ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការដោះស្រាយ​បញ្ហា​ប្រើប្រាស់​រូបអាសគ្រាម


« មេរៀន​ទី ១៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការដោះស្រាយ​បញ្ហា​ប្រើប្រាស់​រូបអាសគ្រាម » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

រូបភាព
យុវមជ្ឈិមវ័យ​ម្នាក់​កំពុង​មើល​ទៅ​ទន្លេ

មេរៀន​ទី ១៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការដោះស្រាយ​បញ្ហា​ប្រើប្រាស់​រូបអាសគ្រាម

ព្រះវរបិតាសួគ៌​របស់​យើង​បាន​ប្រទាន​ដល់​យើង​នូវ​រូបកាយ​សាច់ឈាម និង​អារម្មណ៍​ខាង​ផ្លូវភេទ​របស់​យើង​ជា​អំណោយទាន​ដ៏ពិសិដ្ឋ ដើម្បី​ជួយ​យើង​ឲ្យ​បំពេញ​តាម​ផែនការ​របស់​ទ្រង់​សម្រាប់​សុភមង្គល​របស់​យើង ។ របៀប​មួយ​ដែល​សាតាំង​ល្បួង​យើង​ឲ្យ​ប្រើប្រាស់​អំណោយទាន​ទាំងនេះ​ខុសឆ្គង គឺ​តាមរយៈ​ការទាក់ទាញ​យើង​ឲ្យ​មើល​រូបអាសគ្រាម ដែល​ជា « ការបង្ហាញ​ណាមួយ តាមរយៈ​រូបភាព ឬ​ការសរសេរ ដែល​មាន​បំណង​ដាស់​ឲ្យមាន​អារម្មណ៍​ផ្លូវភេទ​ដោយ​មិន​សមរម្យ » ( Gospel Topics « Pornography » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​គិត​អំពី​របៀប​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ពង្រឹង​យើង​ឲ្យ​ប្រឆាំង ឬ​បាន​ជា​សះស្បើយ​ពី​ឥទ្ធិពល​បំផ្លិច​បំផ្លាញ​នៃ​រូប​អាសគ្រាម ។

ផ្នែក​ទី ១

តើ​ព្រះអម្ចាស់​បាន​បង្រៀន​អ្វីខ្លះ អំពី​ការប្រឆាំង​នឹង​រូប​អាសគ្រាម ?

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​អំពី​ការកើនឡើង​នៃ​ការរាតត្បាត​នៃ​រូប​អាសគ្រាម ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

មូលហេតុ​ចម្បង​នៃ​បញ្ហា​ដែល​កើនឡើង​នៃ​រូប​អាសគ្រាម​នេះ​គឺ​ថា នៅក្នុង​ពិភពលោក​បច្ចុប្បន្ន​នេះ ទាំង​ពាក្យ​សម្តី និង​រូបភាព​ដែល​មាន​ផ្ទុក​ទៅដោយ​ព័ត៌មាន​អំពី​ផ្លូវភេទ និង​ឥទ្ធិពល​របស់​វា​មាន​នៅ​គ្រប់​ទីកន្លែង ៖ វា​អាច​មាន​នៅក្នុង​ខ្សែ​ភាពយន្ត កម្មវិធី​ទូរទស្សន៍ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម សារ​ជា​អក្សរ កម្មវិធី​នៅក្នុង​ទូរសព្ទ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម សៀវភៅ​ផ្សេងៗ តន្ត្រី និង​ការសន្ទនា​រាល់​ថ្ងៃ ។ ជាលទ្ធផល យើង​ទាំងអស់​គ្នា​គេច​មិនផុត​ដែល​ត្រូវ​ជួប​ប្រទះ​សារ​និយាយពី​ផ្លូវ​ភេទ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។ ( « Recovering from the Trap of Pornography » Ensign ខែ តុលា ឆ្នាំ ២០១៥ ទំព័រ ៣២ )

ការផលិត និង​ការប្រើប្រាស់​រូប​អាសគ្រាម​បំពាន​ភាពពិសិដ្ឋ​នៃ​លក្ខណៈ​ដ៏ទេវភាព​របស់​យើង រូបកាយ​សាច់ឈាម​របស់​យើង និង​ជីវិត​ផ្លូវភេទ​របស់​យើង ។ ការចេញផ្សាយ​របស់​សាសនាចក្រ​នាពេល​ថ្មីៗ​នេះ​កត់​សម្គាល់​ថា « រូប​អាសគ្រាម​វាយប្រហារ​លើ​សុភមង្គល​របស់​យើង ដោយ​សារ​មិនពិត​អំពី​ការរួម​ភេទ ។ ជីវិត​ផ្លូវភេទ​ដ៏ល្អ​ប្រពៃ​អាច​នាំឲ្យ​យើង​រកឃើញ​អំណរ និង​ការភ្ជាប់​គ្នា ប៉ុន្ដែ​រូប​អាសគ្រាម​នឹង​ធ្វើឲ្យ​យើង​កណ្ដោច​កណ្ដែង និង​កំសត់​វេទនា ។ រូប​អាសគ្រាម​ធ្វើឲ្យ​អ្នក​បដិសេធ​មនុស្ស​ដទៃ​ទៀត លើក​ទឹកចិត្ត​ឲ្យមាន​ការបំពេញ​ចំណង់​បែប​អាត្មានិយម និង​តំណាង​ឲ្យ​ជីវិត​ផ្លូវភេទ​ខុសឆ្គង ។ វា​ធ្វើបាប​យើង​ខាង​ផ្លូវកាយ ផ្លូវចិត្ត ខាង​សង្គម និង​ខាង​វិញ្ញាណ » ( « How Does Using Pornography Affect Me? » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

នៅពេល​កំពុង​ធ្វើ​ទេសនកថា​នៅលើ​ភ្នំ ព្រះអង្គ​សង្គ្រោះ​បាន​ពន្យល់ពី​ក្រឹត្យវិន័យ​ជាន់ខ្ពស់ ដែល​ទ្រង់​រំពឹង​ឲ្យ​ពួកសិស្ស​របស់​ទ្រង់​រស់នៅ​តាម ។ នៅក្នុង​ការព្រមាន​ប្រឆាំង​នឹង​អំពើបាប​ខាង​ផ្លូវ​ភេទ ទ្រង់​បាន​បង្រៀន​ថា « សូម្បី​តែ​អ្នក​ណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​តម្រេក​សម្រើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ » ( ម៉ាថាយ ៥:២៨; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:១៦ ) ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​ពួកសាវក​ដប់ពីរ​នាក់​បាន​យោង​បទគម្ពីរ​នេះ​ចេញពី​ម៉ាថាយ ហើយ​បាន​បង្រៀន​អំពី​អត្ថន័យ​នៃ​ការទប់ទល់​នឹង​រូប​អាសគ្រាម ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ប្រសិនបើ​យើង​អាច​ប្រើ​ភាសា​នោះ ប្រាកដ​ណាស់​វា​គ្មាន « បទបញ្ញត្តិ » ណា​អាច​លើកឡើង និង​ដាក់​ទោស​ដល់​អំពើបាប​នៃ​រូប​អាសគ្រាម​ដោយ​ចំៗ​ខ្លាំងជាង​វគ្គបទគម្ពីរ​នោះ​បាន​ទេ ! យើង​ឆ្ងល់​ថា តើ​ព្រះគ្រីស្ទ​បាន​ទត​ឃើញ​ការគំរាម​កំហែង​បែប​នោះ​នៅ​គ្រា​កាន់កាប់​ត្រួតត្រា​របស់​ទ្រង់​ដែរ​ឬទេ វា​មិន​ខុសគ្នា​ទេ ប៉ុន្តែ​វា​លើសពី​ការប្រព្រឹត្ត​កាម ដែល​បុរស ឬ​ស្ត្រី​អាច​មើល​ទៅគ្នា​ដោយ​ហេតុផល​មិន​សមរម្យ ក្នុង​រយៈពេល​ជាច្រើន​សតវត្សរ៍​មុនមាន​រូបថត ខ្សែ​ភាពយន្ត និង​មុន​ពេល​មាន​អ៊ីនធឺណិត​ទៅ​ទៀត ។ ( « The Plague of Pornography » [ សុន្ទរកថា​ធ្វើឡើង​នៅឯ Utah Coalition against Pornography ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៦ ] នៅលើ​គេហទំព័រ utahcoalition.org )

រូបភាព
យុវមជ្ឈិមវ័យ​ម្នាក់​កំពុង​មើល​ទូរសព្ទ​ដៃ

នៅពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​ប្រធាន រ័សុល អិម ណិលសុន សូម​រកមើល​អ្វី​ដែល​លោក​បាន​អញ្ជើញ​យើង​ឲ្យ​យល់​ដឹង នៅក្នុង​ការខិតខំ​របស់​យើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការល្បួង​នៃ​រូប​អាសគ្រាម ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

នៅពេល​យើង​យល់​ពី​លក្ខណៈ​ធម្មជាតិ​របស់​យើង និង​គោលបំណង​របស់​យើង​នៅលើ​ផែនដី​នេះ ហើយ​ថា​រូបកាយ​របស់​យើង​គឺជា​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះ​ខាង​សាច់ឈាម នោះ​យើង​នឹង​ដឹង​ថា វា​គឺជា​ទោស​ប្រមាថ​ដែល​អនុញ្ញាត​ឲ្យ​អ្វីមួយ​ចូល​ក្នុង​រូបកាយ​ដែល​អាច​ធ្វើឲ្យ​ខ្លួនប្រាណ​យើង​ត្រូវ​សៅហ្មង ។ វា​ពិតជា​គ្មាន​គារវភាព​នោះទេ ដែល​អនុញ្ញាត​ឲ្យ​កែវភ្នែក​ដ៏មាន​តម្លៃ​របស់​យើង ឬ​ភាពរំញោច​នៃ​ការប៉ះ ឬ​ការស្ដាប់​របស់​យើង​ផ្ទុក​អនុស្សាវរីយ​ដែល​មិន​ស្អាតស្អំ ឬ​មិន​ស័ក្ដិសម​បែប​នោះ​ទៅក្នុង​ខួរក្បាល​របស់​យើង ។ យើង​នឹង​ស្រឡាញ់​ថែទាំ​ភាពបរិសុទ្ធ​របស់​យើង ហើយ​ចៀសវាង​ពី « សេចក្តី​ល្បួង និង​អន្ទាក់ ហើយ​ក្នុង​បំណង​ជាច្រើន ដែល​ផ្តេសផ្តាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន [ យើង ] ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្តី​ហិនវិនាស និង​សេចក្តី​អន្តរធាន​វិញ » [ ធីម៉ូថេ ទី១ ៦:៩ ] ។ យើង​នឹង « រត់​ចៀស​ចេញពី​សេចក្តី​ទាំងនោះ ហើយ​ដេញ​តាម​សេចក្តី​សុចរិត សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ សេចក្តី​ជំនឿ សេចក្តី​ស្រឡាញ់ សេចក្តី​ខ្ជាប់ខ្ជួន [ និង ] សេចក្តី​សំឡូត​វិញ » [ ធីម៉ូថេ ទី១ ៦:១១ ]—ជា​ចរិត​លក្ខណៈ​ដែល​ស្អាង​ព្រលឹង​ទាំងមូល​របស់​យើង​ឡើង ។ ( « Your Body: A Magnificent Gift to Cherish » New Era ខែ សីហា ឆ្នាំ ២០១៩ ទំព័រ ៥–៦ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ការយល់​ពី​និស័្សយ និង​គោលបំណង​ដ៏ទេវភាព​របស់​យើង​ផ្ទាល់ និង​របស់​អ្នកដទៃ​អាច​ជួយ​យើង​ឲ្យ​ទប់ទល់​នឹង​រូបអាសគ្រាម​បាន​ដោយ​របៀប​ណា ?

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​ទប់ទល់​នឹង​ការល្បួង​ឲ្យប្រើប្រាស់​រូប​អាសគ្រាម​ដោយ​របៀប​ណា ?

ពួកយើង​ទាំងអស់​គ្នា​ប្រឈម​មុខ​នឹង​ការល្បួង នៅពេល​យើង​ខិតខំ​រស់នៅ​ក្នុងជីវិត​មួយ​ដែល​មាន​គុណធម៌ ។ សូម​ចងចាំ​ថា ព្រះយេស៊ូវ​គ្រីស្ទ « ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូចជា​យើង​រាល់គ្នា​ដែរ​តែ [ ទ្រង់​បាន​បន្ដ ] ឥត​ធ្វើបាប​ឡើយ » ( ហេព្រើរ ៤:១៥ ) ។ ទ្រង់​យល់ពី​ពួកយើង ហើយ​អាច​ជួយ​យើង​ឲ្យ​ទប់ទល់​នឹង​ការល្បួង​បាន ។

រូបភាព
យុវនារី​ម្នាក់​កំពុង​អធិស្ឋាន
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

នៅក្នុង​ព្រះគម្ពីរ ព្រះអម្ចាស់​បាន​ប្រទាន​គោលការណ៍​ជាច្រើន ដែល​យើង​អាច​អនុវត្ត​បាន ដើម្បី​ការពារ​ខ្លួន​យើង និង​ក្រុមគ្រួសារ​របស់​យើង​ពី​ពួកអារក្ស​ដូចជា​រូប​អាសគ្រាម​នេះ ( សូមមើល អាលម៉ា ៣៩:៨–១០; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៤៥–៤៦ ) ។ ឧទាហរណ៍ យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ និង​ស្ដេច​ដាវីឌ បុគ្គល​ទាំងពីរ​រូប​នេះ​បាន​ប្រឈម​មុខ​នឹង​ការល្បួង​ដែល​ពាក់ព័ន្ធ​ទៅនឹង​អំពើបាប​ខាង​ផ្លូវ​ភេទ ។ សូម​អាន​វគ្គ​បទគម្ពីរ​ដូច​តទៅ​នេះ​មួយ ឬ​ទាំងពីរ ហើយ​សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​រៀនសូត្រ​បាន មកពី​បទពិសោធន៍​របស់​បុរស​ទាំងពីរ​រូប​នេះ ៖ លោកុប្បត្តិ ៣៩:៧–១២; សាំយូអែល ទី២ ១១:១–៥ ( ឬ អ្នក​អាច​មើល​វីដេអូ « To Look Upon » [ ៤:១៥ ] ដែល​បង្ហាញពី​បទពិសោធន៍​របស់​ស្ដេច​ដាវីឌ ) ។ សូម​ពិចារណា​អាន សាំយូអែល ទី២ ១១ ទាំងស្រុង និង សាំយូអែល ទី២ ១២:១–១០ ហើយ​គិត​អំពី​អ្វី​ដែល​អ្នក​អាច​រៀន​ពី​ការបរាជ័យ​របស់​ស្ដេច​ដាវីឌ ក្នុង​ការប៉ុនប៉ង​ដើម្បី​លាក់បាំង​អំពើបាប​របស់​ទ្រង់ ។

ប្រធាន អូក បាន​ប្រឹក្សា ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

ចូរ​ធ្វើ​អ្វីៗ​ទាំងអស់ ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន ដើម្បី​ចៀសវាង​ពី​រូប​អាសគ្រាម ។ …

ចូរ​កុំ​អនុញ្ញាត​ឲ្យ​ការល្បួង​គ្រប់​កម្រិត​ចូលមក​ឲ្យសោះ ។ ចូរ​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើបាប ហើយ​ចៀសវាង​ពី​ការពាក់ព័ន្ធ​ទៅ​នឹង​សេចក្ដី​បំផ្លិច​បំផ្លាញ​ដែល​ចៀស​មិន​រួច​របស់​វា ។ ដូច្នេះ ចូរ​បិទ​វា​ចោល​ទៅ ! ចូរ​ងាកមុខ​ចេញ ! ចូរ​ចៀសវាង​ពីវា​នៅក្នុង​គ្រប់​រូបភាព​ទាំងអស់ ។ ចូរ​ដឹកនាំ​គំនិត​របស់​អ្នក​ឲ្យ​ទៅតាម​មាគ៌ា​ដ៏​ត្រឹមត្រូវ ។ ( « Pornography » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៩០ )

សូម​ពិចារណា​មើល​វីដេអូ « Watch Your Step » ( ២:៣៥ ) ។ សូម​គិត​អំពី​របៀប​ដែល​ការសម្រេច​ចិត្ត​តូចតាច​របស់​អ្នក​មាន​អានុភាព ដើម្បី​ធ្វើឲ្យ​អ្នក​កាន់តែ​ងាយ​ទទួល​ឥទ្ធិពល​នៃ​ការល្បួង ឬ​ជួយ​អ្នក​ឲ្យ​ចៀសវាង​ពី​ការល្បួង​នោះ ។

មនុស្ស​មួយ​ចំនួន​ប្រើប្រាស់​តម្រង ឬ​ធនធាន​ខាងក្រៅ​ដទៃ​ទៀត​ដោយ​វាងវៃ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចៀសវាង​ពី​រូប​អាសគ្រាម ។ ស៊ិស្ទើរ លីនដា អេស រីវស៍ ជា​អតីត​សមាជិក​នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​បង្រៀន​អំពី​តម្រង​ដ៏ល្អ​បំផុត​របស់​យើង ៖

រូបភាព
ស៊ិស្ទើរ លីនដា អេស រីវស៍

តម្រង​គឺជា​ឧបករណ៍​ការពារ​ដ៏មាន​ប្រយោជន៍ ប៉ុន្តែ​តម្រង​ដ៏​ធំបំផុត​ក្នុង​ពិភពលោក​នេះ ជា​តម្រង​តែមួយ​គត់​ដែល​នឹង​មាន​ប្រសិទ្ធភាព គឺ​តម្រង​នៅ​ខាងក្នុង​ខ្លួន​មនុស្ស​ផ្ទាល់ ដែល​កើត​ចេញពី​ទីបន្ទាល់​ដ៏​ជ្រាលជ្រៅ និង​ខ្ជាប់ខ្ជួន​នៃ​ក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​យើង និង​ការបូជា​ដ៏ធួន​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​យើង​ម្នាក់ៗ ។ ( « Protection from Pornography—a Christ-Focused Home » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៦ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​នូវ​ជំហាន​ដែល​អ្នក​អាច​បោះ​ទៅមុខ ដើម្បី​ពង្រឹង​ការទប់ទល់​របស់​អ្នក​ទៅនឹង​រូប​អាសគ្រាម ។

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ព្យាបាល​ពី​ឥទ្ធិពល​ដ៏​បំផ្លិច​បំផ្លាញ​នៃ​រូប​អាសគ្រាម​នេះ​តាម​របៀប​ណា ?

ទាំង​បុរស និង​ស្ដ្រី​កំពុង​ជាប់​អន្ទាក់​នឹង​រូប​អាសគ្រាម ។ សម្រាប់​មនុស្ស​ជាច្រើន ការប្រើប្រាស់​រូប​អាសគ្រាម​មិនមែន​ត្រឹមតែ​សម្រាប់​ការចម្អែត​ដល់​ចំណង់​ខាង​ផ្លូវភេទ​ប៉ុណ្ណោះ​ទេ ។ ប៉ុន្ដែ ពួកគេ​ប្រើប្រាស់​រូប​អាសគ្រាម​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​មូលដ្ឋាន ដ៏ជ្រាលជ្រៅ​ជាងនេះ​ទៅទៀត ។ ពួកគេ​អាច​ប្រើប្រាស់​វា​ធ្វើជា​វិធី​មួយ​ដើម្បី​សម្រួល​អារម្មណ៍​តានតឹង ការមិន​ស្រួល​ក្នុង​ចិត្ត ភាពឯកោ ភាពធុញទ្រាន់ ការអស់​កម្លាំង ការថប់​បារម្ភ ការធ្លាក់​ទឹកចិត្ត ឬ​អារម្មណ៍​ត្រូវ​គេ​បោះបង់​ចោល ឬ​គ្មាន​សារៈសំខាន់ ។

រូបភាព
បុរស​ម្នាក់​ស្លុង​អារម្មណ៍​ក្នុង​ការគិត

នៅពេល​ជាប់​នៅក្នុង​វដ្ដ​ដ៏បំផ្លិច​បំផ្លាញ​នៃ​ការប្រើប្រាស់​រូប​អាសគ្រាម នោះ​មនុស្ស​មួយ​ចំនួន​ចាប់ផ្ដើម​មាន​អារម្មណ៍​ខ្មាសអៀន ឬ​បាត់បង់​សេចក្ដី​សង្ឃឹម​ទៅលើ​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ផ្លាស់ប្ដូរ និង​ទទួល​បាន​ការព្យាបាល ។ ពួកគេ​អាច​មាន​អារម្មណ៍​ថា​ជាប់​អន្ទាក់ ។ មនុស្ស​មួយ​ចំនួន​ព្យាយាម​លាក់បាំង​អំពើបាប​របស់​ពួកគេ ។ ចំពោះ​អស់​អ្នក​ដែល​រង​ការឈឺចាប់​ដោយសារ​ការប្រើប្រាស់​រូប​អាសគ្រាម​របស់​បុគ្គល​ម្នាក់​ទៀត នោះ​អារម្មណ៍​នៃ​ការក្បត់ កំហុស ឬ​កំហឹង​អាច​កើតឡើង​យ៉ាង​លើសលប់ ។

ស៊ីស្ទើរ រីវស៍ បាន​បង្រៀន​អំពី​ព្រះចេស្ដា​ដើម្បី​ព្យាបាល​របស់​ព្រះអម្ចាស់​ប្រកប​ដោយ​ភាពជឿជាក់ ៖

រូបភាព
ស៊ិស្ទើរ លីនដា អេស រីវស៍

ប្រសិនបើ​អ្នក​ឃើញ​ថា អ្នក​ជាប់​នៅក្នុង​អន្ទាក់​នៃ​រូប​អាសគ្រាម​របស់​សាតាំង សូម​ចងចាំ​ថា ព្រះអង្គ​សង្គ្រោះ​ជាទី​ស្រឡាញ់​របស់​យើង​មាន​ក្ដី​មេត្តា​ករុណា​យ៉ាងណា ។ តើ​អ្នក​ដឹង​ទេ​ថា ព្រះអម្ចាស់​ស្រឡាញ់ និង​ឲ្យ​តម្លៃ​អ្នក​ខ្លាំង​យ៉ាងណា សូម្បី​តែ​នៅពេល​ឥឡូវ​នេះ​ក្ដី ? ព្រះអង្គ​សង្គ្រោះ​យើង​មាន​ព្រះចេស្ដា ដើម្បី​សម្អាត និង​ព្យាបាល​អ្នក ។ ( « Protection from Pornography—a Christ-Focused Home » ទំព័រ ១៥ )

រូបភាព
ការពាល់​ដោយ​សេចក្ដី​ជំនឿ ដោយ ស៊ីម៉ូន ឌូវី
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

នៅក្នុង​គម្ពីរ​លូកា យើង​រៀន​អំពី​ស្ដ្រី​ម្នាក់​ដែល​បាន​រងទុក្ខ​អស់​រយៈពេល ១២ ឆ្នាំ​ដោយសារ « ជំងឺ​ធ្លាក់​ឈាម » ( លូកា ៨:៤៣ ) ដែល​នាង និង​គ្រូពេទ្យ​ទាំងអស់​ដែល​នាង​បាន​ទៅ​ជួប មិន​អាច​ព្យាបាល​បាន​ទេ ។ សូម​អាន លូកា ៨:៤៣–៤៨ ហើយ​សូម​ពិចារណា​ពី​អ្វី​ដែល​យើង​អាច​រៀនសូត្រ​មកពី​គំរូ​របស់​ស្ដ្រី​ម្នាក់​នេះ អំពី​ការស្វែងរក​ការព្យាបាល​ពី​ព្រះអង្គ​សង្គ្រោះ ។

ដោយ​យោង​ទៅលើ​ដំណើររឿង​នេះ ប្រធាន ណិលសុន បាន​បង្រៀន ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ស្ត្រី​ស្មោះត្រង់ និង​យកចិត្ត​ទុកដាក់​រូប​នេះ ចាំបាច់​ត្រូវ​ឈោងទៅ​ឲ្យបាន​ឆ្ងាយ ដើម្បី​នាង​អាច​ទទួល​បាន​ព្រះចេស្ដា​របស់​ទ្រង់ ។ …

នៅពេល​បងប្អូន​ឈោង​ទៅ​ដើម្បី​មាន​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ដោយ​កម្លាំង​ដូចគ្នា​នឹង​កម្លាំង​របស់​មនុស្ស​លង់​ទឹក​ម្នាក់​ខំ​តោង​ចាប់ ហើយ​ដង្ហក់​រក​ខ្យល់ នោះ​ព្រះចេស្ដា​មកពី​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជា​របស់​បងប្អូន ។ នៅពេល​ព្រះអង្គ​សង្គ្រោះ​ដឹង​ថា បងប្អូន​ពិតជា​ចង់​ឈោង​ទៅរក​ទ្រង់—ពេល​ទ្រង់​អាច​ញាណ​ដឹង​ពី​បំណង​ប្រាថ្នា​ដ៏​ខ្លាំង​បំផុត​នៃ​ដួងចិត្ត​របស់​បងប្អូន​ថា បងប្អូន​ចង់​ទាញ​យក​ព្រះចេស្ដា​របស់​ទ្រង់​ដាក់​ក្នុង​ជីវិត—​នោះ​បងប្អូន​នឹង​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី ដឹង​ច្បាស់​ពី​អ្វី​ដែល​បងប្អូន​ចាំបាច់​ត្រូវ​ធ្វើ [ សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦៣ ] ។

នៅពេល​បងប្អូន​ឈោង​ខាង​វិញ្ញាណ​ហួស​ពី​អ្វីៗ​ដែល​បងប្អូន​ធ្លាប់​ធ្វើ​ពីមុន​មក នោះ​ព្រះចេស្ដា​របស់​ទ្រង់​នឹង​ចាក់ស្រោច​មកលើ​បងប្អូន ។ ( « Drawing the Power of Jesus Christ into Our Lives » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤១–៤២ )

ប្រសិនបើ​អ្នក​បាន​ពុះពារ​នឹង​ការប្រើប្រាស់​រូប​អាសគ្រាម ឬ​បាន​រង​ការឈឺចាប់​ដោយសារ​ការប្រើប្រាស់​រូប​អាសគ្រាម​របស់​បុគ្គល​ម្នាក់​ទៀត នោះ​អ្នក​នឹង​ត្រូវការ​លើសពី​កម្លាំង​របស់​អ្នក​ផ្ទាល់ ដើម្បី​បាន​ការព្យាបាល​ឲ្យជា​សះស្បើយ​ពី​ឥទ្ធិពល​របស់​វា ។ អ្នក​ត្រូវការ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​ចំណាយ​ពេល​ខ្លះៗ​ដើម្បី​សិក្សា​ធនធាន​មួយ ដែល​អ្នក​ចាប់​អារម្មណ៍​នៅក្នុង​ផ្នែក « ចង់​បាន​បន្ថែម​ទៀត​ទេ ? » នៃ​ឯកសារ​រៀបចំ​នេះ ។ សូម​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង​ថ្នាក់រៀន ។