ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៤ ឯកសារ​គ្រូបង្រៀន ៖ គ្រួសារ​គឺជា​ផ្នែក​ដ៏សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌


« មេរៀន​ទី ៤ ឯកសារ​គ្រូបង្រៀន ៖ គ្រួសារ​គឺជា​ផ្នែក​ដ៏សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ៤ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច

មេរៀន​ទី ៤ ឯកសារ​គ្រូបង្រៀន

គ្រួសារ​គឺជា​ផ្នែក​ដ៏សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌

គ្រួសារ​គឺជា​ផ្នែក​ដ៏សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង សម្រាប់​ជោគវាសនា​ដ៏អស់កល្ប​ជានិច្ច​របស់​យើង ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​ដើម្បី​ពន្យល់​ពី​របៀប​ដែល​ការបង្ក​បង្កើត​ផែនដី ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា ព្រមទាំង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ អនុញ្ញាត​ឲ្យ​បង្កើត​ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ឡើង និង​រីកចម្រើន ។ សិស្ស​ក៏នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​វាយតម្លៃ​លើ​កិច្ចខិតខំ​ផ្ទាល់ខ្លួន​របស់​ពួកគេ នៅក្នុង​ការបង្កើត និង​ការពង្រឹង​គ្រួសារ​ដ៏​នៅ​អស់កល្ប​របស់​ពួកគេ​ផ្ទាល់​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ការបង្ក​បង្កើត​ផែនដី និង​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា បាន​អនុញ្ញាត​ឲ្យ​បង្កើត​ក្រុមគ្រួសារ​ទាំងឡាយ​ឡើង និង​រីកចម្រើន ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

បង្កើត​ឲ្យ​មាន​ភាពទាក់ទង និង​គោលបំណង ។ ការចាប់ផ្ដើម​មេរៀន​ដោយ​សួរពី​សំណួរ ស្ថានភាព ឬ​បញ្ហា​ដែល​ទាក់ទង អាច​ដឹកនាំ​សិស្ស​ឲ្យ​ចូលរួម​ក្នុង​មេរៀន​នេះ និង​ព្យាយាម​ស្វែងយល់​បន្ថែម​ទៀត​បាន ។ ការណ៍​នេះ​ក៏អាច​ជួយ​ពួកគេ​ឲ្យ​មើលឃើញ​ពី​របៀប​ដែល​ការបង្រៀន​ក្នុង​ព្រះគម្ពីរ និង​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​សម័យ​ទំនើប ផ្ដល់​នូវ​ចម្លើយ និង​ការដឹកនាំ​ដែល​អាច​ណែនាំ​ពួកគេ​នៅក្នុង​ស្ថានភាព​ជីវិត​ពិតៗ​បាន ។ នៅពេល​សិស្ស​មើលឃើញ​ចំណង​ទាក់ទង នៃ​អ្វី​ដែល​ពួកគេ​កំពុង​សិក្សាទៅនឹង​ស្ថានភាព និង​កាលៈទេសៈ​របស់​ពួកគេ​ផ្ទាល់ នោះ​ជាទូទៅ ពួកគេ​កាន់តែ​មាន​ទឹកចិត្ត​រៀន និង​អនុវត្ត​តាម​ការបង្រៀននៃ​ដំណឹងល្អ​ថែមទៀត ។

សូម​បែងចែក​សិស្ស​ទៅជា​ក្រុម​តូចៗ ហើយ​ចាត់តាំង​ឲ្យមាន​មេក្រុម​សម្រាប់​ក្រុម​នីមួយៗ ។ សូម​បង្ហាញ ឬ​ចែក​ច្បាប់​ចម្លង​នៃ​សាច់រឿង និង​សំណួរ​ខាងក្រោម​នេះ​ដល់​ក្រុម​នីមួយៗ ។ ( សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​សម្រប​សាច់រឿង​នេះ​តាម​ការចាំបាច់ ដើម្បី​ឲ្យវា​ទាក់ទង​កាន់តែ​ខ្លាំង​ទៅ​នឹង​វប្បធម៌​របស់​អ្នក ព្រមទាំង​ជីវិត​របស់​សិស្ស​អ្នក​ផងដែរ ) ។

ខណៈ​កំពុង​ស្រាវជ្រាវ​តាម​អនឡាញ​សម្រាប់​កិច្ចការ​សាលា​មួយ រ៉ាឆែល បាន​រកឃើញ​អត្ថបទ​មួយ​ចំនួន ដែល​ជំទាស់​ថា « គ្រួសារ​ប្រពៃណី » ( បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់​ដែល​បាន​រៀបការ​មាន​កូនៗ ) លែង​ចាំបាច់​ទៀតហើយ​នៅក្នុង​សង្គម ។ អំឡុង​ម៉ោង​រៀន​ពីរបី​ថ្ងៃ​ក្រោយ​មក រ៉ាឆែល ឃើញ​ថា នាង​កំពុងតែ​ព្យាយាម​ការពារ​សារៈសំខាន់​នៃ​គ្រួសារ​ប្រពៃណី​តែម្នាក់​ឯង ។ មិត្ត​រួមថ្នាក់​របស់​នាង​ជាច្រើន​បាន​ដាក់​អាទិភាព​តិចតួច ឬ​មិន​ដាក់​អាទិភាព​ទាល់តែ​សោះ​លើ​អាពាហ៍ពិពាហ៍ ឬ​ការមាន​កូន ។ ចំពោះ​ពួកគេ អាពាហ៍ពិពាហ៍ និង​ការមាន​កូន​គឺ​ដើម្បីតែ​ការបំពេញ​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ​ប៉ុណ្ណោះ ។ បទពិសោធន៍​នេះ​បាន​ធ្វើឲ្យ រ៉ាឆែល មាន​សំណួរ​មួយ​ចំនួន និង​អារម្មណ៍​មិន​សុខស្រួល​សោះ ។

  • ហេតុអ្វី​អ្នក​គិត​ថា មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ដូច្នេះ​អំពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ក្រុមគ្រួសារ និង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ដែល​អាច​ជួយ​ដល់ រ៉ាឆែល បាន ? ( ប្រសិនបើ​ចាំបាច់ អ្នក​អាច​រំឭក ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ឡើងវិញ​ដើម្បី​ជួយ​ដល់​ការពិភាក្សា ) ។

បន្ទាប់ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ពិភាក្សា​ពី​សាច់រឿង​នេះ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​សេចក្ដីពិត​មួយ​ចំនួន ដែល​ពួកគេ​បាន​ជជែក​គ្នា​ដាក់​នៅលើ​ក្ដារខៀន ។ សូម​ស្ថាបនា​នៅលើ​សេចក្ដីពិត​ទាំងនេះ ពេញ​មួយ​មេរៀន​នេះ ។

អ្នក​អាច​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​សូត្រ ឬ​អាន ម៉ូសេ ១:៣៩ រួចហើយ​សូមឲ្យ​សិស្ស​ក្នុង​ថ្នាក់​ពន្យល់​ពី​អ្វី​ដែល​ខគម្ពីរ​នេះ​បង្រៀន អំពី​គោលបំណង​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។ ប្រសិនបើ​ចាំបាច់ សូម​សួរ​សិស្ស​ថា តើ​ពួកគេ​នឹង​ផ្ដល់​និយមន័យ​ឲ្យ​ពាក្យ « ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច » យ៉ាង​ដូចម្ដេច ហើយ​ថា​គោលបំណង​នោះ​ទាក់ទង​ទៅនឹង​គ្រួសារ​ដោយ​របៀប​ណា ។ ( សូម​មើល​ផ្នែក​ទីមួយ​នៅក្នុង​ឯកសារ​រៀបចំ ដើម្បី​ជួយ​ផ្ដល់​និយមន័យ​មួយ ) ។

រូបភាព
ព្រះយេហូវ៉ា​បង្កើត​ផែនដី ដោយ វលធើរ រេន
រូបភាព
ការចាកចេញ​ពី​សួនច្បារ​អេដែន ដោយ យ៉ូសែប ប្រ៊ិកគី

សូម​ពិចារណា​បង្ហាញ​រូបភាព ដែល​តំណាង​ឲ្យ​ការបង្ក​បង្កើត និង​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩:១៥–១៧ និង នីហ្វៃ​ទី​២ ២:២២–២៣ ឡើង​វិញ ។ បន្ទាប់​មក សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ការបង្ក​បង្កើត​ផែនដី​បាន​ជួយ​បំពេញ​តាម​ព្រះរាជបំណង​ដ៏អស់កល្ប​ជានិច្ច​របស់​ព្រះវរបិតា​សួគ៌ សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់​ដោយ​របៀប​ណា ? ( ចម្លើយ​របស់​សិស្ស​អាច​ស្រដៀង​នឹង​ប្រយោគ​ដូច​តទៅ​នេះ ៖ ផែនដី​ត្រូវបាន​បង្ក​បង្កើត​ឡើង ដើម្បី​ផ្ដល់ជា​កន្លែង​មួយ ដែល​បុត្រា​បុត្រី​របស់​ព្រះ​អាច​កើត​មក​ក្នុង​ក្រុមគ្រួសារ និង​រីកចម្រើន​រួមគ្នា ) ។

  • តើ​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​បាន​ជួយ​បំពេញ​បន្ថែម​ទៀត​ដល់​ព្រះរាជបំណង​របស់​ព្រះវរបិតា និង​អនុញ្ញាត​ឲ្យ​ផែនដី​នេះ « អាច​បំពេញ [ គោលបំណង ] នៃ​ការបង្ក​បង្កើត » ដោយ​របៀប​ណា ? ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩:១៦ ) ។ ( សិស្ស​អាច​ឆ្លើយ​ខុសៗគ្នា រួមមាន​ការថ្លែង​ពី​សេចក្ដីពិត​មួយ​ដែល​ស្រដៀង​គ្នា​នេះ ៖ ដោយសារតែ​ការធ្លាក់ នោះ​លោក​អ័ដាម និង​នាង​អេវ៉ា​អាច​មាន​កូនៗ ហើយ​ពូជ​ពង្សរបស់​ពួកលោក​អាច​រីកចម្រើន​ទៅដល់​ជីវិត​ដ៏អស់កល្ប​ជានិច្ច​បាន ) ។

  • តើ​ការយល់ដឹង​ពី​គោលបំណង​ទាំងនេះ ស្ដីពី​ការបង្ក​បង្កើត និង​ការធ្លាក់​អាច​មាន​ឥទ្ធិពល​លើ​ការខិតខំ​របស់​យើង ដើម្បី​ដាក់​អាទិភាព និង​បង្កើត​ឲ្យមាន​ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​របស់​យើង​ផ្ទាល់ខ្លួន​តាម​របៀប​ណា ?

តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើឲ្យ​ក្រុមគ្រួសារ​រស់នៅ​អស់កល្ប​ជានិច្ច​បាន ។

សូម​ពិចារណា​ពិភាក្សា​សំណួរ​ដូច​តទៅ​នេះ​ដោយ​សង្ខេប​ខ្លីៗ​ជា​ថ្នាក់​រួមគ្នា ៖

  • តើ​អ្វីជា​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់​នៅក្នុង​ការធ្វើឲ្យ​ក្រុមគ្រួសារ​អាច​រស់នៅ​ដ៏អស់ល្ប​បាន​នោះ ? ( សូម​ពិចារណា​រំឭក​ក្នុង នីហ្វៃ​ទី​២ ៩:៦–៨, ១០, ១៨ ឡើងវិញ​ដើម្បី​ជួយ​សិស្ស​ឲ្យ​រកឃើញ​ថា តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ដល់​នូវ​របៀប​មួយ ដើម្បី​ឲ្យ​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះវរបិតា​សួគ៌​អាច​យកឈ្នះ​លើ​អំពើបាប និង​សេចក្ដី​ស្លាប់ ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
ប្រធាន អិម រ័សុល បាឡឺដ

ចំណុច​សំខាន់​ដែល​ភ្ជាប់​វា​ទាំងអស់​ជាមួយ​គ្នា—ទៅ​នឹង​ផែនការ​របស់​ព្រះ និង​ជោគវាសនា​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង គឺ​វា​អាស្រ័យ និង​ស្ថិត​នៅលើ—ព្រះអង្គ​សង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពលិកម្ម​ដ៏ធួន​របស់​ទ្រង់​ធ្វើឲ្យ​អ្វីៗ​គ្រប់យ៉ាង​អាច​កើតឡើង​បាន​ដោយ​គ្មាន​កំណត់ រួមមាន​ទាំង​សេចក្ដី​ស្រឡាញ់ ការយកចិត្ត​ទុកដាក់ និង​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដ៏អស់កល្ប​ជានិច្ច​ផងដែរ ។ ( អិម រ័សុល បាឡឺដ « The Opportunities and Responsibilities of CES Teachers in the 21st Century » [ ជំនួប​ជាមួយ​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃ​ទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ ] នៅលើ​គេហទំព័រ broadcasts.lds.org )

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​ឡើងវិញ​នូវ​ចម្លើយ ដែល​ពួកគេ​បាន​សរសេរ​ចំពោះ សំណួរ​នៅចុង​បញ្ចប់​នៃ​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ។ ( ប្រសិនបើ​ចាំបាច់ សូមឲ្យ​សិស្ស​មាន​ពេល​កត់ត្រា ឬ​បន្ថែម​លើ​ចម្លើយ​របស់​ពួកគេ​នោះ ) ។ សូម​អញ្ជើញ​សិស្ស​បីបួន​នាក់​ឲ្យឡើង​ចែកចាយ​អ្វី ដែល​ពួកគេ​បាន​សរសេរ ។ សូម​ពិចារណា​ចែកចាយ​អារម្មណ៍​របស់​អ្នក​ផងដែរ ។

ដើម្បី​ជួយ​សិស្ស​ឲ្យធ្វើ​សកម្មភាព​លើ​អ្វី ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃនេះ សូម​ជ្រើសរើស​គំនិត​ខាងក្រោម​នេះ​មួយ ឬ​ទាំងពីរ—ដែល​នឹង​មាន​ប្រយោជន៍​បំផុត​ដល់​សិស្ស​របស់​អ្នក ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ក្នុង សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ។

  • តើ​អ្នក​អាច​មើលឃើញ​សាតាំង​កំពុង​ព្យាយាម​វាយប្រហារ​លើ​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​នៅក្នុង​ជំនាន់​របស់​យើង​តាម​របៀប​ណាខ្លះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​មួយ ឬ​ពីរ​នាទី​ដើម្បី​ពិចារណា​ពី​របៀប ដែល​សាតាំង​អាច​ព្យាយាម​វាយលុក​លើ​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ផ្ទាល់ ( នា​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត ) ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សញ្ជឹងគិត និង​កត់ត្រា​អារម្មណ៍​របស់​ពួកគេ​ផងដែរ អំពី​របៀប​ដែល​ការបន្ដ​មាន​ទស្សនវិស័យ​ដ៏អស់កល្ប​ជានិច្ច​អាច​ជួយ​ពួកគេ​ឲ្យ​ដាក់​អាទិភាព និង​ការពារ​ក្រុមគ្រួសារ​របស់​ពួកគេ ។

សូម​ផ្ដល់​ពេល​ឲ្យ​សិស្ស​បន្ថែម​ទៀត ដើម្បី​ពិចារណា​ពី សំណួរ​ខាងក្រោម​នេះ​ចេញពី​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​នានា ដែល​ពួកគេ​អាច​ទទួល​បាន ៖

  • តើ​អ្នក​អាច​ធ្វើឲ្យ​គ្រួសារ​របស់​អ្នក​កាន់តែ​សំខាន់​ថែមទៀត​នៅក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ?

  • តើ​អ្នក​អាច​យាង​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ឲ្យចូល​មក​ក្នុង​កិច្ច​ខិតខំ​របស់​អ្នក​ដើម្បី​បង្កើត ឬ​ពង្រឹង​គ្រួសារ​ដ៏​នៅ​អស់កល្ប​របស់​អ្នក​ផ្ទាល់​យ៉ាង​ដូចម្ដេច ?

បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់ ដែល​ស្ម័គ្រចិត្ត​ចែកចាយ​ឲ្យ​ឡើង​ចែកចាយ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​តាម​អ្វី ដែល​ពួកគេ​បាន​ទទួល​អារម្មណ៍ ។

សម្រាប់​ពេល​ក្រោយ

សូម​ពិចារណា​រំឭក​ឡើងវិញ​ដោយ​សង្ខេបៗ​ជាមួយ​សិស្ស នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​បួន​មេរៀន​ដំបូង​នៃ​វគ្គ​សិក្សា​នេះ ។ អ្នក​អាច​ផ្ដល់​យោបល់​ថា ពេល​អ្នក​ជួបគ្នា​លើក​ក្រោយ អ្នក​នឹង​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​ចែកចាយ អ្វី​ដែល​ពួកគេ​បាន​អនុវត្ត​ជាមួយ​នឹង​គ្រួសារ​របស់​ពួកគេ ឬ​មនុស្ស​ដទៃ​ក្នុង​ពេល​កន្លង​មក ។ កាល​ពួកគេ រៀបចំ​ខ្លួន​សម្រាប់​មេរៀន​ក្រោយ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ដោយ​ប្រុង​ប្រយ័ត្ន អំពី​របៀប​ដែល​ជម្រើស​របស់​ពួកគេ ទាក់ទង​ទៅនឹង​រូបកាយ​សាច់ឈាម​របស់​ពួកគេ​ផ្ទាល់ អាច​មាន​ឥទ្ធិពល​លើ​ក្រុមគ្រួសារ​របស់​ពួកគេ និង​ផែនការ​របស់​ព្រះ​សម្រាប់​ពួកគេ ។