ថ្នាក់​វិទ្យាស្ថាន
សេចក្ដីផ្ដើម​ស្តីពី ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( សាសនា ២០០ )


« សេចក្ដីផ្ដើម​ស្តីពី ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( សាសនា ២០០ ) » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« សេចក្តី​ផ្ដើម » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

សេចក្ដីផ្ដើម​ស្តីពី ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( សាសនា ២០០ )

សូម​ស្វាគមន៍​មកកាន់​វគ្គ​សិក្សា​ស្ដីពី​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ! សូម​អរគុណ​ចំពោះ​ការព្រម​ទទួលយក​ឱកាស​ដើម្បី​ជួយ​យុវម្ឈិមវ័យ​ឲ្យ​មករក​ព្រះ​យេស៊ូវ​គ្រីស្ទ តាមរយៈ​ការសិក្សា​ពី​គោលលទ្ធិ​នៃ​គ្រួសារ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ កម្មវិធី​សិក្សា​នេះ​ត្រូវបាន​រៀបរៀង​ឡើង​ដើម្បី​ជួយ​អ្នក​ឲ្យ​គាំទ្រ​ដល់​សិស្ស​របស់​អ្នក​ដើម្បី​មាន​បទពិសោធន៍​ដែល​ផ្តោតលើ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ផ្តោតលើ​អ្នកសិក្សា ដែលនឹង​នាំ​ពួកគេ​ឆ្ពោះ​ទៅរក​ការប្រែចិត្តជឿ​លើ​ព្រះអង្គ​សង្រ្គោះ​ឲ្យបាន​កាន់តែ​ស៊ីជម្រៅ ។

តើ​អ្វី​ជា​លទ្ធផល​ដែល​ជាគោលបំណង​នៃ​វគ្គ​សិក្សា​នេះ​ ?

គោលបំណង​របស់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃសាសនា​ថែ្លង ៖

គោលបំណង​របស់​យើង​គឺ​ដើម្បី​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ឲ្យ​យល់ដឹង និងពឹងផ្អែក​លើ​ការបង្រៀន និងដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​មាន​ភាព​ស័ក្តិសម​ដើម្បី​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ព្រមទាំង​រៀបចំ​ខ្លួនពួកគេ ក្រុមគ្រួសារ​ពួកគេ និង​អ្នក​ដទៃទៀត ដើម្បី​ទទួលបាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ជាមួយ​នឹង​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់នៅ​ស្ថានសួគ៌ ។ ( ការបង្រៀន និង​ការរៀនសូត្រ​ដំណឹង​ល្អ ៖ ក្បួនខ្នាត​សម្រាប់​គ្រូបង្រៀន និងអ្នក​ដឹកនាំ​ទាំងឡាយ​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា [ ឆ្នាំ ២០១២ ] ទំព័រ ១ )

នៅក្នុង​ការ​បំពេញ​គោលបំណង​របស់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា នោះ​វគ្គសិក្សា​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​សិស្ស​ឲ្យ

  • ពន្យល់​ពី​តួនាទីដ៏​សំខាន់​របស់​គ្រួសារ​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌

  • វិភាគ​សំណួរ និង​បញ្ហា​ដែល​ទាក់ទង​នឹង​គ្រួសារ​ដោយ​មាន​ទស្សនវិស័យ​ដ៏​នៅ​អស់កល្បជានិច្ច

  • ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​នៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ពេល​លើក​ឡើង​នូវ​ឧបសគ្គ​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ ព្រមទាំង​សម្ពាធ​ខាង​សង្គម

  • អនុវត្ត​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ការខិតខំប្រឹង​ប្រែង​របស់​ពួកគេ​ដើម្បី​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ ហើយ​ពង្រឹង​ទំនាក់ទំនង​គ្រួសារ ព្រមទាំង

  • បង្កើន​សមត្ថភាព​របស់​ពួកគេ ដើម្បី​បំពេញ​ការទទួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ​នៅ​ក្នុង​ជីវិត​គ្រួសារ ហើយ​ប្រែក្លាយ​កាន់តែ​ដូច​ជា​ព្រះ​វរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​សៀវភៅសិក្សា​នេះ​រៀបចំ​ឡើង​យ៉ាង​ដូចម្តេច ?

មាតិកា​សៀវភៅសិក្សា​នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ និង​មាន​សីលធម៌​ល្អ​ទាំង​នៅក្នុង និង​ក្រៅថ្នាក់រៀន ។ មេរៀន​នីមួយៗ​មាន​នូវ​ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ និង​ឯកសារ​គ្រូ​បង្រៀន ។ ឯកសារ​ទាំងនេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀបចំខ្លួន​ដោយ​មានការ​គិតគូរ ចូលរួម​ក្នុង​ការរៀនសូត្រ​ដ៏​ស៊ីជម្រៅ ហើយ​ធ្វើ​សកម្មភាព​តាម​របៀប​ដែល​ជួយ​ពួកគេ​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

អែលឌើរ គីម ប៊ី ក្លាក នៃ​ពួកចិត​សិប​នាក់​បាន​បង្រៀន​ពី​អ្វី​ដែល​សិស្ស​ម្នាក់ ( និង​គ្រូ​ម្នាក់ ) ត្រូវ​ធ្វើ​ដើម្បី​រៀនសូត្រ​ឲ្យបាន​កាន់តែ​ស៊ី​ជម្រៅ ៖

រូបភាព
អែលឌើរ គីម ប៊ី ក្លាក

ប្រសិនបើ​អ្នក​ពិត​ជា​ចង់​រៀនសូត្រ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ ប្រសិនបើ​ដួងចិត្ត និង​គំនិត​របស់​អ្នក​បើក​ទូលាយ​ដើម្បី​រៀនសូត្រ ហើយ​ប្រសិនបើ​អ្នក​ធ្វើសកម្មភាព​តាម​បំណង​ប្រាថ្នា​នោះ នោះ​ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​អ្នក ។ នៅពេល​អ្នក​ធ្វើ​ផ្នែក​របស់​អ្នក—​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ រៀបចំ​ខ្លួន សិក្សា ចូលរួម​យ៉ាង​សកម្ម និង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក—​នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​អ្នក បង្កើន​លទ្ធភាព​របស់​អ្នក​ដើម្បី​ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​អ្នក​បាន​រៀន ហើយ​ជួយ​អ្នក​ឲ្យ​ក្លាយជា​អ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ប្រែ​ក្លាយ ។ ( « Learning for the Whole Soul » Ensign ខែ សីហា ឆ្នាំ ២០១៧ ទំព័រ ២៧ )

ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់​គឺ​មាន​គោលបំណង​ដើម្បី​ឲ្យ​អ្នក និង​សិស្ស​របស់​អ្នក​យក​មក​សិក្សា​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ថ្នាក់រៀន ។ វារួម​មាន​ទាំង​ការបង្រៀន​មក​ពី​បទគម្ពីរ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ ក៏ដូចជា​ផ្នែក « ចង់​បាន​បន្ថែម​ទៀត​ទេ ? » ដែល​ផ្ដល់​ធនធាន​បន្ថែម​ទៀត​ទាក់ទង​នឹង​ប្រធានបទ​មេរៀន​នោះ ។

ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់​ក៏​មាន​នូវ​សំណួរ និង​សកម្មភាព​ទាំងឡាយ​ដែល​នឹង​ជួយ​សិស្ស​ឲ្យ​រៀន​សូត្រ​យ៉ាង​ស៊ី​ជម្រៅ និង​រៀបចំ​ខ្លួន​ឲ្យបាន​ប្រសើរ​ជាងមុន​ដើម្បី​ចូលរួម​ក្នុង​ថ្នាក់ ។ ឧទាហរណ៍ នៅ​ក្នុង​ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់​សម្រាប់​មេរៀន​ទី ១០ « សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍ » សិស្ស​ត្រូវបាន​ផ្ដល់​ឱកាស​ឲ្យ​សិក្សា​នូវ​ការបង្រៀន​មក​ពី​បទគម្ពីរ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​អំពី​សេចក្ដីសញ្ញា​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្បជានិច្ច និង​ពិធី​បរិសុទ្ធ​នៃ​ការផ្សារភ្ជាប់ ។ បន្ទាប់​មក សិស្ស​ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើ​សកម្មភាព​ដូច​ខាងក្រោម ៖

រូបភាព
ក្រាហ្វិក​ពិភាក្សា

ឯកសារ​គ្រូបង្រៀន

មេរៀន​នីមួយៗ​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​ថ្នាក់​ដែល​មាន​រយៈពេល ៥០ នាទី ។ សម្រាប់​ថ្នាក់ដែល​ជួបគ្នា​មួយ​សប្ដាហ៍​ម្ដង​រយៈពេល​លើសពី ៩០ នាទី អ្នក​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ដាក់​មេរៀនពីរ​បញ្ចូលគ្នា ។

នៅ​ក្នុង​សេចក្ដីផ្ដើម​នៃ​ឯកសារ​គ្រូបង្រៀន​សម្រាប់​មេរៀន​នីមួយៗ អ្នក​នឹង​រក​ឃើញ​ការពិពណ៌នា​នៃ​លទ្ធផល​ដែល​មេរៀន​ចង់​បាន ។ សេចក្ដីផ្ដើម​នេះ​បន្ដ​ដោយ​គំនិត​យោបល់​សម្រាប់​ការ​បង្រៀន ដែល​ផ្តល់​ជាគម្រោង​មេរៀន មាតិកា ជំនួយ​សម្រាប់​ការពិភាក្សា ព្រមទាំង​គំនិត​អនុវត្ត ។

នៅពេល​អ្នក​សិក្សា​ឯកសារ​គ្រូ​បង្រៀន សូម​យក​ចិត្ត​ទុក្ខ​ដាក់​ទៅ​លើ​របៀប​ដែល​វា​ទាញ​យក​មក​ពី​ការរៀបចំ​របស់​សិស្ស ។ សេចក្ដីណែនាំ​ខាងក្រោមនេះ​មកពី​មេរៀន​ទី ១០ គឺជា​ឧទាហរណ៍ ៖

រូបភាព
ក្រាហ្វិក​ណែនាំ​ពី​ការបង្រៀន

តាមរយៈ​ការប្រើប្រាស់​ការរៀបចំខ្លួន​របស់​សិស្ស​ជា​ទៀងទាត់ អ្នកនឹង​ជួយ​ឲ្យពួកគេ​ទទួល​អារម្មណ៍​ពី​សារៈសំខាន់​នៃ​ការរៀបចំ​ខ្លួន​សម្រាប់​គ្រប់ថ្នាក់ ហើយ​ជួយ​ពួកគេឲ្យ​រៀន​យ៉ាងស៊ីជម្រៅ ។

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

ពិចារណាអំពីការរៀបចំដើម្បីបង្រៀន​វគ្គសិក្សានេះ

ស្រដៀង​គ្នា​ទៅ​នឹង​អ្វី​ដែល​អ្នក និង​សិស្ស​របស់​អ្នក​នឹង​ធ្វើ​ពី​មុន​ថ្នាក់​ចាប់​ផ្តើម​ដែរ សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​ពិចារណា នៅ​ពេល​អ្នក​រៀបចំខ្លួន​បង្រៀន​វគ្គសិក្សា​នេះ ។ ដំបូង​សូម​មើល​មេរៀន​មួយ​ឬ​ពីរ ដើម្បី​ឲ្យ​ស្គាល់​ពី​ឯកសារ​រៀបចំខ្លួន​សម្រាប់​ថ្នាក់ និង​ឯកសារ​គ្រូបង្រៀន ។ សូម​កត់ចំណាំ​ពីរបៀប​ដែល​ឯកសារ​ទាំងនេះ​ត្រូវ​បាន​រចនាឡើង​ដើម្បី​ប្រើប្រាស់​រួមគ្នា នៅពេលអ្នក​រៀបចំ​ខ្លួន​បង្រៀន ។ បន្ទាប់​មក​សូម​ពិចារណា​សំណួរ​ដូច​តទៅ​នេះ ៖ តើ​វិធី​មួយ​ចំនួន​ណា​ខ្លះ​ដែល​ខ្ញុំ​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​សិក្សា​ឯកសារ​រៀបចំខ្លួន​សម្រាប់ថ្នាក់​សម្រាប់​មេរៀន​នីមួយៗ ? តើ​ខ្ញុំអាចធ្វើអ្វីខ្លះ​ដើម្បី​រួម​បញ្ចូល​សិស្ស​ដែល​មិន​បាន​សិក្សា​ឯកសារ​រៀបចំ​ខ្លួន ?

កំណត់​ចំណាំ ៖ ពេល​សិស្ស​បាន​រៀបចំ​ខ្លួន​សម្រាប់​ការពិភាក្សា​ក្នុង​ថ្នាក់ អ្នក​នឹង​ឃើញ​ថា​អ្នក​អាច​មាន​ការពិភាក្សា​មួយ​យ៉ាង​លឿន ស៊ីជម្រៅ​អំពី​គោលលទ្ធិ និង​គោលការណ៍​ដែលទាក់ទង​នឹង​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​ប្រកប​ដោយ​អត្ថន័យ ។ ការណ៍​នេះ​គួរ​តែ​អនុញ្ញាត​ឲ្យ​មាន​ពេល​ថែម​ទៀត​ក្នុង​ថ្នាក់​ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​ពី​របៀប​ដែល​អ្នក និង​សិស្ស​របស់​អ្នក​អាច​អនុវត្ត​សេចក្ដីពិត​ដែល​ពួកគេ​បាន​រកឃើញ​នៅ​ក្នុងមេរៀន ។

តើ​ខ្ញុំ​អាច​រៀបចំ​ខ្លួន​បង្រៀន​ឲ្យ​មាន​ប្រសិទ្ធភាព​ដោយ​របៀប​ណា ?

ព្រះវរបិតានឹងជួយអ្នក នៅ​ពេល​អ្នក​រៀបចំ​ខ្លួន​បង្រៀន​បុត្រា​បុត្រី​របស់ទ្រង់ ។ ការខិតខំ​របស់អ្នក​ដើម្បី​សិក្សា​បទគម្ពីរ និង​រស់នៅ​តាម​ដំណឹងល្អ​ដោយ​ឧស្សាហ៍​ព្យាយាម នឹង​ជួយ​ឲ្យ​អ្នក​មាន​លក្ខណៈ​សម្បត្តិ​ក្នុង​ការទទួល​បាន​ការណែនាំ​ពី​ព្រះវិញ្ញាណ នៅក្នុង​ការ​រៀបចំ​ខ្លួន​របស់​អ្នក​ដើម្បី​បង្រៀន ។

ពេល​អ្នក​សិក្សា​ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ និង​ឯកសារ​គ្រូបង្រៀន​សម្រាប់​មេរៀននីមួយៗ សូម​អធិស្ឋាន​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់​ដើម្បី​យល់​ពី​សេចក្តី​ត្រូវការ​របស់​សិស្ស​អ្នក ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ជាពិសេស—សូម​ស្តាប់ សូម​ស្ដាប់​តាម​ព្រះវិញ្ញាណ ។ សូម​ទុកពេល​បន្ថែម​សម្រាប់​រៀបចំ​ផែនការ​មេរៀន​របស់​អ្នក ។ ប្រសិនបើ​អ្នក​ត្រូវ​រៀបចំ​មេរៀន​ខ្លី​បន្តិច​ដើម្បី​ថ្លែង​ទីបន្ទាល់​របស់​អ្នក ហើយ​ពញ្ញាក់​អារម្មណ៍​ឲ្យ​មាន​ការពិភាក្សា​មួយ​ស្តី​ពី​បញ្ហា​សម័យ​បច្ចុប្បន្ន​នេះ សូម​ធ្វើ​វា ពេល​មាន​ការបំផុស​គំនិត និង​ការ​ប្រាប់​ពី​ព្រះវិញ្ញាណ​ដោយ​ត្រឹមត្រូវ ។ …

…សូម​ចាំ​ថា សិស្សពុំមែន​ជា​ថូ​ដែល​ត្រូវ​ចាក់​បំពេញ​ទេ តែ​សិស្ស​គឺ​ជា​ភ្លើង​មួយ​ដែល​ត្រូវ​ដុត​ឲ្យ​ឆេះ​សន្ធោ​សន្ធៅ ។ ( « Angels and Astonishment » [ សន្ទរកថា​ដែល​បាន​ថ្លែង​នៅឯ​ការ​ចាក់​ផ្សាយ​ស្តីពី​ការបំពាក់បំប៉ន​របស់​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org )

ជាពិសេស ប្រសិន​បើ​អ្នក​កំពុង​ដាក់​មេរៀន​ពីរ​បញ្ចូល​គ្នា សូម​ពិចារណា​ពី​សេចក្ដីត្រូវការ​របស់​សិស្ស​អ្នក ហើយ​ស្វែងរក​ការ​ដឹកនាំពី​ព្រះវិញ្ញាណ ។ ការធ្វើរឿង​ទាំងនេះ​អាចជួយ​អ្នក​ឲ្យ​កំណត់​ថា តើ​ត្រូវ​ប្រើប្រាស់​ផ្នែក​មួយ​ណា​នៃ​ឯកសារ​គ្រូបង្រៀន​ដូច​ដែលវា​បាន​សរសេរ​ឡើង និង​ផ្នែក​ណា​មួយ​ដែល​ត្រូវ​កែសម្រួល​ដើម្បី​ផ្ដល់​បទពិសោធន៍​រៀនសូត្រ​ដ៏​មាន​អត្ថន័យ​ដល់​សិស្ស​របស់​អ្នក ។ ការណ៍​នេះអាច​រួមមាន​នូវការកំណត់​ផ្នែក​ណាមួយ​នៃ​ឯកសារគ្រូបង្រៀន​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ផ្នែក​ណាមួយ​ដែល​ត្រូវ​សង្ខេប ។

អ្នក​អាច​ឃើញ​ថា វា​អាច​មាន​ប្រយោជន៍ ពេល​សួរ​ខ្លួនឯង​នូវ​សំណួរ​មួយចំនួន​ដូច​ខាងក្រោម​នេះ ជាផ្នែក​មួយ​នៃការរៀបចំ​ខ្លួន​របស់អ្នក​ដើម្បី​បង្រៀន​មេរៀន​នីមួយៗ ៖

  • តើ​ខ្ញុំ​បាន​អធិស្ឋាន​ដើម្បី​ទទួល​បាន​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ដើម្បី​ដឹង​ពី​សេចក្តី​ត្រូវការ​របស់​សិស្ស​ខ្ញុំ​ដែរ​ឬ​ទេ ? តើ​ខ្ញុំ​អាច​កំណត់ថា​មាតិកា​មេរៀន​ណា​ដែល​ទាក់ទង​នឹង​ពួកគេ​ច្រើន​បំផុត​ដោយ​របៀប​ណា ? តើ​ខ្ញុំ​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ពួកគេ​តាម​របៀបណា ?

  • តើ​ខ្ញុំ​មាន​អារម្មណ៏​ថា​មាន​គ្រឹះ​គ្រប់គ្រាន់​នៅ​ក្នុង​ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ រួម​ទាំង​បទគម្ពីរ​ផងដែរ និង​ក្នុង​ឯកសារ​គ្រូបង្រៀន​ដែរ​ឬ​ទេ ? តើ​មាន​អ្វី​ខ្លះ​ដែល​ខ្ញុំ​ចាំ​បាច់​ត្រូវ​កែសម្រួល​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​សិស្ស​ខ្ញុំ ?

  • តើ​ខ្ញុំអាច​ជួយសិស្ស​ខ្ញុំ​ឲ្យ​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ ហើយ​រៀនសូត្រ​ពី​ព្រះវិញ្ញាណបរិសុទ្ធ​នៅក្នុង​មេរៀន​នេះ​ដោយ​របៀប​ណា ?

  • តើ​ខ្ញុំ​អាច​អញ្ជើញ​ឲ្យ​មាន​ការរៀនសូត្រ​ដោយ​ឧស្សាហ៍ ហើយ​ជួយ​សិស្ស​ឲ្យរួមចំណែក​ក្នុង​មេរៀន​នេះ​ដោយ​របៀប​ណា ? តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​មាន​ពេល​ដែល​ពួកគេ​ត្រូវការ ដើម្បី​រៀបចំ​ផែនការ​ផ្ទាល់​ខ្លួន​ក្នុង​ការអនុវត្ត​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀន​ដោយ​របៀប​ណា ?

  • តើ​ខ្ញុំ​អាច​បង្កើត​ឲ្យ​មាន​បរិយាកាស​រៀនសូត្រ​មួយ​ដែល​សិស្ស​មាន​អារម្មណ៍​ថា​មាន​ចំណែក​ដោយ​របៀប​ណា ? តើ​ខ្ញុំ​អាច​ជួយ​ពួកគេ​ឲ្យ​មានអារម្មណ៍​ថាពួកគេ​មាន​តម្លៃ មាន​គេ​ទទួល​ស្គាល់ និង​មាន​សុវត្ថិភាព​ដើម្បី​ចែកចាយ និង​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​របៀប​ណា ? ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧៨, ១២២ ) ។

តើ​ខ្ញុំ​អាច​កែ​សម្រួល​មេរៀន​ទាំងឡាយ​សម្រាប់​សិស្ស​ពិការ​ដោយ​របៀប​ណា ?

នៅពេល​អ្នក​រៀបចំ​ខ្លួន​បង្រៀន សូម​គិត​ដល់​សិស្ស​ដែល​មាន​តម្រូវការ​ពិសេស​ផង​ដែរ ។ សូម​កែសម្រួល​សកម្មភាព និង​ការរំពឹងទុក​ទាំងឡាយ​ដើម្បី​ដាក់​បញ្ចូល​ពួកគេ ហើយ​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ជោគជ័យ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​ធនធាន​ទាំងឡាយ​នៅ​លើ ទំព័រ ពិការភាព នៅ​លើគេហទំព័រ disabilities.ChurchofJesusChrist.org ។

តើ​សិស្ស​ទទួល​បាន​ក្រេដីឌ​សម្រាប់​វគ្គសិក្សា​នេះ​តាម​របៀបណា ?

ដើម្បី​ទទួលបាន​ក្រេដីឌ​ដើម្បី​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាស្ថាន សិស្ស​ទាំងឡាយ​ត្រូវតម្រូវឲ្យ

  • សិក្សា​ឯកសារ​រៀបចំ​យ៉ាង​តិច​ណាស់​ឲ្យបាន ៧៥ ភាគរយ​នៃ​មេរៀននេះ

  • មាន​វត្តមាន​ក្នុង​ថ្នាក់ ៧៥ ភាគរយ ហើយ

  • បញ្ចប់​បទពិសោធន៍​មួយ​ក្នុង​បទពិសោធន៍​រៀនសូត្រ​ទាំងបួន ៖

    1. រក្សា​កំណត់ហេតុ​សិក្សា ។

    2. កត់ត្រា​ចម្លើយ​ទាំងអស់​ចំពោះ​រាល់សំណួរ និង​សកម្មភាព​នៅ​ក្នុង​ឯកសារ​រៀបចំ ( សូម​កត់ចំណាំ​ថា សិស្ស​មិន​ចាំបាច់ដាក់​ជូន​កំណត់ហេតុ​ការសិក្សា ឬ​ចម្លើយ​របស់​ពួកគេ​មកកាន់​អ្នក​នៅ​ចុងបញ្ចប់​នៃ​ឆមាស​ទេ គឺ​ពួកគេ​គ្រាន់តែ​ត្រូវ​បង្ហាញ​អ្នក​ពីអ្វីដែល​ពួកគេ​បាន​បញ្ចប់​ជា​ការស្រេចប៉ុណ្ណោះ ) ។

    3. សរសេរ​ចម្លើយ​សម្រាប់​សំណួរ​តែង​សេចក្ដី​ចំនួនបី ។

    4. រចនា និង​បញ្ចប់​គម្រោង​រៀនសូត្រ​មួយ​ដោយ​ខ្លួន​ឯង ( ដោយ​មាន​ការអនុម័ត​ពី​គ្រូ ) ដែល​ទាក់ទង​ទៅ​នឹង​មាតិកា​នៃ​វគ្គសិក្សា​នេះ ។ ( សូម​ស្វែងរក​ព័ត៌មាន​លម្អិត​ថែម​ទៀត​ក្នុង​ទំព័រ បទពិសោធន៍​នៃ​ការលើក​កម្ពស់​ដល់​ការរៀនសូត្រ​ថ្នាក់​វិទ្យាស្ថាន ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​ពិចារណា​អំពី​ប្រភេទ​នៃ​បទពិសោធន៍​ដែល​អ្នក​សង្ឃឹម​ថា សិស្ស​របស់​អ្នក​នឹង​មាន​នៅ​ក្នុង​វគ្គសិក្សា​នេះ ។ សូម​សរសេរ​គំនិត ឬ​ចំណាប់​អារម្មណ៍​របស់អ្នក​ពី​របៀប​ដែល​អ្នក​ដាក់ផែនការ​ជួយ​ពួកគេ​ឲ្យមាន​បទពិសោធន៍​នៃ​ការរៀន​សូត្រ​ដ៏មាន​អត្ថន័យ ។