ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២១ ឯកសារ​គ្រូបង្រៀន ៖ ការចិញ្ចឹម​បីបាច់​កូនៗ​ដោយ​សេចក្ដី​ស្រឡាញ់


« មេរៀន​ទី ២១ ឯកសារ​គ្រូបង្រៀន ៖ ការចិញ្ចឹម​បីបាច់​កូនៗ​ដោយ​សេចក្ដី​ស្រឡាញ់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ២១ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀន​ទី ២១ ឯកសារ​គ្រូបង្រៀន

ការចិញ្ចឹម​បីបាច់​កូនៗ​ដោយ​សេចក្ដី​ស្រឡាញ់

« ឪពុក​ម្ដាយ​មាន​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ ដើម្បី​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​ខ្លួន​ដោយ​ក្ដីស្រឡាញ់ និង​សេចក្ដី​សុចរិត » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ពិភាក្សា​អំពី​សេចក្ដីពិត​ទាំងឡាយ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​បំពេញ​កាតព្វកិច្ច​ដ៏ពិសិដ្ឋ​របស់​ពួកគេ​ក្នុង​នាម​ជា​ឪពុក​ម្ដាយ ដើម្បី​ស្រឡាញ់​កូនៗ​របស់​ពួកគេ ។ ( មេរៀន​លើក​ក្រោយ នឹង​ផ្តោតលើ​ការចិញ្ចឹម​បីបាច់​កូនៗ​ដោយ​សេចក្ដី​សុចរិត ) ។ សិស្ស​ក៏​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​កំណត់​ពី​របៀប ដែល​ពួកគេ​អាច​ស្រឡាញ់ និង​បម្រើ​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ​តាម​របៀប​មួយ ដែល​កាន់តែ​ដូចជា​ព្រះគ្រីស្ទ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ឪពុក​ម្ដាយ​ត្រូវ​ចិញ្ចឹម​បីបាច់​កូនៗ​របស់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់ ។

សូម​ពិចារណា​ចាប់ផ្ដើម​ថ្នាក់ ដោយ​ការសួរ​សិស្ស​ពី​អ្វី​ដែល​ពួកគេ​បាន​ឃើញ​ឪពុក​ម្ដាយ​របស់​ពួកគេ​ផ្ទាល់ ឬ​ឪពុក​ម្ដាយ​ដទៃ​ទៀត​ធ្វើ ដែល​បណ្តាល​ឲ្យ​ពួកគេ​ចង់​ធ្វើ​តាម នៅពេល​ពួកគេ​ចិញ្ចឹម​កូនៗ​របស់​ពួកគេ​ផ្ទាល់ ។ បន្ទាប់ពី​សិស្ស​មួយ​ចំនួន​បាន​ចែកចាយ​ហើយ សូម​លើក​ទឹកចិត្ត​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ស្វែងរក​សេចក្ដីពិត​នៅក្នុង​មេរៀន​នេះ និង មេរៀន​លើក​ក្រោយ ដែល​ពួកគេ​អាច​ធ្វើ​តាម​បាន នៅពេល​ពួកគេ​ក្លាយជា​ឪពុក​ម្ដាយ ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​មកពី ការប្រកាស​អំពី​ក្រុមគ្រួសារ ៖ ឪពុក​ម្ដាយ​មាន​កាតព្វកិច្ច​ដ៏ពិសិដ្ឋ ដើម្បី​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​ខ្លួន​ដោយ​ក្ដីស្រឡាញ់ ។

អ្នក​អាច​ប្រើ​សំណួរ​ខាងក្រោម​នេះ​មួយ​ចំនួន ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​សេចក្ដីពិត​នេះ ៖

  • តើ​មាន​របៀប​ណាខ្លះ ដែល​អ្នក​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​ទៅកាន់​កូនៗ​របស់​អ្នក ? ( សូម​ពិចារណា​រំឭក សេចក្ដី​ថ្លែងការណ៍​អំពី​ពេលវេលា និង​សកម្មភាព​កម្សាន្ដ​ដ៏ល្អ មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​អ្នក​ទទួល​បាន​ពរជ័យ​យ៉ាងណា​ខ្លះ តាមរយៈ​ការចំណាយ​ពេលវេលា ការធ្វើការ និង​ការចូលរួម​ក្នុង​សកម្មភាព​កម្សាន្ដ​ដ៏ល្អ​ជាមួយ​នឹង​ឪពុក​ម្ដាយ​របស់​អ្នក​នោះ ?

សូម​ពន្យល់​ថា ការចិញ្ចឹម​បីបាច់​កូនៗ​ដោយ​សេចក្ដី​ស្រឡាញ់ រួមមាន​នូវ​ការដាក់​វិន័យ​ត្រឹមត្រូវ​ដល់​ពួកគេ​ផងដែរ នៅពេល​ដែល​ចាំបាច់ ។ សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ជា​ក្រុម​តូចៗ ហើយ​ចាត់តាំង​ឲ្យ​មាន​មេក្រុម​ម្នាក់​សម្រាប់​ក្រុម​នីមួយៗ ។ សូម​ចែក​ច្បាប់​ចម្លង​នៃ​សំណៅចែក​ខាងក្រោម​នេះ​ដល់​មេក្រុម​ទាំងអស់ ហើយ​សូម​ណែនាំ​ពួកគេ​ឲ្យ​ធ្វើតាម​សេចក្ដី​ណែនាំ​នៅលើ​សំណៅ​ចែក​នោះ ។ ( អ្នក​អាច​ចង់​កែសម្រួល​សាច់រឿង ដើម្បី​ធ្វើឲ្យ​វា​កាន់តែ​ទាក់ទង​នឹង​សិស្ស​របស់​អ្នក ) ។

ការដាក់​វិន័យ​ដល់​កូនៗ​តាម​របៀប​របស់​ព្រះអម្ចាស់

ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច—មេរៀន​ទី ២១

សូម​អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​ស្រមៃ​ថា ពួកគេ​គឺជា​ឪពុក​ឬ ម្ដាយ​មួយរូប ។ សូមឲ្យ​ពួកគេ​ជ្រើសរើស​យក​ស្ថានភាព​មួយ​ពី​ស្ថានភាព​ខាងក្រោម​នេះ​មក​ពិភាក្សា​ជាមួយគ្នា ៖

  1. នៅពេល​អ្នក​មកដល់​ផ្ទះ​វិញ ពី​ការទិញ​គ្រឿងទេស​ជាមួយ​នឹង​កូនៗ​របស់​អ្នក នោះ​អ្នក​ឃើញ​កូនស្រី​អាយុ​ប្រាំមួយ​ឆ្នាំ​របស់​អ្នក​កំពុង​ញ៉ាំ​ស្ករគ្រាប់​មួយ​បន្ទះ ដែល​នាង​បាន​លួច​មកពី​ហាង ។

  2. កូនប្រុស​អាយុ ១៤ ឆ្នាំ របស់​អ្នក​តែងតែ​ធ្វើបាប​ប្អូនប្រុស​អាយុ ៩ ឆ្នាំ​របស់​គាត់​ជានិច្ច ។ ជាធម្មតា រឿង​នេះ​កើតឡើង​នៅពេល​អ្នក​មិន​នៅ​ជាមួយ​ពួកគេ ។ កូនប្រុស​ដែល​ត្រូវ​បង​ធ្វើ​បាប​នោះ ដើរ​មករក​អ្នក​ទាំង​ទឹកភ្នែក ហើយ​ប្រាប់​អ្នក​ថា បងប្រុស​របស់​គាត់​បាន​និយាយ​ពាក្យ​មិនល្អ​ដាក់​គាត់​ទៀត​ហើយ ។

  3. អ្នក​កំពុង​រង់ចាំ​កូនស្រី​អាយុ ១៧ ឆ្នាំ​របស់​អ្នក​ត្រឡប់​មកពី​ផ្ទះ​មិត្ត​ភក្តិ​នាង​វិញ ។ នៅពេល​នាង​មកដល់​ផ្ទះ នោះ​វា​ហួស​ម៉ោង​ចូលផ្ទះ​របស់​នាង​បាត់​ទៅហើយ ។

សូម​ឲ្យ​ក្រុម​របស់​អ្នក​ពិភាក្សា​ពី​សំណួរ​ខាងក្រោម​នេះ នៅពេល​ពួកគេ​យល់ពី​ស្ថានភាព ដែល​ពួកគេ​បាន​ជ្រើសរើស​នោះ ៖

  • តើ​អ្វី​ដែល​អ្នក​បាន​រៀន​មកពី ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ អាច​ណែនាំ​អ្នក​ក្នុង​ការដាក់​វិន័យ​ដល់​កូន​របស់​អ្នក​ដោយ​របៀប​ណា ? ( ប្រសិនបើ​ចាំបាច់ សូម​អញ្ជើញ​សមាជិក​ក្រុម​របស់​អ្នក​ឲ្យពិនិត្យ​ផ្នែក​ទី ២ ឡើងវិញ​មួយ​ភ្លែត ) ។

  • តើ​ការសន្ទនា​របស់​អ្នក​ជាមួយ​នឹង​កូន​របស់​អ្នក នឹង​មាន​សភាព​យ៉ាងណា​ដែរ ? តើ​អ្នក​អាច​ដាក់​ពិន័យ​អ្វីខ្លះ ចំពោះ​សកម្មភាព​របស់​កូន​អ្នក ?

  • តើ​ការដាក់​វិន័យ​ត្រឹមត្រូវ​ដល់​កូន គឺជា​ទង្វើ​នៃ​សេចក្ដី​ស្រឡាញ់​តាម​របៀប​ណា ? ( សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៥:១ ) ។

ការដាក់​វិន័យ​ដល់​កូនៗ​តាម​របៀប​របស់​ព្រះអម្ចាស់

រូបភាព
សំណៅ​ចែក​របស់​គ្រូបង្រៀន

បន្ទាប់ពី​សិស្ស​បាន​បញ្ចប់​សកម្មភាព​នោះ​ហើយ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​អ្វី ដែល​ពួកគេ​បាន​ពិភាក្សា​គ្នា​នៅក្នុង​ក្រុម​របស់​ពួកគេ ។ ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ សូម​សង្កត់ធ្ងន់​លើ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ដើម្បី​ដើរតាម​គន្លង​ដ៏ទេវភាព​នៃ​ភាពជា​សិស្ស​បាន យើង​ត្រូវតែ​មាន​សេចក្ដី​ស្រឡាញ់ ( សូមមើល សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។

ប្រសិនបើ​ចាំបាច់ សូម​សួរ​សិស្ស​ក្នុង​ថ្នាក់​ថា តើ​ការដាក់​វិន័យ​តាម​របៀប​របស់​ព្រះអម្ចាស់ អាច​ខុសគ្នា​ពី​របៀប​នៃ​ការ​ដាក់​វិន័យ​កូនៗ​ដែល​វប្បធម៌ ឬ​ក្រុមគ្រួសារ​មួយ​ចំនួន​ទទួល​យក​បាន​យ៉ាង​ដូចម្ដេច​ខ្លះ ។

  • តើ​អ្នក​បាន​ឃើញ​នរណាម្នាក់​ដាក់​វិន័យ​កូន​តាម​របៀប​មួយ ដែល​ពេញ​ដោយ​ក្ដីស្រឡាញ់​នៅពេល​ណា​ដែរ ? តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ចេញពី​បទពិសោធន៍​នោះ ?

ការកែលម្អ​ការបង្រៀន និង​ការរៀនសូត្រ

អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត ។ ការសញ្ជឹង​គិត​មាន​ន័យ​ថា ការគិត​យ៉ាង​ជ្រាលជ្រៅ​អំពី​អ្វីមួយ ។ ជាញឹកញាប់ វា​អាច​ត្រូវ​លើក​កម្ពស់​បាន​តាមរយៈ​ការអធិស្ឋាន ។ នៅពេល​សិស្ស​ទាំងឡាយ​រៀន​សញ្ជឹង​គិត នោះ​ជារឿយៗ​ព្រះវិញ្ញាណ​នឹង​បើក​សម្តែង​សេចក្តីពិត​ដល់​ពួកគេ ហើយ​បង្រៀន​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​រៀន ឬ​មាន​អារម្មណ៍​រៀងៗ​ខ្លួន ។

សូម​ដាក់​បង្ហាញ​សេចក្ដី​ណែនាំ និង​សំណួរ​ខាងក្រោម​នេះ ហើយ​ឲ្យ​សិស្ស​មាន​ពេលវេលា​បីបួន​នាទី​សញ្ជឹងគិត​ពី​សេចក្ដី​ណែនាំ និង​សំណួរ​ទាំងនោះ ( ពួកគេ​ក៏អាច​ចង់​កត់ត្រា​គំនិត​របស់​ពួកគេ​ទុក​ផងដែរ ) ៖

  • សូម​គិត​អំពី​គ្រា​ដែល​អ្នក​ត្រូវបាន​កែតម្រូវ​ដោយ​ព្រះអម្ចាស់ ឬ​គ្រា​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បំផុស​គំនិត​អ្នក​ឲ្យ​ផ្លាស់ប្ដូរ​តាម​របៀប​មួយ​ចំនួន ។ តើ​អ្នក​អាច​រៀន​បាន​អ្វីខ្លះ អំពី​ការដាក់​វិន័យ​កូនៗ​ចេញពី​បទពិសោធន៍​ទាំងនោះ ? តើ​នៅពេល​ណា​ដែល​អ្នក​អាច​ចងចាំ​ដល់​គ្រា ដែល​ព្រះវរបិតា​សួគ៌​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដល់​អ្នក នៅគ្រា​មួយ​ដែល​អ្នក​ត្រូវការ​វា​ខ្លាំង​បំផុត ?

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​នៅក្នុង​ថ្នាក់ ។

ឪពុក​ម្ដាយ​ត្រូវ​បង្រៀន​កូនៗ​របស់​ខ្លួន​ឲ្យចេះ​ស្រឡាញ់ និង​បម្រើ​ដល់​គ្នា​ទៅវិញ​ទៅមក ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ ៤:១៤–១៥ ឲ្យ​ឮៗ ។

  • តើ​សេ្ដច​បេនយ៉ាមីន​បាន​គូសបញ្ជាក់​ពី​កាតព្វកិច្ច​ដ៏ពិសិដ្ឋ​របស់​ឪពុក​ម្ដាយ​អ្វីខ្លះ ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​រួចហើយ សូម​បង្ហាញ​សេចក្តី​ថ្លែងការណ៏​ដូច​តទៅ​នេះ​ចេញពី ការប្រកាស​អំពី​ក្រុមគ្រួសារ ៖ ឪពុក​ម្ដាយ​មាន​កាតព្វកិច្ច​ដ៏ពិសិដ្ឋ ដើម្បី​បង្រៀន​កូនៗ​របស់​ខ្លួន​ឲ្យចេះ​ស្រឡាញ់ និង​បម្រើ​ដល់​គ្នា​ទៅវិញ​ទៅមក ) ។

  • តើ​ឪពុក​ម្ដាយ​របស់​អ្នក​បាន​បង្រៀន​អ្នក​ឲ្យចេះ​ស្រឡាញ់​គ្នា និង​បម្រើ​ដល់​បងប្អូន​បង្កើត​របស់​អ្នក ឬ​សមាជិក​គ្រួសារ​ដទៃ​ទៀត​យ៉ាង​ដូចម្ដេច ?

សូម​រំឭក​សិស្ស​ថា ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​គិត​អំពី​គ្រា​មួយ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បម្រើ​នរណាម្នាក់​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​បន្ទាប់មក សូម​សរសេរ​អំពី​របៀប​ដែល​ពួកគេ​អាច​ស្រឡាញ់ និង​បម្រើ​សមាជិក​គ្រួសារ​តាម​របៀប​នេះ ឬ​របៀប​ផ្សេងទៀត​ដូចជា​ព្រះគ្រីស្ទ ( សូម​មើល ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ) ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ ( សូម​ពិចារណា​ចែកចាយ​ឧទាហរណ៍​របស់​អ្នក​ផ្ទាល់​ផងដែរ ) ។

សូម​ដាក់​បង្ហាញ​សំណួរ​ខាងក្រោម​នេះ ហើយ​សូម​អញ្ជើញ​ឲ្យ​សិស្ស​កត់ត្រា​គំនិត​របស់​ពួកគេ​ទុក ដែល​វា​ទាក់ទង​នឹង​សំណួរ​នេះ ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ទាក់ទង​នឹង​ពួកគេ​ខ្លាំង ៖

  • តើ​អ្នក​នឹង​ធ្វើតាម​គំរូ និង​ការបង្រៀន​របស់​ព្រះវរបិតា​សួគ៌​ស្ដីពី​ការចិញ្ចឹម​បីបាច់​កូនៗ​នាពេល​បច្ចុប្បន្ន ឬ​ពេល​អនាគត​របស់​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​របៀប​ដូចជា​ព្រះគ្រីស្ទ​មួយ​ណា ដែល​អ្នក​អាច​ស្រឡាញ់ និង​បម្រើ​ដល់​បងប្អូន​បង្កើត ឪពុក​ម្ដាយ​របស់​អ្នក ឬ​សមាជិក​គ្រួសារ​ដទៃ​ទៀត​បាន​នៅ​សប្តាហ៍​នេះ ?

សូម​ពិចារណា​បញ្ចប់​មេរៀន តាមរយៈ​ការអញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​គាត់ ឬ​នាង​អំពី​សារៈសំខាន់​នៃ​ការស្រឡាញ់​សមាជិក​គ្រួសារ​របស់​យើង ឬ​តាមរយៈ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​ផ្ទាល់​អំពី​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។ សូម​រំឭក​សិស្ស​ថា មិន​ថា​ពួកគេ​ធំឡើង​តាម​របៀប​ណា​ទេ ពួកគេ​អាច​ជ្រើសរើស​ចិញ្ចឹម​កូនៗ​របស់​ពួកគេ​ដោយ​ក្ដីស្រឡាញ់​បាន ហើយ​បង្រៀន​ពួកគេ​ឲ្យចេះ​ស្រឡាញ់ និង​បម្រើ​ដល់​គ្នា​ទៅវិញ​ទៅមក ។

សម្រាប់​ពេល​ក្រោយ

នៅ​ចុងបញ្ចប់​នៃ​ម៉ោង​បង្រៀន ឬ​នៅក្នុង​សារ​បន្ទាប់ពី​បញ្ចប់​ថ្នាក់​ទៅ អ្នក​អាច​សូមឲ្យ​សិស្ស​ពិចារណា​ពី​សំណួរ​ខាងក្រោម​នេះ នៅពេល​ពួកគេ​រៀបចំ​ខ្លួន​សម្រាប់​មេរៀន​លើក​ក្រោយ ៖

  • តើ​ឪពុក​ម្ដាយ​របស់​អ្នក​បាន​ជួយ​ផ្ដល់​បទពិសោធន៍​ខាង​វិញ្ញាណ​អ្វីខ្លះ​ដល់​អ្នក​ពេល​អ្នក​ធំឡើង ? តើ​អ្នក​សង្ឃឹម​ថា​នឹង​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​អ្វីខ្លះ ជាមួយ​នឹង​កូនៗ​របស់​អ្នក​នៅពេល​អនាគត ?