ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១ ឯកសារ​គ្រូបង្រៀន ៖ ការសិក្សា​ពី​គោលលទ្ធិ​នៃ​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច


« មេរៀន​ទី ១ ឯកសារ​គ្រូបង្រៀន ៖ ការសិក្សា​ពី​គោលលទ្ធិ​នៃ​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀន​ទី ១ ឯកសារ​គ្រូបង្រៀន

ការសិក្សា​ពី​គោលលទ្ធិ​នៃ​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច

គោលលទ្ធិ​អំពី​គ្រួសារ​រួមមាន​ពួកយើង​ទាំងអស់​គ្នា ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​វាយតម្លៃ​ពី​ការទុកចិត្ត​របស់​ពួកគេ​ទៅលើ​ព្រះប្រាជ្ញា​ញាណ​របស់​ព្រះវរបិតាសួគ៌ និង​ផែនការ​របស់​ទ្រង់​សម្រាប់​ក្រុមគ្រួសារ ។ សិស្ស​ក៏នឹង​ពិចារណា​ផងដែរ អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ជួយ​បង្កើត​ឲ្យមាន​បរិយាកាស​មួយ​ដែលពោរ​ពេញទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ការប្រុង​ប្រយ័ត្ន និង​ការគោរព នៅពេល​ពិភាក្សា​អំពី​គោលលទ្ធិ​នៃ​គ្រួសារ ។

កំណត់​ចំណាំ ៖ ប្រសិនបើ​អាច សូម​ទាក់ទង​សិស្ស ដែល​ចុះ​ឈ្មោះ​ចូលរៀន​វគ្គ​សិក្សា​នេះ ពីមុន​ថ្ងៃ​ចូលរៀន​ដំបូង​របស់​ពួកគេ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា​ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ សម្រាប់​មេរៀន​ដំបូង​នេះ ។ សូម​ប្រាកដ​ថា សិស្ស​ផ្សេងទៀត​ទាំងអស់​មាន​ឯកសារ​រៀបចំ​មួយ​ច្បាប់ នៅពេល​អ្នក​ចាប់ផ្ដើម​ថ្នាក់ ។ សូម​ប្រើប្រាស់​ឯកសារ​រៀបចំ​អំឡុងពេល​នៃ​ការពិភាក្សា​ក្នុង​ថ្នាក់​របស់​អ្នក ដើម្បី​ឲ្យ​សិស្ស​អាច​មើលឃើញ​របៀប​ដែល​វា​នឹង​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន និង​ពង្រីក​បទពិសោធន៍​រៀនសូត្រ​របស់​ពួកគេ ។ សូម​កុំ​ស្ទាក់ស្ទើរ​នឹង​ចំណាយ​ពេល​ពី ៥ ទៅ ១០ នាទី​នៅ​ពេល​ចាប់​ផ្តើម​មេរៀន​នេះ ដើម្បី​រៀន​ស្គាល់គ្នា​ទៅវិញ​ទៅមក ហើយ​ស្វាគមន៍​សិស្ស​មកកាន់​វគ្គសិក្សា​នេះ ។

យោបល់​សម្រាប់​ការបង្រៀន

យើង​អាច​ទុកចិត្ត​លើ​សេចក្ដី​ស្រឡាញ់ និង​ព្រះប្រាជ្ញា​ញាណ​ដ៏​ឥតខ្ចោះ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។

ជា​សេចក្ដីផ្ដើម​ចំពោះ​វគ្គសិក្សា​នេះ អ្នក​អាច​បង្ហាញ​តារាង​មាតិកា ឬ​គម្រោង​មេរៀន​ពាក់​កណ្ដាល​ដំបូង​សម្រាប់​វគ្គសិក្សា​នេះ​ទៅដល់​សិស្ស ។ ដើម្បី​កាន់តែ​ស្គាល់​តម្រូវការ​របស់​សិស្ស​អ្នក សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​សំបុត្រ​អនាមិក​ខ្លី​មួយ​មក​កាន់​អ្នក ប្រាប់​ពី​ប្រធានបទ​ដែល​ពួកគេ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត ឬ​ដែល​ចង់​យល់ដឹង​ឲ្យបាន​កាន់តែ​ច្បាស់​ជាង ។ អ្នក​ក៏អាច​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​សំណួរ​នានា ដែល​ពួកគេ​សង្ឃឹម​ថា វគ្គ​សិក្សា​នេះ​នឹង​ជួយ​ឆ្លើយ​ប្រាប់​ដល់​ពួកគេ​ផងដែរ ។ សូម​ប្រមូល​ចម្លើយ​ទាំងឡាយ​របស់​ពួកគេ ហើយ​ពិចារណា​ពី​វា នៅពេល​អ្នក​រៀបចំ​ខ្លួន​សម្រាប់​មេរៀន​ក្រោយៗ ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ស្វែងយល់​ពី​តម្រូវការ និង​ចំណាប់​អារម្មណ៍​របស់​សិស្ស ។ សិស្ស​នឹង​មាន​បំណង​ប្រាថ្នា​ចង់​រៀនសូត្រ​កាន់តែ​ខ្លាំង​ឡើង នៅពេល​ពួកគេ​មាន​អារម្មណ៍​ថា មេរៀន​ទាំងឡាយ​ត្រូវបាន​រៀបរៀង​ឡើង ដើម្បី​បំពេញ​តាម​តម្រូវការ និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ ។ សូម​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​និយាយ​ប្រាប់ពី​ចំណាប់​អារម្មណ៍ និង​សំណួរ​របស់​ពួកគេ​អំពី​ប្រធានបទ​គ្រួសារ ។ ដោយ​ផ្អែកលើ​ចម្លើយ​របស់​សិស្ស សូម​ធ្វើតាម​ព្រះវិញ្ញាណ​ដើម្បី​ដឹង​ថា តើ​ពេល​ណា​ត្រូវ​គូសបញ្ជាក់ និង​ពិភាក្សា​ពី​ចំណាប់​អារម្មណ៍ និង​សំណួរ​របស់​ពួកគេ​នៅ​អំឡុងពេល​វគ្គ​សិក្សា​នេះ ។

សូម​ពិចារណា​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​ទុកចិត្ត​នរណា​ខ្លះ ហើយ​ហេតុអ្វី ?

  • តើ​អ្នក​ទុកចិត្ត​មនុស្ស​ទាំងនេះ​លើ​រឿង​អ្វីខ្លះ ?

សូម​បែងចែក​សិស្ស​ជា​ក្រុម ដែល​មាន​សមាជិក​បី​នាក់ ។ សូម​ចែក​ច្បាប់​ចម្លង​នៃ​សេចក្ដី​ណែនាំ​ខាងក្រោម​ដល់​ក្រុម​នីមួយៗ ហើយ​សូម​ពួកគេ​ឲ្យ​ធ្វើតាម​សេចក្ដី​ណែនាំ​ទាំង​នោះ ។

ការទុកចិត្ត​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ

ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច—មេរៀន​ទី ១

សូម​អញ្ជើញ​សមាជិក​ក្រុម​ម្នាក់ៗ​ឲ្យអាន​វគ្គ​បទគម្ពីរ​ដូច​តទៅ​នេះ ដោយ​រកមើល​សេចក្ដីពិត​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ជួយ​យើង​ឲ្យ​ទុកចិត្ត​លើ​ទ្រង់​ទាំង​ទ្វេ​បាន ៖ នីហ្វៃទី២ ២៦:២៤; ម៉ូសាយ ៤:៩ និង អេសាយ ៥៥:៨–៩ ។ បន្ទាប់​មក សូម​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ចេញមកពី​វគ្គបទគម្ពីរ​ទាំងនេះ ? តើ​សេចក្ដីពិត​ដែល​អ្នក​បាន​រកឃើញ មាន​ឥទ្ធិពល​ទៅលើ​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​ទុកចិត្ត​លើ​ទ្រង់​ទាំងទ្វេ​យ៉ាង​ដូចម្ដេច ?

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ដក​ពិសោធន៍ ឬ​ធ្វើជា​សាក្សី​នៃ​គុណតម្លៃ​ក្នុង​ការទុកចិត្ត​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

ការទុកចិត្ត​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព
សំណៅ​ចែក​របស់​គ្រូបង្រៀន

សូម​ពន្យល់​ថា ភស្ដុតាង​ដ៏អស្ចារ្យ​បំផុត​មួយ​នៃ​សេចក្ដី​ស្រឡាញ់ និង​ព្រះប្រាជ្ញា​ញាណ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​គោលលទ្ធិ​នៃ​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ។ ការទុកចិត្ត​របស់​យើង​លើ​ទ្រង់​ទាំងទ្វេ និង​ទៅលើ​ផែនការ​របស់​ព្រះវរបិតា អាច​ជួយ​យើង​ឲ្យ​ឆ្លងកាត់​ទស្សនៈ​ខុសៗគ្នា​នៃ​ពិភពលោក​នេះ​ស្ដីពី​បញ្ហា​គ្រួសារ​បាន ។

សូម​ចែក​ច្បាប់​ចម្លង « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ( នៅលើ​គេហទំព័រChurchofJesusChrist.org ) ដល់​សិស្ស ឬ​សូមឲ្យ​ពួកគេ​មើល​វា​តាម​ឌីជីថល ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​កថាខណ្ឌ​ពីរបី​មក​អាន ហើយ​គូសចំណាំ​ឃ្លា​នានា ដែល​ពិពណ៌នា​អំពី​ពរជ័យ និង​អំណរ​ដែល​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យពួកគេ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ទទួលបាន ។ បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​គូស​ចំណាំ និង​ពី​មូលហេតុ ។

  • តើ​បំណង​ប្រាថ្នា​របស់​អ្នក​សម្រាប់​គ្រួសារ​របស់​អ្នក ស្របទៅ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​គ្រួសារ​របស់​អ្នក​ដែរ​ឬទេ ?

  • តើ​មាន​គុណតម្លៃ​អ្វីទៅ ក្នុង​ការទុកចិត្ត​លើ​ព្រះប្រាជ្ញា​ញាណ និង​ទស្សនវិស័យ​ដ៏អស់កល្ប​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ជាជាង​ទុកចិត្ត​លើ​ប្រាជ្ញា និង​ទស្សនវិស័យ​របស់​ពិភពលោក​នេះ ?

សូម​ថ្លែង​ទីបន្ទាល់ ឬ​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះប្រាជ្ញា​ញាណ និង​ព្រះហឫទ័យ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ សម្រាប់​ក្រុមគ្រួសារ​នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត​របស់​យើង ។

យើង​អាច​បង្កើត​ឲ្យមាន​បរិយាកាស​រៀនសូត្រ​មួយ ដែល​ពេញដោយ​សេចក្ដី​ស្រឡាញ់ និង​ការគោរព ។

សូម​បង្ហាញ​រូបភាព​ក្រុមគ្រួសារ​របស់​អ្នក ។ សូម​ចែកចាយ​អ្វីមួយ​ដែល​អ្នក​ស្រឡាញ់​អំពី​គ្រួសារ​របស់​អ្នក និង​របៀប​មួយ​ចំនួន​ដែល​បង្ហាញ​ថា ស្ថានភាព​គ្រួសារ​របស់​អ្នក​គឺ​ពិសេស ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ អំពី​អ្វី​ដែល​អែលឌើរ អាន់ឌើរសិន បាន​បង្រៀន​ ? ( អ្នក​អាច​ជួយ​សិស្ស​ឲ្យស្គាល់​សេចក្ដីពិត​ដូច​តទៅ​នេះ​បាន ៖ ដោយសារ​ក្រុមគ្រួសារ​ទាំងអស់​គឺ​ខុសៗគ្នា នោះ​យើង​ត្រូវ​ពិភាក្សា​ពី​គន្លង​ក្រុមគ្រួសារ​របស់​ព្រះអម្ចាស់​តាម​របៀប​មួយ​ដែល​មាន​ការគិតគូរ និង​ប្រុង​ប្រយ័ត្ន ) ។

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី ដែល​យើង​អាច​រៀនសូត្រ​ពី​គំរូ​នៃ​សេចក្ដី​ស្រឡាញ់ ការប្រុង​ប្រយ័ត្ន និង​ព្រះទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​មនុស្ស​ដទៃទៀត ដែល​បាន​ជួប​នឹង​ស្ថានភាព​ពិបាក​ផ្ទាល់ខ្លួន ឬ​ជា​គ្រួសារ ។ ( ឧទាហរណ៍​នានា​មាន​នៅក្នុង​ផ្នែក « ចង់​បាន​បន្ថែម​ទៀត​ទេ ? » នៃ​ឯកសារ​រៀបចំ ) ។

សូម​ផ្ដល់​ពេលវេលា​ពីរបី​នាទី​ឲ្យសិស្ស​កត់ត្រា​គំនិត​របស់​ពួកគេ​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​មនុស្ស​ដទៃទៀត​ឲ្យ​ទទួល​បាន​អារម្មណ៍​ថា​ត្រូវបាន​គេ​ស្រឡាញ់ និង​គោរព​ ខណៈពេល​កំពុង​ពិភាក្សា​ពី​ប្រធានបទ​ស្ដីពី​គ្រួសារ និង​ប្រធានបទ​រសើប​ផ្សេងៗ​ទៀត​នោះ ? ( ប្រសិនបើ​សិស្ស​បាន​សិក្សា ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ នោះ​ពួកគេ​អាច​បាន​កត់ត្រា​ទុក​នូវ​គំនិត​ខ្លះៗ​អំពី​សំណួរ​នេះ​រួចហើយ ។ អ្នក​អាច​ទុក​ពេល​ឲ្យពួកគេ​រំឭក​ឡើងវិញ​នូវអ្វី​ដែល​ពួកគេ​បាន​កត់ត្រា​ទុក​នោះ​បាន ) ។

សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​គំនិត​មួយ​ចំនួន ដែល​ពួកគេ​បាន​កត់ត្រា​ទុក ។

ជា​សម្ដី​របស់​អ្នក​ផ្ទាល់ អ្នក​អាច​ពន្យល់​ថា ពេញ​មួយ​វគ្គសិក្សា​នេះ សិស្ស​នឹង​ពិភាក្សា​ពី​សេចក្ដីពិត​ជាច្រើន ដែល​តម្រូវឲ្យ​មាន​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​យល់ដឹង ។ ដោយសារតែ​ភាពពិសេស​នៃ​កាលៈទេសៈ​ផ្ទាល់ខ្លួន និង​គ្រួសារ នោះ​សិស្ស​នឹង​ត្រូវការ​វិវរណៈ​ផ្ទាល់ខ្លួន ដើម្បី​ដឹងពី​របៀប​អនុវត្ត​ការបង្រៀន​ទាំងនេះ ។ ដោយសារ​អារម្មណ៍​ខ្លះៗ​ដែល​ដក់ជាប់​ក្នុង​ចិត្ត​យើង​ខ្លាំង ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​យើង នោះ​សមត្ថភាព​របស់​យើង​ក្នុង​ការរៀន​សូត្រ​ពីគ្នា​ទៅវិញ​ទៅមក និង​ពី​ព្រះវិញ្ញាណ​តម្រូវ​ឲ្យ​យើង​មាន​បរិយាកាស​រៀនសូត្រ​មួយ ដែល​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ការប្រុង​ប្រយ័ត្ន និង​ការគោរព ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ចំណែក​របស់​ពួកគេ ដើម្បី​ចូលរួម​បង្កើត​បាន​បរិយាកាស​បែប​នោះ ។

អ្នក​អាច​បញ្ចប់​មេរៀន​នេះ ដោយ​ការបង្ហាញ​សិស្ស​ពី​របៀប​ចូលមើល​ឯកសារ​រៀបចំ ។ សូមឲ្យ​ពួកគេ​ពិចារណា​ពី​របៀប ដែល​ការសិក្សា​ឯកសារ​រៀបចំ​របស់​ពួកគេ​រៀងៗ​ខ្លួន​ពីមុន​ថ្នាក់រៀន អាច​ជួយឲ្យ​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល​រៀនពី​គោលលទ្ធិ​នៃ​គ្រួសារ​បាន​កាន់តែ​ស៊ីជម្រៅ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យរៀបចំ​ខ្លួន​សម្រាប់​ថ្នាក់​នីមួយៗ​ដោយ​ចិត្ត​ស្មោះត្រង់ ។

សម្រាប់​ពេល​ក្រោយ

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យរកមើល​នៅក្នុង ការសិក្សា​សម្រាប់​មេរៀន​លើក​ក្រោយ របស់​ពួកគេ​នូវ​មូលហេតុ ដែល​ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ប្រកាន់​ខ្ជាប់​យ៉ាង​មាំមួន​ទៅនឹង​គោលលទ្ធិ​នៃ​គ្រួសារ ដែល​មាន​ចែង​នៅក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ ទោះបីជា​ទស្សនៈ​ល្បីល្បាញ​នានា​អាច​ប្រឆាំង​នឹង​គោលលទ្ធិ​នេះ​ក្ដី ។