ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៦ ឯកសារ​គ្រូបង្រៀន ៖ អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ


« មេរៀន​ទី ៦ ឯកសារ​គ្រូបង្រៀន ៖ អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ៦ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅអស់កល្ប​ជានិច្ច

មេរៀន​ទី ៦ ឯកសារ​គ្រូបង្រៀន

អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ

ព្យាការី ពួកសាវក និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត​បាន​ប្រកាស​យ៉ាង​មុតមាំ​ថា « អាពាហ៍​ពិពាហ៍​គឺ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ក្នុង​មេរៀន​នេះ សិស្ស​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​ពន្យល់​ពី​មូលហេតុ ដែល​អាពាហ៍ពិពាហ៍​គឺជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះ ។ សិស្ស​ក៏នឹង​ប្ដេជ្ញាចិត្ត​ផងដែរ អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នៅក្នុង​ការប្រតិបត្តិ​ឆ្ពោះ​ទៅរក​អាពាហ៍ពិពាហ៍​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​គឺជា​ជំហាន​ដ៏ចាំបាច់​មួយ ដើម្បី​ក្លាយ​ដូចជា​ព្រះ ។

ដើម្បី​ចាប់ផ្ដើម​មេរៀន អ្នក​អាច​សួរ​សិស្ស​ថា តើ​មនុស្ស​នៅក្នុង​សង្គម​មាន​ជំនឿ​អ្វីខ្លះ​អំពី​អាពាហ៍ពិពាហ៍ ។ ឬ​អ្នក​អាច​ប្រើ​សាច់រឿង​ដូច​ខាងក្រោម ៖

កល្យាណ​មិត្ត​របស់​អ្នក​ម្នាក់​និយាយ​មក​កាន់​អ្នក​ថា « ខ្ញុំ​មិន​យល់​ថា ហេតុអ្វី​មនុស្ស​មួយ​ចំនួន​ខ្វល់​ខ្លាំង​ម៉្លេះ​នឹង​រឿង​អាពាហ៍ពិពាហ៍ ។ វា​គ្រាន់តែ​ទំនៀម​ទម្លាប់​ក្នុង​សង្គម ជាមួយ​នឹង​ក្រដាស​មួយ​សន្លឹក​ប៉ុណ្ណោះ ។ ហេតុអ្វី​បានជា​មនុស្ស​ពីរ​នាក់ ដែល​ស្រឡាញ់​គ្នា​មិន​អាច​រៀបចំ​ដោយ​ខ្លួនឯង​បាន ? »

  • តើ​អ្នក​អាច​ឆ្លើយតប​ទៅនឹង​គំនិត​ទាំងនេះ​តាម​របៀប​ណាខ្លះ ?

សូម​សង្ខេប​ខ្លីៗ​នៃ​បរិបទ​សម្រាប់ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩:១៥–១៦ ឲ្យ​ឮៗ ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ដោយ​រកមើល​ពីរបៀប​ដែល​ព្រះអម្ចាស់​ទត​ទៅ​អាពាហ៍ពិពាហ៍ ។

សូម​សរសេរ​គោលលទ្ធិ​ដូច​តទៅ​នេះ​ដាក់​នៅលើ​ក្ដារខៀន ដែល​ចេញពី​ការប្រកាស់​អំពី​ក្រុមគ្រួសារ ៖ « អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី​គឺ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ … [ ហើយ ] ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ផែនការ​ដ៏នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » )។

  • តើ​អ្នក​នឹង​ពន្យល់​ពី​មូលហេតុ​ដែល​អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី​គឺ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ ហើយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ផែនការ​ដ៏នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់​ដោយ​របៀប​ណា ? ( ប្រសិនបើ​ចាំបាច់ សូម​យោង​ទៅ​ការពន្យល់​អំពី​គោលលទ្ធិ​នេះ​នៅក្នុង ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។

សូម​ដឹង​ថា មនុស្ស​មួយ​ចំនួន​ដែល​ចង់​រៀបការ អាច​មិន​មាន​ឱកាស​រៀបការ​នៅក្នុង​ជីវិត​នេះ​ទេ ។ អ្នកផ្សេងទៀត​អាច​ជួប​នឹង​អាពាហ៍ពិពាហ៍ ដែល​មិន​យូរ​អង្វែង ។

  • តើ​អ្នក​នឹង​ចែកចាយ​អ្វីខ្លះ ជាមួយ​នឹង​អ្នក​ដែល​មាន​អារម្មណ៍​ថា ឱកាស​របស់​ពួកគេ​ដើម្បី​មាន​សុភមង្គល និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ត្រូវ​បាត់បង់ ព្រោះ​ពួកគេ​មិន​បាន​រៀបការ ? ( ប្រសិនបើ​ចាំបាច់ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ឡើងវិញ ) ។

សូម​ឲ្យ​សិស្ស​មាន​ពេល​កត់ត្រា​ចំណាប់​អារម្មណ៍​របស់​ពួកគេ អំពី​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​មាន​គំនិត និង​អារម្មណ៍​យ៉ាងណា នៅពេល​អ្នក​សញ្ជឹងគិត​ពី​សេចក្ដីពិត​ដែល​ថា អាពាហ៍ពិពាហ៍​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែនការ​របស់​ព្រះ​សម្រាប់ អ្នក រៀងៗ​ខ្លួនៗ ?

ដោយ​ផ្អែក​លើ​បទពិសោធន៍​របស់​អ្នក​ផ្ទាល់ អ្នក​អាច​ថ្លែង​ទីបន្ទាល់​អំពី​ឥទ្ធិពល​នៃ​គោលលទ្ធិ​របស់​ព្រះអម្ចាស់​អំពី​អាពាហ៍ពិពាហ៍ ដែល​មាន​មកលើ​អ្នក ។

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ការភ័យខ្លាច ហើយ​រកឃើញ​សុភមង្គល​នៅក្នុង​អាពាហ៍ពិពាហ៍​របស់​យើង​បាន ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ ៖ ខ្ញុំ​ជឿ​ថា អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​នឹង​ពេញ​ដោយ​ក្ដីស្រឡាញ់ និង​បាន​គង់វង្ស​យូរ​អង្វែង ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​លេខរៀង​ដល់​ខ្លួនគេ​ដោយ​ស្ងាត់ស្ងៀម នៅលើ​កម្រិត​ពី ១ ដល់ ៤ ( ១=មិន​យល់ស្រប; ៤=យល់ស្រប ) ដើម្បី​បង្ហាញពី​កម្រិត ដែល​ពួកគេ​ជឿលើ​សេចក្ដី​ថ្លែងការណ៍​នេះ​រៀងៗ​ខ្លួន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​មូលហេតុ ដែល​ពួកគេ​មាន​អារម្មណ៍​យ៉ាង​ដូច្នោះ ។

  • តើ​អ្នក ឬ​មនុស្ស​ដទៃ​ដែល​អ្នក​ស្គាល់ មាន​ការព្រួយ​បារម្ភ ឬ​ការភ័យខ្លាច​អ្វីខ្លះ​អំពី​អាពាហ៍ពិពាហ៍ ហើយ​ហេតុអ្វី ?

  • តើ​យុវមជ្ឈិមវ័យ​មាន​មូលហេតុ​ទូទៅ​អ្វីខ្លះ ដែល​មិន​គិតគូរ​រឿង​អាពាហ៍ពិពាហ៍ ?

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

បញ្ជាក់​ថា​កង្វល់​របស់​សិស្ស​គឺ​ពិត ។ គ្រូបង្រៀន​អាច​បង្កើត​ឲ្យមាន​បរិយាកាស​មួយ ដែល​មាន​ការគោរព និង​ការបើក​ចិត្ត​ឲ្យ​ទូលំទូលាយ នៅពេល​ពួកគេ​បញ្ជាក់​ថា​កង្វល់​របស់​សិស្ស​គឺ​ពិត ជាជាង​ការសួរ​ប្រជែង ឬ​រំលង​កង្វល់​ទាំងនោះ​របស់​សិស្ស​ចោល​ភ្លាមៗ ។ សូម​ព្យាយាម​ស្វែងយល់​ពី​មូលហេតុ​ដែល​សិស្ស​មាន​អារម្មណ៍​យ៉ាង​ដូច្នោះ តាមរយៈ​ការសួរ​សំណួរ​តាមដាន និង​ការស្តាប់​ដោយ​យកចិត្ត​ទុកដាក់ ។ សូម​អរគុណ​ពួកគេ ដែល​ស្ម័គ្រចិត្ត​ចែកចាយ​អារម្មណ៍​របស់​ពួកគេ ។ នៅពេល​សិស្ស​មាន​អារម្មណ៍​ថា មាន​គេ​ស្ដាប់ និង​យល់ពី​កង្វល់​របស់​ពួកគេ នោះ​ជាទូទៅ ពួកគេ​ទំនង​ជា​ទទួល​យក​ការប្រឹក្សា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក ដើម្បី​ជួយ​ពួកគេ​ទាក់ទង​ទៅនឹង​កង្វល់​របស់​ពួកគេ ។

សូម​ពន្យល់​ថា សកម្មភាព​រៀនសូត្រ​ខាងក្រោម​នេះ​មាន​បំណង ដើម្បី​ជួយ​ដោះស្រាយ​ការភ័យខ្លាច កង្វល់ និង​សំណួរ​ទាំងនេះ​មួយ​ចំនួន ។ សូម​បែងចែក​សិស្ស​ឲ្យ​ធ្វើការ​ជា​ក្រុម​តូចៗ ។ សូម​ចាត់ឲ្យ​មាន​មេក្រុម​ម្នាក់​សម្រាប់​ក្រុម​នីមួយៗ ហើយ​ផ្ដល់​សំណៅចែក​ខាងក្រោម​នេះ​ដល់​គាត់ ឬ​នាង ( ឬ​បង្កើត​ជា​សាច់រឿង​មួយ​ដោយ​ខ្លួនអ្នក​ផ្ទាល់ ដែល​ត្រូវ​នឹង​សិស្ស​ជាក់លាក់​របស់​អ្នក​ជាង ) ។ សូម​ទុកពេល​គ្រប់គ្រាន់​ឲ្យ​សិស្ស​មាន​ការពិភាក្សា​ដ៏មាន​អត្ថន័យ​មួយ ។

ការយកឈ្នះ​លើ​ការភ័យខ្លាច និង​ការបង្កើន​ទំនុកចិត្ត​លើ​ព្រះ

ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅអស់កល្ប​ជានិច្ច—មេរៀន​ទី ៦

កំណត់​ចំណាំ​សម្រាប់​មេក្រុម ៖ សូម​ប្រើ​ការណែនាំ​ខាងក្រោម​នេះ ដើម្បី​សម្រប​សម្រួល​ការពិភាក្សា​ជាមួយ​នឹង​សមាជិក​ក្រុម​របស់​អ្នក ។ សូម​លើក​ទឹកចិត្ត​សមាជិក​ក្រុម​របស់​អ្នក​ទាំងអស់​ឲ្យ​ចូលរួម ។ ប៉ុន្ដែ គ្មាន​នរណាម្នាក់​គួរ​មាន​សម្ពាធ​ថា​ត្រូវតែ​ចែក​រំលែក​នោះ​ទេ ។

សូម​អញ្ជើញ​ឲ្យ​សមាជិក​ក្រុម​ជ្រើសរើស​វគ្គ​បទគម្ពីរ ឬ​ពាក្យ​ដកស្រង់​មួយ​នៅក្នុង ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ដែល​មាន​អត្ថន័យ​ជាពិសេស​ចំពោះ​ពួកគេ ។ សូម​អញ្ជើញឲ្យ​ពួកគេ​ពីរបី​នាក់​ចែកចាយ​ពាក្យ​ដកស្រង់ ឬ​វគ្គ​បទគម្ពីរ​របស់​ពួកគេ ។ បន្ទាប់ពី​សិស្ស​គ្រប់រូប​បាន​ចែកចាយ​រួចហើយ អ្នក​អាច​សួរ ៖

  • តើ​យើង​អាច​អនុវត្ត​តាម​ការបង្រៀន​នេះ​បាន​យ៉ាង​ដូចម្ដេច ដើម្បី​យកឈ្នះ​លើ​ការភ័យខ្លាច​ក្នុង​ការរៀប​អាពាហ៍ពិពាហ៍ ឬ​ការភ័យខ្លាច​ដែល​នរណាម្នាក់​អាច​មាន​អំឡុង​ជីវិត​អាពាហ៍ពិពាហ៍ ?

បន្ទាប់មក សូម​ពិភាក្សា​សំណួរ​ខាងក្រោម​នេះ​ជា​ក្រុម ៖

  • តើ​អ្នក​បាន​យកឈ្នះ​លើ​ការភ័យខ្លាច​កាលពី​អតីត ហើយ​បាន​បង្កើន​ការទុកចិត្ត​របស់​អ្នក​លើ​ព្រះ​ដោយ​របៀប​ណា ?

  • តើ​អ្នក​ជឿ ឬ​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​វា​អាច​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​ការភ័យខ្លាច ហើយ​ទុកចិត្ត​លើ​ការដឹកនាំ​ដែល​ទ្រង់​ទាំងទ្វេ​បាន​ប្រទានឲ្យ​នោះ ?

ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅអស់កល្ប​ជានិច្ច—មេរៀន​ទី ៦

រូបភាព
សំណៅ​ចែក​របស់​គ្រូបង្រៀន

បន្ទាប់ពី​ផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​មេក្រុម​ពីរបី​នាក់​ឲ្យ​ឡើង​ចែកចាយ​សេចក្ដីពិត ឬ​ការយល់ដឹង ដែល​ពួកគេ​បាន​ទទួល​មកពី​ការពិភាក្សា​ជាក្រុម​របស់​ពួកគេ ។ អ្នក​អាច​សរសេរ​សេចក្ដីពិត ដែល​ពួកគេ​រកឃើញ​ដាក់​នៅលើ​ក្ដារខៀន ដែល​អាច​រួមមាន​សេចក្ដីពិត​មួយ​ដូច​តទៅ​នេះ ៖ នៅពេល​យើង​មើល​ទៅ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​សេចក្ដី​ជំនឿ នោះ​យើង​អាច​យកឈ្នះ​លើ​ការភ័យខ្លាច ហើយ​ទ្រង់​ទាំងទ្វេ​នឹង​ដឹកនាំ​ផ្លូវ​របស់​យើង ។

ជា​សាក្សី​បន្ថែម​មួយ​ដល់​សេចក្ដីពិត​នេះ សូម​ពិចារណា​ចែកចាយ បទពិសោធន៍​របស់​អែលឌើរ និង​ស៊ីស្ទើរ ហូឡិន ក្នុង​ការជ្រើសរើស​ដើម្បី​រៀបការ ដែល​មាន​នៅក្នុង​ផ្នែក « ចង់​បាន​បន្ថែម​ទៀត​ទេ ? » នៃ​ឯកសារ​រៀបចំ ។ ឬ​អ្នក​អាច​ចែកចាយ​បទពិសោធន៍​ខាងក្រោម​នេះ ដែល​បាន​តំណាល​ដោយ​អែលឌើរ ខាល ប៊ី ឃុក នៃ​ពួកចិតសិប​នាក់ ៖

រូបភាព
អែលឌើរ ខាល ប៊ី ឃុក

យុវជន​ស្មោះត្រង់​ម្នាក់​បាន​ប្រាប់​រឿង​សម្ងាត់​មក​យើង​ថា គាត់​បាក់ទឹកចិត្ត​អំពី​លទ្ធភាព​ដើម្បី​មាន​អាពាហ៍ពិពាហ៍​ដ៏​រីករាយ​មួយ ។ មិន​គ្រាន់តែ​ឪពុក​ម្ដាយ​របស់​គាត់​បាន​លែងលះគ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សូម្បី​ពូមីង​ទាំង​សងខាង​ក្នុង​គ្រួសារ​របស់​គាត់​ក៏​ដូច្នោះ​ដែរ ។ គាត់​បាន​និយាយ​ថា គាត់​មិន​ដែល​ឃើញ​មាន​អាពាហ៍ពិពាហ៍​រីករាយ​នៅជិត​គាត់​នោះទេ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ដោយ​មាន​ជំនួយ​ពី​ព្រះ គាត់​បាន​ក្រោកចេញ​ពី​ភាពភ័យខ្លាច ហើយ​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ គាត់ និង​ភរិយា​គាត់​កំពុង​ស្វែងរក​អំណរ​នៅក្នុង​អាពាហ៍ពិពាហ៍​របស់​ពួកគេ ហើយ​ពួកគេមាន​កូន​ដ៏ស្រស់ស្អាត​ប្រាំ​នាក់ ។ ( ខាល ប៊ី ឃុក « Continually Progressing toward Eternal Marriage » [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក ថ្ងៃ​ទី ៥ ខែ ឧសភា ឆ្នាំ ២០១៩ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org )

សូម​ផ្ដល់​ពេល​ពីរបី​នាទី​ឲ្យ​សិស្ស​កត់ត្រា​អ្វីៗ ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ត្រូវ​ធ្វើ ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង​ឡើង​ទៅ​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ទាក់ទង​នឹង​ប្រធានបទ​អាពាហ៍ពិពាហ៍ ។

សូម​ពន្យល់​ថា ពេញ​មួយ​វគ្គ​សិក្សា​នេះ សិស្ស​នឹង​រៀន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ជោគជ័យ ក្នុង​ការស្ថាបនា​អាពាហ៍ពិពាហ៍​ដ៏រឹងមាំ និង​អស់កល្ប​ជានិច្ច​មួយ ។ សូម​អះអាង​ដល់​សិស្ស​ថា ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្រឡាញ់​ពួកគេ ហើយ​អន្ទះសា និង​ប្ដេជ្ញា​ដើម្បី​ជួយ​ដល់​ពួកគេ ។

សម្រាប់​ពេល​ក្រោយ

នៅក្នុង​ការសិក្សា​ឯកសារ​រៀបចំ​របស់​ពួកគេ​សម្រាប់ មេរៀន​ទី ៧ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹងគិត​ប្រកប​ដោយ​ការអធិស្ឋាន​ពី​របៀប​ដែល « ភេទ​ប្រុស​ស្រី​គឺជា​លក្ខណៈ​ពិសេស​នៃ​អត្តសញ្ញាណ និង​គោលបំណង​របស់ [ យើង ] នៅ​ជីវិត​មុន​ផែនដី ជីវិត​រមែង​ស្លាប់ និង​នៅ​អស់កល្ប​ជានិច្ច » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ) ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ពី​របៀប ដែល​ពួកគេ​អាច​ឆ្លើយតប​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ទៅដល់​អស់​អ្នក​ដែល​មាន​សំណួរ​ទាក់ទង​ទៅនឹង​ភេទ​ផងដែរ ។