ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការទទួល​បាន​សុភមង្គល​នៅក្នុង​ជីវិត​គ្រួសារ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ


« មេរៀន​ទី ១៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការទទួល​បាន​សុភមង្គល​នៅក្នុង​ជីវិត​គ្រួសារ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

រូបភាព
ព្រះយេស៊ូវ​រាក់ទាក់​កូនក្មេង

មេរៀន​ទី ១៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការទទួល​បាន​សុភមង្គល​នៅក្នុង​ជីវិត​គ្រួសារ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ

សូម​ពិចារណា​រយៈពេល​មួយ​នាទី អំពី​គ្រា​ដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​សុភមង្គល និង​សេចក្ដី​សុខសាន្ត​នៅក្នុង​ជីវិត​របស់​អ្នក ។ ខណៈ​កំពុង​បម្រើ​ជា​សមាជិក​ក្នុង​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់ អែលឌើរ រីឆាត ជេ ម៉េណេស បាន​បង្រៀន​ថា « អំណរ​ដែល​យើង​ដក​ពិសោធន៍​ក្នុង​ជីវិត​នេះ នឹង​សមាមាត្រ​ដោយ​ផ្ទាល់​ទៅនឹង​របៀប​ដែល​យើង​ផ្ដោត​ទៅលើ​ការបង្រៀន គំរូ និង​ពលិកម្ម​ដ៏ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ល្អ​ប៉ុណ្ណា » ( « The Joy of Living a Christ-Centered Life » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ២៨ ) ។ នៅពេល​អ្នក​សិក្សា​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ថ្នាក់​រៀន សូម​ពិចារណា​ពី​របៀប​ដែល​ការស្ថាបនា​ជីវិត​ផ្ទាល់ខ្លួន និង​ជីវិត​គ្រួសារ​របស់​អ្នក​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់ អាច​នាំឲ្យ​អ្នក​មាន​សុភមង្គល សេចក្ដី​សុខសាន្ត និង​ស្ថិរភាព​កាន់តែ​ខ្លាំង មិន​ថា​អ្នក​ស្ថិតក្នុង​កាលៈទេសៈ​បែប​ណា​នោះទេ ។

ផ្នែក​ទី ១

តើ​គ្រួសារ​របស់​ខ្ញុំ និង​ខ្ញុំ​អាច​ស្ថាបនា​គ្រឹះ​ខាង​វិញ្ញាណ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

នៅពេល​គេ​សាងសង់​អគារ​មួយ នោះ​គេ​យកចិត្ត​ទុកដាក់​យ៉ាង​ប្រុង​ប្រយ័ត្ន​លើ​គ្រឹះ​របស់វា និង​ប្រភេទ​ដី​ដែល​នៅពី​ក្រោម​គ្រឹះ​នោះ ។ គ្រឹះ​សុវត្ថិភាព​មួយ​នឹង​ធ្វើឲ្យ​អគារ​មាន​ស្ថិរភាព និង​ការពារ​អគារ​នោះ​ពី​កម្លាំង​ធម្មជាតិ និង​ភាពតានតឹង​នៃ​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ ។ តើ​គោលគំនិត​នេះ​អាច​ទាក់ទង​នឹង​អ្នក​យ៉ាង​ដូចម្ដេច នៅពេល​អ្នក​ស្ថាបនា​ជីវិត​ផ្ទាល់ខ្លួន និង​ជីវិត​គ្រួសារ​របស់​អ្នក ?

រូបភាព
ជាង​សំណង់​រៀបចំ​គ្រឹះ​អគារ

ព្យាការី​ហេលេមិន​បាន​បង្រៀន​កូនប្រុសៗ​របស់​លោក អំពី​ភាពចាំបាច់​ដើម្បី​សង់​គ្រឹះ​ខាង​វិញ្ញាណ​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន ហេលេមិន ៥:១២ ហើយ​រកមើល​របៀប​ដែល​ការសង់​នៅលើ « សិលា​នៃ​ព្រះដ៏​ប្រោសលោះ​នៃ​យើង » អាច​ពង្រឹង​យើង​ប្រឆាំង​នឹង​ឥទ្ធិពល​ដែល​គំរាម​កំហែង​ដល់​ជីវិត​ផ្ទាល់ខ្លួន និង​ជីវិត​គ្រួសារ​របស់​យើង ។

នៅពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ សូម​ស្វែងរក​របៀប​ដែល​យើង​អាច​ស្ថាបនា​គ្រឹះ​នៃ​ជីវិត​ផ្ទាល់ខ្លួន និង​ជីវិត​គ្រួសារ​របស់​យើង​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​នានា​គឺជា​ដុំឥដ្ឋ​ដែល​យើង​ប្រើ ដើម្បី​សង់​ជីវិត​របស់​យើង​នៅលើ​គ្រឹះ​នៃ​ព្រះគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ យើង​ត្រូវ​បាន​ភ្ជាប់​ដោយ​សុវត្ថិភាព​ជាមួយ​ព្រះអង្គ​សង្គ្រោះ នៅពេល​យើង​ទទួល​ពិធីបរិសុទ្ធ និង​ចូល​ទៅក្នុង​សេចក្តី​សញ្ញា​នានា​ដោយ​ស័ក្តិសម ចងចាំ និង​គោរព​តាម​ការតាំងចិត្ត​ដ៏​ពិសិដ្ឋ​ទាំងនោះ​ដោយ​ស្មោះត្រង់ ហើយ​រស់នៅ​ស្របតាម​កាតព្វកិច្ច​នានា ដែល​យើង​បាន​ទទួល​ដោយ​អស់ពី​សមត្ថភាព​របស់​យើង ។ ហើយ​កិច្ចសន្យា​នោះ​គឺជា​ប្រភព​នៃ​កម្លាំង និង​ស្ថិរភាព​ខាង​វិញ្ញាណ​នៅក្នុង​គ្រប់​រដូវកាល​ទាំងឡាយ​នៃ​ជីវិត​របស់​យើង ។ ( « Therefore They Hushed Their Fears » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៤៨ )

ខណៈ​កំពុង​បម្រើ​ក្នុង​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់ អែលឌើរ ដូណល អិល ហលស្ត្រម បាន​បង្រៀន​ដូច​ខាងក្រោម​អំពី​ការសង់​នៅលើ​គ្រឹះ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ៖

រូបភាព
អែលឌើរ ដូណល អិល ហលស្ត្រម

ឧបករណ៍​ទាំងអស់​ដែល​អ្នក​ត្រូវ​សាងសង់ ជួសជុល ឬ​ពង្រឹង​គ្រឹះ​របស់​អ្នក គឺ​មាន​សម្រាប់​អ្នក ។ … វា​រួមមាន​ការអធិស្ឋាន​ដ៏ខ្ជាប់ខ្ជួន និង​មាន​គុណភាព ការសិក្សា​ដំណឹងល្អ​ប្រចាំថ្ងៃ​តាមរយៈ​ព្រះគម្ពីរ ការចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ការប្រជុំ​របស់​សាសនាចក្រ ជាពិសេស​ដោយ​ការទទួល​ទាន​សាក្រាម៉ង់​ដោយ​មាន​គោលបំណង​ពិតប្រាកដ ការបម្រើ​ដោយ​មិន​គិត​ពី​ខ្លួនឯង​ជាបន្ត​បន្ទាប់ និង​ការរក្សា​សេចក្តី​សញ្ញា​យ៉ាង​ឧស្សាហ៍​ព្យាយាម ។

ឧបករណ៍​ដ៏ចាំបាច់​មួយ​ទៀត​គឺ ដំបូន្មាន​របស់​ព្យាការី​ដែល​នៅរស់ ។ ( « Jesus Christ: Our Firm Foundation » Ensign ខែ មេសា ឆ្នាំ ២០១៦ ទំព័រ ៦១ )

រូបភាព
គ្រួសារ​មួយ​សិក្សា​ព្រះគម្ពីរ​ជាមួយគ្នា
រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​គិត​អំពី​វិធី​មួយ​ចំនួន​ដែល​មាន​ប្រសិទ្ធភាព​បំផុត ដែល​អ្នក ឬ​គ្រួសារ​របស់​អ្នក​បាន​ស្ថាបនា​នៅលើ​គ្រឹះ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​សរសេរ​ទម្លាប់ ឬ​ការអនុវត្ត​ពីរបី​នៅក្នុង​សៀវភៅ​កត់ត្រា ឬ​កម្មវិធី​កត់​ចំណាំ​មួយ ដែល​អ្នក​អាច​ចែក​រំលែក​នៅក្នុង​ថ្នាក់​បាន ។

ផ្នែក​ទី ២

តើ​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​នឹង​មាន​ពរជ័យ​អ្វីខ្លះ ប្រសិនបើ​យើង​ជ្រើសរើស​ស្ថាបនា​គ្រឹះ​របស់​យើង​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់ ?

ព្យាការី​ថ្ងៃ​ចុងក្រោយ​បាន​ប្រកាស​ថា « សុភមង្គល​នៅក្នុង​ជីវិត​គ្រួសារ​អាច​កើត​មាន​ឡើង​បាន នៅពេល​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​គិត​អំពី​ការបង្រៀន​មួយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​នាំឲ្យ​អ្នក​មាន​សុភមង្គល​ក្នុង​ជីវិត​ផ្ទាល់ខ្លួន ឬ​ជីវិត​គ្រួសារ​របស់​អ្នក កាល​ដែល​អ្នក​បាន​អនុវត្ត​តាម​ការបង្រៀន​នោះ ។ សូម​ស្វែងរក​វគ្គ​បទគម្ពីរ​មួយ ដែល​មាន​ការបង្រៀន​នេះ ។ សូម​មកកាន់​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រកឃើញ ។

នៅពេល​ដែល​មនុស្ស​មួយ​ក្រុម ដូចជា​គ្រួសារ​ជាដើម សម្រេច​ចិត្ត​ស្ថាបនា​ជីវិត​របស់​ពួកគេ​នៅលើ​ព្រះអង្គ​សង្រ្គោះ និង​ការបង្រៀន​របស់​ទ្រង់ នោះ​ពួកគេ​អាច​ដក​ពិសោធន៍​ពរជ័យ​ដ៏​អស្ចារ្យ​ជាច្រើន ។ នេះ​គឺជា​មូលហេតុ​មួយ ដែល​គោលគំនិត​នៃ​ស៊ីយ៉ូន ដែលជា​ប្រជាជន​ដែល « មាន​ចិត្ត​តែមួយ និង​គំនិត​តែមួយ ហើយ [ រស់នៅ ] ក្នុង​សេចក្ដី​សុចរិត » ( ម៉ូសេ ៧:១៨ ) មាន​ភាពស្រស់ស្អាត និង​មាន​អានុភាព​យ៉ាងខ្លាំង ។ គំរូ​មួយ​នៃ​ប្រជាជន​បែប​នេះ​អាច​រកឃើញ​នៅក្នុង​ព្រះគម្ពីរ​មរមន ។ បន្ទាប់ពី​ព្រះអង្គ​សង្គ្រោះ​បាន​យាងទៅ​សួរសុខ​ទុក្ខ​ប្រជាជន​នៅ​ទ្វីប​អាមេរិក​ហើយ នោះ​ប្រជាជន​នេះ​បាន​ប្តេជ្ញា​ចិត្ត​រួមគ្នា ដើម្បី​រស់នៅ​តាម​ការបង្រៀន​របស់​ទ្រង់ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​សិក្សា នីហ្វៃ​ទី​៤ ១:១, ១១–១៣, ១៥–១៨ ហើយ​រកមើល​ការបង្រៀន​អ្វី​ដែល​ប្រជាជន​នេះ​បាន​ជ្រើសរើស​ដើម្បី​រស់នៅ និង​របៀប​ដែល​ការរស់នៅតាម​ការបង្រៀន​ទាំងនេះ មាន​ឥទ្ធិពល​លើ​ពួកគេ ។

រូបភាព
រូបតំណាង​ការសញ្ជឹង​គិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​បាន​ឃើញ​គំរូ​នៃ​ពរជ័យ​ប្រភេទ​នេះ បាន​រៀបរាប់​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ​នៅ​កន្លែង​ណា​ខ្លះ ? តើ​វា​អាច​មាន​សភាព​យ៉ាង​ដូចម្ដេច​ទៅ ប្រសិនបើ​គ្រួសារ​មួយ​ធ្វើការ​រួមគ្នា​ដើម្បី​ស្ថាបនា​ជីវិត​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់ ? តើ​អ្នក​អាច​ចាប់ផ្ដើម​នាពេល​ឥឡូវ​នេះ​ដើម្បី​ស្វែងរក ឬ​តើ​អ្នក​អាច​បន្ត​ស្វែងរក​គំនិត​ដ៏ល្អ​នេះ​ដោយ​របៀប​ណា ?

រូបភាព
គ្រួសារ​មួយ​កំពុង​ដើរ​ជាមួយ​គ្នា

ផ្នែក​ទី ៣

តើ​មាន​ឧបសគ្គ​អ្វីខ្លះ ដែល​អាច​រារាំង​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ​មិនឲ្យ​សង់​គ្រឹះ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ?

អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ថ្លែង​អំពី​របៀប​ដែល​ពួក​សត្រូវ​ព្យាយាម​រារាំង​យើង​ពី​ការស្ថាបនា​ជីវិត​របស់​យើង​នៅលើ​ព្រះអង្គ​សង្រ្គោះ និង​ការបង្រៀន​របស់​ទ្រង់ ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

សាតាំង និង​ពួកពល​បរិវារ​របស់​វា​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​រារាំង​អ្នក​ពី​ការទទួល​បាន​ពិធីបរិសុទ្ធ ដែល​តម្រូវ​ឲ្យ​មាន​សម្រាប់​គ្រួសារ​ដ៏ល្អ ។ វា​នឹង​ព្យាយាម​រំខាន​អ្នក​ពី​ការផ្តោត​ចិត្ត និង​គំនិត​របស់​អ្នក​ទៅលើ​ការចិញ្ចឹម​បីបាច់​ឲ្យមាន​គ្រួសារ​ដ៏រឹងមាំ​មួយ ដែលជា​ការចិញ្ចឹម​កូនៗ​របស់​អ្នក​ដូច​ដែល​ព្រះអម្ចាស់​តម្រូវ​ឲ្យ​ធ្វើ ។

… សាតាំង​មាន​ឧបករណ៍​ដ៏មាន​ឥទ្ធិពល​មួយ ដើម្បី​ប្រើ​ប្រឆាំង​នឹង​មនុស្ស​ល្អ ។ វា​គឺជា​ការរំខាន ។ វា​នឹង​បំពេញ​ជីវិត​របស់​មនុស្ស​ល្អៗ​ទៅដោយ « រឿង​ដែល​ល្អ តែ​មិន​សំខាន់ » ដូច្នេះ ពួកគេ​គ្មាន​កន្លែង​សម្រាប់​រឿង​ដែល​សំខាន់​នោះទេ ។ ( « First Things First » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៧ )

សូម​គិត​អំពី « រឿង​ដែល​ល្អ » មួយ​ចំនួន ដែល​អ្នក​បាន​ឃើញ​ថា វា​រំខាន​មនុស្ស​មិន​ឲ្យ​ផ្តោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ចាំបាច់​ក្នុង​ជីវិត​ផ្ទាល់ខ្លួន ឬ​ជីវិត​គ្រួសារ​របស់​ពួកគេ ។

ពួកយើង​មួយ​ចំនួន​ប្រហែល​ជា​មាន​ទំនៀម​ទម្លាប់​វប្បធម៌ ឬ​ទម្លាប់​គ្រួសារ ឬ​ការអនុវត្ត​ដែល​រារាំង​យើង​មិនឲ្យ​សង់​គ្រឹះ​របស់​យើង​យ៉ាង​រឹងមាំ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:៣៩ ) ។ ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

ដើម្បី​ជួយ​សមាជិក​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក នោះ​សាសនាចក្រ​បង្រៀន​យើង​ឲ្យ​បោះបង់​ចោល​ប្រពៃណី ឬ​ទំនៀម​ទម្លាប់​ផ្ទាល់ខ្លួន ឬ​មកពី​គ្រួសារ​នានា ដែល​ផ្ទុយ​ទៅនឹង​ការបង្រៀន​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​វប្បធម៌​ដំណឹងល្អ​នេះ ។ ( « The Gospel Culture » Ensign ខែ មីនា ឆ្នាំ ២០១២ ទំព័រ ៤២ )

សូម​ពិចារណា​អំពី​ឧបសគ្គ​ផ្សេងទៀត​ណាខ្លះ ដែល​អាច​នឹង​រារាំង​អ្នក ឬ​គ្រួសារ​របស់​អ្នក​មិនឲ្យ​សង់​គ្រឹះ​របស់​អ្នក​បាន​កាន់តែ​ពេញលេញ​នៅលើ​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
គ្រឹះ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក

បន្ទាប់ពី​បាន​ពិភាក្សា​អំពី​កិច្ចការ​ដែល​ក្រុម​ការងារ​សំណង់​ត្រូវ​ធ្វើ​ដើម្បី​ពង្រឹង និង​ជួសជុល​គ្រឹះ និង​រចនាសម្ព័ន្ធ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក​រួចហើយ នោះ​អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​យោបល់​ដូច​ខាងក្រោម ៖

រូបភាព
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន

ការពិនិត្យ​មើល​ខ្លួន​ឯង​ដោយ​ហ្មត់ចត់​មួយ​អាច​បង្ហាញ​ថា យើង និង​ក្រុមគ្រួសារ​យើង​អាច​ទទួល​បាន​ប្រយោជន៍​មកពី​ការថែរក្សា និង​ការជួសជុល​ដ៏​ចាំបាច់​មួយ​ចំនួន​របស់​យើង​ផង​ដែរ សូម្បីតែ​ការរញ្ជួយ​ផែនដី​ក្ដី ! យើង​អាច​ចាប់ផ្ដើម​ដំណើរការ​បែប​នេះ​ដោយ​ការសួរ​ថា

« តើ​គ្រឹះ​របស់​ខ្ញុំ​មាន​ស្ថានភាព​បែបណា​ដែរ ? »

« តើ​អ្វី​ទៅ​ដែល​ទាក់ទង​នឹង​ថ្មគ្រឹះ​ដ៏​រឹងមាំ ហើយ​ក្រាស់​ដែល​ជា​ផ្នែក​នៃ​គ្រឹះ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ដែល​ទីបន្ទាល់​របស់​ខ្ញុំ​សង់​លើ ? »

« តើ​អ្វី​ទៅ​ជា​ធាតុ​ដ៏​សំខាន់​នៃ​បុគ្គលិក​លក្ខណៈ​ខាង​វិញ្ញាណ និង​ខាង​ផ្លូវ​ចិត្ត​របស់​ខ្ញុំ ដែល​វា​នឹង​អនុញ្ញាត​ឲ្យ​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​បន្ត​រឹងមាំ ហើយ​ស្ថិតស្ថេរ ថែម​ទាំង​អាច​ទ្រាំទ្រ​នឹង​ការរញ្ជួយ​ដី និង​ព្រឹត្តិការណ៍​រញ្ជួយដី​ដ៏​ចលាចល​ដែល​នឹង​កើត​មាន​នៅក្នុង​ជីវិត​របស់​យើង​ផងដែរ​នោះ ? » ( « A Good Foundation against the Time to Come » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៥០ )

រូបភាព
រូបតំណាង​ការធ្វើ​សកម្មភាព

ធ្វើ​សកម្មភាព

សូម​ពិចារណា​អំពី​សំណួរ​ដែល​អែលឌើរ ស្ទីវ៉ែនសុន បាន​សួរ ។ តើ​អ្នក​អាច​ស្ថាបនា​គ្រឹះ​របស់​អ្នក—អាទិភាព គុណតម្លៃ ការសម្រេច​ចិត្ត និង​ការប្រើប្រាស់​ពេលវេលា​ជាដើម—នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ឲ្យបាន​កាន់តែ​ពេញលេញ​ជាងមុន​ដោយ​របៀប​ណា ? សូម​កត់ត្រា​គោលដៅ ឬ​ផែនការ​មួយ ដែល​អ្នក​អាច​ធ្វើបាន​នៅ​សប្ដាហ៍​នេះ ។