ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៧ ឯកសារ​គ្រូបង្រៀន ៖ ការលើក​កម្ពស់ និង​ការការពារ​គ្រួសារ​ជា​អង្គភាព​ដ៏សំខាន់​នៃ​សង្គម


« មេរៀន​ទី ២៧ ឯកសារ​គ្រូបង្រៀន ៖ ការលើក​កម្ពស់ និង​ការការពារ​គ្រួសារ​ជា​អង្គភាព​ដ៏សំខាន់​នៃ​សង្គម » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ២៧ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀនទី ២៧ ឯកសារ​គ្រូបង្រៀន

ការលើក​កម្ពស់ និង​ការការពារ​គ្រួសារ​ជា​អង្គភាព​ដ៏សំខាន់​នៃ​សង្គម

ពួក​ព្យាការី និង​សាវក​បាន​អំពាវនាវ​ឲ្យ​យើង « គាំទ្រ​នូវ​អ្វីៗ​ទាំងនេះ​ដែល​បាន​រៀបរាប់​ឡើង​ដើម្បី​ទ្រទ្រង់ និង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មាំមួន ដូចជា​អង្គភាព​មួយ​ដ៏​សំខាន់​នៃ​សង្គម » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ស្គាល់​ពី​ឥទ្ធិពល​ដែល​ចូល​រួម​ចំណែក​ដល់​ការ​បែកបាក់​គ្រួសារ ។ សិស្ស​ក៏​នឹង​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​លើក​កម្ពស់ ហើយ​ការពារ​គ្រួសារ​ជា​អង្គភាព​មួយ​ដ៏​សំខាន់​នៃ​សង្គម​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

មារសត្រូវ​ខិតខំ​បំផ្លាញ​ក្រុមគ្រួសារ ។

ប្រសិន​បើ​អាច​ធ្វើបាន សូម​ដាក់​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ​ដោយ​ប្រធាន ជូលី ប៊ី ប៊េក អតីត​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ហើយ​អាន​វា​រួម​គ្នា ៖

រូបភាព
ប្រធាន ជូលី ប៊ី ប៊េក

ជំនាន់​នេះ​នឹង​ត្រូវបាន​ហៅ​ឲ្យ​ការពារ​គោលលទ្ធិ​នៃ​ក្រុមគ្រួសារ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក ។ ប្រសិនបើ​ពួកគេ​មិន​ដឹង​ពី​វា​ទេ នោះ​ពួកគេ​មិន​អាច​ការពារ​វា​បាន​ឡើយ ។ …

ក្រៅពី​ការយល់ដឹង​អំពី​ទ្រឹស្ដី​នៃ​គ្រួសារ នោះ​យើង​ទាំងអស់​គ្នា​ត្រូវ​យល់ដឹង​អំពី​ការ​គម្រាម​កំហែង​ចំពោះ​គ្រួសារ​ផង​ដែរ ។ ប្រសិនបើ​យើង​មិន​ធ្វើ​ដូច្នោះ​ទេ នោះ​យើង​មិន​អាច​រៀបចំខ្លួន​ធ្វើ​ចម្បាំង​នោះ​បាន​ឡើយ ។ ( « Teaching the Doctrine of the Family » Ensign ខែ មីនា ឆ្នាំ ២០១១ ទំព័រ ១៤, ១៧ )

  • ហេតុអ្វី​គោលលទ្ធិ​របស់​ព្រះអម្ចាស់​អំពី​គ្រួសារ​ត្រូវការ​ការការពារ ?

សូម​ដាក់​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ​មក​ពី​ការប្រកាស​អំពី​ក្រុមគ្រួសារ ៖ ការបែកបាក់​នៅក្នុង​គ្រួសារ​នឹង​នាំ​មក​នូវ​មហន្ដរាយ​ដល់​បុគ្គល​នោះ សហគមន៍ និង​ជាតិសាសន៍ ដូចដែល​បាន​ទាយ​ទុក​ជាមុន​ដោយ​ពួកព្យាការី​ពី​សម័យ​បុរាណ និង​សម័យ​ទំនើប ។

សូម​គូរ​ជួរ​ឈរ​ពីរ​នៅ​លើ​ក្ដារខៀន ។ សូម​សរសេរ​ចំណង​ជើង​ដូច​តទៅ​នេះ​នៅ​លើ​ជួរ​ឈរ​ទីមួយ ៖ ឥទ្ធិពល​ដែល​រួម​ចំណែក​ដល់​ការបែកបាក់​គ្រួសារ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​គំនិត​ដែល​ពួកគេ​នឹក​ឃើញ ហើយ​សុំ​ឲ្យ​សិស្ស​ម្នាក់​សរសេរ​ចម្លើយ​របស់​សិស្ស​ក្នុង​ថ្នាក់​ផ្សេងទៀត​ដាក់​នៅ​លើ​ក្ដារខៀន ។ ( អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រំឭក ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ឡើងវិញ ដោយ​រួម​បញ្ចូល​ទាំង​ការសិក្សា​ក្នុង ធីម៉ូថេ ទី២ ៣:១–៦, ១៣ ផងដែរ ប្រសិន​បើ​ពួកគេ​ត្រូវការ​ជំនួយ ) ។ នៅពេល​សិស្ស​សរសេរ​គំនិត​របស់​ពួកគេ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពន្យល់​ពី​របៀប​ដែល​ឥទ្ធិពល​ទាំង​នេះ​ចូលរួម​ចំណែក​ដល់​ការ​បែកបាក់​គ្រួសារ ។

សូម​សរសេរ​ចំណង​ជើង​ដូច​តទៅ​នេះ​នៅ​លើ​ជួរ​ឈរ​ទីពីរ​លើ​ក្ដារខៀន ៖ គោលលទ្ធិ​ដែល​បាន​ប្រកាស​នៅ​ក្នុង​ការ​ប្រកាស​អំពី​ក្រុមគ្រួសារ​ដែល​អាច​តតាំង​នឹង​ឥទ្ធិពល​ទាំង​នេះ​បាន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​ការ​ប្រកាស​អំពី​ក្រុមគ្រួសារ​ដើម្បី​សរសេរ​គោលលទ្ធិ​ដែល​ទាក់ទង​នៅ​លើ​ក្ដារខៀន ។

  • តើ​ការសិក្សា​គោលលទ្ធិ​របស់​ព្រះអម្ចាស់​អំពី​គ្រួសារ​នៅ​ក្នុង​វគ្គ​សិក្សា​នេះ​បាន​រៀបចំ​អ្នក​ឲ្យ​ការពារ​គ្រួសារ​បាន​កាន់​តែប្រសើរ​ឡើង​ដោយ​របៀបណា ?

យើង​មាន​ការទទួលខុសត្រូវ​ដើម្បី​ការពារ និង​លើកកម្ពស់​គ្រួសារ ។

សូម​ដាក់​បង្ហាញ​សេចក្ដីថ្លែងការណ៍​ដូចតទៅ​នេះ​មក​ពី​ការប្រកាស​អំពី​ក្រុមគ្រួសារ ៖ យើង​សូម​អំពាវនាវ​ដល់​ប្រជាពល​រដ្ឋ និង​មន្ត្រី​រាជការ​ទាំងឡាយ​នៅ​ក្នុង​រដ្ឋាភិបាល ដែល​ទទួល​ខុស​ត្រូវ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ សូម​ឲ្យ​គាំទ្រ​នូវ​អ្វីៗ​ទាំងនេះ​ដែល​បាន​រៀបរាប់​ឡើង​ដើម្បី​ទ្រទ្រង់ និង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មាំមួន ដូចជា​អង្គភាព​មួយ​ដ៏​សំខាន់​នៃ​សង្គម ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​ពីសេចក្តី​ពិត និង​សារៈសំខាន់​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ ។ សិស្ស​ទំនង​នឹង​អនុវត្ត​តាម​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ នៅពេល​ពួកគេ​ទទួល​អារម្មណ៍​ពី​សេចក្ដីពិត និង​សារៈសំខាន់​របស់​វា​តាមរយៈ​ព្រះវិញ្ញាណ ហើយ​ទទួល​អារម្មណ៍​ពី​ភាព​បន្ទាន់​មួយ​ចំនួន ដើម្បី​បញ្ចូល​វា​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ របៀប​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​ពីសេចក្ដីពិត និង​សារៈសំខាន់​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ គឺ​ត្រូវ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សញ្ជឹងគិត ហើយ​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​នានា​ដែល​ទាក់ទង​ទៅនឹង​សេចក្ដីពិត​ទាំងនេះ ។

សូម​រំឭក​សិស្ស​ថា ពួកគេ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​ផែនការ​សកម្មភាព​ដ៏​សាមញ្ញ​មួយ​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​លើក​កម្ពស់ ឬ​ការពារ​គ្រួសារ ( សូមមើល ផ្នែក​ទី ២ និង​ទី ៣ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​វិធី​មួយ​ចំនួន​ណា​ខ្លះ​ដែល​យើង​អាច​លើក​កម្ពស់​ដល់​គ្រួសារ​ជា​អង្គភាព​មួយ​ដ៏​សំខាន់​នៃ​សង្គម​បាន ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ដែល​ទាក់ទង​នឹង​គំនិត​នៅលើ​ក្ដារខៀន ) ។

  • តើ​ផលវិបាក​អ្វីខ្លះ​អាច​កើត​មាន​ឡើង ប្រសិន​បើ​យើង​មិន​បាន​និយាយ​លើក​កម្ពស់ ឬ​ការពារ​ជំនឿ​របស់​យើង​អំពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ទេ​នោះ ?

អ្នក​អាច​ចែកចាយ​សេចក្ដីថ្លែងការណ៍​ដូច​តទៅ​នេះ​ដោយ​ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖ « យើង​ត្រូវ​ចងចាំ​ពី​សេចក្ដី​ថ្លែងការណ៍​របស់ អេដម៉ាន់ ប៊ឺក ៖ ‹ រឿង​ចាំបាច់​តែ​មួយ​គត់​ចំពោះ​ជោគជ័យ​របស់​អារក្ស​គឺ​ឲ្យ​បុរស [ និង​ស្ត្រី ] ល្អៗ​ឈប់​ធ្វើអ្វី​ទាំងអស់ › [ មាន​នៅក្នុង​ការចងក្រង​ដោយ John Bartlett Familiar Quotations កំណែ​ទី ១៥ ( ឆ្នាំ ១៩៨០ ) ទំព័រ ix ] » ( « Let Our Voices Be Heard » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ១៨ ) ។

  • តើ​ព្រះអម្ចាស់​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​អារម្មណ៍​ស្ទាក់ស្ទើរ ឬ​ការភ័យ​ខ្លាច​ណាមួយ​ដែល​យើង​អាច​មាន នៅពេល​ធ្វើ​ការ​លើក​កម្ពស់ ឬ​ការការពារ​ដល់​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដោយ​របៀប​ណា ?

សូម​ជ្រើសយក​ជម្រើស​ខាងក្រោម​មួយ​ដើម្បី​ជួយ​សិស្ស​ឲ្យ​កែលម្អ​លទ្ធភាព​របស់​ពួកគេ​ដើម្បី​លើក​កម្ពស់ និង​ការ​ពារ​ដល់​អាពាហ៍ពិពាហ៍ និង​គ្រួសារ ៖

ជម្រើស​ទី ១

សូម​បង្ហាញ​វគ្គ « Samantha in Class » មក​ពី​វីដេអូ « Everyday Example: When Beliefs Are Questioned » ( លេខ​កូដម៉ោង ០:០០–៣:០៦ ) ។ វីដេអូនេះ​ពិពណ៌នា​អំពី​ការពិភាក្សា​គ្នា​រវាង​យុវមជ្ឈិមវ័យ​ពីរនាក់​ដែលមាន​ឈ្មោះ សាមែនថា និង មីគី ។

បន្ទាប់ពី​សិស្ស​បាន​មើល​វីដេអូ​រួច​ហើយ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​នឹង​រៀបរាប់​ពី​ចម្លើយ​របស់ សាមែនថា ទៅ​កាន់​ការ​វាយ​ប្រហារ​របស់ មីគី ដោយ​របៀបណា ? តើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​ស្រដៀងគ្នា​នេះ​ដែរ​ឬ​ទេ ? ប្រសិន​ដូច្នោះ​មែន តើ​វា​មាន​លក្ខណៈ​បែប​ណា​ដែរ ?

  • តើ​សាមែនថា គួរ​បាន​ធ្វើ​អ្វីខ្លះ​ដែល​ខុស​ប្លែក​ពី​នេះ ដើម្បី​ឆ្លើយ​តប​តាម​របៀប​កាន់​តែ​ដូចជា​ព្រះគ្រីស្ទ​ទៅ​នឹង​ការ​រិះគន់​របស់ មីគី ? ( ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ សូម​ពិចារណា​អាន​រួម​គ្នា​នៅ​ក្នុង មរ៉ូណៃ ៧:៣–៥ និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៣០ ។ អ្នក​ក៏​អាច​ចង់​រំឭក​រួម​គ្នា​នូវ​បញ្ជី​នៃ​គោលការណ៍​ដែល​មាន​នៅ​ក្នុង ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ផងដែរ ) ។

សូម​បង្ហាញ​វគ្គ « Samantha and Miki » មក​ពី​វីដេអូ « Everyday Example: When Beliefs Are Questioned » ( លេខ​កូដម៉ោង ៧:២៨–១២:៤៨ ) ។

បន្ទាប់ពី​បង្ហាញ​វីដេអូ​នេះ​រួច​មក សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​មក​ពី​ការសន្ទនា​រវាង​សាមែនថា និង​មីគី ?

ជម្រើស​ទី ២

សូម​អាន​រួម​គ្នា​នៅ​ក្នុង មរ៉ូណៃ ៧:៣–៥ និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៣០ និង​រំឭក​​បញ្ជី​នៃ​គោលការណ៍​នៅ​ក្នុង ​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ឡើងវិញ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អនុវត្ត​តាម​គោលការណ៍​ទាំង​នេះ​នៅ​ក្នុង​សកម្មភាព​ដូចខាងក្រោម ៖

សូម​ឲ្យ​សិស្ស​ធ្វើ​ការ​ជាមួយ​នឹង​ដៃគូ​ម្នាក់ ។ សូម​ពន្យល់​ថា អ្នក​នឹង​បង្ហាញ​ពី​សាច់រឿង​ខុសៗគ្នា​ក្នុង​ទម្រង់​ជា​សំណួរ ( សូម​មើល​ខាង​ក្រោម ) ។ បន្ទាប់មក ដៃគូ​ម្នាក់​មាន​ពេល​មួយ​នាទី​ផ្ដល់​ចម្លើយ​ដែល​សាមញ្ញ ច្បាស់លាស់ និង​ដោយ​គ្មាន​ការចង់​ឈ្នះ​ចង់ចាញ់ កាល​ដៃគូ​ម្នាក់ទៀត​ស្ដាប់ ។ បន្ទាប់​ពី​ចម្លើយ​នីមួយៗ​មក សូម​អនុញ្ញាត​ឲ្យ​ដៃគូ​ទាំងនោះ​ពិភាក្សា​គ្នា​ខ្លីៗ​នូវ​អ្វី​ដែល​ធ្វើ​បាន​ល្អ និង​អ្វី​ដែល​គួរ​តែ​កែលម្អ ។ សូម​អញ្ជើញ​ដៃគូ​ទាំងនោះ​ឲ្យ​ប្ដូរ​តួនាទី​គ្នា​ឆ្លើយ​សំណួរ​បន្ទាប់ ។

សូម​ប្រើ​សំណួរ​ខាងក្រោម ឬ​សំណួរ​មួយ​ចំនួន​របស់​អ្នក​ផ្ទាល់​ដើម្បី​បំពេញ​តាម​សេចក្ដីត្រូវការ​របស់​សិស្ស ៖

  1. ហេតុអ្វី​ព្រះវិហារ​របស់​អ្នក​បដិសេធ​ការរម្លូត​កូន ? តើ​អ្នក​មិន​ជឿ​លើ​សិទ្ធិ​របស់​ស្ត្រី​ក្នុង​ការ​ជ្រើសរើស​នូវ​អ្វី​ដែល​កើតឡើង​ចំពោះ​រូបកាយ​របស់​នាង​ទេឬ ?

  2. ហេតុអ្វី​សមាជិក​ព្រះវិហារ​របស់​អ្នក​ដែល​បាន​រៀបការ​រួច​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​មាន​កូន ? តើ​អ្នក​មិន​មាន​កង្វល់​អំពី​ការ​មាន​ចំនួន​ប្រជាជន​ច្រើន​ពេក​ទេឬ ?

  3. ហេតុអ្វី​ព្រះវិហារ​របស់​អ្នក​បដិសេធ​អាពាហ៍​ពិពាហ៍​ភេទ​ដូចគ្នា ? តើ​អ្នក​មិន​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​មាន​សិទ្ធិ​ដូចគ្នា ហើយ​រីករាយ​ទេឬ ?

  4. តើ​ការរស់នៅ​ជាមួយនឹង​មនុស្ស​ម្នាក់​ពីមុន​អ្នក​រៀបការ​មាន​អ្វី​ខុស​ទៅ ? តើវា​មិន​ផ្តល់ « ដំណើរ​ការសាកល្បង » ដ៏​ចាំបាច់​មួយ​ដើម្បី​ប្រាកដថា​អ្នក​ត្រូវគ្នា​ទេឬ ?

បន្ទាប់​ពី​សកម្មភាព​នេះ សូម​អញ្ជើញ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​ការពិភាក្សា​របស់​ពួកគេ ។

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​កែលម្អ​លទ្ធភាព​របស់​ពួកគេ​ក្នុង​ការ​មាន​ការ​សន្ទនា​ដូចជា​ព្រះគ្រីស្ទ​អំពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ជាមួយ​នឹង​មនុស្ស​ដទៃទៀត ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​ស្វែង​រក​វិធី​អនុវត្ត​តាម​គោលការណ៍​នៅ​ក្នុង ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ដោយ​ការពិភាក្សា​នូវ​សំណួរ​ស្មុគស្មាញ​ស្ដីពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ជាមួយ​នឹង​មិត្តភក្ដិ ឬ​សមាជិក​គ្រួសារ​ម្នាក់ ។

សម្រាប់​ពេល​ក្រោយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថាតើ​ពួកគេ​បាន​រៀន និង​បាន​ពិភាក្សា​សេចក្ដីពិត​អ្វីខ្លះ​អំឡុង​វគ្គសិក្សា​ស្ដីពី​គ្រួសារ​ដ៏អស់កល្ប​ជានិច្ច​នេះ ដែល​វា​បាន​ជួយ​ពួកគេ​ឲ្យ​មាន​សេចក្ដីសង្ឃឹម និង​ចិត្ត​រំភើប​រីករាយ​ចំពោះ​ក្រុមគ្រួសារ​របស់​ពួកគេ​បច្ចុប្បន្ន និង​នា​ពេល​អនាគត ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សិក្សា ឯកសារ​រៀបចំ​សម្រាប់​មេរៀន​លើក​ក្រោយ ហើយ​រៀបចំ​ខ្លួន​ចែកចាយ​នូវ​រឿង​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ ឬ​ច្រើន​ដែល​ពួកគេ​បាន​រៀន​នៅ​អំឡុង​វគ្គសិក្សា​នេះ ។