ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១១ ឯកសារ​គ្រូបង្រៀន ៖ ការជ្រើសរើស​ដៃគូ​ដ៏អស់កល្ប​ជានិច្ច


« មេរៀន​ទី ១១ ឯកសារ​គ្រូបង្រៀន ៖ ការជ្រើសរើស​ដៃគូ​ដ៏អស់កល្ប​ជានិច្ច » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១១ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀន​ទី ១១ ឯកសារ​គ្រូបង្រៀន

ការជ្រើសរើស​ដៃគូ​ដ៏អស់កល្ប​ជានិច្ច

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ជួយ​យើង​នៅក្នុង​ការខិតខំ​របស់​យើង ដើម្បី​ស្វែងរក​ដៃគូ​ដ៏អស់កល្ប​ជានិច្ច​ម្នាក់ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ពន្យល់​ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ពួកគេ​ខិតខំ​បង្កើត​ទំនាក់ទំនង​ជាមួយ​នឹង​សមាជិក​ដែល​មាន​ភេទ​ផ្ទុយគ្នា ហើយ​រៀប​អាពាហ៍ពិពាហ៍ ។ សិស្ស​ក៏នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​ជ្រើសរើស​យក​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ដែល​ពួកគេ​អាច​ព្យាយាម​អភិវឌ្ឍ​បាន ដែល​នឹង​ជួយ​ពួកគេ​ឲ្យរៀបចំ​ខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ច ឬ​សមនឹង​អាពាហ៍ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ច​បាន​កាន់តែ​ប្រសើរ​ឡើង ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះអម្ចាស់​រំពឹង​ឲ្យយើង​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ទៅលើ​ទ្រង់ នៅពេល​យើង​ស្វែងរក​ដៃគូ​ដ៏អស់កល្ប​ជានិច្ច​ម្នាក់ ។

សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ជា​ក្រុម​តូចៗ ហើយ​ចាត់តាំង​ឲ្យ​មាន​មេក្រុម​ម្នាក់​សម្រាប់​ក្រុម​នីមួយៗ ។ សូម​ចែក​ដល់​សិស្ស​ម្នាក់ៗ​នូវ​ផ្នែក​ទី ១ នៃ​សាច់រឿង​ខាងក្រោម​នេះ ព្រមទាំង​សំណួរ​ដែល​មាន​បន្ដ​បន្ទាប់ ។ សូម​ណែនាំ​សិស្ស​ឲ្យ​អាន​សាច់រឿង​នេះ​ឲ្យឮៗ​រួមគ្នា ហើយ​ពិភាក្សា​អំពី​សំណួរ​ទាំងនេះ ។ ( ប្រសិនបើ​អាច​ធ្វើ​ទៅបាន អ្នក​អាច​ផ្ញើ​ផ្នែក​ទី ១ នៃ​សាច់រឿង​នេះ​ទៅកាន់​សិស្ស​ជាមុន ដើម្បី​ឲ្យ​ពួកគេ​អាច​មករៀន​ដោយ​បាន​អាន និង​គិត​អំពី​វា​ទុកជា​មុន ) ។

កំណត់​ចំណា ៖ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​សម្រប​សាច់រឿង​នេះ​បាន ដើម្បី​ឲ្យវា​កាន់តែ​ពាក់ព័ន្ធ​នឹង​កាលៈទេសៈ សំណួរ ឬ​វប្បធម៌​របស់​សិស្ស ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ការពិភាក្សា​ជា​ក្រុម​តូចៗ​អាច​ជួយ​សិស្ស​ឲ្យ​រៀនសូត្រ​បាន​កាន់តែ​ស៊ីជម្រៅ​ខ្លាំងឡើង ។ ក្រុម​តូចៗ​អនុញ្ញាត​ឲ្យ​សិស្ស​កាន់តែ​ច្រើន​ចូលរួម​ក្នុង​ការពិភាក្សា​យ៉ាង​សកម្ម ។ ការមាន​ឱកាស​ចែកចាយ​នៅក្នុង​ក្រុម​តូចៗ ក៏អាច​បណ្ដុះ​ឲ្យមាន​ទំនុកចិត្ត​ដល់​សិស្ស​ដែល​អៀន​ច្រើន​ផងដែរ ។ សូម​ពិចារណា​ចាត់តាំង​ឲ្យ​មាន​មេក្រុម​ម្នាក់ ហើយ​ផ្ដល់​ការណែនាំ​ច្បាស់លាស់​អំពី​អ្វី​ដែល​សិស្ស​ត្រូវ​ធ្វើ ការដាក់​ម៉ោង​កំណត់ ការអញ្ជើញ​សមាជិក​ម្នាក់ៗ​ឲ្យ​ចូលរួម និង​ការលើក​ទឹកចិត្ត​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

សាច់រឿង ផ្នែក​ទី ១

ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច—មេរៀន​ទី ១១

លូអ៊ីស បាន​ត្រឡប់​មក​ផ្ទះ​ពី​បេសកកម្ម​របស់​គាត់​វិញ​ជិត​ពីរឆ្នាំ​ហើយ ។ ដោយសារ​គាត់​បារម្ភ​ពី​ការផ្គត់ផ្គង់​ដល់​គ្រួសារ​នាពេល​អនាគត នោះ​គាត់​បាន​សម្រេច​ចិត្ត​ធ្វើការ​ក្រៅម៉ោង​បណ្តើរ ចូលរៀន​បណ្ដើរ ។ ពេលវេលា​របស់​គាត់​មាន​កំណត់ ប៉ុន្ដែ​គាត់​រីករាយ​នឹង​ថ្នាក់​វិទ្យាស្ថាន​ប្រចាំ​សប្ដាហ៍​របស់​គាត់ ហើយ​ដាក់​វា​ជា​អាទិភាព ។ ជាទូទៅ លូអ៊ីស បើក​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​លេង​ហ្គេម​នៅលើ​ឡានក្រុង ឬ​មុនពេល​ចូលរៀន ។ គាត់​មិន​បាន​ណាត់ជួប​នឹង​នារី​ណាឡើយ តាំងពី​គាត់​មកដល់​ផ្ទះ​វិញ ។ គាត់​ប្រាប់​គ្រួសារ​របស់​គាត់​ថា គាត់​មាន​អារម្មណ៍​ថា វា​ល្អជាង​ដើម្បី​រង់ចាំ​រហូត​ដល់​គាត់​រៀន​ចប់​សិន ហើយ​ចាំ​រៀបការ​ពិត​ប្រាកដ​តែម្ដង ។ គាត់​គិត​ថា ប្រសិនបើ​គាត់​ត្រូវ​រៀបការ​ក្នុង​ពេល​ឆាប់ៗ នោះ​វា​នឹង​កើតឡើង​ដោយ​ឯកឯង ។

អិមម៉ា ចូលរៀន​ថ្នាក់​វិទ្យាស្ថាន​ដូចគ្នា​នឹង លូអ៊ីស ដែរ ប៉ុន្ដែ​មិនដែល​បាន​ជួប​គាត់​ទេ ។ ជាធម្មតា នាង​អង្គុយ​ជាមួយ​មិត្ត​របស់​នាង ហើយ​កម្រ​នឹង​និយាយ​ជាមួយ​អ្នកផ្សេង​ទៀត​ណាស់ ។ ជាទូទៅ នាង​មាន​អារម្មណ៍​ធុញថប់ ពេល​ជួប​នឹង​បុរសៗ និង​ពេល​ដើរលេង​ជាគូ ។ នាង​ព្រួយចិត្ត​ថា បើ​នាង​ចាប់ផ្ដើម​ទំនាក់ទំនង​ម្ដងទៀត នោះ​វា​នឹង​បញ្ចប់​ដូចជា​ទំនាក់ទំនង​ផ្សេងទៀត​ទាំងអស់​ពីមុន​របស់​នាង​ដែរ ។ នាង​នឿយហត់​ខាង​សតិអារម្មណ៍ ហើយ​មាន​អារម្មណ៍​ថា នាង​មិនមាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​នឹង​ចូល​ទៅក្នុង​ទំនាក់ទំនង​មួយទៀត​នោះ​ទេ ។ នាង​បាន​រៀនចប់​កាលពី​ឆ្នាំ​មុន ហើយ​មាន​ការងារ​ពេញ​ម៉ោង​មួយ ។ នាង​ព្រួយ​បារម្ភ​ថា នាង​អាច​នឹង​មិន​បាន​ជួប​សេ្នហា​ដ៏ពិត​ប្រាកដ​មួយ ឬ​មិន​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡើយ ហើយ​គិត​ថា តើ​នាង​គួរតែ​ដើរលេង​ជាគូ​ជាមួយ​នឹង​អ្នក​នៅក្រៅ​សាសនាចក្រ​ដែរ​ឬអត់ ។

ក្រោយពី​បាន​អាន​សាច់រឿង​រួមគ្នា​ហើយ សូម​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា អ្វី​ទៅជា​ការព្រួយ​បារម្ភ​របស់ លូអ៊ីស និង អិមម៉ា ?

  • ដោយ​គិតពី​អ្វី​ដែល​យើង​បាន​រៀន​នៅក្នុង ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ តើ​ដំបូន្មាន​អ្វីខ្លះ​ដែល​អាច​មាន​ប្រយោជន៍​ដល់ លូអ៊ីស ? តើ​ដំបូន្មាន​អ្វីខ្លះ​ដែល​អាច​មាន​ប្រយោជន៍​ដល់ អិមម៉ា ?

  • ប្រសិនបើ​អ្នក​មិន​ទាន់​បាន​ជជែកគ្នា​អំពី​វគ្គ​បទគម្ពីរ​ដូច​តទៅ​នេះ​នៅក្នុង​ការពិភាក្សា​ក្រុម​របស់​អ្នក​នៅឡើយ​ទេ សូម​អាន​វា​រួមគ្នា ហើយ​ពិភាក្សា​ពី​របៀប​ដែល​វា​អាច​ទាក់ទង​នឹង លូអ៊ីស និង អិមម៉ា ៖ សុភាសិន ៣:៥–៦; នីហ្វៃ​ទី​២ ២២:២; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:២៦–២៨ ។ តើ​អ្នក​បាន​អនុវត្ត​សេចក្ដី​ជំនឿ ឬ​តើ​អ្នក​អាច​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​នៅក្នុង​កិច្ចខិតខំ​របស់​អ្នក ដើម្បី​ស្វែងរក​ដៃគូ​ដ៏អស់កល្ប​ជានិច្ច​តាម​របៀប​ណា ?

សាច់រឿង ផ្នែក​ទី ១

រូបភាព
សំណៅ​ចែក​របស់​គ្រូបង្រៀន

បន្ទាប់ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ពិភាក្សា​ពី​សាច់រឿង​នេះ និង​សំណួរ​ទាំងឡាយ​ហើយ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​មាន​អារម្មណ៍​នៅ​អំឡុងពេល​ពិភាក្សា​របស់​ពួកគេ ។ នៅពេល​សិស្ស​ចែកចាយ អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​រកឃើញ​សេចក្ដីពិត ដែល​ស្រដៀង​នឹង​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយ​យើង​ឲ្យមាន​សេចក្ដី​ក្លាហាន និង​សេចក្ដី​អំណត់​នៅក្នុង​កិច្ច​ខិតខំ​របស់​យើង ដើម្បី​ស្វែងរក​ដៃគូ​ដ៏អស់កល្ប​ជានិច្ច ។ ព្រះ​រំពឹង​ឲ្យយើង​ប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​របស់​យើង ដើម្បី​បន្ដ​ធ្វើ​តាម​ផែនការ​របស់​ទ្រង់ ។ សូម​ពិចារណា​សរសេរ​សេចក្ដីពិត​ដែល​សិស្ស​រកឃើញ​ដាក់​នៅលើ​ក្ដារខៀន ។

ការអភិវឌ្ឍ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ និង​ការស្វែងរក​វិវរណៈ​នឹង​ជួយ​យើង​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​រៀប​អាពាហ៍ពិពាហ៍ ។

សូម​ចែក​ដល់​សិស្ស​ម្នាក់ៗ​នូវ​ផ្នែក​ទី ២ នៃ​សាច់រឿង​ខាងក្រោម​នេះ ។ សូម​ណែនាំ​ពួកគេ​ឲ្យ​អាន​សាច់រឿង​នេះ ហើយ​ពិភាក្សា​នៅក្នុង​ក្រុម​របស់​ពួកគេ​អំពី​សំណួរ​បន្ដ ។

សាច់រឿង ផ្នែក​ទី ២

ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច—មេរៀន​ទី ១១

បន្ទាប់ពី​មេរៀន​ថ្នាក់​វិទ្យាស្ថាន​ស្ដីពី​អាពាហ៍ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ច ទាំង លូអ៊ីស និង អិមម៉ា មាន​អារម្មណ៍​ចង់​ធ្វើការ​ផ្លាស់ប្ដូរ​មួយ​ចំនួន ហើយ​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់​កាន់តែ​ខ្លាំងឡើង ។ នៅពេល លូអ៊ីស មកដល់​ថ្នាក់​វិទ្យាស្ថាន​នៅ​សប្ដាហ៍​ក្រោយ គាត់​ទៅ​អង្គុយ​ជិត អិមម៉ា ហើយ​ណែនាំ​ខ្លួន​គាត់ ។ យូរៗ​ទៅ ពួកគេ​ក្លាយជា​មិត្ត​ល្អ​នឹង​គ្នា ។ ពួកគេ​ដាក់​ផែនការ​ធ្វើ​សកម្មភាព​ជាច្រើន ដែល​អនុញ្ញាត​ឲ្យពួកគេ​ចំណាយ​ពេល​ជាមួយ​គ្នា និង​រៀន​អំពី​គ្នា​ទៅវិញ​ទៅមក ។ មិន​យូរ​ប៉ុន្មាន ពួកគេ​មាន​អារម្មណ៍​កាន់តែ​ជិតដិត​នឹង​គ្នា ។

ប៉ុន្ដែ អិមម៉ា មាន​កង្វល់​មួយ​ចំនួន ។ នាង​មាន​បញ្ជី​គុណសម្បត្តិ​មួយ ដែល​នាង​ចង់​ឲ្យ​ស្វាមី​ម្នាក់​មាន ។ លូអ៊ីស មាន​គុណសម្បត្តិ​ទាំងនេះ​ជាច្រើន ប៉ុន្ដែ​មិនមែន​ទាំងអស់​នោះ​ទេ ។

លូអ៊ីស ក៏​ចាប់ផ្ដើម​មាន​អារម្មណ៍​ភ័យ​ដែរ ។ គាត់​ស្រឡាញ់​អិមម៉ា ប៉ុន្ដែ​ដោយ​បាន​ឃើញ​អាពាហ៍ពិពាហ៍​របស់​ឪពុក​ម្ដាយ​គាត់​ផ្ទាល់​បែកបាក់ នោះ​គាត់់​ខ្លាច​ថា​នឹង​មាន​កំហុស ក្នុង​ការជ្រើសរើស​មនុស្ស​ដែល​ត្រូវ​រៀបការ​ជាមួយ ។ គាត់​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​ពី​អ្វីៗ​គ្រប់យ៉ាង ដែល​គាត់​បាន​ដឹង​អំពី​អិមម៉ា ចេញ​មកពី​ការសន្ទនា​ជាច្រើន​របស់​ពួកគេ និង​បទពិសោធន៍​ជាមួយ​គ្នា ។ គាត់​មាន​អារម្មណ៍​ថា គោលដៅ​របស់​ពួកគេ​ដូចគ្នា ហើយ​ចង់សុំ​អិមម៉ា​ឲ្យ​រៀបការ​នឹង​គាត់ ប៉ុន្ដែ​វា​នៅតែ​មាន​កត្តា​ជាច្រើន​ដែល​គាត់​មិន​ដឹង ។ លូអ៊ីស អធិស្ឋាន​សូម​ទីសម្គាល់​មួយ​ដែល​បញ្ជាក់​ថា អិមម៉ា​គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ ។ តែ​គ្មាន​អ្វី​កើតឡើង​នោះ​ទេ​កន្លង​មក​នេះ ។

  • សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​បាន​រៀន​មកពី ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ។ តើ​មាន​អ្វី​ដែល​អាច​ជួយ អិមម៉ា ទាក់ទង​ទៅនឹង​បញ្ជី​ស្វែងរក​អនាគត​ស្វាមី​របស់​នាង ? តើ​យើង​អាច​ប្រឈម​មុខ​នឹង​បញ្ហា​អ្វីខ្លះ ប្រសិនបើ​ការរំពឹង​ទុក​របស់​យើង​អំពី​អនាគត​ស្វាមី ឬ​ភរិយា​ទាប​ពេក ឬ​ខ្ពស់​ពេក​នោះ ?

  • តើ​មាន​អ្វីខ្លះ​ដែល​មាន​ប្រយោជន៍ ដែល​លូអ៊ីស​ត្រូវ​យល់​អំពី​ការភ័យខ្លាច​របស់​គាត់ ? តើ​មាន​អ្វីខ្លះ​ដែល​មាន​ប្រយោជន៍ ដែល​គាត់​ត្រូវ​យល់​អំពី​ការទទួល​បាន​វិវរណៈ ? ( អ្នក​អាច​ពិនិត្យ ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ឡើងវិញ​បាន ) ។

  • តើ​មាន​សកម្មភាព ឬ​បទពិសោធន៍​អ្វីខ្លះ ដែល​អាច​ជួយ​បុគ្គល​ទាំងពីរ​រូបនេះ​ឲ្យ​បង្កើត​ចំណង​មិត្តភាព ហើយ​រៀន​ស្គាល់​គុណសម្បត្តិ អត្តចរិត និង​គុណតម្លៃ​របស់​គ្នា​ទៅវិញ​ទៅមក​បាន​កាន់តែ​ច្បាស់​នោះ ? តើ​អ្វីទៅ​ជា​គុណសម្បត្តិ​របស់​ព្រះអង្គ​សង្គ្រោះ​មួយ ឬ​ពីរ ដែល​អ្នក​សង្ឃឹម​ថា​នឹង​អភិវឌ្ឍ​ឲ្យបាន ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍ ឬ​នៅពេល​អ្នក​បន្ដ​នៅក្នុង​អាពាហ៍ពិពាហ៍ ?

សាច់រឿង ផ្នែក​ទី ២

រូបភាព
សំណៅ​ចែក​របស់​គ្រូបង្រៀន

បន្ទាប់ពី​ទុក​ពេល​ឲ្យគ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​ពីរបីនាក់​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​មាន​អារម្មណ៍​ក្នុង​អំឡុងពេល​ការពិភាក្សា​ជាក្រុម​របស់​ពួកគេ ។

សូម​ពិនិត្យ​ឯកសារ​មេរៀន​នានា​ឡើងវិញ​នៅក្នុង ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ដែល​អាច​មាន​ប្រយោជន៍​ដល់​សិស្ស ។ អ្នក​អាច​រកឃើញ​សេចក្ដីពិត​ដូច​តទៅ​នេះ​ជាពិសេស ៖ យើង​រៀបការ​នឹង​សក្ដានុពលភាព មិនមែន​នឹង​ភាពល្អ​ឥតខ្ចោះ​នោះទេ ។ ប្រសិនបើ​អ្នក​សង្ឃឹម​ឲ្យ​ដៃគូ​ដ៏អស់កល្ប​ជានិច្ច​មាន​គុណសម្បត្តិ​ខាង​វិញ្ញាណ​មួយ​ចំនួន នោះ​សូម​ព្យាយាម​អភិវឌ្ឍ​គុណសម្បត្តិ​ទាំងនោះ​ខ្លួនឯង​សិន ។ ប្រសិនបើ​យើង​ស្វែងរក​ការដឹកនាំ​របស់​ព្រះអម្ចាស់​នៅក្នុង​ការសម្រេច​ចិត្ត​របស់​យើង នោះ​ទ្រង់​នឹង​មាន​បន្ទូល​ជា​សេចក្ដី​សុខសាន្ដ​ដល់​គំនិត​របស់​យើង ហើយ​យើង​នឹង​មាន​អារម្មណ៍​នោះ នៅពេល​ជម្រើស​របស់​យើង​ត្រឹមត្រូវ ។

ប្រសិនបើ​មាន​សិស្ស​ដែល​បាន​រៀបការ​រួច​ហើយ​នៅក្នុង​ថ្នាក់​របស់​អ្នក នោះ​អ្នក​អាច​អញ្ជើញ​ពួកគេ​ម្នាក់ ឬ​ពីរនាក់​ឲ្យ​ឡើង​ចែកចាយ​ពី​បទពិសោធន៍​របស់​ពួកគេ ជាមួយ​នឹង​សេចក្ដីពិត​ទាំងនេះ​ណាមួយ ។ ប្រសិនបើ​អ្នក​បាន​រៀបការ​រួចហើយ សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​របស់​អ្នក​ផ្ទាល់​ផងដែរ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះទ័យ​របស់​ព្រះអម្ចាស់ ដែល​ចង់​ជួយ​សិស្ស​នៅក្នុង​ដំណើរ​ស្វែងរក​ដៃគូ​ដ៏អស់កល្ប​ជានិច្ច​របស់​ពួកគេ ។

អ្នក​អាច​សួរ​សិស្ស​ថា តើ​ពួកគេ​មាន​សំណួរ​ណាមួយ​ដែល​ទាក់ទង​ទៅនឹង​មេរៀន​នៅ​ថ្ងៃនេះ​ដែរ​ឬទេ ។ ប្រសិនបើ​ពួកគេ​មាន​សំណួរ សូម​ចំណាយ​ពេល​ខ្លះៗ​ដើម្បី​ពិភាក្សា​អំពី​សំណួរ​របស់​ពួកគេ​ក្នុង​ថ្នាក់​រួមគ្នា ។ បន្ទាប់មក សូម​ផ្ដល់​ពេលវេលា​ពីរបី​នាទី​នៅ​ចុង​មេរៀន ដើម្បី​ឲ្យ​សិស្ស​កត់ត្រា​ចំណាប់​អារម្មណ៍​នានា ដែល​ពួកគេ​អាច​មាន​អំពី​ស្ថានភាព​របស់​ពួកគេ​ផ្ទាល់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​កំណត់​ពី​របៀប ដែល​ពួកគេ​អាច​បន្ដ​អនុវត្ត​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះអម្ចាស់​នៅក្នុង​កិច្ច​ខិតខំ​ដើរលេង​ជាគូ​របស់​ពួកគេ ឬ​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង​ទៅលើ​ទ្រង់ ។

សម្រាប់​ពេល​ក្រោយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​មេរៀន​លើក​ក្រោយ តាមរយៈ​ការសិក្សា ឯកសារ​រៀបចំ និង​ការសួរ​គូស្វាមី​ភរិយា​រីករាយ​មួយគូ​ដែល​បាន​រៀបការ​ហើយ ពី​របៀប​ដែល​ពួកគេ​ថែទាំ​អាពាហ៍ពិពាហ៍​របស់​ពួកគេ និង​រក្សា​ទំនាក់ទំនង​របស់​ពួកគេ​ឲ្យមាន​ភាពរឹងមាំ ។