ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៣ ឯកសារ​គ្រូបង្រៀន ៖ អំណោយទាន​ដ៏ទេវភាព និង​ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​នៃ​ភាពសិទ្ធិស្នាល​ខាង​ផ្លូវភេទ


« មេរៀន​ទី ១៣ ឯកសារ​គ្រូបង្រៀន ៖ អំណោយទាន​ដ៏ទេវភាព និង​ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​នៃ​ភាពសិទ្ធិស្នាល​ខាង​ផ្លូវភេទ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១៣ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀន​ទី ១៣ ឯកសារ​គ្រូបង្រៀន

អំណោយទាន​ដ៏ទេវភាព និង​ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​នៃ​ភាពសិទ្ធិស្នាល​ខាង​ផ្លូវភេទ

ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​រវាង​ស្វាមី និង​ភរិយា​គឺជា​អំណោយទាន​មកពី​ព្រះ វា​ត្រូវបាន​តែងតាំង​ឡើង​ជា​ផ្នែក​មួយ​ដ៏​ស្រស់ស្អាត និង​ពិសិដ្ឋ​នៅក្នុង​ចំណង​អាពាហ៍ពិពាហ៍ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​សេចក្ដីពិត​ដ៏អស់កល្ប ដែល​ទាក់ទង​ទៅនឹង​អំណោយទាន​ដ៏ទេវភាព​នេះ ។ សិស្ស​ក៏នឹង​វាយតម្លៃ​ពី​ដែន​កំណត់ ឬ​ព្រំដែន​ដែល​ពួកគេ​បាន​ដាក់ ឬ​ត្រូវ​ដាក់​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព​ផងដែរ ។

កំណត់​ចំណាំ ៖ ដោយសារតែ​លក្ខណៈ​ដ៏រសើប​នៃ​ប្រធានបទ​នេះ សូម​បង្រៀន​គោលលទ្ធិ​ឲ្យបាន​ច្បាស់លាស់ ប៉ុន្ដែ​ដោយ​មាន​ការប្រុង​ប្រយ័ត្ន និង​ការយកចិត្ត​ទុកដាក់ ។ អ្នក​អាច​ត្រូវ​សម្រប​វិធីសាស្ដ្រ​បង្រៀន ឬ​សាច់រឿង​ដែល​បាន​ប្រើ​នៅក្នុង​មេរៀន​នេះ ដើម្បី​ឲ្យវា​ត្រូវទៅតាម​វប្បធម៌​របស់​អ្នក ។

យោបល់​សម្រាប់​ការបង្រៀន

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​បង្កើត​ឲ្យមាន​អារម្មណ៍​នៃ​ភាពពិសិដ្ឋ ។ វិធីសាស្រ្ត​ដែល​គ្រូបង្រៀន​រៀបចំ​បង្រៀន ឬ​គ្រោង​ប្រធានបទ​មួយ អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍ពី​លក្ខណៈ​ដ៏ពិសិដ្ឋ​នៃ​ប្រធានបទ​នេះ ។ អែលឌើរ ប៉ូល ប៊ី ផែបភើរ នៃ​ពួកចិតសិប​នាក់​បាន​បង្រៀន​ថា « តាមរយៈ​ការកំណត់​អ្វីមួយ​ថា​ពិសិដ្ឋ ព្រះអម្ចាស់​បង្ហាញ​ថា វា​មាន​តម្លៃ និង​មាន​អាទិភាព​ជាង​កិច្ចការ​ផ្សេងៗ​ទៀត » ( « To Hold Sacred » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ១០៩ ) ។ នៅពេល​អ្នក​ពិភាក្សា​អំពី​ភាពជិតស្និទ្ធ​ខាង​ផ្លូវភេទ សូម​សញ្ជឹងគិត​ពី​របៀប​ដែល​អ្នក​អាច​ជំរុញ​ឲ្យមាន​ការពិភាក្សា​ដ៏ស្មោះត្រង់ និង​ឥត​លាក់លៀម​មួយ ខណៈ​ពេល​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍ និង​យល់ពី​លក្ខណៈ​ដ៏ពិសិដ្ឋ​នៃ​ប្រធានបទ​នេះ​ផងដែរ ។

ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​រវាង​ស្វាមី និង​ភរិយា​មាន​គោលបំណង​ធ្វើឲ្យ​មាន​ភាពស្រស់​ស្អាត និង​ពិសិដ្ឋ ។

សូម​បង្ហាញ​សាច់រឿង​ខាងក្រោម​នេះ ៖

មិត្ត​របស់​អ្នក​មិន​យល់ពី​មូលហេតុ ដែល​អ្នក​គិត​ថា ការរួមភេទ​មុន​ពេល​រៀប​អាពាហ៍ពិពាហ៍​គឺជា​រឿង​ខុសឆ្គង​នោះទេ ។ ថ្ងៃមួយ មិត្ត​ម្នាក់​បាន​និយាយ​មកកាន់​អ្នក​ថា « តើ​មាន​អ្វី​ខុស​នឹង​ការរួមភេទ​ជាមួយ​នរណាម្នាក់ ដែល​អ្នក​ស្រឡាញ់​នោះ ? ប្រសិនបើ​ទាំងពីរ​នាក់​យល់ព្រម តើ​ការណ៍​នោះ​អាចជា​បញ្ហា​ដោយ​របៀប​ណា ? តើ​អ្នក​មិន​គិត​ថា អ្នក​កំពុងតែ​ខកខាន​ផ្នែក​ដ៏សំខាន់ និង​រីករាយ​មួយ​នៃ​ជីវិត​នេះ ដោយ​ការរង់ចាំ​ទាល់តែ​អ្នក​រៀបការ​ហើយ​ដើម្បី​មាន​ការរួមភេទ​ទេ​ឬអី ? »

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​ឡើងវិញ​ក្នុង ផ្នែក​ទី ១ និង​ទី ២ នៃ​ឯកសារ​រៀបចំ ហើយ​រកមើល​សេចក្ដីពិត ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ឆ្លើយតប​ទៅនឹង​សាច់រឿង​នេះ ចេញពី​ទស្សនវិស័យ​នៃ​ដំណឹងល្អ ។ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​សរសេរ​សេចក្ដីពិត​នានា ដែល​ពួកគេ​បាន​រកឃើញ​ដាក់​នៅលើ​ក្ដារខៀន ។ សេចក្ដីពិត​នានា​អាច​រួមមាន ៖ ព្រះ​បាន​ដាក់​បញ្ញត្តិ​ថា ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​គឺ​ត្រូវ​បង្ហាញ​ឡើង​តែ​រវាង​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់ ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​តាម​ច្បាប់​ប៉ុណ្ណោះ ។ ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​នៅក្នុង​អាពាហ៍ពិពាហ៍ មាន​គោលបំណង​ដើម្បី​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់ បង្កើត​ជីវិត និង​ពង្រឹង​ដល់​ទំនាក់ទំនង និង​សាមគ្គីភាព ។ ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​គឺជា​និមិត្តរូប​នៃ​ការតាំងចិត្ត​យ៉ាង​ពេញលេញ និង​ការរួបរួម​គ្នា​ទាំងស្រុង​នៅក្នុង​អាពាហ៍ពិពាហ៍ ។ រូបកាយ​សាច់ឈាម​របស់​យើង​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ព្រលឹង​របស់​យើង ហើយ​របៀប​ដែល​យើង​ប្រើប្រាស់​រូបកាយ​នេះ ជះ​ឥទ្ធិពល​ទៅលើ​វិញ្ញាណ​របស់​យើង និង​ការរីក​ចម្រើន​ដ៏អស់កល្ប​ជានិច្ច​របស់​យើង​ផងដែរ ។

អ្នក​នឹង​មិន​មាន​ពេល​ដើម្បី​ស្វែងយល់​ពី​សេចក្ដីពិត​ទាំងអស់​នេះ​ឲ្យបាន​ស៊ីជម្រៅ​នោះ​ទេ ដូច្នេះ​សូម​ផ្ដោត​ទៅលើ​សេចក្ដីពិត​ទាំងឡាយ​ណា ដែល​សិស្ស​ចាប់​អារម្មណ៍​ចង់​ពិភាក្សា​ខ្លាំង​បំផុត ។ សំណួរ​ខាងក្រោម​នេះ​មួយ​ចំនួន​អាច​នឹង​ជួយ​ធ្វើឲ្យ​ការរៀនសូត្រ​របស់​សិស្ស​បាន​ស៊ីជម្រៅ ៖

  • យោង​តាម លោកុប្បត្តិ ២:១៨, ២១–២៤ តើ​លោក​អ័ដាម និង​នាង​អេវ៉ា​បាន​រៀន​អ្វីខ្លះ អំពី​ធម្មជាតិ​នៃ​សេចក្ដី​ស្រឡាញ់​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ ? តើ​ស្វាមី និង​ភរិយា​អាច​មាន​ពរជ័យ តាមរយៈ​ការមើល​ទៅ​ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​ថា​ជា​និមិត្តរូប​មួយ​នៃ​ការបញ្ចូល « ដួងចិត្ត សេចក្ដី​សង្ឃឹម ជីវិត សេចក្ដី​ស្រឡាញ់ គ្រួសារ អនាគត និង​អ្វីៗ​គ្រប់យ៉ាង​របស់​ពួកគេ » យ៉ាង​ដូចម្តេច ? ( ជែហ្វ្រី អ័រ ហូឡិន « Personal Purity » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧៦ ) ។ ( សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ឡើងវិញ​ក្នុង សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។ ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា នៅពេល​ស្វាមី​ភរិយា​បណ្ដុះ​ឲ្យមាន​ភាពជិតស្និទ្ធ​ខាង​បញ្ញា សតិអារម្មណ៍ និង​ខាង​វិញ្ញាណ​របស់​ពួកគេ នោះ​ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​របស់​ពួកគេ​នឹង​កាន់តែ​មាន​អត្ថន័យ​ថែមទៀត ) ។

  • ហេតុអ្វី​វា​ខុសឆ្គង​ដើម្បី​មើលទៅ​ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ ថា​គ្រាន់តែ​ជា​បទពិសោធន៍​ខាង​រូបកាយ ដែល​មាន​បំណង​ដើម្បី​តែ​ផ្ដល់​ការរីករាយ​ខាង​ផ្លូវកាយ​ប៉ុណ្ណោះ​នោះ ? តើ​ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​នៅក្រៅ​ចំណង​អាពាហ៍ពិពាហ៍ អាច​បង្ក​គ្រោះថ្នាក់​ខាង​សតិ​អារម្មណ៍ និង​ខាង​វិញ្ញាណ​ដល់​អស់​អ្នក​ដែល​ពាក់ព័ន្ធ​យ៉ាង​ដូចម្ដេច ? ( វា​អាច​មាន​ប្រយោជន៍​ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ឡើងវិញ​ក្នុង សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ហូឡិន នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ) ។

  • តើ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ និង​គោលបំណង​ដ៏ទេវភាព​នៃ​រូបកាយ​សាច់ឈាម​នេះ អាច​មាន​ឥទ្ធិពល​យ៉ាងណា​ទៅលើ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ ? ( សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន កូរិនថូស ទី១ ៦:១៩–២០ ឮៗ មុនពេល​សួរ​សំណួរ​នេះ ) ។

  • តើ​ការយល់ដឹង​ពី​សេចក្ដីពិត​ដែល​មាន​សរសេរ​នៅលើ​ក្ដារខៀន​នេះ អាច​ជួយ​លុប​បំបាត់​នូវ​ឥរិយាបថ​អវិជ្ជមាន ឬ​ការគិត​ដោយ​មាន​ការភ័យខ្លាច​អំពី​ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​ដោយ​របៀប​ណា ?

ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ នោះ​យើង​អាច​បង្កើន​ភាពបរិសុទ្ធ​ផ្ទាល់ខ្លួន​របស់​យើង ហើយ​រស់នៅ​កាន់តែ​រីករាយ​ពេញលេញ​តាម​ច្បាប់​ព្រហ្មចារីភាព ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​នឹក​ស្រមៃ​ថា ពួកគេ​គឺជា​ឪពុក​ម្ដាយ​របស់​កូនប្រុស ឬ​កូនស្រី​អាយុ ១៣ ឆ្នាំ​ម្នាក់ ។ ពួកគេ​មាន​អារម្មណ៍​ថា វា​ជា​ការណ៍ល្អ​ដើម្បី​មាន​ការសន្ទនា​ម្ដងទៀត​ជាមួយ​នឹង​កូន​របស់​ពួកគេ​អំពី​ច្បាប់​ព្រហ្មចារីភាព ។ សូម​ផ្ដល់​ពេលវេលា​ពីរបី​នាទី​ឲ្យ​សិស្ស​ចែកចាយ​នៅក្នុង​ក្រុម​តូចៗ ពី​របៀប​ដែល​ពួកគេ​នឹង​បង្រៀន ឬ​បញ្ជាក់​សាជាថ្មី​អំពី​ច្បាប់​ព្រហ្មចារីភាព​ទៅកាន់​កូន​អាយុ ១៣ ឆ្នាំ​របស់​ពួកគេ ។ សូម​ហាមប្រាម​សិស្ស​កុំឲ្យ​ប្រើប្រាស់​ភាសា ឬ​ការប្រៀបធៀប​ដែល​អាច​បង្ក​ឲ្យមាន​ភាពខ្មាសអៀន ការភ័យខ្លាច ឬ​ការភាន់​ច្រឡំ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​សួរ​សិស្ស​ក្នុង​ថ្នាក់ ៖

  • តើ​អ្នក​នឹង​បង្រៀន​តាម​របៀប​ណា ដែល​អាច​ជួយ​ក្មេង​វ័យ​ជំទង់​ម្នាក់​ឲ្យមាន​អារម្មណ៍​វិជ្ជមាន អំពី​អំណោយទាន​ដ៏ទេវភាព​នៃ​ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ និង​ច្បាប់​ព្រហ្មចារីភាព ?

  • តើ​មាន​ការបង្រៀន​ណាខ្លះ ដែល​អ្នក​បាន​រៀន​ពេល​ធំឡើង ដែល​បាន​ជួយ​អ្នក​ឲ្យមើល​ទៅ​ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​ថាជា​អ្វីមួយ ដែល​ជាផ្នែក​ដ៏ស្រស់ស្អាត និង​សមរម្យ​នៅក្នុង​អាពាហ៍ពិពាហ៍​នោះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា ៣៨:១២ ឮៗ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​គូស​ចំណាំ​ការបង្រៀន​របស់​អាលម៉ា ដែល​ឆ្លុះបញ្ចាំង​ពី​គោលការណ៍​ដូច​តទៅ​នេះ ៖ ប្រសិនបើ​យើង​គ្រប់គ្រង​ចំណង់​របស់​យើង​បាន នោះ​យើង​អាច​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​បាន ។

សូម​ដាក់​បង្ហាញ​ចំណងជើង និង​សំណួរ​ខាងក្រោម ។ ( ប្រសិនបើ​អ្នក​ចង់ អ្នក​អាច​បោះពុម្ព​ច្បាប់​ចម្លង និង​ចែកចាយ​វា​បាន ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើការ​នៅក្នុង​ក្រុម​តូច​របស់​ពួកគេ​ដដែល ហើយ​ជ្រើសរើស​សំណួរ​ពីរ ឬ​បី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា វា​ពាក់ព័ន្ធ​នឹង​ពួកគេ ហើយ​ពិភាក្សាពី​សំណួរ​ទាំងនោះ ។

ការដាក់​ដែន​កំណត់ និង​ការស្វែងរក​ជំនួយ​ដ៏ទេវភាព​ដើម្បី​រស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព

ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច—មេរៀន​ទី ១៣

  • តើ​មាន​ឧបសគ្គ​ដ៏ធំ​បំផុត​អ្វីខ្លះ ក្នុង​ការរស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព ? តើ​យើង​អាច​យកឈ្នះ​លើ​ឧបសគ្គ​ទាំងនេះ​ដោយ​របៀប​ណា ?

  • តើ​ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការស្វែងរក​ព្រះគុណ​របស់​ទ្រង់ បាន​ជួយ​អ្នក​ឲ្យ​កាន់តាម​ច្បាប់​ព្រហ្មចារីភាព​ដោយ​របៀប​ណា ? ( សូម​ពិចារណា​ពិនិត្យមើល​ឡើងវិញ​ក្នុង កូរិនថូស ទី១ ១០:១៣; អាលម៉ា ១៣:២៨; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦២:១ ) ។

  • ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ដាក់​ដែន​កំណត់​របស់​អ្នកទាំង​មុនពេល និង​អំឡុងពេល​អាពាហ៍ពិពាហ៍ នៅពេល​វា​ពាក់ព័ន្ធ​ទៅនឹង​ការកាន់​តាម​ច្បាប់​ព្រហ្មចារីភាព ? តើ​គូសង្សារ​ដែល​កំពុង​ដើរលេង​ជាគូ ទទួល​បាន​ពរជ័យ តាមរយៈ​ការមាន​ការពិភាក្សា​អំពី​ព្រំដែន​របស់​ពួកគេ សម្រាប់​ការបង្ហាញ​ការស្រឡាញ់​ខាង​រូបកាយ​នោះ​យ៉ាង​ដូចម្ដេច ? ( អ្នក​អាច​ចង់​ពិនិត្យ​ឡើងវិញ​ក្នុង សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ នែល អិល អាន់ឌើរសិន នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ) ។

  • មិន​ថា​អ្នក​នៅលីវ ឬ​រៀបការ​រួចហើយ​នោះទេ តើ​អ្នក​ឃើញ​ថា មាន​យុទ្ធសាស្ដ្រ ការអនុវត្ត និង​ព្រំដែន​អ្វីខ្លះ​ដែល​មាន​ប្រយោជន៍​បំផុត ក្នុង​ការកាន់តាម​ច្បាប់​ព្រហ្មចារីភាព ?

  • តើ​យើង​គោរព​តាម​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ការកាន់​តាម​ច្បាប់​ព្រហ្មចារីភាព​ដោយ​របៀប​ណា ?

ការដាក់​ដែន​កំណត់ និង​ការស្វែងរក​ជំនួយ​ដ៏ទេវភាព​ដើម្បី​រស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព

រូបភាព
សំណៅ​ចែក​របស់​គ្រូបង្រៀន

ដើម្បី​បញ្ចប់​មេរៀន សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​នូវ​របៀប​នៃ​ការយល់ដឹង​របស់​ពួកគេ​អំពី​ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ និង​ច្បាប់​ព្រហ្មចារីភាព ត្រូវបាន​ពង្រឹង​តាមរយៈ​ការពិភាក្សា​នៅក្នុង​ឯកសារ​រៀបចំ និង​នៅក្នុង​ថ្នាក់រៀន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​ឡើងវិញ​នូវ​អ្វី​ដែល​ពួកគេ​បាន​កត់ត្រា ដែលជា​ចម្លើយ​ចំពោះ ការបំផុស​គំនិត​ឲ្យ « កត់ត្រា​គំនិត​របស់​អ្នក » នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ និង​បន្ថែម​គំនិត​ផ្សេងៗ​ទៀត​ដែល​ពួកគេ​មាន ឬ​ចំណាប់​អារម្មណ៍​ទាំងឡាយ​ដែល​ពួកគេ​បាន​ទទួល ។ អ្នក​ក៏អាច​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​របៀប ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើឲ្យ​យើង​អាច​យកឈ្នះ​លើ​ការល្បួង និង​អំពើបាប​ខាង​ផ្លូវភេទ ហើយ​មាន​ទំនាក់ទំនង​ដ៏ល្អ​ប្រពៃ​ផងដែរ ។

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​ទាំងឡាយ ដែល​បាន​បង្រៀន​នៅ​ថ្ងៃនេះ ហើយ​សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ជំនួយ​ដ៏ទេវភាព នៅពេល​ពួកគេ​ខិតខំ​រស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព ។

សម្រាប់​ពេល​ក្រោយ

សូម​ចង្អុល​ប្រាប់​សិស្ស​ថា ការគំរាម​កំហែង​ដ៏គ្រោះថ្នាក់​បំផុត​មួយ​ចំពោះ​ភាពបរិសុទ្ធ​ផ្ទាល់ខ្លួន​របស់​យើង​គឺ រូប​អាសគ្រាម ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា ឯកសារ​រៀបចំ​សម្រាប់​មេរៀន​លើក​ក្រោយ ដោយ​មាន​ការប្រុង​ប្រយ័ត្ន ហើយ​រកមើល​របៀប​ដែល​ពួកគេ​អាច​ចៀសវាង និង​ជួយ​មនុស្ស​ដទៃ​ឲ្យ​ចៀសវាង​ពី​ការគំរាម​កំហែង​នេះ​បាន ។