ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៩ ឯកសារ​គ្រូបង្រៀន ៖ ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​របស់​ម្ដាយ


« មេរៀន​ទី ១៩ ឯកសារ​គ្រូបង្រៀន ៖ ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​របស់​ម្ដាយ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១៩ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀន​ទី ១៩ ឯកសារ​គ្រូបង្រៀន

ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​របស់​ម្ដាយ

ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « មិន​មាន​តួនាទី​ណា​ក្នុង​ជីវិត​នេះ​ដែល​សំខាន់​ជាង និង​អស់កល្ប​ជានិច្ច​ជាង​ភាពជា​ម្ដាយ​នោះ​ទេ » ( « Daughters of God » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ១០៨ ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ពន្យល់​ពី​លក្ខណៈ និង​តម្លៃ​ដ៏​អស់កល្ប​ជានិច្ច​នៃ​ភាពជា​ម្ដាយ និង​ការចិញ្ចឹម​បីបាច់​មនុស្ស​ដទៃ ។ ពួកគេ​នឹង​ពិភាក្សា​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ធ្វើជា​គំរូ​នៃ​ការចិញ្ចឹម​បីបាច់ ។ សិស្ស​ក៏នឹង​រៀន​ពន្យល់​ពី​គោលការណ៍​អំពី​ភាពជា​ម្ដាយ​ដល់​អ្នកដទៃ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ការអភិវឌ្ឍ​ការបង្រៀន​និង​ការរៀនសូត្រ​របស់​យើង

កំណត់​ល្បឿន ។ សូម​ចៀសវាង​ចំណាយ​ពេល​ច្រើន​ពេក​ទៅលើ​ផ្នែក​ដំបូង​នៃ​មេរៀន រួចហើយ​ត្រូវ​ប្រញាប់​បញ្ចប់​ផ្នែក​ក្រោយៗ​នៃ​មេរៀន​ទៅវិញ ។ នៅពេល​អ្នក​រៀបចំ​ខ្លួន សូម​ប៉ាន់ស្មាន​ថា តើ​សិស្ស​នឹង​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​ចូលរួម​ក្នុង​ផ្នែក​នីមួយៗ​នៃ​មេរៀន​នេះ ដោយ​ប្រើ​វិធីសាស្ត្រ​ដែល​អ្នក​បាន​ជ្រើសរើស ។ សូម​សម្រប​វិធីសាស្រ្ត​តាម​តម្រូវការ​ចាំបាច់ ដោយ​ផ្អែក​ទៅលើ​តម្រូវការ និង​ចំណាប់​អារម្មណ៍​របស់​សិស្ស​អ្នក ។

ម្ដាយ​មាន​ទំនួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​មួយ​លើ​ការចិញ្ចឹម​បីបាច់ ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ក្នុង​អាជីព​ការងារ​របស់​ខ្ញុំ​ក្នុងនាមជា​វេជ្ជបណ្ឌិត​ផ្នែក​វេជ្ជសាស្ត្រ ជួនកាល​មាន​គេ​សួរ​ខ្ញុំ​ថា ហេតុអ្វី​បានជា​ខ្ញុំ​ជ្រើសរើស​ធ្វើ​ការងារ​ដ៏លំបាក​នោះ ។ ខ្ញុំ​បាន​ឆ្លើយតប​តាម​ទស្សនៈ​របស់​ខ្ញុំ​ថា ការងារ​ដ៏ខ្ពង់ខ្ពស់​បំផុត និង​ថ្លៃថ្នូរ​បំផុត​ក្នុង​ជីវិត​នេះ​គឺជា​ការងារ​ជា​ម្ដាយ ។ ដោយសារ​ជម្រើស​នោះ​មិន​អាច​មាន​សម្រាប់​ខ្ញុំ ទើប​ខ្ញុំ​គិត​ថា ការថែទាំ​ដល់​អ្នកឈឺ​អាច​នឹង​ប្រហាក់​ប្រហែល​នឹង​ការងារ​នោះ ។ …

ជាច្រើន​ឆ្នាំ​កន្លង​ទៅ គណៈប្រធាន​ទីមួយ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដែល​មាន​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ និង​ដ៏យូរ​អង្វែង​មកលើ​ខ្ញុំ ។ ពួកលោក​បាន​សរសេរ​ថា « ភាពជា​ម្ដាយ​គឺ​ជិត​ស្មើនឹង​ភាពជា​ព្រះ ។ វា​គឺជា​ការបម្រើ​ដ៏ខ្ពង់ខ្ពស់​បំផុត និង​បរិសុទ្ធ​បំផុត​សម្រាប់​មនុស្ស ។ ការងារ​នេះ​ដាក់​ស្ដ្រី​ដែល​គោរព​ដល់​ការហៅ និង​ការបម្រើ​ដ៏បរិសុទ្ធ​របស់​ខ្លួន​នៅក្បែរ​ពួក​ទេវតា » [ នៅក្នុង James R. Clark, comp., Messages of the First Presidency of The Church of Jesus Christ of Latter-day Saints ( ឆ្នាំ ១៩៧៥ ) ៦:១៧៨ ] ។ ( « Our Sacred Duty to Honor Women » Ensign ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៣៨ )

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ​ពីក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រធាន ណិលសុន ហើយ​មូលហេតុ​អ្វី ?

  • តើ​អ្នក​នឹង​ពន្យល់​ពី​លក្ខណៈ​ដ៏អស់កល្ប​ជានិច្ច​នៃ​តួនាទី​ជា​ម្ដាយ​យ៉ាង​ដូចម្ដេច ?

  • តើ​តួនាទី​ជា​ម្ដាយ​ទាក់ទង​នឹង​ស្ត្រី​ទាំងអស់ រួម​ទាំង​អ្នក​ដែល​មិនមាន​កូន​ផងដែរ​យ៉ាង​ដូចម្ដេច ? ( ប្រសិនបើ​ចាំបាច់ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំំឭក​សេចក្ដី​ថ្លែងការណ៍​ដោយ ស៊ីស្ទើរ សឺរី អិល ឌូវ និង ប្រធាន ណិលសុន នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។ សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​សេចក្ដីពិត​ស្រដៀង​គ្នា​មួយ​ដូច​តទៅ​នេះ ៖ ស្ត្រី​គ្រប់រូប​គឺជា​ម្ដាយ ដោយសារ​តែ​ជោគវាសនា​ដ៏ទេវភាព និង​ដ៏​អស់កល្ប​ជានិច្ច​របស់​នាង [ សូមមើល រ័សុល អិម ណិលសុន « Sisters’ Participation in the Gathering of Israel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៦៨ ] ) ។

  • តើ​សេចក្ដីពិត​នេះ​មាន​ន័យ​យ៉ាងណា​ចំពោះ​អ្នក និង​ស្ត្រី​ដែល​អ្នក​ស្គាល់ ?

សូម​ពិចារណា​យក​រុក្ខជាតិ​ដែល​ស្រស់​បំព្រង និង​រុក្ខជាតិ​ដែល​ស្រពោន​មកកាន់​ថ្នាក់រៀន ឬ​បង្ហាញ​ជា​រូបភាព ។

រូបភាព
ផ្កា​កុលាប​ដ៏ស្រស់​បំព្រង
រូបភាព
ផ្កា​កុលាប​ស្រពោន

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​បាន​ធ្វើ​សម្រាប់​រុក្ខជាតិ​ដ៏ស្រស់​បំព្រង ហើយ​ដែល​មិន​បាន​ធ្វើ​សម្រាប់​រុក្ខជាតិ​ដែល​ស្វិត​ស្រពោន​នោះ ។

  • តើ​ការថែទាំ​រុក្ខជាតិ​អាច​ប្រៀបបាន​ទៅនឹង​ការចិញ្ចឹម​បីបាច់​មនុស្ស​យ៉ាង​ដូចម្ដេច ? ( តាម​ការចាំបាច់ សូម​ពិនិត្យ​មើល​និយមន័យ​នៃ​ការចិញ្ចឹម​បីបាច់​ឡើងវិញ​ជាមួយ​សិស្ស ដែល​ផ្តល់​ដោយ ប្រធាន ស៊ូសាន ដបុលយូ ថែនណឺ ក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​មកពី ការប្រកាស​អំពី​ក្រុមគ្រួសារ ៖ ម្ដាយ​មាន​ភារកិច្ច​សំខាន់​ដើម្បី​ថែរក្សា​បីបាច់​កូនចៅ​របស់​ខ្លួន ( សូមមើល​គេហទំព័រ ChurchofJesusChrist.org ) ។

  • តើ​ព្រះវរបិតា​សួគ៌​បាន​ប្រទាន​អំណោយ​អ្វី​ដល់​ស្ត្រី ដើម្បី​ជួយ​ពួកគេ​ឲ្យ​បំពេញ​ទំនួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​នេះ ? ( ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា អ្នក​អាច​នឹង​ពិនិត្យ​មើល​សេចក្ដី​ថ្លែងការណ៍​របស់ ស៊ិស្ទើរ នែល អេហ្វ ម៉ារីអូត និង ប្រធាន ហិនរី ប៊ី អាវរិង ក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​ឡើងវិញ​ជាមួយ​សិស្ស ) ។

សូម​ពន្យល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​នៃ​ការចិញ្ចឹម​បីបាច់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​មើល វគ្គ​បទគម្ពីរ ដែល​ពួកគេ​បាន​សិក្សា​នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ហើយ​រកមើល​អ្វី​ដែល​ពួកគេ​អាច​រៀន​អំពី​ការចិញ្ចឹម​បីបាច់ មកពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ចែកចាយ​គំនិត​របស់​ពួកគេ ។

ម្ដាយ​មាន​តួនាទី​ដ៏ពិសិដ្ឋ និង​ចាំបាច់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះ ។

សូម​អញ្ជើញ​ស្ត្រី​នៅក្នុង​ថ្នាក់រៀន​ឲ្យ​ឆ្លើយតប​នឹង​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​មាន​គំនិត អារម្មណ៍ ឬ​ការព្រួយ​បារម្ភ​អ្វីខ្លះ​អំពី​ការធ្វើ​ជា​ម្ដាយ ?

បន្ទាប់មក សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ​ដល់​សិស្ស​ក្នុង​ថ្នាក់ ៖

  • នៅក្នុង​វប្បធម៌​របស់​យើង តើ​ស្ត្រី​អាច​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​អ្វីខ្លះ​ទាក់ទង​នឹង​ភាពជា​ម្ដាយ ?

  • តើ​អ្នក​អាច​ឃើញ​ថា​មាន​ភាពខុសគ្នា​យ៉ាងណា​ខ្លះ រវាង​របៀប​ដែល​មនុស្ស​មួយ​ចំនួន​មើលទៅ​ភាពជា​ម្ដាយ និង​របៀប​ដែល​ព្រះ​ទត​ទៅ​ភាពជា​ម្ដាយ ? ( ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ អ្នក​អាច​ឲ្យ​សិស្ស​យោងទៅ​សេចក្ដី​ថ្លែង​ការណ៍​របស់ ប្រធាន ណិលសុន និង អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ។ សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​សេចក្ដីពិត​មួយ​ដូច​តទៅ​នេះ ៖ ការមាន​កូន និង​ការថែទាំ​បុត្រា​បុត្រី​របស់​ព្រះ​គឺជា​ផ្នែក​ដ៏សំខាន់​នៃ​កិច្ចការ និង​សិរីល្អ​របស់​ព្រះ ) ។

  • ហេតុអ្វី​បានជា​ការពពោះ ( បើ​អាច​មាន ) និង​ការថែទាំ​កូន​មាន​សារៈសំខាន់​នៅក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​សួគ៌ ?

សូម​បង្ហាញ​រូបភាព​អំពី​កងពល​កំលោះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី ដែល​ពួកគេ​ដឹង​អំពី​សេចក្ដី​ជំនឿ​របស់​យុវជន​ទាំងនេះ ( សូមមើល អាលម៉ា ៥៦:៤៥–៤៨; ៥៧:២១–២៦ ) ។

រូបភាព
កងពល​កំលោះ​ពីរពាន់​នាក់ ដោយ អាណុល ហ្វ្រីប៊ើក
  • តើ​អ្នកម្ដាយ​របស់​កងពល​កំលោះ​មាន​ឥទ្ធិពល​យ៉ាងណា​ទៅលើ​ជីវិត​របស់​កូនប្រុស​ពួកគាត់ និង​ទៅលើ​សន្ដិសុខ​នៃ​ជាតិ​សាសន៍​នីហ្វៃ​ទាំងមូល ?

នៅក្នុង​ការត្រៀម​ខ្លួន​សម្រាប់​ថ្នាក់រៀន សិស្ស​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ផ្ញើ​សំបុត្រ​មួយ​ច្បាប់​ទៅកាន់​ម្តាយ​របស់​ពួកគេ ឬ​ស្ដ្រី​ដែល​ដូចជា​ម្តាយ​ម្នាក់ ដែល​បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​ពួកគេ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ស្ត្រី ដែល​ពួកគេ​បាន​សរសេរ​សំបុត្រ​ទៅនោះ​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​ពួកគេ ។ ឬ​ប្រសិនបើ​សិស្ស​ភាគច្រើន​មិន​បាន​សរសេរ​សំបុត្រ​នេះ​ទេ នោះ​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចំណាយ​ពេល​ពីរបី​នាទី ដើម្បី​សរសេរ​សារ ឬ​អ៊ីម៉ែល​មួយ​នៅ​អំឡុង​ម៉ោង​រៀន ។

សូម​ឲ្យ​សិស្ស​ជ្រើសរើស​គំរូ​មួយ​ក្នុង​ចំណោម​គំរូ​ខាងក្រោម​នេះ ដែល​ពិពណ៌នា​អំពី​ទស្សនៈ ឬ​អាកប្បកិរិយា ដែល​ពួកគេ​អាច​នឹង​ជួប​ប្រទះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ចម្លើយ​ជា​សម្មតិកម្ម​មួយ ដែល​ពួកគេ​គិត​ថា វា​អាច​ជួយ​បង្ហាញពី​អារម្មណ៍​នេះ​បាន​ដោយ​មាន​ប្រសិទ្ធភាព ។ ( ប្រសិនបើ​សិស្ស​មាន​គំរូ​មួយ​ចេញពី​ជីវិត​ពិត ដែល​ពួកគេ​ចង់​ប្រើ​ជំនួស​វិញ​នោះ សូម​អញ្ជើញ​ពួកគេ​ឲ្យប្រើ​គំរូ​នោះ​ចុះ ) ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ប្រើ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ការសិក្សា​ឯកសារ​រៀបចំ​របស់​ពួកគេ និង​មកពី​បទពិសោធន៍​ផ្ទាល់ខ្លួន រួចហើយ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ នៅពេល​ពួកគេ​បង្កើត​បានជា​ចម្លើយ​របស់​ពួកគេ​ហើយ ។

  • មិត្ត​ម្នាក់​រៀបរាប់​ថា ភាពជា​ម្តាយ​គឺជា​ការខ្ជះខ្ជាយ​សក្តានុពល​ដ៏ពិត​ប្រាកដ​របស់​ស្ត្រី ដោយ​និយាយ​ថា ការជ្រើសរើស​ដើម្បី​មាន​គ្រួសារ ជាជាង​ជ្រើសរើស​យក​អាជីព​ការងារ នឹង​ដាក់​ដែន​កំណត់​លើ​អ្វី​ដែល​ស្ត្រី​អាច​ធ្វើ និង​សម្រេច​បាន​នៅក្នុង​ជីវិត ។

  • មិត្ត​ម្នាក់​មាន​អារម្មណ៍​ថា​គ្មាន​គេ​ដឹងគុណ​គាត់​សោះ—នាង​មាន​អារម្មណ៍​ថា អ្វីៗ​ដែល​នាង​ធ្វើ​សម្រាប់​កូនៗ​របស់​នាង​គឺ​មិន​សំខាន់​នោះទេ ហើយ​ថា​នាង​មិនល្អ​គ្រប់គ្រាន់​ដើម្បី​ធ្វើជា​ម្ដាយ​ឡើយ ។

  • មិត្ត​ម្នាក់​ព្រួយ​បារម្ភ​ថា « ចុះ​បើ​ខ្ញុំ​មិនមែន​ជា​មនុស្ស​ចេះ​ចិញ្ចឹម​បីបាច់​កូន​នោះ ? តើ​ខ្ញុំ​អាច​ធ្វើជា​ម្ដាយ​ម្នាក់ ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​តាម​របៀប​ណា​ទៅ ? »

  • មិត្ត​ម្នាក់​មាន​អារម្មណ៍​សោកសៅ​យ៉ាង​ខ្លាំង ដោយសារ​នាង និង​ស្វាមី​របស់​នាង​មិន​អាច​មាន​កូន​បាន ។

បន្ទាប់ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​ពួកគេ​ពីរបី​នាក់​ដែល​ចង់​ចែកចាយ ឲ្យ​ឡើង​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

សូម​ពិចារណា​បង្ហាញ​វីដេអូ « Just a Mom » ( ១:០២ ) ។

ដើម្បី​បញ្ចប់​មេរៀន​នេះ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​បំពេញ​តួនាទី​ដ៏ពិសិដ្ឋ​របស់​ពួកគេ​ក្នុង​នាម​ជា​ម្ដាយ​ក៏បាន ឬ​ដើម្បី​គាំទ្រ​ដល់​ស្ត្រី​ដែល​នៅជិត​ពួកគេ​នៅក្នុង​តួនាទី​នេះ​ក៏បាន ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពឹងផ្អែក​លើ​ជំនួយ​របស់​ព្រះអម្ចាស់ នៅពេល​ពួកគេ​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​ទាំងនេះ ។ សូម​ថ្លែង​ទីបន្ទាល់ ឬ​សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ឡើង​ថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​ភាពជា​ម្ដាយ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

សម្រាប់​ពេល​ក្រោយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​តួនាទី​របស់​ឪពុក នៅពេល​ពួកគេ​សិក្សា ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ២០ ។ សិស្ស​អាច​នឹង​ចង់​សរសេរ​លិខិត​ដឹងគុណ​ដល់​ឪពុក​របស់​ពួកគេ ឬ​បុរស​ដែល​ដូចជា​ឪពុក​ម្នាក់ ដែល​បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​ពួកគេ ។