ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ និស្ស័យ​ដ៏​អស់កល្ប​ជានិច្ច និង​គោលបំណង​នៃ​ភេទ


« មេរៀន​ទី ៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ និស្ស័យ​ដ៏​អស់កល្ប​ជានិច្ច និង​គោលបំណង​នៃ​ភេទ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

រូបភាព
យុវមជ្ឈិមវ័យ​មួយ​ក្រុម​នៅ​ឯ​មាត់​សមុទ្រ

មេរៀន​ទី ៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

និស្ស័យ​ដ៏​អស់កល្ប​ជានិច្ច និង​គោលបំណង​នៃ​ភេទ

ភេទ​របស់​យើង​ដែល​បាន​ប្រើ​នៅក្នុង​នេះ និង​មេរៀន​ខាងក្រោម​នេះ​គឺ​មាន​ន័យ​ទៅលើ​ភេទ​ជីវសាស្ត្រ​នៅពេល​កើត​មក ( លើក​លែងតែ​មាន​ការកត់​សម្គាល់ផ្សេង​ទៀត ) អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​បាន​បង្រៀន​ថា « នៅក្នុង​រង្វាស់​ដ៏​ធំ វា​ឲ្យ​និយមន័យ​ថា​យើង​ជា​នរណា ហេតុអ្វី​យើង​នៅលើ​ផែនដី​នេះ ហើយតើ​យើង​នឹង​ត្រូវ​ធ្វើអ្វី ហើយ​ប្រែក្លាយ​ជា​អ្វី » ( « Marriage Is Essential to His Eternal Plan » Ensign ខែ មិថុនា ឆ្នាំ ២០០៦ ទំព័រ ៨៣ ) ។ នៅពេល​អ្នក​សិក្សា​ឯកសារ​សម្រាប់​មេរៀន​នេះ សូម​ពិចារណា​ពី​របៀប​ដែល​ផែនការ​នៃ​សុភមង្គល​របស់ ព្រះវរបិតាសួគ៌​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​សារៈសំខាន់​នៃ​អត្តសញ្ញាណ និង​គោលបំណង​ដ៏​ទេវភាព​របស់​អ្នក​ក្នុងនាម​ជា​បុត្រា ឬ​បុត្រី​របស់​ព្រះវរបិតា​មាតា​សួគ៌ា ។

កំណត់​ចំណាំ ៖ ភេទ​គឺជា​បញ្ហា​ដ៏​រសើប​សម្រាប់​មនុស្ស​ជាច្រើន ។ ឯកសារ​ទាំងនេះ​គឺ​មាន​គោលបំណង​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​គោលលទ្ធិ​របស់​ព្រះវរបិតាសួគ៌​ទាក់ទង​នឹង​ភេទ និង​ស្វែងរក​របៀប​ដែល​វា​អនុវត្ត​ទៅនឹង​កាលៈទេសៈ​ផ្សេងៗ​នៅក្នុង​ពិភពលោក​យើង​សព្វថ្ងៃ​នេះ ។ សូម​ស្វែង​រក​ជំនួយ​ពី​ព្រះវិញ្ញាណ​ដើម្បី​យល់​ពី​សារលិខិត​ដែល​ព្រះ​មាន​ព្រះរាជបំណង​សម្រាប់​អ្នក កាល​ដែល​អ្នក​សិក្សា ។

ផ្នែក​ទី ១

តើ​ការយល់ដឹង​របស់​ខ្ញុំ​អំពី​ភេទ​អាចត្រូវ​បានពង្រឹង​ដោយ​របៀបណា កាល​ដែល​ខ្ញុំ​យល់​កាន់តែ​ច្បាស់​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​នោះ ?

សេចក្តី​ប្រកាស​អំពី​ក្រុមគ្រួសារ​បាន​ចែង ៖ « មនុស្ស​ទាំងអស់​—​ទាំងប្រុស​ទាំងស្រី​—​ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាព​នៃព្រះ ។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ជា​បុត្រា និង​បុត្រី​ខាងវិញ្ញាណ​របស់​ព្រះមាតាបិតាសួគ៌ ដូច្នេះហើយ​មនុស្ស​ម្នាក់ៗ​មាន​ចរិត និង​គោលដៅ​នៃ​ព្រះ ។ ភេទ​ប្រុសស្រី​គឺ​ជា​លក្ខណៈ​ពិសេស​នៃ​អត្តសញ្ញាណ និង​គោលបំណង​របស់​បុគ្គល​ម្នាក់ៗ​នៅ​ជីវិត​មុន​ផែនដី ជីវិត​រមែងស្លាប់ និង​នៅ​អស់កល្ប​ជានិច្ច » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ពាក្យថា ភេទ អាច​មាន​អត្ថន័យ​ផ្សេងៗ​ចំពោះ​មនុស្ស​ខុសៗគ្នា ។ ដូចដែល​បាន​ពន្យល់​នៅក្នុង​ក្បួនខ្នាត​សាសនាចក្រ « គោលបំណង​នៃ​អត្ថន័យ​ពាក្យថា ភេទ នៅក្នុង​សេចក្តី​ប្រកាស​អំពី​ក្រុមគ្រួសារ​គឺ ភេទ​ជីវសាស្រ្ត​នៅ​ពេល​កើតមក » ( ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៣៨.៦.២៣ ) ។

អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បានមាន​ប្រសាសន៍​ពី​ការបង្ក​បង្កើត របស់​យើង ថា ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

[ ការបង្កបង្កើត​នៃ​បុរស និង​ស្រ្តី ] នេះ​គឺ​ត្រូវបាន​ធ្វើឡើង​ខាងវិញ្ញាណ​នៅក្នុង​ជីវិត​មុនឆាក​ជីវិត​នេះ​របស់​អ្នក នៅពេល​អ្នក​រស់នៅ​ក្នុង​ទីវត្តមាន​របស់​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​អ្នក ។ ភេទ​របស់​អ្នក​មាន​តាំងពី​មុន​អ្នក​មកកាន់​ផែនដី​នេះ​ម្ល៉េះ ។ ( « The Joy of Living the Great Plan of Happiness » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៧៣ )

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​បន្ថែមទៀត​ថា « ការបង្កបង្កើត​ពីរ [ មនុស្ស​ប្រុស និង​មនុស្ស​ស្រី ] គឺ​ចាំបាច់​ចំពោះ​ផែនការ​របស់​ព្រះអង្គ​សង្រ្គោះ » ( នៅក្នុង « General Conference Leadership Meetings Begin » ថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៩ នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org ) ។

រូបភាព
បុរស និង​ស្រ្តី​កំពុង​ដើរ

ការយល់ដឹង​អំពី​ភាពជា​ឪពុកម្តាយ​របស់យើង​នៅ​ស្ថានសួគ៌​អាច​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ផែនការ​របស់​ព្រះ​សម្រាប់​យើង និង​ជួយ​យើង​ឲ្យ​មើលឃើញ​កាន់តែ​ច្បាស់​អំពី​សារៈសំខាន់​នៃ​ភេទ​របស់យើង​នៅក្នុង​ផែនការ​នោះ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន លោកុប្បត្តិ ១:២៦–២៧ ហើយ​គិត​អំពី​អត្ថន័យ​នៃ​ការបង្កបង្កើត​តាម​រូបភាព​របស់​ព្រះវរបិតា​មាតា​សួគ៌ា​របស់​យើង ។

សូម​ពិចារណា​ពី​មូលហេតុ​ដែល​ភេទ​មាន​សារៈសំខាន់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ ទាំងនេះ​គឺជា​សេចក្តីពិត​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​គិត​ពិចារណា​អំពី ៖

អាពាហ៍​ពិពាហ៍​ដ៏​នៅអស់កល្បជានិច្ច​នៃ​បុរស និង​ស្រ្តី​គឺ​ចាំបាច់​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះវរបិតា​មាតា​សួគ៌ា​របស់​យើង ។ និស្ស័យ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ឬ​ភាព​តម្កើង​ឡើង​គឺជា​ការបន្ត​នៃ​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ សក្តានុពល​នេះ​អាច​ទទួលបាន​តែ « តាមរយៈ​អានុភាព​ដ៏​ច្នៃប្រឌិត​ដែលមាន​នៅក្នុង​ការរួមបញ្ចូល​គ្នា​នៃ​បុរស និង​ស្រ្តី​ដែល​បានចូល​ទៅក្នុង​អាពាហ៍​ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច » ប៉ុណ្ណោះ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣២:១៩ ) » ( ដាល្លិន អេក អូក នៅក្នុង « General Conference Leadership Meetings Begin » ) ។

« តាម​ផែនការ​របស់​ព្រះ បុរស​ម្នាក់ និងស្ត្រី​ម្នាក់​ចាំបាច់​ត្រូវ​នាំ​កូនចៅ​មក​ក្នុង​ជីវិត​រមែង​ស្លាប់ ហើយ​ផ្ដល់​នូវ​ជម្រក​សម្រាប់​ចិញ្ចឹម និង​បីបាច់​ថែរក្សា​កូនៗ​ឲ្យ​បាន​ល្អបំផុត » ( ដេវីឌ អេ បែដណា « Marriage Is Essential to His Eternal Plan » Ensign ខែ មិថុនា ឆ្នាំ ២០០៦ ទំព័រ ៨៣; សូមមើល​ផងដែរ លោកុប្បត្តិ ១:២៨ ) ។

ព្រះវរបិតាសួគ៌​ប្រទាន​ដល់​បុរស និង​ស្ត្រី​នូវ​សមត្ថភាព​ផ្សេងពី​គ្នា​ដើម្បី​បំពេញ​ភារកិច្ច​ដ៏​ទេវភាព​ទាំងនេះ និង​ការទទួល​ខុសត្រូវ​ផ្សេងទៀត​នៅក្នុង​ផែនការ​របស់​ទ្រង់ ។ បុរស និង​ស្ត្រី​ត្រូវការ​គ្នា​ទៅវិញទៅមក​ដើម្បី​រីក​ចម្រើន និង​ឈាន​ទៅដល់​សក្តានុពល​ដ៏​នៅ​អស់កល្ប​ជានិច្ច​ទាំងស្រុង​របស់​ពួកគេ ។ ដូច​ដែល​អែលឌើរ បែដណា បាន​បង្រៀន ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

ធម្មជាតិ​នៃ​វិញ្ញាណ​បុរស និង​ស្រ្តី​គឺ​ថា ពួកគេ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ជួយ​ធ្វើ​ឲ្យ​គ្នា​បាន​គ្រប់លក្ខណ៍ ដូច្នេះ​ហើយ​បុរស និង​ស្រ្តី​ត្រូវ​តាំងចិត្ត​ដើម្បី​រីកចម្រើន​ជាមួយ​គ្នា​ឆ្ពោះ​ទៅកាន់​ភាពតម្កើង​ឡើង ។ …

សម្រាប់គោលបំណង​ដ៏ទេវភាព វិញ្ញាណ​ភេទ​ប្រុស និង​ភេទស្រី​គឺខុសគ្នា ហើយ​ច្បាស់លាស់ និង​បំពេញ​ឲ្យគ្នា ទៅវិញ​ទៅមក ។

… ការ​រួមបញ្ចូលគ្នា​ដ៏ពិសេស​នៃ​សមត្ថភាព​ខាង​វិញ្ញាណ រូបកាយ មនសិការ និង​សតិ​អារម្មណ៍​របស់​មនុស្ស​ទាំង​ប្រុស និង​ស្រី​គឺ​ជា​ការចាំបាច់​ដើម្បី​អនុវត្ត​ផែនការ​នៃ​សុភមង្គល ។ បើមាន​តែ​បុរស ឬ​ស្ត្រី​តែ​មា្នក់​គឺ​ពុំអាច​បំពេញ​គោលបំណង​នៃ​ការ​បង្កបង្កើត​របស់​ពួកគេ​បាន​ឡើយ ។ …

… គឺ​ដូចជា​លក្ខណៈ​ពិសេស​របស់​បុរស និង​ស្ត្រី​ដែល​រួម​ចំណែក​ដើម្បី​បំពេញ​បង្គ្រប់​នូវ​ទំនាក់ទំនង​អាពាហ៍​ពិពាហ៍​ដ៏ពេញលេញ​ដែរ ដូច្នេះ​លក្ខណៈ​ដដែល​នោះ​គឺ​សំខាន់​ដើម្បី​ចិញ្ចឹម​បីបាច់ ថែទាំ និង​បង្រៀន​ដល់​កូនចៅ ។ ( « Marriage Is Essential to His Eternal Plan » ទំព័រ ៨៣–៨៤ )

អែលឌើរ ឌែល ជី រិនឡាន់ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​ស៊ីស្ទើរ រុស្ស អិល រិនឡាន់ ក៏​បាន​បង្រៀន​ដែរ​ថា

រូបភាព
អែលឌើរ ឌេល ជី រិនឡាន់ និង​ស៊ីស្ទើរ រុស្ស អិល រិនឡាន់

វិញ្ញាណ​របស់​បុរស និង​ស្រ្តី​ត្រូវបាន​បង្កើតឡើង​ដើម្បី​យោងគ្នា​ទៅវិញទៅមក ។ នោះហើយ​ជា​មូលហេតុ​ដែល​ភេទ​មិនមាន​ភាព​ស្រពិច​ស្រពិល​ក្នុង​ភាពអស់កល្ប​ជានិច្ច​ឡើយ—ពីព្រោះ​វា​ផ្ដល់​នូវ​មូលដ្ឋាន​សម្រាប់​អំណោយទាន​ដ៏​អស្ចារ្យ​បំផុត​ដែល​ព្រះវរបិតា​សួគ៌​អាច​ប្រទាន​ឲ្យ គឺជា​ប្រភេទ​ជីវិត​ដែល​ដូចជា​ព្រះជន្ម​របស់ទ្រង់ ។ ( « The Divine Purposes of Sexual Intimacy » Ensign ខែ សីហា ឆ្នាំ ២០២០ ទំព័រ ១៦ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​ពិចារណា​ពី​តួនាទី​នៃ​ភេទ​ចេញពី​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច ។ តើ​ផែនការ​នៃ​សេចក្តី​សង្រ្គោះ​ជួយ​អ្នក​ឲ្យ​យល់​ថា « ភេទ​ប្រុសស្រី​គឺ​ជា​លក្ខណៈ​ពិសេស​នៃ​អត្តសញ្ញាណ និង​គោលបំណង​របស់​បុគ្គល​ម្នាក់ៗ​នៅ​ជីវិត​មុន​ផែនដី ជីវិត​រមែងស្លាប់ និង​នៅ​អស់កល្ប​ជានិច្ច » ដោយ​របៀបណា ? ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ) ។

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​យល់​កាន់​តែ​ច្បាស់​ពី​សំណួរ​ទាក់ទង​នឹង​ភេទ​ដោយ​របៀប​ណា ?

រូបភាព
យុវមជ្ឈិមវ័យ​នារី​ពីរ​នាក់​កំពុង​សន្ទនាគ្នា

អ្នក​ប្រហែល​ជា​សម្គាល់​ឃើញ​ថា​នៅក្នុង​សម័យ​របស់​យើង មាន​គំនិត​ខុសៗគ្នា​ជាច្រើន​អំពី​ភេទ និង​អត្តសញ្ញាណ ។ អ្នក​ខ្លះ​បំបែក​ពាក្យ ភេទ នេះ​ចេញពី​ពាក្យ ភេទ​ជីវសាស្រ្ត ។ ពួកគេ​អាច​និយាយ​អំពី អត្តសញ្ញាណ​ភេទ របស់​ពួកគេ ដែល​អាច​សំដៅ​ទៅលើ​អារម្មណ៍​ក្នុង​ចិត្ត​របស់​មនុស្ស​ម្នាក់​អំពី​ភេទ​របស់​ពួកគេ ទោះបី​ជា​វា​ខុស​ពី​ភេទ​ជីវសាស្រ្ត​របស់​ពួកគេ​ក្តី ។ ( សូម​ចំណាំ​ថា ការណ៍​នេះ​ខុស​ពី​ទំនោរ​ខាង​ផ្លូវភេទ ដែល​ទាក់ទង​នឹង​ការប្រតិព័ទ្ធ​ខាងផ្លូវកាយ ផ្លូវ​អារម្មណ៍ និង​ផ្លូវភេទ​ចំពោះ​អ្នក​ដទៃ ។ ទំនោរ​ខាង​ផ្លូវភេទ​នឹង​ត្រូវ​ពិភាក្សា​នៅក្នុង​មេរៀន​បន្ទាប់ ) ។

ការយល់ដឹង​របស់​មនុស្ស​ម្នាក់​អំពី​ភេទ​ស្រី ឬ​ប្រុស​ទទួលរង​ឥទ្ធិពល​ពី​វប្បធម៌ ទំនៀម​ទម្លាប់​សង្គម និង​របៀប​ចិញ្ចឹម​បីបាច់ ។ ដោយសារ​ហេតុផល​នេះ និង​ផ្សេងៗទៀត ការសន្មត​នៃ​ភេទ​ពេលខ្លះ​អាច​បង្ក​ឲ្យ​មាន​ការភាន់​ច្រឡំ​សម្រាប់​មនុស្ស​មួយ​ចំនួន ហើយ​ថែមទាំង​អាចបង្ក​គ្រោះថ្នាក់​ទៀតផង ។ ឧទាហរណ៍ មនុស្សមួយចំនួន​ប្រហែលជា​បារម្ភ​ថា​ចំណាប់​អារម្មណ៍ និង​សមត្ថភាព​របស់​ពួកគេ​មិន​ត្រូវគ្នា​នឹង​ការចង់បាន​របស់​វប្បធម៌ និង​សង្គម​មួយចំនួន​ឡើយ​ដោយសារ​ភេទ​ជីវសាស្ត្រ​របស់ពួកគេ ។ នោះ​មិនមែន​មាន​ន័យថា វា​មាន​អារម្មណ៍​ផ្ទុយ​រវាង​ភេទ​ជីវសាស្រ្ត​របស់​ពួកគេ និង​អត្តសញ្ញាណ​ភេទ​របស់​ពួកគេ​ឡើយ ។ វា​ជា​រឿង​សំខាន់​ដើម្បី​ចងចាំថា ធាតុ​មួយចំនួន​ដែល​បង្កើត​បានជា​អត្តសញ្ញាណ​បុគ្គល​ពេញលេញ​របស់​យើង រួមមានទាំង​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់យើង ភេទ​ជីវសាស្រ្ត អំណោយទាន សមត្ថភាព​ធម្មជាតិ បំណង​ប្រាថ្នា និង​ជម្រើសនានា ។

សូម្បីតែ​នៅពេល​យើង​យល់​ពី​សេចក្តីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​អំពី​ភេទ​ក៏ដោយ ក៏​ការពិត​ដ៏​ស្មុគស្មាញ​នៅក្នុង​ជីវិត​របស់យើង​អាច​បណ្តាល​ឲ្យ​មាន​សំណួរ ឬ​កាលៈទេសៈ​ដ៏​លំបាក​ជាច្រើន​ដែរ ។ សូម​ពិចារណា​ពី​ចំណុច​ខាងក្រោម​នេះ ៖

  • ដោយសារ​ហេតុផល​ដែល​យល់​មិនច្បាស់​មួយ​ចំនួន នោះ​បុគ្គល​មួយ​ចំនួន​នៅក្នុង​ចំណុច​ខ្លះ​នៃ​ជីវិត​របស់​ពួកគេ « ដកពិសោធន៍​នូវ​អារម្មណ៍​នៃ​ភាពមិន​ស្រប​គ្នា​រវាង​ភេទជីវសាស្ត្រ​របស់​ពួកគេ និង​អត្តសញ្ញាណ​​ភេទ​របស់​ពួកគេ ។ ជា​លទ្ធផល ពួកគេ​អាច​នឹង​កំណត់​ថា​ជា​បុគ្គល​ប្ដូរ​ភេទ ។ សាសនាចក្រ​ពុំ​ប្រកាន់​ជំហរ​មួយ​លើ​បុព្វហេតុ​នៃ​មនុស្ស​ដែល​កំណត់​អត្តសញ្ញាណ​ខ្លួន​ពួកគេ​ជា​បុគ្គល​ប្ដូរ​ភេទ​នោះ​ទេ » ( ក្បួនខ្នាត​ទូទៅ ៣៨.៦.២៣ ) ។

  • បុគ្គល​មួយ​ចំនួន​អាច​មាន​អារម្មណ៍​មិន​ស្រណុកចិត្ត ឬ​ខកចិត្ត​ជាមួយ​នឹង​ការចង់បាន​របស់​វប្បធម៌ និង​សង្គម​ដែល​ទាក់ទង​នឹង​ភេទ​ជីវសាស្ត្រ​របស់ពួកគេ ។

  • ដូចដែល​មាន​ចែង​នៅក្នុង ក្បួនខ្នាត​ទូទៅ « នៅក្នុង​កាលៈទេសៈ​ដ៏​សែន​កម្រ​មួយ ទារក​កើត​មក​ដោយ​មិន​មាន​ភេទ​ជា​ប្រុស ឬ​ស្រី​ច្បាស់ » ( ៣៨.៧.៧ ) ។ ការណ៍​នេះ​ជា​ទូទៅ​ហៅថា អន្តរ​ភេទ ។ កាលៈទេសៈនេះ និង​របៀប​ដែល​ឪពុកម្តាយ ឬ​អ្នក​ប្រឹក្សា​ផ្នែកវេជ្ជសាស្រ្ត​ដោះស្រាយ​បញ្ហា​នេះ​អាច​ប៉ះពាល់ ឬ​មិន​ប៉ះពាល់​ដល់​អត្តសញ្ញាណ​ភេទ​របស់​បុគ្គល​នោះ ។

ដូចជា​ការបោះពុម្ព​ផ្សាយ​មួយ​របស់​សាសនាចក្រ​លើ​ប្រធានបទ​បុគ្គល​ប្តូរភេទ​បាន​លើកឡើង​ថា បុគ្គលណា​ដែល​កំណត់ថា​ជា​បុគ្គល​ប្តូរភេទ « ប្រឈមមុខ​នឹង​ឧបសគ្គ​នានា » ។ ពួកគេ « សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ​ដូច​ជា​បុត្រា​បុត្រី​ផ្សេង​ទៀត​របស់​ព្រះ ហើយ​គួរតែ​ត្រូវបាន​ប្រព្រឹត្ត​ចំពោះ​ដោយ​ការយល់ចិត្ត សប្បុរស និង​មេត្តាធម៌ » ( « បុគ្គល​ប្តូរភេទ ៖ តើ​ខ្ញុំ​ជា​សមាជិក​ម្នាក់​របស់​សាសនាចក្រ​ដែរឬ​ទេ ? » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ជំនួសឲ្យ​ការបណ្តោយ​ឲ្យ​មាន​កង្វះ​ការយល់ដឹង ឬ​វិនិច្ឆ័យ​ដោយ​ទុច្ចរិត​ដើម្បី​កំណត់​នូវ​របៀប​ដែល​យើង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ នោះ​យើង​អាច « មើល​ទៅ​មនុស្ស​ដទៃ​តាម​រយៈ​ភ្នែក​ដូចជា​ព្រះគ្រីស្ទ » ( « បុគ្គល​ប្តូរភេទ ៖ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ? » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

រូបភាព
យុវមជ្ឈិមវ័យ​កំពុង​និយាយ​គ្នា
រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ខ្ញុំ​កាន់តែ​ចេះគិតគូរ និង​យកចិត្ត​ទុកដាក់ នៅពេល​ពិភាក្សា​អំពី​ភេទ​ជាមួយ​អ្នកដទៃ ហើយ​នៅពេល​គិតពិចារណា​អំពី​ការពិត​ដ៏​ស្មុគស្មាញ​របស់​អ្នកដទៃ ដែល​ខ្ញុំ​អាចស្គាល់ ឬ​មាន​ទំនាក់ទំនង​ជាមួយ​ដោយ​របៀប​ណា ?

ផ្នែក​ទី ៣

ចុះ​បើ​ខ្ញុំ​មាន​សំណួរ​អំពី​អត្តសញ្ញាណ​ភេទ​របស់​ខ្ញុំ​នោះ ?

ប្រសិនបើ​អ្នក​មាន​សំណួរ​អំពី​ភេទ​របស់អ្នក ឬ​ជួបនឹង​អារម្មណ៍​ផ្ទុយ​ភេទ សូម​ដឹងថា ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​របស់​អ្នក​ស្រឡាញ់​អ្នក ។ ទ្រង់​ទាំងទ្វេ​តែង​គង់​នៅទីនោះ​សម្រាប់​អ្នក​ជានិច្ច ។ សូម​ពិចារណា​ពី​របៀប​ដែល​ព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​អាច​ជួយ និង​ពង្រឹង​ដល់​អ្នក​បាន ។ ធនធាន​ស្តីពី​បុគ្គល​ប្តូរភេទ ដែល​បាន​បោះពុម្ព​ដោយ​សាសនាចក្រ​ចែកចាយ​នូវ​សេចក្តីពិត និង​ការរំឭក​ដ៏​សំខាន់​ទាំងនេះ ៖

ព្រះអង្គ​សង្គ្រោះ​មាន​ការយល់​ដឹង​ដ៏​ឥតខ្ចោះ​អំពី​កាលៈទេសៈ​ខុសៗ​គ្នា​របស់​យើង ។ ក្នុង​នាមជា​មនុស្ស​រមែង​ស្លាប់ ការយល់​ដឹង​របស់​យើង​គឺ​មាន​កំណត់ ។ យើង​អាច​ប្រកាស​ជា​មួយ​នីហ្វៃ​ថា យើង « ដឹង​ថា​ព្រះអង្គ [ ព្រះ ] ស្រឡាញ់​កូនចៅ​របស់​ទ្រង់ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ [ យើង ] មិន​យល់​ន័យ​នៃ​រឿង​ទាំងអស់​នោះ​ទេ » ( នីហ្វៃទី១ ១១:១៧ ) ។ ( « បុគ្គល​ប្តូរ​ភេទ ៖ តើ​ព្រះអង្គ​សង្គ្រោះ​ពិតជា​យល់​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​ឆ្លងកាត់​ទេ ? » នៅលើ​គេហទំព័រ ChurchofJesusChrist.org )

មិន​មែន​មនុស្ស​គ្រប់គ្នា​នៅ​ជុំ​វិញ​អ្នក​នឹង​មាន​ភាព​ឥត​ខ្ចោះ​ក្នុង​ការបង្ហាញ​សេចក្ដី​ស្រឡាញ់ មេត្តាធម៌ ឬ​ការយល់​ចិត្ត​នោះ​ទេ ។ នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ វា​ងាយ​ស្រួល​ក្នុង​ការរកឃើញ​ការអាក់អន់​ចិត្ត និង​ក្នុង​ការធ្វើ​ឲ្យ​មាន​ការអាក់អន់​ចិត្ត ។ បញ្ហា​ប្រឈម​មុខ​សំខាន់ៗ​អាច​ធ្វើ​ឲ្យ​យើង​ងាយ​រង​គ្រោះ​នឹង​ការធ្វើ​ឲ្យ​មាន​ការអាក់អន់​ចិត្ត​ដោយ​អចេតនា ដោយសារ​តែ​ការប្រើ​ពាក្យពេចន៍ និង​ឃ្លា​ដែល​មាន​អារម្មណ៍​ថា​អាក់អន់​ចិត្ត​ដោយ​គ្មាន​ចេតនា ។ ក្នុងនាមជា​សមាជិក​នៃ​សាសនាចក្រ យើង​ទាំងអស់គ្នា​កំពុង​រៀន និង​រីកចម្រើន ។ ( « បុគ្គល​ប្តូរ​ភេទ ៖ តើ​ខ្ញុំ​ជា​សមាជិក​ម្នាក់​របស់​សាសនាចក្រ​ដែរឬ​ទេ ? » នៅលើ​គេហទំព័រ ChurchofJesusChrist.org )

ស៊ីស្ទើរ មីឆែល ឌី ក្រេហ្គ ជា​ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ ក៏​បាន​បង្រៀន​ដែរថា

រូបភាព
ស៊ីស្ទើរ មីឆែល ឌី ក្រេហ្គ

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មាន​ចម្រុះ​ពូជ​សាសន៍ ប៉ុន្តែ « ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » [ នីហ្វៃ​ទី២ ២៦:៣៣ ] ។ … មិន​ថា​បងប្អូន​ជា​នរណា ឬ​អ្វី​ដែល​បងប្អូន​កំពុង​ជួប​ប្រទះ​ទេ បងប្អូន​ត្រូវបាន​អញ្ជើញ​មក​ឯ​តុ​របស់​ព្រះអម្ចាស់ ។ ( « Spiritual Capacity » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២១ )

សូម​ជឿជាក់​ថា ពរជ័យ​ទាំងអស់​នៃ​ដំណឹងល្អ​មាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ដែល​ជ្រើសរើស​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។ អ្នក « អាច​ធ្វើ និង​រក្សា​ការសន្យា​ទាំងឡាយ​ចំពោះ​ព្រះ » ហើយ « ដើរ​នៅក្នុង​ពន្លឺ​របស់​ទ្រង់ ហើយ​ចូលរួម​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ » ទោះជា​អ្នក​មាន​អារម្មណ៍​ផ្ទុយភេទ​ក៏​ដោយ​ក្តី ( « បុគ្គល​ប្តូរ​ភេទ ៖ តើ​ខ្ញុំ​អាច​រួម​ចំណែក​នៅ​ក្នុង​នគរ​របស់​ព្រះអម្ចាស់​ដោយ​របៀប​ណា ? » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ក្បួនខ្នាត​របស់​សាសនាចក្រ​បាន​ចែង​ថា « បុគ្គល​ប្ដូរ​ភេទ​ដែល​មិន​ស្វែងរក​ការផ្លាស់ប្ដូរ​ខាង​វេជ្ជសាស្ត្រ ការវះកាត់ ឬ​ការផ្លាស់ប្ដូរ​ខាង​សង្គម ទៅ​ជា​ភេទ​ផ្ទុយ ហើយ​មាន​ភាព​ស័ក្ដិសម អាច​ទទួល​ការហៅ​របស់​សាសនាចក្រ ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ និង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​បាន » ( ក្បួនខ្នាត​ទូទៅ ៣៨.៦.២៣ ) ។ ( កំណត់​ចំណាំ ៖ « ការផ្លាស់ប្ដូរ​ខាង​សង្គម រួមមាន​ការផ្លាស់ប្ដូរ​ការស្លៀកពាក់ ឬ​ការតុបតែង​ខ្លួន ឬ​ការផ្លាស់ប្ដូរ​ឈ្មោះ ឬ​សព្វនាម ដើម្បី​បង្ហាញ​ខ្លួន​ឯង​ជា​មនុស្ស​ម្នាក់​ផ្សេង​ពី​ភេទ​ជីវសាស្រ្ត​នៅ​ពេល​កើតមក​របស់​គាត់ ឬ​របស់​នាង » [ ក្បួនខ្នាត​ទូទៅ ៣៨.៦.២៣ ] ) ។ ប្រសិនបើ​អ្នក​ចង់​យល់ដឹង​បន្ថែមទៀត សូម​ជួប​ជាមួយ​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​អ្នក ។

ទោះបីជា​មិន​ផ្ទុយ​នឹង​គោលនយោបាយ ឬ​គោលលទ្ធិ​របស់​សាសនាចក្រ​ក៏ដោយ ក៏​ការកំណត់​ខ្លួនឯង​ជា​សាធារណៈ​ថា​ជា​បុគ្គល​ប្តូរភេទ អាច​ធ្វើ​ឲ្យ​សមត្ថភាព​របស់​អ្នក​ដើម្បី​ឈោងទៅកាន់​គោលដៅ​ដ៏អស់កល្ប​ជានិច្ច​របស់​អ្នក​មាន​ដែនកំណត់​ដែរ ។ ប្រធាន អូក បាន​ដាស់តឿន ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

ចូរ​ប្រុង​ប្រយ័ត្ន​ពី​របៀប​ដែល​អ្នក​កំណត់​ពី​ចរិត​លក្ខណៈ​របស់​ខ្លួន​ឯង ។ … គុណសម្បត្តិ​តែ​មួយ គត់ ដែល​គួរ​កត់សម្គាល់​ចរិត​យើង​គឺថា យើង​គឺជា​បុត្រា​បុត្រី​នៃ​ព្រះ ។ កត្តា​នោះ​ល្អ​លើស​បុគ្គលិកលក្ខណៈ​ទាំងអស់ ។ ( « How to Define Yourself » New Era ខែ មិថុនា ឆ្នាំ ២០១៣ ទំព័រ ៤៨ )

យើង​ម្នាក់ៗ​គឺជា​បុត្រ​របស់​ព្រះ​ដែល​មាន​ជោគវាសនាដ៏​មានសក្ដានុពល​មួយ​សម្រាប់​ជីវិត​អស់កល្បជានិច្ច ។ ការ​កំណត់​ផ្សេងៗ​ទៀត … គឺ​ជា​រឿង​បណ្ដោះ​អាសន្ន ឬ​មិន​សំខាន់​នៅ​ក្នុង​ភាព​អស់កល្បជានិច្ច​ឡើយ ។ សូម​កុំ​ជ្រើសរើស​កំណត់​ខ្លួនឯង ឬ​គិត​អំពីខ្លួន​ឯង​ក្នុង​លក្ខខណ្ឌ​ដែល​កម្រិត​ព្រំដែនលើ​គោលដៅ​មួយ​ដែល​បងប្អូនអាច​ព្យាយាម​នោះឡើយ ។ ( « Where Will This Lead? » Ensign ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦២ )

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ក៏​បាន​ផ្តល់​នូវ​ការធានាបញ្ជាក់​ដូច​ខាងក្រោម​នេះ​ដែរ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

មនុស្ស​គ្រប់រូប​មាន​អំណោយទាន មនុស្ស​គ្រប់រូប​មាន​ទេពកោសល្យ មនុស្ស​គ្រប់រូប​អាច​រួម​ចំណែក​ដើម្បី​បើក​បង្ហាញ​អំពី​ផែនការ​របស់​ព្រះ​នៅ​ក្នុង​ជំនាន់​នីមួយៗ ។ … ដូច្នេះ​បងប្អូន​ជាច្រើន​កំពុង​ខិតខំ​អស់​ពី​សមត្ថភាព​ហើយ ។ ហើយ​នៅពេល​បងប្អូន​ដែល​រែក​បន្ទុក​ដ៏​ធ្ងន់​នៃ​ជីវិត​រមែង​ស្លាប់ ហើយ​ក្រោកឈរ​ឡើង​ការពារ​ផែនការ​របស់​ព្រះ ដើម្បី​តម្កើង​បុត្រា​បុត្រី​ទ្រង់ នោះ​យើង​ទាំងអស់​គ្នា​ត្រៀមខ្លួន​ដើម្បី​គាំទ្រ ។ យើង​សូម​ថ្លែង​ទីបន្ទាល់​ដោយ​មាន​ទំនុក​ចិត្ត​ថា ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រំពឹង​រង់ចាំ​ជាមុន ហើយ​នៅ​ទីបំផុត នឹង​បង់សង​រាល់​ការខូចខាត និង​ការខ្វះខាត និង​ការបាត់បង់​ទាំងអស់​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ងាក​ទៅរក​ទ្រង់ ។ គ្មាន​នរណា​ម្នាក់​ត្រូវបាន​តាំង​ជាមុន​ដើម្បី​ទទួល​តិចជាង​នូវ​អ្វីៗ​ទាំងអស់​ដែល​ព្រះបិតា​មាន​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់​ឡើយ ។ ( « Why Marriage, Why Family » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥២ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ការបង្រៀន​នៅក្នុង​មេរៀន​នេះ និង​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ឲ្យ​ដោះស្រាយ​សំណួរ​អំពី​ភេទ​បាន​ដោយ​របៀបណា ?