ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៤ ឯកសារ​គ្រូបង្រៀន ៖ ការនិយាយ​ពី​សុខភាព​ផ្លូវចិត្ត​ដោយ​មាន​សេចក្ដី​សង្ឃឹម និង​សេចក្ដី​មេត្តា​ករុណា


« មេរៀន​ទី ២៤ ឯកសារ​គ្រូបង្រៀន ៖ ការនិយាយ​ពី​សុខភាព​ផ្លូវចិត្ត​ដោយ​មាន​សេចក្ដី​សង្ឃឹម និង​សេចក្ដី​មេត្តា​ករុណា » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ២៤ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀន​ទី ២៤ ឯកសារ​គ្រូបង្រៀន

ការនិយាយ​ពី​សុខភាព​ផ្លូវចិត្ត​ដោយ​មាន​សេចក្ដី​សង្ឃឹម និង​សេចក្ដី​មេត្តា​ករុណា

បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​អាច​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​ស្គាល់​ពី​របៀប​ដែល​ពួកគេ​អាច​បង្កើន​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​អារម្មណ៍​របស់​ពួកគេ​បាន ។ សិស្ស​ក៏​នឹង​ពិចារណា​ពី​របៀប​ដែល​ពួកគេ​ឆ្លើយតប​ទៅ​កាន់​សមាជិក​គ្រួសារ និង​មនុស្ស​ដទៃ​ដែល​អាច​ជួប​នឹង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត ឬ​នៅ​ក្នុង​ស្ថានភាព​ដែល​ទាក់ទង​នឹង​ការធ្វើ​អត្តឃាត​ប្រកប​ដោយ​ចិត្ត​អាណិត​អាសូរ​កាន់តែ​ខ្លាំង​ជាងមុន ។

យោបល់​សម្រាប់​ការបង្រៀន

យើង​ផ្ដល់​ពរជ័យ​ឲ្យ​ខ្លួន​ឯង និង​ក្រុមគ្រួសារ​របស់​យើង នៅពេល​យើង​ខិតខំ​ថែរក្សា និង​កែលម្អ​សុខភាព​ផ្លូវ​ចិត្ត​របស់​យើង ។

សូម​ដាក់​បង្ហាញ​សេចក្ដី​យោង​បទគម្ពីរ​ដូច​តទៅ​នេះ ៖ យ៉ូប ៦:១–៣; នីហ្វៃទី១ ១៨:១៧–១៨; អាលម៉ា ២៦:២៦–២៧ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​វគ្គ​បទគម្ពីរ​ទាំងនេះ​មួយ​ដោយ​ស្ងៀម​ស្ងាត់ ហើយរក​មើល​ឧបសគ្គ​ចំពោះ​សុខុមាលភាព​ខាង​ផ្លូវចិត្ត ឬ​ផ្លូវ​អារម្មណ៍​របស់​បុគ្គល​ទាំងនោះ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ ។ នៅពេល​សិស្ស​ចែកចាយ អ្នក​គួរ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅ​លើ​ក្តារខៀន ។

  • តើ​ប្រភេទ​នៃ​ឧបសគ្គ និង​ស្ថានភាព​ផ្សេងទៀត​ណា​ខ្លះ​ដែល​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​សុខុមាលភាព​ផ្លូវចិត្ត ឬ​ផ្លូវ​អារម្មណ៍​របស់​យើង ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

  • ហេតុអ្វី​វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា ការប្រឈម​នឹង​ឧបសគ្គ​ចំពោះ​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​អារម្មណ៍​របស់​យើង​អាច​ជា​ផ្នែក​ធម្មតា​មួយ​នៃ​បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​យើង ?

សូម​រំឭក​សិស្ស​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា « មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្តី​ឈឺចាប់ » ដែរ ( អេសាយ ៥៣:៣ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការបំពេញ​ការព្យាករ​របស់​អេសាយ ។

សូម​ដាក់​បង្ហាញ​សេចក្ដី​យោង​បទគម្ពីរ​ដូច​តទៅ​នេះ ៖ ម៉ាថាយ ១៤:២២–២៣; ម៉ាកុស ១:៣៥; ៦:៣១, ៤៦; លូកា ៥:១៦ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​វគ្គ​បទគម្ពីរ​ទាំងនេះ​មួយ ឬ​ច្រើន​ដោយ​ស្ងៀមស្ងាត់ ហើយ​ស្វែងរក​មេរៀន​ដែល​យើង​អាច​រៀន​មក​ពី​សកម្មភាព​របស់​ព្រះអម្ចាស់ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ ហើយ​ជួយ​ពួកគេ​ឲ្យ​ស្គាល់​សេចក្ដីពិត​ដូចតទៅ​នេះ ៖ យើង​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ នៅពេល​យើង​ចំណាយ​ពេល​សម្រាក នៅស្ងៀម ហើយ​អធិស្ឋាន ។

  • ហេតុអ្វី​វា​សំខាន់​ដើម្បី​មើល​ថែ​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​អារម្មណ៍​របស់​អ្នក​យ៉ាង​សកម្ម ? ( សូម​ពិចារណា​អាន​សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន អិម រ័សុល បាឡឺដ នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។

សូម​ទុកពេល​ពីរ​បី​នាទី​ឲ្យ​សិស្ស​សញ្ជឹង​គិត ហើយ​កត់ត្រា​វិធី​មួយ​ដែល​ពួកគេ​អាច​ពង្រឹង​សុខភាព​ផ្លូវចិត្ត ឬ​ផ្លូវ​អារម្មណ៍​របស់​ពួកគេ​បាន ហើយ​បង្កើត​ផែនការ​ដ៏​សាមញ្ញ​មួយ​សម្រាប់​ការ​ធ្វើ​ដូច្នោះ ។ សូម​ពិចារណា​ឲ្យ​សិស្ស​យោង​ទៅ សំណួរ នៅក្នុង​ផ្នែក​ទី ១ នៅក្នុង​ឯកសារ​រៀបចំ​សម្រាប់​គំនិត​នានា ។

យើង​អាច​ឆ្លើយ​តប​ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​ដូចជា​ព្រះគ្រីស្ទ​ទៅ​កាន់​បុគ្គល​ដែល​ជួបប្រទះ​នឹង​ឧបសគ្គ​ផ្លូវ​ចិត្ត​បាន ។

សូម​ដាក់បង្ហាញ ហើយ​អាន​ដំណើររឿង​ដូចតទៅ​នេះ​ស្ដីពី​បុគ្គល​ដែល​បាន​ជួបប្រទះ​នឹង​ឧបសគ្គ​សុខភាព​ផ្លូវចិត្ត ដូច​ដែល​ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ បាន​ចែកចាយ ។ ឬ​ប្រសិន​បើ​អ្នក​ចង់​ធ្វើ សូម​បង្ហាញ​ផ្នែក​ទីមួយ​នៃ​វីដេអូ « Like a Broken Vessel » ( លេខ​កូដម៉ោង ០:០០–៣:១៦ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​អារម្មណ៍​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​ស្ដាប់​ឮ​ដំណើររឿង​ទាំងនេះ ។

រូបភាព
ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ

មាន​ពេល​មួយ​កូន​ស្រី​ខ្ញុំ​បាន​សរសេរ​ថា « មាន​គ្រាមួយ … [ ជា​ពេល​ដែល ] ខ្ញុំ​មាន​ភាពសោកសៅ​យ៉ាង​ខ្លាំង​គ្រប់ពេល ។ ខ្ញុំ​តែង​គិត​ថា ភាព​សោកសៅ​គឺជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ខ្មាសអៀន ហើយ​ថា​វា​គឺជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ ។ ដូច្នេះ​ខ្ញុំ​បាន​លាក់​ទុក​ភាពសោកសៅ​របស់​ខ្ញុំ ។ … ខ្ញុំ​បាន​ទទួល​អារម្មណ៍​ដូចជា​មនុស្ស​គ្មាន​តម្លៃ​សោះ » [ Hermana Elena Aburto blog នៅលើ​គេហទំព័រ hermanaelenaaburto.blogspot.com/2015/08 ] ។

មាន​មិត្ត​ម្នាក់​បាន​រៀបរាប់​វា​តាម​របៀប​នេះ​ថា « តាំងពីក្មេង​មក ខ្ញុំ​បាន​ធ្វើ​ការ​តតាំង​នឹង​អារម្មណ៍​នៃ​ភាព​អស់​សង្ឃឹម ភាព​ខ្មៅ​ងងឹត ភាព​ឯកោ និង​ភាព​ភ័យខ្លាច ព្រមទាំង​អារម្មណ៍​ដែល​មាន​បញ្ហា ឬ​ជំងឺ ។ ខ្ញុំ​បាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​លាក់​ទុក​ការ​ឈឺចាប់​របស់​ខ្ញុំ ហើយ​ខិតខំ​បង្ហាញ​ថា ខ្ញុំ​ធ្វើ​បាន​អ្វីៗ​ទាំងអស់ ថា​ខ្ញុំ​ជា​មនុស្ស​ដែល​ព្យាយាម និង​រឹងមាំ » [ ការ​ឆ្លើយ​ឆ្លង​ដោយ​ផ្ទាល់ ] ។ ( « Thru Cloud and Sunshine, Lord, Abide with Me! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៥៧ )

  • តើ​អ្នក​មាន​គំនិត និង​អារម្មណ៍​អ្វីខ្លះ នៅពេល​អ្នក​ស្តាប់​ឮ​ដំណើររឿង​ទាំងនេះ ?

សូម​ចែក​សំណៅ​ដែល​ភ្ជាប់​មក​ជាមួយ​ដល់​សិស្ស​ម្នាក់ៗ ឬ​ដាក់បង្ហាញ​សំណួរ​ទាំងនោះ​ឲ្យ​សិស្ស​គ្រប់គ្នា​បាន​ឃើញ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ហើយ​ពិចារណា​ពី​សំណួរ​ទាំងនោះ​ដោយ​ខ្លួន​ឯង ។ បន្ទាប់ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​រៀបចំ​សិស្ស​ជា​ក្រុម​តូចៗ ហើយ​សុំ​ឲ្យ​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​សំណួរ​មួយ ឬ​ច្រើន​ដែល​សមស្រប​នឹង​ពួកគេ ។

ឧបសគ្គ​សុខភាព​ផ្លូវ​ចិត្ត

ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច—មេរៀន​ទី ២៤

  • តើ​បុគ្គល​ដែល​ជួប​ប្រទះ​ឧបសគ្គ​សុខភាព​ផ្លូវ​ចិត្ត​អាច​ទទួល​បាន​ពរជ័យ​ដោយ​ការ​ទទួល​ស្គាល់ និង​ការនិយាយ​អំពី​ឧបសគ្គ​ទាំងនោះ​ដោយ​របៀបណា ? ហេតុអ្វី​វា​សំខាន់​ចំពោះ​បុគ្គល​ទាំងនេះ​ដើម្បី​ស្វែង​រក​ជំនួយ​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ឬ​គ្រូពេទ្យ​ជំនាញ ?

  • ប្រសិន​បើ​សមាជិក​គ្រួសារ ឬ​មិត្ត​ម្នាក់​ចែកចាយ​ជាមួយ​នឹង​អ្នក​ថា គាត់​កំពុង​ជួប​ប្រទះ​ឧបសគ្គ​សុខភាព​ផ្លូវចិត្ត តើ​រឿង​មួយ ( ឬ​ច្រើន ) ដ៏​សំខាន់​បំផុត​ដែល​អ្នក​អាច​និយាយ ឬ​ធ្វើ​បាន​គឺជា​អ្វី ? ( សូម​ពិចារណា​ពិនិត្យ​ឡើងវិញ​នូវ​សេចក្តី​ថ្លែង​ការណ៍​ដោយ ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។ តើ​រឿង​មួយ​ចំនួន​ណា​ខ្លះ​ដែល​គ្មាន​ប្រយោជន៍​ដើម្បី​និយាយ ឬ​ធ្វើ ? តើ​អ្នក​ធ្លាប់​ឃើញ​នរណាម្នាក់​ឆ្លើយតប​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ​ទៅ​កាន់​ឧបសគ្គ​សុខភាព​ផ្លូវចិត្ត​របស់​មនុស្ស​ម្នាក់​ទៀត​នៅពេល​ណា ?

  • សូម​សញ្ជឹង​គិត​ពី​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​យល់ពី​ឧបសគ្គ​សុខភាព​ផ្លូវ​ចិត្ត​របស់​យើង ។ ( អ្នក​គួរ​តែ​អាន អាលម៉ា ៧:១១–១២ ) ។ តើ​អ្នក​អាច​ស្វែង​រក​ជំនួយ​របស់​ទ្រង់​ដោយ​របៀប​ណា ប្រសិន​បើ​អ្នក​រងទុក្ខ​ដោយ​សារ​តែ​ឧបសគ្គ​សុខភាព​ផ្លូវចិត្ត ឬ​ប្រសិន​បើ​អ្នក​កំពុង​ជួយ​ដល់​មនុស្ស​ម្នាក់​ដែល​ជួប​នឹង​បញ្ហា​នេះ ?

ឧបសគ្គ​សុខភាព​ផ្លូវ​ចិត្ត

រូបភាព
សំណៅ​ចែក​របស់​គ្រូបង្រៀន

បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​ពីរបីនាក់​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ក្រុម​របស់​ពួកគេ ។

យើងអាច​ជួយ​ទប់ស្កាត់​ការធ្វើ​អត្តឃាត និង​ជួយ​ដល់​អ្នក​ដែល​បាត់បង់​មនុស្ស​ជាទីស្រឡាញ់​ដោយ​សារ​តែ​ការធ្វើ​អត្តឃាត​បាន ។

សូម​រំឭក​សិស្ស​ថា ឧបសគ្គ​សុខភាព​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​អាច​ជា​កត្តា​ដ៏មាន​ហានិភ័យ​ឈាន​ទៅរក​ការធ្វើ​អត្តឃាត ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក ម៉ូសាយ ១៨:៨–៩ ហើយ​ចែកចាយ​ពី​របៀប​ដែល​ការបង្រៀន​នៅ​ក្នុង​សារលិខិត​នេះ​អាច​ដឹកនាំ​យើង​ឲ្យ​ជួយ​ដល់​អ្នក​ដែល​កំពុង​ពុះពារ​គំនិត​ចង់​ធ្វើ​អត្តឃាត ។ ( នៅពេល​សិស្ស​ចែកចាយ ពួកគេ​អាច​ស្គាល់​នូវ​សេចក្ដីពិត​ស្រដៀង​គ្នា​មួយ​ទៅ​នឹង​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ក្នុង​នាមជា​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​ត្រូវ​បាន​ហៅ​ឲ្យ​សម្រាល​បន្ទុក​គ្នា​ទៅវិញ​ទៅ​មក ហើយ​ទួញយំ​ជាមួយ​នឹង​អ្នក​ដែល​ទួញ​យំ ) ។

  • តើ​អ្នក​ធ្លាប់​ឃើញ​គេអនុវត្ត​គោលការណ៍​នេះ​តាម​របៀបណា ? តើ​ទង្វើ​ជាក់លាក់​ណា​ផ្សេង​ទៀត​ដែល​អ្នក​អាច​ធ្វើ​បាន​ក្នុង​នាម​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ជួយ​ទប់ស្កាត់​ការធ្វើ​អត្តឃាត ? ( អ្នកគួរ​តែ​បង្ហាញ​វីដេអូ « Preventing Suicide » [ ១:៤៣ ] ដែល​ធ្វើ​បទបង្ហាញ​ដោយ​ស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី ដែល​មាន​សេចក្ដីយោង​នៅក្នុង ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ដល់​អ្នក​ដែល​កំពុង​ពុះពារ​នឹង​គំនិត​ធ្វើ​អត្តឃាត​ដោយ​របៀប​ណា ? តើ​ទ្រង់​ទាំង​ទ្វេ​អាច​ជួយ​បុគ្គល​ដែល​បាន​បាត់​បង់​មនុស្ស​ជាទីស្រឡាញ់​ដោយ​សារ​តែ​ការធ្វើ​អត្តឃាត​ដោយ​របៀបណា ?

សូម​ទុក​ពេល​ពីរ​បី​នាទី​ឲ្យ​សិស្ស​កត់ត្រា​ពី​អ្វី​ដែល​ពួកគ​អាច​ធ្វើ​បាន ដើម្បី​ឆ្លើយតប​ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តាករុណា​ដូចជា​ព្រះគ្រីស្ទ​ចំពោះ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត ឬ​នៅ​ក្នុង​ស្ថានភាព​ដែល​ទាក់ទង​នឹង​ការ​ធ្វើ​អត្តឃាត​របស់​មនុស្ស​ម្នាក់​ផ្សេងទៀត ។

សម្រាប់​ពេល​ក្រោយ

សូម​ពិចារណា​សួរ​សំណួរ​ខាងក្រោម​នេះ​នៅ​ចុង​បញ្ចប់​នៃ​មេរៀន ឬ​ក្នុង​សារលិខិត​មួយ​អំឡុង​សប្ដាហ៍​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់​លើក​ក្រោយ ដោយ​គិត​ដល់​សំណួរ​ទាំងនេះ​ក្នុង​ចិត្ត ។

  1. តើ​ការប្រែចិត្ត​របស់​អ្នក​អាច​ជះឥទ្ធិពល​ដល់​សុខុមាលភាព​នៃ​គ្រួសារ​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  2. តើ​អ្នក​អាច​ទទួល​ជំនួយ​ដើម្បី​អភ័យទោស​ឲ្យ​សមាជិក​គ្រួសារ​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​អាក់អន់​ចិត្ត ឬ​ឈឺចាប់​ដោយ​របៀបណា ?