ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៥ ឯកសារ​គ្រូបង្រៀន ៖ ការប្រែចិត្ត និង​ការអភ័យទោស​នៅ​ក្នុង​ជីវិត​គ្រួសារ


« មេរៀន​ទី ២៥ ឯកសារ​គ្រូបង្រៀន ៖ ការប្រែចិត្ត និង​ការអភ័យទោស​នៅ​ក្នុង​ជីវិត​គ្រួសារ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ២៥ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀនទី ២៥ ឯកសារ​គ្រូបង្រៀន

ការប្រែចិត្ត និង​ការអភ័យទោស​នៅ​ក្នុង​ជីវិត​គ្រួសារ

យើង​អាច​យាង​អញ្ជើញ​ឲ្យមាន​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ដើម្បី​ព្យាបាល និង​ពង្រឹង​ទំនាក់ទំនង​គ្រួសារ​របស់​យើង តាមរយៈ​ការអនុវត្ត​គោលការណ៍​នៃ​ការ​ប្រែចិត្ត និង​ការអភ័យទោស ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់ដឹង​ពី​របៀប​ដែល​ការប្រែចិត្ត​របស់​ពួកគេ​អាច​កែលម្អ​ដល់​ទំនាក់ទំនង​គ្រួសារ​បាន ។ សិស្ស​ក៏នឹង​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​ទទួល​បាន​ជំនួយ​របស់​ព្រះអម្ចាស់ ដើម្បី​អភ័យទោស​ដល់​សមាជិក​គ្រួសារ​ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​អាក់អន់​ចិត្ត ឬ​ឈឺចាប់​ផងដែរ ។

កំណត់​ចំណាំ ៖ ពេលខ្លះ ការឈឺចាប់​ដែល​បាន​បង្ក​ឡើង​ដោយ​សមាជិក​គ្រួសារ​គឺ​នៅ​ក្នុង​ទម្រង់​នៃ​ការរំលោភ​បំពាន ។ ការព្យាបាល​ពី​ការរំលោភ​បំពាន​នឹង​ត្រូវ​បាន​ពិភាក្សា​នៅក្នុង​មេរៀន​ក្រោយ ។

យោបល់​សម្រាប់​ការបង្រៀន

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​ផ្ដោត​លើ​អ្វី​ដែល​សិស្ស​ម្នាក់​ត្រូវ​តែ​ដកពិសោធន៍​ដើម្បី​ប្រែចិត្តជឿ​ឲ្យបាន​កាន់តែ​ស៊ីជម្រៅ​ជាងមុន ។ សិស្ស​រៀន​ចេះ កាលណា​ពួកគេ​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ដំណើរការ​នៃ​ការរៀនសូត្រ ហើយ​រស់នៅ​តាម​ដំណឹងល្អ ។ នៅពេល​អ្នក​បង្រៀន សូម​ផ្តោតទៅ​លើ​អ្វី​ដែល​សិស្ស​ត្រូវតែ​ដក​ពិសោធន៍ និង​ធ្វើ​ដើម្បី​អញ្ជើញ​ឲ្យមាន​វិវរណៈ​ផ្ទាល់ខ្លួន និង​ការប្រែចិត្ត​ជឿ​កាន់តែ​ខ្លាំង​ឡើង ។ នៅពេល​ពួកគេ​បង្កើន​ចំណេះដឹង​របស់​ពួកគេ​អំពី​ដំណឹងល្អ ហើយ​រស់នៅ​ស្របតាម​អ្វី​ដែល​ពួកគេ​ដឹង នោះ​សិស្ស​កាន់តែ​ប្រែចិត្ត​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់ទ្រង់​កាន់តែ​ខ្លាំង​ជាងមុន ។

ការប្រែចិត្តផ្ទាល់ខ្លួន​របស់​យើង​អាច​កែលម្អ​ដល់​ទំនាក់ទំនង​គ្រួសារ​បាន ។

សូម​ដាក់​បង្ហាញ​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារខៀន ( សូម​ពិចារណា​កែតម្រូវ​សេចក្ដី​ថ្លែងការណ៍​ទាំង​នេះ​ដើម្បី​បំពេញ​តាម​សេចក្ដី​ត្រូវការ​សិស្ស​របស់​អ្នក​បាន​កាន់តែ​ប្រសើរ​ឡើង ) ៖

  1. វា​ជា​ការសំខាន់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា សមាជិក​គ្រួសារ​ផ្សេង​ទៀត​ប្រែចិត្ត​ជារឿយៗ ។

  2. ប្រសិន​បើ​សមាជិក​គ្រួសារ​ម្នាក់​មាន​កំហុស​ច្រើន​ជាង​យើង នោះ​យើង​គួរ​តែ​រង់ចាំ​ឲ្យ​សមាជិក​គ្រួសារ​នោះ​សុំទោស ហើយ​កែប្រែ​ជាមុន​សិន ។

  3. ជានិច្ចកាល វា​ងាយ​ស្រួល​ដើម្បី​ប្រែចិត្ត​ពី​របៀប​ដែល​យើង​អាច​បំផ្លិច​បំផ្លាញ​ដល់​សមាជិក​គ្រួសារ ។

  4. វា​មិន​អីទេ ដើម្បី​ធ្វើខុស​ចំពោះ​មនុស្ស​នៅ​ក្នុង​គ្រួសារ​យើង ប្រសិន​បើ​ពួកគេ​កំពុង​ព្យាយាម​រំខាន​ដល់​ចិត្ត​យើង​នោះ ។

សូម​ចាប់ផ្ដើម​មេរៀន​នេះ​ដោយ​ការសុំ​ឲ្យ​សិស្ស​អានឮៗ​នូវ​សេចក្ដីថ្លែងការណ៍​នៅ​លើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ពិចារណា​ដោយ​ស្ងៀម​ស្ងាត់​ថា​តើ​សេចក្ដី​ថ្លែងការណ៍​នីមួយៗ​ត្រូវ ឬ​ខុស ( សូម​កុំ​ឲ្យ​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ ) ។ បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ពន្យល់​ថា សេចក្ដីថ្លែងការណ៍​ទាំងនោះ​គឺ​ខុស ។

  • តើ​អ្នក​នឹង​កែតម្រូវ​សេចក្ដីថ្លែងការណ៍​ទាំងនេះ​នីមួយៗ​ដើម្បី​ធ្វើ​ឲ្យ​វា​ត្រូវ​វិញដោយ​របៀបណា ?

  • ហេតុអ្វី​វា​អាច​ជា​ការពិបាក​ដើម្បី​ប្រែចិត្ត ពេល​យើង​ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​ឈឺចាប់ ? តើ​ព្រះអម្ចាស់​អាច​ជួយ​យើង​នៅក្នុង​ការ​ខិតខំ​របស់​យើង​ដើម្បី​ប្រែចិត្ត​ដោយ​របៀបណា ?

អ្នក​អាច​ដាក់​បង្ហាញ​ការពិពណ៌នា​មួយ​នៃ​រឿង​ប្រៀបប្រដូច​អំពី​កូនប្រុស​ខ្ជះខ្ជាយ​នៅ​ក្នុង​ឯកសារ​រៀបចំ ហើយ​សុំ​ឲ្យ​សិស្ស​ម្នាក់​សង្ខេប​រឿង​នោះ ។ សូម​ពិចារណា​រំឭក លូកា ១៥:១៧–២៤ ឡើង​វិញ ហើយសួរ​សិស្ស​ថាតើ​ពួកគេ​ស្គាល់​គោលការណ៍​អ្វីខ្លះ​នៅ​ក្នុង​រឿង​ប្រៀបប្រដូច​នេះ​អំពី​ការ​ប្រែចិត្ត​នៅ​ក្នុង​ជីវិត​គ្រួសារ ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌​មកពី​ឪពុក​នៅក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ? តើ​ចំណេះដឹង​នេះ​អាច​មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​មើល​ទៅ​ការប្រែចិត្ត​ដោយ​របៀប​ណា ?

  • តើ​អ្នកធ្លាប់​ឃើញ​អាពាហ៍ពិពាហ៍ ឬ​គ្រួសារ​មួយ​មាន​ពរ​ដោយសារតែ​ការប្រែចិត្ត​របស់​សមាជិក​គ្រួសារ​ម្នាក់​នៅពេល​ណា​ដែរ ? ( សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​ចាំបាច់​ចែកចាយ​អ្វី​ដែល​ផ្ទាល់ខ្លួន ឬ​ឯកជន​ពេក​នោះ​ទេ ) ។

ព្រះអម្ចាស់​អាច​ជួយ​យើង​ឲ្យ​អភ័យទោស​ដល់​សមាជិក​គ្រួសារ​ដែល​បាន​ធ្វើឲ្យ​យើង​អាក់អន់ចិត្ត ឬ​ឈឺចាប់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ពេល​ដែល​ពួកគេ​ធ្លាប់​រង​ការអាក់អន់​ចិត្ត ឬ​ការឈឺចាប់​ដោយសារ​សមាជិក​គ្រួសារ​ម្នាក់ ។ អ្នក​ក៏អាច​សូម​ឲ្យ​ពួកគេ​ពិចារណា​ថា តើ​ពួកគេ​អាច​អភ័យទោស​ឲ្យ​បុគ្គល​នោះ​បាន​ប៉ុណ្ណា​ដែរ ។

  • ហេតុអ្វី​ពេលខ្លះ​វាមាន​ការពិបាក​ដើម្បី​អភ័យទោស​ឲ្យ​សមាជិកគ្រួសារ​ដែល​បាន​ធ្វើ​ខុស​ចំពោះ​យើង ?

សូម​រំឭក គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៨–១១ ឡើងវិញ​រួមគ្នា ហើយ​សួរសិស្ស​ថា​តើ​ពួកគេ​រៀនអ្វីខ្លះ​មកពី​ការបង្រៀន​របស់​ព្រះអម្ចាស់​អំពី​ការអភ័យទោស ។ នៅក្នុង​ចំណោម​សេចក្ដីពិត​ដែល​សិស្ស​ស្គាល់​ប្រហែល​ជា​មាន​សេចក្ដីពិត​មួយ​ដូចតទៅ​នេះ ៖ ព្រះអម្ចាស់​តម្រូវ​ឲ្យ​យើង​អភ័យទោស​ដល់​មនុស្ស​គ្រប់គ្នា ។

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​កថាខណ្ឌ ឬ​សេចក្ដីថ្លែងការណ៍​ពីរបី​មកពីថ្នាក់ដឹកនាំ​សាសនាចក្រ​នៅក្នុង ផ្នែក​ទី ២ នៃ​ឯកសាររៀបចំ ដើម្បី​រំឭក​ឡើង​វិញ​ខ្លីៗ ។ បន្ទាប់មក​សូម​សួរ ៖

  • តើការបង្រៀន​ទាំងនេះ​អាចជួយ​មនុស្ស​ម្នាក់​ឲ្យ​អភ័យទោស​ដល់​សមាជិក​គ្រួសារ​ដែល​បានធ្វើ​ខុស​ចំពោះ​គាត់​ដោយ​របៀបណា ?

ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ សូមពិចារណា​ដាក់​បង្ហាញ សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ម៉ាស៊ីម៉ូ ឌី ហ្វីអូ នៅ​ក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ហើយ​អាន​វា​រួមគ្នា​ជាមួយ​នឹង​សិស្ស ។ អ្នក​អាចទុកពេល​ឲ្យ​សិស្ស​ពីរ​បី​នាទី​ដើម្បី​ពិចារណា​ពីអ្វីដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​សម្រាប់ពួកគេ ។

  • តើ​ការចងចាំ​ដល់​ពលិកម្ម​របស់​ព្រះអង្គសង្គ្រោះ​អាច​ជួយ​យើង​ឲ្យ​អភ័យទោស​ដល់​មនុស្ស​ដទៃ​បាន​យ៉ាង​ដូចម្តេច ?

សូមពិចារណា​ប្រើ​ដំណើររឿង​របស់​យ៉ាកុប និង​អេសាវ ដើម្បីជួយ​សិស្ស​ឲ្យ​យល់កាន់តែ​ស៊ីជម្រៅ​អំពី​ការអភ័យ​ទោស​នៅក្នុង​ជីវិត​គ្រួសារ ឬ​បង្កើត​សាច់រឿង​របស់​អ្នក​ផ្ទាល់​ដែល​អាចជួយ​សិស្ស​ឲ្យ​ពិចារណា​ពី​អារម្មណ៍ ការ​ព្រួយបារម្ភ និង​ការជ្រើសរើស​ដែល​ទាក់ទង​នឹង​ការ​ផ្សះផ្សា​ជាមួយ​នឹង​សមាជិកគ្រួសារ​ដែល​យើង​បាន​ធ្វើ​ឲ្យ​អាក់អន់ចិត្ត ឬ​ដែល​បានធ្វើ​ឲ្យ​យើង​អាក់អន់ចិត្ត ។

ប្រសិន​បើអាច​ធ្វើបាន សូម​ដាក់បង្ហាញ​រូបភាព​ដូច​ខាង​ក្រោម ៖

រូបភាព
មរតក​កូនច្បង​របស់​អេសាវ ដោយ គ្លីន អេស ហបគីនសិន

សូមឲ្យ​សិស្ស​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ដំណើររឿង​របស់​យ៉ាកុប និងអេសាវ ព្រមទាំង​អ្វី​ដែល​បាន​ជះឥទ្ធិពល​ដល់​ទំនាក់ទំនង​រវាងបងប្អូន​ប្រុស​ទាំងពីរនាក់​នេះ ។ ប្រសិន​បើ​ចាំបាច់ អ្នកអាច​បន្ថែម​ដល់​ការយល់ដឹង​របស់​សិស្ស តាមរយៈ​ការចែកចាយ​រឿង​លម្អិត​មួយ​ចំនួន​ដូច​តទៅនេះ ៖

អ៊ីសាក និង រេបិកា មាន​កូនប្រុស​ភ្លោះ​ពីរនាក់ គឺ អេសាវ និង យ៉ាកុប ។ អេសាវ​គឺជា​កូនច្បង ហេតុ​ដូច្នេះហើយ​គាត់​ទទួល​បាន​មរតក​កូនច្បង ។ នេះ​មានន័យ​ថា គាត់​នឹង​គ្រង​មរតក​ដែនដី​របស់​ឪពុកគាត់ « កូន​ច្បង​បាន​ទទួល​របស់​របរ​របស់​ឪពុក​ពីរ​ភាគ » ហើយនិង​សិទ្ធិ​អំណាច​ដើម្បី​ដឹកនាំ​ក្នុង​នាម​ជា​អ្នកដឹកនាំ​ខាងវិញ្ញាណ​នៃ​គ្រួសារ បន្ទាប់ពី​ឪពុក​របស់​គាត់​បាន​ទទួល​មរណភាព ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « កូនច្បង » ) ។

អេសាវ​បាន​លក់​សិទ្ធិ​មរតក​កូនច្បង​របស់​គាត់​ទៅឲ្យ​យ៉ាកុប​ក្នុង​តម្លៃ​សំឡ​ក្រហម​មួយ​ចាន ( ស៊ុប ឬ​សម្ល​ស្ងោរ​មួយ​ចាន ) ។ ក្រោយមក ពេល​អ៊ីសាក​ចង់​ប្រគល់​ពរជ័យ​នៃ​កូនច្បង អេសាវ​បាន​ព្យាយាម​ទទួល​វា ទោះជា​គាត់​បានលះបង់​វា​ក៏​ដោយ ។ រេបិកា​បាន​ជួយ​សម្របសម្រួល ហើយ​យ៉ាកុប​បាន​ទទួល​ពរជ័យ​នេះ ។ ជាលទ្ធផល អេសាវ​បាន​ស្អប់​យ៉ាកុប ហើយ​សច្ចា​ថា​នឹង​សម្លាប់​ប្អូនប្រុស​របស់​គាត់​ចោល ។ រេបិកា និង​អ៊ីសាក​បាន​បញ្ជូន​យ៉ាកុប​ទៅ​រស់នៅ​ជាមួយ​នឹង​ឪពុក​មា​របស់​លោក​ឈ្មោះ ឡាបាន់ ។ យ៉ាកុប​បានរៀបការ និង​មាន​កូនចៅ​ជាច្រើន ។ ២០ ឆ្នាំ​ក្រោយមក ព្រះអម្ចាស់​បាន​ដឹកនាំ​យ៉ាកុប​ឲ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​លោក​វិញ ។ យ៉ាកុប​បាន​មាន​សេចក្តីភ័យខ្លាច​ថា អេសាវ​នឹង​ធ្វើ​អ្វីមួយ​ទៅកាន់​លោក និង​គ្រួសារ​របស់​លោក នៅពេល​លោក​ដឹងថា អេសាវ​កំពុង​មក​ជួប​លោក​ដោយ​មាន​បុរស ៤០០ នាក់​មក​ជាមួយ ។ យ៉ាកុប​បាន​បញ្ជា​ដល់​ពួកបាវបម្រើ​របស់​លោក​ឲ្យ​បែងចែក​សត្វ​របស់​លោក​ជាច្រើន​ទៅជា​ក្រុមៗ ហើយ​ដើម្បី​ជូន​ជា​អំណោយ​ទៅឲ្យ​អេសាវ​កាល​ដែល​គាត់​មកជិត​ដល់ ។ ( សូមមើល លោកុប្បត្តិ ២៥–៣២ ) ។

សូម​ពិចារណា​ក្នុង​ការបំបែក​សិស្ស​ក្នុង​ថ្នាក់​ទៅ​ជា​ដៃគូ ឬ ក្រុម​តូចៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន លោកុប្បត្តិ ៣៣:១–១១ ស្ងាត់ៗ ដោយ​រកមើល​អ្វី​ដែល​បាន​កើតឡើង​នៅពេល​យ៉ាកុប និង​អេសាវ​បាន​ជួប​គ្នា ។ សូម​ឲ្យ​សិស្ស​ម្នាក់ៗ​ជ្រើសរើស​យក​ទស្សនៈ​របស់​យ៉ាកុប ឬ​អេសាវ ហើយ​សូម​ស្រមៃ​មើល​បទពិសោធន៍​នៃ​ព្រឹត្តិការណ៍​ដែល​បានកត់ត្រា​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ចេញពី​ទស្សនៈ​នោះ ។

បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ពិភាក្សា​សំណួរ​ខាងក្រោម​នេះ​ជាមួយ​ដៃគូ ឬ​ក្រុម​របស់ពួកគេ ដោយ​ប្រើអ្វី​ដែល​ពួកគេ​បានរៀន ខណៈពេល​ដែល​ស្រមៃគិត​ការជួបជុំគ្នា​នេះ​តាម​ទស្សនៈ​របស់យ៉ាកុប ឬ​អេសាវ ៖

  • តើ​អ្នក​អាច​មាន​គំនិត ឬ​អារម្មណ៍​យ៉ាង​ណា​កាល​ដែល​ចូល​ទៅជិត និង​និយាយ​ជាមួយ​បងប្អូនប្រុស​របស់​អ្នក​នោះ ?

  • តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​ផ្សះផ្សា​ជាមួយ​បង​ប្អូនប្រុស​របស់​អ្នក ? តើ​អ្នក​អាច​រៀន​បាន​គោលការណ៍​អ្វីខ្លះ​ចេញពី​ការណ៍​នេះ ?

កាល​ដែល​សិស្ស​បាន​បំពេញ​សកម្មភាព​នេះ​ហើយ សូម​ពិចារណា​ធ្វើ​ការពិភាក្សា​សំណួរ​មួយ​ចំនួន​ដែល​មាន​ដូច​ខាងក្រោម​នេះ​ជា​ថ្នាក់​រួមគ្នា ៖

  • តើ​អ្នក​មើលឃើញ​គោលការណ៍​អ្វីខ្លះ​នៅក្នុង​គំរូ​របស់​យ៉ាកុប និង​អេសាវ ? តើ​អ្នក​មើល​ឃើញ​ព្រះហស្ត​របស់​ព្រះអម្ចាស់​នៅក្នុង​ដំណើររឿង​នេះ​តាមរបៀប​ណា ?

  • តើ​ព្រះ​បានជួយ​អ្នក​ឲ្យ​មាន​គំនិត​ផ្ដួចផ្ដើម​ដើម្បី​ដោះស្រាយ​ជម្លោះ ឬ​អត់ទោស​ឲ្យ​នរណា​ម្នាក់​ក្នុង​គ្រួសារ​របស់​អ្នក​យ៉ាង​ដូចម្ដេច ? ( សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​ចាំបាច់​ចែកចាយ​អ្វី​ដែល​ផ្ទាល់ខ្លួន​ពេក​នោះទេ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ដោយ​ស្ងៀមស្ងាត់​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌​អាច​នឹង​ចង់​ឲ្យ​ពួកគេ​អនុវត្ត​តាម​គោលការណ៍​នៃ​ការប្រែចិត្ត ឬ​ការអភ័យ​ទោស​នៅក្នុង​ទំនាក់ទំនង​គ្រួសារ​របស់ពួកគេ​នៅពេលនេះ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​តាម​ការបំផុស​គំនិត​ដែល​ពួកគេ​បាន​ទទួល ។ អ្នក​គួរតែ​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​ចែកចាយ​ទីបន្ទាល់​ពី​តម្លៃ​នៃ​ការប្រែចិត្ត និង​ការអភ័យទោស​នៅក្នុង​គ្រួសារ ។

សម្រាប់​ពេល​ក្រោយ

សូម​ពន្យល់ថា មនុស្ស​មួយ​ចំនួន​ជ្រើសរើស​បំពាន​អ្នកដទៃ​យ៉ាង​សាហាវ ។ សូម​លើក​ទឹកចិត្ត​ឲ្យ​សិស្ស​សិក្សា ឯកសារ​រៀបចំ​សម្រាប់​មេរៀន​លើក​ក្រោយ ដោយ​យកចិត្ត​ទុកដាក់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​អាច​ព្យាបាល ឬ​ជួយ​អ្នកដទៃ​ឲ្យ​ជា​សះស្បើយ​ពី​ឥទ្ធិពល​នៃ​ការបំពាន​បាន​ដោយ​មាន​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ ។