ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការលើក​កម្ពស់ និង​ការការពារ​គ្រួសារ​ជា​អង្គភាព​ដ៏សំខាន់​នៃ​សង្គម


« មេរៀន​ទី ២៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការលើក​កម្ពស់ និង​ការការពារ​គ្រួសារ​ជា​អង្គភាព​ដ៏សំខាន់​នៃ​សង្គម » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ២៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

រូបភាព
គ្រួសារ​កំពុង​ដើរ​ជាមួយគ្នា

មេរៀន​ទី ២៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការលើក​កម្ពស់ និង​ការការពារ​គ្រួសារ​ជា​អង្គភាព​ដ៏សំខាន់​នៃ​សង្គម

ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បានមាន​ប្រសាសន៍​ថា « ពិភពលោក​ត្រូវ​ដឹងពី​អ្វី​ដែល​សេចក្តី​ប្រកាស [ ក្រុម​គ្រួសារ ] នេះ​បង្រៀន ពីព្រោះ​គ្រួសារ​គឺជា​អង្គភាព​គ្រឹះ​នៃ​សង្គម សេដ្ឋកិច្ច វប្បធម៌​របស់យើង និង​រដ្ឋាភិបាល​របស់យើង ។ ហើយ​ដូចដែល​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដឹង​ថា គ្រួសារ​ក៏​ជា​អង្គភាព​គ្រឹះ​នៅក្នុង​នគរ​សេឡេស្ទាល​ផងដែរ » ( « What Matters Most Is What Lasts Longest » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤២ ) ។ នៅពេល​អ្នកគិត​អំពី​តួនាទី​ជា​មូលដ្ឋានគ្រឹះ​ដែល​គ្រួសារ​ដើរតួ​ក្នុង​សង្គម និង​ភាពអស់​កល្បជានិច្ច សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​លើក​កម្ពស់ និង​ការពារ​គ្រួសារ ។

ផ្នែក​ទី ១

តើ​ឥទ្ធិពល​អ្វីខ្លះ​ដែល​រួមចំណែក​ដល់​ការបែកបាក់​គ្រួសារ ?

មានកត្តា​ជាច្រើន​កំពុង​ធ្វើ​ឲ្យ​គ្រួសារ​ចុះខ្សោយ​នៅក្នុង​សង្គម​សម័យ​ទំនើប​នេះ ។ ដោយសារ​ព្រះអម្ចាស់​ស្រឡាញ់ និង​ចង់​ប្រទានពរ​ដល់​យើង នោះ​ទ្រង់​មាន​ព្រះ​បន្ទូល​តាមរយៈ​ព្យាការី​ទាំងឡាយ ដើម្បី​ព្រមាន​យើង​អំពី​គ្រោះថ្នាក់​ទាំងនេះ និង​គ្រោះថ្នាក់​ផ្សេងទៀត ។ ព្យាការី​ថ្ងៃចុងក្រោយ​ទាំងឡាយ​បាន​ព្រមាន​ថា « ការបែកបាក់​នៅក្នុង​គ្រួសារ​នឹង​នាំ​មក​នូវ​មហន្ដរាយ​ដល់​បុគ្គល​នោះ សហគមន៍ និង​ជាតិ​សាសន៍ ដូចដែល​បាន​ទាយ​ទុក​ជាមុន​ដោយ​ពួក​ព្យាការី​សម័យ​បុរាណ និង​ពួកព្យាការី​សម័យ​ទំនើប » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ភស្តុតាង​នៃ « ការបែកបាក់​នៅក្នុង​គ្រួសារ » មាន​នៅ​ជុំវិញ​យើង ។ ឧទាហរណ៍ យើង​ឃើញ

  • ការកើនឡើង​នៃ​ការរួមរស់​ជាមួយគ្នា​ដោយ​មិន​បាន​រៀបការ កុមារ​ដែល​កើត​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍ និង​ក្នុង​ក្រុមគ្រួសារ​ដែល​មាន​តែ​ឪពុក ឬ​ម្តាយ

  • អាត្រា​អាពាហ៍ពិពាហ៍ និង​កំណើត​ថយចុះ

  • អត្រា​ការរម្លូតកូន ការលែងលះ ការរំលោភ​បំពាន និង​ភាព​មិន​ដំណើរការ​ក្នុង​ជីវិត​គ្រួសារ​កើនឡើង និង

  • គោលនយោបាយ​សាធារណៈ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ធ្វើឲ្យ​ខូចខាត​ដល់​គ្រួសារ ។

( សូមមើល ប្រូស ស៊ី ហាហ្វិន « The Proclamation on the Family: Transcending the Cultural Confusion » Ensign ខែ សីហា ឆ្នាំ ២០១៥ ទំព័រ ៥៤; ដាល្លិន អេក អូក « Protect the Children » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៤៣; « Divorce » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៧០; ជូលី ប៊ី ប៊េក « Teaching the Doctrine of the Family » Ensign ខែ មីនា ឆ្នាំ ២០១១ ទំព័រ ១៤ ) ។

រូបភាព
រូបថត​បុរស និង​ស្ត្រីរហែកចេញ​ពី​គ្នា

សាវក​ប៉ុល​បាន​ព្រមាន​អំពី​គ្រោះថ្នាក់​ដែល​នឹង​មាន​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន ធីម៉ូថេ ទី២ ៣:១–៦, ១៣ ហើយ​សូម​សញ្ជឹងគិត​ពី​របៀប​ដែល​ស្ថានភាព​ដែល​ប៉ុល​បាន​ពិពណ៌នា រួម​ចំណែក​ដល់​ការបែកបាក់​គ្រួសារ ។ សូម​ពិចារណា​ផងដែរ​អំពី​របៀប​ដែល​ការបែកបាក់​គ្រួសារ​អាច​នាំ​ឲ្យ​មាន​អាកប្បកិរិយា​ទាំងនេះ​នៅក្នុង​សង្គម ។ ( អ្នក​អាច​នឹង​ចង់​អាន​លេខយោង ឬ​រកមើល​ពាក្យ​ដែល​មិន​ស្គាល់​នៅក្នុង​វចនានុក្រម​ដើម្បី​ពង្រឹក​ការយល់ដឹង​របស់អ្នក​អំពី​វគ្គ​បទគម្ពីរ​នេះ​ឲ្យ​បាន​ស៊ី​ជម្រៅ ) ។

អែលឌើរ ប្រ៊ូស ឌី ផតធ័រ អតីត​ពួក​ចិតសិប​នាក់​បាន​ពិភាក្សា​ពី​មូលហេតុ​មួយ​ដែល​បុរស និង​ស្រ្តី​ប្រែ​ទៅជា « ស្រឡាញ់​តែ​ខ្លួន​ឯង » ( ធីម៉ូថេ ៣:២ ) ៖

រូបភាព
អែលឌើរ ប្រ៊ូស ឌី ផតធ័រ

ការបែកបាក់​ក្រុម​គ្រួសារ​រាប់លាន​បាន​កើតឡើង ដោយសារតែ​ប្រព័ន្ធផ្សព្វផ្សាយ និង​វប្បធម៌​ដ៏​ពេញ​និយម​បានលើក​តម្កើង​ការគិតតែ​ពី​ខ្លួន​ឯង ៖ នៃ​បុគ្គល​ដែល​បំពេញ​សម្រាប់​តែខ្លួនឯង​មិន​ទាក់ទង​នឹង​កាតព្វកិច្ច​សង្គម ឬ​សីលធម៌ មាន​សេរីភាព​ក្នុងការ​បន្ត​ធ្វើ​អ្វី​ដែលខ្លួន​ជ្រើសរើស ដរាបណា​វា​មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ដែល​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ។ ( « Defending the Family in a Troubled World » Ensign ខែ មិថុនា ឆ្នាំ ២០១១ ទំព័រ ១៥ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​គិតថា ការបែកបាក់​គ្រួសារ​មាន​ផលប៉ះពាល់​អ្វីខ្លះ​ដល់​សង្គម ? តើ​គំរូអ្វី​ខ្លះ​ដែលអ្នកបាន​ឃើញ​ពី​ផល​ប៉ះពាល់​ទាំងនេះ ?

ផ្នែក​ទី ២

តើ​ទំនួលខុសត្រូវ​អ្វី​ដែល​ខ្ញុំ​មាន​ដើម្បី​លើក​កម្ពស់ និង​ការពារ​គ្រួសារ ?

គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ផ្តល់​ឲ្យ​ការទទួលខុស​ត្រូវ​នេះ ៖ « យើង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ទាំងឡាយ​នៅក្នុង​រដ្ឋាភិបាល​ដែល​ទទួល​ខុសត្រូវ​នៅគ្រប់​ទីកន្លែង​ទាំងអស់ សូម​ឲ្យ​គាំទ្រ​នូវអ្វីៗ​ទាំងនេះ​ដែល​បាន​រៀបរាប់​ឡើង ដើម្បី​ទ្រទ្រង់ និង​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​មាំមួន​ដូចជា​អង្គភាព​មួយ​ដ៏​សំខាន់​នៃ​សង្គម » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ) ។

មាន​វិធី​ជាច្រើន​ដែល​យើង​អាច​បំពេញ​ការទទួល​ខុសត្រូវ​របស់​ព្យាការី​នេះ​បាន ។ សូម​ពិចារណា​អំពី​គំនិត​មួយ​ចំនួន​ដូច​ខាងក្រោម ៖

  • ខិតខំ​ពង្រឹង​គ្រួសារ​របស់​អ្នក ។

  • រៀន​ពី​បញ្ហា​ដែល​គំរាមគំហែង​គ្រួសារ​នៅ​កន្លែង​ដែល​អ្នក​រស់នៅ ។

  • គាំទ្រ ឬការពារ​អ្នកដឹកនាំ​នយោបាយ អង្គការ​នានា និង​គោលនយោបាយ​សាធារណៈ​ដែល​លើកកម្ពស់​ដល់​គ្រួសារ ។

  • ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​លើក​កម្ពស់​គុណតម្លៃ​វិជ្ជមាន​អំពី​គ្រួសារ ។

  • ស្វែងរក​ឱកាស​ដើម្បី​ចែកចាយ​ការបង្រៀន​ដំណឹងល្អ និង​អារម្មណ៍​របស់​អ្នក​អំពី​គ្រួសារ ។

រូបភាព
យុវមជ្ឈិមវ័យ​កំពុង​និយាយ​គ្នា

កាលៈទេសៈ​គ្រួសារ​របស់​យើង​មិនចាំបាច់​ត្រូវ​ល្អ​ឥតខ្ចោះ​សម្រាប់​យើង​ដើម្បី​លើកកម្ពស់ និងការពារ​គ្រួសារ​នោះ​ទេ ។ សំឡេង​របស់​យើង​ត្រូវការ​ជា​ចាំបាច់ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ​ក្នុង​គ្រួសារ​របស់យើង ។

ខណៈ​កំពុង​បម្រើ​ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ ប្រធាន បូនី អិល អូស្ការសុន បានបង្រៀន ៖

រូបភាព
ប្រធាន បូនី អិល អូស្ការសុន

យើង​ចាំបាច់​ត្រូវ​ការពារ​គោលលទ្ធិ​របស់​ព្រះអម្ចាស់​ដែល​បាន​បើក​សម្ដែង​ដោយ​អង់អាច ដែល​បាន​ពិពណ៌នា​អំពី​អាពាហ៍ពិពាហ៍ ក្រុមគ្រួសារ តួនាទី​ដ៏​ទេវភាព​របស់​បុរស និង​ស្ត្រី និង​សារៈសំខាន់​នៃ​គេហដ្ឋាន​ដែល​ជា​កន្លែង​ពិសិដ្ឋ—ទោះជា​ពេល​ពិភពលោក​កំពុង​ស្រែក​ដាក់​ត្រចៀក​យើង​ថា គោលការណ៍​ទាំងនេះ​បាន​ហួស​សម័យ មាន​កម្រិត ឬ​ឈប់​ទាក់ទង​ហើយ​ក្ដី ។ មនុស្ស​គ្រប់គ្នា មិន​ថា​មាន​ស្ថានភាព​អាពាហ៍​ពិពាហ៍​យ៉ាងណា ឬ​មាន​កូន​ប៉ុន្មាន​ទេ អាច​ធ្វើជា​អ្នកការពារ​ផែនការ​របស់​ព្រះអម្ចាស់ ដែល​បាន​ពិពណ៌នា​នៅក្នុង​សេចក្ដី​ប្រកាស​អំពី​គ្រួសារ​បាន ។ ( « Defenders of the Family Proclamation » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៥ )

ប្រហែលជា​មាន​ពេលខ្លះ​ដែល​អ្នក​មាន​អារម្មណ៍​ភ័យខ្លាច​ក្នុង​ការលើក​កម្ពស់ ឬ​ការពារ​គ្រួសារ​ដោយសារ​តែ​ការ​ប្រឆាំង​ដែល​អ្នក​ប្រហែល​ជា​អាច​ជួប​ប្រទះ ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ទទួលបាន​កម្លាំង​ពី​ទង្វើ​របស់​មេទ័ព​មរ៉ូណៃ និង​ពួក​សាសន៍​នីហ្វៃ ដែល​បាន​ក្រោកឈរ​ឡើង​ដោយ​ក្លាហាន​ចំពោះ​ការឈ្លានពាន​របស់​សាសន៍​លេមិន​ដើម្បី « គាំទ្រ​ដែនដី​របស់​គេ ផ្ទះ​សំបែង​របស់​គេ និង​ប្រពន្ធ​របស់​គេ និង​កូន​ចៅ​របស់​គេ » ( អាលម៉ា ៤៣:៩ ) ។

រូបភាព
រូបតំណាង ការធ្វើ​សកម្មភាព

ធ្វើ​សកម្មភាព

សូម​បង្កើត​ផែនការ​សកម្មភាព​សាមញ្ញ​មួយ​ដែល​អ្នក​អាចធ្វើ​បាន​ដើម្បី​លើក​កម្ពស់ ឬ​ការពារ​ក្រុម​គ្រួសារ​ឲ្យបាន​កាន់តែប្រសើរ​ឡើង ។ សូម​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​យ៉ាងហោច​ណាស់​គំនិត​មួយ​ចេញ​ពី​ផែនការ​របស់​អ្នក​នៅក្នុង​ថ្នាក់ ។

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ដើម្បី​និយាយ​ជាមួយ​អ្នក​ដទៃ​អំពី​ការបង្រៀន​របស់​ព្រះអម្ចាស់​អំពី​គ្រួសារ​ដោយ​របៀប​ណា ?

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ បាន​លើកឡើង​ថា ការបង្រៀន​នៅក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ​គឺ « មាន​ភាព​ខុស​គ្នា​ពី​ច្បាប់ ការ​អនុវត្ត និង​ការ​និយាយ​គាំទ្រ​មួយ​ចំនួន​ក្នុង​ពិភពលោក​ដែល​យើង​រស់​នៅ » ( « The Plan and the Proclamation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២៩ ) ។ នៅក្នុង​ដំណើរជីវិត​របស់​អ្នក អ្នក​ហាក់​នឹង​ពិភាក្សា​អំពី​ប្រធានបទ​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​ជាមួយនឹង​មនុស្ស​ដែល​មាន​ទស្សនៈ​ខុស​ពី​អ្នក ។ នៅគ្រា​បែបនោះ សូម​ជៀស​វាង​ពី​ការប្រឈមមុខ​ដាក់​គ្នា ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:៣០ ) ។ ផ្ទុយទៅវិញ សូម​ព្យាយាម​នៅក្នុង​ចំណោម « អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ដោយ​សុខសាន្ត » វិញ ( មរ៉ូណៃ ៧:៣; សូមមើល​ផងដែរ ខទី ៤–៥ ) និង​ដើម្បី « [ និយាយ ] សេចក្តីពិត​ដោយ​សេចក្តី​ស្រឡាញ់​វិញ » ( អេភេសូរ ៤:១៥ ) ។

រូបភាព
ព្រះអង្គ​សង្រ្គោះ​មាន​ព្រះបន្ទូល​ទៅ​អ្នក​សរសេរ​ម្នាក់

អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​គំរូ​ដូច​ខាងក្រោម​នេះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ អំពី​របៀប​ដែល​យើង​ឆ្លើយតប​ទៅនឹង​បុគ្គល​ដែល​អាច​នឹង​ជំទាស់​ជំនឿ​របស់​យើង ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

ការឆ្លើយតប​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ​គឺ​ពុំ​អាច​សរសេរ​ទុកជាមុន ឬ​ផ្អែក​ទៅលើ​រូបមន្ដ​មួយ​នោះទេ ។ ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប​ផ្សេងៗគ្នា​នៅក្នុង​ស្ថានភាព​ទាំងអស់ ។ នៅពេលទ្រង់​ត្រូវ​ប្រឈម​នឹង​ស្ដេច​ហេរ៉ូឌ​ទុច្ចរិត នោះ​ទ្រង់​នៅស្ងៀម ។ នៅពេល​ទ្រង់​គង់នៅចំពោះ​លោក​ពីឡាត់ ទ្រង់​បាន​ថ្លែង​ទី​បន្ទាល់​សាមញ្ញ និង​ប្រកប​ដោយ​អានុភាព​អំពី​ទេវភាព និង​គោលបំណង​របស់ទ្រង់ ។ ពេល​ប្រឈម​មុខ​នឹង​អ្នក​ប្ដូរ​ប្រាក់ ដែល​បង្ខូច​ដល់​ព្រះ​វិហារបរិសុទ្ធ នោះទ្រង់បាន​អនុវត្ត​ការ​ទទួល​ខុសត្រូវ​ដ៏​ទេវភាព​របស់ទ្រង់​ដើម្បីរក្សា និងការពារ​អ្វីដែល​ពិសិដ្ឋ ។ កាល​ដែល​គេ​លើក​ទ្រង់​ឆ្កាង​លើ​ឈើឆ្កាង ទ្រង់​បាន​ថ្លែង​នូវ​ការឆ្លើយតប​បែប​គ្រិស្តសាសនិក​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន ៖ « ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង » ( លូកា ២៣:៣៤ ) ។

អ្នកខ្លះ​គិត​ខុស​ថា ការ​ឆ្លើយតប​ដូចជា ការស្ងៀមស្ងាត់ ការសុភាពស្លូតបូត ការអភ័យទោស និង​ការថ្លែងទីបន្ទាល់​ដ៏​រាបសា​គឺ​មិនសកម្ម ឬ​ទន់ខ្សោយ ។ ប៉ុន្ដែ​ការ ‹ ស្រឡាញ់​សត្រូវ [ របស់​យើង ] ប្រទានពរ​ដល់​ពួកគេ ដែល​បាន​ដាក់​បណ្ដាសា​ដល់ [ យើង ] ធ្វើ​ល្អ​ដាក់​ពួកគេ​ដែល​ស្អប់ [ យើង ] ហើយ​​អធិស្ឋាន​ឲ្យ​ពួកគេ​ដែល​ប្រើ [ យើង ] ដោយ​មាន​គំនុំ​ព្យាបាទ ហើយ​បៀតបៀន [ យើង ] › ( ម៉ាថាយ ៥:៤៤ ) វា​ត្រូវការ​សេចក្ដីជំនឿ កម្លាំង និង​សំខាន់​បំផុត​នោះ វា​ត្រូវការ​សេចក្ដីក្លាហាន​ក្នុងនាម​ជា​ពួកគ្រីស្ទាន ។ ( « Christian Courage: The Price of Discipleship » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧២ )

រូបភាព
យុវមជ្ឈិមវ័យ​កំពុង​ស្តាប់

សូម​ពិចារណា​អំពី​របៀប​ដែល​គោលការណ៍​ខាងក្រោម​នេះ​អាច​ជួយ​អ្នក​បាន នៅ​ពេល​អ្នក​និយាយ​ជាមួយ​អ្នក​ដទៃ​អំពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ ៖

  • ធ្វើ​តាម​ព្រះវិញ្ញាណ ។ ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ឲ្យដឹង​ពី​អ្វី​ដែល​ត្រូវ​និយាយ និង​អ្វី​ដែល​មិន​ត្រូវនិយាយ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០០:៥–៦ ) ។ អានុភាព​របស់ទ្រង់​ក៏​អាច​ជួយ​អ្នក​ឲ្យ​គ្រប់គ្រង​អារម្មណ៍​របស់​អ្នក​បាន​ផងដែរ ( សូមមើល កាឡាទី ៥៥:២២–២៣ ) ។

  • ធ្វើ​ជា​អ្នក​ស្តាប់​ដ៏​ផ្ចិតផ្ចង់ ។ សូម​យកចិត្ត​ទុកដាក់​ឲ្យ​បានខ្លាំង​ចំពោះ​អ្នក​ដទៃ នៅ​ពេល​ពួក​គេ​កំពុង​និយាយ ។ សូម​ចៀសវាង​ការរំខាន​ពួកគេ ឬ​ឆ្លើយតប​ក្នុង​ចិត្ត​របស់អ្នក នៅពេល​ពួកគេ​និយាយ ។ ដើម្បី​ធានា​ថា​អ្នក​យល់​ពី​អ្វី​ដែល​ពួកគេ​បាននិយាយ នោះ​អ្នក​អាច​សួរ​សំណួរ​ឲ្យ​ច្បាស់លាស់ ឬ​សង្ខេប​អ្វី​ដែល​អ្នក​បាន​ឮ​ពួកគេ​និយាយ ។

  • ព្យាយាម​យល់ពី​គ្នា​ទៅវិញ​ទៅមក ។ សូម​កុំ​បណ្តោយ​ឲ្យ​ភាព​ខុសគ្នា​របស់អ្នក​មក​បិទបាំង​អ្វី​ដែល​អ្នក​មាន​ដូចគ្នា​ឡើយ ។ នៅពេល​អ្នក​និយាយ សូម​ស្វែងរក​មូលដ្ឋាន​រួម ហើយ​បង្កើត​មូលដ្ឋាន​នោះ​ឡើង ។

  • ចែកចាយ​ការបង្រៀន​របស់​ព្រះអម្ចាស់​ជា​ភាសា​សាមញ្ញៗ ច្បាស់លាស់ និង​មិន​ប្រើ​ពាក្យ​ប្រៀបធៀប​ឡើយ ។ សូម​ចៀសវាង​ពាក្យ​ដែល​ប្លែក​សម្រាប់​សមាជិក​សាសនាចក្រ ( សូមមើល ដេវីឌ អេ អេដវើឌ « Communication Breakdown » New Era ខែ តុលា ឆ្នាំ ២០១២ ទំព័រ ៣២–៣៣ ) ។ ផ្ទុយទៅវិញ សូម​ប្រើពាក្យ និង​ឃ្លា​ដែល​ត្រឹមត្រូវ​ដែល ជំរុញ​ឲ្យ​មាន​ការយល់ដឹង និង​លើក​កម្ពស់​សុច្ឆន្ទៈ ។ ឆ្លើយ​ឲ្យ​ខ្លីៗ ។ សូម​ឲ្យ​សេចក្តី​ស្រឡាញ់​បំពេញ​ដួងចិត្ត​របស់​អ្នក ដើម្បី​ឲ្យ​សំឡេង​របស់​អ្នក​ពេញ​ដោយ​ចិត្ត​សប្បុរស ។

  • ថ្លែង​ទីបន្ទាល់​បរិសុទ្ធ និង​សាមញ្ញៗ ។ ទីបន្ទាល់​របស់​អ្នក​ពុំចាំបាច់​ជា​បុព្វកថា​ដោយ​និយាយ​ថា « ខ្ញុំ​សូម​ថ្លែង…» នោះ​ទេ ។ ផ្ទុយទៅវិញ អ្នក​អាច​និយាយ​ដូចជា « ជីវិត​របស់​ខ្ញុំ​បាន​ទទួល​ពរជ័យ​ជាច្រើន ដោយសារ … » « ខ្ញុំ​មាន​អារម្មណ៍​ថា … » ឬ « ការណ៍​នេះ​សំខាន់​ចំពោះ​ខ្ញុំ​ណាស់ ពីព្រោះ … »

  • នៅពេល​អ្នក​មិន​យល់ស្រប សូម​ជ្រើសរើស​កុំ​ធ្វើ​មិន​ពេញ​ចិត្ត ។ សូម​រក្សា​ភាពស្ងប់ស្ងាត់ និង​ការគោរព ដើម្បី​អ្នក​អាច​បង្កើត​មិត្តភាព និង​មិន​បង្កើត​សត្រូវ ។ អ្នក​អាច​បង្ហាញ​ថា អ្នក​គោរព​ទស្សនៈ​របស់​អ្នក​ដទៃ​ខណៈ​ដែល​អ្នក​ក៏​ទទួលស្គាល់​ថា អ្នក​ទាំងពីរ​ប្រហែល​ជា​មិន​យល់ស្រប​លើ​ប្រធានបទ​ជាក់លាក់​ណា​មួយ​ឡើយ ។ សូម​ចងចាំថា រាល់​វិញ្ញាណ​នៃ​ការ​ទាស់ទែង​នឹង​បណ្តាល​ឲ្យ​ព្រះវិញ្ញាណ​យាង​ចេញ ( សូមមើល នីហ្វៃទី៣ ១១:២៩ ) ។

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្វី​ជា​របៀប​មួយ​ដែល​អ្នក​អាច​ពង្រឹង​សមត្ថភាព​របស់​អ្នក​ក្នុង​ការសន្ទនា​ដូចជា​ព្រះគ្រីស្ទ​អំពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ជាមួយ​អ្នក​ដទៃ ?