ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៣ ឯកសារ​គ្រូបង្រៀន ៖ ពេល​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច ឬ​ការមាន​កូន​ត្រូវ​បាន​ពន្យារ​ពេល


« មេរៀនទី ២៣ ឯកសារ​គ្រូបង្រៀន ៖ ពេល​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច ឬ​ការមាន​កូន​ត្រូវ​បាន​ពន្យារ​ពេល » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ២៣ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀន​ទី ២៣ ឯកសារ​គ្រូបង្រៀន

ពេល​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច ឬ​ការមាន​កូន​ត្រូវ​បាន​ពន្យារ​ពេល

សមាជិក​សាសនាចក្រ​ជាច្រើន​មាន​បំណងប្រាថ្នា​ដ៏​សុចរិត​សម្រាប់​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ឬ​ការមាន​បុត្រធីតា ដែល​ត្រូវបាន​ពន្យារពេល ឬ​រំខាន ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ពិភាក្សា​ពី​របៀប​ដែល​ពួកគេ​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ប្រសិនបើ​ពួកគេ​ប្រឈមមុខ​នឹង​ប្រភេទ​ឧបសគ្គ​ទាំងនេះ ។ សិស្ស​ក៏​នឹង​ប្ដេជ្ញា​ផងដែរ​ចំពោះ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​រាប់អាន​អ្នកដទៃ​នៅក្នុង​វួដ ឬ​សាខា​របស់​ពួកគេ ដោយ​មិនគិត​ពី​កាលៈទេសៈ​គ្រួសារ​របស់​ពួកគេ​ឡើយ ។

យោបល់​សម្រាប់​ការបង្រៀន

យើង​អាច​ជ្រើសរើស​ដើម្បីអនុវត្ត​សេចក្តី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​បាន នៅពេល​ពរជ័យ​ដែល​យើង​ចង់បាន​ត្រូវបាន​ពន្យារ​នោះ ។

សូម​បង្ហាញ និង​អាន​ជាមួយគ្នា​នូវ សេចក្តី​ថ្លែង​ការណ៍​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។ អ្នក​អាច​គូសចំណាំ ឬ​សរសេរ​នៅ​លើ​ក្ដារខៀន​អំពី​កាលៈទេសៈ​ដែល​លោក​បានលើក​ឡើង ដែល​មិន​ត្រូវ​នឹង​គំនិត​ដែល​បាន​បង្រៀន​នៅក្នុង​សេចក្តី​ប្រកាស​អំពី​ក្រុមគ្រួសារ​ជានិច្ច​នោះទេ ។

  • ហេតុអ្វី​អ្នកគិតថា​ថ្នាក់ដឹកនាំ​សាសនាចក្រ​បន្ត​បង្រៀន​អំពី​គំនិត​នៃ​ជីវិត​គ្រួសារ ប្រសិនបើ​សមាជិក​សាសនាចក្រ​ភាគច្រើន​មិន​បាន​ជួបប្រទះ​នឹង​ឧត្តមគតិ​ទាំងនេះ​នាពេល​បច្ចុប្បន្ន​នេះ​ទេ​នោះ ? ( សូម​ពិចារណា​យោងទៅ សេចក្ដី​ថ្លែងការណ៍​របស់​ស៊ីស្ទើរ សារ៉ុន អូប៊ែង នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។

សូម​បង្ហាញ​រូបភាព​របស់ អ័ប្រាហាំ និង សារ៉ា ចេញពី ផ្នែកទី ២ នៃ​ឯកសារ​រៀបចំ និង​ស្នើសុំ​ឲ្យ​សិស្ស​សង្ខេប​ពរជ័យ​ទាំងឡាយ​ដែល​ត្រូវបាន​ពន្យារ និង​បាន​បំពេញ​នៅក្នុង​ជីវិត​របស់​អ័ប្រាហាំ និង សារ៉ា ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭកឡើងវិញ​ក្នុង ហេព្រើរ ១១:៨, ១១–១៣ រៀងៗខ្លួន ដោយ​រកមើលឃ្លា​ដែល​លើកឡើង​ពី​សេចក្តីជំនឿ​របស់​អ័ប្រាហាំ និង សារ៉ា ។ សូម​ស្នើសុំ​ឲ្យ​សិស្ស​ពីរបី​នាក់​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​គំរូ​របស់​អ័ប្រាហាំ និង​សារ៉ា អាច​ជួយ​សមាជិក​សាសនាចក្រ​សម័យ​ទំនើប​ដែល​កំពុង​ពុះពារ​នឹង​សេចក្តី​ជំនឿ​ដោយ​របៀបណា នៅពេល​ពរជ័យ​ដែល​បាន​សន្យា​ត្រូវ​បានពន្យារ​ពេល ឬ​មិន​បាន​បំពេញ​ក្នុង​ជីវិត​នេះ​នោះ ? ( បន្ទាប់ពី​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ​ហើយ សូម​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​នៅលើ​ក្តារខៀន ៖ កាល​ដែល​យើង​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ហើយ​ទុកចិត្ត​លើ​ពេលវេលា​របស់​ទ្រង់ នោះ​យើង​នឹង​ទទួល​ពរជ័យ​ដែល​បានសន្យា​របស់​ទ្រង់​ទាំង​នៅក្នុង​ជីវិត​រមែងស្លាប់ ឬ​នៅក្នុង​ពេល​ដ៏​អស់កល្ប​ជានិច្ច ) ។

អ្នក​អាច​រំឭក​សិស្ស​ថា ការទទួល​បាន​ពរជ័យ​ដែល​បានសន្យា ជាញឹកញាប់​មិនមែន​ជា​រឿង​ដែល​ទាក់ទង​នឹង​សុចរិតភាព​ទេ ប៉ុន្តែ​គឺជា​ពេលវេលា​របស់​ព្រះអម្ចាស់​ទៅវិញ​ទេ ។ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ពរជ័យ​ខ្លះ​មក​ឆាប់ ខ្លះ​មក​យឺត ហើយ​ខ្លះ​មិន​មក រហូតដល់​ស្ថានសួគ៌ ប៉ុន្ដែ​សម្រាប់​អស់​អ្នក​ដែល​ឱបក្រសោប​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ វា​នឹង​មក ។ ខ្ញុំ​សូម​បញ្ជាក់​ពី​រឿង​នោះ​ដោយ​ផ្ទាល់ ។ ( « An High Priest of Good Things to Come » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៣៨ ) 

សូម​គិតពី​ការសួរ​សំណួរ​ខាងក្រោម​មួយ​ចំនួន ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ដឹង​កាន់តែ​ជ្រៅជ្រះ​អំពី​គោលការណ៍​នេះ​នៅលើ​ក្តារខៀន ៖

  • តើ​សមាជិក​នៃ​សាសនាចក្រ​នៅក្នុង ស្ថានភាព​មួយ​ដែល​បាន​លើកឡើង​ដោយ​អែលឌើរ អាន់ឌើរសិន ( នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោក​ក្នុង​ផ្នែកទី ១ នៃ​ឯកសារ​រៀបចំ ដែល​បានលើកឡើង​នៅ​ខាងដើម​នៅក្នុង​ផ្នែក​នេះ ) អាច​បន្ត​អនុវត្ត​សេចក្តី​ជំនឿ​នៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការបង្រៀន​របស់ទ្រង់​ស្តីពី​ក្រុមគ្រួសារ​ដោយ​របៀបណា ?

  • តើ​បទពិសោធន៍ ឬ​ការបង្រៀន​អ្វីខ្លះ ដែល​ស្ថាបនា​ទំនុកចិត្ត​របស់​អ្នក​ថា ព្រះអម្ចាស់​នឹង​បំពេញ​ការសន្យា​របស់ទ្រង់ ទោះបីជា​ពរជ័យ​ដែល​ចង់បាន​នោះ​ត្រូវបាន​ពន្យារ​ក៏ដោយ ? ( សូម​អញ្ជើញ​សិស្ស​ឲ្យ​យោង​ទៅអ្វី​ដែល​ពួកគេ​បាន​សរសេរ​ជា​ការឆ្លើយតប​ទៅនឹង​សកម្មភាព « កត់ត្រា​គំនិត​របស់​អ្នក » នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​នៅពេល​ណា​ដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ បានឆ្ពោះទៅមុខ​ដោយ​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់ នៅពេល​ដែល​ពរជ័យ​ទាក់ទង​នឹង​ការរៀបការ ឬ​ការមាន​បុត្រធីតា​ត្រូវ​ពន្យារ​នោះ ? តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់​ចេញ​ពី​បទពិសោធន៍​នោះ ?

សូម​ពិចារណា​ចែករំលែក​ដំណើររឿង​ខាងក្រោម​របស់​យុវមជ្ឈិមវ័យ​នៅលីវ​ម្នាក់ដែល​ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​ចែកចាយ ទុកជាផ្នែក​នៃ​ការពិភាក្សា​នេះ ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

ខ្ញុំ​បាន​ទទួល​សំបុត្រ​មកពី​ស្រ្តី​ម្នាក់​ដែល​កំពុង​សិក្សា​នៅ​ឯ​សាកលវិទ្យាល័យ ហាវឺដ ។ ខ្ញុំ​មាន​ការកោត​សរសើរ​ចំពោះ​ខ្លឹមសារ​នៅ​ក្នុង​សំបុត្រ​នោះ ។

នាង​បាន​និយាយ​ថា « ខ្ញុំ​មាន​អាយុតែ ២៦ ឆ្នាំ ប៉ុណ្ណោះ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ការសាកល្បង​ភាព​នៅ​លីវ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយបារម្ភ » ។

បន្ទាប់ពី​បាន​ចែកចាយ​បន្ថែម​ទៀត​នៅក្នុង​សំបុត្រ​របស់​នាង នាង​បាន​បញ្ចប់ ៖ « ខ្ញុំ​បានដើរ​ត្រឡប់​ទៅ​ផ្ទះ​ពី​កន្លែង​ធ្វើការ​នៅ​រសៀល​មួយ​កាលឆ្នាំ​មុន ដោយ​ថ្វាយ​ដួងចិត្ត​របស់​ខ្ញុំ​ចំពោះ​ព្រះ ដោយ​ទូល​ទ្រង់​ថា​បំណង​ប្រាថ្នា​ដ៏​ជ្រាលជ្រៅ​បំផុត​របស់ខ្ញុំ​គឺ​ការធ្វើ​ជា​ប្រពន្ធ និង​ជា​ម្ដាយ​ម្នាក់ ។ ខ្ញុំ​បាន​ឈប់អធិស្ឋាន​តទៅ​ទៀត កាល​ដែល​គំនិត និង​អារម្មណ៍​ដ៏​មាន​ឥទ្ធិពលមួយ​បានចូល​មក​ក្នុង​ចិត្ត និង​គំនិត​របស់​ខ្ញុំ ។ គំនិត​នោះ​គឺ​ថា​ខ្ញុំ​គិត​ខុសហើយ ។ បំណង​ប្រាថ្នា​ដ៏​ជ្រាលជ្រៅ​បំផុត​នៅក្នុង​ដួងចិត្ត​របស់​ខ្ញុំ​គួរតែ​ភាពជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បន្ទាប់មក​រឿង​ទីពីរ​អាច​ជា​ការធ្វើជា​ភរិយា និង​ម្ដាយ​មួយ​រូប ។ ទស្សនវិស័យ​របស់ខ្ញុំ​អំពី​ជីវិត​បាន​ផ្លាស់ប្តូរ​តាំងពី​ពេលនោះ​មក ។ ខ្ញុំ​បាន​ប្តូរ​ការគិត​នោះ ។ ខ្ញុំ​ដឹងថា​ពរជ័យ​ដែល​បានសន្យា​នឹង​ក្លាយ​ជា​របស់​ខ្ញុំ ប៉ុន្តែ​អ្វីៗ​ទាំងនេះ​នឹង​កើតឡើង​តាម​ពេលវេលា​របស់​ព្រះ មិនមែន​តាម​ពេលវេលា​របស់​ខ្ញុំ​ទេ » ។ អូ៎ នេះ​ជា​គំនិត​អស្ចារ្យ​ណាស់ ! ( ហ្វេសប៊ុក ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៦ នៅលើ​គេហទំព័រ facebook.com/dallin.h.oaks )

សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​នូវ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​បន្ត​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ពួកគេ​រង់ចាំ​ទទួល​ពរជ័យ​គ្រួសារ​ដែល​ពួកគេ​ប្រាថ្នា​ចង់បាន ។

អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ការណែនាំ និង​ការគាំទ្រ​ពី​ព្រះអម្ចាស់​ក្នុង​ការរៀន​ពី​របៀប​ទទួល​បាន​អំណរ ការបំពេញ និង​ការរីកចម្រើន​នាពេល​ឥឡូវនេះ ទោះ​កាលៈទេសៈ​ក្រុមគ្រួសារ​របស់​ពួកគេ​យ៉ាងណា​ក្តី ។

សមាជិក​សាសនាចក្រ​ម្នាក់ៗ​គឺជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​រូបកាយ​នៃ​ព្រះ​គ្រីស្ទ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ឡើងវិញ​ក្នុង កូរិនថូស ទី១ ១២:១២–២៧ ដោយ​រកមើល​អ្វី​ដែល​ការប្រៀប​ធៀប​របស់​សាវកប៉ុល​បង្រៀន​យើង​អំពី​សាសនាចក្រ និង​សមាជិក​របស់​សាសនាចក្រ ។

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​ពី​ការប្រៀប​ធៀប​នេះ ? ( នៅក្នុង​ចំណោម​សេចក្តីពិត​ទាំងឡាយ​ដែល​សិស្ស​អាច​រកឃើញ សូម​កុំភ្លេច​បញ្ជាក់​សេចក្តីពិត​ដូច​តទៅ​នេះ ៖ សមាជិក​សាសនាចក្រ​គ្រប់រូប​គឺ​សំខាន់ និង​អាច​ធ្វើការ​ចូលរួម​ចំណែក​យ៉ាងសំខាន់​ចំពោះ​សាសនាចក្រ ) ។

ដើម្បី​បង្ហាញ​ថា​សមាជិក​សាសនាចក្រ​ទាំងអស់​មាន​តម្លៃ​ដើម្បី​ចូលរួម​ចំណែក នោះ​អ្នក​អាច​បង្ហាញ​វីដេអូ « Songs Sung and Unsung » ( ២:៥៦ ) ដែល​មាន​នៅក្នុង​ផ្នែក « ចង់​បាន​បន្ថែម​ទៀត​ទេ ? » នៃ​ឯកសារ​រៀបចំ ។

ដើម្បី​ជួយ​សិស្សឲ្យ​ពិចារណា​ពី​របៀប​រាប់អាន​អ្នក​ដទៃ ហើយ​ជ្រើសរើស​បញ្ចូល​ខ្លួន​ពួកគេ​នៅក្នុង​មជ្ឈដ្ឋាន​របស់​សាសនាចក្រ នោះ​អ្នក​អាច​ចែកចាយ​សាច់រឿង​ដូច​ខាងក្រោម​នេះ ( ឬ​កែ​សម្រួល​សាច់រឿង​តាម​ការគួរ​ដើម្បី​ឲ្យ​មាន​ភាពទាក់ទង​នឹង​សិស្ស​របស់​អ្នក​កាន់​តែ​ខ្លាំង ) ៖

ថ្មីៗនេះ វីតូរីយ៉ា បាន​លែងលះ​គ្នា ។ នាង​បាន​ប្រាប់​អ្នក​ថា នាង​មិន​មាន​អារម្មណ៍​ថា​នាង​ស័ក្តិសម​នៅក្នុង​សាសនាចក្រ​ទៀត​ទេ ។ នាងអង្គុយ​តែម្នាក់​ឯង​នៅក្នុង​ការប្រជុំ​របស់​សាសនាចក្រ ហើយ​មាន​អារម្មណ៍​មិន​ស្រណុកចិត្ត​នៅអំឡុង​ការពិភាក្សា​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​នៅក្នុង​ថ្នាក់​សមាគម​សង្រ្គោះ​ឡើយ ។ នាង​មាន​ការងឿងឆ្ងល់​ថា តើ​នាង​មាន​អ្វី​ដើម្បី​ចូលរួម​ចំណែក​នៅក្នុង​វួដ​របស់​នាង​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​របស់​នាង​ដែរ​ឬ​ទេ ។

សូម​ពិចារណា​ចាត់​សិស្ស​ជា​គូៗ ហើយ​ដាក់​បង្ហាញ​សំណួរ​ដូច​ខាងក្រោម ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ចេញពី​ដៃគូ​នីមួយៗ​ឲ្យ​សញ្ជឹង​គិត​ពី​របៀប​ដែល​គាត់​នឹង​ឆ្លើយតប​សំណួរ​របស់ វីតូរីយ៉ា ចេញ​ពី​ទស្សនៈ​របស់​វីតូរីយ៉ា ។ សូម​អញ្ជើញ​សិស្ស​ផ្សេងទៀត​ឲ្យ​សញ្ជឹងគិត​ពី​ក្រុម​សំណួរ​ផ្សេងទៀត​ចេញពី​ទស្សនៈ​របស់​នរណា​ម្នាក់​នៅក្នុង​វួដ​របស់​វីតូរីយ៉ា ។ ក្រោយពី​ពីរ​បី​នាទី​ក្រោយមក សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ចម្លើយ​របស់​ពួកគេ​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។

វីតូរីយ៉ា

សមាជិក​វួដ

ខ្ញុំ​មាន​អារម្មណ៍​ថា​ចូល​មិន​ចុះ​នឹង​គេ​ទេ ។ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​មាន​អារម្មណ៍​ថា​ស្និទ្ធស្នាល ?

តើ​ខ្ញុំ​អាច​គាំទ្រ​ដល់ វីតូរីយ៉ា នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​របស់​នាង​យ៉ាង​ដូចម្ដេច​ទៅ ?

តើ​ទស្សនៈ និង​ការចូលរួម​ចំណែក​ដ៏​ពិសេស​ណាខ្លះ​ដែល​ខ្ញុំ​អាច​បន្ថែម​ទៅក្នុង​វួដ​របស់​ខ្ញុំ​បាន ?

តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បីយល់​កាន់តែ​ច្បាស់ពី​វីតូរីយ៉ា ហើយ​ជួយ​នាង​ឲ្យ​មាន​អារម្មណ៍​ថា​មាន​តម្លៃ​នៅក្នុង​វួដ​របស់​យើង ?

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះដើម្បី​អនុញ្ញាត​ឲ្យ​ព្រះអង្គ​សង្រ្គោះ​ជួយ​ខ្ញុំ​ឲ្យយល់ និង​ស្គាល់​ពី​តម្លៃ និង​ទីកន្លែង​របស់​ខ្ញុំ​នៅក្នុង​សាសនាចក្រ​របស់ទ្រង់ ?

តើ​ខ្ញុំ​អាច​រាប់អាន​សមាជិក​វួដ​ដែល​ជួបនឹង​កាលៈទេសៈ​បែបនេះ​កាន់តែ​ខ្លាំង​ឡើង​ដោយ​របៀប​ណា រួមមាន​បុគ្គល​ដូចជា​មជ្ឈិមវ័យ​នៅលីវ ឪពុក ឬ​ម្ដាយ​ទោល ឬ​អ្នក​រៀបការ​ហើយ ប៉ុន្តែ​គ្មាន​កូន ?

បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​សកម្មភាព​នេះ ។

សូម​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​ដើម្បី​កត់ត្រា និង​រៀបចំ​ផែនការ​ពី​របៀប​ដែលពួកគេ​នឹង​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់​ពួកគេ​ដើម្បី​គាំទ្រ​សមាជិក​សាសនាចក្រ​ដូចគ្នា ដោយ​មិនគិត​ពី​ស្ថានភាព​គ្រួសារ​របស់​ពួកគេ​ឡើយ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​សមាជិក​មួយចំនួន​នៅក្នុង​វួដ ឬ​សាខា​របស់​ពួកគេ ដែល​ពួកគេ​អាច​គាំទ្រ​បាន ។

សូម​ពិចារណា​បញ្ចប់​មេរៀន​នេះ ដោយ​ការថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ស្រឡាញ់ និង​ការគាំទ្រ​ដ៏​ឥត​ឈប់ឈរ​របស់​ព្រះវរបិតាសួគ៌​ចំពោះ​អ្នក​ដែល​មាន​ស្ថានភាព​គ្រួសារ​លំបាក ។ សូម​ថ្លែង​ទីបន្ទាល់​ផងដែរ​ថា រាល់​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់​គឺ​ទទួលបាន​ការរាប់អាន ហើយ​អាច​ធ្វើ​ការចូលរួម​ចំណែក​ដ៏​មាន​អត្ថន័យ​បាន ។

សម្រាប់​ពេល​ក្រោយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​បុគ្គល​ដែល​ពួកគេ​ស្គាល់ ដែល​ជួបនឹង​ឧបសគ្គ​សុខភាព​ខាង​សតិអារម្មណ៍ ឬ​ផ្លូវ​ចិត្ត ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អាន ឯកសារ​រៀបចំ​សម្រាប់​មេរៀន​លើក​ក្រោយ ដោយ​គិត​ដល់​បុគ្គល​ម្នាក់​ទាំងនេះ​នៅក្នុង​ចិត្ត ។ អ្នក​ក៏​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​រក​ពេល​នៅតែ​ម្នាក់ឯង​ខ្លះ​ផងដែរ ដើម្បី​វាយតម្លៃ​សុខភាព​ខាង​សតិអារម្មណ៍​របស់​ពួកគេ ។