ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការខិតខំ​ស្វែងយល់​ពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា និង​ការស្រឡាញ់​បងប្អូន​ប្រុសស្រី អិល.ជី.ប៊ី.ធី. របស់​យើង


« មេរៀន​ទី ៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការខិតខំ​ស្វែងយល់​ពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា និង​ការស្រឡាញ់​បងប្អូន​ប្រុសស្រី អិល.ជី.ប៊ី.ធី. របស់​យើង » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

រូបភាព
យុវមជ្ឈិមវ័យ​មួយ​ក្រុម​កំពុង​ដើរ​នៅ​មាត់​សមុទ្រ

មេរៀន​ទី ៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការខិតខំ​ស្វែងយល់​ពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា និង​ការស្រឡាញ់​បងប្អូន​ប្រុសស្រី អិល.ជី.ប៊ី.ធី. របស់​យើង

យើង​ទាំងអស់​គ្នា​គឺជា​បុត្រា​បុត្រី​ជាទី​ស្រឡាញ់​របស់​ព្រះបិតា​មាតា​សួគ៌ ។ យើង​ក៏ជា​បុគ្គល​ដែល​មាន​ទេព​កោសល្យ សមត្ថភាព និង​បទពិសោធន៍​ពិសេស​ផងដែរ ។ បុត្រា​បុត្រី​របស់​ព្រះ​មួយចំនួន​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ឬ​ត្រូវបាន​ស្គាល់​ថា​ជា​ខ្ទើយ​ស្រី ខ្ទើយ​ប្រុស ឬ​ខ្ទើយ​ទាំងពីរ​ភេទ ឬ​បុគ្គល​ប្ដូរ​ភេទ ដែល​ត្រូវ​បាន​ហៅកាត់​ជា​ញឹកញាប់​ថា អិល.ជី.ប៊ី.ធី. ។ ( ប្រធានបទ​បុគ្គល​ប្តូរភេទ​បាន​ពិភាក្សា​នៅក្នុង មេរៀន​ទី ៧ ) ។ តើ​អ្នក​នឹង​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដែល​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ឬ​ត្រូវបាន​ស្គាល់​ថា​ជា អិល.ជី.ប៊ី.ធី. យ៉ាង​ដូចម្តេច ? ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា តើ​បទពិសោធន៍​របស់អ្នក​ជាមួយ​នឹង​គ្រួសារ មិត្តភក្តិ និង​សមាជិក​សាសនាចក្រ​មាន​លក្ខណៈ​បែបណា​ដែរ ? នៅពេល​អ្នក​សិក្សាឯកសារ​នេះ សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​កាន់តែ​មាន​លក្ខណៈ​កាន់តែ​ដូច​ព្រះអង្គ​សង្រ្គោះ និង​ប្រព្រឹត្ត​ចំពោះ​បុត្រា​បុត្រី​របស់​ព្រះ​ដោយ​ក្តីស្រឡាញ់ ការរាប់អាន និង​ការគោរព ។

ផ្នែក​ទី ១

តើ​ព្រះអង្គ​សង្រ្គោះ​ជួយខ្ញុំ​ឲ្យ​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ការគោរព​ចំពោះ​អស់​អ្នក​ដែល​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា​យ៉ាង​ដូចម្តេច ?

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​ថា « ក្ដីស្រឡាញ់​ជា​ខ្លឹមសារ​ដ៏​សំខាន់​នៃ​ដំណឹង​ល្អ ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​គំរូ​របស់​យើង » ( « Love—the Essence of the Gospel » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩១ ) ។ នៅ​ជិត​ចុងបញ្ចប់​នៃ​ការងារបម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការស្រឡាញ់​មនុស្ស​ទាំងអស់​យ៉ាងពិត​ប្រាកដ ដោយ​ការប្រទាន​ដល់​សិស្ស​របស់​ទ្រង់​នូវ « សេចក្តី​បញ្ញត្តិ​មួយ​ថ្មី » ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន យ៉ូហាន ១៣:៣៤–៣៥ ហើយ​សូម​ពិចារណា​ពី​របៀប​ដែល​សេចក្តី​បញ្ញត្តិ​ថ្មី​នេះ​អាច​ដឹកនាំ​អ្នក​ក្នុងនាម​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

ដូចជា​សមាជិក​នៃ​សាសនាចក្រ​ដទៃ​ទៀត​ដែរ អស់​អ្នក​ដែល​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា​មាន​មិត្តភក្តិ និង​ក្រុមគ្រួសារ ក្តីសង្ឃឹម និង​ក្តីសុបិន ហើយ​និង​ភាពខ្លាំង និង​ភាពខ្សោយ ហើយ​ពួកគេ​កំពុង​ពុះពារ​ឆ្លងកាត់​ឧបសគ្គ​ទាំងឡាយ​ក្នុង​ជីវិត​តាម​លទ្ធភាព​ដែល​ពួកគេ​អាច​ធ្វើ​បាន ។ ជាអកុសល មនុស្ស​មួយ​ចំនួន​ដែល​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ឬ​ស្គាល់​ថា​ជា អិល.ជី.ប៊ី.ធី. មាន​អារម្មណ៍​ថា ពួកគេ​គ្មាន​កន្លែង​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​ឡើយ ។ ជំនួស​ឲ្យ​ការ​មាន​អារម្មណ៍​ថា​ទទួលបាន​ក្តីស្រឡាញ់ និង​ការគាំទ្រ មនុស្ស​ភាគច្រើន​មាន​អារម្មណ៍​ថា​ត្រូវ​គេ​បដិសេធ នៅ​ដាច់ពីគេ ច្របូកច្របល់ ហើយ​ភ័យ​ខ្លាច ។

រូបភាព
យុវមជ្ឈិមវ័យ​ម្នាក់​មើល​ទៅ​ក្រៅបង្អួច​ដោយ​ក្តី​សោកសៅ

ខណៈ​បម្រើ​ជា​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​យុវនារី​ទូទៅ ស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី បានបង្រៀន ៖

រូបភាព
ស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី

យើង​មិន​អាច​ធ្វើជា ឬ​សូម្បីតែ​ហៅ​ខ្លួនឯង​ថាជា​សិស្ស​របស់​ព្រះគ្រីស្ទ​នោះ​ទេ ប្រសិនបើ​យើង​មិន​ជួយ​មនុស្ស​ដទៃ​នៅ​តាម​ផ្លូវ [ សេចក្តីសញ្ញា ] នេះ​ទេ​នោះ ។ ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មិន​ធ្វើឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា ពួកគេ​មិន​សំខាន់​នោះ​ទេ ។ មាន​តែ​មនុស្ស​ទេ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា​ពួកគេ​មិន​សំខាន់ ។ …

ហើយ​ប្រសិនបើ​យើង​ត្រូវ​ស្ថាបនា​នគរ​របស់​ព្រះ​នៅលើ​ផែនដី​នេះ នោះ​យើង​ត្រូវការ​មនុស្ស​គ្រប់គ្នា​ឲ្យ​មក​ហើយ​ធ្វើនូវ​ចំណែក​របស់​ពួកគេ ។ ( « Lifting Others » [ ២:៤៩ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org )

រូបភាព
ព្រះយេស៊ូវ​លួងលោម​ដល់​ម៉ារា និង ម៉ាថា

សូម​គិត​រយៈពេល​មួយ​នាទី​អំពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្រ្គោះ ។ តើ​ទ្រង់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​ជន​ដែល​ពិបាក​នឹង​ទទួល​អារម្មណ៍​ថា​គេ​ទទួល​យក​នៅ​ពេល​ណា ? សូម​ពិចារណា​ពី​របៀប​ដែល​ការអនុវត្ត​តាម​ការណែនាំ​ខាងក្រោម​នេះ អាច​ជួយ​អ្នក​ឲ្យ​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​សេចក្ដី​ស្រឡាញ់​បាន​កាន់តែ​ប្រសើរ​ឡើង នៅពេល​ពិភាក្សា និង​នៅពេល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គល​ដែល​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖

  1. សូម​និយាយ និង​ប្រព្រឹត្ត​ដោយ​ការយកចិត្ត​ទុកដាក់ ការព្រួយ​បារម្ភ និង​ក្ដីមេត្តា​ពិតប្រាកដ ។ អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖ « ក្នុងនាម​ជា​ព្រះវិហារ គ្មាន​នរណា​គួរ​ពេញដោយ​ក្តីស្រឡាញ់ និង​អាណិត​អាសូរ​ជាង​នរណា​នោះ​ទេ ។ … ចូរ​យើង​ធ្វើជា​អ្នក​ចេញមុខ​ក្នុង​ការបង្ហាញ​សេចក្ដី​ស្រឡាញ់ មេត្តា​ធម៌ និង​ការបម្រើ » ។ ( « Let Us Be at the Forefront » [ ០:៥៩ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org; សូមមើល​វីដេអូ​នេះ​ដើម្បី​រៀន​បន្ថែមទៀត ) ។

  2. សូម​បង្កើន​ការយល់ដឹង​ដោយ​ការស្តាប់​ដោយ​គ្មាន​ការវិនិច្ឆ័យ ។ ប្រធាន ជីន ប៊ី ប៊ីងហាំ នៃ​គណៈប្រធាន​សមាគម​សង្រ្គោះ​ទូទៅ​បាន​ចែកចាយ​ថា « របៀប​ដ៏ល្អ​បំផុត​មួយ​ដើម្បី​បង្កើត​មិត្តភាព​ដ៏ល្អ គឺ​មិន​ត្រូវ​ប៉ាន់ស្មាន​ទុក​ជាមុន ឬ​យល់ឃើញ​ទុក​ជាមុន​នោះទេ សូម​បន្ដ​បើក​ចិត្ត​បើក​គំនិត » ។ ( ដើម្បី​រៀន​បន្ថែម​ទៀត សូមមើល « Focus on the One » [ ២:៣២ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

  3. សូម​ទទួល​ស្គាល់ថា​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា និង​អារម្មណ៍​នោះ​គឺមាន​ពិតប្រាកដ​មែន ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​បានប្រឹក្សា ៖ « រឿងមួយ​ដែល​មាន​សារៈសំខាន់​ជានិច្ច​គឺ​ត្រូវ​ស្គាល់​ពី​អារម្មណ៍​របស់​អ្នកដទៃ ថា​អារម្មណ៍​នោះ​គឺ​មាន​ពិតមែន ។ ថា​អារម្មណ៍​នោះ​គឺ​ពិតប្រាកដ ។ ថា​យើង​មិន​បដិសេធ​ថា នរណា​ម្នាក់​មាន​អារម្មណ៍​តាម​របៀប​ណា​មួយ​នោះ​ទេ » ។ ( ដើម្បី​រៀន​បន្ថែម សូមមើល « Feelings Are Real and Authentic » [ ០:៤៧ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

  4. សូម​ផ្តោត​លើ​អត្តសញ្ញាណ​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍ ៖ « ពុំ​មែន​ស្លាក​ទាំង​អស់​មាន​តម្លៃ​ស្មើគ្នា​នោះ​ទេ ។ ប៉ុន្តែ​បើមាន​ស្លាកណាមួយ​ជំនួស​ឲ្យ​អត្តសញ្ញាណ​ដ៏​សំខាន់​បំផុត​របស់​អ្នក នោះ​លទ្ធផល​អាចជា​គ្រោះថ្នាក់​ខាង​វិញ្ញាណ ។… ពុំគួរ​មាន​អត្តសញ្ញាណ​ណាមួយ​ដែល​គួរ​មក ប្ដូរ ជំនួស ឬ មាន​អាទិភាព​ខ្លាំងជាង ងារ​ដ៏​និរន្តរ៍​ទាំងបី​នេះឡើយ រួមមាន ៖ ‹ បុត្រ​នៃ​ព្រះ › ‹ បុត្រ​នៃ​សេចក្ដីសញ្ញា › និង ‹ សិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ › » ( « Choices for Eternity » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ] មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

  5. សូម​គោរព​តាម​ព្រះបញ្ញត្តិ និង​សេចក្តី​សញ្ញា​ទាំងឡាយ​របស់​ព្រះ ។ ការស្រឡាញ់​អ្នក​ដទៃ​ដូចជា​ព្រះអង្គសង្រ្គោះ​ស្រឡាញ់​យើង​មិនមាន​ន័យ​ថា យើង​ឯកភាព ឬ​លើក​កម្ពស់​អាកប្បកិរិយា​ដែល​ផ្ទុយនឹង​ព្រះបញ្ញត្តិ​របស់​ព្រះ​នោះ​ទេ ។ ព្រះយេស៊ូវ​គ្រីស្ទ​ក៏​បាន​បង្រៀន​ដែរ​ថា « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ( យ៉ូហាន ១៤:១៥ ) ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​ពន្យល់​ថា បទបញ្ញត្តិ​ទីមួយ ដែល​ថា​ត្រូវ​ស្រឡាញ់​ព្រះ​នោះ គឺជា​ហេតុផល​ដំបូង ៖ « ការ​ដាក់​បទបញ្ញត្តិ​ទីមួយ​ដំបូងគេ​មិន​បន្ថយ ឬ​ដាក់​កម្រិត​សមត្ថភាព​របស់យើង​ក្នុង​ការរក្សា​បទបញ្ញត្តិ​ទីពីរ [ ឲ្យ​ស្រឡាញ់​អ្នកជិត​ខាង​របស់​យើង​នោះ​ឡើយ ] ។ ផ្ទុយទៅវិញ វា​បង្កើន និង​ពង្រឹង​ដល់​បទបញ្ញត្តិ​ទីមួយ​វិញ ។ … សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​បង្កើន​សមត្ថភាព​របស់យើង​ឲ្យ​ស្រឡាញ់​អ្នក​ដទៃ​កាន់តែ​ពេញលេញ និង​ឥតខ្ចោះ ដោយសារ​យើង​ជា​ដៃគូ​ជាមួយ​ព្រះ​នៅក្នុង​ការថែរក្សា​បុត្រា​បុត្រី​របស់​ទ្រង់ » ( « The First Commandment First » [ ការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២២ ] ទំព័រ ២ នៅលើ​គេហទំព័រ speeches.byu.edu ) ។

យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ និង​អ្នក​ដទៃ នៅពេល​យើង​ប្រាស្រ័យ​ទាក់ទង​យ៉ាងច្បាស់​អំពី​គោលលទ្ធិ និង​បទបញ្ញត្តិ​របស់ទ្រង់​ដោយ​យកចិត្ត​ទុកដាក់ ។ ដូចដែល​បាន​ចែង​នៅក្នុង​ធនធាន​ស្ដីពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ដែល​បាន​បោះពុម្ព​ដោយ​សាសនាចក្រ ៖

ពុំ​មាន​ការផ្លាស់ប្ដូរ​នៅក្នុង​គោលជំហរ​របស់​សាសនាចក្រ ស្ដីពី​អ្វី​ដែលជា​រឿង​ត្រឹមត្រូវ​ខាង​សីលធម៌​នោះទេ ។ ប៉ុន្ដែ​អ្វី​ដែល​កំពុង​ផ្លាស់ប្ដូរ​នោះ—និង​អ្វី​ដែល​ត្រូវ​ផ្លាស់ប្ដូរ​នោះ—គឺ​ការជួយ​សមាជិក​សាសនាចក្រ​ឲ្យ​ឆ្លើយតប​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​ចេះ​គិតគូរ​ឲ្យបាន​វែងឆ្ងាយ នៅពេល​ពួកគេ​ប្រឈម​នឹង​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​នៅក្នុង​ក្រុមគ្រួសារ​របស់​ពួកគេ​ផ្ទាល់ នៅក្នុង​ចំណោម​សមាជិក​សាសនាចក្រ​ផ្សេងទៀត ឬ​នៅ​កន្លែង​ណា​ផ្សេងទៀត ។ ( នៅក្នុង ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ ថ្នាក់ដឹកនាំ​សាសនាចក្រ « ប្រាស្រ័យ​ទាក់ទង​អំពី​គោលលទ្ធិ​ដោយ​សេចក្ដី​ស្រឡាញ់ » នៅលើ​គេហទំព័រ ChurchofJesusChrist.org; សូមមើល​ផងដែរ ដាល្លិន អេក អូក « What Needs to Change » [ វីដេអូ ] ChurchofJesusChrist.org )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​ចំណាយពេល​ពីរបី​នាទី​ដើម្បី​សញ្ជឹងគិត​ពី​ឥរិយាបថ និង​ទង្វើ​របស់​អ្នក​ចំពោះ​អស់​អ្នក​ដែល​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ឬ​ដែល​ស្គាល់​ថាជា អិល.ជី.ប៊ី.ធី. ? តើ​អ្នក​អាច​និយាយ​បាន​ថា គំនិត ពាក្យសម្ដី និង​ការប្រព្រឹត្ត​របស់​អ្នក​ត្រូវនឹង​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ឲ្យ « ស្រឡាញ់​គ្នា​ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា​ដែរ » ដែរ​ឬទេ ? ( យ៉ូហាន ១៣:៣៤ ) ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​មនុស្ស​ដែល​ខ្វះ​ការយល់ដឹង និង​ការអាណិត​អាសូរ​ចំពោះ​បទពិសោធន៍​របស់​អ្នក ។

ផ្នែក​ទី ២

តើ​មាន​អ្វីខ្លះ​ដែល​ខ្ញុំ​ត្រូវ​យល់ដឹង​អំពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ?

ពាក្យ​ដូចជា ខ្ទើយ​ប្រុស ( ជួនកាល​ប្រើ​ជាទូទៅ​ដើម្បី​សំដៅ​លើ​នរណា​ម្នាក់​ដែល​ប្រតិព័ទ្ធ​អ្នកផ្សេង​ទៀត​ដែល​មាន​ភេទ​ដូច​ខ្លួន ហើយ​ប្រើ​ជាពិសេស​សំដៅ​លើ​បុរស​ដែល​ប្រតិព័ទ្ធ​លើ​បុរស ) ខ្ទើយ​ស្រី ( ស្ត្រី​ដែល​ប្រតិព័ទ្ធ​ស្ត្រី ) ឬ ខ្ទើយ​ទាំងពីរ​ភេទ ( បុរស ឬ​ស្ត្រី​ប្រតិព័ទ្ធ​ប្រុស​ក៏​បាន ស្រី​ក៏​បាន ) អាច​ប្រើ​ដើម្បី​បង្ហាញ​ពី​អារម្មណ៍ អត្តសញ្ញាណ ឬ​របៀប​រស់នៅ ។ សូម​ចងចាំ​ថា មិនថាពាក្យ​ទាំងនេះ ឬ​ពាក្យ​ទាំងឡាយ​ដែល​មនុស្ស​ម្នាក់​ប្រើ​ដើម្បី​កំណត់ពី​អារម្មណ៍​ផ្លូវភេទ ឬ​ទំនោរ​ផ្លូវភេទ​របស់គាត់ជាអ្វីនោះទេ អត្តសញ្ញាណ​ដ៏​សំខាន់​បំផុត​របស់យើង​គឺ​ជា « បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះ​មាតា​បិតា​សួគ៌ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

រូបភាព
ស្រ្តី​ញញឹម

ការវិវឌ្ឍន៍​ខាង​ផ្លូវ​ភេទ​របស់យើង​គឺ​ស្មុគស្មាញ ហើយ​ទទួលរង​ឥទ្ធិពល​ដោយ​កត្តា​ជាច្រើន ។ អារម្មណ៍​នៃ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​អាច​ប្រែប្រួល​ក្នុង​កម្រិតខ្លាំង អាច​ប្រែប្រួល​តាម​ពេលវេលា និង​មិន​ដូចគ្នា​ចំពោះ​មនុស្ស​គ្រប់គ្នា​ឡើយ ។ សាសនាចក្រ​ពុំមាន​ការប្រឆាំង​ជា​ផ្លូវការ​ណា​មួយ​លើ​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ឡើយ ។ ( សូមមើល « ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ បុគ្គល​ម្នាក់ៗ » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ដោយ​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់ ព្រះ​វរបិតាសួគ៌​បាន​ប្រទាន​ដល់​យើង​នូវ​ច្បាប់​ព្រហ្មចារីភាព និង​បាន​ត្រាស់​បង្គាប់​ថា ទំនាក់ទំនង​ខាង​ផ្លូវ​ភេទ​ត្រូវ​កើតឡើង « រវាង​បុរស និង​ស្ត្រី​ដែល​បាន​រៀប​អាពាហ៍​ពិពាហ៍​យ៉ាងស្រប​ច្បាប់​ជា​ប្ដី និង​ប្រពន្ធ​ប៉ុណ្ណោះ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ) ។ ក្រឹត្យវិន័យ​នេះ​ការពារ​គោលបំណង​ដ៏​ពិសិដ្ឋ​នៃ​ជីវិត​ខាង​ផ្លូវភេទ​នៅក្នុង​ផែនការ​របស់ព្រះ ហើយ​អនុវត្ត​ចំពោះ​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ ។ ព្រះវរបិតាសួគ៌​បាន​តែងតាំង​ទំនាក់ទំនង​ខាង​ផ្លូវភេទ​ឲ្យ​កើតឡើង​រវាង​បុរស និង​ស្ត្រី​នៅក្នុង​សេចក្ដីសញ្ញា​អាពាហ៍ពិពាហ៍ « សម្រាប់​ការបង្កើត​កូនចៅ និង​សម្រាប់​ការបង្ហាញ​សេចក្តី​ស្រឡាញ់ » ( Gospel Topics « Chastity » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

ជា​ការឆ្លើយតប​នឹង​សម្ពាធ​ខាងសង្គម​ក្នុងការ​កែប្រែ​ការបង្រៀន​ទាក់ទង​នឹង​ច្បាប់​ព្រហ្មចារីភាព អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានថ្លែង ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ច្បាប់​ព្រហ្មចារីភាព​បាន​អនុវត្ត​ចាប់តាំង​ពី​ដើម​រៀង​មក​ម្ល៉េះ ។ … គោលលទ្ធិ​របស់​យើង—មិន​គ្រាន់តែ​ជា​ជំនឿ​នោះ​ទេ ប៉ុន្តែ​ជា​គោលលទ្ធិ—ដែល​ថា ទំនាក់ទំនង​ផ្លូវភេទ​គឺ​ត្រឹមត្រូវ និង​ស្រប​ច្បាប់​ក្នុង​ព្រះនេត្រ​របស់​ព្រះអម្ចាស់​តែ​រវាង​បុរស និង​ស្ត្រី​ដែល​បានរៀបការ​ដោយ​ស្របច្បាប់​នោះ គឺ​មិន​ផ្លាស់ប្តូរ ហើយ​នឹង​មិន​ដែល​ប្តូរ​ឡើយ ។ ( នៅក្នុង Sarah Jane Weaver « Church’s Doctrine on Chastity Will Never Change, Says Elder Christofferson » Church News ថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១៥ នៅលើ​គេហទំព័រ ChurchofJesusChrist.org )

វាជា​ការសំខាន់​ណាស់​ក្នុងការ​បែងចែក​រវាង​អារម្មណ៍ និង​អាកប្បកិរិយា ។ ការមាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ឬ​ការដែល​ជា​ខ្ទើយ​ប្រុស ខ្ទើយស្រី ឬ​ខ្ទើយ​ទាំងពីរ​ភេទ មិនបាន​ធ្វើ​ឲ្យ​បុគ្គល​នោះមាន​បាប អាក្រក់ ឬ​ខូចខាត​ឡើយ ប៉ុន្តែ​ការប្រព្រឹត្ត​តាម​អារម្មណ៍​ទាំង​នេះ​ដោយ​ការបំពាន​ច្បាប់​ព្រហ្មចារីភាព​គឺ​ជា​ការបំពាន​លើ​បទបញ្ញត្តិ​របស់​ព្រះវរបិតាសួគ៌ ។

រូបភាព
យុវមជ្ឈិមវ័យ​និយាយគ្នា​ពេល​អាហារ​ថ្ងៃត្រង់

ដោយ​ថ្លែង​អំពី​គោលជំហរ​របស់​សាសនាចក្រ​ស្តីពី​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ប្រធាន អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ ៖

រូបភាព
ប្រធាន អិម រ័សុល បាឡឺដ

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​ជឿថា « បទពិសោធន៍​ជាមួយ​នឹង​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​គឺ​ជាភាព​ពិត​ដ៏​ស្មុគស្មាញ​មួយ​ចំពោះ​មនុស្ស​ជា​ច្រើន ។ ការប្រតិព័ទ្ធ​តែម្យ៉ាង​គឺ​ពុំមែន​ជា​អំពើបាប​ទេ ប៉ុន្ដែ​ការប្រព្រឹត្ត​គឺជា​អំពើបាប ។ ទោះជា​បុគ្គល​ម្នាក់ៗ​ពុំអាច​ជ្រើសរើស​ដើម្បី​មាន​ការប្រតិព័ទ្ធ​បែប​នេះ​ក្ដី ក៏​ពួកគេ​ត្រូវ​ជ្រើសរើស​របៀប​ដើម្បី​ឆ្លើយ​តប​នឹង​វា​ដែរ » [ សូមមើល​ផងដែរ ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ បុគ្គល​ម្នាក់ៗ ផ្នែក « តើ​ការមាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា​គឺជា​អំពើបាប​ឬទេ ? » នៅលើ​គេហទំព័រ ChurchofJesusChrist.org ] ( « The Lord Needs You Now! » Ensign ខែ កញ្ញា ឆ្នាំ ២០១៥ ទំព័រ ២៩ )

សេចក្ដី​មេត្តាករុណា​របស់​ព្រះអម្ចាស់​មាន​សម្រាប់​អ្នក​ទាំងឡាយ​ដែល​បំពាន​លើ​ច្បាប់​ព្រហ្មចារីភាព ។ ប្រសិនបើ​ពួកគេ​ជ្រើសរើស​មករក​ទ្រង់ ហើយ​ប្រែចិត្ត នោះ​ទ្រង់​នឹង​អភ័យទោស​ឲ្យ​ពួកគេ ។

ប្រសិនបើ​សមាជិក​សាសនាចក្រ​ដែល​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ឬ​ដែល​ស្គាល់​ថាជា អិល.ជី.ប៊ី.ធី. រក្សា​សេចក្តី​សញ្ញា​របស់​ពួកគេ នោះ​ពួកគេ​អាច​ចូលរួម​នៅក្នុង​សាសនាចក្រ​យ៉ាង​ពេញលេញ​បាន មាន​ការហៅ​បម្រើ និង​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​ផងដែរ ( សូមមើល អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « LGBT People Who Live God’s Laws Can Fully Participate in the Church » [ ០:៤៨ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៧:៨ ) ។

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា សូម​ពិចារណា​ពី​របៀប​ដែល​ធនធាន​ដែល​យោង​នៅក្នុង​ផ្នែក « ចង់​បាន​បន្ថែម​ទៀត​ទេ ? » នឹង​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​អ្នក ។ ផងដែរ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​មាន​ទំនុក​ចិត្ត សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​របស់​អ្នក​ជាមួយ​នឹង​សមាជិក​គ្រួសារ មិត្តភក្តិ ឬ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដែល​ទុកចិត្ត​បាន​ម្នាក់ ។ សូម​ប្រុងប្រយ័ត្ន​អំពី​ការដាក់​ស្លាក​ខ្លួនឯង​ជា​សាធារណៈ​ក្នុង​របៀប​មួយ ដែល​អាច​ដកខ្លួន​ចេញ​ពី​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​អ្នក ។

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​អ្នក​អាច​ទទួល​បាន​ពរជ័យ​យ៉ាង​ដូចម្តេច​ខ្លះ តាមរយៈ​ការយល់​កាន់តែ​ច្បាស់​អំពី​អ្វី​ដែល​ថ្នាក់ដឹកនាំ​សាសនាចក្រ​កំពុង​បង្រៀន​អំពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ?

ផ្នែក​ទី ៣

តើ​ខ្ញុំ​ត្រូវ​យល់​យ៉ាង​ណា​ចំពោះ​មតិ​ប្រកួតប្រជែង​ទាំងអស់​អំពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ?

សព្វថ្ងៃ​នេះ​មាន​ទស្សនៈ​ជាច្រើន​ខុសៗគ្នា​អំពី​ប្រធានបទ​អាពាហ៍​ពិពាហ៍ ក្រុមគ្រួសារ ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា និង អិល.ជី.ប៊ី.ធី. ។ កាល​ដែល​យើង​រៀន​អំពី​ប្រធានបទ​ទាំងនេះ វា​មាន​សារៈសំខាន់​ណាស់​នៅក្នុង​ការខិតខំ​ស្វែងយល់​ឲ្យ​បាន​កាន់តែ​ច្បាស់​ពី​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ព្រះ​វរបិតាសួគ៌ ។

ប្រធាន ប៊ីងហាំ បាន​បង្រៀន​ដូច​ខាងក្រោម​នេះ ៖

រូបភាព
ប្រធាន ជីន ប៊ី ប៊ីងហាំ

ទស្សនៈ​ដែល​ធ្វើ​ឲ្យ​អ្វីៗ​ច្បាស់លាស់​គឺជា​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច ៖ ទស្សនៈ​ដ៏​ល្អ​ឥតខ្ចោះ និង​គ្រប់​ជ្រុងជ្រោយ​របស់​ព្រះវរបិតា​សួគ៌​យើង ។ …

តាម​ទស្សនៈ​របស់​ទ្រង់ ព្រះ​ទតឃើញ​យើង និង​អ្វីៗ​គ្រប់​យ៉ាង​ដែល​នៅជុំវិញ​យើង « ដែល​មាន​នៅ​ពេល​នេះ …​ហើយ​អំពី​រឿង​ទាំង​ឡាយ តាម​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ » [ យ៉ាកុប ៤:១៣ ] ។ ទស្សនៈ​របស់ទ្រង់​គឺ​យូរអង្វែង ជាជាង​កំណត់​ចំពោះ​តែ​បច្ចុប្បន្នកាល ដោយ​អនុញ្ញាត​ឲ្យ​ទ្រង់​ទតឃើញ​សក្តានុពល​ដ៏​ទេវភាព​របស់យើង ជាជាង​គ្រាន់តែ​ជា​ស្ថានភាព​បច្ចុប្បន្ន ឬ​អតីតកាល​របស់យើង ។ ហើយ​ទ្រង់​ទតមើល​ការបង្កបង្កើត​របស់​ទ្រង់​ទាំងអស់​ដោយ​ព្រះនេត្រ​នៃ​សេចក្តី​ស្រឡាញ់ ។ ( « How to Be Happy Now—and Forever » [ ការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៩ ] ទំព័រ ២ នៅលើ​គេហទំព័រ speeches.byu.edu )

កាល​ដែល​អ្នកអាន​សេចក្តីពិត​ខាងក្រោម​នេះ និង​សេចក្តីថ្លែងការណ៍​គាំទ្រ​ដោយ​ព្យាការី និង​សាវក​នានា សូម​ពិចារណា​ពី​របៀប​ដែល​ពួកលោក​អាច​ជួយ​អ្នកឲ្យ​អភិវឌ្ឍ​បន្ថែមទៀត​នូវ​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ស្តីពី​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ។

  1. ព្រះវរបិតាសួគ៌​ស្រឡាញ់​បុត្រា​បុត្រី​របស់​ទ្រង់​ទាំងអស់ ( សូមមើល នីហ្វៃ​ទី​១ ១១:១៧; យ៉ូហាន ទី១ ៤:៩–១០, ១៦ ) ។

    ប្រធាន ម៉នសុន បាន​បង្រៀន ៖

    រូបភាព
    ប្រធាន ថូម៉ាស អេស ម៉នសុន

    ព្រះវរបិតាសួគ៌​ស្រឡាញ់​អ្នក—គឺ​អ្នកគ្រប់គ្នា ។ ក្ដីស្រឡាញ់នោះ​មិន​ផ្លាស់ប្ដូរ​ឡើយ ។ … វាកើត​មាន​សម្រាប់អ្នក ពេល​អ្នក​សោកសៅ ឬ​រីករាយ បាក់ទឹកចិត្ត ឬ​មាន​សង្ឃឹម ។ ក្ដី​ស្រឡាញ់​ព្រះ​មាន​ចំពោះ​អ្នក មិនថាអ្នកដឹង​ថា អ្នក​គួរ​ទទួល​បាន​ក្ដីស្រឡាញ់​ឬ​ក៏​អត់​នោះ​ទេ ។ ( « We Never Walk Alone » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១២៣–២៤ )

  2. ព្រះ​អង្គសង្រ្គោះ​មាន​ព្រះ​បញ្ញាញាណ​យល់ដឹង​យ៉ាង​ឥតខ្ចោះ​ពី​បទពិសោធន៍ និង​ញាណ​ដឹង​ពី​របៀប​ដើម្បី​ជួយ និង​ពង្រឹង​យើង​ម្នាក់ៗ ( សូមមើល អាលម៉ា ៧:១១–១២ ) ។

    ប្រធាន អូក បាន​មាន​ប្រសាសន៍ ៖

    រូបភាព
    ប្រធាន ដាល្លិន អេក អូក

    ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ដក​ពិសោធន៍ ហើយ​រងទុក្ខនូវ​ភាព​ពោរពេញ​នៃ​ឧបសគ្គ​ទាំងអស់​នៃ​ជីវិត​រមែង​ស្លាប់ ។ … ហេតុដូច្នោះ​ហើយ ទ្រង់​ដឹងពី​ទុក្ខលំបាក ការខូចចិត្ត ការល្បួង និង​ការរងទុក្ខ​របស់យើង ដ្បិត​ទ្រង់​មាន​ព្រះឆន្ទៈ​ដក​បទពិសោធន៍​ការណ៍​ទាំងនោះ ដែល​វា​គឺជា​ផ្នែក​សំខាន់​មួយនៃ​ដង្វាយធួន​របស់ទ្រង់ ។ ហើយ​ដោយសារ​ការណ៍នេះ នោះដង្វាយធួន​របស់​ទ្រង់​ប្រទាន​អំណាច​ដល់​ទ្រង់​ដើម្បី​ជួយ​យើង—ប្រទាន​កម្លាំង​ដល់យើង​ដើម្បី​ទ្រាំទ្រ​នូវការណ៍​ទាំងអស់​នោះ ។ ( « Strengthened by the Atonement of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦១–៦២ )

  3. យើង​ទាំងអស់​គ្នា​មាន​ទីកន្លែង​នៅក្នុង​សាសនាចក្រ​របស់​ព្រះអង្គ​សង្រ្គោះ និង​ផែនការ​នៃ​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះវរបិតាសួគ៌ ( សូមមើល ទំនុកដំកើង ៨៤:១១–១២; កូរិនថូស ទី១ ១២:១២–២៦; ម៉ូសាយ ២:៤១ ) ។

    ប្រធាន បាឡឺដ បាន​ពន្យល់ ៖

    រូបភាព
    ប្រធាន អិម រ័សុល បាឡឺដ

    ខ្ញុំ​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​ដែល​ជា​សមាជិក​សាសនាចក្រ​ដែល​ជា​ខ្ទើយ​ប្រុស ឬ​ខ្ទើយ​ស្រី​ដឹងថា ខ្ញុំ​ជឿ​ថា​អ្នក​មាន​កន្លែង​នៅ​ក្នុង​នគរ​នេះ ហើយ​ខ្ញុំ​ដឹង​ថា នៅពេលខ្លះ​វា​អាច​ពិបាក​សម្រាប់​អ្នក​ក្នុង​ការមើល​ឃើញ​កន្លែង​ដែល​អ្នក​ចុះសម្រុង​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ប៉ុន្តែ​អ្នក​មាន​កន្លែង​នេះ ។ ( « Questions and Answers » [ ការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ] ទំព័រ ៣ នៅលើ​គេហទំព័រ speeches.byu.edu )

    មនុស្ស​មួយចំនួន​ដែល​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ក៏​ឆ្ងល់​ដែរ​ថា តើ​ពួកគេ​ស័ក្តិសម​នឹង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌​ដោយ​របៀបណា​បន្ទាប់​ពី​ជីវិត​នេះ​ទៅ ។ ព្យាការី​ទាំងឡាយ​បាន​ធានា​យើង​ថា ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់​របស់​យើង​នឹង​ប្រទានពរ​ដល់​អស់​អ្នក​ទាំងឡាយណា​ដែល​ងាកទៅរក ហើយ​បន្ត​នៅ​ស្មោះត្រង់​ចំពោះទ្រង់ ។ អែលឌើរ អូលីសេស សូរ៉េស បាន​ផ្តល់​ដំបូន្មាន ៖

    រូបភាព
    អែលឌើរ អូលីសេស សូរ៉េស

    គោលការណ៍​ដូចគ្នា​នេះ​អនុវត្ត​ចំពោះ​បងប្អូន​ដែល​ដក​ពិសោធន៍​ការស្រឡាញ់​ភេទ​ដូចគ្នា ហើយ​មាន​អារម្មណ៍​បាក់​ទឹកចិត្ត និង​តែលតោល ។ ហើយ​ប្រហែល​ដោយសារ​មូលហេតុ​នេះ ទើប​បងប្អូន​មួយ​ចំនួន​អាច​មាន​អារម្មណ៍​ថា ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មិន​មែន​សម្រាប់​បងប្អូន​ទៀត​ឡើយ ។ ប្រសិនបើ​ពិត​ដូច្នេះ​មែន ខ្ញុំ​ចង់​ធានា​ដល់​បងប្អូន​ថា នឹង​មាន​ក្ដីសង្ឃឹម​លើ​ព្រះ ជា​ព្រះវរបិតា និង​លើ​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់ លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ និង​លើ​ការរស់នៅ​តាម​បទបញ្ញត្តិ​ជាទី​ស្រឡាញ់​របស់​ទ្រង់​ទាំងទ្វេ​ជានិច្ច ។ ក្នុង​ប្រាជ្ញា ព្រះចេស្ដា សេចក្ដី​យុត្តិធម៌ និង​ក្ដី​មេត្តា​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ ព្រះអម្ចាស់​អាច​ផ្សារភ្ជាប់​យើង​ទៅនឹង​ទ្រង់ ដើម្បី​ឲ្យ​យើង​អាច​ចូល​ទៅក្នុង​វត្តមាន​របស់​ទ្រង់ ហើយ​ទទួល​បាន​ការសង្គ្រោះ​ដ៏​អស់កល្ប បើ​យើង​មាន​ចិត្ត​ខ្ជាប់​ខ្ជួន ហើយ​មុតមាំ​ក្នុង​ការកាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ [ សូមមើល អាលម៉ា ១:២៥ ] ហើយ​តែងតែ​ធ្វើ​អំពើ​ល្អ​ជា​ច្រើន [ សូមមើល ម៉ូសាយ ៥:១៥ ] ។ ( « Take Up Our Cross » Ensign ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១១៤ )

  4. កាល​ដែល​យើង​ផ្តោតទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​រក្សា​សេចក្តី​សញ្ញា​របស់​យើង​ជាមួយ​ទ្រង់​ទាំងទ្វេ នោះ​យើង​អាច​មាន​សេចក្តី​សង្ឃឹម​បាន ( សូមមើល នីហ្វៃ​ទី​២ ៣១:២០ ) ។

    ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាល​នោះ​នៅក្នុង​គណៈប្រធាន​ទីមួយ​បានថ្លែងទីបន្ទាល់ ៖

    រូបភាព
    ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

    យើង​សង្ឃឹម​លើ​ព្រះយេស៊ូវ​គ្រីស្ទ ក្នុង​ភាពល្អ​នៃ​ព្រះ នៅក្នុង​ការបើក​បង្ហាញ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ក្នុង​ចំណេះដឹង​ដែលថា​ការអធិស្ឋាន​នឹង​បាន​ឮ ហើយ​បាន​ឆ្លើយតប ។ … សេចក្តី​សង្ឃឹម​ប្រភេទ​នេះ … ធ្វើ​ឲ្យ​យើង​មាន​ភាពក្លាហាន​ឡើងវិញ​ក្នុងអំឡុង​ពេល​មាន​ឧបសគ្គ​ដ៏​លំបាក​ទាំងឡាយ និង​ផ្តល់​កម្លាំង​ដល់​អ្នក​ដែល​មាន​អារម្មណ៍​ថា​មានការ​គំរាមកំហែង​ដោយការ​ហ៊ុមព័ទ្ធ​ដោយ​សេចក្តី​ភ័យខ្លាច ការសង្ស័យ និង​ការអស់​សង្ឃឹម ។ ( « The Infinite Power of Hope » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៣ )

រូបភាព
រូបភាព​ព្រះគ្រីស្ទ ដោយ ហិនរីឆ ហូហ្វម៉ាន់
រូបភាព
រូបតំណាង​ការពិភាក្សា

ពិភាក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​ពិភាក្សា​អ្វី​ដែល​អ្នក​បានរៀន និង​ទទួល​អារម្មណ៍ កាល​ដែល​អ្នក​អាន​ឯកសារ​មេរៀន​នេះ​ជាមួយ​នឹង​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ដែល​ជិតដិត ។ សូម​មករៀន​ដោយ​បាន​ត្រៀមខ្លួន​ចែកចាយ​រាល់គំនិត​ដែល​អ្នក​ទទួល​បាន​មកពី​ការពិភាក្សា​របស់​អ្នក ។