ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១១ ៖ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការជ្រើសរើស​ដៃគូ​ដ៏អស់កល្ប​ជានិច្ច


« មេរៀន​ទី ១១ ៖ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការជ្រើសរើស​ដៃគូ​ដ៏អស់កល្ប​ជានិច្ច » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

រូបភាព
បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ជជែក​គ្នាពេល​កំពុង​ដើរ

មេរៀន​ទី ១១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការជ្រើសរើស​ដៃគូ​ដ៏អស់កល្ប​ជានិច្ច

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ប្រឹក្សា​ថា « សូម ‹ ចូលរួម​ឲ្យបាន​រស់រវើក › [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:២៧ ] ក្នុង​សកម្មភាព​ខាង​វិញ្ញាណ និង​ខាង​សង្គម​ដែល​អាច​សម្រេច​គោលដៅ​អ្នក​ទៅរក​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ » ( « Choose Wisely » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៤៧ ) ។ នៅពេល​អ្នក​សិក្សា​ឯកសារ​សម្រាប់​មេរៀន​នេះ សូម​ពិចារណា​ពី​របៀប​ដែល​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​អាច​ជួយ​អ្នក​បាន នៅពេល​អ្នក​ស្វែងរក ជ្រើសរើស និង​ស្រឡាញ់​ដៃគូ​ដ៏អស់កល្ប​ជានិច្ច​របស់​អ្នក ។

កំណត់​ចំណាំ ៖ ការដើរលេង​ជាគូ​មាន​អត្ថន័យ​ខុសគ្នា​ទៅតាម​វប្បធម៌​ផ្សេងៗគ្នា ។ សម្រាប់​គោលបំណង​នៃ​មេរៀន​នេះ ការដើរលេង​ជាគូ​សំដៅ​ទៅលើ​ការចំណាយ​ពេលវេលា​ជាមួយ​នរណាម្នាក់​ដែល​មាន​ភេទ​ផ្ទុយ​គ្នា ប៉ុន្តែ​ត្រូវ​ធ្វើតាម​បទដ្ឋាន​នៃ​ដំណឹងល្អ និង​ដោយ​មាន​បំណង​បង្កើត​ទំនាក់ទំនង​មួយ ដែល​នៅ​ទីបញ្ចប់​អាច​នាំ​ទៅរក​អាពាហ៍ពិពាហ៍ ។

ផ្នែក​ទី ១

តើ​ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​អាច​ជួយ​ខ្ញុំ​ឲ្យ​បង្កើត​ទំនាក់ទំនង​មួយ ដែល​អាច​នាំ​ទៅរក​អាពាហ៍ពិពាហ៍​តាម​របៀប​ណា ?

ការដើរលេង​ជាគូ​អាច​ជា​រឿង​ដ៏អស្ចារ្យ តែ​ក៏ជា​រឿង​ពិបាក​ផងដែរ ។ វា​ផ្ដល់​ឱកាស​ឲ្យយើង​រៀន​ស្គាល់​មនុស្ស​ដទៃ មាន​បទពិសោធន៍​ថ្មីៗ និង​រៀនពី​មេរៀន​ដ៏សំខាន់​អំពី​ខ្លួនយើង និង​អំពី​ទំនាក់ទំនង ។ ដោយ​ផ្អែកលើ​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ នោះ​មិនគួរ​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​យើង​អាច​ប្រឈមមុខ​នឹង​បញ្ហា នៅពេល​យើង​ដើរលេង​ជាគូ និង​រៀបចំ​ខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍ ។ តើ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ធ្លាប់​បាន​ដក​ពិសោធន៍​រឿង​ខាងក្រោម​នេះ​ណាមួយ ដែល​អាច​ពន្យារពេល ឬ​បញ្ឈប់​ការបន្ដ​ទៅរក​អាពាហ៍ពិពាហ៍​ដ៏អស់កល្ប​មួយ​ដែរ​ឬទេ ?

  • ការខ្លាច​គេ​បដិសេធ

  • ការថប់​បារម្ភ​នៅក្នុង​មជ្ឈដ្ឋាន​សង្គម

  • ការខ្វះ​ឱកាស ឬ​ខ្វះ​ការរំពឹង​ទុក

  • ការនឿយហត់​ខាង​សតិអារម្មណ៍ ដោយសារ​ទំនាក់ទំនង​បរាជ័យ​ច្រើន​ដង

  • ភាពមិន​ប្រាកដ​ប្រជា​ខាង​សេដ្ឋកិច្ច

  • ការផ្ដោតលើ​ការអប់រំ ឬ​អាជីព​ការងារ​តែមួយ​មុខ

  • ការមិន​ហ៊ាន​ធ្វើការ​តាំងចិត្ត

  • ការបាត់បង់​ទំនុកចិត្ត​លើ​អាពាហ៍ពិពាហ៍

ខណៈពេល​បម្រើ​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ នោះ​ប្រធាន ជូលី ប៊ី ប៊េក បាន​សង្កេត​ឃើញ​ថា យុវវ័យ​ជាច្រើន​កំពុង​ដាក់ « សារៈសំខាន់​លើ​ការបង្កើត​គ្រួសារ​ដ៏អស់កល្ប​ជានិច្ច​មួយ​កាន់តែ​តិច​ទៅៗ ។ មនុស្ស​ជាច្រើន​គិត​ឃើញ​ថា ការបង្កើត​ក្រុមគ្រួសារ​មិនមែន​ជា កិច្ចការ​ដែល​ផ្អែកលើ​សេចក្ដី​ជំនឿ នោះទេ » ( « Teaching the Doctrine of the Family » Ensign ខែ មិនា ឆ្នាំ ២០១១ ទំព័រ ១៤; បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន សុភាសិត ៣:៥–៦; នីហ្វៃ​ទី​២ ២២:២ ហើយ​សញ្ជឹងគិត​ពី​របៀប​ដែល​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​អាច​ជួយ​អ្នក​បាន នៅពេល​អ្នក​ស្វែងរក និង​ជ្រើសរើស​ដៃគូ​ដ៏អស់កល្ប​ជានិច្ច ។

ព្រះអម្ចាស់​ខ្វល់​ព្រះទ័យ​យ៉ាង​ខ្លាំង អំពី​បទពិសោធន៍​របស់​អ្នក​ទាក់ទង​ទៅនឹង​ការស្វែងរក និង​ការជ្រើសរើស​ដៃគូ​ដ៏អស់កល្ប​ជានិច្ច ។ ទ្រង់​នឹង​ជួយ​ដល់​អ្នក នៅពេល​អ្នក​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ទ្រង់ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​គូស​បញ្ជាក់​ពី​របៀប​ដែល​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះអង្គ​សង្គ្រោះ​អាច​មាន​ឥទ្ធិពល​លើ​ការដើរលេង​ជាគូ និង​អាពាហ៍ពិពាហ៍ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

សូម​ជឿ​ថា សេចក្ដី​ជំនឿ​របស់​អ្នក​មាន​សារៈសំខាន់​ជា​ខ្លាំង​ចំពោះ​ស្នេហា​របស់​អ្នក ​ព្រោះ​វា​ពិតជា​សំខាន់​មែន ។ វា​គឺជា​គ្រោះថ្នាក់​ខាង​វិញ្ញាណ នៅពេល​គិត​ថា សេចក្ដី​ជំនឿ និង​ការដើរលេង​ជាគូ​គឺជា​រឿង​ខុស​គ្នា​នៅក្នុង​ជីវិត​នៃភាព​ជាសិស្ស​របស់​អ្នក ។ ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​ពន្លឺ​នៃ​លោកិយ គឺជា​ចង្កៀង​តែមួយ​គត់​ដែល​អ្នក​អាច​មើល​ឃើញ​ផ្លូវ​នៃ​សេចក្ដី​ស្រឡាញ់ និង​សុភមង្គល​ដ៏​ជោគជ័យ ។ ( « How Do I Love Thee? » New Era ខែ តុលា ឆ្នាំ ២០០៣ ទំព័រ ៨ )

រូបភាព
បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ជជែក​គ្នា​នៅលើ​បង់

ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ពាក់ព័ន្ធ​ទៅនឹង​ការធ្វើ​សកម្មភាព​ដែល​សុចរិត ។ ដូច​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជំនាន់​ដើម​មួយ​ក្រុម ដែល​ចង់​ដឹង​ពី​ព្រះទ័យ​របស់​ទ្រង់​សម្រាប់​ពួកគេ នោះ​ទ្រង់​រំពឹង​ឲ្យយើង​ប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​របស់​យើង ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​សិក្សា គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៨:២៦–២៨ ហើយ​គិត​អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​តាម​ការណែនាំ​របស់​ព្រះអម្ចាស់​សម្រាប់​កិច្ចខិតខំ​របស់​អ្នក ដើម្បី​ស្វែងរក​ដៃគូ​ដ៏អស់កល្ប​ជានិច្ច​ម្នាក់ ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាលនោះ​លោក​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​និយាយ​អំពី​របៀប​ដែល​យើង​អាច​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ និង​សេចក្ដី​អំណត់ ៖

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

ចុះ​អ្នក​ដែល​អស់​សង្ឃឹម​នឹង​រកឃើញ​ដៃគូ​ដ៏អស់កល្ប​ជានិច្ច​ម្នាក់​នោះ ? ទីមួយ សូមកុំ​ចុះចាញ់ ។ សូម​ទៅកាន់​សកម្មភាព​ផ្សេងៗ ជួប​គេឯង ហើយ​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​អ្នក​អាច​ធ្វើបាន ។ ខ្ញុំ​ដឹង​ថា ការដើរលេង​ជាគូ​អាច​ពិបាក ។ ការបដិសេធ​គឺជា​រឿង​ដ៏ឈឺចាប់​បំផុត​មួយ ដែល​យើង​អាច​ជួប​ប្រទះ ។ …

… សូម​ស្វែងរក​របៀប​សាមញ្ញៗ​ដើម្បី​នៅ​ជាមួយ​គ្នា ។ … គោលដៅ​គឺ​ដើម្បី​រៀន​ស្គាល់​បុគ្គល​ម្នាក់ ហើយ​រៀនពី​របៀប​បង្កើត​ទំនាក់ទំនង​ដ៏មាន​អត្ថន័យ​មួយ ជាមួយ​នឹង​បុគ្គល​ដែល​មាន​ភេទ​ផ្ទុយគ្នា ។ ( « The Reflection in the Water » [ កម្មវិធី​ជួបជុំ​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​សម្រាប់​យុវមជ្ឈិមវ័យ នៅ​ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០០៩ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org )

ការសន្យា​របស់​ព្រះ​មិន​មែន​សុទ្ធតែ​ត្រូវ​បាន​បំពេញ​ភ្លាមៗ ឬ​នៅក្នុង​របៀប​ដែល​យើង​សង្ឃឹម​ទុក​នោះ​ទេ វា​មក​ដល់តាម​ពេលវេលា​របស់​ទ្រង់ និង​របៀប​របស់​ទ្រង់ ។ … [ ប៉ុន្ដែ ] ការសន្យា​របស់​ព្រះអម្ចាស់​នឹង​កើតមាន​ជាក់​ជាមិន​ខាន ប្រសិនបើ​វា​មិន​លឿន​ជានិច្ច​ទេ​នោះ ។ ( « Continue in Patience » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥៨ )

ខណៈពេល​បម្រើ​ជា​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​ពួក​ចិតសិប​នាក់ អែលឌើរ ម៉ាលីន ឃេ ជែនសិន បាន​បង្រៀន​អំពី​ផ្នែក​ដ៏សំខាន់​នៃ​ទំនាក់ទំនង ដែល​បុរស និង​ស្ដ្រី​ត្រូវ​បង្កើត​ឡើង​នៅក្នុង​ការដើរ​លេង​ជាគូ ៖

រូបភាព
អែលឌើរ ម៉ាលីន ឃេ ជែនសិន

មិត្តភាព​គឺជា … ផ្នែក​ដ៏សំខាន់ និង​ដ៏អស្ចារ្យ​ខ្លាំង​មួយ​នៃ​ទំនាក់ទំនង​ស្នេហា និង​អាពាហ៍ពិពាហ៍ ។ ទំនាក់ទំនង​រវាង​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់ ដែល​ចាប់ផ្ដើម​ឡើង​ដោយ​មិត្តភាព រួចហើយ​បន្ដ​ទៅជា​មនោសញ្ចេតនា ហើយ​នៅ​ទីបំផុត​រៀប​អាពាហ៍ពិពាហ៍​នោះ ជាធម្មតា​នឹង​ក្លាយជា​មិត្តភាព​ដ៏យូរ​អង្វែង និង​អស់កល្ប​ជានិច្ច ។ ( « Friendship: A Gospel Principle » Ensign ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៦៤ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ឬ​បន្ដ​ធ្វើ​អ្វីខ្លះ ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ឲ្យបាន​កាន់តែ​ខ្លាំង​ឡើង នៅក្នុង​កិច្ច​ខិតខំ​របស់​អ្នក​ក្នុង​ការដើរ​លេង​ជាគូ និង​ការរៀប​អាពាហ៍ពិពាហ៍ ? ប្រសិនបើ​អ្នក​រៀបការ​រួចហើយ តើ​អ្នក​បាន​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​នៅក្នុង​កិច្ចខិតខំ​របស់​អ្នក ដើម្បី​ស្វែងរក​ដៃគូ​ដ៏អស់កល្ប​ជានិច្ច​តាម​របៀប​ណា ?

ផ្នែក​ទី ២

តើ​ខ្ញុំ​គួរតែ​រកមើល និង​បង្កើត​ឲ្យមាន​គុណសម្បត្តិ​អ្វីខ្លះ នៅក្នុង​ការរៀបចំ​ខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍ ?

តើ​អ្នក​ធ្លាប់​បង្កើត​បញ្ជី​គុណសម្បត្តិ​មួយ ដែល​អ្នក​សង្ឃឹម​ចង់បាន​ពី​ស្វាមី ឬ​ភរិយា​ម្នាក់​ដែរ​ឬទេ ? នៅពេល​ដើរលេង​ជាគូ វា​សំខាន់​ដែល​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់​ចំណាយ​ពេល​ច្រើន​ជាមួយ​គ្នា ដើម្បី​រៀន​ស្គាល់​គុណសម្បត្តិ អត្តចរិត និង​គុណតម្លៃ​របស់​គ្នា​ទៅវិញ​ទៅមក ។ អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ទូន្មាន ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

នៅពេល​អ្នក​ដើរលេង​ជាគូ ចូរ​រៀន​អ្វីៗ​ឲ្យបាន​ច្រើន​ពីគ្នា​ទៅវិញ​ទៅមក តាម​ដែល​អ្នក​អាច​ធ្វើបាន ។ ចូររៀន​យល់ដឹង​អំពី​គ្រួសារ​របស់​គ្នា​ទៅវិញ​ទៅមក​ឲ្យបាន​ច្រើន បើ​អាច​ធ្វើ​ទៅ​បាន ។ តើ​គោលដៅ​របស់​អ្នក​ត្រូវ​គ្នា​ឬទេ ? តើ​អ្នក​មាន​អារម្មណ៍​ដូចគ្នា​អំពី​បទបញ្ញត្តិ ព្រះអង្គ​សង្គ្រោះ បព្វជិតភាព ព្រះវិហារ​បរិសុទ្ធ ភាពជា​ឪពុក​ម្ដាយ ការហៅ​បម្រើ​ក្នុង​សាសនាចក្រ និង​ការបម្រើ​ដល់​អ្នកដទៃ​ដែរ​ឬទេ ? តើ​អ្នក​បាន​សង្កេត​មើល​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​ស្ថានភាព​តានតឹង ការឆ្លើយ​តប​ចំពោះ​ភាពជោគជ័យ និង​បរាជ័យ ការទប់​កំហឹង និង​ការដោះស្រាយ​ឧបសគ្គ​ដែរ​ឬទេ ? តើ​មនុស្ស​ដែល​អ្នក​ដើរលេង​ជាគូ​ជាមួយ​នេះ ជា​មនុស្ស​ដែល​ធ្វើឲ្យ​អ្នកដទៃ​ធ្លាក់ចុះ ឬ​លើក​តម្កើង​អ្នកដទៃ​ឡើង ? តើ​អាកប្បកិរិយា និង​ភាសា ព្រមទាំង​ទង្វើ​របស់​គាត់ ឬ​នាង ជាអ្វី​ដែល​អ្នក​ចង់​រស់នៅ​ជាមួយ​រាល់ថ្ងៃ​ដែរ​ឬទេ ? ( « Meeting the Challenges of Today’s World » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៤៥–៤៦ )

អ្វី​ដែល​កាន់តែ​សំខាន់​ជាង​គុណសម្បត្តិ ដែល​អ្នក​សង្ឃឹម​ចង់បាន​ពី​ស្វាមី ឬ​ភរិយា​របស់​អ្នក​នោះ គឺជា​គុណសម្បត្តិ​ដែល​អ្នក​បង្កើត​ឲ្យមាន​នៅក្នុង​ខ្លួនអ្នក​ផ្ទាល់ ។ ទាក់ទង​ទៅនឹង​ការណ៍​នេះ​ដែរ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ទូន្មាន​ដូច្នេះ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

មនុស្ស​វ័យក្មេង​មួយ​ចំនួន​ហាក់បី​ដូច​ជា​មាន​នូវ​បញ្ជី​ដើរ​ទិញ​ឥវ៉ាន់​មួយ អំពី​បុគ្គលិក​លក្ខណៈ​ទាំងឡាយ ដែល​ពួកគេ​ចង់​បាន​នៅក្នុង​ដៃគូ​ម្នាក់ ហើយ​វាស់វែង​ពី​សក្ដានុពលភាព​របស់​ពួកគេ ៖ « តើ​អ្នក​មាន​ចំណុច​ទាំងអស់​ដែល​ខ្ញុំ​ត្រូវការ​ដែរឬ​ទេ ? » បើ​អ្នក​សង្ឃឹម​ចង់​មាន​ដៃគូ​ដ៏​អស់កល្ប​មួយ ដែល​មាន​គុណសម្បត្តិ​ខាង​វិញ្ញាណ​ជាក់លាក់​ទាំងនោះ នោះ​អ្នក​ត្រូវតែ​ពុះពារ​អភិវឌ្ឍ​គុណសម្បត្តិ​ខាង​វិញ្ញាណ​ទាំងនោះ​នៅក្នុង​ខ្លួនឯង​សិន ។ បន្ទាប់មក នរណាម្នាក់​ដែល​មាន​គុណសម្បត្តិ​ទាំងនោះ​នឹង​ចាប់ចិត្ត​មកលើ​អ្នក​ដែរ ។ ( នៅក្នុង « Understanding Heavenly Father’s Plan » នៅលើ​គេហទំព័រ ChurchofJesusChrist.org; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៤០ )

ខណៈពេល​បម្រើ​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ស៊ីស្ទើរ ខារូល អិម ស្ទីវិស បាន​បង្រៀន​អ្វីមួយ​ស្រដៀងគ្នា​នេះ ៖

រូបភាព
បងស្រី ខារូល អិម ស្ទីវិស

សូម​សិក្សា​ពី​ព្រះជន្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​សូម​ព្យាយាម​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូចជា​ទ្រង់ ។ ប្រសិនបើ​អ្នក​អាច​អភិវឌ្ឍ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ទាំងនោះ​នៅក្នុង​ជីវិត​របស់​អ្នក​បាន ហើយ​ព្យាយាម​កាន់តែ​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ នោះ​អ្នក​នឹង​រៀបចំ​ខ្លួន​ធ្វើជា​ស្វាមី ឬ​ភរិយា​បាន​កាន់តែ​ប្រសើរ​ហើយ ។ ( Face to Face with Elder Holland, Sister Stephens, and Elder Hallstrom [ ការចាក់ផ្សាយ​យុវមជ្ឈិមវ័យ​នៅលីវ​ទូទាំង​ពិភពលោក នៅ​ថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០១៦ ] នៅលើ​គេហទំព័រ facetoface.ChurchofJesusChrist.org )

រូបភាព
គូស្វាមី​ភរិយា​ថតរូប​នៅមុខ​ទឹកជ្រោះ​មួយ

ខណៈពេល​ដែល​វា​មាន​សារៈសំខាន់​សម្រាប់​យើង ដើម្បី​អភិវឌ្ឍ​គុណសម្បត្តិ​ដូចជា​ព្រះគ្រីស្ទ ហើយ​ស្វែងរក​គុណសម្បត្តិ​នោះ​នៅក្នុង​ស្វាមី ឬ​ភរិយា​នាពេល​អនាគត​ម្នាក់ នោះ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ថា យើង​មិន​បង្កើត​ឲ្យមាន​ការរំពឹងទុក​ដែល​មិន​សមហេតុផល​ពី​ខ្លួនយើង និង​អ្នកដទៃ ។ ដូច​ដែល​អែលឌើរ ហែល បាន​បង្រៀន​ថា « គ្មាន​ពួកយើង​ណាម្នាក់​រៀបការ​នឹង ភាពល្អ​ឥតខ្ចោះ នោះ​ទេ យើង​រៀបការ​នឹង សក្ដានុពលភាព » ( « Meeting the Challenges of Today’s World » ទំព័រ ៤៦ ) ។

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​គិត​ថា គុណសម្បត្តិ​ដូចជា​ព្រះគ្រីស្ទ​មួយ​ណា​ដែល​សំខាន់​បំផុត ដែល​អ្នក​ចង់​ឲ្យមាន​នៅក្នុង​ស្វាមី ឬ​ភរិយា​នោះ ? តើ​អ្នក​កំពុង​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្កើត​ឲ្យមាន​គុណសម្បត្តិ​ទាំងនោះ​នៅក្នុង​ខ្លួន​របស់​អ្នក ?

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​សម្រេច​ចិត្ត​ពី​មនុស្ស​ដែល​ខ្ញុំ​ត្រូវ​រៀបការ​ជាមួយ​យ៉ាង​ដូចម្ដេច ?

ការជ្រើសរើស​មនុស្ស​ដែល​ត្រូវ​រៀបការ​ជាមួយ គួរតែ​ជា​ការសម្រេច​ចិត្ត​ដ៏ប្រុង​ប្រយ័ត្ន និង​មាន​ការបំផុស​គំនិត ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ចែកចាយ​ដំបូន្មាន​មួយ ដែល​លោក​បាន​ឃើញ​នៅក្នុង​ស៊ុម​មួយ​នៅក្នុង​ផ្ទះ​ម្ដាយមីង និង​ពូ​របស់​លោក ៖ « ជ្រើសរើស​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ហើយ​ស្រឡាញ់​មនុស្ស​ដែល​អ្នក​ជ្រើសរើស » ( « Priesthood Power » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៦៨ ) ។

វា​អាច​ជួយ​បាន​ដើម្បី​ដឹង​ថា យើង​មិនមែន​ស្វែងរក​ស្នេហា​ដែល​ចារទុក​មកពី​បុព្វេ​តែមួយ​គត់​នោះ​ឡើយ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា « ‹ មិត្ត​មួយ​រយឆ្នាំ › គឺជា​រឿង​ប្រលោមលោក​ប្រឌិត​មួយ និង​ជា​ការបំភាន់​ភ្នែក​មួយ » ( « Oneness in Marriage » Ensign ខែ តុលា ឆ្នាំ ២០០២ ទំព័រ ៤២ ) ។ អែលឌើរ ហែល បាន​ពន្យល់​ថា នៅពេល​យើង​ធ្វើការ​សម្រេច​ចិត្ត​ដ៏សំខាន់ៗ​នៅក្នុង​ជីវិត រួមទាំង​ការសម្រេច​ចិត្ត​អំពី​អាពាហ៍ពិពាហ៍ នោះ « ព្រះវរបិតា​សួគ៌​រំពឹង​ឲ្យ​យើង​ប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​របស់​យើង សិក្សា​ពី​ស្ថានភាព​នោះ​ក្នុង​គំនិត​របស់​យើង​ស្រប​ទៅតាម​គោលការណ៍​ដំណឹងល្អ ហើយ​យក​ការសម្រេច​ចិត្ត​នោះ​ថ្វាយ​ដល់​ទ្រង់​នៅក្នុង​ការអធិស្ឋាន » ( « The Holy Ghost » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១០៥ ) ។

ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​បុគ្គល​ម្នាក់ៗ​ខិតខំ និង​រិះគិត​ឲ្យអស់​ពី​សមត្ថភាព​របស់​ពួកគេ​នៅក្នុង​ការសម្រេច​ចិត្ត​ថា នឹង​រៀបការ​ជាមួយ​នរណា ហើយ​ស្វែងរក​វិវរណៈ​បញ្ជាក់​អំពី​ការសម្រេច​ចិត្ត​នោះ ។ គោលការណ៍​ទាំងនេះ និង​គោលការណ៍​ផ្សេង​ទៀត​ស្ដីពី​ការទទួល​បាន​វិវរណៈ​ត្រូវបាន​បង្រៀន​ដល់ អូលីវើរ ខៅឌើរី នៅដើម​ដំបូង​នៃ​ការស្ដារ​ឡើងវិញ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូមអាន គោលលទ្ធិ និង សេចក្តី​សញ្ញា ៦:២២–២៣ និង ៩:៧–៩ ។ នៅពេល​អ្នក​អាន សូម​រកមើល​គោលការណ៍​ដើម្បី​ទទួល​បាន​វិវរណៈ ដែល​អាច​ជួយ​នរណាម្នាក់​ឲ្យ​សម្រេច​ចិត្ត​ថា​ត្រូវ​រៀបការ​នឹង​បុគ្គល​ជាក់លាក់​មួយណា ។ ( សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨:២–៣; ១១:១២–១៤ ) ។

រូបភាព
ស្ដ្រី​ម្នាក់​លុត​ជង្គង់​អធិស្ឋាន
រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​សរសេរ​ប្រយោគ​មួយ ដែល​សង្ខេប​ពី​អ្វី​ដែល​បានរៀន​មកពី​វគ្គ​បទគម្ពីរ​ទាំងនេះ អំពី​ការទទួល​បាន​វិវរណៈ​មកពី​ព្រះអម្ចាស់ ។