ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ គ្រួសារ​គឺជា​ផ្នែក​ដ៏សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌


« មេរៀន​ទី ៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ គ្រួសារ​គឺជា​ផ្នែក​ដ៏សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច

រូបភាព
ម្តាយ និង​ឪពុក​ឱប​កូនៗ​របស់​ពួកគេ

មេរៀន​ទី ៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

គ្រួសារ​គឺជា​ផ្នែក​ដ៏សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌

ព្យាការី និង​សាវក​សម័យ​ទំនើប បាន​ប្រកាស​ថា « គ្រួសារ​ជា​ផ្នែក​ដ៏សំខាន់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះ​ដ៏បង្ក​បង្កើត សម្រាប់​គោលដៅ​ដ៏នៅ​អស់កល្ប​ជានិច្ច​នៃ​កូនចៅ​របស់​ទ្រង់ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ តើ​អ្នក​ធ្លាប់​បាន​គិតពី​របៀប​ដែល​គ្រួសារ ទាក់ទង​នឹង​បង្គោល​ស្នូល​ផ្សេងៗទៀត​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ដូចជា ការបង្ក​បង្កើត ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា ព្រមទាំង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬទេ ? នៅពេល​អ្នក​សិក្សា សូម​ពិចារណា​ពី​អត្ថន័យ ដែល​ការធ្វើតាម​ការបង្រៀន​អាច​មាន​លើ​ជម្រើស​របស់​អ្នក និង​សេចក្ដី​សង្ឃឹម​សម្រាប់​គ្រួសារ​របស់​អ្នក​ផ្ទាល់ ។

ផ្នែក​ទី ១

តើ​ការបង្ក​បង្កើត​ផែនដី និង​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា បាន​ជួយ​បំពេញ​តាម​ព្រះរាជបំណង​ដ៏អស់កល្ប​ជានិច្ច​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​គ្រួសារ​ដោយ​របៀប​ណា ?

អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

គោលលទ្ធិ​នៃ​គ្រួសារ​ចាប់ផ្ដើម​ឡើង​ជាមួយ​នឹង​ព្រះមាតា​បិតា​សួគ៌ ។ សេចក្ដី​ប៉ងប្រាថ្នា​ដ៏ខ្ពស់​បំផុត​របស់​យើង គឺ​ដើម្បី​ក្លាយ​ដូចជា​ទ្រង់​ទាំងទ្វេ ។ ( « The Eternal Family » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៦៤ )

នៅពេល​ព្រះ​បាន​មាន​បន្ទូល​ទៅកាន់​ម៉ូសេ​នៅលើ​ភ្នំ នោះ​ទ្រង់​បាន​ពន្យល់​ថា កិច្ចការ​របស់​ទ្រង់ និង​សិរីល្អ​របស់​ទ្រង់​គឺ « ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​គឺ ការរស់នៅ​ជាមួយ​ព្រះ ដូច​ដែល​ទ្រង់​មាន​ព្រះជន្ម​រស់នៅ វា​មាន​ន័យ​ថា ការរស់នៅ​ជារៀង​រហូត​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ដ៏អស់កល្ប​ជានិច្ច ។ នេះ​គឺជា​អំណោយ​ដ៏មហិមា​បំផុត ដែល​ទ្រង់​អាច​ប្រទាន​ដល់​យើង ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៤:៧ ) ។

រូបភាព
ស្វាមី និង​ភរិយា​ញញឹម​ដាក់​កូន​តូច​របស់​ពួកគេ

ការបង្ក​បង្កើត​ផែនដី និង​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា គឺជា​ផ្នែក​ដ៏សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតា ដើម្បី​បំពេញ​តាម​ព្រះរាជបំណង​ដ៏អស់កល្ប​ទាំងនេះ ។ នៅក្នុង​ប្រវត្តិ​សាសនាចក្រ​សម័យ​ដើម ព្រះអម្ចាស់​បាន​ប្រកាស​ពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​កូនចៅ​នៅក្នុង​ផែនការ​របស់​ព្រះ​សម្រាប់​ផែនដី​នេះ ។ ហើយ​នៅក្នុង​ព្រះគម្ពីរ​មរមន លីហៃ​បាន​ពន្យល់​ដល់​កូនប្រុស​របស់​លោក​អំពី​ភាពវាងវៃ​នៃ​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៩:១៥–១៧ និង នីហ្វៃ​ទី​២ ២:២២–២៣ ដោយ​រកមើល​របៀប​ដែល​ការបង្ក​បង្កើត និង​ការធ្លាក់​បាន​រួម​ចំណែក​ដល់​ការបង្កើត និង​ការរីក​ចម្រើន​នៃ​ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ប្រធាន រ័សុល អិម ណិលសុន និង​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ដោយសារតែ​ទំហំ​ដ៏ធំ​របស់​វា នោះ​ភពផែនដី​គឺជា​ផ្នែក​មួយ​នៃ​កិច្ចការ​ដែល​កាន់តែ​មហិមា​ជាង​ទំហំ​របស់​វា​ទៅ​ទៀត—នោះ​គឺជា​ផែនការ​ដ៏មហិមា​របស់​ព្រះ ។ សរុប​សេចក្តី​មក​យ៉ាង​សាមញ្ញ ផែនដី​នេះ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​មាន​ក្រុមគ្រួសារ​អាច​រស់នៅ​បាន ។ ( « The Creation » Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៨៥ )

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ការធ្លាក់​គឺជា​ផ្នែក​មួយ​ដ៏ចាំបាច់​នៃ​ផែនការ​ដ៏ទេវភាព​របស់​ព្រះវរបិតា​សួគ៌ ។ បើ​គ្មាន​ការធ្លាក់​ទេ នោះ​ក៏​គ្មាន​កូនចៅ​រមែង​ស្លាប់​ណាម្នាក់​អាច​កើត​មកពី​លោក​អ័ដាម និង​នាង​អេវ៉ា​ឡើយ ហើយ​នឹង​គ្មាន​ក្រុមគ្រួសារ​មនុស្ស​ណាមួយ​អាច​ដក​បទពិសោធន៍​ភាពផ្ទុយគ្នា និង​ការលូតលាស់ សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ និង​សេចក្ដី​អំណរ​នៃ​ដំណើរ​រស់ឡើង​វិញ សេចក្ដី​ប្រោសលោះ និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​បាន​ដែរ ។ ( « The Atonement of Jesus Christ » Ensign ខែ មីនា ឆ្នាំ ២០០៨ ទំព័រ ៣៥ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ការយល់ដឹង​ពី​គោលបំណង​ដ៏ធំ​មហិមា​ទាំងនេះ ស្ដីពី​ការបង្ក​បង្កើត និង​ការធ្លាក់​អាច​មាន​ឥទ្ធិពល​លើ​ការខិតខំ​របស់​អ្នក នៅក្នុង​ការបង្កើត​ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​របស់​អ្នក​ផ្ទាល់ខ្លួន​ដោយ​របៀប​ណា ?

ផ្នែក​ទី ២

តើ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើឲ្យ​ក្រុមគ្រួសារ​អាច​រស់នៅ​ដ៏អស់កល្ប​ដោយ​របៀបណា ?

ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​បាន​នាំឲ្យ​ពិភពលោក​របស់​យើង​ស្គាល់​ស្ថានភាព​នៃ​អំពើបាប និង​ការស្លាប់ ។ ទាំង​អំពើបាប និង​ការស្លាប់​បាន​បំបែក​យើង​ចេញពី​ព្រះ​ផង និង​ផ្ដាច់​លទ្ធភាព​ដើម្បី​ឲ្យយើង​មាន​ជីវិត​ដ៏អស់កល្ប​ជានិច្ច​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​យើង​ផង ។

នៅក្នុង​ព្រះគម្ពីរ​មរមន លីហៃ​បាន​ពិពណ៌នា​ពី​ជីវិត​វ័យក្មេង​របស់​យ៉ាកុប​ថា បាន​ពោរពេញ​ទៅដោយ​សេចក្ដី​វេទនា និង​ទុក្ខសោក​ដោយសារតែ​ពួកបងប្រុស​របស់​លោក ( សូមមើល នីហ្វៃ​ទី​២ ២:១ ) ។ លីហៃ​បាន​ស្លាប់ នៅពេល​យ៉ាកុប​នៅក្មេង​នៅឡើយ ។ ថ្វីបើ​មាន​ឧបសគ្គ​ក្នុង​គ្រួសារ​ទាំងនេះ​ក្ដី ក៏​យ៉ាកុប​បាន​រកឃើញ​សេចក្ដី​សង្ឃឹម​នៅក្នុង​ចំណេះដឹង​របស់​លោក អំពី​ពលិកម្ម​នាពេល​អនាគត​ដែល​នឹង​ត្រូវ​ធ្វើ​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ជួយ​ពួកយើង​ទាំងអស់​គ្នា និង​ក្រុមគ្រួសារ​របស់​យើង​ឲ្យ​ចៀសផុត​ពី​សេចក្ដី​ស្លាប់ និង​ស្ថាន​នរក ។

រូបភាព
ព្រះអង្គ​សង្គ្រោះ​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន នីហ្វៃ​ទី​២ ៩:៦–៨, ១០, ១៨ ហើយ​សូម​ពិចារណា​គូស​ចំណាំ​ពាក្យសម្ដី និង​អារម្មណ៍​របស់​ព្យាការី​យ៉ាកុប អំពី​របៀប​ដែល​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​យកឈ្នះ​លើ​អំពើបាប និង​សេចក្ដី​ស្លាប់​បាន ។

ប្រធាន ជូលី ប៊ី ប៊េក អតីត​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ និង​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ បាន​បង្រៀន​អំពី​របៀប​ដែល​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អនុញ្ញាត​ឲ្យ​ក្រុមគ្រួសារ​អាច​រស់នៅ​ដ៏អស់កល្ប​បាន ៖

រូបភាព
ប្រធាន ជូលី ប៊ី ប៊េក

ដង្វាយធួន [ របស់​ព្រះយេស៊ូវ​គ្រីស្ទ ] អនុញ្ញាត​ឲ្យ​គ្រួសារ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​ដ៏អស់កល្ប​ជានិច្ច ។ វា​អនុញ្ញាត​ឲ្យ​គ្រួសារ​ទាំងឡាយ​មាន​ការរីក​ចម្រើន និង​មាន​ភាពឥតខ្ចោះ​អស់កល្ប​ជានិច្ច ។ ផែនការ​នៃ​សុភមង្គល ក៏​ត្រូវបាន​ហៅ​ថា​ជា​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ផងដែរ គឺជា​ផែនការ​មួយ​ដែល​បាន​បង្កើត​ឡើង​សម្រាប់​ក្រុមគ្រួសារ ។ ( « Teaching the Doctrine of the Family » Ensign ខែ មីនា ឆ្នាំ ២០១១ ទំព័រ ១២ )

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់​របស់​យើង​ជ្រាបដឹង​ពី​ដួងចិត្ត​របស់​យើង ។ ព្រះទ័យ​របស់ទ្រង់​គឺ​ដើម្បី​ប្រទាន​សុភមង្គល​ដល់​យើង ( សូមមើល នីហ្វៃទី​២ ២:២៥ ) ។ ដូច្នោះ​ហើយ ទ្រង់​បាន​ប្រទាន​អំណោយទាន​ជា​ព្រះរាជបុត្រា​របស់​ទ្រង់ ដើម្បី​ធ្វើ​ឲ្យ​កើត​មាន​នូវ​ក្តីអំណរ​ក្នុង​ចំណង​គ្រួសារ​ដែល​បន្ដ​មានជា​រៀងរហូត ។ ដោយសារ​ព្រះអង្គ​សង្គ្រោះ​បាន​ផ្ដាច់​ចំណង​នៃ​សេចក្ដី​ស្លាប់ នោះ​យើង​នឹង​ត្រូវបាន​រស់​ឡើងវិញ ។ ដោយសារ​ទ្រង់​បាន​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើបាប​របស់​យើង នោះ​យើង​អាច​ប្រែក្លាយ​ទៅជា​មាន​ភាពស័ក្ដិសម​ចំពោះ​នគរ​សេឡេស្ទាល ជាកន្លែង​ដែល​ក្រុមគ្រួសារ​ត្រូវបាន​ចងភ្ជាប់​នឹង​គ្នា​នៅក្នុង​សេចក្ដី​ស្រឡាញ់​ជា​រៀង​រហូត​តាមរយៈ​សេចក្ដី​ជំនឿ និង​ការប្រែចិត្ត​របស់​យើង ។ ( « The Hope of Eternal Family Love » Ensign ខែ សីហា ឆ្នាំ ២០១៦ ទំព័រ ៤ )

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

ប្រសិនបើ​អ្នក​មាន​ឱកាស​បង្ហាញពី​អារម្មណ៍​របស់​អ្នក​ទៅកាន់​ព្រះអង្គ​សង្គ្រោះ អំពី​តួនាទី​របស់​ទ្រង់​ក្នុង​ការអនុញ្ញាត​ឲ្យ​អ្នក​មាន​គ្រួសារ​ដ៏អស់កល្ប​មួយ​នោះ តើ​អ្នក​អាច​នឹង​ទូល​អ្វីខ្លះ​ទៅកាន់​ទ្រង់ ? ហេតុអ្វី​ទៅ ?

ផ្នែក​ទី ៣

តើ​គ្រួសារ​មាន​សារៈសំខាន់​ខ្លាំង​ប៉ុណ្ណា​នៅ​ក្នុង​ផែនការ​របស់​អ្នក ?

ដោយ​ពន្យល់ពី​សារៈសំខាន់​នៃ​គ្រួសារ​នៅក្នុង​ភាពអស់កល្ប អែលឌើរ អិល ថម ភែរី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ អិល ថម ភែរី

សាសនាវិទ្យា​ទាំងមូល​នៃដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់យើង ផ្ដោតលើ​គ្រួសារ និង​លើ​សេចក្ដី​សញ្ញា​ថ្មី និង​អស់កល្ប​អស់កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍ ។ …

យើង​ក៏ជឿ​ផងដែរ​ថា ក្រុមគ្រួសារ​ប្រពៃណី​ដ៏រឹងមាំ​គឺជា … អង្គភាព​គ្រឹះ​នៃ​ភាពអស់កល្ប និង​នគរ និង​ការគ្រប់គ្រង​របស់​ព្រះ ។

យើង​ជឿ​ថា ការរៀបចំ និង​ការគ្រប់គ្រង​នៅ​ស្ថានសួគ៌​នឹង​ត្រូវបាន​ស្ថាបនា​ឡើង​ជុំវិញ​ក្រុមគ្រួសារ និង​សាច់ញាតិ​ជិតឆ្ងាយ​ទាំងឡាយ ។ ( « Why Marriage and Family Matter—Everywhere in the World » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៤១ )

រូបភាព
បងប្អូន​បង្កើត​ដែលជា​យុវមជ្ឈិមវ័យ​រីករាយ​នឹង​ពេលវេលា​ជាមួយ​ឪពុក​របស់​ពួកគេ

ដោយសារតែ​សារៈសំខាន់​នៃ​គ្រួសារ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ នោះ​យើង​អាច​រំពឹង​ថា សាតាំង​នឹង​ប្រឆាំង​នឹង​កិច្ចខិតខំ​របស់​យើង​ដើម្បី​បង្កើត និង​ពង្រឹង​ក្រុមគ្រួសារ​របស់​យើង ។ ការយល់ដឹង​របស់​យើង​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌ អាច​ជួយ​យើង​ឲ្យ​មើលឃើញ​ការបោក​បញ្ឆោត​ទាំងឡាយ​របស់​សាតាំង ។ អែលឌើរ ហែល បាន​បង្រៀន ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

ទស្សនវិស័យ​ដ៏​អស់កល្ប​ប្រាប់​យើង​ពី​ការសម្រេច​ចិត្ត និង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង ។ វា​រក្សា​លំនឹង​នៃ​គំនិត និង​ព្រលឹង​របស់​យើង ។ នៅពេល​គំនិត​ទន់ខ្សោយ​អស់កល្ប​ជានិច្ច ដែល​អាច​បញ្ចុះបញ្ចូល​បាន​មាននៅ​ជុំវិញ​យើង នោះ​យើង​ត្រូវតែ​ខ្ជាប់ខ្ជួន ហើយ​នឹងនរ ។ …

អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​ទទួល​រង​ការវាយ​ប្រហារ ព្រោះ​សាតាំង​ដឹង​ថា វា​ជា​ចំណុច​ដ៏សំខាន់​ដើម្បី​ទទួលបាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច—គឺ​សំខាន់​ដូចជា​ការបង្ក​បង្កើត ការធ្លាក់ និង​ដង្វាយធួន ព្រមទាំង​ការរស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។ ពេល​បរាជ័យ​ក្នុង​ការបំផ្លាញ​បង្គោល​ទាំងនេះ​ណាមួយ​នៃ​ផែនការ​នេះ នោះ​សាតាំង​ព្យាយាម​បំផ្លាញ​ការយល់ដឹង និង​ការអនុវត្ត​របស់​យើង​ទាក់ទង​ទៅនឹង​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ ។ ( « The Plan of Salvation: A Sacred Treasure of Knowledge to Guide Us » Ensign ខែ តុលា ឆ្នាំ ២០១៥ ទំព័រ ២៨, ២៩ )

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

តើ​អ្នក​អាច​ធ្វើឲ្យ​គ្រួសារ​របស់​អ្នក​កាន់តែ​សំខាន់​ថែមទៀត​នៅក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ? តើ​អ្នក​អាច​យាង​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ឲ្យចូល​មក​ក្នុង​កិច្ច​ខិតខំ​របស់​អ្នក​ដើម្បី​បង្កើត ឬ​ពង្រឹង​គ្រួសារ​ដ៏​អស់កល្ប​របស់​អ្នក​ផ្ទាល់​ដោយ​របៀបណា ?