ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៦ ឯកសារ​គ្រូបង្រៀន ៖ ការទទួល​បាន​សុភមង្គល​នៅក្នុង​ជីវិត​គ្រួសារ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ


« មេរៀន​ទី ១៦ ឯកសារ​គ្រូបង្រៀន ៖ ការទទួល​បាន​សុភមង្គល​នៅក្នុង​ជីវិត​គ្រួសារ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១៦ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀនទី ១៦ ឯកសារ​គ្រូបង្រៀន

ការទទួល​បាន​សុភមង្គល​នៅក្នុង​ជីវិត​គ្រួសារ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ

« សុភមង្គល​នៅក្នុង​ជីវិត​គ្រួសារ​អាច​សម្រេច​កើត​មាន​ឡើង​បាន នៅពេល​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ នៅ​ក្នុង​មេរៀន​នេះ សិស្ស​នឹង​ស្វែងយល់​ពី​របៀប​ដែល​ពួកគេ​អាច​ស្ថាបនា​គ្រឹះ​នៃ​ជីវិត​ផ្ទាល់​ខ្លួន និង​ជីវិត​គ្រួសារ​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់ ។ ពួកគេ​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​កំណត់​ពី​ឧបសគ្គ ដែល​អាច​រារាំង​ពួកគេ​មិន​ឲ្យ​ស្ថាបនា​គ្រឹះ​នោះ​បាន និង​វិធី​ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំងនោះ ។

យោបល់​សម្រាប់​ការបង្រៀន

ការកសាង​ជីវិត​ផ្ទាល់ខ្លួន និង​ជីវិត​គ្រួសារ​របស់​យើង​នៅលើ​គ្រឹះ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​ការពារ និង​ពង្រឹង​យើង ។

សូម​ពិចារណា​បង្ហាញ​រូបភាព​ដែល​អម​មក​ជាមួយ​នេះ ព្រះវិហារ​បរិសុទ្ធ ហ្វីលឡាឌេលហ្វៀ ផែនស៊ីលវេញ៉ា ។ សូម​រំឭក​សិស្ស​អំពី​គោលបំណង​នៃ​គ្រឹះ​របស់​សំណង់​មួយ ( សូមមើល ផ្នែកទី ១ នៃ​ឯកសារ​រៀបចំ ) ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ ហ្វីលឡាឌេលហ្វៀ ផែនស៊ីលវេញ៉ា

សូម​អាន​រួមគ្នា​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោម​ដោយ​អែលឌើរ ដូណល អិល ហលស្ត្រម ដែល​លោក​បាន​រៀបរាប់​ពី​កិច្ច​ខិតខំ​ខាង​វិស្វកម្ម​ដែល​បាន​ធ្វើ​ឡើង ដើម្បី​បង្កើត​ឲ្យមាន​គ្រឹះ​ដ៏​រឹងមាំ​មួយ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ហ្វីលឡាឌេលហ្វៀ ផែនស៊ីលវេញ៉ា ។

រូបភាព
អែលឌើរ ដូណល អិល ហលស្ត្រម

គម្រោង​នេះ​នឹង … រង​ផល​ប៉ះពាល់​ពី​ខ្យល់​បំផ្លិច​បំផ្លាញ និង​ទឹក​ជ្រាប​ក្រោម​ដី​ដ៏​លុកលុយ ។ ប្រសិនបើ​មិន​ដោះស្រាយ​ទេ ស្ថានភាព​ដ៏​អាក្រក់​ទាំងនេះ​អាចធ្វើ​ឲ្យ​អគារ​ដ៏​ឧត្តម​នេះ​មាន​ការខូចខាត​យ៉ាង​ដំណំ និង​ថែម​ទាំង​ត្រូវ​បំផ្លាញ​ទៀតផង ។

ដោយ​ដឹង​ថា កម្លាំង​ទាំងនេះ​នឹង​វាយ​ប្រហារ​ព្រះវិហារ​បរិសុទ្ធ​ឥត​ឈប់ឈរ ទើប​វិស្វករ​បាន​គូរ​ប្លង់ ហើយ​អ្នកម៉ៅការ​សំណង់​បាន​ជីក​រណ្ដៅ​ជម្រៅ ១០ ម៉ែត្រ ( ៣២ ហី្វត ) នៅ​ក្រោម​ប្លង់មេ​នៃ​អគារ​ទាំងមូល ។ រណ្ដៅ​នេះ​ត្រូវបាន​ជីក​ចូល​ទៅក្នុង​សិលា​កំណើត​ក្រានីត​នៃ​រដ្ឋ​ផែនសីលវេញ៉ា ដើម្បី​ផ្ដល់​ជា​គ្រឹះ​យ៉ាង​រឹងមាំ​ដល់​សំណង់​ដែល​នឹង​សាងសង់​លើ​វា ។ គោលជំហរ និង​គ្រឹះ​បេតុង​ត្រូវបាន​ចងភ្ជាប់​ទៅនឹង​ជើងសិលា​ក្រានីត​ជាមួយ​នឹង​យុថ្កា​ថ្ម ដើម្បី​ទប់ទល់​នឹង​កម្លាំង​ខ្យល់​បក់​ខ្លាំង និង​ទឹក​ជ្រាប​ក្រោម​ដី​ដ៏មាន​ឥទ្ធិពល ។ គេ​បាន​ខួង​យុថ្កា​ជម្រៅ​ពី ១៥ ទៅ ៥៣ ម៉ែត្រ ( ៥០ ទៅ ១៧៥ ហ្វីត ) ចូល​ទៅក្នុង​ក្រានីត ។ …

ខ្ញុំ​សូម​ផ្ដល់​ព័ត៌មាន​លម្អិត​បែប​នេះ ដើម្បី​បង្រៀន​ពី​ចំណុច​នេះ ៖ មិន​ដូចជា​ការសាង​សង់​អគារ ( ដែល​សម្រាប់​តែ​ប្រើប្រាស់​បណ្ដោះ​អាសន្ន) នោះទេ នៅក្នុង​ការកសាង​ជីវិត​ដែល​គ្មាន​ទីបញ្ចប់​របស់​យើង (ហើយ​យើង​សង្ឃឹម​ថា វា​អស់កល្ប​ជានិច្ច) ពេល​ខ្លះ​យើង​យក​ចិត្ត​ទុកដាក់​យ៉ាង​តិចតួច​បំផុត​ទៅលើ​វិស្វកម្ម និង​ការសាងសង់​គ្រឹះ​របស់​យើង ។ ជា​លទ្ធផល យើង​រង​ផល​ប៉ះពាល់​យ៉ាងខ្លាំង ហើយ​ងាយ​នឹង​ប៉ះ​ទង្គិច​ដោយ​កម្លាំង​ដ៏​គ្រោះថ្នាក់ ។ ( « Jesus Christ: Our Firm Foundation » Ensign ខែ មេសា ឆ្នាំ ២០១៦ ទំព័រ ៥៨ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចាំ​ការពិពណ៌នា​អំពី​គ្រឹះ​នៃ​ព្រះវិហារ​បរិសុទ្ធ​នេះ​ទុកក្នុង​ចិត្ត នៅពេល​ដែល​អ្នក​រំឭក ហេលេមិន ៥:១២ សាឡើង​វិញ​ជាមួយ​គ្នា ។

  • តើ​ខគម្ពីរ​នេះ​បង្រៀន​អ្វីខ្លះ អំពី​មូលហេតុ​ដែល​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ត្រូវ​កសាង​គ្រឹះ​ខាង​វិញ្ញាណ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​មួយ​ដូច​តទៅ​នេះ ៖ នៅពេល​ដែល​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​កសាង​គ្រឹះ​ខាង​វិញ្ញាណ​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​សាតាំង​នឹង​មិន​មាន​អំណាច​ក្នុង​ការបំផ្លាញ​ពួកគេ​ឡើយ ) ។

  • តើ​មាន « ខ្យល់​ដ៏​ខ្លាំង​ក្លា … ព្រួញ​នៅក្នុង​ខ្យល់​កួច … ព្រិល និង​ខ្យល់​ព្យុះ​កំណាច​ទាំង [ ឡាយ ] … » ទូទៅ​ណាខ្លះ ដែល​ពួកសត្រូវ​ដាក់​មកលើ​ក្រុមគ្រួសារ​នៅ​ជំនាន់​របស់​យើង ?

  • តើ​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​អាច​កសាង​គ្រឹះ​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ណាខ្លះ ? ( ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​សេចក្ដី​ថ្លែង​ការណ៍​របស់ អែលឌើរ ដេវីឌ អេ បែដណា និង អែលឌើរ ហលស្ត្រម ក៏​ដូចជា​សកម្មភាព « កំណត់ត្រា​គំនិត​របស់​អ្នក » នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​អ្នក ឬ​គ្រួសារ​របស់​អ្នក​មាន​បទពិសោធន៍​អ្វី​ខ្លះ ដែល​បង្ហាញ​ថា​ការកសាង​គ្រឹះ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជួយ​ទប់ទល់ ឬ​យកឈ្នះ​លើ​ព្យុះ​ប្រភេទ​ផ្សេងៗ​គ្នា​នោះ ?

ការរស់នៅ​តាម​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នាំមក​នូវ​សុភមង្គល​ក្នុង​ជីវិត​គ្រួសារ ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ​ចេញពី​ការប្រកាស​អំពី​ក្រុមគ្រួសារ ៖ « សុភមង្គល​នៅក្នុង​ជីវិត​គ្រួសារ​អាច​កើត​មាន​ឡើង​បាន នៅពេល​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

លើក​ទឹកចិត្ត​ឲ្យមាន​ការចូលរួម​ពី​សិស្ស ។ សូម​ស្វែងរក​វិធី​ដើម្បី​លើក​ទឹកចិត្ត​សិស្ស​ទាំងអស់​គ្នា​ឲ្យ​ចូលរួម​ក្នុង​មេរៀន ។ សិស្ស​ម្នាក់ៗ​មាន​សាវតា ចំណាប់​អារម្មណ៍ សេចក្តី​សង្ឃឹម និង​ឧបសគ្គ​ពិសេសៗ ដែល​បន្ថែម​ទៅលើ​ការយល់​ដឹង និង​សំណួរ​របស់​ពួកគេ ។ ទស្សនវិស័យ​ខុសៗ​គ្នា​របស់​សិស្ស​អាច​ផ្ដល់​ពរជ័យ​ដល់​សិស្ស​ដទៃ​ទៀត​ក្នុង​ថ្នាក់​តាម​របៀប​ផ្ទាល់ខ្លួន​ជាច្រើន ។ ការស្តាប់​ដោយ​ប្រុងប្រយ័ត្ន នៅពេល​សិស្ស​ចូលរួម​ក៏អាច​ជួយ​អ្នក​ឲ្យ​វាយតម្លៃ​ពី​តម្រូវការ និង​កង្វល់​របស់​ពួកគេ​បាន​ផងដែរ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​បើកទៅ​វគ្គ​បទគម្ពីរ ដែល​ពួកគេ​បាន​រកឃើញ ដែល​មាន​ការបង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​នាំឲ្យ​ពួកគេ​មាន​សុភមង្គល​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន ឬ​ជីវិត​គ្រួសារ​របស់​ពួកគេ នៅពេល​ពួកគេ​បាន​អនុវត្ត​តាម​បទគម្ពីរ​នោះ ។ ( សូមមើល ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ។ អ្នក​ប្រហែល​ជា​ត្រូវ​ផ្តល់​ពេលវេលា​ពីរ​បី​នាទី​ឲ្យ​សិស្ស ដើម្បី​រក​វគ្គ​បទគម្ពីរ​មួយ ) ។

សូម​បែងចែក​សិស្ស​ជា​ក្រុម​តូចៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​វគ្គ​បទគម្ពីរ​របស់​ពួកគេ រួម​ជាមួយ​នឹង​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ( អ្នក​គួរតែ​បង្ហាញ ឬ​សរសេរ​សំណួរ​នេះ​ដាក់​នៅលើ​ក្ដារខៀន ) ៖

  • តើ​ការធ្វើតាម​ការបង្រៀន​ដំណឹងល្អ​នេះ​អាច​ផ្ដល់​ពរជ័យ​ដល់​បុគ្គល​ម្នាក់ៗ អាពាហ៍ពិពាហ៍ ឬ​គ្រួសារ​យ៉ាង​ដូចម្ដេច​ដែរ ?

បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​អញ្ជើញ​ឲ្យ​សិស្ស​ពីរបី​នាក់​ចែកចាយ​ដល់​សិស្ស​ក្នុង​ថ្នាក់ នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​ការពិភាក្សា​នៅក្នុង​ក្រុម​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក នីហ្វៃ​ទី​៤ ១:១, ១១–១៣, ១៥–១៨ ដោយ​ស្ងៀម​ស្ងាត់​ឡើងវិញ ហើយ​ស្វែងរក​ពាក្យ ឬ​ឃ្លា​ដែល​បង្ហាញ​ពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បុគ្គល​ទាំងនេះ​បាន​ជ្រើសរើស​ដើម្បី​រស់នៅ​តាម ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​គ្រួសារ​អាច​ទទួល​បាន​ពរជ័យ​អ្វី​ខ្លះ នៅពេល​ពួកគេ​ខិតខំ​រស់នៅ​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​គ្នា ? តើ​អ្នក​បាន​ឃើញ​គំរូ​នៃ​ពរជ័យ​បែប​នេះ​នៅ​កន្លែង​ណាខ្លះ ?

  • តើ​សត្រូវ​ព្យាយាម​រារាំង​យើង​ពី​ការទទួល​បាន​ពរជ័យ​ទាំងនេះ​តាម​របៀប​ណាខ្លះ ? ( ប្រសិនបើ​ចាំបាច់ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​មើល ឧទាហរណ៍ នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ​ឡើងវិញ​បាន ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ប្រាតលី ឌី ហ្វូស្ទើរ ដែល​ធ្លាប់​បាន​បម្រើ​ជា​សមាជិក​នៃ​ពួក​ចិតសិប​នាក់ ៖

រូបភាព
អែលឌើរ ប្រាតលី ឌី ហ្វូស្ទើរ

ការរំខាន​មិន​ចាំបាច់​ជា​អំពើ​អាក្រក់ ដើម្បី​មាន​ប្រសិទ្ធភាព​នោះ​ទេ ។ ( « Mother Told Me » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៩៩ )

  • តើ​អ្វី​ទៅជា​ការរំខាន​មួយ​ចំនួន ដែល​អាច​មិនមែន​ជា​អំពើ​អាក្រក់​រហូត​នោះ​ទេ ប៉ុន្តែ​អាច​រារាំង​យើង​ពី​ការចាក់​គ្រឹះ​យ៉ាង​រឹងមាំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់ ? តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​កាត់​បន្ថយ ឬ​លុប​បំបាត់​ការរំខាន​ទាំងនេះ​មួយ ឬ​ច្រើន​នៅក្នុង​ជីវិត​របស់​អ្នក ?

  • តើ​មនុស្ស​អាច​នឹង​បាត់បង់​ពរជ័យ​អ្វីខ្លះ ប្រសិនបើ​ពួកគេ​បាន​ស្ថាបនា​គ្រឹះ​ឡើង​នៅលើ​អ្វីមួយ​ដូចជា ប្រពៃណី​ខាង​វប្បធម៌ ការកម្សាន្ដ ឬ​ទឹកលុយ​នោះ ?

សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​ដ៏មាន​អត្ថន័យ តាម​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​មេរៀន​នេះ ។ ឧទាហរណ៍ អ្នក​អាច​ផ្តល់​ពេលវេលា​ពីរបី​នាទី​ឲ្យ​សិស្ស​រំឭក​ឡើងវិញ​នូវ សេចក្តី​ថ្លែង​ការណ៍​របស់​អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន និង សកម្មភាព « ធ្វើ​សកម្មភាព » នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ​នេះ ។ បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​គំនិត​បន្ថែម​ណា​មួយ ដែល​ពួកគេ​ចង់​ភ្ជាប់​ជាមួយ​នឹង​គោលដៅ ឬ​ផែនការ​របស់​ពួកគេ ។

អ្នក​អាច​បញ្ចប់​មេរៀន​នេះ​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក អំពី​សុភមង្គល​ដែល​អ្នក​បាន​ដក​ពិសោធន៍​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន និង​ជីវិត​គ្រួសារ​របស់​អ្នក នៅពេល​អ្នក​បាន​កសាង​គ្រឹះ​របស់​អ្នក​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់ ។

សម្រាប់​ពេល​ក្រោយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​គ្រា​ដែល​ពួកគេ​បាន​ឃើញ​ស្វាមី និង​ភរិយា​ធ្វើការ​ជាមួយ​គ្នា​ក្នុងនាម​ជា​ដៃគូ​ស្មើភាព​គ្នា ។ ពួកគេ​ក៏អាច​គិត​អំពី​គ្រា ដែល​ពួកគេ​អាច​បាន​ឃើញ​គូ​ស្វាមី​ភរិយា​ដែល មិន ធ្វើការ​ជា​ដៃគូ​ស្មើភាព​គ្នា ដោយសារ​ហេតុផល​មួយ​ចំនួន​ផងដែរ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សិក្សា​ឯកសារ​នេះ​សម្រាប់ មេរៀន​លើក​ក្រោយ ដោយ​នឹកចាំ​ដល់​គំរូ​ទាំងនេះ​ក្នុង​ចិត្ត និង​កំណត់​ពី​ប្រភេទ​នៃ​ភាពជា​ដៃគូ ដែល​ពួកគេ​ចង់​មាន​នៅក្នុង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ផ្ទាល់ ។