ ) ។

ពីមុនចាប់ផ្តើម​ថ្នាក់រៀន អ្នក​អាច​សូម​ឲ្យ​សិស្ស​ម្នាក់​ត្រៀមខ្លួន​សង្ខេប និង​ចែកចាយ​អារម្មណ៍​របស់​គាត់ ឬ​នាង​អំពី សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ។

សូម​ផ្ដល់​ពេលវេលា​ឲ្យ​សិស្ស​ពិចារណា​ពី​សំណួរ​ខាងក្រោម​នេះ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​កត់ត្រា​ចំណាប់​អារម្មណ៍​នានា ដែល​ពួកគេ​ទទួល​បាន ៖

  • តើ​ការដឹង​ពី​និស្ស័យ និង​ជោគវាសនា​ដ៏ទេវភាព​របស់​អ្នក អាច​មាន​ឥទ្ធិពល​លើ​ជម្រើស ដែល​អ្នក​ធ្វើ​នៅ​ថ្ងៃនេះ​យ៉ាង​ដូចម្ដេច?

  • តើ​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន អុជដូហ្វ ផ្លាស់ប្ដូរ​របៀប​ដែល​អ្នក​មើលទៅ​ជំហាន​ដ៏រអាក់​រអួល​ដូចជា​កូនក្មេង​កំពុង​រៀនដើរ​នោះ​យ៉ាង​ដូចម្ដេច ? តើ​អ្នក​អាច​យាង​ព្រះអម្ចាស់​ឲ្យ​ជួយ​អ្នក​បន្ដ​ឆ្ពោះ​ទៅមុខ​តាម​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​គំនិត ឬ​ទីបន្ទាល់​របស់​ពួកគេ អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​មេរៀន​នេះ ។

អ្នក​អាច​បញ្ចប់​មេរៀន​នេះ ដោយ​ការចែកចាយ​ភាពខុសគ្នា​ដែល​កើតមាន​នៅក្នុង​ជីវិត​របស់​អ្នក នៅពេល​អ្នក​ដឹងពី​និស្ស័យ និង​ជោគវាសនា​ដ៏ទេវភាព​របស់​អ្នក ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​របៀប​ដើម្បី​ចងចាំ​ថា ពួកគេ​ជា​នរណា ហើយ​មនុស្ស​ដទៃទៀត​គឺជា​នរណា និង​ស្វែងរក​របៀប​ដើម្បី​ប្រព្រឹត្ត​ចំពោះ​ខ្លួនឯង និង​មនុស្ស​ដទៃទៀត​ស្រប​ទៅតាម​នោះ ។

សម្រាប់​ពេល​ក្រោយ

សូម​ពិចារណា​សូមឲ្យ​សិស្ស​គិត​អំពី​របៀប ដែល​គ្រួសារ​ត្រូវ​នឹង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ នៅពេល​ពួកគេ សិក្សា ពី​ផែនការ​ដ៏ធំ ដែល​ព្រះ​មាន​សម្រាប់​ក្រុមគ្រួសារ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​ពី​សារៈសំខាន់​នៃ​គ្រួសារ​របស់​ពួកគេ នៅក្នុង​ផែនការ​ផ្ទាល់ខ្លួន​របស់​ពួកគេ​សម្រាប់​ជីវិត​របស់​ពួកគេ ។