ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៨ ឯកសារ​គ្រូបង្រៀន ៖ ការខិតខំ​ស្វែងយល់​ពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា និង​ការស្រឡាញ់​បងប្អូន​ប្រុសស្រី អិល.ជី.ប៊ី.ធី. របស់​យើង


« មេរៀន​ទី ៨ ឯកសារ​គ្រូបង្រៀន ៖ ការខិតខំ​ស្វែងយល់​ពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា និង​ការស្រឡាញ់​បងប្អូន​ប្រុសស្រី អិល.ជី.ប៊ី.ធី. របស់​យើង » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ៨ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀន​ទី ៨ ឯកសារ​គ្រូបង្រៀន

ការខិតខំ​ស្វែងយល់​ពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា និង​ការស្រឡាញ់​បងប្អូន​ប្រុសស្រី អិល.ជី.ប៊ី.ធី. របស់​យើង

ក្នុងនាម​ជា​សិស្ស​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ យើង​ត្រូវបាន​អញ្ជើញ​ឲ្យ « ធ្វើជា​អ្នក​ចេញមុខ​ក្នុង​ការបង្ហាញ​សេចក្ដី​ស្រឡាញ់ មេត្តា​ធម៌ និង​ការបម្រើ » ចំពោះ​អស់​អ្នក​ដែល​ជួបនឹង​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ឬ​ត្រូវបាន​ស្គាល់​ថា​ជា​ខ្ទើយ​ស្រី ខ្ទើយ​ប្រុស ឬ​ខ្ទើយ​ទាំងពីរ​ភេទ ( ឃ្វីនថិន អិល ឃុក « Let Us Be at the Forefront » [ វីដេអូ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ នៅ​ក្នុងមេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​ដើម្បី​ស្វែងយល់ ពិភាក្សា និង​អនុវត្ត​សេចក្តីពិត​នៃ​ដំណឹងល្អ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ឆ្លើយតប​ដោយ​សេចក្តីស្រឡាញ់ ការរាប់អាន និង​ផ្តល់​ការគោរព​ចំពោះ​អ្នក​ដែល​ជួបនឹង​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ឬ​ត្រូវបាន​ស្គាល់​ជា​ក្រុម អិល.ជី.ប៊ី.ធី. ។

យោបល់​សម្រាប់​ការបង្រៀន

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

បង្រៀន​ដោយ​ការយល់ដឹង និង​សេចក្តី​មេត្តា ។ នៅពេល​អ្នក​ត្រៀមខ្លួន​បង្រៀន សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​សញ្ជឹងគិត​ពី​ការយល់ដឹង​របស់​អ្នក​អំពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា និង​អាកប្បកិរិយា​របស់​អ្នក​ចំពោះ​អ្នក​ដែល​ត្រូវបាន​ស្គាល់​ថា​ជា​ខ្ទើយ​ស្រី ខ្ទើយ​ប្រុស ឬ​ខ្ទើយ​ទាំងពីរ​ភេទ ។ តើ​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ស្រឡាញ់ រាប់អាន និង​គោរព​ដល់​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់​យ៉ាង​ដូចម្តេច ? តើ​អ្នក​បាន​ធ្វើតាម​អ្វី​ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​កំពុង​បង្រៀន​អំពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ដែរ​ឬ​ទេ ? កាល​ដែល​អ្នក​រៀបចំ សូម​ពិចារណា​មើល​វីដេអូ​នេះ « Is There a Place for Me? » ( ៤:០០ ) ដែល​ក្នុង​នោះ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ពិភាក្សា​ពី​សារៈសំខាន់​ក្នុង​ការជួយ​មនុស្ស​គ្រប់គ្នា​ឲ្យ​មាន​អារម្មណ៍​ថា​ចាំបាច់ និង​ត្រូវ​គេ​រាប់អាន​នៅក្នុង​សាសនាចក្រ ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្គាប់​ពួកសិស្ស​របស់ទ្រង់​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ដូចជា​ទ្រង់​ស្រឡាញ់​យើង​ដែរ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា យុវមជ្ឈិមវ័យ​ម្នាក់​ឈ្មោះ ជីន មក​ចូលរៀន​ថ្នាក់​វិទ្យាស្ថាន​នេះ​ជា​លើក​ដំបូង ។ នៅពេល​ដែល ជីន ដឹងថា​ប្រធានបទ​ស្ដីពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​នឹង​ត្រូវ​ពិភាក្សា​នៅក្នុង​ថ្នាក់​នៅ​ថ្ងៃនេះ នាង​ចាប់ផ្តើម​មាន​អារម្មណ៍​ព្រួយ​បារម្ភ និង​ចង់ចេញ​ពី​ថ្នាក់​ភ្លាម ព្រោះ​នាង​គឺជា​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ។ សូម​ពិភាក្សា​ពី​មូលេហតុ​ដែល ជីន អាច​មាន​អារម្មណ៍​ព្រួយបារម្ភ និង​អ្វី​ដែល​សមាជិក​ក្នុង​ថ្នាក់​អាច​ធ្វើ​បាន​ដើម្បី​ជួយ​នាង និង​អ្នក​ដទៃ​ឲ្យ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ដើម្បី​ពិភាក្សា​ពី​ប្រធានបទ​នេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ម៉ាថាយ ២២:៣៧–៣៩ និង យ៉ូហាន ១៣:៣៤–៣៥ ដោយ​រក​មើល​សារៈសំខាន់​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដាក់​នៅលើ​ការស្រឡាញ់​អ្នក​ដទៃ ។ សូម​សរសេរ​សេចក្ដីពិត​ដូច​តទៅ​នេះ​ដាក់​នៅលើ​ក្ដារខៀន ៖ យើង​ត្រូវបាន​បង្គាប់​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ​ស្រឡាញ់​យើង​ដែរ ។

  • ហេតុអ្វី​បានជា​វា​សំខាន់​ដែល​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​ស្រឡាញ់​គ្នា​ដូចជា​ទ្រង់​ស្រឡាញ់​យើង​ដែរ ?

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​នៅអំឡុង​ពេល​ការងារ​បម្រើ​នៃ​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់​ដោយ​របៀប​ណា ? ( ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ សូម​រំឭក​សិស្ស​ថា ការស្រឡាញ់​អ្នក​ដទៃ​មិនមាន​ន័យថា យើង​ត្រូវតែ​ឯកភាព​ជាមួយ ឬ​លើក​កម្ពស់​អាកប្បកិរិយា​ដែល​ផ្ទុយនឹង​ព្រះបញ្ញត្តិ​របស់​ព្រះ​នោះ​ទេ ។ ព្រះអង្គ​សង្រ្គោះ​បាន​បង្រៀន​ដោយ​ក្តី​ស្រឡាញ់​ពី​គោលលទ្ធិ​របស់​ព្រះវរបិតា​ទ្រង់​យ៉ាង​អង់អាច និង​ច្បាស់ៗ ) ។

  • តើ​គំរូ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្រ្គោះ​បាន​ដឹកនាំ​យើង​នៅអំឡុង​ការពិភាក្សា​របស់​យើង​អំពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​យ៉ាង​ដូចម្តេច ?

យើង​អាច​ឆ្លើយតប​ទៅកាន់​អ្នក​ដែល​ជួបនឹង​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ដោយ​សន្ដាន​ចិត្ត​ល្អ ការរាប់អាន និង​ការគោរព ។

សូម​ចែក​សិស្ស​ជា​ក្រុម​តូចៗ ។ សូម​ពន្យល់​ថា នៅក្នុង​រយៈពេល​ពីរបី​នាទី​ក្រុម​នីមួយៗ​នឹង​ពិភាក្សា​ពី​សាច់រឿង​មួយ ដែល​ទាក់ទង​នឹង​នរណា​ម្នាក់​ដែល​ជួបនឹង​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ។ សូម​ចង្អុល​បង្ហាញ​ថា សាច់រឿង​នេះ​គឺ​ស្រដៀងគ្នា​ទៅ​នឹង​បទពិសោធន៍​នៃ​ជីវិត​ពិត​របស់​សមាជិក​សាសនាចក្រ​មួយ​ចំនួន ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ផ្អែក​ការពិភាក្សា​របស់​ពួកគេ​ទៅលើ​គោលការណ៍​នៃ​ដំណឹងល្អ នោះ​អ្នក​អាច​អញ្ជើញ​សមាជិក​ក្រុម​នីមួយៗឲ្យ​ពិនិត្យមើល​ផ្នែក​មួយ​នៅក្នុង​ឯកសារ​រៀបចំ​នេះ​ជា​មុនសិន ។

ក្រោយពី​សិស្ស​មាន​ពេល​ដើម្បី​ពិនិត្យមើល​ផ្នែក​របស់ ពួកគេ​ហើយ សូម​ចែកឲ្យ​សិស្ស​ម្នាក់ៗ​នូវ​ច្បាប់​ចម្លង​នៃ​សំណៅ​ចែក​ដែល​មាន​នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ ។ សូម​ណែនាំ​សិស្ស​ឲ្យ​អាន​ស្ថានភាព​នេះ​ដោយ​ស្ងាត់ស្ងៀម ហើយ​បន្ទាប់មក​ពិភាក្សា​ពី​សំណួរ​ដែល​មាន​បន្ដ​បន្ទាប់​នោះ​ជា​ក្រុម ។

បន្ទាប់ពី​សិស្ស​មាន​ពេល​ជាច្រើន​ដើម្បី​ពិភាក្សា​ពី​សាច់រឿង​នេះ និង​សំណួរ​ទាំងឡាយ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​មាន​អារម្មណ៍​នៅ​អំឡុងពេល​ពិភាក្សា​របស់​ពួកគេ ។ កាល​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ សូម​សួរ​សំណួរ​តាមដាន ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់ដឹង​បាន​កាន់តែ​ច្បាស់​អំពី​ប្រធាន​បទ​នេះ ។ នេះ​គឺជា​ឧទាហរណ៍​មួយចំនួន​អំពី​របៀប​បង្កើត​សំណួរ​តាមដាន ៖

  • តើ​ការយល់ដឹង/សេចក្តីពិត/គោលការណ៍​នោះ​មាន​ឥទ្ធិពល​យ៉ាង​ដូចម្ដេច​ដែរ …

  • តើ​នៅពេល​ណា​ដែល​អ្នក​ទទួល​អារម្មណ៍/បានឃើញ/បាន​ដក​ពិសោធន៍ …

  • តើ​អ្វី​ទៅ​ជា​ឧទាហរណ៍​នៃ …

  • តើ​អ្នក​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​ចំពោះ … ដោយ​របៀប​ណា

បន្ទាប់ពី​ការពិភាក្សា សូម​សួរ​សិស្ស​ថាតើ​ពួកគេ​មាន​សំណួរ ឬ​កង្វល់​អំពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ដែល​បាន​លើកឡើង​នេះ​ដែរ​ឬ​ទេ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​អ្វី​ដែល​ពួកគេ​បានរៀន សូម​ពិចារណា​បង្ហាញ​សំណួរ​ខាងក្រោម ហើយ​អញ្ជើញ​ឲ្យ​សិស្ស​ជ្រើសរើស​សំណួរ​មួយ ឬ​ច្រើន​ដែល​ទាក់ទង​នឹង​ពួកគេ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​សំណួរ ( ឬ​សំណួរ​ទាំងឡាយ ) របស់​ពួកគេ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​ណា​មួយ​ដែល​ពួកគេ​អាច​មាន ។

  • តើ​ខ្ញុំ​ត្រូវ​ផ្លាស់ប្តូរ​អ្វីខ្លះ​អំពី​របៀប​ដែល​ខ្ញុំ​គិត និង​ធ្វើ​សកម្មភាព ដើម្បី​ខ្ញុំ​អាច​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ទាំងអស់ រួមទាំង​អស់អ្នក​ដែល​ជួបនឹង​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ដោយ​ក្តី​ស្រឡាញ់​ដ៏​មហិមា ការរាប់អាន និង​ការគោរព ? តើ​ខ្ញុំ​អាច​ពឹងផ្អែក​លើ​ព្រះអង្គ​សង្រ្គោះ កាល​ដែល​ខ្ញុំ​ធ្វើ​ការផ្លាស់ប្តូរ​ទាំងនេះ​ដោយ​របៀប​ណា ?

  • ដូចជា​បុគ្គល​ដែល​ជួបនឹង​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ដែរ តើ​ការផ្តោតលើ​ព្រះអង្គ​សង្រ្គោះ និង​ដំណឹងល្អ​របស់ទ្រង់​ជួយ​ខ្ញុំ​ឲ្យ​រស់នៅ​ដោយ​មាន​ក្តីសង្ឃឹម និង​សុភមង្គល​កាន់តែ​ខ្លាំង​ដោយ​របៀបណា ? ប្រសិនបើ​ខ្ញុំ​មិនបាន​ចែកចាយ​បទពិសោធន៍​របស់​ខ្ញុំ​ជាមួយ​នរណា​ម្នាក់ទេ តើ​ខ្ញុំ​អាច​ឈោងទៅ​រក​ជំនួយ​ពី​នរណា​បាន ? ( កំណត់​ចំណាំ ៖ ប្រសិន​បើ​អ្នក​សម្រេច​ចិត្ត​ត្រូវ​ពិភាក្សា​ពី​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា សូម​ពិចារណា​ដោយ​ការ​អធិស្ឋាន​អំពី​បុគ្គល​ដែល​អ្នក​ចង់​ប្រាប់​រឿង​នេះ និង​របៀប​ដើម្បី​ចែកចាយ​ពី​ទិដ្ឋភាព​នៃ​បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​អ្នក​នេះ ) ។

ដំណើររឿង​របស់​ចាកសុន

ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច—មេរៀន​ទី ៨

ចាកសុន បាន​ធំឡើង​នៅក្នុង​គ្រួសារ​មួយ​ដែល​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ គាត់​មាន​ឪពុកម្តាយ​ដែល​ពេញ​ដោយក្តី​ស្រឡាញ់ ហើយ​គាត់​ជិតស្និទ្ធ​ជាពិសេស​ជាមួយនឹង​សេលីណា ដែល​ជា​បងស្រី​របស់​គាត់ ។

ចាកសុន ស្រឡាញ់​ដំណឹងល្អ ហើយ​មាន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ការស្តារ​ឡើងវិញ ។ គេ​ស្គាល់​គាត់​ថា​ជា​មនុស្ស​រីករាយ និង​រួសរាយ​រាក់ទាក់ ។ ទោះជា​យ៉ាងណាក្តី នាពេល​ថ្មីៗនេះ ភាពរីករាយ​របស់គាត់​ត្រូវ​បាន​ជំនួស​ដោយ​អារម្មណ៍​ក្រៀមក្រំ ហើយ​គាត់​លាក់​វាទុក​តែ​ម្នាក់​ឯង​ខ្លាំងឡើងៗ ។ ចាកសុន មាន​រឿង​សម្ងាត់ ហើយ​មិនដឹង​ថា​ត្រូវធ្វើ​អ្វី​អំពី​រឿង​នេះ​ទេ ។

តាមដែល​គាត់​អាច​ចាំបាន ចាកសុន គាត់​បាន​ចាប់ចិត្ត​នឹង​មនុស្ស​ប្រុស​ច្រើន​ជាង​មនុស្ស​ស្រី ។ គាត់​បាន​ព្យាយាម​បដិសេធ​អារម្មណ៍​នេះ​អស់​ជាច្រើន​ឆ្នាំ ឬ​ខំ​លាក់បាំង​ថា​អារម្មណ៍​នេះ​មិនមែន​ជា​ការពិត​ទេ ។ ដោយសារ​ប្រធានបទ​នេះ​មិនដែល​លើកមក​និយាយ​នៅក្នុង​ផ្ទះ​របស់គាត់ គាត់​មាន​អារម្មណ៍​ថា ប្រធានបទ​នេះ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​និយាយ​ទេ ។ នៅពេល​ខ្លះ​មិត្តភក្តិ​របស់​គាត់​បានមើលងាយ​ដល់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ។ អ្វី​ដែល​គាត់​ចងចាំ​ពី​ការស្តាប់​សម្ដី​របស់គ្រូបង្រៀន និង​ថ្នាក់ដឹកនាំ​ក្នុង​ព្រះវិហារ​គឺថា ការស្រឡាញ់​ភេទ​ដូចគ្នា​គឺជា​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​មួយ ។

ពីមុន​បេសកកម្ម​របស់​គាត់ ចាកសុន បាន​ទូលអង្វរ​ដល់​ព្រះ​ម្តងហើយ​ម្តងទៀត​ឲ្យ​ដក​យក​អារម្មណ៍​ប្រតិព័ទ្ធ​លើ​បុរស​របស់​គាត់​នេះ​ចេញ ។ គាត់​មាន​អារម្មណ៍​មាន​ទំនុកចិត្ត​ថា ប្រសិនបើ​គាត់​បានបម្រើ​បេសកកម្ម នោះ​អារម្មណ៍​របស់គាត់​អាច​ផ្លាស់ប្តូរ​បាន ។ ទោះជា​យ៉ាងណាក្តី ចាប់តាំងពី ចាកសុន បាន​បញ្ចប់​បេសកកម្ម​មក អារម្មណ៍​ប្រតិព័ទ្ធ​របស់​គាត់​លើ​មនុស្ស​ប្រុស​នៅតែ​មាន​ដដែល ។ ចាកសុន ចង់​និយាយ​ប្រាប់​នរណា​ម្នាក់​ខ្លាំង​ណាស់ ប៉ុន្តែ​អារម្មណ៍​ភ័យខ្លាច​បាន​រារាំង​គាត់ ។

សេលីណា បាន​សង្កេតឃើញ​អារម្មណ៍​របស់គាត់​ឃ្លាតឆ្ងាយ​ចេញ​ពី​ក្រុមគ្រួសារ​របស់​ពួកគេ ។ នាង​អាច​មើលឃើញ​អារម្មណ៍​ឈឺចាប់​នៅក្នុង​កែវភ្នែក​របស់​គាត់ ។ នាង​បាន​អធិស្ឋាន​ឲ្យ ចាកសុន ហើយ​អធិស្ឋាន​សូម​ដឹង​ពី​របៀប​ដើម្បី​ជួយ​គាត់ ។

នៅព្រឹកនេះ សេលីណា បាន​សួរ ចាកសុន ថាតើ​ពួកគេ​អាច​ដើរ​លេង​នៅ​ខាងក្រៅ​ជាមួយ​គ្នា​បាន​ដែរ​ឬ​ទេ ។ គាត់​បាន​យល់ព្រម​ទាំង​ស្ទាក់ស្ទើរ ។ កាល​ដែល​ពួកគេ​បាន​ដើរ​ជាមួយគ្នា ពួកគេ​បាន​និយាយ​អំពី​អ្វីៗ​ដែល​កើតឡើង​ជារៀង​រាល់ថ្ងៃ ។ សេលីណា ថែមទាំង​ធ្វើ​ឲ្យ ចាកសុន ញញឹម​ទៀត​ផង ។ នៅទីបំផុត សេលីណា បាន​និយាយ​ថា « ចាកសុន បងដឹងថា​មាន​អ្វីមួយ​មិន​ប្រក្រតី ។ បង​អាចមើលឃើញ​នៅក្នុង​កែវភ្នែក​របស់​ប្អូន ។ តើ​អាច​ប្រាប់បង​បានទេ ។ បង​បារម្ភ​ពី​ប្អូន​ខ្លាំងណាស់ » ។

ចាកសុន ឈរទ្រឹង​យ៉ាងយូរ ។ ទឹកភ្នែក​ចាប់ផ្តើម​ហូរមក​លើ​ផ្ទៃមុខ​របស់​គាត់ ។ នៅទីបំផុត អារម្មណ៍​បាន​ផុសចេញ​ពី​ក្នុងចិត្ត​យ៉ាង​ខ្លាំង ហើយ​គាត់​និយាយ​ទាំង​សំឡេង​រញីរញ័រ​ថា « សេលីណា ខ្ញុំ​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ជាយូរ​មកហើយ តាម​ដែល​ខ្ញុំ​នៅ​ចាំបាន ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ឡើយ ។ ខ្ញុំ​ខ្លាច​មិន​ដឹង​ថាតើ​ម៉ាក់ និង​ប៉ា​នឹង​និយាយ​ថា​ម៉េច​ទេ បើ​ពួកគាត់​ដឹង​នោះ ។ តើ​គ្រួសារ​របស់​យើង​ទាំងអស់គ្នា​នឹង​មាន​អារម្មណ៍​អៀនខ្មាស​ដោយសារ​ខ្ញុំ​ដែរ​ឬ​ទេ ? តើ​មិត្តភក្តិ​របស់​ខ្ញុំ​ទាំងអស់​នៅតែ​ចង់​ដើរលេង​ជាមួយ​ខ្ញុំ​ទេ ប្រសិនបើ​ពួកគេ​ដឹង​ថា​ខ្ញុំ​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​នោះ ? តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​សមាជិកភាព​របស់​ខ្ញុំ​នៅក្នុង​សាសនាចក្រ ប្រសិនបើ​ខ្ញុំ​ប្រាប់​ដល់​ប៊ីស្សព​នោះ ? ខ្ញុំ​មើល​មិន​ឃើញ​ថា​ខ្លួនឯង​នឹង​អាច​មាន​ភាពសប្បាយ​រីករាយ និង​មាន​គ្រួសារ​នោះទេ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​ដូចជា​បាន​បោះបង់​ខ្ញុំ​ចោល​ហើយ » ។

ចាកសុន បាន​ឱន​ក្បាលចុះ ហើយ​សម្លឹង​មើលដី ។ បន្ទាប់ពី​ផ្អាក​មួយ​សន្ទុះ គាត់​បាននិយាយ​ស្ងាត់ៗ​ថា « សេលីណា ខ្ញុំ​សូមទោស​ប្រសិនបើ​ខ្ញុំ​ធ្វើ​ឲ្យ​បង​ខក​បំណង ។ សូម​បង​កុំប្រាប់​នរណា​ឡើយ ។ ខ្ញុំ​ភាន់ភាំង​ខ្លួនឯង និង​វង្វេង​អស់ហើយ » ។

សំណួរ​ពិភាក្សា

  1. តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ពេល​អ្នក​គិត​អំពី​បទពិសោធន៍​របស់ ចាកសុន ? ហេតុអ្វី​បាន​ជា​វា​អាច​នឹង​ពិបាក​ក្នុង​ការនិយាយ​អំពី​អារម្មណ៍​នៃ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ជាមួយ​សមាជិក​គ្រួសារ មិត្តភក្តិ​ជិតស្និទ្ធ ឬ​ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ ?

  2. ប្រសិនបើ​អ្នក​ជា សេលីណា តើ​អ្នក​អាច​មាន​អារម្មណ៍​បែបណា ? តើ​សេលីណា អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ឆ្លើយតប​ដោយ​ការយល់ចិត្ត និង​ក្តី​អាណិត ?

  3. តើ​ការយល់ដឹង​ត្រឹមត្រូវ​អំពី​ការបង្រៀន​របស់​ព្រះអម្ចាស់​អំពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​អាច​ជួយ​ទាំង សេលីណា និង ចាកសុន យ៉ាងដូចម្តេច ? ហេតុ​អ្វី​ពេលខ្លះ​ការបង្រៀន​ទាំងនេះ​អាច​ពិបាក​នឹង​ទទួល​យក ?

  4. តើ​ចាកសុន និង សេលីណា អាច​មើល​ទៅ​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​ដោយ​មាន​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​យ៉ាង​ដូចម្តេច ?

  5. តើ​ចាកសុន អាច​ងាក​ទៅ​ទទួល​ការណែនាំ ការលើក​ទឹកចិត្ត និង​ជំនួយ​បន្ថែម​នៅឯណា ?

ដំណើររឿង​របស់​ចាកសុន

រូបភាព
សំណៅ​ចែក​របស់​គ្រូបង្រៀន

សម្រាប់​ពេល​ក្រោយ

កាល​ដែល​ពួកគេ​សិក្សា ឯកសារ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​ទី ៩ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​បន្តិចទៀត​រៀនសូត្រ​ពី​បុព្វការីជន​របស់​ពួកគេ​ផងដែរ​នៅលើ​គេហទំព័រ FamilySearch.org ឬ​នៅលើ​កម្មវិធី​មែកធាង​គ្រួសារ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពិចារណា​អំពី​ពរជ័យ​ដែល​បាន​សន្យា​ចំពោះ​អ្នក​ដែល​ជួយ​ដូនតា​របស់​ពួកគេ​ឲ្យ​ទទួល​បាន​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។